Category Archives: ចំណេះដឹងទូទៅ | General Knowledge

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែម្រះចំពោះសុខភាព

អ្នកណាខ្លះ ចូលចិត្តញ៉ាំម្រះ? អ្នកដែលចូលចិត្តអាផ្លែល្វីងមួយនេះ ធានាថាអាយុវែងហើយ ចាំមើលទៅ ព្រោះផ្លែម្រះមានផ្ទុកទៅដោយសារធាតុចិញ្ចឹម វីតាមីន និងរ៉ែសំខាន់ៗជាច្រើនដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាព៖


ជួយកាត់បន្ថយកម្រិតស្ករក្នុងឈាម៖ ម្រះមានសារធាតុសកម្មមួយចំនួន ដែលដើរតួនាទីស្រដៀងនឹងអាំងស៊ុយលីន (Insulin) ក្នុងការជួយបញ្ចុះកម្រិតស្ករក្នុងឈាម។ វាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។


ពង្រឹងប្រព័ន្ធការពាររាងកាយ៖ ម្រះសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពាររាងកាយពីការឆ្លងរោគ និងពង្រឹងភាពស៊ាំឱ្យរឹងមាំ។


ជួយដល់ការរំលាយអាហារ៖ ជាតិសរសៃ (Fiber) នៅក្នុងផ្លែម្រះ ជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារ បង្កើនចលនាពោះវៀន និងការពារបញ្ហាទល់លាមក។


ជួយបញ្ចុះជាតិខ្លាញ់ និងកូឡេស្តេរ៉ូល៖ ការញ៉ាំម្រះជាទៀងទាត់ នឹងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ (LDL) និងទ្រីគ្លីសេរីដក្នុងឈាម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។


សម្រួលដល់ការសម្រកទម្ងន់៖ ម្រះមានកាឡូរីទាប និងសម្បូរទៅដោយទឹក និងជាតិសរសៃ ដែលធ្វើឱ្យអ្នកពិសា មានអារម្មណ៍ឆ្អែតបានយូរ និងជួយកាត់បន្ថយការទទួលទានអាហារច្រើនជ្រុល។


ជួយសម្អាតជាតិពុលក្នុងថ្លើម៖ សារធាតុនៅក្នុងផ្លែម្រះជួយជំរុញដល់ដំណើរការលាងសម្អាតជាតិពុល (Detoxification) ក្នុងថ្លើម និងសម្រួលដល់ការបំពេញមុខងាររបស់ថ្លើមឱ្យកាន់តែល្អប្រសើរ។


ថែរក្សាសុខភាពស្បែក៖ វីតាមីន A និង C រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងម្រះ ជួយកាត់បន្ថយបញ្ហារមាស់ស្បែក បញ្ហាកើតមុន និងធ្វើឱ្យស្បែកមើលទៅមានសុខភាពល្អពីខាងក្នុង។


ចំណាំ៖ ទោះបីជាម្រះមានអត្ថប្រយោជន៍ច្រើនក៏ដោយ ស្រ្តីដែលមានផ្ទៃពោះ ឬអ្នកដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករ គប្បីពិភាក្សាជាមួយគ្រូពេទ្យ ឬញ៉ាំក្នុងកម្រិតល្មម ដើម្បីចៀសវាងការធ្លាក់ចុះជាតិស្ករខ្លាំងពេក។

ផ្កាឡេវអាវ ឬ ផ្កាទុំហូ និង អត្ថប្រយោជន៍ចំពោះសុខភាព

ផ្កាឡេវអាវ ឬ ផ្កាទុំហូ មានឈ្មោះជាភាសាអន្តរជាតិហៅថា Gomphrena globosa L. និងដែលគេស្គាល់ជាទូទៅហៅថា Globe Amaranth ឬ Bachelor’s Button គឺជាផ្កាដែលអាចបរិភោគជាអាហារបំប៉នសុខភាពបាន និងត្រូវបានគេឱ្យតម្លៃនៅក្នុងប្រព័ន្ធឱសថបុរាណនៅទូទាំងអាស៊ី និងតំបន់អាមេរិកត្រូពិចផងដែរ ដោយសារវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុសកម្មជីវសាស្ត្រ។

អត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព

• សម្បូរទៅដោយសារធាតុបេតាស្យានីន (Betacyanins) និងសារធាតុប្រឆាំងអុកស៊ីតកម្ម៖

ពណ៌ស្វាយចាស់លាយផ្កាឈូក របស់ផ្កានេះ គឺបានមកពីកំហាប់ខ្ពស់នៃសារធាតុ បេតាស្យានីន ជាពិសេសគឺ ហ្គមហ្វ្រេនីន (gomphrenin) ដែលជួយកម្ចាត់រ៉ាឌីកាល់សេរី កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម ដែលជាហេតុធ្វើឱ្យខួរក្បាលកើតស្ត្រេស (oxidative stress) និងការពារកោសិកាពីភាពចាស់មុនអាយុ។

• ជួយសម្រួលដល់ផ្លូវដង្ហើម៖

នៅក្នុងឱសថបុរាណខ្មែរ និងការអនុវត្តបែបប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ទឹកតែដែលឆុងចេញពីផ្កានេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីបំបាត់អាការៈក្អក សម្រាលរោគសញ្ញាជំងឺហឺត និងកាត់បន្ថយការរលាកផ្លូវដង្ហើម។

• ឥទ្ធិពលកាត់បន្ថយសម្ពាធឈាមកម្រិតស្រាល៖


សារធាតុចម្រាញ់ពីរុក្ខជាតិនេះមានលក្ខណៈសម្បត្តិជួយពង្រីកសរសៃឈាម ដែលជួយឱ្យសរសៃឈាមធូរស្រាល និងរក្សាកម្រិតសម្ពាធឈាមឱ្យមានសុខភាពល្អ។

• ប្រឆាំងការរលាក និងប្រឆាំងបាក់តេរី៖


សារធាតុចម្រាញ់ពីកញ្ចុំផ្កាបង្ហាញពីសកម្មភាពប្រឆាំងនឹងមេរោគ (antimicrobial) ប្រឆាំងនឹងភ្នាក់ងារបង្កជំងឺទូទៅ និងជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ។


• ជួយបន្សាបជាតិពុល និងបញ្ចេញទឹកនោម៖

ការផឹកតែផ្កាឡេវអាវនេះ នឹងជួយឱ្យវាក្លាយទៅជាថ្នាំបញ្ចេញទឹកនោមស្រាលៗ ដែលជួយដល់មុខងារតម្រងនោម និងជួយបញ្ចេញកាកសំណល់ពីការរំលាយអាហារចេញពីរាងកាយ។

វិធីប្រើប្រាស់ទូទៅ

• ប្រើធ្វើជាតែរុក្ខជាតិ៖


ត្រាំផ្កាឡេវអាវដែលហាលស្ងួតចំនួន ៤ ឬ ៥ ផ្កា ក្នុងទឹកក្តៅរយៈពេល ៥ ទៅ ១០ នាទី។ ទឹកតែដែលបានឆុងនឹងមានពណ៌ស្វាយស្រស់ស្អាត និងមានរសជាតិផ្កាស្រាលៗ ងាយស្រួលផឹក។

• ការប្រើប្រាស់លើស្បែក៖


យកផ្កា និងស្លឹកស្រស់ៗ មកបុកឱ្យហ្មត់ទៅជាល្បាយខាប់ ហើយយកមកបិទស្អំពីលើស្បែកដែលឆ្លងរមាស់ ឬស្បែកដែលរលាកដោយប្រការផ្សេងៗ នឹងជួយឱ្យឆាប់ជាសះស្បើយលឿន។

សូមប្រុងប្រយ័ត្ន!


បើទោះបីជាវាជាឱសថរុក្ខជាតិធម្មជាតិ និងមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏វានៅតែស្ថិតក្នុងការហាមឃាត់ចំពោះ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ឬអ្នកដែលកំពុងប្រើថ្នាំព្យាបាលសម្ពាធឈាមដែរ។ អ្នកដែលងាយរងគ្រោះដូចរៀបរាប់ក្នុងល្បះនេះ សូមពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព មុននឹងទទួលទានក្នុងបរិមាណច្រើនជាប្រចាំ។

_________

លឹម វិរិយា 🌸

ស្មៅទឹកដោះ និង អត្ថប្រយោជន៍ចំពោះសុខភាព

រុក្ខជាតិស្មៅទឹកដោះ ឬ #ស្មៅហឺត ជាប្រភេទស្មៅដុះក្នុងតំបន់អាស៊ី ដើមត្រង់មានរោម និងមានជ័រ ពណ៌ស ដូចទឹកដោះនៅខាងក្នុង។ ស្លឹកវា ដុះទល់មុខគ្នា រាងទ្រវែងស្រួចចុង និងមានធ្មេញរណាស្រាលៗនៅគែមស្លឹក ជួនកាលមានឆ្នូត ឬពណ៌ក្រហម ស្វាយ។ ផ្កាវា ដុះជាកញ្ចុំមូលៗណែន និងមានទំហំតូចៗ ពណ៌បៃតង លាយលឿង នៅតាមប្រគាបស្លឹក។

រុក្ខជាតិស្មៅទឹកដោះ គឺជាឱសថបុរាណខ្មែរយើងដ៏ពូកែស័ក្ដិសិទ្ធិ តាំងពីយូរលង់ណាស់មកហើយ។ ប្រពៃណីខ្មែរតាំងពីបុរាណកាល គេនិយមប្រើ ធ្វើជាថ្នាំព្យាបាលរោគជាច្រើនប្រភេទ ទាំងខាងក្នុង និងខាងក្រៅ។

🌱🍂 អត្ថប្រយោជន៍ចំពោះសុខភាពខាងក្នុង

១🌿 ជួយសម្រាលអាការៈជំងឺហឺត និងបញ្ហាផ្លូវដង្ហើម ដូចជា រលាកទងសួត ក្អកញឹកញាប់ និងសូម្បីតែជំងឺផ្តាសាយ។

២🌿 ព្យាបាលជំងឺរាកស្រាល និងជំងឺរាកមួល ដ៏មានប្រសិទ្ធភាព។ វាជួយកាត់បន្ថយការរលាកពោះវៀន និងធ្វើឱ្យចលនាពោះវៀនត្រលប់មកធម្មតាវិញ។

៣🌿 ជួយគ្រប់គ្រងវដ្តរដូវ និងសម្រាលការឈឺចាប់ពេលមករដូវ និងកាត់បន្ថយការហូរឈាមខ្លាំង។ ឥទ្ធិពលរបស់វាលើស្បូនអាចជួយសម្រាលការឈឺចាប់ពេលមករដូវ និងគាំទ្រដល់សុខភាពបន្តពូជ។

៤🌿 ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម របស់អ្នកជំងឺទឹកនោមផ្អែម និងធ្វើឱ្យរាងកាយឆ្លើយតបបានល្អចំពោះអាំងស៊ុយលីន។ វានៅជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម (oxidative stress) ដែលជាបញ្ហាទូទៅចំពោះអ្នកជំងឺទឹកនោមផ្អែម។

៥ 🌿ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្លូវទឹកនោម

៦ 🌿 ពង្រឹងប្រព័ន្ធភាពស៊ាំ និង ជួយរាងកាយប្រឆាំងនឹងការឆ្លងមេរោគដូចជា ផ្តាសាយ និងឈឺបំពង់ក ព្រមទាំងជួយពង្រឹងប្រព័ន្ធភាពស៊ាំទាំងមូលនៃរាងកាយ។

៧ 🌿 បន្ថយគ្រុនក្តៅ និងការរលាកគ្រប់ប្រភេទ ជាពិសេស ជំងឺរលាកសន្លាក់។

👉🏼 វិធីប្រើកែរោគពីខាងក្នុង៖ យកដើម ស្លឹក ផ្កា ទាំងអស់ (ឥតយកឫសទេ) ហាលស្ងួត ឬ ទាំងស្រស់ ដាំធ្វើតែ ផឹកជាប្រចាំ។ ឬ អាចហាលស្ងួត ហើយកិនជាម្សៅហ្មត់ ដាក់ក្នុងកំប៉ុង ទុកដាក់ងាយស្រួល ពេលត្រូវការប្រើ គ្រាន់តែដួសមកកូរជាមួយទឹកក្ដៅផឹកភ្លាមៗ ក៏បានដែរ។

🌱🍂 អត្ថប្រយោជន៍ចំពោះសុខភាពខាងក្រៅ

៨ 🌿 ជួយឱ្យមុខរបួសឆាប់ជាសះស្បើយបានលឿន និងព្យាបាលមុខរបួសពីស្នាមមុត រលាក ស្នាមសត្វល្អិតទិចខាំ។

៩ 🌿 បំបាត់បញ្ហាស្បែក ដូចជា ជំងឺត្រអក កើតមុន កន្ទួលរមាស់ និងការឆ្លងមេរោគផ្សិត។

👉🏼 វិធីប្រើពីខាងក្រៅ៖ បុកដើម ស្លឹក ផ្កា ដែលនៅស្រស់ឱ្យហ្មត់ជាល្បាយខាប់ ហើយបំពោកដោយផ្ទាល់លើមុខរបួស ឬ កន្លែងរមាស់ រលាក ដើម្បីឱ្យឆាប់ជាសះស្បើយ ព្រោះវាមានតួនាទីប្រយុទ្ធនឹងមេរោគឆ្លងបានល្អណាស់។

⚠️ ការប្រុងប្រយ័ត្ន និងសុវត្ថិភាព

👉🏼 ចៀសវាងការប្រើប្រាស់ច្រើនហួសកម្រិត៖ ការប្រើប្រាស់ច្រើនពេកអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ ឬមិនស្រួលក្នុងពោះវៀន។

👉🏼 ស្ត្រីមានផ្ទៃពោះ 🤰🏻និងស្ត្រីបំបៅដោះកូន៖ គួរពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពមុនពេលប្រើប្រាស់ ។

‼️ ព័ត៌មាននេះគឺសម្រាប់គោលបំណងអប់រំទូទៅតែប៉ុណ្ណោះ មិនមែនជាការផ្តល់ដំបូន្មានផ្នែកវេជ្ជសាស្ត្រនោះទេ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញសុខាភិបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មុននឹងប្រើប្រាស់ឱសថបុរាណណាមួយ។
———
លឹម វិរិយា 🌸

#Euphorbia_hirta #ស្មៅទឹកដោះ
#Asthma_plant #ស្មៅហឺត

ស្មៅព្រះខ្លប និងអត្ថប្រយោជន៍ចំពោះសុខភាព

កាលពីនៅតូច ខ្ញុំដាក់ឈ្មោះវានិងហៅជាប់ជាប្រចាំថា «ដើមសំពះ» ព្រោះពេលយើងប៉ះវា វានឹងរួមស្លឹកចូលគ្នាដូចដៃសំពះ។ តាមពិតរុក្ខជាតិនេះមានឈ្មោះប្លែកៗគ្នាតាមតំបន់ខុសៗគ្នា។ បើបងប្អូនស្គាល់ឈ្មោះអ្វីផ្សេងពីនេះ សូមជួយប្រាប់ខ្ញុំវិញផង។

ស្មៅព្រះខ្លប គឺជាឱសថបុរាណមួយប្រភេទដ៏ពេញនិយម សម្រាប់មនុស្សលោកនៅទូទាំងតំបន់អាស៊ី ព្រោះវាសម្បូរ យកទៅណាមិនអស់ ដុះដោយឯកឯងតាមវាលស្រែ ចម្ការ ដីដែលសើម ហើយក្ដៅ។ ម្យ៉ាងទៀត រសជាតិវាស្រាល ស្រួលលេប និង មានប្រសិទ្ធភាពព្យាបាលរោគច្រើនមុខ។

#អត្ថប្រយោជន៍ចំពោះសុខភាព

ជួយសម្រួលការគេង និងកាត់បន្ថយស្រ្តេស បំបាត់ការរលាកនៃប្រព័ន្ធសរសៃប្រសាទ ជួយឱ្យអារម្មណ៍ស្ងប់ និងគេងលក់ស្រួល។ 

ជួយកែបញ្ហារាគរូស ឈឺពោះ និងសម្រួលដល់ការរំលាយអាហារ។ 

ប្រឆាំងការរលាក និងបំបាត់ការឈឺចាប់ ជាពិសេស រលាកសន្លាក់ ហើម និងការឈឺចាប់ផ្សេងទៀត។

ជួយសម្រួលកម្រិតស្ករក្នុងឈាមឱ្យមានតុល្យភាព សម្រាប់អ្នកជំងឺទឹកនោមផ្អែម។

ព្យាបាលរបួសខាងក្រៅ និង ជួយឱ្យសះមុខរបួសលឿន ជាពិសេស ស្លឹកស្រស់ៗ មានសារធាតុប្រឆាំងបាក់តេរី ជួយឱ្យដំបៅក្លាយ ឬ បូសធំៗឆាប់ជា។

#របៀបប្រើប្រាស់

យកដើម ស្លឹក ឫស ហាលឱ្យស្ងួត ធ្វើជាតែឆុងផឹក ១ថ្ងៃ ១កែវ 

យកដើម មែក ស្លឹក ស្រស់ លាងឱ្យស្អាត បុកឱ្យហ្មត់ បិទលើមុខរបួស ឬតំបន់កើតបូស។ 

ស្ត្រីកំពុងពពោះ គួរពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញឱសថបុរាណមុននឹងប្រើប្រាស់ជាប្រចាំ! 

___________


លឹម វិរិយា🌸

ហេតុអ្វីមានខែទុតិយាសាឍ?

នៅពេលដែលគេនិយាយថា ១ឆ្នាំ មាន៣៦៥ថ្ងៃ ខ្ញុំតែងប្រកែកថា មិនទាន់ត្រឹមត្រូវនៅឡើយទេ បើរាប់តាមឆ្នាំចន្ទគតិ គឺ១ឆ្នាំ មានត្រឹមតែ #៣៥៤ថ្ងៃប៉ុណ្ណោះ។ តាមពិតនិយាយដូច្នេះក៏មិនទាន់ត្រឹមត្រូវដែរ។ អ៊ីចឹង តើក្នុង១ឆ្នាំ មានប៉ុន្មានថ្ងៃឱ្យប្រាកដ?


ភាពប្រាកដប្រជានៃចំនួនថ្ងៃ ក្នុង១ឆ្នាំ មិនទៀងទាត់ទេ គឺវាល្អៀងចុះល្អៀងឡើងនូវរៀងរាល់បីបួនឆ្នាំម្ដង។ ហើយបើយើងគណនារង្វិលជុំនៃផែនដីជុំវិញព្រះអាទិត្យ និង ព្រះចន្ទជុំវិញផែនដីផង និងជុំវិញព្រះអាទិត្យផងនោះ ឃើញថាលទ្ធផលគណនា រឹតតែខុសគ្នាឆ្ងាយ។


ដើម្បីអាចបែងចែកឱ្យបានច្បាស់ និងងាយយល់ ដំបូង យើងត្រូវដឹងថា បើរាប់តាម សុរិយគតិ (Gregorian Calendar) គឺប្រក្រតិទិនផ្អែកលើព្រះអាទិត្យ យើងនឹងបាន ១ឆ្នាំ ស្មើនឹង ៣៦៤.២៤ ថ្ងៃ (តួលេខចែកមិនដាច់)។ ម្ល៉ោះហើយ គេយកតួលេខដែលសល់ៗនៅខាងចុងនៃឆ្នាំនីមួយៗ បូកបញ្ចូលគ្នាទៅ យូរៗ គេនឹងបាន ១ឆ្នាំ មាន ៣៦៦ថ្ងៃម្ដង ហើយឆ្នាំដែលមាន ៣៦៦ថ្ងៃនោះ ក៏ជាឆ្នាំដែលមានថ្ងៃទី ២៩ ខែកុម្ភៈផងដែរ។


បើរាប់តាម ចន្ទគតិ (Lunar-Solar Calendar) គឺប្រក្រតិទិនផ្អែកលើព្រះច័ន្ទ ក្នុង១ឆ្នាំ មានតែ ៣៥៤ ថ្ងៃទេ ព្រោះថា ក្នុង១ខែនៃដំណើរព្រះចន្ទ ជួនកាលមាន ២៨ថ្ងៃ ជួនកាលមាន ២៩ថ្ងៃ ជួនកាលមានដល់ ៣០ថ្ងៃ។ ប្រព័ន្ធចន្ទគតិ មាន ១២ខែ ក្នុង ១ឆ្នាំ ដោយរាប់យកពីខែ មិគសិរ ដល់ ខែកត្ដិក។ ដូច្នេះផលសល់ក្នុង១ឆ្នាំ នៃប្រព័ន្ធចន្ទគតិ យឺតជាងផលសល់ ក្នុងប្រព័ន្ធសុរិយគតិ ប្រហែល ១១ថ្ងៃ។ ដោយសារវានៅសល់ច្រើនថ្ងៃពេក ធៀបទៅនឹងប្រក្រតិទិនសុរិយគតិ ទើបបណ្ដាលឱ្យគេសម្រេចបន្ថែមខែមួយទៀត ចូលទៅក្នុងរូបមន្តគណនាកាលបរិច្ឆេទ គឺ ខែទី១៣។ មានន័យថា ក្នុង១ឆ្នាំ នៃចន្ទគតិ មាន ១៣ខែ ក្នុងរៀងរាល់ពីរទៅបីឆ្នាំម្ដង។ ហើយខែទី១៣ នោះ មានឈ្មោះថា ខែ “ទុតិយាសាឍ”។


នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ចាស់ៗនិយមហៅថា ខែអាសាឍធំ ព្រោះយូរឆ្នាំ ទើបវាមានម្ដង។ បើមានអាសាឍធំ ច្បាស់ជាមាន ខែអាសាឍតូច។ ខែអាសាឍតូច មានឈ្មោះថា ខែ “បឋមាសាឍ” ខែនេះមិនដែលរលត់បាត់ទៅណាទេ វាមានជារៀងរាល់ឆ្នាំ។ បើឆ្នាំណា មានខែទី១៣ គឺអាសាឍធំ នោះវានឹងតភ្ជាប់ពីក្រោយអាសាឍតូច គឺខែបឋមាសាឍ នេះ (ខែបឋមាសាឍចប់ ទើបរុញចូល ខែទុតិយាសាឍ)។ ហើយបន្ទាប់ពីឆ្នាំនេះទៅ យើងនឹងបាត់ខែទុតិយាសាឍពីរបីឆ្នាំសិន មុនពេលវាអាចលេចឡើងម្ដងទៀត។


យើងត្រូវតោងយល់ថា ប្រសិនបើក្រុមតារាវិទូ មិនបន្ថែមខែទី១៣ ទេ នោះពិធីបុណ្យប្រពៃណីនានា ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចូលវស្សា បុណ្យភ្ជុំបិណ្ឌ…។ល។ នឹងត្រូវរំកិលថយក្រោយបន្តិចម្តងៗរហូតដល់ខុសរដូវកាលអស់រលីង។ ឧទាហរណ៍ថា បើគេមិនលើកថ្ងៃខែឆ្នាំដូចរៀបរាប់ខាងលើនោះទេ បុណ្យចូលព្រះវស្សា (អាសាឡ្ហបូជា) អាចនឹងធ្លាក់ទៅជួបចំរដូវប្រាំងវិញ ហើយបុណ្យចូលឆ្នាំខ្មែរ នឹងធ្លាក់មកនៅរដូវភ្លៀងទឹកឡើងវិញ ដែលវាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់នៃជីវភាពរស់នៅរបស់មនុស្សលោក ជាពិសេសគឺការរក្សានូវប្រពៃណីទំនៀមទម្លាប់វប្បធម៌ផ្សេងៗនៅតាមតំបន់។


ដូច្នេះសរុបសេចក្ដីទៅ ខែទុតិយាសាឍ គឺជាខែអាសាឍ ទី២ (សរសេរជា អាសាធ ក៏បានដែរ) នៅក្នុងខែខ្មែរយើង (បើខែចិន រាប់ផ្សេងពីនេះទៀត) ដែលត្រូវបានបន្ថែមចូល ដើម្បីធ្វើការតម្រូវពេលវេលាឱ្យវាត្រូវគ្នានឹងសុរិយគតិ ដែលជាខែអន្តរជាតិ រាប់តាមឆ្នាំគ្រិស្តសករាជ (ឆ្នាំព្រះយេស៊ូ)។


សង្ខេបឡើងវិញ ដោយសារក្នុង ១ឆ្នាំ ចន្ទគតិខ្វះ ១១ ថ្ងៃ នោះ បើយើងសន្សំបាន២ឆ្នាំ គឺយើងនឹងខ្វះ ២២ថ្ងៃ។ បើសន្សំបាន ៣ឆ្នាំ យើងនឹងខ្វះ ៣៣ថ្ងៃ (គឺវាលើសពី១ខែ)។ ដោយសារតែសល់ថ្ងៃគ្រប់គ្រាន់បង្កើតបាន ១ ខែបន្ថែម ទើប គណៈកម្មាធិការរៀបចំប្រក្រតិទិនខ្មែរតាមក្បួនហោរាសាស្ត្របុរាណ បានកំណត់បន្ថែមខែអាសាឍមួយទៀត ហៅថា «ទុតិយាសាឍ» ហើយ ឆ្នាំណាដែលមានខែទុតិយាសាឍ គេហៅថា “ឆ្នាំអធិកមាស” ប្រែថាឆ្នាំដែលមានខែអាសាឍស្ទួនគ្នាពីរដង។


ចំណុចដែលខ្មែរយើងត្រូវចងចាំឱ្យច្បាស់គឺបើឆ្នាំណា ជាឆ្នាំអធិកមាស យើងត្រូវរង់ចាំប្រារព្ធពិធីបុណ្យអាសាឡ្ហបូជា (ចូលព្រះវស្សា) នៅក្នុងខែទុតិយាសាឍ មិនត្រូវធ្វើនៅក្នុងខែបឋមាសាឍទេ។


ដើម្បីឱ្យរឹតតែងាយយល់បំផុត យើងអាចប្រៀបធៀប «ខែទុតិយាសាឍ» នៅក្នុងចន្ទគតិ ទៅនឹងថ្ងៃ ២៩ កុម្ភៈ (Leap Day) នៅក្នុង ប្រក្រតិទិនសុរិយគតិ ដែលយើងប្រៀបដូចជា ឆ្នាំបង្គ្រប់ ដែរ។


ក្នុងសុរិយគតិ គេថែម ១ថ្ងៃ (២៩ កុម្ភៈ) រៀងរាល់ ៤ឆ្នាំម្តង ព្រោះប្រក្រតិទិនដើរយឺតជាង ព្រះអាទិត្យបន្តិច។ ក្នុងចន្ទគតិ គេថែម ១ខែ (ទុតិយាសាឍ) រៀងរាល់ ២-៣ ឆ្នាំម្តង ព្រោះប្រក្រតិទិនចន្ទគតិដើរលឿនជាង សុរិយគតិរហូតដល់ ១១ថ្ងៃ ក្នុងមួយឆ្នាំ។


បើចង់ពន្យល់កុមារតូចៗ ឱ្យងាយយល់ ត្រូវពន្យល់ពួកគេថា៖ ឧទាហរណ៍មានអ្នករត់ប្រណាំង២នាក់ ម្នាក់ជា ព្រះចន្ទ និងម្នាក់ទៀតជាព្រះអាទិត្យ ហើយទីលានប្រកួតគ្នា គឺជារដូវកាល។ ព្រះអាទិត្យ រត់បាន ១ជុំរដូវកាល ប្រើពេល ៣៦៥ថ្ងៃ (តាមពិតព្រះអាទិត្យគ្មានចលនាអ្វីទេ តែយើងឧបមាឱ្យក្មេងវាងាយយល់) ចំណែកព្រះចន្ទរត់បាន ១២ ជុំរង្វង់ខែ ប្រើពេលអស់ ៣៥៤ ថ្ងៃ។ មានន័យថា ព្រះចន្ទរត់ទៅដល់ទីបញ្ចប់ បានមុនព្រះអាទិត្យ ១១ថ្ងៃ។

  • ឆ្នាំទី ១៖ ព្រះចន្ទរត់ដល់មុនព្រះអាទិត្យ ១១ ថ្ងៃ
  • ឆ្នាំទី ២៖ ព្រះចន្ទរត់ដល់មុនព្រះអាទិត្យ ២២ ថ្ងៃ
  • ឆ្នាំទី ៣៖ ព្រះចន្ទរត់ដល់មុនព្រះអាទិត្យ ៣៣ ថ្ងៃ

    ឃើញថា រយៈពេល ៣ឆ្នាំ ព្រះចន្ទ រត់បានលឿនជាងព្រះអាទិត្យ ១ខែពេញ ឬលើស១ខែទៅទៀត។ ដូច្នេះអាជ្ញាកណ្ដាល ត្រូវតែបញ្ជាឱ្យព្រះចន្ទឈររង់ចាំព្រះអាទិត្យ ១ខែសិន ដោយការស៊កបន្ថែមខែអាសាឍមួយទៀត គឺខែទុតិយាសាឍ នោះឯង។ ការធ្វើបែបនេះគឺដើម្បីឱ្យព្រះចន្ទ និងព្រះអាទិត្យ រត់មកទន្ទឹមគ្នាសាជាថ្មី នៅក្នុងរដូវកាលត្រឹមត្រូវដូចដើមវិញ។

វិរិយា🌸


ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា គ.ស. ២០២៦

សញ្ញាអឌ្ឍចន្ទ (៝) ក្នុងភាសាខ្មែរ

នៅក្នុងភាសាខ្មែរយើង មានពាក្យទោលដែលជាតួព្យញ្ជនៈពួកអ ឬអ៊ ដែលមានន័យគ្រប់គ្រាន់ ដូចជា “ក” ប្រភេទជានាម ប្រែថា អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដូចជា “ទ” ជានាម ប្រែថា ប្រដាប់ធ្វើដោយឈើ, ឫស្សី, ដែក, ឬ ជ័រផ្លាស្ទីក សម្រាប់ដាក់រង ឬ ត្រងបង្ហូរទឹក។ ដូចជា “ង” ជាគុណនាម ប្រែថា ដែលមានរំពត់ខាងគល់ ឬ ខាងចុងងើយស្ទើតឡើង។ រួមទាំងពាក្យទោលជាច្រើនផ្សេងទៀតដែលមានន័យគ្រប់គ្រាន់តែឯកឯង ដូចជា “ត ខ គ ញ ដ ព ល ស” ជាដើម។

ជាធម្មតា ពាក្យខ្មែរភាគច្រើនយើងចំណាំតែបន្ថែមអក្សរ “រ” ខាងចុងតួព្យញ្ជនៈទោលរបៀបនេះ ដែលតាមការពិត មានព្យញ្ជនៈដែលជាពាក្យពេញលេញខ្លះ ឥតត្រូវការបន្ថែម “រ” នៅខាងចុងវាទេ។ ម្ល៉ោះហើយ អ្នកអានភាសាខ្មែរ ច្រើនតែច្រឡំភ្ជាប់អំណានប្រកបទៅនឹងអក្សរខាងដើមទៅវិញ។

ឧទាហរណ៍ដូចជា “ទូកង” ដែលមានមនុស្សច្រឡំអានថា “ទូ – កង”។ ពាក្យ “សម្បុរស” គេច្រឡំអានថា “សម្បុ – រស”។ ពាក្យ “ដាក់លើក” គេច្រឡំអានថា “ដាក់ – លើក” ដែលតាមពិតពាក្យនេះគេចង់សំដៅថា គេលើករបស់ម្យ៉ាងយកទៅដាក់ពីលើ កញ្ចឹង ក គឺអានថា “ដាក់លើ – ក” …។ល។

ដើម្បីដោះស្រាយបញ្ហាពាក្យកំព្រាទាំងនេះ លោកអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បានបង្កើតនិមិត្តសញ្ញាមួយឈ្មោះថា “អឌ្ឍចន្ទ” ដែលមានរូបរាងស្រដៀងនឹងចំណិតព្រះចន្ទ (ពេញវង់) ពាក់កណ្ដាលវង់ ផ្កាប់ចុះក្រោម (៝) ដើម្បីប្រើវាគ្របពីលើតួព្យញ្ជនៈទាំងឡាយណាដែលនៅទោលតែឯង ចៀសវាងអ្នកអានច្រឡំ។ ដូចជា “ទូកង៝, លើក៝, សម្បុរស៝, ទ៝ទឹក, លើកព៝, ដើរត៝, ដើមញ៝, ទូកដ៝, ល៝មើល, ដីស៝ …” ជាដើម។

អំណើះបន្តមក ក្រោយពីប្រើបានមួយរយៈធំទៅហើយ ស្រាប់តែមានការជំទាស់តវ៉ាយ៉ាងខ្លាំងពីសំណាក់បណ្ឌិតបញ្ញវន្តមួយក្រុមផ្សេងទៀត ដោយហេតុផលថាវាខុសប្រពៃណីដើម។ យ៉ាងណាក៏ដោយ បើទោះណាជាសញ្ញាអឌ្ឍចន្ទ វិនាសអន្តរធានចាកឆ្ងាយពីអក្សរខ្មែរ ប៉ុន្តែបន្តិចម្ដងៗ វាក៏ត្រូវបានជំនួសដោយនិមិត្តសញ្ញាគូសត្រេ (-) ដើម្បីរារាំងពីការភាន់ច្រឡំ។ ដូចជា “ទូក-ង, សម្បុរ-ស, លើ-ក, លើក-ព, ទូក-ដ” ជាដើម។

សូមបញ្ជាក់ថា អ្នកប្រាជ្ញអក្សរសាស្ត្រដែលបានបង្កើតនិមិត្ដសញ្ញា #អឌ្ឍចន្ទ មិនមែនលោកនឹកឃើញបង្កើតតាមអារម្មណ៍រវើរវាយទេ។ គឺលោកបានយកលំនាំតាមលម្អានក្នុងសិលាចារិកខ្មែរ ក្នុងសម័យបុរាណជាគំរូ គ្រាន់តែលៃកែទ្រង់ទ្រាយឱ្យងាយស្រួលគូសសរសេរតែប៉ុណ្ណោះ។

នៅក្នុងទំព័រទី៣ នៃវចនានុក្រមខ្មែរភាគ១និង២ បោះពុម្ពឆ្នាំ ១៩៦៧ សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បានទុកសម្ដីមួយឃ្លាថា “[…] គណៈកម្មការសង្ឃឹមថា តទៅអនាគតកាល, គង់តែអស់លោកអ្នកអក្សរសាស្ត្រខ្មែរ នឹងបង្កើតសញ្ញាបែបណាមួយ ជំនួសឱ្យអឌ្ឍចន្ទ នោះជាពុំខាន […]” ព្រមទាំងពាក្យផ្ដាំផ្ញើរាប់ពាន់អក្សរច្រើនទំព័រទៀត។

ក្នុងនាមខ្ញុំជាអ្នកស្រលាញ់អក្សរខ្មែរ ខ្ញុំមិនចង់ទាមទាររកសញ្ញាអឌ្ឍចន្ទនោះត្រលប់មកវិញទេ។ គ្រាន់តែសំណូមពរ អស់លោកអ្នកស្មេរ អ្នកនិពន្ធ មេត្ដាដាក់សញ្ញាត្រេខ្លី (-) ឬដកឃ្លាបន្តិចក៏បាន ពីមុខ គ្រប់ពាក្យកំព្រា ដូចរៀបរាប់ខាងលើផង ដើម្បីជួយដល់អ្នកអានអក្សរខ្មែរ ងាយស្រួលកត់សម្គាល់របៀបប្រកប និងយល់ដល់ខ្លឹមសារពាក្យពេចន៍ក្នុងប្រយោគ។

✧═══•❁❀❁•═══✧

វិរិយា 🌸

ទស្សនៈអំពីពណ៌ស្បែក ដែលបង្កជាវិបត្តិសុខភាព រាតត្បាតខ្លាំងក្នុងចំណោមក្មេងស្រី និងស្ត្រីដែលមានការអប់រំទាបនៅកម្ពុជា

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រាប់ចាប់តាំងពីកម្ពុជាងើបពីសង្គ្រាម មានទូរទស្សន៍ ទស្សនាវដ្ដី និងចុងក្រោយនេះ គឺអ៊ីនធើណិតដ៏សម្បូរបែប ដែលជាឧបករណ៍ទំនើបពេញនិយម សម្រាប់ប្រើប្រាស់ ក្នុងការមើល និង ប្រៀបធៀបគ្នា អំពីស្ដង់ដារជីវិតរស់នៅ។

ការប្រាស្រ័យទាក់ទងគ្នាលើកដំបូង មនុស្សសម្លឹងមើលគ្នា ហើយវិនិច្ឆ័យ គោរពរាប់អាន លើកតម្កើង ឬរើសអើង ដោយគំហើញនៃសម្បុរស្បែកខាងក្រៅជាមុនសិន។ ទម្រាំចូលដល់សម្ព័ន្ធភាពជ្រាលជ្រៅ ដែលអាចដឹងបានដល់ចិត្តគំនិតខាងក្នុង មានអ្នកខ្លះ ផ្ដាច់ទំនាក់ទំនង តាំងពីឃើញពណ៌ស្បែកស្រគាំ ស្រអាប់ មិនគាប់ចិត្តជាលើកដំបូងម្ល៉េះ។ អ្នកមានស្បែកពណ៌សភ្លឺ គេកំណត់ថាជាមនុស្សជោគជ័យ ខ្លាំងពូកែ មានធនធាន ជាប់ពូជចិនយួន ជាអ្នកឆ្លាត ដែលអាចពឹងពាក់បាន។ អ្នកមានស្បែកពណ៌ត្នោត ក្រហមដិត គេកំណត់ថាជាមនុស្សក្រីក្រ អន់ ព្រោះប្រកបរបរហាលថ្ងៃក្ដៅច្រើន មិនជាប់ពូជចិនយួន មិនឆ្លាត អសមត្ថភាពក្នុងជីវិត។ នេះជាផ្នត់គំនិតដែលអាក្រក់ជាងជំងឺរាតត្បាតធម្មតាទៅទៀត។ វាលើសពីបញ្ហាវិបត្តិវប្បធម៌ គឺទស្សនៈនេះក្លាយជាអាវុធសម្លាប់មនុស្សយ៉ាងសាហាវនៅពាសពេញប្រទេសកម្ពុជា ជាពិសេសស្ត្រីក្មេងៗ ដែលរស់នៅក្នុងសង្គមមួយ ដែលខ្វះការអប់រំ។

ដោយជឿទៅតាមពាក្យញុះញង់របស់ឈ្មួញអសីលធម៌ នារីក្មេងៗ យល់ព្រមចាយលុយទិញក្រែមគីមី ដែលគេផ្សាយតាមបណ្ដាញព័ត៌មានថា នឹងជួយប្ដូរពណ៌ស្បែករបស់ពួកនាងឱ្យបាន ស ភ្លឺ រលោង ស្អាតជាងមុន ក្នុងរយៈពេលខ្លីបំផុត។ ជំនឿដ៏ងងឹតនេះ មិនអាចបំភ្លឺបានដោយត្រឹមតែពាក្យណែនាំ របស់អ្នកជំនាញសើស្បែក វេជ្ជបណ្ឌិតឯកទេសស្បែកតែម្យ៉ាងទេ វាទាមទារឱ្យមានជនរងគ្រោះពីការប្រើផលិតផលប្ដូរពណ៌ស្បែកនោះ ក្លាហាន ហ៊ានចេញមុខសារភាព និងប្រកាសប្រាប់អ្នកដទៃទៀតអំពីគ្រោះថ្នាក់នៃផលិតផលប្ដូរពណ៌ស្បែកថែមទៀតផង។

A collection of photos taken from various Facebook accounts of bleaching cream users, who were incentivized to promote the product in exchange for rewards as part of an unethical marketing campaign run by unscrupulous sellers.
A collection of photos taken from various Facebook accounts of bleaching cream users, who were incentivized to promote the product in exchange for rewards as part of an unethical marketing campaign run by unscrupulous sellers.

ខ្ញុំសូមលើកករណីពិតជាក់ស្ដែងមួយ នៅក្នុងមជ្ឈមណ្ឌលលាងឈាម នៃមន្ទីរពេទ្យដ៏ធំមួយ ដែលខ្ញុំតែងតែជូនឪពុកខ្ញុំទៅលាងឈាម ប្រចាំសប្ដាហ៍ កាលពីគាត់នៅមានជីវិត។ ឪពុកខ្ញុំខូចតម្រងនោម​ ដោយសារជំងឺលើសឈាម ទឹកនោមផ្អែម ដែលតម្រូវឱ្យលាងឈាមជាប្រចាំ ដើម្បីពន្យារជីវិត។ គាត់លាងឈាមបានតែកន្លះឆ្នាំ ក៏ទ្រាំលែងបាន និងធ្វើមរណកាលទៅ ក្នុងអាយុ ៧៣ឆ្នាំ កាលពីដើមខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ។ ក្នុងបរិបទនេះ ខ្ញុំចង់បង្ហាញជ្រុងមួយអំពីបញ្ហាសុខមាលភាពក្មេងស្រី៖

ជារៀងរាល់សប្ដាហ៍ដែលខ្ញុំជូនឪពុកកទៅលាងឈាម ខ្ញុំតែងតែបានជួបប្រទះអ្នកជំងឺខូចតម្រងនោមជាច្រើន ផ្សេងទៀត ដែលមានអាយុក្មេងៗនៅឡើយ។ ខ្លះជាបុរសវ័យខ្ទង់ ៣០ឆ្នាំ ខ្លះជាស្ត្រី វ័យទើបតែ២០ឆ្នាំ និងមានកុមារអាយុខ្ទង់១០ឆ្នាំ ទៀតផង។ នៅក្នុងបន្ទប់លាងឈាម ជាកន្លែងដែលខ្ញុំអាចឆ្លុះបញ្ចាំងបានថា បញ្ហាសុវត្ថិភាពចំណីអាហារ និងផលិតផលគ្រឿងសម្អាង ដែលកំពុងចរាចរនៅកម្ពុជាគ្មានសុវត្ថិភាពទេ។ ខ្ញុំតែងតែសាកសួរទាំងខ្លាចចិត្ត ទៅកាន់អ្នកជំងឺលាងឈាម ដែលគេងសម្រាកនៅគ្រែក្បែរឪពុកខ្ញុំ។ ក្មេងប្រុសអាយុពេញកម្លាំង ខូចតម្រងនោម ដោយសារតែផឹកគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង។ ក្មេងស្រីៗ ខូចតម្រងនោម ដោយសារតែការលាបឡេឱ្យស។

រូបថតរបស់ លឹម វិរិយា

អ្នកលក់ឡេ ឃោសនាតាមវិដេអូឡាយជារៀងរាល់ថ្ងៃ ប្រាប់ថា ៖

“លាបទៅមិនគ្រោះថ្នាក់ទេ ខ្ញុំក៏លាបដែរ មើលនែ៎ ឃើញទេ? ខ្ញុំលាបរាប់ឆ្នាំហើយ បើស្លាប់ វាស្លាប់យូរហើយ។”

 ពាក្យឃោសនាភូតកុហក បានបណ្ដាលឱ្យក្មេងស្រីដែលខ្វះចំណេះដឹងព្រមជឿតាម យកប្រាក់ទៅទិញ ឡេទាំងនោះ លាបបំពោកលើរាងកាយតាំងពីកញ្ចឹងក ចុះដល់ចុងជើង រាល់ថ្ងៃ និងអនុវត្ដជាច្រើនឆ្នាំជាប់គ្នា។ កាលពីជំងឺធ្វើទុក្ខដំបូង នាងមិនជឿថា នាងខូចតម្រងនោមដោយសារលាបឡេទេ រហូតដល់ជីវិតនៅសល់តែដង្ហើមចង្រិត ទើបនាងព្រមជឿ ប៉ុន្តែទម្រាំដល់ពេលនោះ អ្វីៗឈានដល់ដំណាក់កាលសង្គ្រោះដោយពិបាក នោះគឺការលាងឈាមប្រចាំខែ ដែលតម្រូវចំណាយលុយកាក់អស់ច្រើនជាអតិបរមា ដើម្បីគ្រាន់តែពន្យារជីវិត រង់ចាំសេចក្ដីស្លាប់ នៅថ្ងៃដែលអស់លុយលាងឈាម។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

វាជារឿងសង្វេគខ្លាំងណាស់ រយៈកន្លះឆ្នាំ ដែលខ្ញុំចេញចូលក្នុងបន្ទប់លាងឈាមនៅមន្ទីរពេទ្យ ដើម្បីកំដរឪពុកជរារបស់ខ្ញុំ គឺខ្ញុំបានរៀនសូត្រច្រើនពីជនរងគ្រោះ ដែលគ្មានភាពក្លាហានក្នុងការបកអាក្រាត ម្ចាស់ផលិតផលដ៏អាក្រក់ទាំងអស់នោះ។

តើពពួកឡេលាបលើស្បែក ធ្វើឱ្យស្បែកប្ដូរពណ៌ទៅជា ស បានជ្រាបចូលទៅបំផ្លាញតម្រងនោមរបស់អ្នកប្រើប្រាស់ដោយរបៀបណា?

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

 “ឡេធ្វើឱ្យស្បែកស” គឺជាឧស្សាហកម្ម ដ៏អសីលធម៌មួយ ដែលអង្គការអន្តរជាតិនានាក្នុងពិភពលោក ធ្វើយុទ្ធនាការណ៍ប្រឆាំងយ៉ាងមោះមុត អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ។ កន្លងមក អង្គការទាំងនោះ ធ្លាប់បានដាក់ពាក្យប្ដឹងទៅកាន់ស្ថានីយទូរទស្សន៍ជាច្រើន ជាពិសេសទូរទស្សន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានផលិតវិដេអូផ្សាយពាណិជ្ជកម្មឡេលាបស្បែក តាមរយៈការប្រៀបធៀបគ្នា នូវសម្បុរស្បែកខ្មៅ និង ស។ មាតិកាខ្លះបាននិពន្ធឡើងដោយការតិះដៀលស្បែកខ្មៅ ហើយញុះញង់ឱ្យមនុស្សព្រមទិញផលិតផលលាបស្បែក ដើម្បីលុបបំបាត់ស្បែកពណ៌ខ្មៅ ដែលគេផ្សាយថាជាស្បែកអាក្រក់ ថោកទាប មិនល្អ ត្រូវតែប្ដូរចេញ។ ការតស៊ូមតិ អស់រយៈពេលជាង៥០ឆ្នាំ របស់ក្រុមអ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រផ្នែកសុខភាពធ្វើឡើងយ៉ាងលំបាក ទម្រាំតែអាចអប់រំមនុស្សបានខ្លះៗ។ ដំបូងឡើយ បើត្រឹមតែការពន្យល់ពីភាពអសីលធម៌ ក្នុងការប្រៀបធៀបពណ៌ស្បែករាងកាយគ្នា នោះវានៅមិនទាន់គ្រប់គ្រាន់ ក្នុងការជំរុញមនុស្សឱ្យបញ្ឈប់សកម្មភាពផ្សាយពាណិជ្ជកម្មបែបអមនុស្សធម៌នោះបានទេ។ រហូតដល់ក្រុមវេជ្ជបណ្ឌិត លើកបង្ហាញអំពីផលប៉ះពាល់សរីរាង្គខាងក្នុង និងប៉ះពាល់ដល់អាយុជីវិតផង ទើបឃើញមានការប្រែប្រួល ប្រសើរឡើងវិញខ្លះ ជាពិសេស ក្នុងរបៀបធ្វើទីផ្សារ របស់ពួកឈ្មួញ។

នៅពេលដែលគោលដៅសោភ័ណភាព គឺការធ្វើឱ្យសម្បុរស្បែកមានពណ៌សជាងមុន នោះគឺថា អ្វីដែលមនុស្សត្រូវចំណាយ មិនមែនត្រឹមតែលុយកាក់ និងពេលវេលាទេ ពួកគេត្រូវចំណាយទាំងអាយុជីវិតថែមទៀត។ ស្ដាប់ហើយ គួរសង្វេគខ្លាំងណាស់។

ដើម្បីតស៊ូមតិប្រកបដោយប្រសិទ្ធភាព យើងត្រូវតែយល់ពី “សារធាតុពុល៣ប្រភេទ” ដែលមាននៅក្នុងល្បាយក្រែមលាបស្បែក ដែលអាចជួយធ្វើឱ្យស្បែកប្រែជាពណ៌ស៖

ទី១ គឺ “បារត” (Mercury ) បារតគឺជាគ្រឿងផ្សំដ៏គ្រោះថ្នាក់ និងពិបាកសម្គាល់បំផុត។ បារតនឹងជ្រាបចូលទៅបញ្ឈប់ការផលិតមេឡានីនប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាគឺជាជាតិពុលសរសៃប្រសាទ ដែលអាចសម្លាប់មនុស្សសន្សឹមៗ។

ទី២ គឺ “អ៊ីដ្រូគីណូន” (Hydroquinone) ជារឿយៗសារធាតុនេះ គេប្រើវាតែនៅក្នុងដំណើរការផលិតកម្ម ឧស្សាហកម្មទេ។ សារធាតុអ៊ីដ្រូគីណូន អាចបណ្តាលឱ្យមានជំងឺម្យ៉ាង ឈ្មោះ អូក្រូណូស៊ីស (Ochronosis) ដែលជាជំងឺដែលបណ្ដាលឱ្យស្បែកទៅជាស្រអាប់ និងជាំខៀវ ខ្មៅ ឬ ប្រផេះ ជាអចិន្ត្រៃយ៍ នៅលើស្បែក ដែលវាផ្ទុយពីប្រសិទ្ធភាពដែលអ្នកប្រើប្រាស់ឡេប្រាថ្នាចង់បាន។

ទី៣ គឺ “ក័រទីកូស្តេរ៉ូអ៊ីត” (Corticosteroids) សារធាតុនេះ ធ្វើឱ្យស្បែកទៅជាស្តើង ឡើងសរសៃ ដោយសារតែវាបានបង្ក្រាបប្រព័ន្ធភាពស៊ាំ ធ្វើឱ្យអ្នកប្រើប្រាស់ងាយនឹងឆ្លងមេរោគ និងឡើងប្រេះបែកសង្វារជាអចិន្ត្រៃយ៍។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

គុណវិបត្តិដ៏អាក្រក់មួយទៀត នៃឡេដែលធ្វើឱ្យស្បែកប្រែជាពណ៌ស គឺ ដោយសារតែស្បែកគឺជាសរីរាង្គធំបំផុតរបស់រាងកាយ ដូច្នេះ វាស្រូបយកសារធាតុគីមីទាំងនេះដោយផ្ទាល់ទៅក្នុងចរន្តឈាម ហើយវានឹងបន្ដ តភ្ជាប់ទៅតម្រងនោម រហូតដល់អ្នកលាបឡេជាប្រចាំ នឹងត្រូវតែចុះខ្សោយតម្រងនោម ឈានដល់ការខូចតម្រងនោម ព្រោះថាតម្រងនោមដើរតួជាប្រព័ន្ធច្រោះជាតិពុលរបស់រាងកាយ។ នៅពេលដែលបារតចូលទៅក្នុងចរន្តឈាមតាមរយៈការស្រូបយកពីស្បែក តម្រងនោមនឹងព្យាយាមច្រោះវាចេញ លុះច្រោះយូរទៅ វានឹងហត់នឿយ ទ្រុឌទ្រោម ហើយខូចលែងដំណើរការតែម្ដង។

ចំណែកបញ្ហាប្រឈមមួយទៀតនៅក្នុងឡេ ដែលធ្វើឱ្យស្បែកប្រែជា ស គឺហានិភ័យនៃសារធាតុ ដែលធ្វើឱ្យកើតមហារីកស្បែក  (Carcinogenic)

ជាធម្មតា មេឡានីន (Melanin) គឺជាអ្នកការការពារស្បែករបស់យើងពីធម្មជាតិ ប្រឆាំងនឹងពន្លឺព្រះអាទិត្យដ៏ក្ដៅស្ទើរឆេះ។ នៅពេលណាដែលយើងលាបឡេគីមីប្រភេទនោះ វាស្មើនឹងយើងបានដកហូតយកសារធាតុការពារនេះចេញ។ ហើយជាចុងក្រោយ អ្នកប្រើប្រាស់នឹងបាត់បង់ឆត្រជីវសាស្រ្តរបស់ស្បែកខ្លួនឯង។ មានន័យថា ស្បែក ត្រូវបាត់បង់ការការពារទាំងស្រុង។ អ្នកប្រើប្រាស់ឡេគីមី មិនអាចស្លៀកពាក់បិទបាំង ឬពាក់មួក ឬបាំងឆត្រ ដើម្បីទូទាត់នឹងការបំផ្លាញឆត្រជីវសាស្ត្រនៃសរីរាង្គកាយបានទេ។ នៅពេលដែលគ្មានរបាំងការពារ (មេឡានីន) នោះ កាំរស្មី UV នឹងជ្រាបចូលទៅក្នុងកោសិកាស្បែកកាន់តែជ្រៅ។ អ្នកប្រើប្រាស់ នឹងប្រឈមជាមួយជំងឺមហារីកស្បែក ដែលពិបាកសង្គ្រោះបំផុត។

រូបភាពស្កេន ៣ទំព័រខាងដើម ចេញពីអនុក្រឹត្យនៃការគ្រប់គ្រងគ្រឿងសម្អាង ឆ្នាំ ២០០២

តាមការពិត កម្ពុជាក៏មានអនុក្រឹត្យស្តីពីការគ្រប់គ្រងផលិតផលគ្រឿងសម្អាងដែរ។ ក្នុងនោះ ក្រសួងសុខាភិបាល ត្រូវបានផ្ដល់សិទ្ធិអំណាចយ៉ាងពេញលេញ ក្នុងការបញ្ជា ឱ្យបញ្ឈប់ចរាចរផលិតផលដែលបង្កគ្រោះថ្នាក់ទាំងអស់នោះ។ ប៉ុន្តែ បញ្ហានៅត្រង់ថា ពួកអ្នកលក់ជាច្រើន បានយកផលិតផលល្អ មានគុណភាព និងសុវត្ថិភាព ទៅចុះបញ្ជី ក្រោយពីទទួលបានអាជ្ញាបណ្ណរួច ពួកគេបែរជាលបលួច លាយល្បាយគីមីពុល ជាសម្ងាត់ ដូចដែលបានរៀបរាប់ខាងលើ ទៅក្នុងផលិតផល ដើម្បីជំរុញដល់ប្រសិទ្ធភាពនៃការប្ដូរពណ៌ស្បែកអ្នកប្រើប្រាស់។ មានអតិថិជនតិចតួចណាស់ ដែលនឹកឃើញចង់យកផលិតផលដែលខ្លួនបានទិញរួច ទៅធ្វើតេស្តិ៍ដោយភ្នាក់ងារជំនាញ ដើម្បីស្ទាបស្ទង់អំពីសុវត្ថិភាពផលិតផល ស្របពេលដែលឡេគីមីទាំងនោះ មានខ្លះ ថែមទាំងអាចដាក់លក់នៅក្នុងឱសថស្ថាន ដែលគេជឿថា អ្នកលក់ គឺជាមនុស្សស្ថិតក្នុងលំដាប់គ្រូពេទ្យស្រាប់ទៅហើយ។

ជារឿយៗ ក្រោយពេលដែលមានការបង្ក្រាប អ្នកលក់អសីលធម៌ទាំងនោះ ពុំដែលបានទទួលទោសទណ្ឌធ្ងន់ធ្ងរ ដើម្បីឱ្យរាងចាលទេ។ ម្ល៉ោះហើយ ក្រោយការបង្ក្រាប ពួកគេរួចខ្លួនត្រលប់មកវិញ ប្ដូរឈ្មោះ ប្ដូរម៉ាកយីហោ ហើយបន្តផលិតនិងចែកចាយគ្រឿងសម្អាងដ៏ពិសពុលទាំងនោះជាថ្មីម្ដងទៀត និងពោរពេញដោយល្បិចការពារខ្លួន។

ហេតុអ្វីបានជាការអប់រំរបស់អ្នកជំនាញ គ្មានឥទ្ធិពលគ្របដណ្ដប់លើការឃោសនារបស់ពួកឈ្មួញខិលខូចទាំងនោះ?

ហេតុរបស់វា គឺស្ថិតនៅត្រង់ថា សម្បុរពណ៌ស្បែក គឺជាសមាសធាតុផ្សំនៃវប្បធម៌បែងចែកវណ្ណៈនៅក្នុងសង្គម។ មានន័យថា នៅពេលដែលប្រទេសជាតិមួយ មានគម្លាតឆ្ងាយគ្នាខ្លាំងពេក រវាងអ្នកមាន និងអ្នកក្រ នោះវាក៏ស្មើទៅនឹងការបែងចែកវណ្ណៈមនុស្សដែរ។ វណ្ណៈរបស់មនុស្ស សំដៅលើពណ៌ស្បែក។ ហើយពណ៌ស្បែក តំណាងឱ្យទ្រព្យសម្បត្តិ។ ដូច្នេះ ដោយសារតែភាពល្ងង់ខ្លៅ ការមិនបានរៀនសូត្រជ្រៅជ្រះ ខ្វះគតិអប់រំ មនុស្សដែលចេញមកពីវណ្ណៈក្រីក្រ ព្រមជឿថា បើគេប្ដូរពណ៌ស្បែកពីស្រគាំ ទៅជាសភ្លឺ ពួកគេនឹងមានភ័ព្វសំណាងល្អ។ ម្ល៉ោះហើយ ទោះបីជាមានការចង្អុលបង្ហាញ លាតត្រដាងទាំងភ័ស្ដុតាងអំពីគ្រោះថ្នាក់នៃការប្រើឡេគីមី ដែលធ្វើឱ្យស្បែក ស ក៏ពួកគេមិនព្រមទទួលជឿទាល់តែសោះ។ ពួកគេទទួលយកពាក្យសម្ដីបញ្ចុះបញ្ចូលរបស់ឈ្មួញទុច្ចរិត ដែលផ្សាយញុះញង់ឱ្យពួកគេព្រមប្ដូរពណ៌ស្បែក ដើម្បីមានសម្រស់ស្រស់ស្អាតជាងមុន។ និយាយរួម ភាពល្ងង់ខ្លៅ បានរុញឱ្យពួកគេជឿថា សម្រស់ល្អស្អាត គឺស្បែកពណ៌ស។ ភាពអាក្រក់ថោកទាប គឺស្បែកពណ៌ខ្មៅ។ នេះជាការយល់ឃើញដ៏គ្រោះថ្នាក់ខ្លាំងណាស់!

បញ្ហាពណ៌សម្បុរនេះហើយ ដែលជាសំណល់នៃឋានានុក្រមសង្គម ដែលឧស្សាហកម្មដ៏ខ្មៅកខ្វក់នេះ បានកេងប្រវ័ញ្ចលើអាយុជីវិត និងសុខុមាលភាពមនុស្សជាច្រើន ដើម្បីប្រាក់ចំណេញតែម្យ៉ាងគត់។ ពួកគេហាក់ដូចជាកំពុងប្រកាសថា អត្ដសញ្ញាណរបស់បុព្វបុរសយើង គឺសាច់ឈាមខ្មែរអង្គរយើងនេះ ជាអត្ដសញ្ញាណមិនល្អ និងត្រូវតែកែប្រែចេញ តាមរយៈដំណោះស្រាយមួយ គឺប្រើសារធាតុគីមីប្ដូរពណ៌ស្បែកដូនតាចេញឱ្យអស់។

សូមរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម រួមទាំងអង្គភាពនានា ដែលធ្វើកិច្ចការទាក់ទងនឹងបញ្ហានេះ  អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដាច់ខាត។

សូមអ្នកផលិត និងអ្នកលក់បឈ្ឈប់ជាបន្ទាន់ នូវសកម្មភាពដោះដូរអាយុជីវិតរបស់អ្នកដទៃដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន។ សូមបញ្ឈប់ការផលិតនិងចែកចាយថ្នាំពុលសម្លាប់មនុស្សដោយចេតនា តាមរយៈផលិតផល ដែលគេហៅថា ឡេធ្វើឱ្យស្បែកស។ ផលិតផលរបស់អ្នក​ គឺជាថ្នាំបំពុលសម្លាប់មនុស្សយ៉ាងច្បាស់លាស់ណាស់។

សូមអ្នកប្រើប្រាស់គិតសាឡើងវិញម្ដងទៀត! សម្រស់របស់លោកអ្នក មិនអាចកែច្នៃតាមរយៈការបញ្ចូលសារធាតុបារតទៅក្នុងឈាមនោះទេ។ សូមការពារតម្រងនោម និងថែទាំសុខភាព។ អាយុជីវិតរបស់អ្នកមានតម្លៃជាងការទទួលបានស្បែកពណ៌ស ដែលពណ៌នេះ មិនជាទីប្រាថ្នាទេ សម្រាប់ប្រជាជននៅបស្ចិមលោក។ មនុស្សមានស្បែក ស នៅក្នុងក្រសែភ្នែកនៃប្រជាជនប្រទេសជឿនលឿន អ្នកប្រៀបដូចទៅនឹងខ្មោចឆៅ ឬមនុស្សមានជំងឺដែលគេខ្លាច។ ស្បែក ស ដោយការចាក់បារតចូលក្នុងឈាម គ្មានតម្លៃទេ។ សូមភ្ញាក់ខ្លួនឡើង!

រូបថតផលិតដោយបញ្ញាសិប្បនិម្មិត A.I. Copilot
រូបថតផលិតដោយបញ្ញាសិប្បនិម្មិត A.I. Copilot

សូមសហគមន៍វេជ្ជសាស្ត្រនៅកម្ពុជា ក្លាហានឡើង! សូមហ៊ានបើកបង្ហាញទិន្នន័យជាសាធារណៈបន្ថែមទៀត អំពីអ្នកជំងឺ ដែលរងគ្រោះដល់អាយុជីវិត ដោយសាការលាបឡេ។ វេជ្ជបណ្ឌិត គួរទទួលបានការលើកទឹកចិត្តឱ្យរាយការណ៍ពីករណីខ្សោយតម្រងនោម ដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងសម្អាងអាក្រក់ទាំងនោះ ដើម្បីឱ្យទំហំពិតនៃបញ្ហាអាចមើលឃើញរឹតតែច្បាស់ឡើង។

វិបត្តិនៃផលិតផលដែលធ្វើឱ្យស្បែកស មិនមែនគ្រាន់តែជាបញ្ហាសុខភាពនោះទេ។ វាថែមទាំងជាបញ្ហាសីលធម៌ និង មនុស្សធម៌ទៀតផង។ ពីមួយជំនាន់ទៅមួយជំនាន់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីនិងក្មេងស្រី ត្រូវបានគេបំពុលសន្សឹមៗ ឱ្យខ្ទេចខ្ទីអស់នូវសុខុមាលភាព ដែលជាទ្រព្យធនដ៏មានតម្លៃសម្រាប់ការកសាងសុភមង្គលគ្រួសារ ក៏ដូចជាសង្គមជាតិ​ ខណៈដែលអាជ្ញាធរ ធ្វើការយ៉ាងស្ពឹកស្រពន់ទាក់ទងនឹងរឿងនេះ។

ក្នុងនាមជាអ្នកនិពន្ធម្នាក់ ខ្ញុំសូមប្រើសំឡេងរបស់ខ្ញុំ ដើម្បីជួយដល់អ្នកដែលកំពុងរងទុក្ខវេទនានៅក្នុងបន្ទប់លាងឈាមនៃមន្ទីរពេទ្យ ដែលរងគ្រោះពីការប្រើពពួកឡេធ្វើឱ្យស្បែក ស ដ៏ពិសពុល។ វាដល់ពេលដែលយើងត្រូវតែបញ្ឈប់ ការចែកចាយថ្នាំពុល ហើយចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមចុចទីនេះ ដើម្បីទស្សនាវិដេអូអំពីអត្ថបទនេះ =>

“ឧ៊, ឪ, ឱ, ឳ” ត្រូវអានដោយរបៀបណា?

ឧ + សក់ ក = ឧ៊ : អានថា “អុក” (ព្រោះសក់ ក ដើរតួជំនួសអក្សរ ក)
ឧ + កន្ទុយ វ = ឪ : អានថា “អុវ ឬ អូវ” (ព្រោះកន្ទុយ វ ដើរតួជំនួសអក្សរ វ)
ឱ = ជា​ប្រភេទ​អញ្ញត្រសព្ទ ដែលមានសំឡេងពេញលេញរួចជាស្រេចហើយ គឺអានថា “អោ”
ឳ = ជា​ប្រភេទ​អញ្ញត្រសព្ទ ដែលមានសំឡេងពេញលេញរួចជាស្រេចហើយ គឺអានថា “អៅ”

ប្រវត្ដិពាក្យ “នាម៉ឺន”

ពាក្យនេះក្លាយមកពីភាសាសៀម ថា “ណាហ្មឺន” (นาหมื่น)“ណា” (นา) ប្រែថា “ស្រែ” ដែលមានន័យសំដៅដល់ផ្ទៃដីសម្រាប់ធ្វើស្រែ។ ចំណែកពាក្យ “ហ្មឺន” (หมื่น) ជាការអានបញ្ចេញសំឡេងខ្យល់ធំធ្ងន់ពីភាសាដើមរបស់ខ្មែរយើងទៅ ស្មើពាក្យរាប់ចំនួន១០ពាន់ ថា “ម៉ឺន”

សម័យដើម មន្ត្រីណាដែលមានបណ្ដាស័ក្ដិធំៗ មានអំណាចអាចក្ដោបក្ដាប់មន្ត្រីក្រោមឱវាទ ឬក្ដោបក្ដាប់ពលទាហានក្រោមបង្គាប់ ចាប់ពី១ម៉ឺននាក់ ឡើងទៅ មានន័យថា គេមានសិទ្ធិ មានយស មានស័ក្ដិ សមនឹងទទួលបានដីស្រែ ១ម៉ឺន ដូច្នោះដែរ​។  

រូបភាពនេះ ត្រូវបានផាត់ពណ៌ឡើងវិញ ដើម្បីបន្ថែមសម្រស់ផ្ទៃរូបភាពដោយជនអនាមិក | រូបនេះជានាម៉ឺនខ្មែរ ខ្សែបម្រើគ្រួសារអភ័យវង្ស នៅក្នុងសម័យអាណានិគមបារាំង នៅខេត្ដ បាត់ដំបង អំឡុងឆ្នាំ ១៩០៧ ។ ក្រោយការដួលរលំនៃត្រកូល អភ័យវង្ស ពួកគេបាននិរទេសទៅរស់នៅក្នុង ខេត្តព្រះជិនបុរី ប្រទេសសៀម ក្រោយមកបានក្លាយជាស្ថាបនិក កសាងមន្ទីរពេទ្យដ៏ល្បីមួយនៅស្រុកសៀម ឈ្មោះថា មន្ទីរពេទ្យ ចៅពញា អភ័យភូបេជ្រ (Chaophraya Abhaibhubejhr Hospital) សាងសង់ឡើងតាមរចនាបថនៃអគារភូមិគ្រឹះលោកម្ចាស់កថាថន ក្នុងខេត្ដបាត់ដំបង។

ក្នុងវចនានុក្រម និងក្នុងឯកសារស្រាវជ្រាវផ្សេងទៀត មិនឃើញមានបញ្ជាក់អំពីប្រភេទនៃឯកតាវាស់វែង ថាដីស្រែ ចំនួន១ម៉ឺននោះ គឺជា១ម៉ឺនអ្វីសោះឡើយ។ បើតាមការគិតស្មានរបស់ខ្ញុំ ប្រហែលជាស្មើនឹង ១ម៉ឺនហិកតា។ ព្រោះដីស្រែទំហំ ១ម៉ឺនហិកតា កាលពីសម័យបុរាណ បើគិតតាមដែនភូមិសាស្ត្រនយោបាយ វាមិនច្រើនដូចសម័យខ្សត់ដី ឥឡូវនេះទេ។ ម្យ៉ាងទៀត ជំនាន់ដើម ការកាត់ទឹក កាត់ដី ជូនមន្ត្រី មានសមត្ថភាពគ្រប់គ្រង ក៏ស្មើនឹងការផ្ដល់នូវអំណាចជាស្ដេចត្រាញ់មួយ ដល់មន្ត្រីនោះផងដែរ។ ហើយបើយើងគណនា តាមអត្រាជាក់ស្ដែង ផ្ទៃដី ១ម៉ឺនហិកតា គឺស្មើនឹង ទំហំ ១រយ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ ឃើញថាទំហំប៉ុននេះ វាប្រហាក់ប្រហែលនឹងកូនស្រុកដ៏តូចមួយ ក្នុងតំបន់នៃប្រទេសខ្មែរយើងដែរ។ ម្ល៉ោះហើយ ក្នុងនាមអ្នកសិក្សាពីឫសគល់នៃពាក្យ ខ្ញុំសូមសន្មតថា នាហ្មឺន គឺជា មន្ត្រីដែលបានដីស្រែ១ម៉ឺនហិកតា។

មួយវិញទៀត នៅក្នុងវចនានុក្រមខ្មែរដដែល ក៏មានបញ្ជាក់ដល់ពាក្យ “ស្ដេចត្រាញ់” ផងដែរ។ ស្ដេចត្រាញ់ គឺជាអ្នកដែលមានសិទ្ធិទទួលបានដីស្រែ ១ម៉ឺន ដូចគ្នា។ អ៊ីចឹង វាមានន័យថា មុនដែលខ្មែរទទួលប្រើពាក្យ “នាហ្មឺន” យកមកប្រើជាផ្លូវការ តំណែងមួយនេះ ត្រូវបានខ្មែរយើងហៅថា “ស្ដេចត្រាញ់”

ស្ដេចត្រាញ់ គឺជាមេទ័ពធំ ឬហៅថា “ស្ដេចសឹក” ដែលមានអំណាចកាប់សម្លាប់មនុស្សសត្វបានដោយឥតខុសច្បាប់ នៅក្នុងនាទីរបស់ខ្លួន។ ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ៖

១- ស្រុកកំពង់ស្វាយ មានងារជា អ្នកឧកញ៉ា តេជោ បុរារាជ

២- ស្រុកពោធិ៍សាត់មានងារជា អ្នកឧកញ៉ាសួគ៌ាលោក

៣- ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូង និង ទ្រាំង ត្រើយខាងជើង ជាស្រុកតែមួយ មានងារជា អ្នកឧកញ៉ាពិស្ណុលោក

៤- ស្រុកត្បូងឃ្មុំ មានងារជា អ្នកឧកញ៉ាអជ៌ុន ( ហៅក្លាយជា អរជូន )

៥- ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយ និង ខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឧកញ៉ាធម្មាតេជោ

កាលបើប្រទេសមានសង្គ្រាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន។

សូមបញ្ជាក់ថា ក្នុងរបៀបគ្រប់គ្រងដឹកនាំប្រទេស កាលពីសម័យបុរាណ មេដឹកនាំធំៗ ដែលមានអំណាចដូចជាព្រះចៅអធិរាជ មិនអាចមានសមត្ថភាព ក្នុងការចុះអង្កេតផ្ទាល់ ទៅលើទីតាំងតូចៗគ្រប់ពេលវេលាបានទេ ព្រោះតែទឹកដីមានទំហំធំធេងពេក។ ម្ល៉ោះហើយ ដើម្បីឱ្យមានភាពងាយស្រួល ព្រះចៅផែនដី និយម ដឹកនាំ របៀបផ្ដល់អំណាចផ្ដាច់ការដល់ស្ដេចត្រាញ់ណាដែលខ្លាំងពូកែ ឱ្យក្លាយជាម្ចាស់នៃទឹកដីផ្នែកណាមួយ ក្នុងតំបន់ណាមួយ ដើម្បីគ្រប់គ្រងដឹកនាំជំនួស។ ដោយហេតុនេះហើយ ទើបបានជា ចំណេរ ចេរកាល ក្រោយៗមក តែងតែមានរឿងស្ដេចត្រាញ់ ក្បត់ស្ដេចផែនដី បង្កទ័ពផ្ដាច់ខ្លួន ផ្ដាច់ទឹកដី បង្កើតជាដែនរដ្ឋឯករាជ្យមួយទៀត បង្កើតប្រទេសថ្មីមួយទៀត ធ្វើឱ្យប្រទេសធំៗ រួមជាតូចទៅ តូចទៅ ។ ហើយរឿងរ៉ាវប្រភេទនេះ កើតមានឡើង នៅគ្រប់ទិសទីនៃប្រវត្ដិសាស្ត្រពិភពលោក។

វិភាគពីសំឡេងភាសាបន្តទៀតសិន! ក្នុងភាសាសៀម គេអានបញ្ចេញសំឡេងថា “ណា-ហ្មឺន” លុះសរសេរមកជាភាសាខ្មែរ សំឡេងខ្យល់ “ណា” (ប្រែថាស្រែ) ក៏ប្រែជា “នា” ទៅវិញ ដោយសារក្នុងវេយ្យាករណ៍ខ្មែរ មានទំនាញនៃសំឡេង “ឃោសៈ” (គឺសំឡេងខ្យល់ធំ ដូចជា គ.ឃ.ង ជាដើម)។ ចំណែក សំឡេងធំថា “មឺន” (១០ពាន់) យើងបែរត្រលប់ ជាអានថា “ម៉ឺន” ទៅវិញ ដោយសារតែ ក្នុងវេយ្យាករណ៍ខ្មែរ កាលណាសំឡេង ឃោសៈចំនួនពីរនៅជាប់គ្នាមុខក្រោយ វានឹងប្រទាញសំឡេងឃោសៈខាងក្រោយឱ្យទៅជា “អឃោសៈ” ។ ដូច្នេះ ខ្យល់ធំអក្សរ “ម” បានប្រែជាខ្យល់ “ម៉” អានបែបស្រាលៗ ។ លុះដល់ “ម៉” ត្រូវដាក់ស្រៈ “អឺ” ពីលើ ទើបគេសរសេរប្ដូរពី “មូសិកទន្ដ” (សញ្ញាបន្ដក់ពីរ) ចុះមកក្រោម ជា ស្រៈអុ វិញ (បុកជើង) ។

ដូច្នេះហើយ ទើបអំណឹះក្រោយមក គេសរសេរ និង ហៅអ្នកមានស័ក្ដិធំៗក្នុងជួររាជការថា “នាហ្មឺន”។ ពីមុន គេនិយមហៅពាក្យភ្លោះជាប់គ្នាថា “នាហ្មឺន នាសែន” មានន័យថា មន្ត្រីដែលមានស្រែរាប់ម៉ឺន រាប់សែនហិកតា។ សព្វថ្ងៃ នៅសល់ត្រឹមតែពាក្យទោលថា “នាហ្មឺន” ប៉ុណ្ណោះ មិនដែលមាននរណា គេថា “នាសែន” ដូចមុនទៀតទេ។

ជាបន្តក្រោយមក ការផ្លាស់ប្ដូររបៀបសរសេរ បានធ្វើឡើង ឱ្យស្របទៅតាមរឿងរ៉ាវប្រវត្ដិនៃពាក្យនោះ ទើបគេប្ដូរសរសេរ ពី “ហ្មឺន” ទៅជា “ម៉ឺន” វិញ។ បើយើងសរសេរថា “ហ្មឺន” មានន័យថា យើងគោរពតាមនិយាម វចនានុក្រមថៃ ព្រោះពាក្យថៃ “หมื่น” មានអក្សរ “ហ” (ห) នាំពីមុខ។ បើយើងសរសេរ “ម៉ឺន” មានន័យថា យើងគោរពតាមនិយាម វចនានុក្រមខ្មែរ ដោយសម្អាងទៅលើពាក្យរាប់ចំនួន “រយ ពាន់ ម៉ឺន សែន” នោះឯង ហើយវាស៊ីគ្នាទៅនឹងការពន្យល់អត្ថន័យខ្លឹមសារ ដែលមានរៀបរាប់ពីខាងដើមនោះផង។

ដោយ លឹម វិរិយា🌸

ប្រវត្តិពាក្យ “ប៉ាកកា” និង “ប៉ាកកៃ”

ប៉ាកកា៖ ពាក្យនេះ ហៅក្លាយដំបូងមកពីភាសាសៀម។ “ប៉ាក” (ปาก) ប្រែថា “មាត់ ឬ ចំពុះ” “កា” (กา) ប្រែថា “ក្អែក”។ ដូច្នេះ ប៉ាកកា ប្រែថា “ចំពុះក្អែក” (ปากกา)។ ហេតុដែលគេហៅដូច្នេះ ព្រោះតែដងសម្រាប់កាន់បង្ហូរទឹកខ្មៅ ឱ្យវាស្រក់ចុះមកលើផ្ទាំងក្រដាស ឬស្បែក កាលជំនាន់ដើម ត្រូវបានគេរចនា ដូចទៅនឹងចំពុះសត្វក្អែក គឺវាវែង ហើយស្រួចខាងចុង តែក្ដោបរលោងស្រិល។

កន្លងមក មានអ្នកយល់ច្រឡំ ដោយបានសរសេរប្រកបនឹងអក្សរ “ក” តែមួយតួគត់ ថាជា “ប៉ាកា” តែក្រោយពីមានការសើរើផ្ទៀងផ្ទាត់តាមនិយាមអក្សរសាស្ត្រ ទើបត្រូវតែថែម “ក” មួយទៀត ដើម្បីឱ្យវាត្រូវនឹងការប្រកបក្នុងភាសាសៀម ព្រោះពាក្យពីរព្យាង្គនោះ គឺជានាមសព្ទចំនួនពីរផ្សេងគ្នា ដែលផ្គុំបញ្ចូលគ្នា។

សព្វថ្ងៃ នៅក្នុងភាសាសៀម ពាក្យថា ปากกา (ប៉ាកកា) ប្រែត្រឹមតែជាប៊ិចសរសេរធម្មតាៗតែប៉ុណ្ណោះ មិនមានអត្ថន័យជ្រាលជ្រៅរហូតដល់កម្រិត កវីនិពន្ធ អីដូចខ្មែរយើងទេ។ ភាសាខ្មែរ ពាក្យថា ប៉ាកកា ក្រៅពីមានន័យដូចខ្លឹមសារពន្យល់ខាងលើហើយ វានៅត្រូវបានគេប្រើធ្វើជាគ្រឿងសម្គាល់ដល់អ្នកពូកែតែងកំណាព្យ ឬនិពន្ធរឿងផ្សេងៗ ក្នុងទម្រង់សិល្បៈអក្សរសិល្ប៍ អក្សរសាស្ត្រ។

ឧទាហរណ៍ដូចជា ម្ចាស់ប៉ាកកាដងស្ទឹងសង្កែ ម្ចាស់ប៉ាកកាឥតគូ ប៉ាកកាមាស ប៉ាកកាផ្ដាច់ព្រលឹង…។ល។ ទៅតាមការនិយមចូលចិត្តរបស់អ្នកកវីនិពន្ធម្នាក់ៗ ដែលរើសដាក់ដោយខ្លួនឯង ឬជួនកាលត្រូវបានប្រសិទ្ធងារប៉ាកកា ជូនដោយ ប្រិយមិត្តអ្នកស្រលាញ់គាំទ្រស្នាដៃរបស់ពួកគេ ជាអ្នកដាក់ឱ្យ ឬដោយព្រះមហាក្សត្រ ឬដោយមេដឹកនាំធំណាមួយ ដែលពេញចិត្តនឹងស្នាដៃតែងនិពន្ធរបស់គេនោះតែម្ដង។

ម្យ៉ាងទៀត ក្នុងវប្បធម៌ខ្មែរ នៅពេលណាដែលគេនិយាយដល់ពាក្យថា ប៉ាកកា គេច្រើនតែប្រើរូបភាពតំណាងជាស្លាបសត្វបក្សីទៅវិញ។ ជាការពិតហើយ ស្លាបសត្វបក្សី ពីដើមឡើយ ក៏ត្រូវបានប្រើប្រាស់សម្រាប់ជាឧបករណ៍សរសេរដែរ គឺវាត្រូវបានប្រើតាំងពីសម័យបុរាណម្ល៉េះ ជាពិសេស ម្ចាស់ដើមដំបូងបង្អស់ ដែលនាំចូលឧបករណ៍ស្លាបសត្វជ្រលក់ទឹកខ្មៅនេះមកផ្សាយក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពួកបស្ចិមលោក ដែលពួកគេបាននាំចូលមក តាមរយៈអាណានិគមកិច្ច អំឡុងនៃសង្គ្រាមលោកលើកទី១ ឬមុននោះបន្តិច។

ចំណុចស្នូលដែលអ្នករៀនសូត្រគួរចងចាំ គឺ ក្នុងវប្បធម៌សៀម បើនឹងត្រូវប្រើរូបភាពតំណាង គេប្រើរូបគល់ប៉ាកកា ដើម្បីបង្ហាញចេញ គឺរូបភាពពីពាក់កណ្ដាលដងប៉ាកកា ចុះមកចុងចំពុះបង្ហូរទឹកខ្មៅ ឬរូបប៊ិចសម័យទំនើបយើងនេះតែម្ដង។ រីឯក្នុងវប្បធម៌ខ្មែរ បើនឹងត្រូវប្រើរូបភាពបង្ហាញខ្លឹមសារនៃប៉ាកកា គេបង្ហាញរូបភាពរោមសត្វមួយសរសៃ ពីគល់ដល់ចុងស្លាប ភាគច្រើន។

នៅក្នុងភាសាសៀម ក៏មានគេនិយមប្រើពាក្យភ្លោះថា “ប៉ាកកា ប៉ាកកៃ” (ปากกา ปากไก่) ផងដែរ ដោយពាក្យថា “ប៉ាកកៃ” ប្រែថា “ចំពុះមាន់” ឬប៊ិចសរសេរដែលមានចុងធំជាងចំពុះក្អែក។ ដូច្នេះ “ប៉ាកកា ប៉ាកកៃ” ប្រែត្រង់ៗមកថា “ចំពុះក្អែក ចំពុះមាន់”។ ព្រោះតែពាក្យថា ក្អែក និងពាក្យថា មាន់ ក្នុងភាសាសៀម មានសំឡេង “ក” ដូចគ្នា។ ទាំងប៉ាកកា និង ប៉ាកកៃ សុទ្ធតែប្រែមកថាប៊ិចសរសេរទាំងអស់ ដោយមួយមានចុងតូច មួយទៀតមានចុងធំ គ្រាន់តែថា គេប្រើពាក្យភ្លោះជាប់គ្នា នៅក្នុងទម្រង់ជាបទនិពន្ធកំណាព្យកាព្យឃ្លោង ឬភាសាអ្នកវប្បធម៌ជាន់ខ្ពស់ សម្រាប់កវីនិពន្ធក្លែមពាក្យពេចន៍ឱ្យបានពីរោះណែងណងតែប៉ុណ្ណោះ។

ខ្មែរ ក៏បានខ្ចីពាក្យថា “ប៉ាកកៃ” នេះយកមកប្រើដែរ ហើយខ្លឹមសារអន្ថន័យ ដូចន័យដើមរបស់សៀមដដែល ប៉ុន្តែយូរៗទៅភាសាខ្មែរបានធ្វើកម្លាយទៅជា “ប្រកៃ” ទៅវិញ ។ ប្រកៃ ប្រសិនបើនឹងចង់សរសេរឱ្យត្រូវតាមនិយាមវចនានុក្រមខ្មែរ គឺវាត្រូវថាជា “បង្កៃ” មានភេទជានាមផង ជាកិរិយាសព្ទផង។ ជានាម មានន័យថា ជាឧបករណ៍សម្រាប់ប្រើភ្ជាប់នឹងដងសន្ទូចស្ទូច មានមុខស្រួចមុត ហើយកោងដូចចំពុះមាន់ ដែលអ្នកស្រុកស្រែនិយមប្រើ សម្រាប់ទាក់ចាប់ត្រី ឬចាប់កង្កែប ឬពពួកសត្វមួយចំនួនទៀត ដែលចូលចិត្តសំងំនៅតាមគម្ពោតនៃវាលស្រែ។ បង្កៃ ធ្វើឡើងពីដើមឫស្សីចាស់បំផុត ដើម្បីអាចត្រាំនៅក្នុងទឹកបានយូរ ដោយការពារវាមិនពុកផុយងាយឡើយ។

បង្កៃ បើដើរតួជាកិរិយាសព្ទ ប្រែថា រៀបចំឧបករណ៍ដងឫស្សីចាស់ ដើម្បី ស្ទូច ចាប់ និងមាននុយបញ្ឆោតទៀតផង។

សូមបញ្ជាក់ថា នៅក្នុងភាសាសៀមបច្ចុប្បន្ន ពាក្យថា “ប៉ាកកា” មានន័យមួយទៀត ប្រភេទជានាម គឺ ប្រដាប់សម្រាប់មួលរឹតឱ្យតឹងណែន ប្រើប្រាស់នៅក្នុងកិច្ចការជាងដែក ជាងឈើ។

_________

អត្ថបទស្រាវជ្រាវដោយ លឹម វិរិយា 🌸