Tag Archives: Āsāḍha

ហេតុអ្វីមានខែទុតិយាសាឍ?

នៅពេលដែលគេនិយាយថា ១ឆ្នាំ មាន៣៦៥ថ្ងៃ ខ្ញុំតែងប្រកែកថា មិនទាន់ត្រឹមត្រូវនៅឡើយទេ បើរាប់តាមឆ្នាំចន្ទគតិ គឺ១ឆ្នាំ មានត្រឹមតែ #៣៥៤ថ្ងៃប៉ុណ្ណោះ។ តាមពិតនិយាយដូច្នេះក៏មិនទាន់ត្រឹមត្រូវដែរ។ អ៊ីចឹង តើក្នុង១ឆ្នាំ មានប៉ុន្មានថ្ងៃឱ្យប្រាកដ?


ភាពប្រាកដប្រជានៃចំនួនថ្ងៃ ក្នុង១ឆ្នាំ មិនទៀងទាត់ទេ គឺវាល្អៀងចុះល្អៀងឡើងនូវរៀងរាល់បីបួនឆ្នាំម្ដង។ ហើយបើយើងគណនារង្វិលជុំនៃផែនដីជុំវិញព្រះអាទិត្យ និង ព្រះចន្ទជុំវិញផែនដីផង និងជុំវិញព្រះអាទិត្យផងនោះ ឃើញថាលទ្ធផលគណនា រឹតតែខុសគ្នាឆ្ងាយ។


ដើម្បីអាចបែងចែកឱ្យបានច្បាស់ និងងាយយល់ ដំបូង យើងត្រូវដឹងថា បើរាប់តាម សុរិយគតិ (Gregorian Calendar) គឺប្រក្រតិទិនផ្អែកលើព្រះអាទិត្យ យើងនឹងបាន ១ឆ្នាំ ស្មើនឹង ៣៦៤.២៤ ថ្ងៃ (តួលេខចែកមិនដាច់)។ ម្ល៉ោះហើយ គេយកតួលេខដែលសល់ៗនៅខាងចុងនៃឆ្នាំនីមួយៗ បូកបញ្ចូលគ្នាទៅ យូរៗ គេនឹងបាន ១ឆ្នាំ មាន ៣៦៦ថ្ងៃម្ដង ហើយឆ្នាំដែលមាន ៣៦៦ថ្ងៃនោះ ក៏ជាឆ្នាំដែលមានថ្ងៃទី ២៩ ខែកុម្ភៈផងដែរ។


បើរាប់តាម ចន្ទគតិ (Lunar-Solar Calendar) គឺប្រក្រតិទិនផ្អែកលើព្រះច័ន្ទ ក្នុង១ឆ្នាំ មានតែ ៣៥៤ ថ្ងៃទេ ព្រោះថា ក្នុង១ខែនៃដំណើរព្រះចន្ទ ជួនកាលមាន ២៨ថ្ងៃ ជួនកាលមាន ២៩ថ្ងៃ ជួនកាលមានដល់ ៣០ថ្ងៃ។ ប្រព័ន្ធចន្ទគតិ មាន ១២ខែ ក្នុង ១ឆ្នាំ ដោយរាប់យកពីខែ មិគសិរ ដល់ ខែកត្ដិក។ ដូច្នេះផលសល់ក្នុង១ឆ្នាំ នៃប្រព័ន្ធចន្ទគតិ យឺតជាងផលសល់ ក្នុងប្រព័ន្ធសុរិយគតិ ប្រហែល ១១ថ្ងៃ។ ដោយសារវានៅសល់ច្រើនថ្ងៃពេក ធៀបទៅនឹងប្រក្រតិទិនសុរិយគតិ ទើបបណ្ដាលឱ្យគេសម្រេចបន្ថែមខែមួយទៀត ចូលទៅក្នុងរូបមន្តគណនាកាលបរិច្ឆេទ គឺ ខែទី១៣។ មានន័យថា ក្នុង១ឆ្នាំ នៃចន្ទគតិ មាន ១៣ខែ ក្នុងរៀងរាល់ពីរទៅបីឆ្នាំម្ដង។ ហើយខែទី១៣ នោះ មានឈ្មោះថា ខែ “ទុតិយាសាឍ”។


នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ចាស់ៗនិយមហៅថា ខែអាសាឍធំ ព្រោះយូរឆ្នាំ ទើបវាមានម្ដង។ បើមានអាសាឍធំ ច្បាស់ជាមាន ខែអាសាឍតូច។ ខែអាសាឍតូច មានឈ្មោះថា ខែ “បឋមាសាឍ” ខែនេះមិនដែលរលត់បាត់ទៅណាទេ វាមានជារៀងរាល់ឆ្នាំ។ បើឆ្នាំណា មានខែទី១៣ គឺអាសាឍធំ នោះវានឹងតភ្ជាប់ពីក្រោយអាសាឍតូច គឺខែបឋមាសាឍ នេះ (ខែបឋមាសាឍចប់ ទើបរុញចូល ខែទុតិយាសាឍ)។ ហើយបន្ទាប់ពីឆ្នាំនេះទៅ យើងនឹងបាត់ខែទុតិយាសាឍពីរបីឆ្នាំសិន មុនពេលវាអាចលេចឡើងម្ដងទៀត។


យើងត្រូវតោងយល់ថា ប្រសិនបើក្រុមតារាវិទូ មិនបន្ថែមខែទី១៣ ទេ នោះពិធីបុណ្យប្រពៃណីនានា ដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចូលវស្សា បុណ្យភ្ជុំបិណ្ឌ…។ល។ នឹងត្រូវរំកិលថយក្រោយបន្តិចម្តងៗរហូតដល់ខុសរដូវកាលអស់រលីង។ ឧទាហរណ៍ថា បើគេមិនលើកថ្ងៃខែឆ្នាំដូចរៀបរាប់ខាងលើនោះទេ បុណ្យចូលព្រះវស្សា (អាសាឡ្ហបូជា) អាចនឹងធ្លាក់ទៅជួបចំរដូវប្រាំងវិញ ហើយបុណ្យចូលឆ្នាំខ្មែរ នឹងធ្លាក់មកនៅរដូវភ្លៀងទឹកឡើងវិញ ដែលវាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់នៃជីវភាពរស់នៅរបស់មនុស្សលោក ជាពិសេសគឺការរក្សានូវប្រពៃណីទំនៀមទម្លាប់វប្បធម៌ផ្សេងៗនៅតាមតំបន់។


ដូច្នេះសរុបសេចក្ដីទៅ ខែទុតិយាសាឍ គឺជាខែអាសាឍ ទី២ (សរសេរជា អាសាធ ក៏បានដែរ) នៅក្នុងខែខ្មែរយើង (បើខែចិន រាប់ផ្សេងពីនេះទៀត) ដែលត្រូវបានបន្ថែមចូល ដើម្បីធ្វើការតម្រូវពេលវេលាឱ្យវាត្រូវគ្នានឹងសុរិយគតិ ដែលជាខែអន្តរជាតិ រាប់តាមឆ្នាំគ្រិស្តសករាជ (ឆ្នាំព្រះយេស៊ូ)។


សង្ខេបឡើងវិញ ដោយសារក្នុង ១ឆ្នាំ ចន្ទគតិខ្វះ ១១ ថ្ងៃ នោះ បើយើងសន្សំបាន២ឆ្នាំ គឺយើងនឹងខ្វះ ២២ថ្ងៃ។ បើសន្សំបាន ៣ឆ្នាំ យើងនឹងខ្វះ ៣៣ថ្ងៃ (គឺវាលើសពី១ខែ)។ ដោយសារតែសល់ថ្ងៃគ្រប់គ្រាន់បង្កើតបាន ១ ខែបន្ថែម ទើប គណៈកម្មាធិការរៀបចំប្រក្រតិទិនខ្មែរតាមក្បួនហោរាសាស្ត្របុរាណ បានកំណត់បន្ថែមខែអាសាឍមួយទៀត ហៅថា «ទុតិយាសាឍ» ហើយ ឆ្នាំណាដែលមានខែទុតិយាសាឍ គេហៅថា “ឆ្នាំអធិកមាស” ប្រែថាឆ្នាំដែលមានខែអាសាឍស្ទួនគ្នាពីរដង។


ចំណុចដែលខ្មែរយើងត្រូវចងចាំឱ្យច្បាស់គឺបើឆ្នាំណា ជាឆ្នាំអធិកមាស យើងត្រូវរង់ចាំប្រារព្ធពិធីបុណ្យអាសាឡ្ហបូជា (ចូលព្រះវស្សា) នៅក្នុងខែទុតិយាសាឍ មិនត្រូវធ្វើនៅក្នុងខែបឋមាសាឍទេ។


ដើម្បីឱ្យរឹតតែងាយយល់បំផុត យើងអាចប្រៀបធៀប «ខែទុតិយាសាឍ» នៅក្នុងចន្ទគតិ ទៅនឹងថ្ងៃ ២៩ កុម្ភៈ (Leap Day) នៅក្នុង ប្រក្រតិទិនសុរិយគតិ ដែលយើងប្រៀបដូចជា ឆ្នាំបង្គ្រប់ ដែរ។


ក្នុងសុរិយគតិ គេថែម ១ថ្ងៃ (២៩ កុម្ភៈ) រៀងរាល់ ៤ឆ្នាំម្តង ព្រោះប្រក្រតិទិនដើរយឺតជាង ព្រះអាទិត្យបន្តិច។ ក្នុងចន្ទគតិ គេថែម ១ខែ (ទុតិយាសាឍ) រៀងរាល់ ២-៣ ឆ្នាំម្តង ព្រោះប្រក្រតិទិនចន្ទគតិដើរលឿនជាង សុរិយគតិរហូតដល់ ១១ថ្ងៃ ក្នុងមួយឆ្នាំ។


បើចង់ពន្យល់កុមារតូចៗ ឱ្យងាយយល់ ត្រូវពន្យល់ពួកគេថា៖ ឧទាហរណ៍មានអ្នករត់ប្រណាំង២នាក់ ម្នាក់ជា ព្រះចន្ទ និងម្នាក់ទៀតជាព្រះអាទិត្យ ហើយទីលានប្រកួតគ្នា គឺជារដូវកាល។ ព្រះអាទិត្យ រត់បាន ១ជុំរដូវកាល ប្រើពេល ៣៦៥ថ្ងៃ (តាមពិតព្រះអាទិត្យគ្មានចលនាអ្វីទេ តែយើងឧបមាឱ្យក្មេងវាងាយយល់) ចំណែកព្រះចន្ទរត់បាន ១២ ជុំរង្វង់ខែ ប្រើពេលអស់ ៣៥៤ ថ្ងៃ។ មានន័យថា ព្រះចន្ទរត់ទៅដល់ទីបញ្ចប់ បានមុនព្រះអាទិត្យ ១១ថ្ងៃ។

  • ឆ្នាំទី ១៖ ព្រះចន្ទរត់ដល់មុនព្រះអាទិត្យ ១១ ថ្ងៃ
  • ឆ្នាំទី ២៖ ព្រះចន្ទរត់ដល់មុនព្រះអាទិត្យ ២២ ថ្ងៃ
  • ឆ្នាំទី ៣៖ ព្រះចន្ទរត់ដល់មុនព្រះអាទិត្យ ៣៣ ថ្ងៃ

    ឃើញថា រយៈពេល ៣ឆ្នាំ ព្រះចន្ទ រត់បានលឿនជាងព្រះអាទិត្យ ១ខែពេញ ឬលើស១ខែទៅទៀត។ ដូច្នេះអាជ្ញាកណ្ដាល ត្រូវតែបញ្ជាឱ្យព្រះចន្ទឈររង់ចាំព្រះអាទិត្យ ១ខែសិន ដោយការស៊កបន្ថែមខែអាសាឍមួយទៀត គឺខែទុតិយាសាឍ នោះឯង។ ការធ្វើបែបនេះគឺដើម្បីឱ្យព្រះចន្ទ និងព្រះអាទិត្យ រត់មកទន្ទឹមគ្នាសាជាថ្មី នៅក្នុងរដូវកាលត្រឹមត្រូវដូចដើមវិញ។

វិរិយា🌸


ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា គ.ស. ២០២៦