សង្ខេបភាពយន្ត រឿង “សូរិយាវណ្ណស៊ី”

Sooryavanshi គឺជាខ្សែភាពយន្ត Bollywood ដាក់បញ្ចាំងចុងឆ្នាំ ២០២១ ជាខ្សែភាពយន្តបែបស៊ើបអង្កេត ទាក់ទងនឹងសាច់រឿងពិតដ៏សោកសង្រេងមួយក្នុងសម័យ កលិយុគ នៅទីក្រុងប៊ុមបេយ (Bombay) ដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយពួកអ្នកកាន់សាសនាឥស្លាមជ្រុលនិយមមួយក្រុម ដែលមានគំនុំជាមួយរដ្ឋាភិបាលឥណ្ឌា ដោយសារតែការបំបែកទឹកដីជា២ ក្រោយអាណានិគមចក្រពត្តិអង់គ្លេសដួលរលំ។

រឿងនេះ ខ្ញុំសូមដាក់ចំណងជើងជាភាសាខ្មែរដោយបកប្រែត្រង់ៗថា “សូរិយាវណ្ណស៊ី” ហើយនិងសូមបកប្រែតែឈ្មោះតួអង្គឯកប្រុសតែម្នាក់គត់។ សូរិយាវណ្ណស៊ី គឺជាឈ្មោះរបស់តួអង្គឯកប្រុសវ័យកណ្ដាលម្នាក់ ក្នុងខ្សែភាពយន្តនេះ ដែលគាត់គឺជាស្នងការរងនគរបាលជាតិ (DCP: Deputy Commissioner of Police) ទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ (ATS: Anti-Terrorism Squad) ដែលកំពុងតែកក្រើករំពើកខ្លាំងក្នុងប្រទេសឥណ្ឌានាគ្រានោះ។

រឿង “សូរិយាវណ្ណស៊ី” បានបើកឆាកដំបូង ដោយការបង្ហាញរូបថត និងខ្សែអាត់វិដេអូឯកសារពិត និងរូបថតតួអង្គពិត ដែលអ្នកដឹកនាំរឿងទទួលបានពីក្រុមនគរបាលជាតិ ទាក់ទងនឹងព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក RDX របស់ក្រុមភេរវករ មួយក្រុមដែលបានដាក់បំផ្ទុះចំនួន ១២ កន្លែងផ្សេងៗគ្នា ក្នុងអគារ ក្នុងផ្សារ និងក្នុងតំបន់សាធារណៈមួយចំនួនដែលមានមនុស្សអ៊ូអរ នៅកណ្ដាលទីក្រុង ប៊ុមបេយ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ១៩៩៣ ដែលបណ្ដាលឱ្យស្លាប់មនុស្សចំនួន ២៥៧នាក់ និងរបួសជាង៧០០នាក់។

រូបភាពមុខមាត់ប៉ូលិសក្នុងព្រឹត្តិការណ៍ពិត ដែលត្រូវបានដាក់បង្ហាញក្នុងនាទីដំបូងនៃខ្សែភពយន្ត សូរិយាវណ្ណស៊ី, លោក Kabir Shroff
កម្រងរូបភាពឯកសារ ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែករបស់ក្រុមភេរវករ នៅទីក្រុង Bombay ប្រទេសឥណ្ឌា កាលពីឆ្នាំ ១៩៩៣ ដែលបានបង្ហាញក្នុងខ្សែភាពយន្ត សូរិយាវណ្ណស៊ី

រាប់ថាជាព្រឹត្តិការណ៍ដ៏សែនរន្ធត់មួយ ព្រោះក្រោយភេរវកម្មខ្នាតធំដ៏អាក្រក់នេះ ស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្ដិសុខជាតិរបស់ឥណ្ឌាទាំងមូល ត្រូវប្រឈមនឹងវិបត្តិដ៏អាក្រក់។ ព្រឹត្តិការណ៍ខ្មៅងងឹតនេះហើយ ដែលជាហេតុបណ្ដាលឱ្យមានការបង្កើតឡើងនូវ “ក្រុមនគរបាលជាតិ ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម” នៅក្នុងប្រទេសឥណ្ឌា។ ក្រុមប៉ូលិសដែលដឹកនាំដោយ Kabir Shroff បានធ្វើការងារយ៉ាងនឿយហត់ក្នុងរយៈពេល ៤៨ម៉ោងជាប់គ្នា ដើម្បីប្រមូលភ័ស្ដុតាង និងសាក្សី ដើម្បីធ្វើកំណត់ហេតុរាវរកប្រភពបង្កហេតុភេទដ៏ចង្រៃនេះ។ បណ្ដាញផ្សាយព័ត៌មានគ្រប់ទិសទី បានផ្សាយបន្តផ្ទាល់នូវព័ត៌មានបន្ទាន់សម័យរៀងរាល់ថ្ងៃ និងគ្រប់ពេលវេលា។

មុនថ្ងៃផ្ទុះគ្រាប់បែក២ថ្ងៃ Bilal Ahmed (ជាអ្នកដឹកនាំបំផ្ទុះគ្រាប់បែក) និង ខ្លា (Tiger, រហ័សនាមមេភេរវករម្នាក់) បានភៀសខ្លួនចេញពីប្រទេសឥណ្ឌា។ “ខ្លា” ចេញទៅប្រទេស អ៊ីរ៉ង់ (Islamic Republic of Iran) រីឯ Bilal ភៀសខ្លួនទៅ Muzaffarabad[1], POK[2]

[1] Muzaffarabad គឺជាទីក្រុងដ៏ធំជាងគេមួយនៅក្នុងតំបន់ Kashmir នៅក្នុងប្រទេស ប៉ាគីស្ថាន។

[2] “POK” មកពីពាក្យថា Pakistan-Occupied Kashmir ប្រែថា តំបន់ Kashmir ដែលត្រូវបានចូលកាន់កាប់ដោយ ប៉ាគីស្ថាន។ ពាក្យ POK នេះ ត្រូវបានហៅជាផ្លូវការដោយរដ្ឋបាលនៃប្រទេសឥណ្ឌា ដើម្បីបញ្ជាក់ថា តំបន់ Kashmir គឺជាផ្នែកមួយរបស់ប្រទេសឥណ្ឌា ហើយវាត្រូវបានរំលោភបំពានយកទៅដោយពួកប៉ាគីស្ថាន។ ប៉ុន្តែជនជាតិប៉ាគីស្ថាន មិនហៅដូច្នេះទេ ពួកគេហៅប្រទេសខ្លួនឯងថា IRPមកពីពាក្យ Islamic Republic of Pakistan។

ពួកគេទាំង២ (Bilal និងខ្លា) ភៀសខ្លួនចេញពីឥណ្ឌា ដើម្បីទៅចូលរួមក្នុងក្រុមរបស់ Omar Hafeez ដែលជាកំពូលមេភេរវករពិភពលោកដ៏ល្បីនិងគួរខ្លាច ដែលកន្លងមកធ្លាប់បានសម្រេចនូវ បេសកកម្មខុសច្បាប់ជាច្រើនរបស់ពួក ISI។ Omar នេះហើយ គឺជាអ្នកបង្វឹកក្រុមបណ្ដាញភេរវករបង្កប់ (Sleeper Cell Network) ៤០នាក់ ឱ្យរៀបចំផែនការដាក់គ្រាប់បែកបំផ្ទុះ ១២កន្លែង នៅប៊ុមបេយ ក្នុងឆ្នាំ ១៩៩៣ បានសម្រេច។

Bilal Ahmed ទៅជួប Omar Hafeez នៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីរួមគ្នាបង្កើតអង្គការភេរវកម្ម Lashkar

មានពាក្យចចាមអារ៉ាមនិយាយតៗគ្នាឡើងល្បីពេញប្រទេសថា គ្រាប់បែក RDX ចំនួន ១០០០ គីឡូក្រាម (ស្មើនឹង១តោន) ត្រូវបាននាំចូលមកកាន់ទីក្រុងប៊ុមបេយ ប៉ុន្តែពួកភេរវករ បានបំផ្ទុះជាស៊េរី ទើបតែអស់ ៤០០ គីឡូក្រាមតែប៉ុណ្ណោះ គឺនៅសល់ ៦០០គីឡូក្រាមទៀត ដែលមិនទាន់បានប្រើប្រាស់ ហើយក៏មិនទាន់ដឹងថាវាលាក់បង្កប់ទុកនៅទីណា។ ទាក់ទងនឹងរឿង RDX នេះ វាបានក្លាយជាសំណួរក្ដៅគគុក របស់ក្រុមអ្នកកាសែត ដែលចោទសួរទៅកាន់ភ្នាក់ងារប៉ូលិសជាញឹកញាប់ ដើម្បីស្វែងរកការពិត។

នៅឆ្នាំ ១៩៩៩ ពួក ISI (Islamic State of Iraq) បានជួយ Omar បង្កើតអង្គការភេរវកម្មមួយនៅប៉ាគីស្ថាន មានឈ្មោះហៅថា Lashkar ។ ប៉ុន្តែ បញ្ច្រាសទៅវិញ ISI បានប្រើប្រាស់អង្គការ Lashkar នោះ ដើម្បីធ្វើសង្គ្រាម Kargil[3] ទៅវិញ។

រូបភាពឯកសារ សង្គ្រាមនៅ Kargil ដែលត្រូវបានបង្ហាញក្នុងខ្សែភាពយន្ត សូរិយាវណ្ណស៊ី

[3]សង្គ្រាម Kargil គឺជាជម្លោះមួយរវាង ឥណ្ឌា និងប៉ាគីស្ថាន កើតឡើងចន្លោះពីថ្ងៃទី៣ ខែឧសភា ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៩៩ (សង្គ្រាម ៧៣ ថ្ងៃ) ក្នុងស្រុក Kargil នៃតំបន់ជាប់គ្នា២ គឺ Jammu និង Kashmir និងនៅតាមតំបន់មួយចំនួនទៀតនៃខ្សែបន្ទាត់ព្រំដែនឥណ្ឌា-ប៉ាគីស្ថាន។

នៅក្នុងអំឡុងពេលសង្គ្រាម Kargil ជាង៣ខែនេះ កូនប្រុសច្បងរបស់ Omar Hafeez ឈ្មោះថា Imaad Hafeez ដែលស្មគ្រជាទ័ពប្រយុទ្ធ ត្រូវបានសម្លាប់ដោយកងទ័ពទាហានឥណ្ឌា។ ក្រោយពីបានឮដំណឹងនេះ កូនប្រុសបន្ទាប់២នាក់ របស់ Omar គឺ Riyaaz Hafeez និង Raza Hafeez បានបោះបង់ចោលការសិក្សានៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ហើយត្រលប់មក ទីក្រុង Muzaffarabad ដើម្បីចូលរួមបុណ្យសពបងប្រុសច្បងរបស់ពួកគេ និងលែងត្រលប់ទៅអង់គ្លេសវិញជារៀងរហូត។

ពិធីបញ្ចុះសព Imaad Hafeez កូនប្រុសច្បងរបស់ Omar Hafeez ដែលស្លាប់នៅក្នុងសង្គ្រាម Kargil

ដោយឃើញទុក្ខសោកសង្រេងរបស់បងថ្លៃស្រី (ប្រពន្ធរបស់ Imaad) Riyaaz និង Raza បានសន្យានឹងបងថ្លៃស្រីថា ពួកគេនឹងទៅសងសឹកនឹងប្រទេសដែលបានធ្វើបាបគ្រួសាររបស់ពួកគេ គឺរដ្ឋាភិបាលប្រទេសឥណ្ឌា។

ការបាត់បង់ជីវិតកូនប្រុសច្បងរបស់ត្រកូល Hafeez ធ្វើឱ្យសេចក្ដីឈឺចាប់កើនរឹតតែច្រើនទ្វេរគុណចំពោះរដ្ឋាភិបាលឥណ្ឌា

ក្នុងខែមីនា ឆ្នាំ ២០០៧, Bilal Ahmed បានរៀបចំបញ្ជូនកូនចៅរបស់គេជាច្រើននាក់ដែលទទួលបានការបង្វឹកជំនាញភេរវកម្មយ៉ាងច្បាស់លាស់។ ក្នុងនោះរួមមានទាំងកូនប្រុស២នាក់របស់ Omar ផង ឱ្យបន្លំខ្លួនធ្វើជាជាតិសាសន៍ឥណ្ឌា ចូលមករស់នៅលាយឡំជាមួយប្រជាជនឥណ្ឌាពិត ក្នុងទីក្រុងម៉ុមបៃ (Mumbai)[4] និងតាមបណ្ដាទីក្រុង នៃរដ្ឋនានានៃប្រទេសឥណ្ឌាទាំងមូល។ របៀបជ្រៀតខ្លួនចូលទៅ គឺពួកគេស្នើសូម Visa ទេសចរណ៍​ រយៈពេល២ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យប្រកួតសត្វចង្រិតប្រចាំឆ្នាំ រវាងឥណ្ឌា និងប៉ាគីស្ថាន នៅទីក្រុង Mohali រដ្ឋ Punjab ប្រទេសឥណ្ឌា។ ក្រោយជ្រៀតចូលទៅបានហើយ គឺនឹងមិនវិលមកប៉ាគីស្ថានវិញ រហូតដល់ពេលមួយដែលពួកគេអាចបំផ្ទុះកម្ទេចចោលប្រទេសឥណ្ឌាបានសម្រេច ទោះបីត្រូវរង់ចាំយូរប៉ុនណាក៏ដោយ។

Bilal Ahmed រៀបចំចាត់តាំងសមាជិកអង្គការ Lashkar ចេញទៅបង្កប់ខ្លួននៅក្នុងប្រទេសឥណ្ឌា (Sleeper Cell Network) ក្រោយទទួលបានការហ្វឹកហ្វឺនភេរវកម្មនៅប៉ាគីស្ថាន

ហើយបេសកកម្មនេះ គឺជាឆន្ទៈនៃការលះបង់ទៅទាំងជីវិត (Martyr)[5] គឺពួកគេប្ដេជ្ញានឹងមិនវិលត្រលប់មកផ្ទះវិញឡើយ ប្រសិនបើមិនឈ្នះសង្គ្រាមមួយនេះ។

[4] ឈ្មោះទីក្រុង ប៊ុមបេយ (Bombay) បានប្ដូរមកជា ម៉ុមបៃ (Mumbai) នៅក្នុងឆ្នាំ ១៩៩៥ ក្រោយពីគណបក្សនយោបាយមួយ ដែលដឹកនាំដោយ Shiv Sena បានឈ្នះការបោះឆ្នោតក្នុងតំបន់ និងបានឡើងកាន់អំណាច។

[5] Martyr = ទុក្ករបុគ្គល = ប្រែលម្អិតថា៖​ អ្នកដែលពលីជីវិតខ្លួនឯងដើម្បីបុព្វហេតុសាសនា ឬដើម្បីសិទ្ធិសេរីភាពផ្ទាល់ខ្លួន ទោះជាស្លាប់ដោយគេសម្លាប់ ឬដោយអត្ដឃាតក្ដី។ យ៉ាងណាក៏ដោយ Martyr ទាំងអស់ សុទ្ធតែសំដៅដល់ការលះបង់ក្នុងគោលបំណងដ៏ខុសឆ្គង ហើយត្រូវបានរាប់បញ្ចូលក្នុងលក្ខខណ្ឌនៃអំពើភេរវកម្ម។

Omar Hafeez ជាមូស្លីមដែលជឿយ៉ាងងប់ទៅលើព្រះជាម្ចាស់នៃសាសនាឥស្លាម ហើយមាននិន្នាការបែបជ្រុលនិយមផ្កាប់មុខ ឬហៅថា មូស្លីម ឆ្វេងនិយម។ ដូច្នេះហើយទើបគេ តែងតែមានគំនិតលះបង់ទាំងជីវិតបងប្អូនកូនចៅ សមាជិកគ្រួសារ រួមទាំងជីវិតរបស់គេខ្លួនឯងផង ដើម្បីបំផ្លាញអ្នកណាដែលមាននិន្នាការដើរផ្ទុយពីជំនឿរបស់ខ្លួន។ មិនផ្កាប់មុខតែឯងទេ Omar ថែមទាំងបានបញ្ចូលមនោគមន៍វិជ្ជាបិសាចនេះ ចូលទៅក្នុងខួរក្បាលរបស់យុវជនក្មេងៗជាច្រើននាក់ដែលមានការសិក្សាខ្ពស់ៗថែមទៀតផង ដើម្បីបានជាអ្នកហែហមនយោបាយដ៏ខុសឆ្គងរបស់ខ្លួនរឹតតែច្រើនឡើង។

Bilal Ahmed (ប្អូនធម៌របស់ Omar) មានបណ្ដាញច្រើនណាស់នៅក្នុងប្រទេសឥណ្ឌា។ ក្នុងនោះ គេមានមិត្តភក្ដិជិតដិត១នាក់ឈ្មោះ Kader Usmani ជាបព្វជិតសាសនាឥស្លាម (ជ្រុលនិយម) នៅឥណ្ឌា បានធានាធ្វើជាអ្នកដឹកនាំក្រុម ក្នុងការជួយរកការងារ បង្កើតមុខរបរ និងទីកន្លែងស្នាក់នៅ ក្នុងបណ្ដាទីក្រុងផ្សេងៗគ្នា នៅក្នុងប្រទេសឥណ្ឌា សម្រាប់គ្នីគ្នា បរិវារ របស់ Bilal ដែលពលីឆាកជីវិតទៅពីប៉ាគីស្ថានទាំងអស់។

ច្បាប់របស់ Bilal Ahmed ដែលបានដាក់ចេញ (មុនកូនចៅរបស់គេចាកចេញពីប៉ាគីស្ថានទៅ) គឺ បើគ្មានបទបញ្ជាពីមេបញ្ជាការក្រុមទេ ហាមបញ្ចេញសកម្មភាពបង្កគ្រោះថ្នាក់ដល់ជនជាតិឥណ្ឌាណាជាដាច់ខាត (ដើម្បីកុំឱ្យបែកការណ៍សម្ងាត់)។ តើនរណាជាមេបញ្ជាការក្រុម (Commander-in-Chief) ដែលនឹងរួមដំណើរក្នុងបេសកកម្ម ភេរវកម្មទ្រង់ទ្រាយធំនេះ? គេនោះគឺ Riyaaz Hafeez ជាកូនប្រុសរបស់ Omar Hafeez ផ្ទាល់តែម្ដង។

រីឯ Mukhtar Ansari ដែលជាកូនប្រុសរបស់ Bashir Ansari (Bashir ជាអង្គរក្សជំនិតនិងស្មោះត្រង់បំផុតរបស់ Omar) នឹងរួមដំណើរក្នុងមហាបេសកកម្មនេះ ដើម្បីទៅជួយការពារ Riyaaz។

មុននឹងចាកចេញពីប៉ាគីស្ថាន Riyaaz បានផ្ដាំផ្ញើទៅប្អូនប្រុសពៅ គឺ Raza ឱ្យជួយមើលថែម្ដាយឪពុក ហើយត្រូវខិតខំរៀនសូត្រជាបន្ត កុំឈប់រៀនឱ្យសោះ។ ស្ដាប់ទៅ ពួកគេហាក់ដូចជាចេះដឹងសម្បើមខ្លាំងណាស់ ព្រោះទាំងបងប្អូន២នាក់ សុទ្ធតែបានរៀននៅសាកលវិទ្យាល័យល្បី ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសដូចគ្នា។

ពេលនេះអង្គការភេរវកម្ម Lashkar ដែលស្ងប់ស្ងាត់ ដេកលក់ ជាយូរឆ្នាំមកហើយ ចាប់ផ្ដើមមានសកម្មភាពឡើងវិញយ៉ាងគគ្រឹកដូចទ័ពស្រមោច។

និយាយពីភរិយារបស់ Omar ក្រោយពីការចាកចេញរបស់កូនប្រុស គាត់បានឈរសញ្ជប់សញ្ជឹងនៅមុខវិមានដ៏ធំស្កឹមស្កៃ ព្រោះតែព្រួយបារម្ភពីសុវត្ថិភាពកូន និងហាក់ធុញថប់ចំពោះបញ្ហាដែលកើតឡើងមិនព្រមចប់។

ឃើញភរិយា គិតច្រើនហើយពិបាកចិត្ត Omar ក៏បានរំឭកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកាលពីអតីតកាល……

Omar Hafeez និងភរិយា ឈរមើលការចេញដំណើររបស់កូនៗ ទៅកាន់ប្រទេសឥណ្ឌា

កាលពី៦០ឆ្នាំមុន នៅពេលដែលមនុស្សអវិជ្ជា និងស្រេកឃ្លានអំណាចមួយក្រុមបានឡើងកាន់កាប់ប្រទេស ពួកនោះបានពុះចែកប្រទេសឥណ្ឌាជា២ ដោយយោងទៅលើការធ្វើជំរឿនសាសនា។ អ្នកណាដែលជឿលើសាសនាហិណ្ឌូ នឹងក្លាយជាប្រជាជនឥណ្ឌា ហើយត្រូវចូលមករស់នៅក្នុងទឹកដីនៃប្រទេសឥណ្ឌា។ ចំណែកអ្នកណាដែលជឿលើសាសនាឥស្លាម ត្រូវចាកចេញពីប្រទេសឥណ្ឌា ទៅរស់នៅលើទឹកដីដែលទើបបង្កើតថ្មីមួយក្នុងតំបន់អាស៊ីខាងត្បូង ឈ្មោះហៅថា សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន (Islamic Republic of Pakistan) ដែលប្រកាសជាផ្លូវការនៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ១៩៤៧ (មុន១ថ្ងៃ នៃថ្ងៃប្រកាសទិវាឯករាជ្យជាតិឥណ្ឌាពីអាណានិគមអង់គ្លេស ១៥ សីហា ១៩៤៧, សូមរកអានសង្ខេបរឿង RRR ក្នុងប្លក់នេះ)។

ការពុះចែកប្រទេសជា២ ពិតជារឿងឈឺចាប់ខ្លោចផ្សារណាស់ សម្រាប់ប្រជាជាតិដែលធ្លាប់រស់នៅក្រោមដំបូលទង់ជាតិតែមួយ និងធ្លាប់រងទុក្ខលំបាកវេទនារួមគ្នាក្រោមនឹមអាណានិគមអង់គ្លេសដូចគ្នា។

រំឭកទៅដល់ការឈឺចាប់នេះ Omar នឹកឃើញពីការបណ្ដេញចេញដោយបង្ខំពីសំណាក់ក្រុមពួកអ្នកកាន់អំណាច ដោយពួកនោះបានប្រើហិង្សា ដុតផ្ទះសម្បែងរបស់អ្នកកាន់សាសនាឥស្លាម នៅចំពោះមុខខ្លួនដែលកាលណោះ នៅជាកុមារតូចអាយុ៥ឆ្នាំនៅឡើយ។

ពួកប្រមុខរដ្ឋឥណ្ឌាដែលកំពុងឆ្កួតនឹងអំណាចអស់នោះ ថែមទាំងបានកាត់ក្បាលឪពុកម្ដាយខ្លួនឯង បងប្អូនស្រីខ្លួនឯង ដើម្បីផ្គាប់បដិវត្ដន៍ដ៏សែនអវិជ្ជារបស់ពួកវាថែមទៀត។

ប្រជាជនដែលភៀសខ្លួនចូលទៅរស់នៅក្នុងទឹកដីថ្មី ប៉ាគីស្ថាន ត្រូវពាក់ស្លាកឈ្មោះហៅថាជាជនអន្តោប្រវេសន៍ ដែលវាជាភាពអាម៉ាសខ្លាំងណាស់សម្រាប់ជនជាតិឥណ្ឌាកាន់សាសនាឥស្លាមទាំងអស់នាគ្រានោះ។

ចំណុចនេះ វាដូចគ្នាទៅនឹងចិត្តគំនិតរបស់ក្រុមអង្គការខ្មែរក្រហមខ្លាំងណាស់ ពួកវាគិតថានោះជាបដិវត្តន៍មហាអស្ចារ្យ មហាលោតផ្លោះ។ វាបានបណ្ដេញបងប្អូនប្រជាជនខ្មែរខ្លួនឯង ចេញដោយបង្ខំពីជីវិតក្នុងទីក្រុងទៅរស់នៅស្រែចម្ការ ប្រើហិង្សាកាប់សម្លាប់អ្នកណាដែលវាគិតថាជាពួកអភិជន សក្ដិភូមិ។ គោលនយោបាយសម្រាំងយកតែខ្មែរសុទ្ធ មិនឱ្យជាប់ឈាមបរទេស ឬមនោគមន៍បរទេស គឺជាគំនិតបដិវត្ដន៍ដ៏សែនឆ្កួតលេលាបំផុត ដែលតាមការពិត វាគឺជារបបប្រល័យពូជសាសន៍ឯងស្ទើរតែវិនាសអស់ខ្មែរពីផែនដី។ កាលណោះប្រសិនបើគ្មាន “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយ ហេង សំរិន  ប្រហែលជាខ្មែរត្រូវពុះចែកប្រទេសជា២ ដូចឥណ្ឌានិងប៉ាគីស្ថានមិនខាន ហើយប្រហែលមកទើសនឹងពេលនេះ សង្គ្រាមប្រយុទ្ធដណ្ដើមទឹកដីគ្នារវាងខ្មែរនិងខ្មែរ ក៏នឹងនៅតែបន្ត ដូចសង្គ្រាមនៅអាស៊ីកណ្ដាលមិនលែងឡើយ។

 ចុះរឿងរ៉ាវប្រវត្តិសាស្ត្ររបស់ឥណ្ឌា នេះវិញយ៉ាងម៉េចដែរ? អំពើយង់ឃ្នងរបស់ពួកអ្នកកាន់អាវុធក្នុងចុងទសវត្សរ៍ ១៩៤០ វាជាការទទួលខុសត្រូវរបស់ក្រុមមនុស្សដែលផ្កាប់មុខនឹងសាសនាហិណ្ឌូ ជំនាន់នោះទេតើ ចុះហេតុអ្វីបានជា Omar Hafeez ក្នុងនាមជាអ្នករៀនសូត្រមានចំណេះដឹងជ្រៅជ្រះម្នាក់ បែរទៅបង្កើតអង្គការភេរវកម្ម ដើម្បីបំផ្លាញមនុស្សបច្ចុប្បន្ន ដែលមិនដឹងអីទៅវិញ?

ភរិយារបស់ Omar បានត្រឹមតែយំខ្សឹកខ្សួល ព្រោះគាត់គ្មានវិធីអ្វីអាចនិយាយបង្វែរចិត្តរបស់ស្វាមីដែលកំពុងតែឆេះសន្ធៅទៅដោយភ្លើងទោសៈ មោហៈ សព្វសរសៃឈាមទៅហើយ។ Omar ទន្ទេញតែឃ្លាមួយទេ គឺ “ប្រទេសឥណ្ឌាបានកែប្រែវាសនារបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែកែប្រែវាសនារបស់ប្រទេសឥណ្ឌាវិញ”

“An eye for an eye makes the whole world blind” គឺជាសុភាសិត ដែលត្រូវបានរំលេចឡើងយ៉ាងធំៗក្នុងស្គ្រីនភាពយន្តបន្ទាប់ពីឈុតរបស់ Omar ប្ដេជ្ញាសងសឹក។ ឃ្លានេះ មានន័យស្របនឹងសុភាសិតខ្មែរមួយថា “ពៀរមិនអាចរម្ងាប់ដោយការចងពៀរបានទេ”។

[១៥ឆ្នាំកន្លងផុតទៅ]

ងាកមកនិយាយពីស្ថានភាពសន្តិសុខជាតិនៅក្នុងប្រទេសឥណ្ឌាវិញម្ដង។ នៅឯអគ្គស្នងការដ្ឋាននគរបាលប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ (ATS) នាយឧត្ដមសេនីយ៍ Kabir Shroff  និងក្រុមនគរបាលជាច្រើននាក់ផ្សេងទៀត បានរៀបចំផែនការដើម្បីតាមកម្ទេចបណ្ដាញភេរវករ ដែលក្រុមនគរបាលជាតិបានស៊ើបដឹងថា ពួកគេច្រើនណាស់ កំពុងបង្កប់ខ្លួននៅគ្រប់ទិសទីរស់នៅនិងរកស៊ីជាមួយអ្នកស្រុកភូមិឥណ្ឌាក្នុងគ្រប់វិស័យតាំងពីយូរណាស់មកហើយ។

Kabir Shroff និងសហការី របស់លោក កំពុងវិភាគរបាយការណ៍ស៊ើបអង្កេតដែលពីក្រុម IB

ការស៊ើបអង្កេតបានបង្ហាញភ័ស្ដុតាងឱ្យដឹងថាមេដឹកនាំអង្គការ Lashkar គឺជាកូនប្រុសរបស់ Omar Hafeez (មេភេរវករកំពូលកាលពីអតីតកាល) ឈ្មោះ​ Riyaaz បានក្លែងឈ្មោះជា Rajbir Rathod បើកអាជីវកម្មជាម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានមួយកន្លែងនៅ Jaisalmer[6] ហើយរៀបការនឹងស្ត្រីជនជាតិឥណ្ឌាម្នាក់អស់រយៈពេល១៣ឆ្នាំកន្លងមកហើយ។

[6] Jaisalmer មានឈ្មោះហៅក្រៅមួយទៀតថាជា ទីក្រុងមាស (Golden City) ដោយហេតុតែតំបន់នេះ សម្បូរទៅដោយអគារបុរាណ ដែលជាអតីតបន្ទាយទាហាន និងរាជវាំងស្ដេចត្រាញ់ជំនាន់ដើម សង់ពីថ្មភក់ពណ៌លឿងឆ្អិនឆ្អៅដូចមាស និងសាងសង់បែបរចនាប័ទ្មសិល្បៈហិណ្ឌូ ទាក់ទាញទេសចរអន្តរជាតិពីគ្រប់ទិសទី។ វាជាទីក្រុងរដ្ឋធានី ស្ថិតក្នុងរដ្ឋ Rajasthan ចម្ងាយ ៥៧៥ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋ Jaipur និងស្ថិតនៅតាមបណ្ដោយមហាសមុទ្រខ្សាច់ដ៏ធំមួយរបស់ឥណ្ឌាផងដែរ។

សូរិយាវណ្ណស៊ី និងកូនចៅ ចុះបំពេញបេសកកម្មតាមចាប់មេដឹកនាំអង្គការ Lashkar នៅតំបន់ Jaisalmer
ទិដ្ឋភាពមើលពីលើអាកាស នៃទីក្រុងបុរាណ ឬហៅថាទីក្រុងមាស Jaisalmer ជាទីកន្លែងលាក់ខ្លួនរបស់ Riyaaz Hafeez អស់រយៈពេល ១៣ឆ្នាំ

“សូរិយាវណ្ណស៊ី” (DCP & ATS) ត្រូវបានចាត់តាំងភារកិច្ចចុះបេសកកម្មទៅកាន់តំបន់ Jaisalmer ជាមួយកូនចៅមួយក្រុម ក្រោយទទួលបានព័ត៌មានច្បាស់ការណ៍។ ដោយមានជំនួយពីក្រុមការងារពូកែៗស្រាប់ សូរិយាវណ្ណស៊ី អាចចាប់ខ្លួន Riyaaz បានសម្រេច និងបានដឹកយកទៅទីក្រុង ម៉ុមបៃ។

មុនដំបូង Tara ជាប៉ូលិសស្រីដែលជាកូនចៅរបស់ សូរិយាវណ្ណស៊ី បន្លំខ្លួនចូលទៅក្នុងភោជនីយដ្ឋានរបស់ Riyaaz ហើយធ្វើពុតជាស្រលាញ់ម្ចាស់ហាង និងសូមថតរូប Selfie មួយសន្លឹកទុកជាអនុស្សាវរីយ៍
Selfie បានរូបថតមកហើយ ផ្ទៀងផ្ទាត់ឃើញថាដូចគ្នាបេះបិទទៅនឹងរូបថតកំណត់ហេតុស៊ើបអង្កេតរបស់ភ្នាក់ងារ ប៉ូលិសអន្តរជាតិ
សកម្មភាពរបស់ក្រុមប៉ូលិស ATS មិនអាចលាក់កំបាំងពីក្រសែភ្នែកម្នាស់របស់ក្រុម Riyaaz បានឡើយ | ទីបំផុត ការប្រយុទ្ធក៏បានកើតឡើងភ្លាមៗក្នុងភូមិ
គ្រាន់តែទៅចាប់មនុស្ស១នាក់សោះ ផ្ទុះឆេះទីក្រុង មើលតែសង្គ្រាមលោក
ទីបំផុត សូរិយាវណ្ណស៊ី ចាប់ក្របួចមេភេរវករបង្កប់ យកទៅទីក្រុង ម៉ុមបៃ ទាល់តែបាន
នៅក្នុងមន្ទីរឃុំឃាំង ក្រុងម៉ុមបៃ Riyaaz Hafeez គ្មានតក់ស្លុត ចំពោះមុខក្រុមប៉ូលិសអ្វីសូម្បីតែបន្តិចឡើយ… គេថែមទាំងចំអកដល់កិច្ចការងាររបស់ក្រុមប៉ូលិស ATS ថែមទៀតផង ដែលធ្វើកំណត់ហេតុមិនត្រឹមត្រូវ ទាក់ទងនឹងចំនួនដងនៃការបង្កៃគ្រាប់បែកបំផ្ទុះតាមទីសាធារណៈនានាដែលជាស្នាដៃក្រុមខ្លួននាពេលកន្លងមក (កត់ត្រាមិនគ្រប់ចំនួនដងនៃការបំផ្ទុះ)

ដំណឹងនៃការចាប់ខ្លួន Riyaaz បានល្បីល្បាញទៅដល់តំបន់កាស្មៀរ ប្រទេសប៉ាគីស្ថាន។ សារព័ត៌មានបានចេញផ្សាយថា Riyaaz នឹងត្រូវកាត់ទោសប្រហារជីវិតក្នុងពេលឆាប់ៗនេះ។

ព័ត៌មាននេះ ធ្វើឱ្យ Omar នៅមិនស្ងប់ ហើយក៏បានស្នើសូមឱ្យ Bilal ធ្វើដំណើរទៅប្រទេសឥណ្ឌា ដើម្បីទៅជួយ Riyaaz ដែលប៉ូលិសចាប់ឃុំបានសម្រេចទៅហើយ។ ហើយនិងដើម្បីទៅគាស់យក RDX ចំនួន ៦០០គីឡូក្រាមដែលនៅសល់ ដែលពួកគេជាអ្នកកប់ទុក កាលពី ២៧ឆ្នាំមុន ដើម្បីប្រគល់ឱ្យទៅកូនចៅជំនាន់ក្រោយរបស់គេបានយកទៅប្រើប្រាស់ក្នុងការបន្តសង្គ្រាមភេរវកម្មនៅឥណ្ឌា។ ព្រោះថា មានតែ Bilal ម្នាក់គត់ដែលជាអ្នកដឹងច្បាស់ពីទីតាំងលាក់ទុក RDX ទាំងអស់។

និយាយពី Mukhtar វិញ នៅក្នុងប្រទេសឥណ្ឌា គេប្រកបអាជីពជាជាងជួសជុលរថយន្ត មានយានដ្ឋានផ្ទាល់ខ្លួនមួយកន្លែងនៅក្នុងទីក្រុង Shivgarh (ស្ថិតនៅតាមបណ្ដោយព្រំដែន Goa Maharashtra) សម្រាប់ចិញ្ចឹមជីវិត។ Mukhtar​ បានលាក់អត្ដសញ្ញាណពិតរបស់ខ្លួន ដោយដូរឈ្មោះថ្មីដាក់ថា Vivek Shastri ហើយបានស្រលាញ់គ្នា រៀបការជាមួយនឹងស្ត្រីឥណ្ឌាអ្នកកាន់សាសនាហិណ្ឌូម្នាក់ឈ្មោះ Vidya

នៅយានដ្ឋានជួសជុលរថយន្ត និងជាផ្ទះរបស់ Mukhtar Ansari (កូនប្រុសរបស់ Bashir Ansari) ដែលបានបង្កប់ខ្លួនក្នុងទីក្រុង Shivgarh, រដ្ឋ Goa, ព្រំដែន Maharashtra

Vivek Shastri ឬ Mukhtar Ansari ជាមនុស្សឧស្សាហ៍ព្យាយាម គេជួយជួលជុលរថយន្តដោយមិនយកប្រាក់ជូនអ្នកក្រីក្រលំបាក រហូតដល់មានអ្នកស្រលាញ់រាប់អានចាត់ទុកដូចជាមិត្ត។ Mukhtar មានជំនឿមោះមុតទៅលើ Islam និកាយ Jihad គេតែងតែសូត្រធម៌អធិដ្ឋានស្ងាត់ៗក្នុងបន្ទប់មួយក្បែររោងជួសជុលឡានមិនដែលខកខានឡើយ។

បណ្ដាញរបស់ពួកគេទាំងនៅឥណ្ឌា និងប៉ាគីស្ថាន តែងតែទាក់ទងគ្នាតាមរយៈ Game Online មួយប្រភេទ គឺ PUBG ដើម្បី ផ្ដល់ព័ត៌មានផ្សេងៗឱ្យគ្នាទៅវិញទៅមកជាប្រចាំ។ យប់មួយ ក្រោយអធិដ្ឋានចប់ Vivek បានជជែកជាមួយ Raza តាមរយៈ PUBG Game និងបានទទួលដំណឹងថា Bilal នឹងមកដល់ Goa Maharashtra នៅថ្ងៃស្អែក ដោយចូលមកតាមច្រកសមុទ្រឥណ្ឌា ពីព្រំដែនជើងទឹកប្រទេស Maldives។

Raza នៅប៉ាគីស្ថាន កំពុងតែជជែកជាមួយ Mukhtar នៅឥណ្ឌា ដើម្បីផ្ដល់ដំណឹងស្ដីការធ្វើដំណើររបស់ Bilal ដើម្បីទៅជួយ Riyaaz ដែលប៉ូលិសចាប់យកទៅ Mumbai

នៅក្នុងយប់នោះដែរ នៅឯគេហដ្ឋានរបស់នាយប៉ូលិស សូរិយាវណ្ណស៊ី វិញ មានរៀបចំពិធីជប់លៀងខួបកំណើតតូចមួយ ដែលត្រូវបានរៀបបញ្ចូលគ្នារវាងខួបកំណើតកូនប្រុសតូចរបស់ លោក សូរិយា និងខួបកូនកំណើតក្មេងតូចៗ ប៉ុនៗគ្នា ២នាក់ ផ្សេងទៀត ដែលជាកូនរបស់នាយប៉ូលិសក្រោមបង្គាប់សូរិយា។

នាយប៉ូលិស ហាក់ស្រឡាំងកាំងបន្តិច ដោយឃើញមានការរៀបចំខួបកំណើតកូនប្រុសប្លែកជាងរាល់ឆ្នាំ ព្រោះធ្វើជុំគ្នាជាមួយនឹងកូនគេផង ទើបសួរទៅនាយប៉ូលិសជាកូនចៅថា “ហេតុអ្វីបានជាធ្វើខួបជុំគ្នា?” កូនចៅក្រោមបង្គាប់របស់នាយប៉ូលិសសូរិយា ដែលមានទំនាក់ទំនងឯកជនយ៉ាងជិតស្និតជាមួយនឹងក្រុមគ្រួសារគ្នានិងគ្នាទៅវិញទៅមក បានឆ្លើយទាំងលំបាកក្នុងដួងចិត្តថា “នេះជាសំណូមពររបស់ Aryan កូនប្រុសលោក មុនពេលដែល Ria (ភរិយាសូរិយា) នាំកូនប្រុសចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី”

ជីវិតឯកជនរបស់ប៉ូលិសប្រយុទ្ធប្រឆាំងភេរវកម្មដ៏ឆ្នើមរូបនេះ មិនសូវជាល្អប៉ុន្មានឡើយ ដោយសារតែលោកជាប់រវល់នឹងភារកិច្ចការងារសន្តិសុខជាតិខ្លាំងពេក រហូតដល់មានភាពប្រេះស្រាំក្នុងជីវិតប្ដីប្រពន្ធ | ថ្ងៃនេះជាថ្ងៃចុងក្រោយដែលភរិយាគាត់រៀបចំពិធីជប់លៀងចុងក្រោយតាមសំណូមពរកូនប្រុស មុននឹងចាកចេញទៅអូស្ត្រាលីជារៀងរហូត លែងវិលមកវិញ…

សូរិយាវណ្ណស៊ី ឈរធ្មឹងសម្លឹងមើលទៅរូបថតជាច្រើនផ្ទាំង របស់គាត់និងប្រពន្ធកូន ដែលថ្ពក់នៅលើជញ្ជាំងផ្ទះ ហើយរំឭកនឹកដល់អនុស្សាវរីយ៍ផ្អែមល្ហែម អតីតកាល

អនុស្សាវរិយ៍នៃការជួបគ្នាដំបូងរវាង សូរិយាវណ្ណស៊ី និងវេជ្ជបណ្ឌិត Ria នៅមន្ទីរពេទ្យ Johns Memorial ៩ឆ្នាំមុន

[រំឭកអតីតកាល៩ឆ្នាំមុន]

ក្នុងអំឡុងបំពេញភារកិច្ចការងារ សូរិយាវណ្ណស៊ី បានត្រូវរបួសដោយគ្រាប់កាំភ្លើង ហើយបានរត់ចូលទៅកាន់មន្ទីរពេទ្យ St. Johns Memorial ដោយខ្លួនឯង ដើម្បីស្នើសូមការសង្គ្រោះបន្ទាន់។

កិច្ចការងារជាអ្នកជួយសង្គ្រោះជីវិតមនុស្សដូចគ្នា គ្រាន់តែមធ្យោបាយនៃការជួយខុសគ្នាតែប៉ុណ្ណោះ | ឈុតដែល នាយប៉ូលិស និងវេជ្ជបណ្ឌិត ធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមកនៅក្នុងមន្ទីរពេទ្យ

ក្នុងដំណើរនៃការព្យាបាលរបួសនៅមន្ទីរពេទ្យ នាយប៉ូលីសសូរិយា បានធ្លាក់ក្នុងអន្លង់ស្នេហ៍វេជ្ជបណ្ឌិតស្រីមួយរូប ឈ្មោះ Ria GuptaDr. Ria និង ប៉ូលិសវ័យកណ្ដាល រូបនេះក្រោយមក បានស្រឡាញ់គ្នា និងបានរៀបការជាមួយគ្នា រហូតបង្កើតបានកូនប្រុស១ ដាក់ឈ្មោះថា Aryan។

ពិធីរៀបអាពាហ៍ពិពាហ៍របស់ កូនកម្លោះជានគរបាលប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ និងកូនក្រមុំជាវេជ្ជបណ្ឌិត – DCP Veer Sooryavanshi & Dr. Ria Gupta’s Wedding
រៀបការបានប៉ុន្មានឆ្នាំក្រោយមក ពួកគេបង្កើតបានកូនប្រុសដ៏គួរស្រលាញ់១ ដាក់ឈ្មោះថា Aryan

សូរិយាវណ្ណស៊ី ថ្វីត្បិតតែពូកែចងចាំតួលេខ និងទិន្នន័យផ្សេងៗយ៉ាងច្បាស់លាស់ ប៉ុន្តែបែរជាមានជំងឺភ្លេចភ្លាំងឈ្មោះមនុស្សទៅវិញ។ សូរិយាមិនដែលហៅឈ្មោះនរណាម្នាក់បានត្រឹមត្រូវទេ សូម្បីតែសហការី កូនក្រុមការងារ និងសូម្បីតែប្រពន្ធខ្លួនឯង និងកូនខ្លួនឯងក៏ដោយ។ ការដែលមិនដែលចងចាំឈ្មោះមនុស្ស គឺជាភាពអាម៉ាស់ណាស់ចំពោះសូរិយាខ្លួនឯង ដែលមានសមត្ថភាពក្នុងការងារយ៉ាងខ្ពស់គួរគោរព បែរមានជំងឺភ្លេចឈ្មោះមនុស្សទៅវិញ។

ដំណើរជីវិតប្ដីប្រពន្ធ សូរិយាវណ្ណស៊ី និងវេជ្ជបណ្ឌិត Ria ជាច្រើនឆ្នាំក្រោយៗមក ហាក់មានភាពរកាំរកូសច្រើន ដោយមូលហេតុតែ លោកនាយប៉ូលិស តែងតែរវល់នឹងភារកិច្ចចំពោះមុខខ្លាំងពេក១ថ្ងៃៗ។ ក្នុងតួនាទីនេះ ការរក្សាព័ត៌មានសម្ងាត់ គឺជាវិជ្ជាជីវៈរបស់នគរបាលជាតិ ជាពិសេសទាក់ទងនឹងបញ្ហាភេរវកម្ម។ លោកស្រី វេជ្ជបណ្ឌិត Ria តែងតែខឹងសម្បារនឹងស្វាមីយ៉ាងខ្លាំង គ្រប់ពេលដែលស្វាមីបំពេញភារកិច្ចបែបទាន់ហ័នភ្លាមៗ មិនបានជម្រាបជូនដំណឹងជាមុន ហើយមានគ្រោះថ្នាក់របួសធ្ងន់កើតឡើងជាញឹកញាប់។

ករណីបន្ទាន់មួយបានកើតឡើងនៅក្នុងអំឡុងពេលដែល សូរិយាវណ្ណ កំពុងដឹកប្រពន្ធកូនដើរលេងកម្សាន្ត

មានពេលមួយនោះ ខណៈកំពុងបើករថយន្តជូនប្រពន្ធកូនទៅផ្សារទំនើប Central Mall ស្រាប់តែ សូរិយាវណ្ណស៊ី ទទួលបានព័ត៌មានពីកូនក្រុមថា មានភេរវករ កំពុងតែនៅក្បែរៗផ្សារទំនើបនោះដែរ ដែលពួកវាជាញឹកញាប់ចេញដាក់គ្រាប់បែកបំផ្ទុះទីប្រជុំជន ហើយថ្ងៃហ្នឹងពួកវាមានផែនការចេញទៅបំផ្ទុះគ្រាប់បែកនៅម្ដុំ Central Mall។

ដោយមិនបានត្រៀមខ្លួនទុកជាមុន ស្របនឹងការលេចខ្លួនឡើងរបស់ពួកឧក្រិដ្ឋជនផងនោះ សូរិយា បានប្រយុទ្ធជាមួយនឹងពួកនោះដោយអាវុធជាតិផ្ទុះ។ កាំភ្លើងបាញ់តដៃគ្នា របស់ខ្មាំងសត្រូវ បានបណ្ដាលឱ្យត្រូវរបួស Aryan ដែលជាកូនប្រុសតូចរបស់គាត់ដែលអង្គុយនៅក្នុងរថយន្តផ្នែកខាងក្រោយយ៉ាងធ្ងន់ ប៉ុន្តែជាភ័ព្វសំណាងល្អដែលអាចសង្គ្រោះជីវិតទាន់ពេលវេលា។

Aryan ដែលជាកូនប្រុសតូចរបស់ សូរិយាវណ្ណស៊ី ត្រូវរបួសដោយគ្រាប់កាំភ្លើងបាញ់តដៃរបស់ភេរវករ២នាក់ ដែលបម្រុងធ្វើសកម្មភាពបំផ្ទុះនៅម្ដុំអគារពាណិជ្ជកម្ម Central Mall
ក្រោយពីចេញពីបន្ទប់វះកាត់មកវិញ Dr. Ria បានទះកំផ្លៀងស្វាមីមួយដៃយ៉ាងដំណំ ដើម្បីរំសាយកំហឹង រួចបន្ទាប់ពីហេតុការថ្ងៃនោះមក នាងបានទាមទារលែងលះគ្នា និងបានរស់នៅបែកផ្ទះគ្នាអស់ជិត១ឆ្នាំ

ភាពរកាំរកូស ដែលបានសន្សំទុកដូចជាកូនរងើកភ្លើងក្នុងបេះដូងជាច្រើនឆ្នាំ លុះដល់មានហេតុការណ៍នេះកើតឡើងទៀត Dr. Ria ខឹងកាន់តែខ្លាំងឡើង និងទាមទារសូមលែងលះគ្នាពី នាយប៉ូលិស សូរិយា និងរៀបគម្រោងនាំយកកូនប្រុសតូចទៅរស់នៅប្រទេសអូស្ត្រាលី។ ទោះបីជាមិនទាន់បានលែងលះគ្នាជាផ្លូវការក្ដី តែជីវិតប្ដីប្រពន្ធរបស់ លោកប៉ូលិស សូរិយា បានប្រេះស្រាំយ៉ាងខ្លាំងណាស់ទៅហើយ។ ការរស់នៅបែកផ្ទះគ្នាប្រមាណជា ១ឆ្នាំកន្លងមកនេះ មិនអាចលាក់ជិតពីកូនចៅក្រោមបង្គាប់និងមេកើយរបស់សូរិយា គឺ លោកនាយ Kabir ឡើយ។

លោកនាយ Kabir Shroff ដែលបានមកចូលរួមក្នុងពិធីជប់លៀងខួបកំណើតកូនៗ របស់នាយប៉ូលិសក្រោមឱវាទ និងជាអ្នកមានវោហារកោសល្យផ្នែកល្បួងលួងលោម បានចេញមុខជួយនិយាយបញ្ចុះបញ្ចូល កុំឱ្យ Dr. Ria ចាកចេញពីសូរិយា… ប៉ុន្តែជាការឥតប្រយោជន៍សោះឡើយ ព្រោះមា្ដយរបស់ Aryan រឹងរូសខ្លាំងណាស់ មិនងាយទោរទន់ទេ

នៅក្នុងពិធីជប់លៀងខួបកំណើតកូន ជាលើកចុងក្រោយនៅឥណ្ឌា អ្នកគ្រូពេទ្យ Ria បានស្នើសូមឱ្យសូរិយាទៅចុះហត្ថលេខា នៅស្ថានទូតអូស្ត្រាលី ដើម្បីគាត់អាចមានសិទ្ធិយកកូនប្រុសចាកចេញទៅ។ សូរិយា ឆ្លើយយល់ព្រមទាំងឈឺចាប់ពេញក្នុងបេះដូង។

——-

ស្អែកឡើងនៅឯអគ្គនាយកដ្ឋានប្រឆាំងភេរវកម្ម (ATS) មានកិច្ចប្រជុំដ៏សំខាន់មួយ ក្រោយពីការវិភាគលើរបាយការណ៍ស៊ើបអង្កេតអស់ពេលដ៏យូររបស់ប៉ូលិសអន្តរជាតិ​ (IB) បានរកឃើញថា Usmani ដែលបច្បុប្បន្ន គឺជាបព្វជិតនៃសាសនាឥស្លាម នៅក្នុងតំបន់ គឺជាម្ចាស់មូលនិធិដ៏ធំមួយឈ្មោះ Noor-E-Aman ដែលមូលនិធិនោះទទួលបានលុយបរិច្ចាគមកពីប្រភពគួរឱ្យសង្ស័យជាច្រើនកន្លែងនៅទូទាំងពិភពលោក ជាពិសេសជំនួយពី ISIS (Islamic State of Iraq and Syria) និង ISIL (Islamic State of Iraq and Levant) ដែលជាពួក Sunni Jihad ជ្រុលនិយម ដែលតែងតែបំភិតបំភ័យបណ្ដាប្រទេសលោកខាងលិចជាញឹកញាប់ ហើយប្រតិបត្តិការហិរញ្ញវត្ថុរបស់មូលនិធិនេះ ដូចគ្នាទៅនឹងអង្គការភេរវកម្ម Lashkar ដែរ។

Usmani ធ្លាប់បានផ្ដល់អាហារូបករណ៍សិក្សាដល់សិស្សក្រីក្រ ជាច្រើននាក់ ដែលក្រោយៗមក ប៉ូលិសស៊ើបដឹងថា កូនសិស្សដែលបានចេញទៅពីការបីបាច់រក្សារបស់ Usmani បានក្លាយទៅជាភេរវករអត្តឃាតនៅតាមប្រទេសនានាក្នុងតំបន់មជ្ឈិមបូព៌ា។ សូម្បីតែសិស្សសាលាក្មេងៗនៅក្នុងតំបន់ ក៏ Usmani អាចបំពាក់បំប៉នស្មារតីបានសម្រេចដែរ ក្នុងនោះមានកុមារទៅពីប្រទេសឥណ្ឌាចំនួន១១នាក់ ត្រូវបានបញ្ជូនទៅហ្វឹកហ្វឺនធ្វើជាភេរវករនៅអង្គការ ISIS ដែលមានមូលដ្ឋាននៅប្រទេស Syria ទៀតផង។ ហើយក្នុងចំណោមកុមារ១១នាក់នោះ មាន៣នាក់ (ឈ្មោះ Javed, Mushtak, និង Ahmed) បានបញ្ជូនទៅពី ភូមិ Padgha (ភូមិដែល Usmani គ្រប់គ្រង) ហើយក្មេងៗទាំង៣នោះតែងតែចូលសម្រាកនៅផ្ទះរបស់ Usmani ញឹកញាប់ មុនចាកចេញទៅ Syria (លទ្ធផលស៊ើបអង្កេតរបស់ IB)។

កិច្ចប្រជុំពិសេសមួយរបស់ក្រុមនគរបាលប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ក្រុងម៉ុមបៃ ទាក់ទងនឹងរបាយការណ៍ស៊ើបអង្កេតថ្មីៗបន្ថែមទៀតដែលបានរកឃើញ មានជាប់ពាក់ព័ន្ធនឹង Kader Usmani បព្វជិតសាសនាដ៏មានប្រជាប្រិយក្នុងតំបន់

ក្រៅពីនោះ នៅមានពាក្យបណ្ដឹងរបស់អ្នកភូមិស្រុកមួយចំនួនបានដាក់ពាក្យប្ដឹងប៉ូលិសថា Usmani តែងតែដឹកនាំសាវកដោយធម៌ផ្ដេសផ្ដាស់ប្លែកៗ ញុះញង់ឱ្យស្អប់មនុស្សដូចគ្នា ឱ្យក្មេងៗយល់ខុសថាការក្លាយជា Martyr គឺជាពរជ័យរបស់ព្រះ និងតែងតែបញ្ចុះបញ្ចូលក្មេងៗក្នុងភូមិឱ្យដើរលើផ្លូវខុសឆ្គងនោះ។

រហូតដល់មានពេលមួយនោះ មានសិស្សសាលាប្រមាណជា២០នាក់ ស្ពាយកាបូបសិក្សាចេញពីសាលា ដើរពេញក្នុងផ្សារ ដែលតាមការពិតនៅក្នុងកាបូបនោះ គឺជាគ្រាប់បែកអត្តឃាតទាំងអស់។

ក្រោយទទួលបានតម្រុយទាំងនេះហើយ សូរិយាវណ្ណស៊ី បានចេញលិខិតអញ្ជើញ  Usmani និង Rafique (ដែលជាជំនួយការផ្ទាល់របស់ Usmani) មកឆ្លើយបំភ្លឺនៅបន្ទប់ការិយាល័យរបស់លោក។

ឆ្លៀតក្នុងឱកាសនោះ សូរិយា បានអញ្ជើញលោក Naem Khan ដែលជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍មួយរូបធ្លាប់កាន់កាប់កិច្ចការងារប្រយុទ្ធប្រឆាំងនឹងភេរវកម្ម (ជាឪពុករបស់នាយប៉ូលិស Abbas, Abbas ជាកូនចៅថ្មីរបស់ សូរិយា ទើបតែផ្ទេរចូល) ដែលទើបតែមកពីទីក្រុង Ajmer ដើម្បីមកជួយផ្ដល់ជាប្រឹក្សា ទាក់ទងនឹងរឿង​ Usmani។

លោក Naem Khan និង Abbas ជាកូនប្រុស គឺជាមូស្លីមឥណ្ឌា ដែលបានចាត់ទុកប្រទេសឥណ្ឌាជាទឹកដីកំណើត និងជាជាតិមាតុភូមិដែលត្រូវសងគុណ។ គំនិតរបស់លោក Khan បានដើរផ្ទុយបញ្ច្រាស់ពីគំនិតរបស់ពួក និកាយ Jihad ដែលផ្ដោតលើមនោគមវិជ្ជាហិង្សា ហើយបំផ្លាញអ្នកដទៃ។ សូរិយា បានលើកយកលោក Khan និង Abbas ជាឧទាហរណ៍ក្នុងការពន្យល់ពីអ្វីទៅជាការបូជាសាសនា តើសាសនាមានន័យដូចម្ដេច ហើយហេតុអ្វីបានជាមូស្លីម ដទៃទៀត គេស្រលាញ់ប្រទេសឥណ្ឌា មិនមានគំនិតបំផ្លាញប្រទេសខ្លួនឯងដូចក្រុមផ្សេង? ទ្រឹស្ដីហូរហៀរដូចទឹករបស់ សូរិយា មិនបានធ្វើឱ្យ Usmani ឈឺក្បាលវិលមុខទេ ផ្ទុយទៅវិញ គេរឹតតែបង្ហាញកិរិយាផ្គើន និងចង់ផ្ចាញ់ផ្ចាលជាមួយប៉ូលិស ជាងមុនទៅទៀត។

មុន Usmani ចាកចេញទៅវិញ សូរិយា បានផ្ដាំ Usmani ថា “ថ្ងៃណាដែលខ្ញុំរកភ័ស្ដុតាងបានគ្រប់ ខ្ញុំនឹងទៅចាប់លោកដល់ក្នុងផ្ទះឬក្នុងវិហារឥស្លាមតែម្ដង ទោះជាកំពុងអធិដ្ឋានក៏ដោយ”

Kader Usmani ហាក់មិនបានភ័យតក់ស្លុតចំពោះការគំរាមរបស់នាយប៉ូលិស សូរិយា បន្តិចណាឡើយ ហើយថែមទាំងផ្គើនដោយក្រសែភ្នែក និងឥរិយាបថ ថែមទៀត | មុន Usmani ចេញពីបន្ទប់ការិយាល័យប៉ូលិសទៅវិញ សូរិយា បានផ្ដាំថា “ថ្ងៃណាដែលខ្ញុំរកភ័ស្ដុតាងបានគ្រប់គ្រាន់ ខ្ញុំនឹងទៅចាប់ខ្លួនលោកដល់ផ្ទះ”

ងាកមកនិយាយពី Bilal ឯណេះវិញ គេអាចចូលមកដល់ទីក្រុង Goa Maharashtra នៃប្រទេសឥណ្ឌាបានដោយសុវត្ថិភាព ដោយមានជំនួយបើកបរពីអ្នកបើករថយន្ត Taxi ម្នាក់ ឈ្មោះ John Mascarenhas។ John ត្រូវបានជំនួយការរបស់ Usmani ជួលក្នុងតម្លៃដ៏ខ្ពស់ ដើម្បីទៅទទួលយក Bilal ក្រោមឈ្មោះក្លែងក្លាយថា “Ajay Gupta”

Rafique ជាមនុស្សដែលស្មោះស្មគ្រនឹង Usmani ជាទីបំផុត គេជាម៉ូយប្រចាំរបស់រថយន្តតាក់ស៊ីនាយ John ហើយថ្ងៃនេះគេបានស្នើសូមឱ្យ John ទៅទទួល Bilal ពីផែច្រកព្រំដែន Maldives ជាមួយនឹងប្រាក់ឈ្នួលយ៉ាងខ្ពស់

ពេលបានមកដល់ Goa ភ្លាម Ajay Gupta ឬ Bilal បានរូតរះនាំបរិវារ ដែលបានចេញពីប៉ាគីស្ថាន មកបង្កប់ខ្លួននៅឥណ្ឌាជាយូរមកហើយនៅតំបន់នោះ ធ្វើដំណើរទៅគាស់យក RDX ទាំង៦០០គីឡូក្រាម ដែលបានកប់លាក់ទុកនៅក្នុងផ្ទះវិឡាចាស់មួយនៅតំបន់ជាយក្រុងដាច់ស្រយាល។ ក្រោយពីបញ្ជាឱ្យ Vivek ឬ Mukhtar នាំយកចេញទៅកន្លែងថ្មី ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងបេសកកម្មជំនាន់ថ្មី រួចហើយ Bilal បានស្នើសូម Usmani ស្នាក់នៅ១ថ្ងៃទៀត ដើម្បីគេបន្តដំណើរទៅទីក្រុង ម៉ុមបៃ ដើម្បីគោរពផ្នូរម្ដាយ ដែលរូបគេបានចាកចេញចោលតាំងពីឆ្នាំ​១៩៩៣។

Bilal គ្រាន់តែមកដល់ Goa ភ្លាម បានធ្វើដំណើរទៅគាស់ RDX ហើយប្រគល់ឱ្យទៅ Mukhtar យកទៅលាក់ទុកជាបន្តនៅកន្លែងផ្សេង ដើម្បីត្រៀមទុកប្រើក្នុងសង្គ្រាមភេរវកម្មជំនាន់ថ្មី
Bilal Ahmed ក្រោយដឹក RDX ចេញហើយ បានស្នើសូម Kader Usmani ជាមិត្តសម្លាញ់ទៅទីក្រុង Mumbai ១ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធផ្នូរសពម្ដាយដែលខ្លួនបានបែកចេញទៅតាំងពីឆ្នាំ ១៩៩៣ | បំណងនេះ ដំបូងឡើយ Usmani ឃាត់ឃាំងដាច់ខាត តែដោយ Bilal អង្វរពេក ទើបគេយល់ព្រមពន្យារសំបុត្រយន្តហោះឱ្យ១ថ្ងៃទៀត

ថ្ងៃដែល Bilal ទៅគោរពវិញ្ញាណក្ខន្ធនៅផ្នូរម្ដាយ ជួនជាចៃដន់ លោក Khan និងកូនប្រុស ដែលថ្ងៃនោះ បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសាច់ញាតិខ្លួនដែរ ក៏បានឃើញនិងកត់សម្គាល់ដឹងភ្លាមថា នោះជា Bilal ដែលភ្នាក់ងារប៉ូលិសស៊ើបអង្កេតតាមរកចាប់ខ្លួនអស់រយៈពេលជិត៣០ឆ្នាំមកហើយ។ មូលហេតុដែលអាចមើលដឹង ព្រោះលោក Khan ធ្លាប់ជាអតីតប៉ូលិសប្រឆាំងភេរវកម្ម ដែលធ្លាប់ស្គាល់មុខឧក្រិដ្ឋជនរូបនេះច្បាស់កាលនៅវ័យក្មេង និងម្យ៉ាងទៀត គឺផ្នូរសពម្ដាយរបស់ Bilal ដែលមានអ្នកស្គាល់ច្រើនពីប្រវត្តិ។

Abbas និងឪពុក ដែលទៅចូលរួមបួងសួងជូនអ្នកស្លាប់ជាញាតិក្នុងថ្ងៃនោះ ស្រាប់តែបានឃើញ Bilal កំពុងគោរពផ្នូរម្ដាយនៅជិតគ្នាដែរ ហើយគេក៏ទូរសព្ទទៅរាយការណ៍ជូនលោកនាយ សូរិយាវណ្ណ ជាបន្ទាន់
ពេលដែល Bilal ត្រឡប់មកពីផ្នូរសពម្ដាយ ហើយបម្រុងនឹង Check-out ពីសណ្ឋាគារទាំងស្មារតីប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែគេស្រាប់តែដឹងខ្លួនថាមានប៉ូលិសតាម នៅពេលឮសូរមាត់ចេចចាចរបស់កុមារតូច Aryan ស្រែកអួតប្រាប់មិត្តភក្ដិកុមារតូចដូចគ្នាពីសមាសភាពរបស់ មិត្តភក្ដិឪពុកគេ ដែលគេបានជួបដោយចៃដន់នៅភោជនីយដ្ឋាននៃសណ្ឋាគារ
កុមារតូច Aryan បានស្រែកប្រាប់ពួកម៉ាកគេថា “នុះ! ពូនោះធ្វើការជាមួយប៉ាខ្ញុំ ប៉ាខ្ញុំជាប៉ូលិស ពូមីងហ្នឹងក៏ជាប៉ូលិសដែរ” | Bilal គ្រាន់តែឮភ្លាម ក៏គេចខ្លួនឡើងទៅលើបន្ទប់ ព្រោះដោយសារតែគេមិនទាន់អាច check-out បាននៅឡើយ | ពេលដែល សូរិយា មកដល់ គេក៏មិនទាន់ចាត់វិធានការណ៍ភ្លាមៗនៅឡើយដែរ ព្រោះតែគេមិនដែលស្គាល់មុខរបស់ Bilal ដោយផ្ទាល់ពីមុនមក (ឃើញតែក្នុងរូបថតរបស់ប៉ូលិស និងជារូបកាលពីក្មេង)

លោក Khan បានផ្ដល់ដំណឹងនេះទៅ សូរិយា ដើម្បីរៀបចំយុទ្ធនាការណ៍តាមចាប់ខ្លួន Bilal ភ្លាមៗ។ ទីបំផុត ក្រុមប៉ូលិស បានឡោមព័ទ្ធ Bilal ដល់ក្នុងបន្ទប់សណ្ឋាគារដែលគេស្នាក់នៅតែម្ដង។ ដោយដឹងថាខ្លួនឯង នឹងមិនអាចគេចផុតពីសេចក្ដីស្លាប់ Bilal មិនព្រមស្លាប់ដោយទោសប្រហារជីវិតរបស់ប៉ូលិសឥណ្ឌាទេ គេបានសម្រេចចិត្តភ្លាមៗដោយបញ្ចប់ជីវិតខ្លួនឯងនឹងកាំភ្លើងខ្លីក្នុងបន្ទប់សណ្ឋាគារនោះតែម្ដង។

Bilal មុននឹងសម្លាប់ខ្លួន បានយំខ្សឹកខ្សួលរៀបរាប់ពីភាពឈឺចាប់របស់គេ ដែលធ្លាប់ត្រូវបានពួកអ្នកកាន់អំណាចឥណ្ឌា កាលពីអតីតកាលដ៏យូរលង់មកហើយ រំលោភបំពាន បំផ្លាញក្រុមគ្រួសារបស់គេ និងបណ្ដេញចេញពីភូមិស្រុកដោយបង្ខំ ដោយសារតែមូលហេតុសាសនាខុសគ្នា។ ដូច្នេះហើយ ទើបគេយកគំនុំផ្ទាល់ខ្លួននោះ មកសងសឹកទៅលើមនុស្សគ្រប់គ្នាដែលមិនមែនជាមូស្លីម ជាពិសេសគឺហិណ្ឌូបរិសទ និង គ្រិស្តបរិសទ គឺជាគោលដៅវាយប្រហារច្រើនជាងគេ។

Bilal Ahmed សម្រេចបញ្ចប់ជីវិតខ្លួនឯង ដើម្បីទទួលបានឈ្មោះថាជា ទុក្ករបុគ្គល (Martyr) បើទោះបីជា សូរិយាវណ្ណស៊ី បានព្យាយាមនិយាយពន្យល់គេច្រើនប៉ុនណាក៏ដោយ

ក្នុងដៃសុទ្ធតែកាន់កាំភ្លើងរៀងខ្លួន សូរិយា ខំប្រឹងជួយពន្យល់ Bilal ដែរ អំពីអ្វីទៅជាភាពត្រឹមត្រូវនៃជំនឿសាសនា ហើយសាសនាគឺជាអ្វី និកាយ Sunni Jihad គឺជាអ្វី ប៉ុន្តែគេនៅតែមិនអាចឃាត់ Bilal មិនឱ្យកេះកៃកាំភ្លើងលើក្បាលខ្លួនឯងបាន។ មុនស្លាប់ Bilal បានផ្ដាំសូមឱ្យយកសពគេទៅកប់នៅក្បែរផ្នូរសពម្ដាយរបស់ខ្លួននៅក្នុងទីក្រុងម៉ុមបៃនេះផង។

សពរបស់ Bilal ត្រូវបានបញ្ចុះនៅក្បែរផ្នូររបស់ម្ដាយ ក្នុងទីក្រុង Mumbai ទៅតាមពាក្យសំណូមពរ Bilal ខ្លួនឯង មុននឹងស្លាប់

ក្រោយពីជួយបញ្ចុះសព Bilal រួច រួមជាមួយនឹងការផ្សព្វផ្សាយព័ត៌មានតាមវិទ្យុ ទូរទស្សន៍ កាសែតយ៉ាងល្បីល្បាញស្ដីពីរឿង Bilal Ahmed ក្លាយជា Martyr, សូរិយា បានទទួលដំណឹងពីភ្នាក់ងារប៉ូលិសនៅតំបន់ Sawantwadi ប្រាប់មកថា បានឃើញ Bilal កាលពីម្សិលម្ង៉ៃ ចូលទៅរើកកាយផ្ទះចាស់មួយកន្លែងក្នុងតំបន់នោះ។ ក្រោយពីទៅដល់ និងបានធ្វើកោសល្យវិច័យលើកម្ទេចដីដែលនៅសេសសល់ ប៉ូលិសបានបង្ហាញលទ្ធផលថា រណ្ដៅដ៏ធំនោះ ពិតជាមានផ្ទុក RDX មែន ហើយបរិមាណផ្ទុកប្រហាក់ប្រហែលពី ៦០០ ទៅ ៨០០ គីឡូក្រាម។

សូរិយាវណ្ណស៊ី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលគេរាយការណ៍មកថា បានឃើញ Bilal មកគាស់កកាយអ្វីម្យ៉ាង មុនថ្ងៃស្លាប់១ថ្ងៃ

ទន្ទឹមនឹងនោះដែរ Omar Hafeez ដែលកំពុងទន្ទឹងរង់ចាំដំណឹងពីសម័្ពន្ធមិត្តយ៉ាងអន្ទះសា ក្រោយបានដំណឹងថា Bilal Ahmed បានពលីខ្លួនឯងជា Martyr នៅឥណ្ឌារួច គេក៏រៀបចំកូនប្រុសទី៣ ដែលជាកូនពៅ គឺ Raza Hafeez ឱ្យបន្តបេសកកម្មដ៏ខ្មៅងងឹតនេះទៀត។ ម្ដាយ, ម្ដាយមីង, បងថ្លៃ របស់ Raza យំខ្សឹកខ្សួលស្ទើរបោកខ្លួន នៅពេលដែលឃើញមនុស្សប្រុសនៅក្នុងគ្រួសារស្លាប់ជាបន្តបន្ទាប់ ដោយហេតុផលមិនត្រឹមត្រូវ។ ឥលូវនេះដល់វេន Raza ចេញដំណើរទៅឥណ្ឌាម្នាក់ទៀត។

Omar រៀបចំលិខិតឆ្លងដែនស្រីលង្កា សម្រាប់ឱ្យ Raza ជាកូនបានឆ្លងចូលទៅប្រទេសឥណ្ឌា ដើម្បីទៅចូលរួមចលនា Lashkar ជាមួយនឹងបងប្រុសទី២របស់គេ | ម្ដាយរបស់គេ បានត្រឹមតែយំខ្សឹកខ្សួលគ្មានអ្វីអាចតវាបាន

ងាកមកមើល ស្ថានភាពរបស់ Riyaaz Hafeez នៅក្នុងពន្ធនាគារវិញម្ដង។ គេហាក់ដូចជាមានសង្ឃឹម ច្បាស់ណាស់ថាវត្តមានរបស់ Bilal ពិតជាអាចនឹងជួយរំដោះគេចេញពីមន្ទីរឃុំឃាំងនេះបានឆាប់ៗ។ ជារៀងរាល់ថ្ងៃ Riyaaz មិនសូវសម្ងំនៅខាងក្នុងបន្ទប់ទេ គេចូលចិត្តអង្គុយនៅទីលំហខាងក្រៅបន្ទប់ឃុំ ដើម្បីអាចគិតពីវិធីហែកគុកចេញ។ ក្ដីសង្ឃឹមរបស់គេ ពិតជាមកដល់មែន។ ថ្ងៃមួយ កូនចៅរបស់ Mukhtar បានលបចូលទៅដាក់គ្រាប់បែកបំផ្ទុះជញ្ជាំងកំពែងគុក ហើយរំដោះយក Riyaaz ចេញទៅវិញបានសម្រេច។

Mukhtar បានបញ្ជាកូនចៅ ចេញទៅដាក់គ្រាប់បែក ហែកជញ្ជាំងគុក រំដោះយក Riyaaz ចេញមកក្រៅបានសម្រេច

គ្រាន់តែដឹងថា Riyaaz អាចហែកគុកចេញទៅវិញបាន ក្រុមប៉ូលិស ចាប់ផ្ដើមធ្វើការងាររឹតតែខ្លាំងលើសដើម ព្រោះតែដឹងច្បាស់ថា កំហឹងសងសឹករបស់ពួកក្រុមនេះ រួមទាំងការទទួលបាននូវ RDX ជាង​៦០០គីឡូក្រាម ថ្មីៗនោះផង ម្ដងនេះ ទីក្រុងម៉ុមបៃ ច្បាស់ជាត្រូវឆេះខ្ទេចមិនខាន។

ក្រុមប៉ូលិសឆោឡោឡើង នៅពេលដែលដឹងថា Riyaaz របូតបាត់ពីគុក
លោកសែបទាំង២ ព្រួយចិត្តឥតល្ហែ ម្ង៉ៃៗពិភាក្សាគ្នាតែរឿងសន្តិសុខជាតិ មាតុភូមិ រហូតដល់ភ្លេចរក្សាសុភមង្គលផ្ទាល់ខ្លួនក្នុងគ្រួសារ | សូរិយាវណ្ណ ភរិយាសូមលែងលះ ចំណែកឯ Kabir Shroff នៅកម្លោះចាស់

Omar នៅឯវិមានដ៏ស្កឹមស្កៃរកក្ដីសុខមិនឃើញឯណោះវិញ ម្ង៉ៃៗគិតតែថ្វាយបង្គំព្រះ បួងសួងសូមឱ្យបេសកកម្មដ៏ថោកទាបរបស់អង្គការ Lashkar ទទួលបានជោគជ័យ។ គេយល់ថា គេបានបញ្ជូនកូនប្រុសឱ្យទៅស្លាប់ម្ដង១ ម្ដង១ ដើម្បីបុព្វហេតុបំផ្លិចបំផ្លាញ បង្កវិនាសកម្មអ្នកដទៃ គឺជាពរជ័យដ៏មហិមាណាស់ពីព្រះជាម្ចាស់ ដែលផ្ទុយស្រឡះពីប្រពន្ធ កូនស្រី ប្អូនស្រី កូនប្រសាស្រី ដែលពួកគេគិតតែយំសោក ព្រោះតែគំនិតមិនស្របគ្នាជាមួយនឹង Omar។

Omar Hafeez សូត្រធម៌ក្នុងគម្ពីរដែលត្រូវបានគេសរសេរបំភ្លៃខុសចាកឥស្លាមដើម
Omar Hafeez ម្ង៉ៃៗ ក្រៅពីអានព័ត៌មាន ថ្វាយបង្គំព្រះ គឺបញ្ជាក្រុមការងារអង្គការ Lashkar តាមអ៊ិនធើណិត
Omar Hafeez នៅ កាស្មៀរ ប៉ាគីស្ថាន កំពុងបញ្ជាកូនក្រុមសមាជិកអង្គការ Lashkar តាមអ៊ិនធើណិត

ក្រោមការដឹកនាំដ៏មហាអស្ចារ្យ មហាលោតផ្លោះ Omar បានបញ្ជាកិច្ចការងារធំៗជាច្រើននៅពីក្រោយអង្គការ Lashkar។ គេសម្ងំនៅតែក្នុងផ្ទះក៏ពិតមែន តែ Omar អាចធ្វើប្រតិបត្តិការភេរវកម្មនៅឥណ្ឌាយ៉ាងស្រួល។

 រំឭកឡើងវិញទៅដល់ក្មេងៗ និង យុវជនរាប់រយនាក់ ដែល Bilal (ក្រោមកិច្ចដឹកនាំរបស់ Omar) បានបញ្ជូនឱ្យបន្លំខ្លួនចូលទៅរស់នៅក្នុងសមាគតរដ្ឋ ឥណ្ឌា កាលពីអតីតកាលជាង២០ឆ្នាំមុន ពេលនេះ ដល់វេលាដែលពួកគេត្រូវប្រមូលផ្ដុំគ្នាសាឡើងវិញ ដើម្បីធ្វើសង្គ្រាមភេរវកម្ម នៅទីក្រុងម៉ុមបៃ។

ទីក្រុងផ្សេងៗគ្នាជាច្រើនដែលបណ្ដាញភេរវកម្ម Lashkar បង្កប់ខ្លួន
ក្រុមជនបង្កប់នៅគ្រប់ទីក្រុងនិងរដ្ឋនានា ទទួលបញ្ជាការងារតាមអ៊ិនធើណិត ពីមេដឹកនាំអង្គការ Lashkar គឺ Omar Hafeez

ក្រោយពីប្រមូលគ្នីគ្នាបានគ្រប់ចំនួនហើយ Riyaaz និង Mukhtar ក្រោមកិច្ចអន្តរាគមន៍ពី Usmani បានដឹកនាំកូនក្រុម យករំសេវ RDX ទាំងអស់ដែលគាស់បាននោះ មកកែច្នៃផលិតជាគ្រាប់បែកបញ្ជាដោយនាឡិកាម៉ោង ដោយយកទីតាំងយានដ្ឋានជួសជុលរថយន្តរបស់ Mukhtar នៅ Shivgarh ជាមូលដ្ឋានទ័ពជើងព្រួល។

យានដ្ឋានជួលជុលរថយន្តរបស់ Mukhtar នៅតំបន់ Shivgarh បានក្លាយជាជំរុំ ផលិតកែច្នៃគ្រាប់បែកសម្រាប់ភេរវកម្មនៅម៉ុមបៃ
មិនមែនកំពុងរវល់ជួសជុលឡានទេ គឺកំពុងតែរវល់កែច្នៃគ្រាប់បែកទុកធ្វើភេរវកម្មនៅក្រុងម៉ុមបៃ

មួយថ្ងៃៗ ពួកគេ ហាក់ដូចជារវល់វីវក់ខ្លាំងណាស់ តែមិនមែនរវល់នឹងកិច្ចការងារកសាងប្រទេសជាតិទេ គឺរវល់នឹងរៀបចំផែនការបំផ្លាញប្រទេសខ្លួនឯង ដែលគេបានជឿថា ឥណ្ឌាមិនមែនជាប្រទេសពួកគេទេ ព្រោះដូនតាដែលជាអ្នកដឹកនាំឥណ្ឌាសម័យក្រោយអាណានិគមអង់គ្លេសនោះ បានបណ្ដេញដូនតារបស់គេចេញទៅរស់នៅប៉ាគីស្ថាន និងមានខ្លះរប៉ាត់រប៉ាយទៅរស់នៅតាមបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូពារ៌រហូតដល់បច្ចុប្បន្ននេះ។

Usmani ដឹងច្បាស់ណាស់ ពីផែនទីដែលកូនក្រុមរបស់គេ រៀបចំផែនការដាក់បំផ្ទុះគ្រាប់បែកម៉ោង ក្នុងរវាងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុម Lashkar បានប្ដេជ្ញាចិត្ត ត្រៀមបំផ្ទុះទីតាំងធំៗចំនួន៧ កន្លែងក្នុងថ្ងៃតែមួយ ឱ្យផ្ទុះជាស៊េរី ដូចព្រឹត្តិការណ៍ឆ្នាំ១៩៩៣ ដែរ។

និយាយពីខាងភ្នាក់ងារប៉ូលិស ATS វិញ នៅឯការិយាល័យប្រឆាំបទល្មើសភេរវកម្ម គេបានរកឃើញតម្រុយមួយទៀតទាក់ទងនឹងអត្ដសញ្ញាណរបស់ម្ចាស់ឡានតាក់ស៊ី John ដែលត្រូវបាន Usmani បញ្ជូនឱ្យគេចខ្លួនទៅសម្ងំនៅទីក្រុងបាងកក ប្រទេសថៃ មួយរយៈ។ សូរិយា និង ជំនួយការផ្ទាល់ គឺ Vivaan ក៏ត្រូវបានចាត់បញ្ជូនទៅបាងកក ដើម្បីតាមចាប់ខ្លួន John មកសួរចម្លើយ។

លោកសែប សូរិយាវណ្ណស៊ី គ្រាន់តែតាមចាប់ខ្លួននាយ John ដើម្បីសួរចម្លើយសោះ ប្រើសុទ្ធតែអេលីកុបទែរ
ទីបំផុត លោកនាយសែប ATS អាចក្របួចនាយ John បាននៅប្រទេសថៃដោយសម្រេច
លោកនាយខំដេញចាប់ប្រផាប់ប្រភីងយ៉ាងពិបាកវេទនា ទម្រាំតែចាប់បាន ដល់តែបានហើយ តាមពិតស្រួលនិយាយគ្នាសឹងអី ហើយថែមទាំងកំប្លែងថែមទៀត

ក្រោយពីចាប់ខ្លួន John បានហើយ ចម្លើយសារភាពដែល John បានផ្ដល់សម្រាប់ជាតម្រុយឈានទៅដល់ការបោសសម្អាតក្រុមពួកភេរវករ អង្គការ Lashkar គឺ ឧក្រិដ្ឋជន Usmani និង ជំនួយការ Rafique ដែលនាយ John ធ្លាប់បានស្គាល់ច្បាស់និងធ្លាប់ទទួលលុយកាក់ជាច្រើនពីពួកគេនោះ ដើម្បីសម្រេចបំណងទុច្ចរិតផ្សេងៗពាក់ព័ន្ធនឹងភេរវកម្ម។

មិនបង្អង់យូរឡើយ ត្រលប់មកដល់ឥណ្ឌាវិញភ្លាម សូរិយា តម្រង់ទិសទៅចាប់ខ្លួន Usmani ដល់ក្នុងព្រះវិហារអ៊ីស្លាម ដែល Usmani តែងតែស្នាក់នៅជាប្រចាំដូចផ្ទះសម្បែងទៅហើយ។ ថ្ងៃចាប់ខ្លួនមេចលនាភេរវកម្ម ដែលពាក់ស្រោមមុខជាមូស្លីមបរិសុទ្ធនេះ បណ្ដាជនមូស្លីមប្រមាណជា៥០០នាក់ដែលរស់នៅជុំវិញ ជាពិសេស បព្វជិតនៃសាសនាឥស្លាមក្បែរខាងគ្នាដែរនោះ គឺ Moulvi បានចេញមុខមកការពារ Usmani ពីការចាប់ចងរបស់ប៉ូលិស ដោយហេតុពួកគេសម្អាងថា Usmani ជាអ្នកបួសពោរពេញដោយសីលបរិសុទ្ធ និងតែងតែជួយសង្គ្រោះជនក្រីក្រ រហូតមានឈ្មោះជាមនុស្សគួរគោរពនៅក្នុងភូមិស្រុក។

អ្នកភូមិផ្អើលឈូរឆចេញមើលសកម្មភាពនគរបាលប្រឆាំងភេរវកម្ម ចុះចាប់ខ្លួន Usmani ដល់ព្រះវិហារឥស្លាមតែម្ដង
Usmani ជាមនុស្សមានស្មារតីរឹងមាំល្អណាស់ គេមិនបានភ័យតក់ស្លុតអ្វីបន្តិចឡើយ បើទោះបីជាដឹងថាខ្លួនឯងកំពុងធ្លាក់ចូលជ្រោះមរណៈក៏ដោយ

សូរិយា បានព្យាយាម និយាយពន្យល់អ្នកភូមិ ពីអំពើឧក្រិដ្ឋដែល Usmani បានប្រព្រឹត្តកន្លងមក។ ក្រៅពីពន្យល់ដោយធម៌ត្រជាក់ហើយ សូរិយា ក៏នៅគំរាមដោយធម៌ក្ដៅថែមទៀតផង ដើម្បីធ្វើយ៉ាងណាអាចចាប់ខ្លួន Usmani យកចេញទៅបានដោយរលូន។

ដោយសារតែកន្លងមក អ្នករស់នៅក្នុងភូមិមិនដែលឃើញ Usmani ប្រព្រឹត្តិអំពើអាក្រក់អ្វីសោះ ទើបពួកគេចេញមកការពារ ប៉ុន្តែសូរិយាវណ្ណ បានពន្យល់ពីសមាសភាពរបស់ Usmani រួមទាំងពន្យល់ហេតុនិងផលសព្វគ្រប់បែបយ៉ាងដល់អ្នកភូមិបានយល់បានដឹងទាក់ទងនឹងភេរវកម្ម ទម្រាំតែគេព្រមឱ្យចាប់យកទៅបាន

នៅក្នុងមន្ទីរឃុំឃាំងសួរចម្លើយ Usmani ត្រូវបានក្រុមនាយប៉ុស្តិ៍ចង ធ្វើទារុណកម្មរាងកាយ ដើម្បីសួរចម្លើយរកប្រភពបណ្ដាញរបស់គ្នីគ្នាពួកគេជាបន្ត។ ទោះឈឺសាច់ប៉ុនណា ក៏មេភេរវកររូបនេះ មិនព្រមនិយាយអ្វីដែរ រហូតដល់លោកនាយ Kabir Shroff ឱ្យយោបល់ថា “មនុស្សដូចជា Usmani បើត្រឹមឈឺសាច់ គេមិននិយាយទេ ត្រូវធ្វើឱ្យគេឈឺចិត្តវិញ”។ បានក្បួននេះហើយ សូរិយា ក៏បញ្ជាឱ្យកូនចៅ រៀបចំល្បិចបញ្ឆោត។

Usmani ចាញ់បោកល្បិចប៉ូលិស បានសារភាពប្រាប់អស់ពីផែនការភេរវកម្ម

ពួកគេ បានទៅចាប់ចងប្រពន្ធ និងកូនស្រី របស់ Usmani មកបង្ហាញចំពោះមុខវិរបុរសបិសាច ហើយបន្ទាប់មកទើបនាំយកពួកគេទៅបន្ទាប់ជាប់គ្នានោះ ដើម្បីធ្វើទារុណកម្ម។ តាមពិតទៅ ប៉ូលិស មិនបានប្រើហិង្សាវាយលើស្ត្រីទាំង២នាក់ទេ គឺពួកគេវាយលើវត្ថុផ្សេង ហើយឱ្យប៉ូលិសស្រី២នាក់ ស្រែកយំកងរំពង។ Usmani គិតថាជាសម្រែករបស់ប្រពន្ធ និងកូនស្រី ដែលកំពុងត្រូវបានគេវាយវាត់ ទើបយល់ព្រមសារភាពនូវផែនការបំផ្ទុះគ្រាប់បែកនៅក្រុងម៉ុមបៃ និងបណ្ដាញរបស់ពួកគេ ប្រាប់ប៉ូលិសគ្មានសល់។

នៅក្នុងថ្ងៃនោះដែរ Usmani បានប៉ូលិសស្នើសូមឱ្យនាំទៅបង្ហាញអសយដ្ឋានជនឧក្រិដ្ឋដែលជាប់ពាក់ព័ន្ធ ទើប Usmani នាំខ្លួនគេទៅដល់ផ្ទះដ៏រខេករខាកមួយ ដែលផ្ទះនោះជារបស់ Rafique ជំនួយការផ្ទាល់របស់ Usmani។ ប្រហែលជា កន្លងមក​ ពួកគេធ្លាប់បានផ្ដល់សញ្ញាដល់គ្នានិងគ្នាទៅវិញទៅមក ទាក់ទងនឹងដំណោះស្រាយបន្ទាន់ពេលមានគ្រោះអាសន្ន ទើបនៅក្នុងវេលាដែល Usmani ចូលទៅអង្គុយនៅក្នុងផ្ទះ Rafique គេបានស្នើសូមទឹកក្ដៅ ហើយ Rafique ក៏ទៅដាក់ឆ្នាំងដាំទឹក រួចមើលបើកចង្ក្រានហ្គាស។ គ្រាន់តែ Rafique បើកភ្លើងចង្ក្រានដាំទឹករួច Usmani និង Rafique បានលុតជង្គង់ចុះលើកម្រាលឥដ្ឋ បិទភ្នែក ហើយលើកដៃទាំង២ដាក់បញ្ឈរឡើង ធ្វើដូចជាកំពុងតែអធិដ្ឋានទៅតាមប្រពៃណី អ៊ីស្លាមសាសនិក។

នាយប៉ូលិស មាឌធំក្រអាញ គឺ Ashish ដែលជាអ្នកដើរចូលទៅក្នុងផ្ទះជាមួយនឹង Usmani ដើម្បីទៅប្រមូលភ័ស្ដុតាង ហាក់ស្រឡាំងកាំង ព្រោះតែគេមិនសូវមានភាពឈ្លាសវៃស៊ីជម្រៅទាក់ទងនឹងភាពជា Martyr របស់ពួកមូស្លីមជ្រុលនិយម ដែលពិភពលោកហៅថា Sunni Jihad នោះ។ ប្រសិនបើ ថ្ងៃនោះ លោកនាយ សូរិយាវណ្ណស៊ី ជាអ្នកដឹកនាំបេសកកម្មវិញ ប្រហែលជា Ashish អាចរួចជីវិតពីការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ Kader Usmani បានមិនខានឡើយ។ ប៉ុន្តែអ្វីៗហួសពេលអស់ មិនមែនតែផ្ទះដ៏តូចរបស់ Rafique ទេដែលផ្ទុះឆេះ លម្លាំងគ្រាប់បែកលាយជាមួយនឹងភ្លើងធុងហ្គាស គឺវាបានបំផ្លាញអគារទាំងមូលក្នុងតំបន់នោះ។ តាមពិត Rafique បានដឹងមុនពីការចាប់ខ្លួនមេដឹកនាំក្រុម ហើយនិងវាសនាខ្លួនឯង ទើបគេបានរៀបចំដាក់បង្កៃគ្រាប់ RDX ក្បែរធុងហ្គាស ក្នុងចង្ក្រានបាយ ទុកស្វាគមន៍ដំណើរមកដល់របស់នាយប៉ូលិស និងគ្រូរបស់ខ្លួនឯងនាគ្រានោះ។

ពិធីបុណ្យសពរបស់នាយនគរបាលប្រយុទ្ធប្រឆាំងភេរវកម្ម Ashish ក្រោយការបាត់បង់ជីវិតដោយសារបំពេញបេសកកម្ម

មរណភាពរបស់ Ashish និងសេចក្ដីទួញសោកសង្រេងរបស់ភរិយានិងកូនប្រុសតូច ធ្វើឱ្យ Dr. Ria មានវិប្បសារចិត្តយ៉ាងខ្លាំង។ ប្រសិនបើថ្ងៃនោះ គាត់មិនទៅរំអុកឱ្យសូរិយា អមដំណើរទៅស្ថានទូតអូស្ត្រាលី ដើម្បីផ្ដិតមេដៃទេ ប្រសិនបើនាងព្រមស្ដាប់តាមការពន្យល់ហេតុផលខ្លះរបស់សូរិយាជាប្ដី ប្រសិនបើនាងដាក់មានះចុះតែបន្តិច ហើយព្រមចាត់ទុកបញ្ហាសន្តិសុខជាតិធំជាងរឿងផ្ទាល់ខ្លួន ម្ល៉េះពេលនេះ Ashish ច្បាស់ជាមិនស្លាប់ ហើយស្ត្រីដ៏ស្លូតបូតម្នាក់ជាគ្រូបង្រៀន នឹងមិនក្លាយជាស្ត្រីមេម៉ាយ ក្មេងតូចមិនដឹងក្ដីម្នាក់នឹងមិនកំព្រាឪពុកឡើយ។

ក្នុងថ្ងៃបូជាសព នាយនគរបាល Ashish ដែលគេចាត់ទុកជាវិរបុរសបាត់បង់ជីវិតដោយបេសកកម្មការងារសង្គ្រោះប្រទេសជាតិ ក្លាយជាថ្ងៃដែល Ria ខ្លួនឯងភ្ញាក់រឭកចាកចេញពីអត្តចរិតរឹងរូស។ សម្ដីមួយម៉ាត់របស់ភរិយា Ashish រងំពេញក្នុងសោតវិញ្ញាណរបស់ Ria “គ្រួសារ គឺជាអំណោយដ៏ល្អអស្ចារ្យជាងគេបំផុតក្នុងជីវិត សូមរក្សាគ្រួសារឱ្យបានល្អ”

វេជ្ជបណ្ឌិត Ria ហាក់មានវិប្បសារចិត្ត និងបានបន្ទោសខ្លួនឯងដែលមានចំណែកធ្វើឱ្យ Ashish ស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូនរបស់គេ
ពេលដែល សូរិយាវណ្ណ កំពុងតែរវល់នឹងភារកិច្ចសំខាន់ត្រូវបំពេញដោយខ្លួនឯង ស្រាប់តែលេចមុខ Ria ជាភរិយា មកបង្ខំសូមឱ្យទៅចុះហត្ថលេខានៅស្ថានទូតអូស្ត្រាលី ដើម្បីនាងមានសិទ្ធិអាចនាំកូនប្រុសចេញទៅ | ដំបូងឡើយ សូរិយា ប្រកែកមិនអាចទៅ តែពេលនោះ Kabir ជាអ្នកអាកាត់ឱ្យសូរិយាទៅជាមួយភរិយា ហើយប្រគល់ភារកិច្ចដឹកនាំសំណុំរឿង Usmani ទៅ Ashish ជាអ្នករ៉ាប់រងជំនួសវិញ រហូតដល់ចុងក្រោយត្រូវភ្លាត់ស្នៀតបង់ជីវិតរបស់ Ashish

ដំណឹងនៃការក្លាយជា Martyr ២នាក់ទៀតរបស់សមាជិក Lashkar ធ្វើឱ្យ Riyaaz, Mukhtar, Raza, និងគ្នីគ្នារបស់គេទាំងអស់ ឡើងកម្ដៅកំហឹងកាន់តែខ្លាំងចំពោះរដ្ឋបាលឥណ្ឌា ហើយបានស្បថចំពោះមុខព្រះពួកគេ ថានឹងត្រូវតែកម្ទេចប្រទេសនេះឱ្យបាន ដើម្បីសងសឹក។ ឃ្លាមួយដែលក្រុមជ្រុលនិយមនេះនាំគ្នាសូត្រពេលថ្វាយបង្គំព្រះ មុននឹងចេញប្រតិបត្តិការឧក្រិដ្ឋកម្មមនុស្សជាតិ គឺ “ការមានឱកាសបានក្លាយជាទុក្ករបុគ្គល (Opportunity of Martyrdom) ដើម្បីផ្គាប់ឆន្ទៈព្រះ គឺជាពរជ័យនិងភ័ព្វសំណាងល្អបំផុត” (តាមការពិតវាមិនមានចែងក្នុងគម្ពីរឥស្លាមដើមនោះទេ វាជាការបំភ្លៃប្រតិដ្ឋឡើងពីសំណាក់ពួកជ្រុលនិយម)។ ឃ្លាប្រយោគនៃធម៌ដ៏ថោកទាបនេះ ត្រូវបានសូត្រដោយពួកមូស្លីម និកាយ Jihad ស្ទើរតែគ្រប់គ្នា នៅទូទាំងពិភពលោក។ ថាមពល កម្លាំងចិត្តដូចបិសាចសណ្ឋិតនេះហើយ ដែលធ្វើឱ្យ Mukhtar ត្រូវសម្លាប់ភរិយាខ្លួនឯងចោល ដើម្បីបំបិទមាត់ ក្រោយពេលនាងបានដឹងថាស្វាមីខ្លួនដែលមានឈ្មោះថា Vivek តាមការពិតជា Mukhtar និងជាកំពូលភេរករ អង្គការ Lashkar។

ក្រុមសមាជិកអង្គការ Lashkar នាំគ្នាបួងសួង មុនចេញយុទ្ធនាការណ៍បំផ្ទុះទីក្រុងម៉ុមបៃ
Mukhtar បីសាកសពភរិយាជាស្ត្រីឥណ្ឌាកាន់សាសនាហិណ្ឌូ ដែលមេកើយរបស់គេ Riyaaz បាញ់សម្លាប់នាងនៅចំពោះមុខខ្លួនជាប្ដី ខណៈដែលនាងបានឃើញនិងដឹងពីសមាសភាពពិតរបស់ក្រុមនេះដោយចៃដន់

ក្រោយមរណភាពរបស់ Kader Usmani សូរិយា បានអញ្ជើញកូនស្រីរបស់ Usmani មកការិយាល័យប៉ូលិស ដើម្បីស្នើសូមឱ្យនាងសហការណ៍ តាមវែករកមុខបណ្ដាញភេរវករផ្សេងទៀតដែលជាប់ពាក់ព័ន្ធ។ Aayat ជាកូនស្រី មិនដែលបានដឹងអ្វីសោះពីភេរវកម្ម ព្រោះតែអំពើអាក្រក់ដែលឪពុកនាងបានធ្វើកន្លងមក ជាកិច្ចការសម្ងាត់។

Aayat ក្រោយពីសម្លឹងមើលរូបថតជាច្រើនក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ប៉ូលិសរួចហើយ នាងក៏បានកត់សម្គាល់រូបថតរបស់បុរសម្នាក់ដែលតែងតែចេញចូលញឹកញាប់ជួបឪពុកនាង គឺ Vivek Shastri ដែលមានឈ្មោះពិតថា Mukhtar Ansari។ បានពន្លឺភ្លាម ប៉ូលិសម៉ុមបៃ ក៏បានឆែករកឃើញអសយដ្ឋាន កន្លែងប្រកបមុខរបររកស៊ីរបស់ Mukhtar ភ្លាម ហើយបានបញ្ជាតាមទូរសព្ទទៅប៉ូលិសនៅក្នុងតំបន់ Shivgarh ឱ្យចុះយុទ្ធនាការណ៍ចាប់ខ្លួនមុខសញ្ញាភ្លាមៗ។

Aayat ជាកូនស្រីរបស់ Usmani បានយល់ព្រមសហការណ៍នឹងប៉ូលិស ដើម្បីរាវរកបណ្ដាញភេរវករផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធនឹងឪពុកនាង

Sidi Simmba គឺជាប៉ូលិសឥណ្ឌាប្រចាំនៅតំបន់ Shivgarh ដ៏មានសមត្ថភាពខ្លាំងពូកែ គេបានចុះទៅប្រយុទ្ធនិងចាប់ចង Mukhtar នៅនឹងយានដ្ឋានជួសជុលរថយន្តរបស់គេ បានយ៉ាងទាន់ចិត្ត។

នាយប៉ូលិស Sidi Simmba ប្រចាំតំបន់ Shivgarh ចុះចាប់ខ្លួន Mukhtar ដល់យានដ្ឋាន
Simmba ទូរសព្ទរាយការណ៍ជូន សូរិយា ពាក់ព័ន្ធនឹងចម្លើយសារភាពរបស់ Mukhtar

Mukhtar ដោយដឹងថា ទោះជាប្រាប់ការពិត ក៏ប៉ូលិស គង់ចាត់ការអ្វីមិនទាន់ពេលដែរ ទើបគេប្រាប់ទាំងអស់ពីផែនការបំផ្ទុះគ្រាប់បែកក្នុងល្ងាចថ្ងៃហ្នឹងតែម្ដង។ នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ នឹងមានគ្រាប់ផ្ទុះចេញពីក្នុងរថយន្តចំនួន ៧គ្រឿង ផ្សេងៗគ្នា ពីទីតាំង៧កន្លែងផ្សេងគ្នា ហើយវានឹងផ្ទុះរៀងរាល់៥នាទីម្ដង បណ្ដាក់គ្នាជាស៊េរី ដូចព្រឹត្តិការណ៍ Bombay ឆ្នាំ ១៩៩៣ ដែរ។ ក្នុងនោះ រថយន្ត៦គ្រឿងបានយកចេញទៅទីក្រុងម៉ុមបៃអស់ហើយ​ នៅសល់តែរថយន្ត១គ្រឿងទៀតទេ ដែលនៅមិនទាន់បានជញ្ជូនយកចេញ។ រថយន្តទី១ គឺ Chevrolet ពណ៌ស ស្លាកលេខ MH02 NT2728 នឹងផ្ទុះនៅម៉ោង ០១:៣០នាទីរសៀលថ្ងៃនេះ គឺនៅសល់ពេល១ម៉ោងទៀត។

ក្រោយទទួលបានព័ត៌មានច្បាស់ការណ៍ហើយ Kabir ចាប់ផ្ដើមរាយការណ៍បន្ទាន់ទៅប៉ូលិសប្រចាំតាមតំបន់ទាំង៧ ដែលជាប់ក្នុងបញ្ជីបំផ្ទុះគ្រាប់បែក ដើម្បីចុះឆែករករថយន្តទាំង៧គ្រឿងក្នុង៧ទីតាំង ជាបន្ទាន់៖

ថ្ងៃកំណត់បំផ្ទុះគ្រាប់បែកបានមកដល់ | ភេរវករ Lashkar បានរៀបចំផែនការបំផ្ទុះនៅចំនួន ៧ កន្លែងខុសៗគ្នា ក្នុងទីក្រុង ម៉ុមបៃ
ប៉ូលិសខ្វែងដៃខ្វែងជើង រត់ដើររករថយន្តទាំងឡាយណាដែលមានបង្កៃគ្រាប់បែកម៉ោង នៅតាមទីប្រជុំជននានា
នៅទីសក្ការៈបូជានៃសាសនាហិណ្ឌូ ជាកន្លែងដឺនឹងត្រូវផ្ទុះគ្រាប់បែកមុនគេបង្អស់ ប៉ុន្តែប៉ូលិសបានដឹងមុនទាន់ពេលវេលា
សូរិយាបានជម្លៀសយករថយន្តដែលមានគ្រាប់បែក ដែលនឹងផ្ទុះនៅក្នុងរវាង ៥នាទីទៀត ទៅបោះចោលនៅឆ្ងាយពីទីក្រុង

ទីតាំង ទី១. Gate Way of India, ទីតាំង ទី២. CST Station, ទីតាំង ទី៣. Dadar Market, ទីតាំង ទី៤. BKC (Bandra Kurla Complex), ទីតាំង ទី៥. Bandra Station, ទីតាំង ទី៦. Minar Chowk, ទីតាំង ទី៧. Lower Parel

ដោយដឹងថានគរបាលជើងគោក នឹងមិនអាចដោះស្រាយបញ្ហាគ្រោះថ្នាក់ដ៏ធំនេះទាន់ពេលវេលា ទើបមានអន្តរាគមន៍ភ្លាមៗពីនគរបាលសង្គ្រោះបន្ទាន់នៃទ័ពអាកាស។

កងកុម្ម៉ង់ដូពិសេស ចេញប្រតិបត្តិការជួយសង្គ្រោះទីក្រុងម៉ុមបៃ

ឧទ្ធម្ភាគចក្រប៉ូលិសប្រសេចប្រសាច ហោះហើរពេញទីក្រុងម៉ុមបៃ ផ្អើលអស់មនុស្សម្នាក្នុងទីក្រុង ដើម្បីចេញស្ទូចរថយន្តដែលមានបង្កៃគ្រាប់បែកទាំងអស់ យកទៅទម្លាក់ចោលនៅក្នុងសមុទ្រ។ ក្នុងនោះ រថយន្តទី១ ត្រូវបាន សូរិយាវណ្ណស៊ី បើកយកទៅបំផ្ទុះចោលដោយផ្ទាល់ដៃមុនគេបង្អស់ចេញពីតំបន់ដ៏កុះករ ដែលប្រជុំទៅដោយព្រះវិហារសាសនាឥស្លាម និងហិណ្ឌូ ព្រមទាំងជាថ្ងៃសីល ថ្ងៃដែលបរិសទគ្រប់គ្នានៃសាសនាផ្សេងៗគ្នា ត្រូវរៀបចំពិធីបួងសួងផង។

រថយន្តទាំង៦គ្រឿងដែលនៅសល់ មិនទាន់ផ្ទុះ ត្រូវបានឧទ្ធម្ភាគចក្ររបស់នគរបាល ATS ស្ទូចយកទៅទម្លាក់ចូលទៅក្នុងសមុទ្រទាំងអស់
ទីបំផុតទីក្រុង ម៉ុមបៃ ត្រូវបានសង្គ្រោះដោយក្រុមកងកម្លាំងពិសេសរបស់នគរបាលជាតិឥណ្ឌា

សង្គ្រោះទីក្រុងម៉ុមបៃបានហើយ ប៉ុន្តែនៅសល់ទីស្នាក់ការធំ ATS មួយទៀតដែលក្រុមភេរករ បានចូលទៅដល់ក្នុងថ្ងៃនោះដែរ។ Riyaaz បានដឹកនាំក្រុមភេរករ Lashkar មួយហ្វូង ជាមួយនឹងចំណាប់ខ្មាំង១នាក់ ដែលពួកគេចាប់យកទៅចងគ្រាប់បែកជុំវិញរាងកាយ ដើម្បីជាថ្នូរជាមួយនឹងការដោះលែង Mukhtar។ ចំណាប់ខ្មាំងនោះ គឺ Dr. Ria ភរិយារបស់ សូរិយាវណ្ណ ដែលនាងបានធ្វើដំណើរសំដៅមកប៉ុស្ដិ៍ប៉ូលិស ដំបូងប្រុងមកប្រាប់ដំណឹងថា នាងប្ដូរចិត្តឈប់ទៅអូស្ត្រាលីទៀតហើយ តែជាអកុសលអី ក៏ត្រូវក្រុម Lashkar ចាប់បានតែម្ដង។

នៅក្នុងអំឡុងពេលដ៏គ្រោះថ្នាក់នោះ ប៉ូលិសគ្រប់គ្នា ត្រូវបានពួកភេរវករ បង្ក្រាបបាន តាមរយៈការគំរាមទាក់ទងនឹងគ្រាប់បែកដែលគេបានប្រាប់ថា បានបង្កៃនៅជុំវិញអគារទីស្នាក់ការប៉ូលិសជុំជិតអស់ហើយ ហើយពួកគេក៏ស្មគ្រជា Martyr ប្រសិនបើប៉ូលិសមិនក្រាបចុះ។

មួយសន្ទុះក្រោយមក ទើបមានជំនួយធំមួយទៀតពីអធិការប៉ូលិស ដ៏មានសមត្ថភាព មួយរូប គឺ Bajirao Singham ។

ដោយដឹងថា ស្ថានភាពចាប់ផ្ដើមតឹងតែងទៅហើយ Mukhtar បានចុចកុងតាក់បម្រុងនឹងបំផ្ទុះឱ្យស្លាប់ទាំងអស់គ្នា ប៉ុន្តែតេឡេបញ្ជារបស់គេ ប្រហែលជារៀបដាក់ខុសបច្ចេកទេស ទើបចុចទៅអត់ផ្ទុះ។ ឃើញឱកាសល្អ សូរិយា និងក្រុមប៉ូលិសទាំងអស់ដែលក្រាបចុះនោះ ក៏ស្ទុះងើបឡើងប្រយុទ្ធតដៃជាមួយក្រុម Lashkar ភ្លាត់ស្នៀតនោះ រហូតទទួលបានជ័យជម្នះជាស្ថាពរ។

ជួយគ្នាដោះគ្រាប់បែកចចេញពីខ្លួនរបស់ Ria បានសម្រេច
នៅជីវិតចុងក្រោយ កូនប្រុសទាំង២ និងក្មួយ បានទូរសព្ទទៅជម្រាបប្រាប់ Omar ជាឪពុកថា ផែនការរបស់ពួកគេបរាជ័យហើយ
ប៉ុលិស ATS របស់ទីក្រុងម៉ុមបៃ ទីបំផុតក៏អាចបោសសម្អាតក្រុម Lashkar បានដោយជោគជ័យនាគ្រានោះ
នៅឯគេហដ្ឋានរបស់ Omar Hafeez នាតំបន់ Muzaffarabad ប្រទេសប៉ាគីស្ថាន ម្ដាយ បងប្អូនស្រី យំសោកពេញផ្ទះក្រោយឮដំណឹងដ៏អាក្រក់នេះ

ដំណឹងស្ដីពីការស្លាប់របស់ សមាជិក Lashkar ទាំងអស់ ដែលក្នុងនោះ រួមមានកូនប្រុសបង្កើត២នាក់របស់ Omar គឺ Riyaaz និង Raza មិនបានធ្វើឱ្យ Omar Hafeez មានវិប្បសារចិត្តទេ។ កំពូលមេភេរវករ ដ៏ឆ្កួតលេលានេះ នៅតែអរគុណព្រះជាម្ចាស់របស់គេថែមទៀត ហើយគិតថា នេះជាពរជ័យ។ អាណិតតែភរិយា ទេដែលទទួលយកមិនបាននូវដំណឹងដ៏ខ្លោចផ្សារនេះ។ Omar បានសច្ចាធិដ្ឋានថា គេនឹងនៅតែបន្តសង្គ្រាមភេរវកម្មនេះ ជាមួយនឹងពិភពលោកទាំងមូល មិនឈប់ទេ ដើម្បីព្រះជាម្ចាស់របស់គេ។

ដូច្នេះហើយ ទើបសព្វថ្ងៃនេះ សកម្មភាពព្រៃផ្សៃរបស់ពួក Sunni Jihad នៅតែជាបញ្ហាគំរាមសម្រាប់ពិភពលោកទាំងមូល ជាពិសេសបណ្ដាប្រទេសទាំងឡាយណាដែលមានជម្លោះនយោបាយជាមួយនឹងប្រទេស កាន់សាសនាឥស្លាមជ្រុលនិយម​ និកាយ Jihad។

សូមបញ្ជាក់ថា ការយកឈ្មោះ ឥស្លាម ទៅដាក់ជាឈ្មោះអង្គការភេរវកម្មពិភពលោក មិនមែនជាការឆ្លុះបញ្ចាំងពីឆន្ទៈរបស់អ្នកកាន់សាសនាឥស្លាមទាំងអស់ទេ វាគឺជាការលាបពណ៌ឱ្យពិភពលោកយល់ច្រឡំមកលើសាសនាឥស្លាម ពីសំណាក់ក្រុមមនុស្ស ដែលមានបេះដូងជាព្រាយបិសាច មួយក្រុម។ ហើយក្រុមពួកអស់នេះ បានបំបែកឈ្មោះ បំបែកបក្ស បំបែកសម្បុក រស់នៅនិងលាក់ខ្លួនជាសម្ងាត់នៅតាមបណ្ដាប្រទេសទាំងឡាយណាដែលគាំទ្រលទ្ធិផ្ដាច់ការសាហាវយង់ឃ្នងដូចពួកគេដែរ។ សព្វថ្ងៃនេះ គិតត្រឹមទិន្នន័យឆ្នាំ ២០២២ ប្រទេសដែលមានអង្គការភេរវកម្មច្រើនជាងគេក្នុងពិភពលោក ទី១ គឺ Islamic Emirate of Afghanistan ដឹកនាំដោយអង្គការឈ្មោះ Al Qaeda មានទីតាំងនៅចំកណ្ដាលទ្វីបអាស៊ី និង លយផ្អៀងទៅក្នុងអាស៊ីខាងកើតផង (មជ្ឈិម+បូព៌ា)។ ប្រទេសមួយទៀត ដែលមានអង្គការភេរវកម្មគួរខ្លាច ច្រើនបំផុតទី២ក្នុងពិភពលោក គឺ Republic of Iraq ដែលស្ថិតនៅក្នុងតំបន់អាស៊ីខាងលិច ជាទីតាំងនៃស្ថាបនិកអង្គការ ISIS។

“សាសនា” ប្រែថា ការបង្រៀន ការទូន្មានប្រៀនប្រដៅ ការអប់រំ។ សាសនាណាក៏ដោយ​ ដែលមិនបានបង្រៀនមនុស្សឱ្យពិចារណាពីហេតុផល និងការដកពិសោធន៍ ហើយបង្រៀនឱ្យ “ជឿ” តែម្យ៉ាង វានឹងមិនអាចនាំពិភពលោកនេះ ទៅរកសុខសន្តិភាពបានទេ!

___________

ខ្សែភាពយន្ត Sooryavanshi មានបញ្ចាំងនៅក្នុង Netflix មានប្រវែង ១៤៥ នាទី (ឬប្រហែល ២ម៉ោងកន្លះ)។ និពន្ធ និងដឹកនាំរឿងដោយ Rohit Shetty ។ ជាខ្សែរឿងប្រតិដ្ឋដោយផ្អែកលើព្រឹត្តិការណ៍ពិតនៅទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៩៣។

សម្ដែងដោយ

Akshay Kumar ជាតួ Veer Sooryavanshi (សូរិយាវណ្ណស៊ី) | Katrina Kaif ជាតួ Ria Gupta | Jaikishan Kakubhai ហៅ Jackie Shroff ជាតួ Omar Hafeez | Abhimanyu Singh ជាតួ Riyaaz Hafeez | Gulshan Grover ជាតួ Kader Usmani | Jaaved Jaaferi ជាតួ Kabir Shroff | Kumud Mishra ជាតួ Bilal Ahmed | Niharica Raizada ជាតួ ប៉ូលិសស្រី Tara | Nikitin Dheer ជាតួ Mukhtar Ansari | Vivan Bhatena ជាតួ នាយប៉ូលិស Vivaan | Ajay Devgn ជាតួ ប៉ូលិស Bajirao Singham |

Leave a comment