សង្ខេបភាពយន្ត រឿង RRR: Rise Roar Revolt (រុងរឿង រំជួល រម្លើង)

នេះជាអត្ថបទដំបូងរបស់ខ្ញុំ ដែលសរសេរឡើងដើម្បីសង្ខេបខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ និងបែបជាតិនិយម របស់ Bollywood មួយ ដែលខ្ញុំទើបតែបានទស្សនាថ្មីៗនេះ គឺរឿង RRR។

ផ្ទាំងប៉ាណូផ្សាយខ្សែភាពយន្ត RRR ទាញពីអ៊ីនធើណិត

RRR ជាអក្សរកាត់ មកពីពាក្យ ៣ គឺ “Roudram Ranam Rudhiram” ហើយពាក្យទាំង៣នេះ គឺជាភាសា Telugu(1) បកប្រែមកថា“កំហឹង សង្គ្រាម ឈាម” (Rage, War, Blood) ប៉ុន្តែអ្នកអក្សរសាស្ត្រភាសាអង់គ្លេស បានបកប្រែអក្សរ RRR ទៅតាមទម្រង់ព្យញ្ជនៈដាក់ថា Rise Roar Revolt ប្រែថា “ចែងចាំង សម្រែក បដិវត្ដន៍” ដើម្បីឱ្យមានខ្លឹមសារស្របទៅនឹងភាសាដើមផង និងស្របសាច់រឿងទាំងមូលផង។ ប្រសិនបើខ្ញុំមានឱកាសត្រូវបានគេសូមឱ្យដាក់ចំណងជើងរឿងនេះ ជាភាសាខ្មែរ ខ្ញុំនឹងដាក់ថា “រុងរឿង រំជួល រម្លើង”

_________

(1) Telugu: គឺជាភាសាមួយដែលត្រូវបានគេប្រើជាផ្លូវការនៅក្នុងចង្កោមភាសា Dravidian និយាយដោយប្រជាជន Telugu ដ៏ច្រើនលើសលុប ដែលរស់នៅក្នុងប្រទេសឥណ្ឌា ត្រង់ចំណុចតំបន់ Andhra Pradesh និង Telangana ដែលមានទីតាំងស្ថិតនៅឥណ្ឌាភាគខាងត្បូង ស្រីលង្កាភាគអាគ្នេយ៍ និង ប៉ាគីស្ថានភាគនិរតី។

________

សង្ខេបរឿង

RRR បានបើកឆាកផ្ទៃរឿងដោយនិយាយពីគ្រួសារកុលសម្ព័ន្ធព្រៃភ្នំមួយ ជាជនជាតិ Telugu នៅក្នុងតំបន់ Adilabad ដែលជាតំបន់ធ្លាប់ស្ថិតនៅទីប្រជុំរដ្ឋឥណ្ឌា ក្នុងឆ្នាំ ១៩២០។ Adilabad កាលណោះ គឺជាសមាគតរដ្ឋ Telangana (ស្ថិតនៅឥណ្ឌាខាងត្បូង សម័យបច្ចុប្បន្ន)។

ក្មេងជំទង់ Malli កំពុងតែគូររូបសិល្បៈលើដៃរបស់ Catherine Scott នៅក្នុងភូមិដាច់ស្រយាលមួយ នៃកុលសម្ព័ន្ធ Gond ឆ្ងាយពីទីក្រុងញូឌែល្ហី និងត្រូវបានចាប់ពង្រត់ដោយទាហានអង់គ្លេស ក្រោមការបញ្ជាពី Catherine

ឈុតឆាកដំបូង ផ្ដើមឡើងដោយក្មេងស្រីជំទង់ម្នាក់ ឈ្មោះថា “ម៉ាលី” (សម្ដែងដោយ Twinkle Sharma) ជាកូនស្រីរបស់នាង Loki ស្ត្រីនៃកុលសម្ព័ន្ធ Gond (សម្ដែងដោយ Ahmareen Anjum) ត្រូវបានចាប់ពង្រត់ដោយបង្ខំចេញពីក្រុមគ្រួសារ ពីសំណាក់ពួកទាហានអង់គ្លេសមួយក្រុម ដែលដឹកនាំដោយលោកអភិបាល Scott Buxton (សម្ដែងដោយ George Raymond Stevenson) ក្រោយពីឃើញស្នាដៃរបស់ ម៉ាលី គូរឆ្លាក់ទឹកថ្នាំនៅលើដៃរបស់ប្រពន្ធលោកអភិបាល គឺនាង Catherine (សម្ដែងដោយ Alison Doody) ពោរពេញដោយសិល្បៈល្អឯកគួរជាទីពេញចិត្តខ្លាំងពេក។

អំពើចាប់ជំរិតនៅចំពោះមុខក្រុមគ្រួសារ ធ្វើឱ្យ Komaram Bheem (សម្ដែងដោយលោក Nandamuri Taraka Rama Rao Jr.) ដែលជាកូនប្រុសរបស់ Loki ហើយជាមេដឹកនាំកុលសម្ព័ន្ធផង និងជាបងប្រុសបង្កើតរបស់ ម៉ាលី ផងនោះ ចាប់ផ្ដើមរៀបចំផែនការរំដោះប្អូនស្រីពីកណ្ដាប់ដៃពួកអង់គ្លេសមកវិញ។ ផែនការរបស់ Komaram Bheem មិនធម្មតាទេ គេបានហ្វឹកហាត់ក្បាច់គុនដល់កម្រិតកំពូល មានកម្លាំងខ្លាំងដូចជាមនុស្សដែក ហើយក្រុមបងប្អូនរបស់គេតែងតែចេញផ្សងព្រេងជាមួយគ្នាក្នុងការប្រមាញ់សត្វសាហាវៗជាច្រើន ដោយរៀបអន្ទាក់ចាប់ទាំងរស់ ដើម្បីយកទៅបង្វឹកធ្វើជាទ័ពទុកធ្វើសង្គ្រាមជាមួយពួកអង់គ្លេស ក្នុងគោលបំណង រំដោះ ម៉ាលី មកវិញ។

Bheem រៀបអន្ទាក់ចាប់ប្រមូលសត្វព្រៃសាហាវៗជាច្រើនទុកយកទៅបង្វឹកទ័ពដើម្បីប្រយុទ្ធជាមួយទាហានអង់គ្លេស
Bheem ប្រមាញ់សត្វសាហាវរហូតដល់ថ្នឹកក្លាយជាជំនាញប្រចាំគ្រួសារ
រូបភាពផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម នៅតាមបណ្ដារោងភាពយន្តនានា | រឿង RRR

ដើម្បីរស់រានមានជីវិត និង ដើម្បីស៊ើបការណ៍ពីដំណឹងប្អូនស្រី, គ្រួសាររបស់ Loki បានផ្លាស់ចូលមករស់នៅក្នុងទីក្រុង Delhi។ គ្រប់គ្នានៅក្នុងគ្រួសារបានក្លែងធ្វើជាអ្នកជឿលើសាសនាអ៊ីស្លាម (តាមពិតពួកគេជាហិណ្ឌូ) ដើម្បីបង្វែងដានអាជ្ញាធរក្នុងតំបន់កុំឱ្យចាប់អារម្មណ៍ពួកគេ។ ហើយ Bheem បានក្លែងដាក់ឈ្មោះថ្មីមួយទៀត ហៅថា “Akhtar”​។ Bheem ឬ Akhtar ប្រកប របរ ជាជាងជួសជុលគ្រឿងម៉ាស៊ីនម៉ូតូឡានគ្រប់ប្រភេទ ប្អូនៗពួកគេធ្វើជាជាងចម្លាក់ គូរទឹកថ្នាំបែបសិល្បៈផ្សេងៗ​ ដើម្បីមានកម្រៃចិញ្ចឹមគ្រួសារ។ ជីវិតនៅក្នុងទីក្រុងញូឌែល្ហី Bheem តែងតែលាក់អត្តសញ្ញាណពិតស្ទើរតែសព្វរឿង ជាពិសេសគឺរឿងទាក់ទងនឹងភាពជាមេដឹកនាំកុលសម្ព័ន្ធមិនឱ្យអ្នកដែលរស់នៅទីក្រុងបានដឹងទេ។

Bheem ក្រោមឈ្មោះក្លែងក្លាយជា Akhtar បើកហាងជួសជុលម៉ូតូនិងរថយន្ត នៅទីក្រុង ញូឌែល្ហី ដើម្បីស៊ើបការណ៍ពីដំណឹងរបស់ ម៉ាលី ជាប្អូនស្រី
ពេលដែលពួកអាជ្ញាធរនៅតាមមូលដ្ឋាន ក្រោមអំណាចចក្រពត្តិអង់គ្លេស វាយធ្វើបាបដោយអយុត្តិធម៌ម្ដងៗ Bheem សុខចិត្តទ្រាំមិនតដៃ ដើម្បីលាក់បាំងអត្ដសញ្ញាណពិតរបស់ខ្លួនឯង

ប៉ុន្តែ ដំណឹងនៃភាពខ្លាំងពូកែរបស់គ្រួសារកុលសម្ព័ន្ធនេះ ជាពិសេសភាពខ្លាំងរបស់ Bheem មិនអាចលាក់ជិតទេ។ ការខ្សឹបខ្សៀវពីមនុស្សម្នាក់ទៅម្នាក់ បានលេចធ្លាយដល់ពួកមន្ត្រីអង់គ្លេសបានដឹងថា Bheem គឺជាមនុស្សដ៏ខ្លាំងពូកែ គ្មាននរណាអាចបង្ក្រាបគេបានឡើយ ហើយគេបានប្រមាញ់សត្វសាហាវៗពីក្នុងព្រៃ ដើម្បីត្រៀមទុកធ្វើសង្គ្រាមជាមួយពួកទាហានអង់គ្លេសទៀតផង។ ក្រោយទទួលដំណឹងនេះ ពួករាជការអង់គ្លេស ក៏បានគិតគូរដល់ផែនការតាមចាប់ខ្លួន Bheem ឱ្យបានមុនពេលដែល Bheem វាយប្រហាររដ្ឋាភិបាលអង់គ្លេសនៅថ្ងៃក្រោយ។

Rama Raju អធិការប៉ូលិសបម្រើកិច្ចការងារសម្រាប់រដ្ឋាភិបាលចក្រពត្តិអង់គ្លេស បានស្នើសូមបេសកកម្មតាមចាប់ខ្លួន Bheem ដើម្បីប្ដូរយកតំណែងជាឧត្ដមសេនីយ៍ឯក

និយាយពីបុរសម្នាក់ទៀត ដែលជាកំពូលអ្នកគុននិយមដ៏ពូកែខ្លាំងអស្ចារ្យគ្មានគូប្រៀប ជាជនជាតិឥណ្ឌា ប៉ុន្តែមានតួនាទីការងារជាប៉ូលីស បម្រើកិច្ចការរាជការជូនពួកចក្រពត្តិអង់គ្លេស ដែលកំពុងដាក់អាណានិគមមកលើប្រទេសឥណ្ឌាទាំងមូល មានឈ្មោះថា Alluri Sitarama Raju (សម្ដែងដោយលោក Ram Charan)។

Rama Raju បានទទួលបញ្ជាពីរាជការអង់គ្លេស ឱ្យចេញស្វែងរកតាមចាប់ខ្លួន Bheem ជាថ្នូរនឹងការតម្លើងបុណ្យសក្ដិជានាយឧត្ដមសេនីយ៍ឯកក្នុងរដ្ឋបាលអាណានិគម នៃរាជាណាចក្រអង់គ្លេស។ Raju រង់ចាំឱកាសនេះយូរមកហើយ ព្រោះការក្លាយជាមេដឹកនាំក្នុងរាជការអង់គ្លេស អាចធ្វើឱ្យគេមានសិទ្ធិគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដូច្នេះ Raju បានស្បថថា ទោះក្នុងលក្ខខណ្ឌណាក៏ដោយ គេត្រូវតែស្វែងរក និងចាប់ខ្លួន Bheem ទាល់តែបានជាដាច់ខាត ដើម្បីប្ដូរយកតំណែងនេះ។

នាយប៉ូលិស Raju បន្លំខ្លួនចូលក្នុងហ្វូងអ្នកស្រុកភូមិ ហើយធ្វើជានិយាយស្អប់ពួកអង់គ្លេស ដើម្បីបង្កសេចក្ដីទុកចិត្តពីអ្នកស្រុក គោលដៅស៊ើបរក Bheem

Rama Raju ក្នុងអំឡុងពេលបន្លំខ្លួនចូលទៅធ្វើជារាស្ត្រសាមញ្ញនៅក្នុងទីក្រុងញូឌែល្ហី គេជួបនឹងប្អូនប្រុសបង្កើតរបស់ Bheem ឈ្មោះ Lacchu (សម្ដែងដោយ Rahul Ramakrishna) ដែលមកសូមស្នើឱ្យ Raju ទៅជួយប្អូនស្រីគេ គឺម៉ាលី ដែលត្រូវលោកអភិបាល Scott ចាប់ខ្លួនយកទៅលាក់ទុកច្រើនឆ្នាំហើយ។ មូលហេតុដែល Lacchu ស្នើដូច្នេះ ព្រោះឮសូរ Raju ស្រែកជេរថាចង់សម្លាប់ Scott និងចង់សម្លាប់ស្ដេច George ដែលជាស្ដេចចក្រភពអង់គ្លេសនាគ្រានោះចោល។ Raju គ្រាន់តែឮភ្លាម គេដឹងភ្លាមថានេះជាសាច់ញាតិបងប្អូនរបស់ Bheem ប្រាកដណាស់ ទើបគេបញ្ឆោតនាំ Lacchu យកទៅស្នងការប៉ូលិស ប៉ុន្តែ Lacchu គ្រាន់តែឃើញពលបាលយាមទ្វារខាងមុខ លើកដៃគំនាប់គោរព Raju ភ្លាម Lacchu ដឹងថា Raju គឺជាប៉ូលិសអង់គ្លេស បងប្អូនគេក៏ដាក់មេប្រូចរត់រហូតទាល់តែគេចផុតពីកណ្ដាប់ដៃ Raju។

Raju បញ្ឆោតប្អូនប្រុសរបស់ Bheem គឺ Lacchu យកទៅប៉ុស្ដិ៍ប៉ូលិស ប៉ុន្តែបែកការណ៍ពេលកូនចៅលើកដៃគំនាប់ គោរពនៅចំពោះមុខ

ពេលកំពុងតែដេញរកចាប់ខ្លួន Lacchu ក្នុងថ្ងៃនោះ ប៉ូលិសសង្ហា Raju ស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់នៅក្នុងទីក្រុង កំពុងប្រឈមគ្រោះថ្នាក់ធំ ដោយសារតែគេអណ្ដែតលើទូកឈើតូចមួយនៅកណ្ដាលទន្លេ ក្រោមស្ពានដែកធំមួយ ដែលមានរថភ្លើងដឹកប្រេងឆ្លងកាត់ ហើយរថភ្លើងនោះ ផ្ទុះឆេះកំពប់ប្រេងចុះមកក្រោម និងឆេះរាលពេញផ្ទៃទន្លេ។ អ្នកស្រុកក៏ឈូឆរ ស្រែករកគេឯងទៅជួយសង្គ្រោះក្មេងប្រុសនោះ។ ខណៈទន្ទឹមគ្នា Raju រត់ទៅឈរពីលើស្ពាន លើកដៃធ្វើសញ្ញាស្រែករកអ្នកក្លាហានរូបណា ស្មគ្រទៅជួយក្មេងប្រុសនោះជាមួយនឹងគេ។ Bheem ដែលឈរភ័យស្លន់ដែរនៅមាត់ច្រាំងខាងក្រោម បានឃើញ Raju លើកដៃ គេក៏ធ្វើសញ្ញាតប ថានឹងឡើងទៅជួយជាមួយគ្នា។

រឿងនឹកស្មានមិនដល់ដែលបានកើតឡើងក្នុងថ្ងៃនោះ ធ្វើឱ្យ Raju និង Bheem ក្លាយជាមិត្តនឹងគ្នា ក្រោយបានបំពេញបេសកកម្មរួមគ្នាក្នុងការជួយជីវិតក្មេងប្រុសកម្សត់រូបនោះ។ ការជួបគ្នាដោយចៃដន់ ហើយមានឧបនិស្ស័យក្លាយមកជាមិត្តសម្លាញ់នឹងគ្នា ល្អល្អូកល្អើន ចាក់ទឹកមិនលិច ហាក់ដូចជាការប្រទានពរជ័យពីព្រះជាម្ចាស់ និងក៏ជាឈុតឆាកដែលធ្វើឱ្យអ្នកទស្សនាមានសេចក្ដីសុខជាមួយដែរ។

សកម្មភាពសប្បុរសធម៌ ធ្វើឱ្យពួកគេបានចាប់ដៃគ្នាក្លាយមកជាមិត្តភក្ដិដ៏ល្អ

ក្នុងអំឡុងថេរវេលានៃភាតរភាព ពួកគេតែងតែជួយគ្នាទៅវិញទៅមក នៅក្នុងជីវភាពរស់នៅក្នុងកិច្ចការងារសព្វបែបយ៉ាង។ ប៉ុន្តែពួកគេទាំង២បានលបលាក់ទុកអត្ដសញ្ញាណពិតរៀងៗខ្លួន។ Raju មិនដែលឱ្យ Bheem ដឹងថាខ្លួនជាប៉ូលីសរដ្ឋាភិបាលអង់គ្លេសទេ។ ហើយ Bheem ក៏មិនដែលឱ្យ Raju ដឹងថាខ្លួនជាមេកុលសម្ព័ន្ធដ៏ល្បីល្បាញនោះដែរ និងបានប្រាប់ត្រឹមតែឈ្មោះថាជា Ahktar ជាឈ្មោះក្លែងតែប៉ុណ្ណោះ។

រូបភាពផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្ដារោងភាពយន្តធំៗនានា | រឿង RRR
វិរបុរសទាំង២ កំពុងស្ថិតក្នុងអំឡុងពេលនៃសេចក្ដីសុខ នាមជាមិត្តភក្តិស្លាប់រស់នឹងគ្នា ប្ដូរជីវិតជួយគ្នាទៅវិញទៅមកគ្រប់យ៉ាង
ចូលទៅរាំយ៉ាងឆើតឆាយនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់រាជវាំងរដ្ឋាភិបាលអង់គ្លេស ដែល Bheem ត្រូវបានអញ្ជើញដោយ Jenny ជាស្ត្រីនៃវណ្ណៈអភិជនម្នាក់
ផ្ទាំងផ្សាយពាណិជ្ជកម្មសម្រាប់ឃោសនានៅតាមបណ្ដារោងភាពយន្តនានា | រឿង RRR | ឈុតដែលមិត្តភក្តិទាំង២នាក់ រាំបទ Naacho Naacho
ចង្វាក់រាំ Desi Naach ជាចង្វាក់ប្រពៃណីឥណ្ឌាដ៏ល្បីល្បាញ ដែលអ្នករាំភាគច្រើន រមួល កជើងដួលនៅពេលរាំបានយូរបន្តិច។ ពេលរាំបទភ្លេងនេះ គេប្រកួតគ្នា អ្នកណាដែលនៅបានយូរជាងគេ ជាអ្នកឈ្នះ។ ក្នុងឈុតឆាករាំបទ Desi Naach ឬ Naacho Naacho នេះ Raju បានចាប់អារម្មណ៍ឃើញថា Jenny កំពុងសម្លឹងមើលទៅ Akhtar យ៉ាងជក់ចិត្ត ដូច្នេះ Raju ក៏ធ្វើជាចាញ់ដួលទៅមុន ដើម្បីឱ្យ Jenny សប្បាយចិត្ត។ ឈុតនេះបានបង្រៀនយើងថា សេចក្ដីស្រលាញ់ពិតប្រាកដ គឺជាការលះបង់ និងព្រមចាញ់ដោយរីករាយ។
មិត្តភាពស្រស់បំព្រង គ្រប់ពេលវេលា ដូចបងប្អូន ព្រះរាមណ៍ ព្រះលក្ខណ៍
រូបភាពផ្សាយពាណិជ្ជកម្មសម្រាប់រោងភាពយន្ត រឿង RRR : Raju មានជំនាញខាងសេះ ចំណែក Bheem ជំនាញបង្ហោះម៉ូតូ

មិត្តភាពដ៏ល្អបរិសុទ្ធនេះ ស្រាប់តែបែកខ្ទេចខ្ទីអស់ នៅពេលមួយដែល Raju ចាប់ផ្ដើមរកឃើញតម្រុយថា Bheem គឺជាមុខសញ្ញាដែលខ្លួនគេកំពុងតែតាមប្រមាញ់រាល់ថ្ងៃ។

Raju ខំប្រឹងធ្វើការងារយ៉ាងនឿយហត់ទាំងថ្ងៃទាំងយប់ ដើម្បីតាមចាប់ខ្លួន Lacchu និងដើម្បីស្វែង Bheem ជាបន្តពីក្រោយ
Raju បានឱ្យគេគូររូប Lacchu ដើម្បីប្រកាសស្វែងរកនៅគ្រប់ទិសទី ខណៈ Lacchu តែងតែសម្ងំលាក់ខ្លួនមិនដែលហ៊ានចេញក្រៅផ្ទះ ព្រោះខ្លាចប៉ូលីសអង់គ្លេសចាប់បាន

គេចយ៉ាងណាក៏មិនអាចផុត ទីបំផុតទៅ ប៉ូលីស Raju បានជួប Lacchu នៅក្រោយផ្ទះរបស់គេ ហើយក៏បានចាប់ខ្លួនយកទៅធ្វើទារុណកម្ម និងសួរចម្លើយ រកបងប្រុសរបស់ត្រកូលកុលសម្ព័ន្ធដ៏ល្បីនោះ គឺ Bheem, ទាំងដែលការពិតទៅ Bheem និងរូបគេ​ ដើរលេងជាមួយគ្នារាល់ថ្ងៃសោះ។ Lacchu ពូកែអត់ធ្មត់ ស៊ូទ្រាំនឹងទារុណកម្មផ្លូវកាយ មិនព្រមឆ្លើយប្រាប់ថាបងប្រុសខ្លួនជាអ្នកណា នៅទីណា។ ប៉ុន្តែទីបំផុត Raju ក៏ស្រាប់តែឈ្វេងយល់ដោយខ្លួនឯង នៅពេលដែលគេឃើញខ្សែករបស់ Lacchu ដូចគ្នាទៅនឹងខ្សែករបស់ Bheem ដែលគេតែងតែហៅឈ្មោះថា Akhtar រាល់ថ្ងៃនោះ។

Raju ឈឺចាប់និងខូចចិត្តខ្លាំង ក្រោយពេលបានដឹងថា Bheem គឺជា Akhtar ជាមិត្តកល្យាណដែលគេស្រលាញ់ដូចជាបងប្អូនបង្កើតទៅហើយ

Bheem បានរកឃើញប្អូនស្រីរបស់គេ គឺម៉ាលី នៅក្នុងរាជវាំងរបស់ពួកមហាចក្រពត្តិអង់គ្លេស តាមរយៈការជ្រាបខ្លួនចូលទៅជាមួយនឹងស្ត្រីម្នាក់ឈ្មោះ Jenny។ Jenny ជាក្មួយស្រីរបស់លោកសេនាប្រមុខ Scott (សម្ដែងដោយ Olivia Morris) និង Bheem បានស្រឡាញ់គ្នាដោយចិត្តនិងចិត្ត បើទោះបីជាពួកគេនិយាយគ្នាស្ដាប់មិនយល់ក៏ដោយ។ Jenny ចេះតែភាសាអង់គ្លេស ហើយ Bheem ចេះតែភាសា Telugu។ ស្រលាញ់គ្នាទាំងនិយាយស្ដាប់គ្នាមិនយល់ ពិតជាស្នេហាមហាសែនរ៉ូមែនទិក និងកំប្លែងណាស់។ សូមបញ្ជាក់ថា ស្នេហារបស់ Bheem និង Jenny រលូនទៅមុខបាន ដោយហេតុតែមានជំនួយយ៉ាងច្រើនពី Raju ក្នុងគ្រាកន្លងមក គឺគ្រាដែល Raju នៅមិនទាន់ដឹងពីសមាសភាពពិតរបស់ Bheem។

Jenny ក្មួយស្រីរបស់ Scott មានចិត្តស្រលាញ់គ្នាជាមួយនឹង Bheem ទាំងដែលនិយាយគ្នាស្ដាប់មិនដែលយល់ន័យ

ក្រោយពីមើលឃើញផ្ទាល់នឹងភ្នែក ដឹងថា ម៉ាលី ត្រូវបានគេឃុំឃាំងនៅក្នុងបន្ទប់មួយ សម្រាប់ប្រើធ្វើជាទាសី ជួយលាបថ្នាំក្រចកដៃជើង ជូនពួកស្ត្រីអភិជនអង់គ្លេស ក្នុងរាជវាំង, Bheem បានត្រលប់មកជំរំកុលសម្ព័ន្ធវិញ ដើម្បីរៀបក្បួនទ័ពសត្វ ចូលទៅរំដោះប្អូនស្រី។

Bheem រៀបចំក្បួនទ័ពសត្វ លបចូលទៅក្នុងរាជវាំងពួកចក្រភពអង់គ្លេស ក្នុងអំឡុងរាត្រីសមោសរពួកអភិជន
រថយន្តទ្រុងដ៏ធំដែល Bheem លាក់ទុកសត្វសាហាវជាច្រើន បានសម្រុកចូលកណ្ដាលហ្វូងមនុស្ស
Bheem លោតចេញពីឡានទ្រុងដាក់ទ័ពសត្វរបស់គេ ដើម្បីប្រកាសធ្វើសង្គ្រាមជាមួយពួកទាហានអង់គ្លេស
រូបភាពផ្ទាំងឃោសនាសម្រាប់បង្ហាញនៅតាមរោងភាពយន្តនានា | រឿង RRR | ឈុតដែល Bheem ចេញច្បាំងជាមួយនឹងពលទាហានអង់គ្លេសដើម្បីរំដោះប្អូនស្រីមកវិញ

បេសកកម្មសង្គ្រោះប្អូនស្រី របស់ Bheem មិនបានសម្រេចទេ ព្រោះ Raju បានចេញមកប្រយុទ្ធនៅក្នុងសមរភូមិ ហើយចុងក្រោយ Raju បានចាប់ចងទាំងបងប្រុសនិងប្អូនស្រី ឃុំទុកទាំងអស់។

Bheem ស្រឡាំងកាំង ពេលឃើញ Raju លេចមុខមកក្នុងសមរភូមិប្រយុទ្ធ ក្នុងឯកសណ្ឋានជាប៉ូលិសអង់គ្លេសទៅវិញ
ក្នុងកែវភ្នែករបស់ Raju គឺពោរពេញដោយសេចក្ដីឈឺចាប់ដែលមិនអាចនិយាយចេញបាន ពេលដែលចាប់វាយខ្នោះ Bheem ឬ Akhtar

ដោយសារតែ Bheem ជាមនុស្សមានកិត្តិនាមល្បីល្បាញនៅក្នុងប្រទេស ពួកអង់គ្លេស មិនប្រហារជីវិតភ្លាមៗទេ ពួកគេ បានរៀបចំព្រឹត្តិការណ៍ប្រហារជីវិតជាសាធារណៈ ដើម្បីកោះហៅប្រជាជនឥណ្ឌាទាំងអស់ឱ្យបានមើលផ្ទាល់នឹងភ្នែក ដើម្បីទុកជាការគំរាមដល់អ្នកផ្សេងផង កុំឱ្យចេះតែហ៊ានងើបបះបោរប្រឆាំងរាជការអង់គ្លេសតទៅទៀត។

ពួករាជការអាណានិគមអង់គ្លេស ដើរផ្សព្វផ្សាយព័ត៌មានស្ដីពី ព្រឹត្តិការណ៍ប្រហារជីវិត Komaram Bheem ដែលពួកគេដាក់ងារថាជា ជនក្បត់ជាតិ ឱ្យប្រជាជនឥណ្ឌាបានទៅចូលរួមទស្សនាផ្ទាល់នៅថ្ងៃស្អែក

មុនថ្ងៃប្រហារជីវិត Bheem, Raju ត្រូវបានរដ្ឋាភិបាលអង់គ្លេសប្រកាសតែងតាំងជានាយឧត្ដមសេនីយ៍ឯក ដែលជាតំណែងមួយដែលអាចគ្រប់គ្រងឃ្លាំងអាវុធ និងសិទ្ធិចុះហត្ថលេខា ក្នុងការដឹកជញ្ជូនអាវុធពីចក្រភពអង់គ្លេសមកប្រទេសឥណ្ឌា ដើម្បីរៀបចំយុទ្ធសាស្ត្រទ័ព។ ពេលនេះ សុបិនដ៏ធំធេងមួយរបស់ Raju បានក្លាយមកជាការពិតហើយ​ ប៉ុន្តែ Raju ត្រូវក្បត់នឹងមនសិការខ្លួនឯង ក្លាយជាមនុស្សដ៏ទុយស៌បំផុត គឺក្បត់នឹងកល្យាណមិត្ត គឺ Bheem ដែលជាអ្នកធ្លាប់ទាំងជួយជីវិតគេពីគ្រោះថ្នាក់អាក្រក់បំផុតថែមទៀតផង។

Rama Raju ទទួលបានការតម្លើងតួនាទីភារកិច្ចបន្ទាប់ពីចាប់ខ្លួន Bheem បានសម្រេច

នៅក្នុងឃ្លាំងផ្ទុកអាវុធគ្រប់ប្រភេទ នៃរាជវាំងចក្រភពអាណានិគមអង់គ្លេស នៃទឹកដីឥណ្ឌា Raju ក្នុងឯកសណ្ឋានជានាយទាហានលំដាប់ខ្ពស់ បានរំឭកសតិខ្លួនឯងទៅដល់អតីតកាល១៥ឆ្នាំមុន…

[រំឭកអតីតកាល នៅ Andhra Pradesh ដែលជាស្រុកកំណើត]

Venkata Rama ឪពុករបស់ Raju ធ្វើជាទាហានបង្កប់នៅក្នុងកងពលរបស់ចក្រពត្តិអង់គ្លេស

កាលពីនៅវ័យកុមារ Raju គឺជាកូនប្រុសរបស់នាយទាហានម្នាក់ ដែលមានស្មារតីជាតិនិយមខ្ពស់។ ឪពុក Raju ឈ្មោះ Venkata Rama (សម្ដែងដោយលោក Vishal Veeru Devgan) បានចូលធ្វើជាទាហាននៅក្នុងរាជការអង់គ្លេស ដើម្បីស៊ើបការណ៍សម្ងាត់ និងដើម្បីមានឱកាសលួចយកអាវុធពួកអង់គ្លេសមកបង្កទ័ពនៅក្នុងព្រៃ ដែលជាតំបន់ឆ្ងាយដាច់ស្រយាលពីទីក្រុង។ Rama Raju ដែលអ្នកស្រុកកំណើតនិយមហៅថា “Ram” ជាកុមារដែលមានភាពឈ្លាសវៃ ខ្លាំងពូកែ និងមោះមុត ស្រួចស្រាវ ដូចជាឪពុក។ គេហាត់ក្បាច់គុនតាំងពីតូច ហើយមានជំនាញបាញ់កាំភ្លើង និងបាញ់ព្រួញធ្នូត្រង់បំផុត។

ជាអកុសលអី ថ្ងៃមួយពួកអង់គ្លេសបានស៊ើបដឹងថា Rama ជាជនបង្កប់ និងក្បត់រដ្ឋាភិបាលអាណានិគម ពួកអង់គ្លេសក៏បានរៀបចំទ័ពចេញមកប្រយុទ្ធ ដើម្បីបំផ្លាញសម្បុកទ័ពព្រៃរបស់ Rama។ ការប្រយុទ្ធយ៉ាងសាហាវនិងស៊ីសាច់ហុតឈាម រវាងទ័ពព្រៃរបស់ Rama និង ពួកទាហានអង់គ្លេសបានប្រព្រឹត្តទៅច្រើនថ្ងៃ រហូតដល់ស្លាប់ស្ទើរតែអស់អ្នកភូមិ ក្នុងនោះសូម្បីតែ ប្អូនប្រុសរបស់ Raju ម្ដាយ និងឪពុកគេក៏ស្លាប់ដែរ។

មុននឹងស្លាប់ Rama បានលះបង់ជីវិតខ្លួនឯង ដើម្បីបំផ្លាញទ័ពអង់គ្លេសក្រុមនោះ គឺគាត់បានចងគ្រាប់បែករុំជុំវិញខ្លួនឯងលាក់ពីក្នុងខោអាវ ហើយលើកទង់ចុះចាញ់ដើរទៅចូលហ្វូងទាហាន បន្ទាប់មកបញ្ជាឱ្យកូនប្រុស គឺ Raju ជាអ្នកបាញ់ពីក្រោយខ្នង ដើម្បីបំផ្ទុះ។

ដោយដឹងថាខ្លួនរស់ក៏មិនបានប៉ុន្មានម៉ោងទៀតផងនោះ Rama ដែលជាឪពុក Raju បានបំផ្ទុះពលទាហានអង់គ្លេស តាមរយៈការចងគ្រាប់បែកអត្តឃាត
សោកនាដកម្មរបស់អ្នកភូមិ និងក្រុមគ្រួសាររបស់កុមារ Raju ពីសំណាក់កងទ័ពអង់គ្លេស

មុននឹងសម្រេចចិត្តធ្វើអត្ដឃាដកម្ម Rama បានរបួសសុះសាច់ និងធ្ងន់ធ្ងរណាស់ទៅហើយ ហើយគាត់ដឹងថា មិនអាចរស់បានយូរទៀតទេ។ គាត់បានផ្ដាំកូនប្រុស ឱ្យបន្តបេសកកម្មនេះពីខ្លួន ទោះជាត្រូវរង់ចាំប៉ុន្មានជំនាន់ទៀតក៏ដោយ ឱ្យតែអាចរំដោះប្រទេសឥណ្ឌា ចេញពីអាណានិគមអង់គ្លេសបានសម្រេច។ Raju ក្នុងភាពជាកុមារដែលឃើញមរណភាពរបស់ ជនរួមជាតិ ការរំលោភបំពានសិទ្ធិសេរីភាពសព្វគ្រប់បែបយ៉ាង និងជាពិសេសការស្លាប់របស់ម្ដាយ របស់ប្អូនប្រុស និងអត្ដឃាដរបស់ឪពុក ដើម្បីបុព្វហេតុជាតិមាតុភូមិ ធ្វើឱ្យកុមារតូច ដុះចេញនូវឆន្ទៈដ៏មោះមុត និងពុះកញ្ជ្រោល។ កុមារតូចទទួលយកបណ្ដាំឪពុក ដែលផ្ដាំថា៖

“ដើម្បីអាចរំដោះប្រទេសឥណ្ឌាបាន ដំបូងកូនត្រូវជ្រាតខ្លួនចូលទៅក្នុងរដ្ឋាភិបាលអង់គ្លេសជាមុនសិន ហើយកសាងខ្លួនឱ្យដល់ចំណុចមួយដែលអាចគ្រប់គ្រងទ័ព និងគ្រប់គ្រងអាវុធទាំងអស់នៅក្នុងដៃ ទើបអាចធ្វើបដិវត្ដន៍រំដោះប្រទេសជាតិបាន”

នេះជាផែនការណ៍យុទ្ធសាស្ត្ររយៈពេលវែង ហើយត្រូវតែមានអំណត់ ព្យាយាមជាទីបំផុត។

ក្នុងអំឡុងទទួលទានអាហារជុំគ្នាក្នុងក្រុមគ្រួសារ ឪពុករបស់ Ram (អ្នកភូមិស្រុកកំណើត តែងហៅឈ្មោះកណ្ដាលរបស់ Raju ថា “Ram”) តែងតែពន្យល់កូនពីតម្លៃនៃការសង្គ្រោះប្រទេសជាតិ

“ដើម្បីអាចរំដោះប្រទេសជាតិបាន កូនត្រូវតែក្លាយជាអ្នកគ្រប់គ្រងអាវុធរបស់ពួកអង់គ្លេសជាមុនសិន” បណ្ដាំរបស់ឪពុក Raju ឬ Ram
សុបិនអាក្រក់ដែល Ram តែងតែរឭកនឹកឃើញជារឿយៗមិនដែលភ្លេច

ហាក់ភ្ញាក់ពីសុបិនអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាបំផុត Rama Raju ក្នុងឯកសណ្ឋានជានាយឧត្ដមសេនីយ៍ឯក នៃចក្រភពអង់គ្លេស ឈរធ្មឹងនៅក្នុងឃ្លាំងអាវុធយុទ្ធភណ្ឌ ដែលអាវុធទាំងអស់នេះ ស្ទើរតែអាចបំផ្ទុះឱ្យឆេះប្រទេសទាំងមូលបាន។ Raju កំពុងតែតឹងតែងស្ទើរថប់ដង្ហើម ខណៈដែលគេ នៅមិនទាន់អាចត្រៀមខ្លួនធ្វើសង្គ្រាមរំដោះប្រទេសជាតិ តែត្រូវត្រៀមខ្លួនប្រហារជីវិតកល្យាណមិត្តខ្លួនឯងនៅថ្ងៃស្អែកទៅវិញ។

នាយឧត្ដមសេនីយ៍ឯក Rama Raju ក្នុងឃ្លាំងស្ដុកអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទរបស់ចក្រភពអង់គ្លេស

ស្អែកឡើង ប្រជាជនឥណ្ឌាពីគ្រប់ទិសទី បានមកប្រមូលផ្ដុំគ្នាណែនណាន់តាន់តាប់ ដើម្បីមកមើលជីវិតចុងក្រោយរបស់ Komaram Bheem ដែលនឹងត្រូវគេសម្លាប់ជាសាធារណៈនៅក្នុងទីក្រុងឌែល្ហី។

Bheem នៅលើទីលានប្រហារជីវិតកណ្ដាលទីក្រុង ញូឌែល្ហី
ប្រជាជនឥណ្ឌាកកកុញ មកមើលព្រឹត្តិការណ៍ប្រហារជីវិតវិរបុរសរបស់ពួកគេ

ពេលមើលដល់ចំណុចត្រង់នេះ ខ្ញុំក៏ស្រាប់តែនឹកឃើញដល់ ជ័យលាភីនៃរង្វាន់ណូប៊ែលអក្សរសីល្ប៍បារាំងដ៏ល្បីល្បាញជាងគេបំផុត របស់អ្នកនិពន្ធ Albert Camus ក្រោមចំណងជើងថា “L’Étranger” (ត្រូវបានបកប្រែជាភាសាខ្មែរថា “មិនចុះសម្រុងនឹងជីវិត” បោះពុម្ពដោយ កម្ពុមេរា) ដែលក្នុងសាច់រឿងនោះ ចុងក្រោយទៅ តួអង្គឯកបែរជាត្រូវគេនាំយកទៅកាត់-ក យ៉ាងព្រៃផ្សៃ ជាសាធារណៈកណ្ដាលទីក្រុងប៉ារីស ដោយគ្រាន់តែមិនបានយំស្រក់ទឹកភ្នែកក្នុងពិធីបុណ្យសពម្ដាយ និងផឹកកាហ្វេ ជក់បារី ពេលបុណ្យសព ដែលគេចាត់ទុកជាអំពើថោកទាបគួរសម្លាប់ចោល។ កាលខ្ញុំអានសៀវភៅនោះដល់ភាគបញ្ចប់ ខ្ញុំឈឺចិត្តចូលតួឡើងស្រក់ទឹកភ្នែក ឈឺចាប់នឹងច្បាប់ទម្លាប់ប្រទេសជាតិដ៏សែនយង់ឃ្នងព្រៃផ្សៃ ដែលតែងតែប្រហារជីវិតមនុស្សគ្មានកំហុសជាច្រើននាក់រាប់មិនអស់ ដើម្បីបង្អួតសក្ដានុពលអំណាចរបស់ពួកឈ្លានពាន ពួកល្មោភវង្វេងនឹងឋានៈយសសក្ដិដែលពួកវាគិតថានោះជាពរជ័យទៅវិញ។

Bheem ក្នុងសភាពដៃនិងជើងជាប់ខ្នោះ ហើយត្រៀមព្យួរ ក នៅលើឆាកមរណៈដ៏ធំមួយ ត្រូវបានគេសរសេរស្លាកឈ្មោះហៅថាជា ជនក្បត់ជាតិ ដែលតាមពិត ប្រទេសជាតិរបស់គាត់ទៅវិញទេ ដែលពួកសក្ដិភូមិអាណានិគមបស្ចិមលោកស្អីអស់នោះមករំលោភបំពានជិះជាន់អស់រយៈកាលជិត១រយឆ្នាំ។ ប្រជាជនរួមឈាមឥណ្ឌារាប់ម៉ឺនសែននាក់ កំពុងឈរសម្លឺងមកកាន់ Bheem ក្នុងក្រសែភ្នែកពោរពេញដោយកំហឹងក្ដៅដូចភ្លើង។ មិនមែនពួកគេខឹងនឹងវិរជនបដិវត្ដន៍ដ៏អង់អាចនេះទេ គឺពួកគេខឹងក្ដៅក្រហាយនឹងរបបផ្ដាច់ការរបស់ពួកចក្រពត្តិអង់គ្លេស ដែលកំពុងប្រមាថជាន់ឈ្លីជាតិសាសន៍ឥណ្ឌាយ៉ាងគឃ្លើន។

Ram កាន់រំពាត់ខ្សែតី ត្រៀមវាយវាត់ទៅលើ Bheem ដើម្បីបង្ខំឱ្យលុតជង្គង់សូមទោសរាជការអង់គ្លេស ជាថ្នូរនឹងការដោះលែងជីវិតទាំងទឹកភ្នែកស្រក់ចុះមកដោយមិនដឹងខ្លួន

ដោយមិនអាចទប់កំហឹងដ៏ពុះកញ្ជ្រោលបាន ប្រជាជនឥណ្ឌាទាំងអស់ បានសម្រុកចូលទៅវាយកម្ទេចឆាកប្រហារជីវិត រហូតដល់មានសភាពចលាចលកើតឡើង។ Bheem ត្រូវបានយកទៅដាក់ក្នុងគុកសាជាថ្មី ដើម្បីរង់ចាំឱកាសល្អនឹងប្រហារជីវិតម្ដងទៀត។

កំហឹងប្រជាជនឥណ្ឌាផ្ទុះកក្រើកឡើង រហូតដល់មានការរុញច្រានបំផ្លាញពិធីប្រហារជីវិតមិនឱ្យសម្រេចទៅបាននៅក្នុងថ្ងៃនោះ

Raju បានសម្រេចចិត្តថានឹងចាប់ផ្ដើមបេសកកម្មរំដោះប្រទេសឥណ្ឌាទៅហើយ ប៉ុន្តែ គេធ្វេសប្រហែសបន្តិច ធ្វើឱ្យមេទ័ពកំពូលរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដឹងពីល្បិច។ ពួកអង់គ្លេស ក៏បានចេញយុទ្ធនាការណ៍តាមសម្លាប់ Raju វិញម្ដង។

Rama Raju យប់មួយពិភាក្សាកិច្ចការងារសម្ងាត់ជាមួយនឹងពូរបស់គេដែលធ្វើការងារក្នុងរាជការអង់គ្លេសជាមួយគ្នា | ពូម្នាក់នេះហើយជាមនុស្សតែ១នាក់គត់ដែលដឹងសមាសភាពពិតរបស់ Raju ហើយតែងជួយការពារក្មួយទៅតាមលទ្ធភាព ដើម្បីសម្រេចគោលដៅរួមក្នុងការរំដោះប្រទេសជាតិ

លើកនេះ Bheem ត្រូវបានគេយកទៅប្រហារជីវិតនៅកន្លែងស្ងាត់កណ្ដាលវាលរហោដ្ឋានមួយក្បែរស្ទឹង Yamuna ប៉ុន្តែសេចក្ដីស្លាប់នៅតែមិនអាចយកឈ្នះលើ Bheem បាន ព្រោះលើកនេះ Raju បានទៅជួយទាន់ ទាំងដែល Raju ខ្លួនឯងនោះមានរបួសធ្ងន់ណាស់ទៅហើយ។

ទីលានប្រហារជីវិតនៅក្បែរស្ទឹង Yamuna ដែល Bheem ត្រូវបានរំដោះដោយស្នាដៃ Raju ជាមិត្ត
Raju ត្រូវរបួសធ្ងន់ដោយស្នាដៃរបស់ Scott ចំណែក Malli ត្រូវបាន Raju លួចដោះលែងឱ្យបានទៅជួបជាមួយបងប្រុស

ដោយគេចមិនផុតពីកណ្ដាប់ដៃសំណាញ់របស់ពួកអាណានិគម Raju ត្រូវបានគេចាប់យកទៅដាក់ឃុំឃាំងនៅក្នុងគុកក្រោមដីមួយដែលមានទំហំតូចប៉ុនទ្រុងឆ្កែ រហូតដល់គេត្រូវអង្គុយអោននិងទញ់ជង្គង់រហូតដល់មានបញ្ហាជង្គង់ធ្ងន់ខ្លាំង។

ក្រោយពីឃើញថា Rama Raju នៅតែមានថាមពលខ្លាំង មិនចុះខ្សោយ, Scott បានបញ្ជាឱ្យគេសែងយក Raju ទៅបង្ឃាំងក្នុងកូនទ្រុងតូចមួយដែលមានទំហំប៉ុនខ្លួនមនុស្សអង្គុយចុះតែប៉ុណ្ណោះ ដែលនេះគឺជាទារុណកម្មដ៏សាហាវយង់ឃ្មងបំផុតរបស់ពួកអាណានិគមបស្ចិមលោកកាលពីសម័យមុន

ពួករាជការអង់គ្លេស​ បានផ្ញើសំបុត្រទៅក្រុមគ្រួសាររបស់ Rama Raju នៅ Andhra Pradesh ដើម្បីជម្រាបជូនដំណឹងស្ដីពីការកាត់ទោសប្រហារជីវិតរូបគេ ហើយស្នើសូមសាច់ញាតិឡើងមកទទួលយកសាកសពទៅធ្វើបុណ្យ។ ដោយហេតុតែ Raju បានបាត់បង់សាច់ញាតិអស់ទៅហើយ ទើបគូដណ្ដឹងរបស់ខ្លួននៅឯស្រុកកំណើត គឺ Sita (សម្ដែងដោយ Alia Bhatt) ជាអ្នក ឡើងមក។ នៅក្នុងដំណើរមកទីក្រុង Sita បានជួប Bheem និងក្រុមគ្រួសាររបស់គេដោយចៃដន់ ក្នុងសាលាសំណាក់មួយ ខណៈដែលគ្រួសារ Bheem រត់ពួនជ្រក គេចពីការតាមចាប់ខ្លួនរបស់ក្រុមទាហានអង់គ្លេស។ ក្រោយពីរៀបរាប់សវតារៀងៗខ្លួនដឹងគ្នាមក Bheem មានវិប្បដិសារចិត្តក្រៃលែង ដែលខ្លួនបានគុំខឹងស្អប់មិត្តខ្លួនឯង ទាំងមិនដឹងសមាសភាពពិតរបស់ Raju ជាអ្នកណា។

Sita រៀបរាប់រឿងរ៉ាវទាំងមោទនភាពចំពោះគូដណ្ដឹង ប្រាប់ទៅក្រុមគ្រួសារ Bheem
ក្រុមគ្រួសារ Bheem លើកដៃសំពះអរគុណ Sita ដែលបានផ្ដល់អាហារ និងជួយការពារពួកគេពីទាហានកំណាច

ក្នុងថ្ងៃដែល Raju ទៅជួយ Bheem ពីទីលានប្រហារជីវិតទី២នោះ Bheem មិនទាន់ដឹងរឿងពិតនៅឡើយទេ ម្ល៉ោះហើយ គ្រាន់តែឃើញក្រឡេកឃើញអតីតកល្យាណមិត្តភ្លាម Bheem បានវាយសំពងមកលើ Raju យ៉ាងចាស់ដៃ ហើយថែមទាំងទុកគេចោល រហូតដល់ពួកទាហានអង់គ្លេសចាប់ Raju យកទៅដោយសម្រេច។

ជាមួយនឹងទំនួញខ្សឹកខ្សួលនៃចិត្តដែលសោកស្ដាយស្រណោះ ក្រោយដឹងរឿងពិត Bheem បានពោលនៅចំពោះមុខ Sita ថា៖ “ខ្ញុំតស៊ូយ៉ាងស្វិតស្វាញដើម្បីរំដោះប្អូនស្រី ប៉ុន្តែ Raju តស៊ូតាំងពីតូចដល់ធំ ដើម្បីរំដោះប្រទេសជាតិ”។

Bheem មានវិប្បដិសារចិត្ត យ៉ាងខ្លាំងក្រោយបានដឹងការពិតពីសមាសភាពរបស់មិត្តសម្លាញ់ខ្លួន

គេក៏ងាកទៅសន្យានឹង Sita ថាខ្លួនគេនឹងទៅជួយស្រោចស្រង់ជីវិតរបស់ Raju ឱ្យបានសម្រេច។ ដោយហេតុតែ Bheem កើតមកជាកូនកុលសម្ព័ន្ធ ហ្វឹកហាត់ស្ទាត់ជំនាញទៅនឹងជីវិតដែលលំបាកវេទនាបំផុត ការលបចូលទៅក្នុងរាជវាំងពួករាជការអង់គ្លេស វាមិនពិបាកសម្រាប់គេទេ។ Bheem បានស្នើសូម Jenny ឱ្យជួយផ្ដល់ផែនទីភូមិសាស្ត្រលម្អិត ទាក់ទងនឹង កន្លែងលាក់ទុកអ្នកទោសនយោបាយ នៅក្នុងមហាប្រាសាទដែលមិនងាយមានអ្នកណាអាចចូលដល់។ Jenny បានលបលួចយក ឯកសារសម្ងាត់ ប្លង់គុកងងឹតក្រោមដី និង ព័ត៌មានផ្សេងៗដែលជួយឱ្យ Bheem អាចការពារខ្លួនបាន។

ឆ្លងកាត់តំបន់ដ៏មហាសែនគ្រោះថ្នាក់ ដើម្បីទៅរំដោះមិត្តភក្ដិជាទីគោរពស្រលាញ់ស្មើជីវិត
Rama Raju ដែលកំពុងអស់សង្ឃឹមទៅហើយ ស្រាប់តែឮសូរសំឡេងគោះដីជាចង្វាក់៥តង់ជាប់ៗគ្នា ដែលសញ្ញានេះ ពួកគេធ្លាប់បានដឹងគ្នាកន្លងមកជាយូរហើយ ធ្វើឱ្យ Ram ត្រេកអរយ៉ាងខ្លាំង ព្រោះបានដឹងថាជាសញ្ញារបស់ Bheem

ទីបំផុត Bheem ពិតជាអាចជួយយក Raju ចេញពីក្នុងគុកងងឹតទំហំជាងកន្លះម៉ែត្រ៤ជ្រុងបានសម្រេច ប៉ុន្តែជើងទាំង២របស់ Raju ដែលអង្កុញអស់ពេលជាច្រើនថ្ងៃក្នុងទ្រុង មិនអាចដើរបាន ទើប Bheem ត្រូវអៀវគេ ដាក់លើស្មា ដើម្បីភៀសខ្លួន។ ការរត់ភៀសខ្លួន មិនបានទៅដោយរលូនដូចគម្រោងទេ ពួកទាហានអង់គ្លេសដែលយាមល្បាតដូចស្រមោច ជាមួយនឹងអាវុធគ្រប់ដៃ បានដេញតាមវាយប្រហារមិត្តសម្លាញ់ទាំងពីរយ៉ាងវីវក់ ស្ទើរព្រលឹងចុងសក់។

មិត្តសម្លាញ់បានជួយសង្គ្រោះគ្នាទាំងត្រដាបត្រដួល

Bheem អៀវ Raju រត់រហូតទៅដល់ក្នុងព្រៃតូចមួយដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទាយរបស់ពួកសត្រូវ។ មកដល់អាស្រមមួយ Bheem បានដាក់កំពូលជនបដិវត្តន៍ដ៏អង់អាចក្លាហានជាយុវមិត្តចុះនៅលើកម្រាលឈើ ក្បែរទីសក្ការៈបូជានៃព្រះរាម ក្នុងលទ្ធិហិណ្ឌូ។ រូបបដិមាព្រះរាម មានទំហំប៉ុនតួខ្លួនរបស់ Raju ល្មម។ Bheem បានបូតស្លឹកស្មៅរុក្ខជាតិផ្សេងៗ ដែលគេស្គាល់ច្បាស់ថាជាថ្នាំ មកបុកស្អំ ព្យាបាលជើង និងរបួសរាងកាយរបស់មិត្តសម្លាញ់ រួចហើយ យកស្បង់លឿងដែលគេហាលចោលក្បែរអាស្រមនោះ មកហែកចងជាសំពត់ក្បិនឱ្យ Raju ជំនួសសម្លៀកបំពាក់ដែលរហែករយ៉ៃអស់ទៅហើយ។ មុនចេញទៅលុបមុខ ដើម្បីប្រុងនឹងសម្រាក Bheem បានយកមេដៃផ្ដិតល័ក្ខណ៍ក្រហម១ឆ្នូតយ៉ាងវែងនៅលើថ្ងាស Raju ដែលគេបានយកចេញមកពីជើងបដិមាព្រះរាម។

Bheem ជួយប្រសិទ្ធិពរជ័យជូនមិត្តសម្លាញ់ខ្លួនតាមជំនឿ ហិណ្ឌូសាសនា

Bheem និង Raju មិនបានសម្រាកច្រើនប៉ុន្មានទេ ព្រោះកងទាហានរបស់ពួកអង់គ្លេស បានដេញតាមប្រមាញ់ជីវិតពួកគេយ៉ាងប្រកៀកប្រកិតបំផុតដល់ក្នុងព្រៃ។ វិរបុរសទាំង២នាក់ ទីបំផុត បានរួមដៃគ្នាប្រយុទ្ធជាមួយនឹងកម្លាំងប្រដាប់អាវុធអង់គ្លេស ដោយប្រើត្រឹមតែធ្នូរ ជាមួយគ្រាប់ព្រួញ ដែល Raju យកមកពីបដិមាព្រះរាម។

Ram ប្រើធ្នូ និង គ្រាប់ព្រួញបាញ់ទៅលើសត្រូវ ប្រកបដោយមហិទ្ធានុភាពខ្លាំងពូកែរកគូផ្ទឹមគ្មាន
ផ្ទាំងផ្សព្វផ្សាយសម្រាប់ដាក់បញ្ចាំងនៅតាមរោងភាពយន្ត ដែលមានភាពល្បីល្បាញបំផុត | រឿង RRR | ឈុតមួយដែលទស្សនិកជនគ្រប់គ្នានៅឥណ្ឌាបានប្រសិទ្ធិនាមហៅថា Lord Ram ឬ Lord Rama (ប្រែថា ព្រះរាម)
រូបពីបណ្ដាញសង្គម ក្រុម RRR Fans Club និងជារូបដែលត្រូវបានក្រុមអ្នកគាំទ្រ Ram យកទៅតាំងក្នុង Profile បណ្ដាញសង្គម ច្រើនបំផុត

ក្នុងសមរភូមិប្រយុទ្ធ Raju មើលទៅដូចជាព្រះអាទិទេពអ្វីមួយនៅក្នុងលទ្ធិហិណ្ឌូខ្លាំងណាស់។ គេខ្លាំងមហិមា ដូចព្រះសិវៈ រហ័សរហួនដូចព្រះរាម។ ជ័យជម្នះរបស់ Raju និង Bheem ទៅលើពួកខ្មាំងសត្រូវអស់នេះ មិនទាន់សម្រេចគោលបំណងរបស់មិត្តទាំង២នៅឡើយទេ ជនបដិវត្តន៍ដ៏អង់អាចក្លាហាន បានប្រថុយចូលទៅកម្ទេចដល់ឃ្លាំងស្ដុកអាវុធនៅក្នុងរាជវាំងថែមទៀតផង។ ការបំផ្ទុះបានឃ្លាំងគ្រាប់រំសេវ ប្រៀបដូចជាការបំផ្ទុះកម្ទេចអាណាចក្រ របស់ពួកអាណានិគមអង់គ្លេសទាំងមូលដែរ។ អគារនៃមហាប្រាសាទ បានស្រុតបែកខ្ទេចខ្ទីគ្មានសល់អ្វី សូម្បីតែជីវិតរបស់អភិបាលរដ្ឋ លោកសេនាប្រមុខ Scott និងនាង Catherine ជាភរិយានោះផង។

រាជវាំងរបស់ស្ដេចអង់គ្លេស លើទឹកដីឥណ្ឌាបានដួលរលំខ្ទេចខ្ទីគ្មានសល់
Catherine និង Scott បានស្លាប់យ៉ាងអណោចអធម នៅក្នុងរាជវាំងដែលដួលរលំ

ការដួលរលំនៃរាជវាំងរបស់ស្ដេចចក្រពត្តិអង់គ្លេស បានផ្ដល់ឱ្យប្រទេសឥណ្ឌានូវសិទ្ធិសេរីភាព និង ឯករាជ្យតាំងពីពេលនោះមក។

ការរលំរលាយទៅនៃអាណានិគមអង់គ្លេស ក្នុងឆ្នាំ ១៩៤៧ គឺជាថ្ងៃចាប់ផ្ដើមថ្មីមួយដែលប្រទេសឥណ្ឌាបានស្គាល់ ឯករាជ្យពេញលេញបរិបូរ។ ការណ៍នេះ វាពិតជាបង្រៀនមនុស្សលោករាល់គ្នាថា សេចក្ដីសុខ សុភមង្គលពិតប្រាកដ គឺជាសិទ្ធិសេរីភាព និង ឯករាជ្យភាព។

ខ្ញុំសូមចូលរួមចំណែកអបអរសាទរទិវា ឯករាជ្យជាតិឥណ្ឌាលើកទី ៧៥ ថ្ងៃ១៥ សីហា ១៩៤៧ – ១៥ សីហា ២០២២!

_________

លឹម វិរិយា🌸

ថ្ងៃ ចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥​ ខែសីហា គ.ស. ២០២២

____________

*ខ្សែភាពយន្តនេះមានរយៈពេល ៣ម៉ោង

*ជាខ្សែរឿងប្រតិដ្ឋបែបជាតិនិយម ផ្អែកលើរឿងប្រវត្តិសាស្ត្រពិតរបស់ជនបដិវត្ដន៍២រូប

 *និពន្ធនិងដឹកនាំរឿងដោយ Koduri Viswa Vijayendra Prasad

*រចនាឈុតឆាក ដោយ S. S. Rajamouli

*ផលិតដោយ D. V. V. Danayya

*ចំណាយថវិកាផលិតអស់  ៧២លាន ដុល្លារអាមេរិក

*លក់សំបុត្រចូលទស្សនានៅគ្រប់រោងភាពយន្តទូទាំងពិភពលោក បានចំនួន ១៦០លាន ដុល្លារអាមេរិក

*ទីតាំងថតពិតប្រាកដ គឺនៅតំបន់ជុំវិញប្រទេសឥណ្ឌា ប្រទេសអ៊ុយគ្រែន ប្រទេសហូឡង់ និង ប្រទេសប៊ុលហ្គារី ក្រៅពីនោះ ជាឈុតឆាក Science Fiction ថតក្នុង Bollywood Studio។

*ចាប់ផ្ដើមបើកឆាកថតនៅថ្ងៃទី ១១ វិច្ឆិកា ២០១៨ និងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ២៦ សីហា ២០២១ (ដោយសារពន្យាពេល១រយៈធំ ព្រោះវិបត្តិ Covid19)

_____________

សូមអរគុណយ៉ាងខ្លាំងដល់ ប្អូនស្រី សែត ហត្ថា (ហៅ កូនចាបមាស) ដែលជាអ្នកជំរុញចិត្តខ្ញុំក្នុងការទស្សនាខ្សែភាពយន្តនេះ តាំងពីដើមដល់ចប់។ កូនចាបមាស បានផ្ញើ link នៃរឿងក្នុង Netflix មកឱ្យខ្ញុំកាលពីថ្ងៃទី១២ សីហា ២០២២ ហើយពោលថា៖

“រឿងនេះសក្ដិសមនឹងបងឯងណាស់ បងបានមើលហើយឬនៅ? បើនៅទេ សូមបងកុំភ្លេចឆ្លៀតទស្សនាផង ហើយបើបងបានទស្សនាចប់ហើយ សូមកុំភ្លេចសរសេរ Review រឿងនេះផង”។

រាប់ថាជាភាពចៃដន់ខ្លាំងមែនទែន ក្រោយពេលទទួលបាន link ពីព្រឹក ខ្ញុំក៏ឆ្លៀតពេលទស្សនារយៈពេល ៣ម៉ោង នៅពេលយប់។ រំលងបាន១ថ្ងៃ គឺថ្ងៃទី ១៣ ខ្ញុំសរសេរអត្ថបទព្រាង។ ថ្ងៃទី ១៤ ខ្ញុំត្រួតពិនិត្យសាឡើងវិញ ដោយផ្ទៀងផ្ទាត់ព័ត៌មានប្រវត្តិសាស្ត្រពិត ជាមួយនឹងសាច់រឿង ព្រមជាមួយនឹងការរចនារូបថតដែលថតពីលើកញ្ចក់កុំព្យូទ័រផ្ទាល់។ លុះផ្ទៀងផ្ទាត់ចប់ ទើបខ្ញុំដឹងថា ខ្ញុំបានបញ្ចប់កិច្ចការដ៏តូចមួយនេះ នៅចំយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ គឺមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៃទិវាបុណ្យឯករាជ្យជាតិលើកទី ៧៥ របស់ប្រជាជាតិឥណ្ឌា។

ពេលមើលខ្សែភាពយន្ត ខ្ញុំសរសើរអ្នកនិពន្ធ ដែលពូកែ រកនឹកព្រឹត្តិការណ៍ចៃដន់ ដើម្បីបង្កើតផ្ទៃរឿងដ៏គួរជក់ចិត្ត។ មានទៅនឹកស្មានដល់ទេថា ស្រាប់តែខ្ញុំខ្លួនឯង ក៏ទទួលនូវភាពចៃដន់ដូចគ្នា…… ចក្រវាលនេះ ពិតជាអស្ចារ្យមែន!

Happy 75th Independent’s Day of India, 15 August 1947 – 2022

សូមឱ្យព្រលឹងស្មារតីជាតិនិយម កើតមានឡើងដល់គ្រប់បងប្អូនរួមឈាមជាតិខ្មែរ នៅទូទាំងពិភពលោក! សូមឱ្យអំពើជិះជាន់ សង្កត់សង្កិន រលាយផុតរលត់បាត់អស់ពីភពឋានមនុស្ស ដើម្បីយើងអាចរស់នៅក្នុងសុខសន្តិភាពពិតប្រាកដជាអង្វែងហោង!

Leave a comment