Tag Archives: រស់នៅជាមួយធម្មជាតិ

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែម្រះចំពោះសុខភាព

អ្នកណាខ្លះ ចូលចិត្តញ៉ាំម្រះ? អ្នកដែលចូលចិត្តអាផ្លែល្វីងមួយនេះ ធានាថាអាយុវែងហើយ ចាំមើលទៅ ព្រោះផ្លែម្រះមានផ្ទុកទៅដោយសារធាតុចិញ្ចឹម វីតាមីន និងរ៉ែសំខាន់ៗជាច្រើនដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាព៖


• ជួយកាត់បន្ថយកម្រិតស្ករក្នុងឈាម៖ ម្រះមានសារធាតុសកម្មមួយចំនួន ដែលដើរតួនាទីស្រដៀងនឹងអាំងស៊ុយលីន (Insulin) ក្នុងការជួយបញ្ចុះកម្រិតស្ករក្នុងឈាម។ វាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។


• ពង្រឹងប្រព័ន្ធការពាររាងកាយ៖ ម្រះសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពាររាងកាយពីការឆ្លងរោគ និងពង្រឹងភាពស៊ាំឱ្យរឹងមាំ។


• ជួយដល់ការរំលាយអាហារ៖ ជាតិសរសៃ (Fiber) នៅក្នុងផ្លែម្រះ ជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារ បង្កើនចលនាពោះវៀន និងការពារបញ្ហាទល់លាមក។


• ជួយបញ្ចុះជាតិខ្លាញ់ និងកូឡេស្តេរ៉ូល៖ ការញ៉ាំម្រះជាទៀងទាត់ នឹងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ (LDL) និងទ្រីគ្លីសេរីដក្នុងឈាម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។


• សម្រួលដល់ការសម្រកទម្ងន់៖ ម្រះមានកាឡូរីទាប និងសម្បូរទៅដោយទឹក និងជាតិសរសៃ ដែលធ្វើឱ្យអ្នកពិសា មានអារម្មណ៍ឆ្អែតបានយូរ និងជួយកាត់បន្ថយការទទួលទានអាហារច្រើនជ្រុល។


• ជួយសម្អាតជាតិពុលក្នុងថ្លើម៖ សារធាតុនៅក្នុងផ្លែម្រះជួយជំរុញដល់ដំណើរការលាងសម្អាតជាតិពុល (Detoxification) ក្នុងថ្លើម និងសម្រួលដល់ការបំពេញមុខងាររបស់ថ្លើមឱ្យកាន់តែល្អប្រសើរ។


• ថែរក្សាសុខភាពស្បែក៖ វីតាមីន A និង C រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងម្រះ ជួយកាត់បន្ថយបញ្ហារមាស់ស្បែក បញ្ហាកើតមុន និងធ្វើឱ្យស្បែកមើលទៅមានសុខភាពល្អពីខាងក្នុង។


ចំណាំ៖ ទោះបីជាម្រះមានអត្ថប្រយោជន៍ច្រើនក៏ដោយ ស្រ្តីដែលមានផ្ទៃពោះ ឬអ្នកដែលកំពុងប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករ គប្បីពិភាក្សាជាមួយគ្រូពេទ្យ ឬញ៉ាំក្នុងកម្រិតល្មម ដើម្បីចៀសវាងការធ្លាក់ចុះជាតិស្ករខ្លាំងពេក។

ផ្កាឡេវអាវ ឬ ផ្កាទុំហូ និង អត្ថប្រយោជន៍ចំពោះសុខភាព

ផ្កាឡេវអាវ ឬ ផ្កាទុំហូ មានឈ្មោះជាភាសាអន្តរជាតិហៅថា Gomphrena globosa L. និងដែលគេស្គាល់ជាទូទៅហៅថា Globe Amaranth ឬ Bachelor’s Button គឺជាផ្កាដែលអាចបរិភោគជាអាហារបំប៉នសុខភាពបាន និងត្រូវបានគេឱ្យតម្លៃនៅក្នុងប្រព័ន្ធឱសថបុរាណនៅទូទាំងអាស៊ី និងតំបន់អាមេរិកត្រូពិចផងដែរ ដោយសារវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុសកម្មជីវសាស្ត្រ។

អត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព

• សម្បូរទៅដោយសារធាតុបេតាស្យានីន (Betacyanins) និងសារធាតុប្រឆាំងអុកស៊ីតកម្ម៖

ពណ៌ស្វាយចាស់លាយផ្កាឈូក របស់ផ្កានេះ គឺបានមកពីកំហាប់ខ្ពស់នៃសារធាតុ បេតាស្យានីន ជាពិសេសគឺ ហ្គមហ្វ្រេនីន (gomphrenin) ដែលជួយកម្ចាត់រ៉ាឌីកាល់សេរី កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម ដែលជាហេតុធ្វើឱ្យខួរក្បាលកើតស្ត្រេស (oxidative stress) និងការពារកោសិកាពីភាពចាស់មុនអាយុ។

• ជួយសម្រួលដល់ផ្លូវដង្ហើម៖

នៅក្នុងឱសថបុរាណខ្មែរ និងការអនុវត្តបែបប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ទឹកតែដែលឆុងចេញពីផ្កានេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីបំបាត់អាការៈក្អក សម្រាលរោគសញ្ញាជំងឺហឺត និងកាត់បន្ថយការរលាកផ្លូវដង្ហើម។

• ឥទ្ធិពលកាត់បន្ថយសម្ពាធឈាមកម្រិតស្រាល៖


សារធាតុចម្រាញ់ពីរុក្ខជាតិនេះមានលក្ខណៈសម្បត្តិជួយពង្រីកសរសៃឈាម ដែលជួយឱ្យសរសៃឈាមធូរស្រាល និងរក្សាកម្រិតសម្ពាធឈាមឱ្យមានសុខភាពល្អ។

• ប្រឆាំងការរលាក និងប្រឆាំងបាក់តេរី៖


សារធាតុចម្រាញ់ពីកញ្ចុំផ្កាបង្ហាញពីសកម្មភាពប្រឆាំងនឹងមេរោគ (antimicrobial) ប្រឆាំងនឹងភ្នាក់ងារបង្កជំងឺទូទៅ និងជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ។


• ជួយបន្សាបជាតិពុល និងបញ្ចេញទឹកនោម៖

ការផឹកតែផ្កាឡេវអាវនេះ នឹងជួយឱ្យវាក្លាយទៅជាថ្នាំបញ្ចេញទឹកនោមស្រាលៗ ដែលជួយដល់មុខងារតម្រងនោម និងជួយបញ្ចេញកាកសំណល់ពីការរំលាយអាហារចេញពីរាងកាយ។

វិធីប្រើប្រាស់ទូទៅ

• ប្រើធ្វើជាតែរុក្ខជាតិ៖


ត្រាំផ្កាឡេវអាវដែលហាលស្ងួតចំនួន ៤ ឬ ៥ ផ្កា ក្នុងទឹកក្តៅរយៈពេល ៥ ទៅ ១០ នាទី។ ទឹកតែដែលបានឆុងនឹងមានពណ៌ស្វាយស្រស់ស្អាត និងមានរសជាតិផ្កាស្រាលៗ ងាយស្រួលផឹក។

• ការប្រើប្រាស់លើស្បែក៖


យកផ្កា និងស្លឹកស្រស់ៗ មកបុកឱ្យហ្មត់ទៅជាល្បាយខាប់ ហើយយកមកបិទស្អំពីលើស្បែកដែលឆ្លងរមាស់ ឬស្បែកដែលរលាកដោយប្រការផ្សេងៗ នឹងជួយឱ្យឆាប់ជាសះស្បើយលឿន។

សូមប្រុងប្រយ័ត្ន!


បើទោះបីជាវាជាឱសថរុក្ខជាតិធម្មជាតិ និងមានសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏វានៅតែស្ថិតក្នុងការហាមឃាត់ចំពោះ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ឬអ្នកដែលកំពុងប្រើថ្នាំព្យាបាលសម្ពាធឈាមដែរ។ អ្នកដែលងាយរងគ្រោះដូចរៀបរាប់ក្នុងល្បះនេះ សូមពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព មុននឹងទទួលទានក្នុងបរិមាណច្រើនជាប្រចាំ។

_________

លឹម វិរិយា 🌸