Tag Archives: អ៊ីដ្រូគីណូន

ទស្សនៈអំពីពណ៌ស្បែក ដែលបង្កជាវិបត្តិសុខភាព រាតត្បាតខ្លាំងក្នុងចំណោមក្មេងស្រី និងស្ត្រីដែលមានការអប់រំទាបនៅកម្ពុជា

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រាប់ចាប់តាំងពីកម្ពុជាងើបពីសង្គ្រាម មានទូរទស្សន៍ ទស្សនាវដ្ដី និងចុងក្រោយនេះ គឺអ៊ីនធើណិតដ៏សម្បូរបែប ដែលជាឧបករណ៍ទំនើបពេញនិយម សម្រាប់ប្រើប្រាស់ ក្នុងការមើល និង ប្រៀបធៀបគ្នា អំពីស្ដង់ដារជីវិតរស់នៅ។

ការប្រាស្រ័យទាក់ទងគ្នាលើកដំបូង មនុស្សសម្លឹងមើលគ្នា ហើយវិនិច្ឆ័យ គោរពរាប់អាន លើកតម្កើង ឬរើសអើង ដោយគំហើញនៃសម្បុរស្បែកខាងក្រៅជាមុនសិន។ ទម្រាំចូលដល់សម្ព័ន្ធភាពជ្រាលជ្រៅ ដែលអាចដឹងបានដល់ចិត្តគំនិតខាងក្នុង មានអ្នកខ្លះ ផ្ដាច់ទំនាក់ទំនង តាំងពីឃើញពណ៌ស្បែកស្រគាំ ស្រអាប់ មិនគាប់ចិត្តជាលើកដំបូងម្ល៉េះ។ អ្នកមានស្បែកពណ៌សភ្លឺ គេកំណត់ថាជាមនុស្សជោគជ័យ ខ្លាំងពូកែ មានធនធាន ជាប់ពូជចិនយួន ជាអ្នកឆ្លាត ដែលអាចពឹងពាក់បាន។ អ្នកមានស្បែកពណ៌ត្នោត ក្រហមដិត គេកំណត់ថាជាមនុស្សក្រីក្រ អន់ ព្រោះប្រកបរបរហាលថ្ងៃក្ដៅច្រើន មិនជាប់ពូជចិនយួន មិនឆ្លាត អសមត្ថភាពក្នុងជីវិត។ នេះជាផ្នត់គំនិតដែលអាក្រក់ជាងជំងឺរាតត្បាតធម្មតាទៅទៀត។ វាលើសពីបញ្ហាវិបត្តិវប្បធម៌ គឺទស្សនៈនេះក្លាយជាអាវុធសម្លាប់មនុស្សយ៉ាងសាហាវនៅពាសពេញប្រទេសកម្ពុជា ជាពិសេសស្ត្រីក្មេងៗ ដែលរស់នៅក្នុងសង្គមមួយ ដែលខ្វះការអប់រំ។

ដោយជឿទៅតាមពាក្យញុះញង់របស់ឈ្មួញអសីលធម៌ នារីក្មេងៗ យល់ព្រមចាយលុយទិញក្រែមគីមី ដែលគេផ្សាយតាមបណ្ដាញព័ត៌មានថា នឹងជួយប្ដូរពណ៌ស្បែករបស់ពួកនាងឱ្យបាន ស ភ្លឺ រលោង ស្អាតជាងមុន ក្នុងរយៈពេលខ្លីបំផុត។ ជំនឿដ៏ងងឹតនេះ មិនអាចបំភ្លឺបានដោយត្រឹមតែពាក្យណែនាំ របស់អ្នកជំនាញសើស្បែក វេជ្ជបណ្ឌិតឯកទេសស្បែកតែម្យ៉ាងទេ វាទាមទារឱ្យមានជនរងគ្រោះពីការប្រើផលិតផលប្ដូរពណ៌ស្បែកនោះ ក្លាហាន ហ៊ានចេញមុខសារភាព និងប្រកាសប្រាប់អ្នកដទៃទៀតអំពីគ្រោះថ្នាក់នៃផលិតផលប្ដូរពណ៌ស្បែកថែមទៀតផង។

A collection of photos taken from various Facebook accounts of bleaching cream users, who were incentivized to promote the product in exchange for rewards as part of an unethical marketing campaign run by unscrupulous sellers.
A collection of photos taken from various Facebook accounts of bleaching cream users, who were incentivized to promote the product in exchange for rewards as part of an unethical marketing campaign run by unscrupulous sellers.

ខ្ញុំសូមលើកករណីពិតជាក់ស្ដែងមួយ នៅក្នុងមជ្ឈមណ្ឌលលាងឈាម នៃមន្ទីរពេទ្យដ៏ធំមួយ ដែលខ្ញុំតែងតែជូនឪពុកខ្ញុំទៅលាងឈាម ប្រចាំសប្ដាហ៍ កាលពីគាត់នៅមានជីវិត។ ឪពុកខ្ញុំខូចតម្រងនោម​ ដោយសារជំងឺលើសឈាម ទឹកនោមផ្អែម ដែលតម្រូវឱ្យលាងឈាមជាប្រចាំ ដើម្បីពន្យារជីវិត។ គាត់លាងឈាមបានតែកន្លះឆ្នាំ ក៏ទ្រាំលែងបាន និងធ្វើមរណកាលទៅ ក្នុងអាយុ ៧៣ឆ្នាំ កាលពីដើមខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ។ ក្នុងបរិបទនេះ ខ្ញុំចង់បង្ហាញជ្រុងមួយអំពីបញ្ហាសុខមាលភាពក្មេងស្រី៖

ជារៀងរាល់សប្ដាហ៍ដែលខ្ញុំជូនឪពុកកទៅលាងឈាម ខ្ញុំតែងតែបានជួបប្រទះអ្នកជំងឺខូចតម្រងនោមជាច្រើន ផ្សេងទៀត ដែលមានអាយុក្មេងៗនៅឡើយ។ ខ្លះជាបុរសវ័យខ្ទង់ ៣០ឆ្នាំ ខ្លះជាស្ត្រី វ័យទើបតែ២០ឆ្នាំ និងមានកុមារអាយុខ្ទង់១០ឆ្នាំ ទៀតផង។ នៅក្នុងបន្ទប់លាងឈាម ជាកន្លែងដែលខ្ញុំអាចឆ្លុះបញ្ចាំងបានថា បញ្ហាសុវត្ថិភាពចំណីអាហារ និងផលិតផលគ្រឿងសម្អាង ដែលកំពុងចរាចរនៅកម្ពុជាគ្មានសុវត្ថិភាពទេ។ ខ្ញុំតែងតែសាកសួរទាំងខ្លាចចិត្ត ទៅកាន់អ្នកជំងឺលាងឈាម ដែលគេងសម្រាកនៅគ្រែក្បែរឪពុកខ្ញុំ។ ក្មេងប្រុសអាយុពេញកម្លាំង ខូចតម្រងនោម ដោយសារតែផឹកគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង។ ក្មេងស្រីៗ ខូចតម្រងនោម ដោយសារតែការលាបឡេឱ្យស។

រូបថតរបស់ លឹម វិរិយា

អ្នកលក់ឡេ ឃោសនាតាមវិដេអូឡាយជារៀងរាល់ថ្ងៃ ប្រាប់ថា ៖

“លាបទៅមិនគ្រោះថ្នាក់ទេ ខ្ញុំក៏លាបដែរ មើលនែ៎ ឃើញទេ? ខ្ញុំលាបរាប់ឆ្នាំហើយ បើស្លាប់ វាស្លាប់យូរហើយ។”

 ពាក្យឃោសនាភូតកុហក បានបណ្ដាលឱ្យក្មេងស្រីដែលខ្វះចំណេះដឹងព្រមជឿតាម យកប្រាក់ទៅទិញ ឡេទាំងនោះ លាបបំពោកលើរាងកាយតាំងពីកញ្ចឹងក ចុះដល់ចុងជើង រាល់ថ្ងៃ និងអនុវត្ដជាច្រើនឆ្នាំជាប់គ្នា។ កាលពីជំងឺធ្វើទុក្ខដំបូង នាងមិនជឿថា នាងខូចតម្រងនោមដោយសារលាបឡេទេ រហូតដល់ជីវិតនៅសល់តែដង្ហើមចង្រិត ទើបនាងព្រមជឿ ប៉ុន្តែទម្រាំដល់ពេលនោះ អ្វីៗឈានដល់ដំណាក់កាលសង្គ្រោះដោយពិបាក នោះគឺការលាងឈាមប្រចាំខែ ដែលតម្រូវចំណាយលុយកាក់អស់ច្រើនជាអតិបរមា ដើម្បីគ្រាន់តែពន្យារជីវិត រង់ចាំសេចក្ដីស្លាប់ នៅថ្ងៃដែលអស់លុយលាងឈាម។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

វាជារឿងសង្វេគខ្លាំងណាស់ រយៈកន្លះឆ្នាំ ដែលខ្ញុំចេញចូលក្នុងបន្ទប់លាងឈាមនៅមន្ទីរពេទ្យ ដើម្បីកំដរឪពុកជរារបស់ខ្ញុំ គឺខ្ញុំបានរៀនសូត្រច្រើនពីជនរងគ្រោះ ដែលគ្មានភាពក្លាហានក្នុងការបកអាក្រាត ម្ចាស់ផលិតផលដ៏អាក្រក់ទាំងអស់នោះ។

តើពពួកឡេលាបលើស្បែក ធ្វើឱ្យស្បែកប្ដូរពណ៌ទៅជា ស បានជ្រាបចូលទៅបំផ្លាញតម្រងនោមរបស់អ្នកប្រើប្រាស់ដោយរបៀបណា?

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

 “ឡេធ្វើឱ្យស្បែកស” គឺជាឧស្សាហកម្ម ដ៏អសីលធម៌មួយ ដែលអង្គការអន្តរជាតិនានាក្នុងពិភពលោក ធ្វើយុទ្ធនាការណ៍ប្រឆាំងយ៉ាងមោះមុត អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ។ កន្លងមក អង្គការទាំងនោះ ធ្លាប់បានដាក់ពាក្យប្ដឹងទៅកាន់ស្ថានីយទូរទស្សន៍ជាច្រើន ជាពិសេសទូរទស្សន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានផលិតវិដេអូផ្សាយពាណិជ្ជកម្មឡេលាបស្បែក តាមរយៈការប្រៀបធៀបគ្នា នូវសម្បុរស្បែកខ្មៅ និង ស។ មាតិកាខ្លះបាននិពន្ធឡើងដោយការតិះដៀលស្បែកខ្មៅ ហើយញុះញង់ឱ្យមនុស្សព្រមទិញផលិតផលលាបស្បែក ដើម្បីលុបបំបាត់ស្បែកពណ៌ខ្មៅ ដែលគេផ្សាយថាជាស្បែកអាក្រក់ ថោកទាប មិនល្អ ត្រូវតែប្ដូរចេញ។ ការតស៊ូមតិ អស់រយៈពេលជាង៥០ឆ្នាំ របស់ក្រុមអ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រផ្នែកសុខភាពធ្វើឡើងយ៉ាងលំបាក ទម្រាំតែអាចអប់រំមនុស្សបានខ្លះៗ។ ដំបូងឡើយ បើត្រឹមតែការពន្យល់ពីភាពអសីលធម៌ ក្នុងការប្រៀបធៀបពណ៌ស្បែករាងកាយគ្នា នោះវានៅមិនទាន់គ្រប់គ្រាន់ ក្នុងការជំរុញមនុស្សឱ្យបញ្ឈប់សកម្មភាពផ្សាយពាណិជ្ជកម្មបែបអមនុស្សធម៌នោះបានទេ។ រហូតដល់ក្រុមវេជ្ជបណ្ឌិត លើកបង្ហាញអំពីផលប៉ះពាល់សរីរាង្គខាងក្នុង និងប៉ះពាល់ដល់អាយុជីវិតផង ទើបឃើញមានការប្រែប្រួល ប្រសើរឡើងវិញខ្លះ ជាពិសេស ក្នុងរបៀបធ្វើទីផ្សារ របស់ពួកឈ្មួញ។

នៅពេលដែលគោលដៅសោភ័ណភាព គឺការធ្វើឱ្យសម្បុរស្បែកមានពណ៌សជាងមុន នោះគឺថា អ្វីដែលមនុស្សត្រូវចំណាយ មិនមែនត្រឹមតែលុយកាក់ និងពេលវេលាទេ ពួកគេត្រូវចំណាយទាំងអាយុជីវិតថែមទៀត។ ស្ដាប់ហើយ គួរសង្វេគខ្លាំងណាស់។

ដើម្បីតស៊ូមតិប្រកបដោយប្រសិទ្ធភាព យើងត្រូវតែយល់ពី “សារធាតុពុល៣ប្រភេទ” ដែលមាននៅក្នុងល្បាយក្រែមលាបស្បែក ដែលអាចជួយធ្វើឱ្យស្បែកប្រែជាពណ៌ស៖

ទី១ គឺ “បារត” (Mercury ) បារតគឺជាគ្រឿងផ្សំដ៏គ្រោះថ្នាក់ និងពិបាកសម្គាល់បំផុត។ បារតនឹងជ្រាបចូលទៅបញ្ឈប់ការផលិតមេឡានីនប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាគឺជាជាតិពុលសរសៃប្រសាទ ដែលអាចសម្លាប់មនុស្សសន្សឹមៗ។

ទី២ គឺ “អ៊ីដ្រូគីណូន” (Hydroquinone) ជារឿយៗសារធាតុនេះ គេប្រើវាតែនៅក្នុងដំណើរការផលិតកម្ម ឧស្សាហកម្មទេ។ សារធាតុអ៊ីដ្រូគីណូន អាចបណ្តាលឱ្យមានជំងឺម្យ៉ាង ឈ្មោះ អូក្រូណូស៊ីស (Ochronosis) ដែលជាជំងឺដែលបណ្ដាលឱ្យស្បែកទៅជាស្រអាប់ និងជាំខៀវ ខ្មៅ ឬ ប្រផេះ ជាអចិន្ត្រៃយ៍ នៅលើស្បែក ដែលវាផ្ទុយពីប្រសិទ្ធភាពដែលអ្នកប្រើប្រាស់ឡេប្រាថ្នាចង់បាន។

ទី៣ គឺ “ក័រទីកូស្តេរ៉ូអ៊ីត” (Corticosteroids) សារធាតុនេះ ធ្វើឱ្យស្បែកទៅជាស្តើង ឡើងសរសៃ ដោយសារតែវាបានបង្ក្រាបប្រព័ន្ធភាពស៊ាំ ធ្វើឱ្យអ្នកប្រើប្រាស់ងាយនឹងឆ្លងមេរោគ និងឡើងប្រេះបែកសង្វារជាអចិន្ត្រៃយ៍។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

គុណវិបត្តិដ៏អាក្រក់មួយទៀត នៃឡេដែលធ្វើឱ្យស្បែកប្រែជាពណ៌ស គឺ ដោយសារតែស្បែកគឺជាសរីរាង្គធំបំផុតរបស់រាងកាយ ដូច្នេះ វាស្រូបយកសារធាតុគីមីទាំងនេះដោយផ្ទាល់ទៅក្នុងចរន្តឈាម ហើយវានឹងបន្ដ តភ្ជាប់ទៅតម្រងនោម រហូតដល់អ្នកលាបឡេជាប្រចាំ នឹងត្រូវតែចុះខ្សោយតម្រងនោម ឈានដល់ការខូចតម្រងនោម ព្រោះថាតម្រងនោមដើរតួជាប្រព័ន្ធច្រោះជាតិពុលរបស់រាងកាយ។ នៅពេលដែលបារតចូលទៅក្នុងចរន្តឈាមតាមរយៈការស្រូបយកពីស្បែក តម្រងនោមនឹងព្យាយាមច្រោះវាចេញ លុះច្រោះយូរទៅ វានឹងហត់នឿយ ទ្រុឌទ្រោម ហើយខូចលែងដំណើរការតែម្ដង។

ចំណែកបញ្ហាប្រឈមមួយទៀតនៅក្នុងឡេ ដែលធ្វើឱ្យស្បែកប្រែជា ស គឺហានិភ័យនៃសារធាតុ ដែលធ្វើឱ្យកើតមហារីកស្បែក  (Carcinogenic)

ជាធម្មតា មេឡានីន (Melanin) គឺជាអ្នកការការពារស្បែករបស់យើងពីធម្មជាតិ ប្រឆាំងនឹងពន្លឺព្រះអាទិត្យដ៏ក្ដៅស្ទើរឆេះ។ នៅពេលណាដែលយើងលាបឡេគីមីប្រភេទនោះ វាស្មើនឹងយើងបានដកហូតយកសារធាតុការពារនេះចេញ។ ហើយជាចុងក្រោយ អ្នកប្រើប្រាស់នឹងបាត់បង់ឆត្រជីវសាស្រ្តរបស់ស្បែកខ្លួនឯង។ មានន័យថា ស្បែក ត្រូវបាត់បង់ការការពារទាំងស្រុង។ អ្នកប្រើប្រាស់ឡេគីមី មិនអាចស្លៀកពាក់បិទបាំង ឬពាក់មួក ឬបាំងឆត្រ ដើម្បីទូទាត់នឹងការបំផ្លាញឆត្រជីវសាស្ត្រនៃសរីរាង្គកាយបានទេ។ នៅពេលដែលគ្មានរបាំងការពារ (មេឡានីន) នោះ កាំរស្មី UV នឹងជ្រាបចូលទៅក្នុងកោសិកាស្បែកកាន់តែជ្រៅ។ អ្នកប្រើប្រាស់ នឹងប្រឈមជាមួយជំងឺមហារីកស្បែក ដែលពិបាកសង្គ្រោះបំផុត។

រូបភាពស្កេន ៣ទំព័រខាងដើម ចេញពីអនុក្រឹត្យនៃការគ្រប់គ្រងគ្រឿងសម្អាង ឆ្នាំ ២០០២

តាមការពិត កម្ពុជាក៏មានអនុក្រឹត្យស្តីពីការគ្រប់គ្រងផលិតផលគ្រឿងសម្អាងដែរ។ ក្នុងនោះ ក្រសួងសុខាភិបាល ត្រូវបានផ្ដល់សិទ្ធិអំណាចយ៉ាងពេញលេញ ក្នុងការបញ្ជា ឱ្យបញ្ឈប់ចរាចរផលិតផលដែលបង្កគ្រោះថ្នាក់ទាំងអស់នោះ។ ប៉ុន្តែ បញ្ហានៅត្រង់ថា ពួកអ្នកលក់ជាច្រើន បានយកផលិតផលល្អ មានគុណភាព និងសុវត្ថិភាព ទៅចុះបញ្ជី ក្រោយពីទទួលបានអាជ្ញាបណ្ណរួច ពួកគេបែរជាលបលួច លាយល្បាយគីមីពុល ជាសម្ងាត់ ដូចដែលបានរៀបរាប់ខាងលើ ទៅក្នុងផលិតផល ដើម្បីជំរុញដល់ប្រសិទ្ធភាពនៃការប្ដូរពណ៌ស្បែកអ្នកប្រើប្រាស់។ មានអតិថិជនតិចតួចណាស់ ដែលនឹកឃើញចង់យកផលិតផលដែលខ្លួនបានទិញរួច ទៅធ្វើតេស្តិ៍ដោយភ្នាក់ងារជំនាញ ដើម្បីស្ទាបស្ទង់អំពីសុវត្ថិភាពផលិតផល ស្របពេលដែលឡេគីមីទាំងនោះ មានខ្លះ ថែមទាំងអាចដាក់លក់នៅក្នុងឱសថស្ថាន ដែលគេជឿថា អ្នកលក់ គឺជាមនុស្សស្ថិតក្នុងលំដាប់គ្រូពេទ្យស្រាប់ទៅហើយ។

ជារឿយៗ ក្រោយពេលដែលមានការបង្ក្រាប អ្នកលក់អសីលធម៌ទាំងនោះ ពុំដែលបានទទួលទោសទណ្ឌធ្ងន់ធ្ងរ ដើម្បីឱ្យរាងចាលទេ។ ម្ល៉ោះហើយ ក្រោយការបង្ក្រាប ពួកគេរួចខ្លួនត្រលប់មកវិញ ប្ដូរឈ្មោះ ប្ដូរម៉ាកយីហោ ហើយបន្តផលិតនិងចែកចាយគ្រឿងសម្អាងដ៏ពិសពុលទាំងនោះជាថ្មីម្ដងទៀត និងពោរពេញដោយល្បិចការពារខ្លួន។

ហេតុអ្វីបានជាការអប់រំរបស់អ្នកជំនាញ គ្មានឥទ្ធិពលគ្របដណ្ដប់លើការឃោសនារបស់ពួកឈ្មួញខិលខូចទាំងនោះ?

ហេតុរបស់វា គឺស្ថិតនៅត្រង់ថា សម្បុរពណ៌ស្បែក គឺជាសមាសធាតុផ្សំនៃវប្បធម៌បែងចែកវណ្ណៈនៅក្នុងសង្គម។ មានន័យថា នៅពេលដែលប្រទេសជាតិមួយ មានគម្លាតឆ្ងាយគ្នាខ្លាំងពេក រវាងអ្នកមាន និងអ្នកក្រ នោះវាក៏ស្មើទៅនឹងការបែងចែកវណ្ណៈមនុស្សដែរ។ វណ្ណៈរបស់មនុស្ស សំដៅលើពណ៌ស្បែក។ ហើយពណ៌ស្បែក តំណាងឱ្យទ្រព្យសម្បត្តិ។ ដូច្នេះ ដោយសារតែភាពល្ងង់ខ្លៅ ការមិនបានរៀនសូត្រជ្រៅជ្រះ ខ្វះគតិអប់រំ មនុស្សដែលចេញមកពីវណ្ណៈក្រីក្រ ព្រមជឿថា បើគេប្ដូរពណ៌ស្បែកពីស្រគាំ ទៅជាសភ្លឺ ពួកគេនឹងមានភ័ព្វសំណាងល្អ។ ម្ល៉ោះហើយ ទោះបីជាមានការចង្អុលបង្ហាញ លាតត្រដាងទាំងភ័ស្ដុតាងអំពីគ្រោះថ្នាក់នៃការប្រើឡេគីមី ដែលធ្វើឱ្យស្បែក ស ក៏ពួកគេមិនព្រមទទួលជឿទាល់តែសោះ។ ពួកគេទទួលយកពាក្យសម្ដីបញ្ចុះបញ្ចូលរបស់ឈ្មួញទុច្ចរិត ដែលផ្សាយញុះញង់ឱ្យពួកគេព្រមប្ដូរពណ៌ស្បែក ដើម្បីមានសម្រស់ស្រស់ស្អាតជាងមុន។ និយាយរួម ភាពល្ងង់ខ្លៅ បានរុញឱ្យពួកគេជឿថា សម្រស់ល្អស្អាត គឺស្បែកពណ៌ស។ ភាពអាក្រក់ថោកទាប គឺស្បែកពណ៌ខ្មៅ។ នេះជាការយល់ឃើញដ៏គ្រោះថ្នាក់ខ្លាំងណាស់!

បញ្ហាពណ៌សម្បុរនេះហើយ ដែលជាសំណល់នៃឋានានុក្រមសង្គម ដែលឧស្សាហកម្មដ៏ខ្មៅកខ្វក់នេះ បានកេងប្រវ័ញ្ចលើអាយុជីវិត និងសុខុមាលភាពមនុស្សជាច្រើន ដើម្បីប្រាក់ចំណេញតែម្យ៉ាងគត់។ ពួកគេហាក់ដូចជាកំពុងប្រកាសថា អត្ដសញ្ញាណរបស់បុព្វបុរសយើង គឺសាច់ឈាមខ្មែរអង្គរយើងនេះ ជាអត្ដសញ្ញាណមិនល្អ និងត្រូវតែកែប្រែចេញ តាមរយៈដំណោះស្រាយមួយ គឺប្រើសារធាតុគីមីប្ដូរពណ៌ស្បែកដូនតាចេញឱ្យអស់។

សូមរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម រួមទាំងអង្គភាពនានា ដែលធ្វើកិច្ចការទាក់ទងនឹងបញ្ហានេះ  អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដាច់ខាត។

សូមអ្នកផលិត និងអ្នកលក់បឈ្ឈប់ជាបន្ទាន់ នូវសកម្មភាពដោះដូរអាយុជីវិតរបស់អ្នកដទៃដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន។ សូមបញ្ឈប់ការផលិតនិងចែកចាយថ្នាំពុលសម្លាប់មនុស្សដោយចេតនា តាមរយៈផលិតផល ដែលគេហៅថា ឡេធ្វើឱ្យស្បែកស។ ផលិតផលរបស់អ្នក​ គឺជាថ្នាំបំពុលសម្លាប់មនុស្សយ៉ាងច្បាស់លាស់ណាស់។

សូមអ្នកប្រើប្រាស់គិតសាឡើងវិញម្ដងទៀត! សម្រស់របស់លោកអ្នក មិនអាចកែច្នៃតាមរយៈការបញ្ចូលសារធាតុបារតទៅក្នុងឈាមនោះទេ។ សូមការពារតម្រងនោម និងថែទាំសុខភាព។ អាយុជីវិតរបស់អ្នកមានតម្លៃជាងការទទួលបានស្បែកពណ៌ស ដែលពណ៌នេះ មិនជាទីប្រាថ្នាទេ សម្រាប់ប្រជាជននៅបស្ចិមលោក។ មនុស្សមានស្បែក ស នៅក្នុងក្រសែភ្នែកនៃប្រជាជនប្រទេសជឿនលឿន អ្នកប្រៀបដូចទៅនឹងខ្មោចឆៅ ឬមនុស្សមានជំងឺដែលគេខ្លាច។ ស្បែក ស ដោយការចាក់បារតចូលក្នុងឈាម គ្មានតម្លៃទេ។ សូមភ្ញាក់ខ្លួនឡើង!

រូបថតផលិតដោយបញ្ញាសិប្បនិម្មិត A.I. Copilot
រូបថតផលិតដោយបញ្ញាសិប្បនិម្មិត A.I. Copilot

សូមសហគមន៍វេជ្ជសាស្ត្រនៅកម្ពុជា ក្លាហានឡើង! សូមហ៊ានបើកបង្ហាញទិន្នន័យជាសាធារណៈបន្ថែមទៀត អំពីអ្នកជំងឺ ដែលរងគ្រោះដល់អាយុជីវិត ដោយសាការលាបឡេ។ វេជ្ជបណ្ឌិត គួរទទួលបានការលើកទឹកចិត្តឱ្យរាយការណ៍ពីករណីខ្សោយតម្រងនោម ដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងសម្អាងអាក្រក់ទាំងនោះ ដើម្បីឱ្យទំហំពិតនៃបញ្ហាអាចមើលឃើញរឹតតែច្បាស់ឡើង។

វិបត្តិនៃផលិតផលដែលធ្វើឱ្យស្បែកស មិនមែនគ្រាន់តែជាបញ្ហាសុខភាពនោះទេ។ វាថែមទាំងជាបញ្ហាសីលធម៌ និង មនុស្សធម៌ទៀតផង។ ពីមួយជំនាន់ទៅមួយជំនាន់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីនិងក្មេងស្រី ត្រូវបានគេបំពុលសន្សឹមៗ ឱ្យខ្ទេចខ្ទីអស់នូវសុខុមាលភាព ដែលជាទ្រព្យធនដ៏មានតម្លៃសម្រាប់ការកសាងសុភមង្គលគ្រួសារ ក៏ដូចជាសង្គមជាតិ​ ខណៈដែលអាជ្ញាធរ ធ្វើការយ៉ាងស្ពឹកស្រពន់ទាក់ទងនឹងរឿងនេះ។

ក្នុងនាមជាអ្នកនិពន្ធម្នាក់ ខ្ញុំសូមប្រើសំឡេងរបស់ខ្ញុំ ដើម្បីជួយដល់អ្នកដែលកំពុងរងទុក្ខវេទនានៅក្នុងបន្ទប់លាងឈាមនៃមន្ទីរពេទ្យ ដែលរងគ្រោះពីការប្រើពពួកឡេធ្វើឱ្យស្បែក ស ដ៏ពិសពុល។ វាដល់ពេលដែលយើងត្រូវតែបញ្ឈប់ ការចែកចាយថ្នាំពុល ហើយចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមចុចទីនេះ ដើម្បីទស្សនាវិដេអូអំពីអត្ថបទនេះ =>