Tag Archives: Revolution of Mindset

ទស្សនៈអំពីពណ៌ស្បែក ដែលបង្កជាវិបត្តិសុខភាព រាតត្បាតខ្លាំងក្នុងចំណោមក្មេងស្រី និងស្ត្រីដែលមានការអប់រំទាបនៅកម្ពុជា

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រាប់ចាប់តាំងពីកម្ពុជាងើបពីសង្គ្រាម មានទូរទស្សន៍ ទស្សនាវដ្ដី និងចុងក្រោយនេះ គឺអ៊ីនធើណិតដ៏សម្បូរបែប ដែលជាឧបករណ៍ទំនើបពេញនិយម សម្រាប់ប្រើប្រាស់ ក្នុងការមើល និង ប្រៀបធៀបគ្នា អំពីស្ដង់ដារជីវិតរស់នៅ។

ការប្រាស្រ័យទាក់ទងគ្នាលើកដំបូង មនុស្សសម្លឹងមើលគ្នា ហើយវិនិច្ឆ័យ គោរពរាប់អាន លើកតម្កើង ឬរើសអើង ដោយគំហើញនៃសម្បុរស្បែកខាងក្រៅជាមុនសិន។ ទម្រាំចូលដល់សម្ព័ន្ធភាពជ្រាលជ្រៅ ដែលអាចដឹងបានដល់ចិត្តគំនិតខាងក្នុង មានអ្នកខ្លះ ផ្ដាច់ទំនាក់ទំនង តាំងពីឃើញពណ៌ស្បែកស្រគាំ ស្រអាប់ មិនគាប់ចិត្តជាលើកដំបូងម្ល៉េះ។ អ្នកមានស្បែកពណ៌សភ្លឺ គេកំណត់ថាជាមនុស្សជោគជ័យ ខ្លាំងពូកែ មានធនធាន ជាប់ពូជចិនយួន ជាអ្នកឆ្លាត ដែលអាចពឹងពាក់បាន។ អ្នកមានស្បែកពណ៌ត្នោត ក្រហមដិត គេកំណត់ថាជាមនុស្សក្រីក្រ អន់ ព្រោះប្រកបរបរហាលថ្ងៃក្ដៅច្រើន មិនជាប់ពូជចិនយួន មិនឆ្លាត អសមត្ថភាពក្នុងជីវិត។ នេះជាផ្នត់គំនិតដែលអាក្រក់ជាងជំងឺរាតត្បាតធម្មតាទៅទៀត។ វាលើសពីបញ្ហាវិបត្តិវប្បធម៌ គឺទស្សនៈនេះក្លាយជាអាវុធសម្លាប់មនុស្សយ៉ាងសាហាវនៅពាសពេញប្រទេសកម្ពុជា ជាពិសេសស្ត្រីក្មេងៗ ដែលរស់នៅក្នុងសង្គមមួយ ដែលខ្វះការអប់រំ។

ដោយជឿទៅតាមពាក្យញុះញង់របស់ឈ្មួញអសីលធម៌ នារីក្មេងៗ យល់ព្រមចាយលុយទិញក្រែមគីមី ដែលគេផ្សាយតាមបណ្ដាញព័ត៌មានថា នឹងជួយប្ដូរពណ៌ស្បែករបស់ពួកនាងឱ្យបាន ស ភ្លឺ រលោង ស្អាតជាងមុន ក្នុងរយៈពេលខ្លីបំផុត។ ជំនឿដ៏ងងឹតនេះ មិនអាចបំភ្លឺបានដោយត្រឹមតែពាក្យណែនាំ របស់អ្នកជំនាញសើស្បែក វេជ្ជបណ្ឌិតឯកទេសស្បែកតែម្យ៉ាងទេ វាទាមទារឱ្យមានជនរងគ្រោះពីការប្រើផលិតផលប្ដូរពណ៌ស្បែកនោះ ក្លាហាន ហ៊ានចេញមុខសារភាព និងប្រកាសប្រាប់អ្នកដទៃទៀតអំពីគ្រោះថ្នាក់នៃផលិតផលប្ដូរពណ៌ស្បែកថែមទៀតផង។

A collection of photos taken from various Facebook accounts of bleaching cream users, who were incentivized to promote the product in exchange for rewards as part of an unethical marketing campaign run by unscrupulous sellers.
A collection of photos taken from various Facebook accounts of bleaching cream users, who were incentivized to promote the product in exchange for rewards as part of an unethical marketing campaign run by unscrupulous sellers.

ខ្ញុំសូមលើកករណីពិតជាក់ស្ដែងមួយ នៅក្នុងមជ្ឈមណ្ឌលលាងឈាម នៃមន្ទីរពេទ្យដ៏ធំមួយ ដែលខ្ញុំតែងតែជូនឪពុកខ្ញុំទៅលាងឈាម ប្រចាំសប្ដាហ៍ កាលពីគាត់នៅមានជីវិត។ ឪពុកខ្ញុំខូចតម្រងនោម​ ដោយសារជំងឺលើសឈាម ទឹកនោមផ្អែម ដែលតម្រូវឱ្យលាងឈាមជាប្រចាំ ដើម្បីពន្យារជីវិត។ គាត់លាងឈាមបានតែកន្លះឆ្នាំ ក៏ទ្រាំលែងបាន និងធ្វើមរណកាលទៅ ក្នុងអាយុ ៧៣ឆ្នាំ កាលពីដើមខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ។ ក្នុងបរិបទនេះ ខ្ញុំចង់បង្ហាញជ្រុងមួយអំពីបញ្ហាសុខមាលភាពក្មេងស្រី៖

ជារៀងរាល់សប្ដាហ៍ដែលខ្ញុំជូនឪពុកកទៅលាងឈាម ខ្ញុំតែងតែបានជួបប្រទះអ្នកជំងឺខូចតម្រងនោមជាច្រើន ផ្សេងទៀត ដែលមានអាយុក្មេងៗនៅឡើយ។ ខ្លះជាបុរសវ័យខ្ទង់ ៣០ឆ្នាំ ខ្លះជាស្ត្រី វ័យទើបតែ២០ឆ្នាំ និងមានកុមារអាយុខ្ទង់១០ឆ្នាំ ទៀតផង។ នៅក្នុងបន្ទប់លាងឈាម ជាកន្លែងដែលខ្ញុំអាចឆ្លុះបញ្ចាំងបានថា បញ្ហាសុវត្ថិភាពចំណីអាហារ និងផលិតផលគ្រឿងសម្អាង ដែលកំពុងចរាចរនៅកម្ពុជាគ្មានសុវត្ថិភាពទេ។ ខ្ញុំតែងតែសាកសួរទាំងខ្លាចចិត្ត ទៅកាន់អ្នកជំងឺលាងឈាម ដែលគេងសម្រាកនៅគ្រែក្បែរឪពុកខ្ញុំ។ ក្មេងប្រុសអាយុពេញកម្លាំង ខូចតម្រងនោម ដោយសារតែផឹកគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង។ ក្មេងស្រីៗ ខូចតម្រងនោម ដោយសារតែការលាបឡេឱ្យស។

រូបថតរបស់ លឹម វិរិយា

អ្នកលក់ឡេ ឃោសនាតាមវិដេអូឡាយជារៀងរាល់ថ្ងៃ ប្រាប់ថា ៖

“លាបទៅមិនគ្រោះថ្នាក់ទេ ខ្ញុំក៏លាបដែរ មើលនែ៎ ឃើញទេ? ខ្ញុំលាបរាប់ឆ្នាំហើយ បើស្លាប់ វាស្លាប់យូរហើយ។”

 ពាក្យឃោសនាភូតកុហក បានបណ្ដាលឱ្យក្មេងស្រីដែលខ្វះចំណេះដឹងព្រមជឿតាម យកប្រាក់ទៅទិញ ឡេទាំងនោះ លាបបំពោកលើរាងកាយតាំងពីកញ្ចឹងក ចុះដល់ចុងជើង រាល់ថ្ងៃ និងអនុវត្ដជាច្រើនឆ្នាំជាប់គ្នា។ កាលពីជំងឺធ្វើទុក្ខដំបូង នាងមិនជឿថា នាងខូចតម្រងនោមដោយសារលាបឡេទេ រហូតដល់ជីវិតនៅសល់តែដង្ហើមចង្រិត ទើបនាងព្រមជឿ ប៉ុន្តែទម្រាំដល់ពេលនោះ អ្វីៗឈានដល់ដំណាក់កាលសង្គ្រោះដោយពិបាក នោះគឺការលាងឈាមប្រចាំខែ ដែលតម្រូវចំណាយលុយកាក់អស់ច្រើនជាអតិបរមា ដើម្បីគ្រាន់តែពន្យារជីវិត រង់ចាំសេចក្ដីស្លាប់ នៅថ្ងៃដែលអស់លុយលាងឈាម។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

វាជារឿងសង្វេគខ្លាំងណាស់ រយៈកន្លះឆ្នាំ ដែលខ្ញុំចេញចូលក្នុងបន្ទប់លាងឈាមនៅមន្ទីរពេទ្យ ដើម្បីកំដរឪពុកជរារបស់ខ្ញុំ គឺខ្ញុំបានរៀនសូត្រច្រើនពីជនរងគ្រោះ ដែលគ្មានភាពក្លាហានក្នុងការបកអាក្រាត ម្ចាស់ផលិតផលដ៏អាក្រក់ទាំងអស់នោះ។

តើពពួកឡេលាបលើស្បែក ធ្វើឱ្យស្បែកប្ដូរពណ៌ទៅជា ស បានជ្រាបចូលទៅបំផ្លាញតម្រងនោមរបស់អ្នកប្រើប្រាស់ដោយរបៀបណា?

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

 “ឡេធ្វើឱ្យស្បែកស” គឺជាឧស្សាហកម្ម ដ៏អសីលធម៌មួយ ដែលអង្គការអន្តរជាតិនានាក្នុងពិភពលោក ធ្វើយុទ្ធនាការណ៍ប្រឆាំងយ៉ាងមោះមុត អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ។ កន្លងមក អង្គការទាំងនោះ ធ្លាប់បានដាក់ពាក្យប្ដឹងទៅកាន់ស្ថានីយទូរទស្សន៍ជាច្រើន ជាពិសេសទូរទស្សន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានផលិតវិដេអូផ្សាយពាណិជ្ជកម្មឡេលាបស្បែក តាមរយៈការប្រៀបធៀបគ្នា នូវសម្បុរស្បែកខ្មៅ និង ស។ មាតិកាខ្លះបាននិពន្ធឡើងដោយការតិះដៀលស្បែកខ្មៅ ហើយញុះញង់ឱ្យមនុស្សព្រមទិញផលិតផលលាបស្បែក ដើម្បីលុបបំបាត់ស្បែកពណ៌ខ្មៅ ដែលគេផ្សាយថាជាស្បែកអាក្រក់ ថោកទាប មិនល្អ ត្រូវតែប្ដូរចេញ។ ការតស៊ូមតិ អស់រយៈពេលជាង៥០ឆ្នាំ របស់ក្រុមអ្នកប្រាជ្ញ អ្នកវិទ្យាសាស្ត្រផ្នែកសុខភាពធ្វើឡើងយ៉ាងលំបាក ទម្រាំតែអាចអប់រំមនុស្សបានខ្លះៗ។ ដំបូងឡើយ បើត្រឹមតែការពន្យល់ពីភាពអសីលធម៌ ក្នុងការប្រៀបធៀបពណ៌ស្បែករាងកាយគ្នា នោះវានៅមិនទាន់គ្រប់គ្រាន់ ក្នុងការជំរុញមនុស្សឱ្យបញ្ឈប់សកម្មភាពផ្សាយពាណិជ្ជកម្មបែបអមនុស្សធម៌នោះបានទេ។ រហូតដល់ក្រុមវេជ្ជបណ្ឌិត លើកបង្ហាញអំពីផលប៉ះពាល់សរីរាង្គខាងក្នុង និងប៉ះពាល់ដល់អាយុជីវិតផង ទើបឃើញមានការប្រែប្រួល ប្រសើរឡើងវិញខ្លះ ជាពិសេស ក្នុងរបៀបធ្វើទីផ្សារ របស់ពួកឈ្មួញ។

នៅពេលដែលគោលដៅសោភ័ណភាព គឺការធ្វើឱ្យសម្បុរស្បែកមានពណ៌សជាងមុន នោះគឺថា អ្វីដែលមនុស្សត្រូវចំណាយ មិនមែនត្រឹមតែលុយកាក់ និងពេលវេលាទេ ពួកគេត្រូវចំណាយទាំងអាយុជីវិតថែមទៀត។ ស្ដាប់ហើយ គួរសង្វេគខ្លាំងណាស់។

ដើម្បីតស៊ូមតិប្រកបដោយប្រសិទ្ធភាព យើងត្រូវតែយល់ពី “សារធាតុពុល៣ប្រភេទ” ដែលមាននៅក្នុងល្បាយក្រែមលាបស្បែក ដែលអាចជួយធ្វើឱ្យស្បែកប្រែជាពណ៌ស៖

ទី១ គឺ “បារត” (Mercury ) បារតគឺជាគ្រឿងផ្សំដ៏គ្រោះថ្នាក់ និងពិបាកសម្គាល់បំផុត។ បារតនឹងជ្រាបចូលទៅបញ្ឈប់ការផលិតមេឡានីនប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាគឺជាជាតិពុលសរសៃប្រសាទ ដែលអាចសម្លាប់មនុស្សសន្សឹមៗ។

ទី២ គឺ “អ៊ីដ្រូគីណូន” (Hydroquinone) ជារឿយៗសារធាតុនេះ គេប្រើវាតែនៅក្នុងដំណើរការផលិតកម្ម ឧស្សាហកម្មទេ។ សារធាតុអ៊ីដ្រូគីណូន អាចបណ្តាលឱ្យមានជំងឺម្យ៉ាង ឈ្មោះ អូក្រូណូស៊ីស (Ochronosis) ដែលជាជំងឺដែលបណ្ដាលឱ្យស្បែកទៅជាស្រអាប់ និងជាំខៀវ ខ្មៅ ឬ ប្រផេះ ជាអចិន្ត្រៃយ៍ នៅលើស្បែក ដែលវាផ្ទុយពីប្រសិទ្ធភាពដែលអ្នកប្រើប្រាស់ឡេប្រាថ្នាចង់បាន។

ទី៣ គឺ “ក័រទីកូស្តេរ៉ូអ៊ីត” (Corticosteroids) សារធាតុនេះ ធ្វើឱ្យស្បែកទៅជាស្តើង ឡើងសរសៃ ដោយសារតែវាបានបង្ក្រាបប្រព័ន្ធភាពស៊ាំ ធ្វើឱ្យអ្នកប្រើប្រាស់ងាយនឹងឆ្លងមេរោគ និងឡើងប្រេះបែកសង្វារជាអចិន្ត្រៃយ៍។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត A.I. Gemini

គុណវិបត្តិដ៏អាក្រក់មួយទៀត នៃឡេដែលធ្វើឱ្យស្បែកប្រែជាពណ៌ស គឺ ដោយសារតែស្បែកគឺជាសរីរាង្គធំបំផុតរបស់រាងកាយ ដូច្នេះ វាស្រូបយកសារធាតុគីមីទាំងនេះដោយផ្ទាល់ទៅក្នុងចរន្តឈាម ហើយវានឹងបន្ដ តភ្ជាប់ទៅតម្រងនោម រហូតដល់អ្នកលាបឡេជាប្រចាំ នឹងត្រូវតែចុះខ្សោយតម្រងនោម ឈានដល់ការខូចតម្រងនោម ព្រោះថាតម្រងនោមដើរតួជាប្រព័ន្ធច្រោះជាតិពុលរបស់រាងកាយ។ នៅពេលដែលបារតចូលទៅក្នុងចរន្តឈាមតាមរយៈការស្រូបយកពីស្បែក តម្រងនោមនឹងព្យាយាមច្រោះវាចេញ លុះច្រោះយូរទៅ វានឹងហត់នឿយ ទ្រុឌទ្រោម ហើយខូចលែងដំណើរការតែម្ដង។

ចំណែកបញ្ហាប្រឈមមួយទៀតនៅក្នុងឡេ ដែលធ្វើឱ្យស្បែកប្រែជា ស គឺហានិភ័យនៃសារធាតុ ដែលធ្វើឱ្យកើតមហារីកស្បែក  (Carcinogenic)

ជាធម្មតា មេឡានីន (Melanin) គឺជាអ្នកការការពារស្បែករបស់យើងពីធម្មជាតិ ប្រឆាំងនឹងពន្លឺព្រះអាទិត្យដ៏ក្ដៅស្ទើរឆេះ។ នៅពេលណាដែលយើងលាបឡេគីមីប្រភេទនោះ វាស្មើនឹងយើងបានដកហូតយកសារធាតុការពារនេះចេញ។ ហើយជាចុងក្រោយ អ្នកប្រើប្រាស់នឹងបាត់បង់ឆត្រជីវសាស្រ្តរបស់ស្បែកខ្លួនឯង។ មានន័យថា ស្បែក ត្រូវបាត់បង់ការការពារទាំងស្រុង។ អ្នកប្រើប្រាស់ឡេគីមី មិនអាចស្លៀកពាក់បិទបាំង ឬពាក់មួក ឬបាំងឆត្រ ដើម្បីទូទាត់នឹងការបំផ្លាញឆត្រជីវសាស្ត្រនៃសរីរាង្គកាយបានទេ។ នៅពេលដែលគ្មានរបាំងការពារ (មេឡានីន) នោះ កាំរស្មី UV នឹងជ្រាបចូលទៅក្នុងកោសិកាស្បែកកាន់តែជ្រៅ។ អ្នកប្រើប្រាស់ នឹងប្រឈមជាមួយជំងឺមហារីកស្បែក ដែលពិបាកសង្គ្រោះបំផុត។

រូបភាពស្កេន ៣ទំព័រខាងដើម ចេញពីអនុក្រឹត្យនៃការគ្រប់គ្រងគ្រឿងសម្អាង ឆ្នាំ ២០០២

តាមការពិត កម្ពុជាក៏មានអនុក្រឹត្យស្តីពីការគ្រប់គ្រងផលិតផលគ្រឿងសម្អាងដែរ។ ក្នុងនោះ ក្រសួងសុខាភិបាល ត្រូវបានផ្ដល់សិទ្ធិអំណាចយ៉ាងពេញលេញ ក្នុងការបញ្ជា ឱ្យបញ្ឈប់ចរាចរផលិតផលដែលបង្កគ្រោះថ្នាក់ទាំងអស់នោះ។ ប៉ុន្តែ បញ្ហានៅត្រង់ថា ពួកអ្នកលក់ជាច្រើន បានយកផលិតផលល្អ មានគុណភាព និងសុវត្ថិភាព ទៅចុះបញ្ជី ក្រោយពីទទួលបានអាជ្ញាបណ្ណរួច ពួកគេបែរជាលបលួច លាយល្បាយគីមីពុល ជាសម្ងាត់ ដូចដែលបានរៀបរាប់ខាងលើ ទៅក្នុងផលិតផល ដើម្បីជំរុញដល់ប្រសិទ្ធភាពនៃការប្ដូរពណ៌ស្បែកអ្នកប្រើប្រាស់។ មានអតិថិជនតិចតួចណាស់ ដែលនឹកឃើញចង់យកផលិតផលដែលខ្លួនបានទិញរួច ទៅធ្វើតេស្តិ៍ដោយភ្នាក់ងារជំនាញ ដើម្បីស្ទាបស្ទង់អំពីសុវត្ថិភាពផលិតផល ស្របពេលដែលឡេគីមីទាំងនោះ មានខ្លះ ថែមទាំងអាចដាក់លក់នៅក្នុងឱសថស្ថាន ដែលគេជឿថា អ្នកលក់ គឺជាមនុស្សស្ថិតក្នុងលំដាប់គ្រូពេទ្យស្រាប់ទៅហើយ។

ជារឿយៗ ក្រោយពេលដែលមានការបង្ក្រាប អ្នកលក់អសីលធម៌ទាំងនោះ ពុំដែលបានទទួលទោសទណ្ឌធ្ងន់ធ្ងរ ដើម្បីឱ្យរាងចាលទេ។ ម្ល៉ោះហើយ ក្រោយការបង្ក្រាប ពួកគេរួចខ្លួនត្រលប់មកវិញ ប្ដូរឈ្មោះ ប្ដូរម៉ាកយីហោ ហើយបន្តផលិតនិងចែកចាយគ្រឿងសម្អាងដ៏ពិសពុលទាំងនោះជាថ្មីម្ដងទៀត និងពោរពេញដោយល្បិចការពារខ្លួន។

ហេតុអ្វីបានជាការអប់រំរបស់អ្នកជំនាញ គ្មានឥទ្ធិពលគ្របដណ្ដប់លើការឃោសនារបស់ពួកឈ្មួញខិលខូចទាំងនោះ?

ហេតុរបស់វា គឺស្ថិតនៅត្រង់ថា សម្បុរពណ៌ស្បែក គឺជាសមាសធាតុផ្សំនៃវប្បធម៌បែងចែកវណ្ណៈនៅក្នុងសង្គម។ មានន័យថា នៅពេលដែលប្រទេសជាតិមួយ មានគម្លាតឆ្ងាយគ្នាខ្លាំងពេក រវាងអ្នកមាន និងអ្នកក្រ នោះវាក៏ស្មើទៅនឹងការបែងចែកវណ្ណៈមនុស្សដែរ។ វណ្ណៈរបស់មនុស្ស សំដៅលើពណ៌ស្បែក។ ហើយពណ៌ស្បែក តំណាងឱ្យទ្រព្យសម្បត្តិ។ ដូច្នេះ ដោយសារតែភាពល្ងង់ខ្លៅ ការមិនបានរៀនសូត្រជ្រៅជ្រះ ខ្វះគតិអប់រំ មនុស្សដែលចេញមកពីវណ្ណៈក្រីក្រ ព្រមជឿថា បើគេប្ដូរពណ៌ស្បែកពីស្រគាំ ទៅជាសភ្លឺ ពួកគេនឹងមានភ័ព្វសំណាងល្អ។ ម្ល៉ោះហើយ ទោះបីជាមានការចង្អុលបង្ហាញ លាតត្រដាងទាំងភ័ស្ដុតាងអំពីគ្រោះថ្នាក់នៃការប្រើឡេគីមី ដែលធ្វើឱ្យស្បែក ស ក៏ពួកគេមិនព្រមទទួលជឿទាល់តែសោះ។ ពួកគេទទួលយកពាក្យសម្ដីបញ្ចុះបញ្ចូលរបស់ឈ្មួញទុច្ចរិត ដែលផ្សាយញុះញង់ឱ្យពួកគេព្រមប្ដូរពណ៌ស្បែក ដើម្បីមានសម្រស់ស្រស់ស្អាតជាងមុន។ និយាយរួម ភាពល្ងង់ខ្លៅ បានរុញឱ្យពួកគេជឿថា សម្រស់ល្អស្អាត គឺស្បែកពណ៌ស។ ភាពអាក្រក់ថោកទាប គឺស្បែកពណ៌ខ្មៅ។ នេះជាការយល់ឃើញដ៏គ្រោះថ្នាក់ខ្លាំងណាស់!

បញ្ហាពណ៌សម្បុរនេះហើយ ដែលជាសំណល់នៃឋានានុក្រមសង្គម ដែលឧស្សាហកម្មដ៏ខ្មៅកខ្វក់នេះ បានកេងប្រវ័ញ្ចលើអាយុជីវិត និងសុខុមាលភាពមនុស្សជាច្រើន ដើម្បីប្រាក់ចំណេញតែម្យ៉ាងគត់។ ពួកគេហាក់ដូចជាកំពុងប្រកាសថា អត្ដសញ្ញាណរបស់បុព្វបុរសយើង គឺសាច់ឈាមខ្មែរអង្គរយើងនេះ ជាអត្ដសញ្ញាណមិនល្អ និងត្រូវតែកែប្រែចេញ តាមរយៈដំណោះស្រាយមួយ គឺប្រើសារធាតុគីមីប្ដូរពណ៌ស្បែកដូនតាចេញឱ្យអស់។

សូមរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម រួមទាំងអង្គភាពនានា ដែលធ្វើកិច្ចការទាក់ទងនឹងបញ្ហានេះ  អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងដាច់ខាត។

សូមអ្នកផលិត និងអ្នកលក់បឈ្ឈប់ជាបន្ទាន់ នូវសកម្មភាពដោះដូរអាយុជីវិតរបស់អ្នកដទៃដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន។ សូមបញ្ឈប់ការផលិតនិងចែកចាយថ្នាំពុលសម្លាប់មនុស្សដោយចេតនា តាមរយៈផលិតផល ដែលគេហៅថា ឡេធ្វើឱ្យស្បែកស។ ផលិតផលរបស់អ្នក​ គឺជាថ្នាំបំពុលសម្លាប់មនុស្សយ៉ាងច្បាស់លាស់ណាស់។

សូមអ្នកប្រើប្រាស់គិតសាឡើងវិញម្ដងទៀត! សម្រស់របស់លោកអ្នក មិនអាចកែច្នៃតាមរយៈការបញ្ចូលសារធាតុបារតទៅក្នុងឈាមនោះទេ។ សូមការពារតម្រងនោម និងថែទាំសុខភាព។ អាយុជីវិតរបស់អ្នកមានតម្លៃជាងការទទួលបានស្បែកពណ៌ស ដែលពណ៌នេះ មិនជាទីប្រាថ្នាទេ សម្រាប់ប្រជាជននៅបស្ចិមលោក។ មនុស្សមានស្បែក ស នៅក្នុងក្រសែភ្នែកនៃប្រជាជនប្រទេសជឿនលឿន អ្នកប្រៀបដូចទៅនឹងខ្មោចឆៅ ឬមនុស្សមានជំងឺដែលគេខ្លាច។ ស្បែក ស ដោយការចាក់បារតចូលក្នុងឈាម គ្មានតម្លៃទេ។ សូមភ្ញាក់ខ្លួនឡើង!

រូបថតផលិតដោយបញ្ញាសិប្បនិម្មិត A.I. Copilot
រូបថតផលិតដោយបញ្ញាសិប្បនិម្មិត A.I. Copilot

សូមសហគមន៍វេជ្ជសាស្ត្រនៅកម្ពុជា ក្លាហានឡើង! សូមហ៊ានបើកបង្ហាញទិន្នន័យជាសាធារណៈបន្ថែមទៀត អំពីអ្នកជំងឺ ដែលរងគ្រោះដល់អាយុជីវិត ដោយសាការលាបឡេ។ វេជ្ជបណ្ឌិត គួរទទួលបានការលើកទឹកចិត្តឱ្យរាយការណ៍ពីករណីខ្សោយតម្រងនោម ដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងសម្អាងអាក្រក់ទាំងនោះ ដើម្បីឱ្យទំហំពិតនៃបញ្ហាអាចមើលឃើញរឹតតែច្បាស់ឡើង។

វិបត្តិនៃផលិតផលដែលធ្វើឱ្យស្បែកស មិនមែនគ្រាន់តែជាបញ្ហាសុខភាពនោះទេ។ វាថែមទាំងជាបញ្ហាសីលធម៌ និង មនុស្សធម៌ទៀតផង។ ពីមួយជំនាន់ទៅមួយជំនាន់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីនិងក្មេងស្រី ត្រូវបានគេបំពុលសន្សឹមៗ ឱ្យខ្ទេចខ្ទីអស់នូវសុខុមាលភាព ដែលជាទ្រព្យធនដ៏មានតម្លៃសម្រាប់ការកសាងសុភមង្គលគ្រួសារ ក៏ដូចជាសង្គមជាតិ​ ខណៈដែលអាជ្ញាធរ ធ្វើការយ៉ាងស្ពឹកស្រពន់ទាក់ទងនឹងរឿងនេះ។

ក្នុងនាមជាអ្នកនិពន្ធម្នាក់ ខ្ញុំសូមប្រើសំឡេងរបស់ខ្ញុំ ដើម្បីជួយដល់អ្នកដែលកំពុងរងទុក្ខវេទនានៅក្នុងបន្ទប់លាងឈាមនៃមន្ទីរពេទ្យ ដែលរងគ្រោះពីការប្រើពពួកឡេធ្វើឱ្យស្បែក ស ដ៏ពិសពុល។ វាដល់ពេលដែលយើងត្រូវតែបញ្ឈប់ ការចែកចាយថ្នាំពុល ហើយចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមចុចទីនេះ ដើម្បីទស្សនាវិដេអូអំពីអត្ថបទនេះ =>

តើនរណាជាអ្នកមានពិតប្រាកដ?

នៅក្នុងផ្លូវលោករបស់បុថុជ្ជនយើង និយមន័យ “អ្នកមាន” និង “អ្នកក្រ” ហាក់មានសភាពចម្រូងចម្រាសគ្នា គ្រប់ពេលវេលា និង គ្រប់ទីកន្លែង។ មនុស្សលោក មិនអាចស្វែងរកកិច្ចឯកភាពរួមមួយបានទេ ដរាបណាម្នាក់ៗ យកតួលេខមកធ្វើជាសូចនករណ៍ក្នុងការកំណត់ទិសដៅ។

ព្រះពុទ្ធបានទុកពាក្យប្រៀនប្រដៅមួយថា “បើអ្នកយកតួលេខ ដើម្បីកំណត់ភាពមានបាន អ្នកនឹងស្គាល់តែភាពក្រីក្រជារៀងរហូត ព្រោះតួលេខតែងតែរំកិលខិតទៅរកបូកអនន្ត”។ មានន័យថា ការសរសេរពីតួលេខ គ្មានដែនកំណត់ទេ វានឹងនាំអ្នកសរសេរឆ្ពោះទៅទីឋានដែលគ្មានកោះត្រើយ។

ផ្ទុយទៅវិញ ព្រះពុទ្ធបរមគ្រូនៃយើង បានសង្កត់ទុកនូវបណ្ដាំគំនិតមួយ ដែលស្របនឹងទ្រឹស្ដីសេដ្ឋកិច្ចសាកល គឺ “អ្នកមាន ជាអ្នកដែលលែងមានតម្រូវការ”។ មានន័យថា ដរាបណា មនុស្សនៅតែមានតម្រូវការ (Demands) គេនឹងនៅតែជាមនុស្សមិនទាន់គ្រប់គ្រាន់។ ភាពមិនគ្រប់ គឺជាសេចក្ដីទុក្ខសោកវេទនា ហើយអារម្មណ៍ដែលមិនគ្រប់នេះ ធ្វើឱ្យមនុស្សរស់ដោយគ្មានសេចក្ដីសុខ។ អ្នកគ្មានសេចក្ដីសុខ គឺជាអ្នកក្ររហាមនុះឯង!

រូបភាពពន្យល់ពី “The Law of Income” យកមកពីគេហទំព័រ http://www.linkedin.com

បើអ្នកមានលុយ ១០០លានដុល្លារហើយ តែពិបាកចិត្តដេកមិនលក់ ព្រោះខ្វះ ១០០លានដុល្លារ ថែមទៀត ដើម្បីបង្គ្រប់ការវិនិយោគក្នុងផែនការឆ្នាំក្រោយ ធ្វើឱ្យអ្នកគេងមិនលក់ បក់មិនរំហើយ រសាប់រសល់គិតឆ្វេងគិតស្ដាំ ឥតឈប់ឈរ។ គឺច្បាស់ណាស់ថា អ្នកជាជនអភ័ព្វ ក្ររហាម ព្រោះថាអ្នកនៅតែស្រេកឃ្លាន។ ឃ្លាននេះ គឺឃ្លានលុយ ហើយលុយជាតួលេខដែលខិតទៅរកកម្រិតបូកអនន្ត។ បើអ៊ីចឹង ធ្វើម្ដេចនឹងអាចឈប់ឃ្លាន? ទោះជាបានមកថែមរាប់ពាន់លានដុល្លារទៀត ក៏នៅតែឃ្លានចង់បានថែមដែរ។

រូបភាពតំណាង យកមកពី គេហទំព័រ Cenegenics® | Leaders in Healthy Aging

 រីឯក្មេងឃ្វាលគោម្នាក់ដែលរស់នៅទីជនបទ ស្រុកស្រែចម្ការ មានអាហារបរិភោគរាល់ថ្ងៃ មានខ្យល់ដង្ហើមបរិសុទ្ធស្រូបចូលសួតរាល់ថ្ងៃ មានគ្រួសារកក់ក្ដៅមួយ មានពេលដេកជជែកគ្នាលេង និងមិនដែលនឹកចង់បានទ្រព្យសម្បត្តិអ្វីបន្ថែម ទាល់តែសោះ ខណៈដែលលុយរបស់គេ (ទ្រព្យ) បើប្រមូលយកមករាប់ បែបមិនបាន ១ម៉ឺនដុល្លារផង។ ប៉ុន្តែ សេចក្ដីស្ងប់ គឺការមិនស្រេកឃ្លានចង់បានលុយពីប្រភពណាទាំងអស់ ព្រះសម្ដែងថា មនុស្សបានឆ្អែត។ បើឆ្អែតហើយ ស្កប់ស្កល់ហើយ នោះហើយជាអ្នកមាន។

រូបភាពតំណាង​ យកមកពីគេហទំព័រ http://www.freepik.com

បើយើងពិចារណាពីតម្លៃនៃវត្ថុអ្វីមួយក្នុងទីផ្សារជំនួញ នៅពេលដែលតម្រូវការចេះតែកើនឡើង ច្រើនទៅៗ តម្លៃលក់របស់វាក៏នឹងចេះតែខ្ពស់ទៅៗដូចគ្នាដែរ (Demands increase will always lead prices increase)។ ឧទាហរណ៍ជាក់ស្ដែង តម្លៃអចលនវត្ថុ (ដីធ្លីផ្ទះសម្បែង) វាឡើងថ្លៃ ឬចុះថ្លៃ អាស្រ័យលើ តម្រូវការ (ភាពចង់បានរបស់មនុស្ស)។ នៅស្រុកខ្មែរ ផ្ទះរស់នៅថ្លៃ អាស្រ័យលើចំនួនមនុស្សច្រើន កកកុញគ្នា (និងកត្តាផ្សេងទៀត)។ ប៉ុន្តែ នៅប្រទេសដែលមានសេដ្ឋកិច្ចឡើងដល់កម្រិតកំពូល ផ្ទះរស់នៅថ្លៃ អាស្រ័យចរិតមនុស្សជិតខាងក្នុងភូមិទៅវិញ។ ផ្ទះខ្លះ តម្លៃ កន្លះលានដុល្លារ គ្រាន់តែពួកស្បែកខ្មៅ ដែលនិយមការផឹកស៊ីឡូឡា ចូលទៅទិញតែពីរបីផ្ទះ ធានាថា ផ្ទះតំបន់នោះ នឹងចុះថោកយ៉ាងមិនគួរឱ្យជឿ ព្រោះអ្នកថ្លៃថ្នូរ នាំគ្នា លក់បន្ថោកទាបៗ ដើម្បីចាកចេញឱ្យឆ្ងាយពីពួកពាលាស៊ីផឹកស្រែកឡូឡា ដែលរំខានដល់ភាពស្ងប់របស់គេ។ ដូច្នេះ ក្នុងបរិបទនេះ យើងអាចរៀនសូត្របានថា សូម្បីតែរបៀបកំណត់តម្លៃអចលនវត្ថុ ក្នុងប្រទេសពីរផ្សេងគ្នា ក៏ខុសក្បួនគ្នាដែរ (សូមបញ្ជាក់ថា វាក៏នៅមានលក្ខខណ្ឌផ្សេងទៀតដែរ)។ នេះយើងមិនទាន់បកស្រាយដល់ របៀបគណនាតម្លៃថោកឬថ្លៃ នៃអចលនទ្រព្យ នៅជប៉ុន ដែលពាក់ព័ន្ធនឹងតំបន់រញ្ជួយដី អាកាសធាតុត្រជាក់ ព្យុះសមុទ្រ និង កត្តារួមផ្សំផ្សេងទៀតជាច្រើននៅឡើយផង។

រូបភាពក្រាហ្វិក ច្បាប់នៃតម្រូវការ យកពិ http://www.m.economictimes.com

រឿងពិតមួយទៀត ដែលទាក់ទងនឹងទ្រឹស្ដីនៃតម្រូវការដែរ (Law of Demands) ក្នុងរបបប៉ុលពត ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ មាស១តម្លឹង ក្នុងតំបន់ខ្លះ អាចទិញបានកណ្ដុរស្រែ១ចង្កោម ឬ ប្រហុកមួយកូនចាន ឬ អំបិលក្រួស១កំប៉ុង តែប៉ុណ្ណោះ។ មានន័យថា សម័យនោះ តម្រូវការនៃការចង់បានសេចក្ដីរស់រានមានជីវិតរបស់មនុស្សម្នាក់ៗ វាធំធេងជាងមាសប្រាក់ ស្ទើរតែហៅលែងឮ។ ក្នុងសម័យក្រោយខ្មែរក្រហម ចន្លោះពី ១៩៨០ ដល់ ១៩៨៩ (តាមការចងចាំរបស់ខ្ញុំ) អ្នកពាក់មាសពីរបីជីជាប់នឹងខ្លួន អាចក្លាយជាសាកសព ដោយសារតែការប្លន់សម្លាប់ឥតប្រណី របស់ពួកចោរព្រៃ ចោរស្រុក និងជនពាលរាប់មិនអស់ ដែលនៅស្រេកឃ្លានអាហារក្រោយការរំដោះ។ ដូច្នេះ មានន័យថា ជីវិតមនុស្សសម័យនោះ ថោកស្មើនឹងមាសពីរបីជីទេ។

បើយើងសួរថា មានលុយប៉ុន្មានទើបហៅអ្នកមាន? យើងមិនអាចឆ្លើយ ដោយមិនមាន “អញត្រ” បានទេ។ ពេលយើងរៀនគណិតវិទ្យា ដើម្បីគណនារកអាថ៌កំបាំងអ្វីមួយគិតជាលេខ យើងត្រូវតែមាន អញត្រ ដើម្បីតាងវាសិន។ ការបង្កើតអញត្រ ជាការដាក់លក្ខខណ្ឌកំណត់ច្បាស់លាស់ (Limit) ដើម្បីយើងអាចស្ថិតក្នុងព្រំដែនមួយដែលនិយាយទៅមិនខុស។

ដូចជាលេខ 6 ក្នុងអក្សរឡាតាំងអីចឹង បើម្នាក់ឈរនៅក្បាល ម្នាក់ឈរនៅចុង នៃតួលេខ ពួកគេ នឹងឈ្លោះគ្នាដល់ថ្ងៃស្លាប់ រកការឯកភាពមិនឃើញឡើយ ព្រោះម្នាក់ៗសុទ្ធតែមានហេតុផលត្រឹមត្រូវរៀងខ្លួន ដើម្បីអះអាងថា វាជាលេខ 6 ឬ ជាលេខ 9។ ដូច្នេះ ដើម្បីអាចកាត់សេចក្ដីបានប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងព្រមទាំងសងខាង ក្នុងនាមជាអ្នកដឹកនាំ ដំបូងត្រូវបង្កើត អញត្រ (គឺសរសេរច្បាប់)។ មានន័យថា បើឈរនៅខាងនេះ វាជាលេខ 6 បើយើងឈរនៅខាងនោះ វាជាលេខ 9។

រូបភាពទាញសេចក្ដីពន្យល់ យកមកពីគេហទំព័រ http://www.visionmag.org

ក្នុងសង្គមមនុស្សរស់នៅក៏ដូចគ្នា បើយើងចង់កំណត់ថា នរណាជាអ្នកមាន នរណា ជាអ្នកក្រ ដំបូងត្រូវតាង អញត្រ។ អញត្រ នោះគឺ ប្រាក់ចំណូលគិតជាមធ្យមរបស់ប្រជាជនក្នុងប្រទេសជាតិ ឬ ទំហំសេដ្ឋកិច្ចជាតិនោះ (កម្រិតចំណេះដឹង ធនធានមនុស្ស ធនធានបញ្ញា ទីផ្សារការងារ ពលកម្ម ជំនួញជួញដូរផ្សេងៗ ជាដើម) ។ល។

វាដូចបំណកស្រាយរបស់ខ្ញុំពីខាងដើមមុននេះអ៊ីចឹង ក្នុងទ្រឹស្ដីពុទ្ធសាសនា “អ្នកមានគឺជាអ្នកដែលលែងមានតម្រូវការ”។ បើខ្ញុំនិយាយឆ្កុយដោយមិនដាក់ អញត្រ ព្រះពុទ្ធ ទេ ខ្ញុំនឹងខុស។ គឺខុសពីនិយមន័យដែលកំណត់ដោយធនាគារពិភពលោក ដែលគេបានចេញស្ដង់ដាររួមមួយ ក្នុងតំបន់មួយ សម្រាប់ប្រជាជាតិមួយ ឬ ច្រើន ដើម្បីគេងាយស្រួលគិត។ ដូច្នេះ បើយើងទៅយក អញត្រ របស់អាមេរិក មកគណនា ចំណោទ នៅកម្ពុជា គឺវានឹងខុសហើយ។ យើងមើលតែមាត្រដ្ឋានវាស់វែងទៅ ទម្ងន់ថ្លឹងគេគិតជាផោន យើងគិតជាគីឡូក្រាម គេវាស់កម្ពស់គិតជា ហ្វីត យើងគិតម៉ែត្រ គេអ៊ីង យើងសង់ទីម៉ែត គេវាស់ចម្ងាយគិតម៉ៃល យើងគិតគីឡូម៉ែត្រ ។ល។ ទាំងនេះ សុទ្ធតែអាចឆ្លុះបញ្ចាំងថា ស្ដង់ដាគណនា ស្ទើរតែគ្រប់បែបយ៉ាង មិនអាចដូចគ្នារវាងប្រទេសផ្សេងៗគ្នាបានទេ។

បរិញ្ញាបត្រស្រុកគេ ប្រាក់ខែអាចមានដល់ខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែស្រុកយើង រៀនចប់បណ្ឌិតហើយ ប្រាក់ខែ ក្រោមខ្ទង់ពាន់ទេ។ មើលតែប្រាក់ខែ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួងនានាទៅដឹងហើយ!

សរុបមកវិញ “តើនរណាជាអ្នកមានពិតប្រាកដ?” ចម្លើយ គឺអាស្រ័យលើ លក្ខខណ្ឌដែលដាច់ដោយឡែកៗពីគ្នា។ តើយើងចង់បានចម្លើយស្របតាមស្ដង់ដារធនាគារពិភពលោក? ស្របតាមស្ដង់ដារប្រទេសជាតិមួយ?​ ឬ ស្របតាមទ្រឹស្ដីសង្គមវិទ្យា? ទស្សនវិជ្ជា? ឬអ្វីផ្សេងទៀត? ដូច្នេះម្នាក់ៗ អាចឆ្លើយបានដោយខ្លួនឯងហើយ។

ជាចុងក្រោយ សូមបញ្ជាក់ថាខ្ញុំមិនមែនជាសេដ្ឋវិទូ ហើយរឹតតែមិនមែនជាបព្វជិតក្នុងពុទ្ធសាសនា គ្រាន់តែចូលចិត្តបបួលគេគិតអ្វីដែលជាបញ្ហាសង្គមជាតិ ដើម្បីបានភ្លឺស្វាងទាំងអស់គ្នា ឆ្ពោះទៅកាន់សន្តិភាពពិតឥតក្លែងក្លាយទាំងអស់គ្នាតែប៉ុណ្ណោះ។

លឹម វិរិយា (អ្នកធ្វេីបដិវត្ដន៍ផ្នត់គំនិត)

រូបភាពមហាសេដ្ឋីនៅទ្វីបអាស៊ី ដែលកាន់ព្រះពុទ្ធសាសនា យកពីគេហទំព័រ http://www.lotus-happiness.com
រូបភាពក្រាហ្វិករបស់ធនាគារពិភពលោក បញ្ជាក់ពីចំនួនភាគរយរបស់ប្រជាជនដែលរស់បានដោយលុយ $2 ក្នុង១ថ្ងៃ នៅទូទាំងពិភពលោក គិតពីឆ្នាំ ១៩៨១ ដល់ ២០១១ យកពីគេហទំព័រ http://www.weforum.org
សេចក្ដីពន្យល់ទាក់ទងនឹង “គម្លាតខុសគ្នាឆ្ងាយដូចមេឃនិងដី រវាងអ្នកមាន និង អ្នកក្រ “យកមកពីគេហទំព័រ http://www.unece.org
រូបភាពជីវិតអ្នកមាន និង អ្នកក្រ ដែលនៅលាយឡំគ្នា នៅទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ឆ្នាំ ២០២០ យកពីគេហទំព័រ http://www.gfmag.com