Category Archives: កំណាព្យខ្មែរ

“អំនួត”

(កំណាព្យ បទ ៧ព្យាង្គ)

អំនួតក្អេងក្អាង ច្រើនតែអន់
ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យ
រសៀលចេញអួត តាមទម្លាប់
យប់ឡើងដេកទ្រាប់ កើយដៃគិត។

ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់
អួតក្នុងអង្គប់ បន្លាស្អិត
ដៀលញាតិបងប្អូនធ្លាប់ជាមិត្ត
ថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។

អួតរឿងមានលុយ ឡាន វិឡា
អួតអលង្ការ ភ្លឺចែងចាំង
អ្នកធ្លាប់បានជួយ ក្លាយជាខ្មាំង
ព្រោះតែមោហ៍បាំង បិទជិតមុខ។

អួតថាអញមានព្រោះអញឆ្លាត
ពូកែសង្វាតសន្សំទុក
អួតថាអញខ្លាំងមានជង្រុក
ដែលពោរពេញផ្ទុកដោយមាសប្រាក់។

អួតនេះហៅចំមហាអន់
ព្រោះពេលអាសន្នជាន់ច្រវាក់
ចេះត្រឹមចំទាលដូចជនខ្វាក់
ក្ដោបតែលុយកាក់មិនកាន់សីល។

អំនួតបែបនេះ ច្បាស់មិនយូរ
គង់រលាយហូរដូចអំបិល
ហៀរទៅតាមផ្លូវស្លែរអិល
ធ្លាក់រណ្ដៅទមិឡ រងទុក្ខា។

ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺ
ងាករកពន្លឺព្រះសាស្ដា
រក្សាសីលខ្ពស់ ឈ្មោះហៅថា
បុគ្គលអស្ចារ្យ ព្រោះដឹងទោស។

សូមទម្លាក់ចុះនូវទិដ្ឋិ
មានះ អស្មិ ចចេសខុស
ឈប់ផ្ដន្ទាជនសប្បុរស
ឈប់សាងកំហុសបំពានធម៌។

សូមឱ្យអ្នកភ្ងារ រកឃើញត្រូវ
បានដើរលើផ្លូវដ៏បវរ
មានអ្នកគោរពដោយស្មោះស
ពាល់សច្ចធម្ម ព្រះនិព្វាន។
________

វិរិយា 🌸

ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥

អារក្ខរក្សា (កំណាព្យបទព្រហ្មគីតិ)

អារក្ខបក្សបិសាច​ វាអង់អាច   ឥតខ្លាចអ្វី

មានចិត្តអន្យតិរ្ថិយ ស៊ីចង្រៃ  ជាអាហារ។

វាចូលចិត្តបំផ្លាញ អំណាចក្រាញ ពាសរដ្ឋា

បំពុលមនុស្សា ឱ្យមរណា ព្រោះស្រាល្បែង។

អារក្ខស្ដេចនរក ចិត្តគម្រក់  ឥតកោតក្រែង

នរណាវក់ស្រាល្បែង ច្បាស់វាក្លែង  បោកឱ្យខ្ចាត់។

វាចូលចិត្តបឺតឈាម ហើយអង្កៀម ជីវិតសត្វ

នរណាមិនប្រយ័ត្ន ច្បាស់ជាបាត់  ទាំងព្រលឹង។

អារក្ខមានមន្តរិស្ដ របៀនគ្រឹះ យ៉ាងមាំរឹង

គឺចេះខាបព្រលឹង អ្នកស្រវឹងឱ្យមរណា។

ជាតិមួយមានគេដឹក នាំឈ្លក់ទឹក ស្រវឹងស្រា

ដូចត្រូវបណ្ដាសា រស់ខ្លោចផ្សា រយពាន់ឆ្នាំ។

——

វិរិយា 🌸

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ គ.ស. ២០២៣

កោះកុងក្នុងអក្សរសិល្ប៍ (កំណាព្យបទ៨ព្យាង្គ)

ឱ! ខេត្តកោះកុង ខ្ញុំផុងបេះដូង

យល់សប្ដយល់សូង អន្ទងហៅជួប

ដប់ឆ្នាំផុតទៅ ឥលូវដល់ខួប

លេីកនេះវិលផ្គួប ចំនួបរឿងថ្មី។

ឱ! កោះកុងខ្មែរ ថែអក្សរសិល្ប៍

រឿងឃុនឆាងខិល រមិលភឹមស្រី

ឃុនផែនបែនបត់ ហត់នឹងទឹកដី

អាគមល្បាញល្បី ជួយស្រីមិនបាន។

ឱ! ភូមិចេតិយ នៅត្រេីយខាងលិច

ដងទង់រំលេច ពាក្យពេចន៍កល្យាណ

ទង់ព្រលឹងខ្មៅ ហៅសែនសាមាន្យ

ពិឃាតនាងបាន ច្រានដល់មរណ:។

ឃុនឆាងឃុនផែន ហៅសែនក្ដុកក្ដួល

សង្វេគរំជួល ឆួលឆាបអួលអាក់

ម្ចាស់បេះដូងភឹម បានត្រឹមហារស្លាក់

ទឹកភ្នែកសស្រាក់ ពូនផ្នូរភរិយា។

គិរីសាគរ នៅឈរម្នាក់ឯង

ថ្មបាំងឥតក្រែង វាលវែងរងា

មណ្ឌលសីមា ស្នេហាផ្ដន្ទា

ប៉ាក់ខ្លងឆ្លងគ្នា ហៀរហូរប្រវត្តិ។

ឱ! ពាមក្រសោប ឱបរឿងឈឺចាប់

និទានរ៉ាយរ៉ាប់ ប្រាប់មិនដែលហត់

ឃុនឆាងឃុនផែន ហៅសែនកម្សត់

រឿងព្រេងជូរចត់ កត់នៅកោះកុង។

——-

វិរិយា🌸

ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែតុលា គ.ស. ២០២៣

ចុចទីនេះ https://youtu.be/3nS4HZmnsmA?si=tebx7Cl7CDctO24C ដើម្បីស្ដាប់សំឡេងកំណាព្យ “កោះកុងក្នុងអក្សរសិល្ប៍”

ដីទុកធ្វើផ្នូរ (កំណាព្យបទកាកគតិ)

នេះដីកេរឪ បន្សល់ទុកនៅ

អាពៅសង់ផ្ទះ ទទឹង៣ម៉ែត្រ

បណ្ដោយអស់ស្ទះ សង់រួចនឹងឈ្នះ

បេះដូងម៉ែក្មេក។

ឮតែគេថា បេីចង់រៀបការ

ទាល់មានផ្ទះដេក តូចក្ដីធំក្ដី

អាចផ្សំដំណេក ល្អជាងទៅដេក

ផ្ទះឪផ្ទះម៉ែ។

ប្លង់ផ្ទះចង្អៀត តែចិត្តមិនត្បៀត

ព្រោះវាមានស្នេហ៍ បេះដូងរីកធំ

ធំប៉ុនវាលស្រែ អាចរស់ល្ហេីយល្ហែ

ឥតប្រែប្រួលថ្វី។

ដីនេះពីដេីម ឪវាទុកផ្សេីម

ត្រៀមធ្វេីចេតិយ លុះកូនធំឡេីង

វាឥតចេះអី ចង់បានតែដី

យកទៅសង់ផ្ទះ។

ទម្រាំដឹងរឿង អាពៅចិត្តសឿង

វាចង់តែឈ្នះ វាមានសង្សារ

ចង់ការរូតរះ ម៉ែក្មេកវាលះ

សួរផ្ទះសម្បែង។

ពេលនេះរួចរាល់ ថ្ងៃការជិតដល់

វាអរមិនលែង អនាគតវា

ច្បាស់ជាខែងរ៉ែង សប្បាយហុយផ្សែង

ផ្ទះប៉ុនផ្នូរខ្មោច។

———

វិរិយា🌸

ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

បណ្ដាំអាត្មា (កំណាព្យបទ៨ព្យាង្គ)

អាត្មាសូមផ្ដាំ ចាំណា! ញាតិញោម

បាយហាង បាយខ្ទម ឆីឆ្អែតដូចគ្នា

តែបាយសៀងលីង ចាញ់បាយសាច់ទា

ពេញពោះដូចគ្នា តែវាខុសជាតិ។

អាត្មាសូមផ្ដាំ ចាំណា! យាយតា

អ្នកស្រែ អ្នកផ្សារ ចូររក្សាញាតិ

កុំឈ្លោះទាស់ទែង ក្រែងខ្មាំងវាឆ្លៀត

បើផ្ទះចង្អៀត មកនៅវត្ដមក៍។

អាត្មាសូមផ្ដាំ ចាំណា! សាវក

អ្នកជាប់ អ្នកធ្លាក់ អ្នកបរោក្ខោ

មានខ្លួនទីពឹង ដូចមានកូនសោរ

រស់មិនឆោឡោ ផ្អើលរកគេជួយ។

អាត្មាសូមផ្ដាំ ចាំណា! បងប្អូន

ឫស្សីក្នុងក្បូន ក៏អាចលាស់ត្រួយ

ទម្រាំគ្រាប់ស្រូវ លើផ្លូវរលួយ

បានភ្លៀងធ្លាក់មួយ ច្បាស់ជាចេញស្លឹក។

អាត្មាសូមផ្ដាំ ឱ្យចាំអ្នកផ្ដើម

គេផ្ដួចរួចឆ្នើម យើងសើមទទឹក

អ្នកខ្លះផ្ដេកផ្ដួល មួយយប់ទើសព្រឹក

ព្រោះមិនដឹងឫក អ្នករៀបចំរឿង។

អាត្មាសូមផ្ដាំ ចាំឱ្យប្ដូរផ្ដាច់

រឿងអ្នកល្អល្អាច់ បូរបាច់ចិត្តសឿង

គេមានមេបក្ស​ ស្មគ្រលេងស្បង់លឿង

បង្កើតសាច់រឿង ពង្វក់អ្នកហ្នឹង!

———

វិរិយា 🌸

ថ្ងៃអង្គារ ៨រោច ខែកត្ដិក ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស. ២០២៣

សាវកប្លម (កំណាព្យបទ៧ព្យាង្គ)

មើលរូបលិចទឹក នឹករឿងចាស់

កាលណោះជ្រួលណាស់ ទាំងចាស់ក្មេង

ប្ដូរងាប់ជាប់ឈ្មោះ ជួសសំឡេង

មិនដឹងគេលេងពង្វក់ក្បាល។

ឥឡូវភាគ២ ស៊ីលុយក្រាស់

ជំទាវច្រើនណាស់ជួយបណ្ដាល

បណ្ដុះគំនិតអន់ស្រាលៗ

ងងឹតអម្បាលអវិជ្ជា។

អ្នកខ្លះមានងារដល់ឧកញ៉ា

ប៉ុន្តែប្រាជ្ញាដូចមាន់ទា

បង្ហោះហ្វេសប៊ុគផ្សាយតគ្នា

ពន្លិចអ្នកជាឱ្យធ្លាក់ជ្រាំ។

ឧបាសិកាមហាខ្ពស់

ងារសែនពីរោះឈ្មោះបន្លំ

ដឹកនាំគេឯងលែងសូវសម

ព្រោះលបរៀបចំចោរសាមាន្យ។

ធម្មព្រះសម្ពុទ្ធមិនត្រងត្រាប់

បែរជាទៅផ្កាប់រឿងតិរច្ឆាន

ផ្សាយធម្មថោកទាបពេញភូមិឋាន

សមាធិបានក្លាយជាព្រាយ។

វិបស្សនាមិនព្រមគិត

បែរជាទៅរឹតរឿងទំនាយ

ខំប្រឹងទម្លុះសីលធ្លុះធ្លាយ

លាមកស្អុយភាយពេញខេមរា។

——–

វិរិយា🌸

៨រោច ខែកត្ដិក ២៥៦៧​ – ៥ វិច្ឆិកា ២០២៣

សូមបានជួបពេលថ្ងៃរះ

(កំណាព្យបទ ៦ព្យាង្គ ចង្វាក់ផ្ទួនរណ្ដំ)

ថ្ងៃរះ ជះសែង ស្ដែងជោគ
លៃលក យកជ័យ ន័យចំ
រៀបឫក្ស នឹករឿង សឿងសម
លាយឡំ ក្រំក្រៀម ត្រៀមក្រឹត្យ។

បានជួប ផ្គួបដៃ ថ្ងៃមុន
សាងគុណ លន់តួ សួរចិត្ត
រាយរាប់ ជាប់រឿង កឿងស្អិត
រោយរឹត ដិតដោយ ក្រោយដូរ។

សូមបាន ត្រាណត្រើយ ស្បើយទុក្ខ
ស្នេហ៍មុខ យុគថ្មី ដីហូរ
លើកទង់ រង់ចាំ ជ័យោ
ផ្ដាច់ប្ដូរ យកពាន ហ៊ានឈ្នះ!
———
វិរិយា🌸 

ថ្ងៃព្រហស្បតិ៍ ៨រោច ខែ បឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៥ កក្កដា គ.ស. ២០១៨

ជូនមិត្តទៅវិបស្សនា (កំណាព្យបទភុជង្គលីលា)

ជ្រះថ្លាពេញដួងហឫទ័យ

ថ្ងៃពុធសិរី មានន័យអស្ចារ្យ

ខ្ញុំបានចេញសុយាត្រា

ជូនមិត្តធម្មអាថ៌ វិបស្សនាសីល។

បើកបរឥតមានហត់ខ្ជិល

រង្កៀកឱ្យកិល រំកិលឱ្យជិត

ទៅដល់ភ្នំគូលែនពិត

រួចទម្លាក់មិត្ត បិទភ្នែក១០ថ្ងៃ។

សូមផ្សាយផលបុណ្យថ្លាថ្លៃ

ជូនញាតិប្រុសស្រី តាមប្រពៃចិត្ត

អញ្ជើញបរិស័ទឆ្ងាយជិត

សម្រឹងសម្រិត ខិតឱ្យកៀកព្រះ។

សូមបានឱ្យស្គាល់ពាក្យឈ្នះ

គឺជាការលះ កិលេសខ្លួនឯង

មោទនា មោទនៈ ជាក់ស្ដែង

សណ្ដោងឱ្យវែង ដល់បរលោក។

———

វិរិយា 🌸

ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា គ.ស. ២០២៣

មិត្តភក្ដិរបស់ខ្ញុំឈ្មោះ ឈឹម សុភក្រ្ត ដែលខ្ញុំបានស្មគ្រចិត្តជ្រះថ្លាជួយជូនគាត់ដោយរថយន្តពីក្រុងសៀមរាប ដល់មជ្ឈមណ្ឌល ដែលនៅនឹងជើងភ្នំគូលែន ដើម្បីចូលរួមវគ្គហ្វឹកហ្វឺនថ្មី រយៈពេល១០ថ្ងៃនៅទីនោះ
ខ្ញុំស្រលាញ់រាប់អានមិត្តដែលយកព្រះធម្មជាទិសត្រីវិស័យនៃជីវិត ដូច្នេះ គឺម្នាក់នេះជាម្នាក់ក្នុងចំណោមច្រើននាក់ផ្សេងទៀតដែលខ្ញុំចូលចិត្តរាប់សេពគប់ជាគ្នា ព្រោះអ្វីដែលជួយខ្ញុំឱ្យចម្រើនឡើង គឺការលះបាននូវកិលេសតណ្ហា ដែលជាគ្រឿងថោកទាបក្នុងលោក
មជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋាន (Vipassana Meditation Center) នៃអង្គការវិបស្សនាកម្ពុជា (Vipassana Organization of Cambodia), “ធម្មអង្កុរ” (Dhamma Ankura) ដែលមានទីតាំងស្ថិតនៅ ភូមិថ្មជល់ ជើងភ្នំគូលែន ខេត្តសៀមរាប ប្រទេសកម្ពុជា
មជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋាន (Vipassana Meditation Center) នៃអង្គការវិបស្សនាកម្ពុជា (Vipassana Organization of Cambodia), “ធម្មអង្កុរ” (Dhamma Ankura) ដែលមានទីតាំងស្ថិតនៅ ភូមិថ្មជល់ ជើងភ្នំគូលែន ខេត្តសៀមរាប ប្រទេសកម្ពុជា
នៅច្រកចូលផ្លូវដីក្រហម ក្រោយពីជិះពីទីក្រុងសៀមរាបអស់ថេរវេលាប្រមាណជា ១ម៉ោងលើសបន្តិចបន្តួចរួចមក
តំបន់នេះសេវាទូរស័ព្ទខ្សោយហើយ ការរកផ្លូវតាមរយៈផែនទី ហ្គូហ្គោល នឹងមានបញ្ហាមិនខាន ព្រោះវាមិនអាចចង្អុលផ្លូវជូនអ្នកដំណើរបានដោយត្រឹមត្រូវទេ

កំណាព្យ៖ “ជីវិតលើផែនដី”

[បទវង្សវិចិត្រ មេព្យាង្គ ៤​+២+៤]

(១) និយាយរឿងងាប់ ទ្រាប់ទុក ទំនុកជីវិត
បង្ហាញរឿងពិត គិតទៅ នៅតែគេខ្លាច
មានច្បាប់ស្លាប់រស់ គោះប៉ោត បញ្ឆោតបិសាច
ពួកម្នឹះកំណាច កាចខ្លាំង ចាំងឆ្លុះនរក។

(២) ផែនដីនេះតូច ប្រដូច លម្អងធរណី
ល្អិតជាងធូលី គ្រវី គ្រវាត់វីវក់
ក្នុងចក្រវាល ក្រាលពាស មាសពេជ្រគម្រក់
គំរាមឱ្យភ្លក្ស គក់ទ្រូង ទូងស្គរក្លងខែក។

(៣) អស្មិមានះ ឈ្នះចាញ់ កណ្ដាញ់ដួងចិត្ត
កំណាញ់តោងស្អិត ប្រិតប្រៀង ផ្ទៀងចង់តែបែក
តាមពិតខ្លាចងាប់ គ្រាប់ផ្លោង កោងផ្ទុះរហែក
ក្ដែងៗខំស្រែក ចែកខណ្ឌ ប្រកាន់ពូជសាសន៍។

[#បទព្រហ្មគីតិ មេព្យាង្គ ៥+៦]

(៤) ភពផែនដែនដីយើង ស្នូលសុទ្ធភ្លើង ក្ដៅខ្លាំងណាស់
ទំនាយព្រះជាម្ចាស់ លោកបានត្រាស់ ថានឹងធ្លាយ។

(៥) ផែនដីយើងនឹងឆេះ ប៉ើងរបេះ ដូចទំនាយ
បន្ទាប់មករលាយ អណ្ដែតភាយ លាយអាកាស។

(៦) រឿងនេះពិតមិនខុស ចាំទុកចុះ ត្រឹមត្រូវច្បាស់
រស់នៅត្រូវចេះខ្មាស ជាន់ដានចាស់ ច្បាស់ជាខុស។

(៧) រឿងងាប់ត្រូវទន្ទេញ រឿងរស់វិញ ប្រយ័ត្នស្លុះ
ដង្ហើមចុងច្រមុះ ដាក់ភ្នែនចុះ ស្ទង់ចិន្ដា។

(៨) ផ្ចង់គិតរវាំងកាយ ក្រែងវាឆ្ងាយ ពីសុខា
ព្រោះមោហ៍បាំងបញ្ញា វាហានក្លា សម្លាប់ខ្លួន។

[#បទភុជង្គលីលា មេព្យាង្គ ៦+៤+៤]

(៩) ផែនដីនៃយើងរាល់គ្នា
នឹងក្លាយទៅជា ផេះផង់ក្រមួន។

(១០) ដោយភ្លើងរងើកឆេះស្ទួន
កក្រើកអង្រួន ព្រោះក្បួនបិសាច។

(១១) អ្នកល្អល្អិតល្អោចពួនខ្លាច
មេបក្សកំណាច បាចពិសតាមខ្យល់។

(១២) សត្វលោកច្របូកច្របល់
ព្រោះរស់ធ្លាប់ខ្វល់ ត្រឹមតែអាត្មា។

(១៣) លុះដល់ផែនដីមរណា
ប្រវេប្រវា ប្រាថ្នាសូមសុខ។

(១៤) អ្នកជិតអ្នកឆ្ងាយស្ដាយស្រុក
ធ្លាប់រស់ស្រណុក មិនដែលអាល័យ។

(១៥) ទូលរែកពួកម្នឹះចង្រៃ
ដូចចិញ្ចឹមចៃ លើក្បាលខ្លួនឯង។

(១៦) ឃើញខុស សរសើរក្ដែងៗ
ដូចឆ្កែកើតស្រែង ថ្លែងអួតគីង្គក់។

(១៧) អាស្រូវដូចឋាននរក
នាំគ្នាពង្វក់ បញ្ជោរតែគ្នា។

(១៨) លុះដល់វេនកម្មវេរា
ពាក្យបញ្ជោរគ្នា ក្លាយជាទោសៈ។

[#បទកាកគតិ មេព្យាង្គ ៤​+៤+៤]

(១៩) បើរស់សុខហើយ សូមអ្នកជួយឆ្លើយ
ដោះទុក្ខអ្នកខ្វះ កំពុងតែលតោល
ពិបាកខ្លាំងណាស់ ដូចសត្វឥតម្ចាស់
គេចាប់ដាក់ទ្រុង។

(២០) គ្រាន់តែស្មូមទាន សូមសិទ្ធិរស់រាន
គ្មានអាវុធភ្ជង់ នៅតែគេចាប់
បោចកន្ទេលមុង យកទៅញាត់ទ្រុង
ចោទជនក្បត់ជាតិ។

(២១) អ្នកខ្លះក្បែរគ្នា ប៉ុន្តែបែរជា
មិនហ៊ានចូលបៀត​ ខ្លាចជ្រុះបុណ្យសក្ដិ
ខ្លាចបង់អស់ញាតិ រឿងរ៉ាវគ្រោតគ្រាត
បំផ្លាញសាសន៍ឯង។

(២២) រឿងខ្លះរឿងល្បី គោះរង្គើដី
បន្ទរក្ដែងៗ ខំប្រឹងតស៊ូ
មតិបែកផ្សែង ត្រង់ជាតិសាសន៍ឯង
ទុកឱ្យគេជាន់។

(២៣) ចាំទុកទៅអ្នក វេនកម្មគង់ធ្លាក់
ចុះយ៉ាងទាន់ហន់ អ្នកណាអ្នកសាង
មិនបាច់ខំបន់ ច្បាប់កម្មបន្ទាន់
វន្តផលឥតខុស។

(២៤) ផែនដីនឹងផ្ទុះ គ្រាប់ផ្លោងទម្លុះ
ឆេះធ្លុះធ្លាយសុស គង់ងាប់ជុំគ្នា
ក្លាយផេះទាំងអស់ សត្វម្នឹះស្រីប្រុស
ស្លុះស្លុងក្លាយខ្យល់។

(២៥) មិនយូរទៀតទេ ផែនដីដាច់ថ្នេរ
យើងនឹងអស់កល គ្មានល្បិចបោកគ្នា
បានប៉ះកម្មផ្ទាល់ ចក្រវាលនៅសល់
ភពផ្សេងរាប់កោដិ។

(២៦) ថ្ងៃនោះមកដល់ ថ្ងៃដែលច្របល់
កំហឹងច្រឡោត ឱ្យរលាយខ្សុល
ទុកជាចំណោទ អ្នកណាឆោតៗ
ច្បាស់កើតមកទៀត។

(២៧) ច្នេះហើយបើដឹង សូមនៅសញ្ជឹង
ប្រឹងឱ្យខ្មីឃ្មាត ជួយសង្គ្រោះគ្នា
បងប្អូនរួមជាតិ ក្រែងបានស្លាប់បៀត
ក្បែរនឹងធម៌ព្រះ។
———
វិរិយា 🌸

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ មីនា គ.ស. ២០២២

លម្ហមេឃនិងផ្កាយ (កំណាព្យបទ៧ព្យាង្គ)

ឃើញលម្ហមេឃដេកលែងលក់
ឃើញផ្កាយគម្រក់រះព្រោងព្រាត
ផ្គរលាន់ឥតភ្លៀងល្អៀងខុសស្នៀត
ខ្យល់បក់ស៊កសៀតនៅតែក្ដៅ។

ឃើញលម្ហមេឃស្លេកប្រមាត់
ឃើញផ្កាយសម្ងាត់រះក្រឡៅ
ឈ្មោះដល់ទៅពីរអ្នកស្រុកដៅ
ព្រឹកល្ងាចគេហៅមិនដូចគ្នា។

ឃើញលម្ហមេឃរែកដួងចិត្ត
ឃើញផ្កាយតូចល្អិតឈ្មោះមាន់ទា
ខ្លះយាមនង្គ័លស្គាល់វេលា
ប៉ុន្តែបែរជាឥតប្រយោជន៍។

ឃើញលម្ហមេឃវែកការពិត
ឃើញកាន់តែជិតគិតដូចខ្មោច
ផ្កាយព្រឹកផ្កាយចោរប៉ប្រោល្អោច
ចុងក្រោយដាច់ដោចហោចហិនអស់។

ឃើញលម្ហមេឃជជែកគ្នា
ឃើញបទសន្ទនាឃ្លាស្រស់ៗ
គេពោលលាក់ពុតសែនស្រណោះ
អាល័យអាឡោះខ្សោះសង្ឃឹម។

ឃើញលម្ហមេឃត្រេកត្រអាល
ឃើញផ្កាយត្រកាលក្រាលបស្ចិម
រះពីព្រលប់ដល់ព្រលឹម
ទឹកភ្នែករឹមៗសង្ឃឹមខុស។

ឃើញលម្ហមេឃក្រឡេកមើល
ឃើញផ្កាយងងើលរះចម្រុះ
បង្អួតសន្ធិយាជាចំណុះ
ក្អេងក្អាងផុលផុសពេញភពខ្មៅ។

ឃើញលម្ហមេឃដេកតែឆ្ងល់
ឃើញផ្កាយហ្នឹងថ្កល់សល់ចន្ទ្រខ្លៅ
ខំរះសោយរាជ្យតកូនចៅ
ផ្កាយព្រឹកគេហៅពូជផ្កាយចោរ។

ឃើញលម្ហមេឃដេកតែព្រួយ
ផ្កាយខ្លះរលួយជ្រុះបាក់សោ
បែកបាក់ធ្លុះធ្លាយទំនាយហោរ
ម្នឹះរត់ស្លន់ស្លោព្រោះអាចម៍ផ្កាយ។
———-
វិរិយា🌸

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា គ.ស. ២០២១