Tag Archives: Khmer Poet

កំណាព្យ “ស្រី ស លុយខ្មៅ” | បទ៨ព្យាង្គ

ក្រវេក្រវ៉ូ ដូរខ្សែក្រវាត់
លោកខែបាំងឆត្រ បាត់ដួងចន្ទ្រា
ស្រុកយើងវិលវល់ ពុលងាប់មាន់ទា
អ្នកឆ្កួតអ្នកជា ឆ្លងគ្នាពាសវាល។

ស្រណោះគ្រាដើម ខ្សត់ណាស់ឧកញ៉ា
គ្មានទេដុល្លារ ស្គាល់តែលុយរៀល
ស្រុកខ្មែរពីមុន ខ្សត់ទាំងជនពាល
ពាក្យជេរតិះដៀល ក៏មិនសូវឮ។

សម័យឥឡូវ អាស្រូវកប់មេឃ
តារាភ្លឹបភ្លែត ច្បេតរះឡើងភ្លឺ
ដល់ដាក់កែវយឹត ពិនិត្យជំងឺ
ឃើញហើយឡើងព្រឺ សុទ្ធតែផ្កាយចោរ។

ស្រីស្អាតឆើតឆាយ ចាយលុយទាំងបាច់
លក់ឡេលាបសាច់ ស ដូចមាន់ស្ងោរ
តាមពិតលួចលាក់ លបពាក់កន្ថោរ
ស៊ីឈ្នួលឱ្យចោរ លាងលុយពណ៌ខ្មៅ។

នាងអើយនាងស្រី ល្បីខាងមាសពេជ្រ
ថ្ងៃរះគង់លិច ឈាមស្រែកស្បែកហៅ
ដើរតួសម្ដែង ក្លែងមេអំបៅ
តាមពិតជាខ្លៅ កូនចៅបិសាច។

នាងអើយនាងល្អ សាច់ ស ដូចខ្មោច
ប្រយ័ត្នឆេះខ្លោច ព្រោះភ្លើងកំណាច
ក្លែងជាសេដ្ឋី ចង់ឱ្យគេខ្លាច
តាមពិតអំណាច ប្រៀបដូចជាខ្យល់។

សូមភ្ញាក់ខ្លួនឡើង តម្កើងធម៌ព្រះ
ទើបនាងអាចឈ្នះ រះភ្លឺឥតកល
ឈប់រស់សាងបាប ឆ្អាបពេញសាកល
ថ្វាយខ្លួនឱ្យដល់ ពាល់សច្ចធម៌។
———-

វិរិយា 🌸

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១០ កញ្ញា គ.ស. ២០២៦

រូបភាពបង្កើតឡើងដោយ A.I. ChatGPT

“អំនួត”

(កំណាព្យ បទ ៧ព្យាង្គ)

អំនួតក្អេងក្អាង ច្រើនតែអន់
ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យ
រសៀលចេញអួត តាមទម្លាប់
យប់ឡើងដេកទ្រាប់ កើយដៃគិត។

ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់
អួតក្នុងអង្គប់ បន្លាស្អិត
ដៀលញាតិបងប្អូនធ្លាប់ជាមិត្ត
ថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។

អួតរឿងមានលុយ ឡាន វិឡា
អួតអលង្ការ ភ្លឺចែងចាំង
អ្នកធ្លាប់បានជួយ ក្លាយជាខ្មាំង
ព្រោះតែមោហ៍បាំង បិទជិតមុខ។

អួតថាអញមានព្រោះអញឆ្លាត
ពូកែសង្វាតសន្សំទុក
អួតថាអញខ្លាំងមានជង្រុក
ដែលពោរពេញផ្ទុកដោយមាសប្រាក់។

អួតនេះហៅចំមហាអន់
ព្រោះពេលអាសន្នជាន់ច្រវាក់
ចេះត្រឹមចំទាលដូចជនខ្វាក់
ក្ដោបតែលុយកាក់មិនកាន់សីល។

អំនួតបែបនេះ ច្បាស់មិនយូរ
គង់រលាយហូរដូចអំបិល
ហៀរទៅតាមផ្លូវស្លែរអិល
ធ្លាក់រណ្ដៅទមិឡ រងទុក្ខា។

ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺ
ងាករកពន្លឺព្រះសាស្ដា
រក្សាសីលខ្ពស់ ឈ្មោះហៅថា
បុគ្គលអស្ចារ្យ ព្រោះដឹងទោស។

សូមទម្លាក់ចុះនូវទិដ្ឋិ
មានះ អស្មិ ចចេសខុស
ឈប់ផ្ដន្ទាជនសប្បុរស
ឈប់សាងកំហុសបំពានធម៌។

សូមឱ្យអ្នកភ្ងារ រកឃើញត្រូវ
បានដើរលើផ្លូវដ៏បវរ
មានអ្នកគោរពដោយស្មោះស
ពាល់សច្ចធម្ម ព្រះនិព្វាន។
________

វិរិយា 🌸

ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥

រៀនរស់ (កំណាព្យបទព្រហ្មគីតិ)

នឹកដល់កល់រឿងចាស់ មានច្រើនណាស់ ពោលពុំអស់
សើចយំក្រពុំស្រស់ ចួនធ្លោយថ្លោះ អស់ទាំងប្រាក់។

កើតទុក្ខមុខឡើងជ្រួញ​ សរសៃរួញ ទួញអួលអាក់
ភ្នែកភ្លឺដូចជាខ្វាក់ ខ្វល់ដល់ស្លាក់ ខ្ជាក់ទៅស្លែង។

កាលណោះស្រុកសាន្តត្រាណ ទ្រព្យប៉ុន្មាន ភ្លើសម្ញែង
មិនសូវកោតគេឯង ឥតបើក្រែង ដល់នរណា។

ឥឡូវខុសពីមុន ធ្លាប់ទារុណ ពន់ទុក្ខា
ច្នោះហើយទើបគិតថា លាក់អាត្មា ទើបប្រពៃ។

បានរៀននឹងព្រះធម៌ លែងខ្វាក់ពណ៌ ឃើញតម្លៃ
សត្វលោករោគចង្រៃ ព្រោះស្រមៃ ខុសតម្រា។

បានដឹងថ្លឹងធម៌ព្រះ រស់យកឈ្នះ តួអាត្មា
គឺលះដល់ចិន្ដា ល្អក្រៃណា សែនវិសេស។

បានយល់ជន្ទល់កម្ម ព្រះពុទ្ធផ្ដាំ កុំបីធ្វេស
គ្រប់ពេលមិនប្រហែស ចើងចចេស នឹងជួបទុក្ខ។

ឥឡូវដូចស្រាលខ្លួន រោគធ្លាប់ពួន លែងរានរុក
ព្រោះតែមានជង្រុក សន្សំទុក ការពារឃ្លាន។

រៀនរស់លស់ដោយកម្ម ផលវាផ្ដាំ ចាំហេតុមាន
ទុក្ខសោកលែងទន្ទ្រាន ព្រោះចែកទាន ដល់អ្នកអត់។

ដើរផ្លូវត្រូវលះបង់ ពត់តម្រង់ ផ្ចង់អំណត់
ធម៌មួយជួយលែងខ្សត់ គឺសង្កត់ ឃាត់តណ្ហា។

ពេលនេះបានយល់ដឹង ថាជាតិហ្នឹង ស្បើយទុក្ខា
ព្រោះធម៌ល្អក្រៃណា ព្រះសាស្ដា រក្សាបាន។

នឹងលែងមានបារម្ភ រស់បានមាំ សមថ្កើងថ្កាន
រហូតអាចរុញច្រាន ឈានដល់បាន ឋាននិព្វាន។
_________
វិរិយា🌸

ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា គ.ស. ២០២១

រូបថតនៅមុខប្រាសាទអង្គរវត្ដខេត្តសៀមរាប ថតពេលព្រឹកព្រលឹមម៉ោង៧ ក្រោយទស្សនាថ្ងៃរះចំកំពូលកណ្ដាល Equinox Day Shooting Post

ជំនឿ (កំណាព្យបទ៧ព្យាង្គ)

ទំនៀមទម្លាប់ ជាប់ពីព្រេង
មនុស្សអ្នកតាក់តែង ចែងជាច្បាប់
គេឱ្យគោរព ងប់ចំណាប់
អ្នកណាមិនត្រាប់ ចាប់ទៅចង។

រឿងខ្លះប្រតិដ្ឋ គិតមិនដល់
អ្នកជឿខ្វាយខ្វល់ ឆ្ងល់កន្លង
បុណ្យបាបជាអ្វី ស្ដីប្រាប់ផង
មួយជាតិហែលឆ្លង បំណងអី?

គេឲ្យលុតក្រាប លែងចាបរស់
ស្រោចទឹកកាត់គ្រោះ ឈ្មោះម្នឹះថ្មី
ក្រណាត់ពណ៌ស គ្របផ្ទាល់ដី
ច្រៀងលើករាសី ក្រែងផុតទុក្ខ។

គិតទៅផ្លូវមនុស្ស ជុះហើយស៊ី
ដេកដើរសំភី ភ្លីពេញមុខ
យកពុទ្ធសាសនា ញាត់ជង្រុក
ខ្លួនឯងចូលគុក កម្មអាក្រក់។

សែនខ្មោចបោចស្មៅ ហៅអារក្ខ
ដួសបាយដាក់ស្រាក់ ហាក់កខ្វក់
ស្លៀកពាក់ភ្ញាក់ព្រឹក នឹកអ្នកក្ដក់
ភ្លៀងស្រក់តិកតក់ ក៏តស៊ូ។

ខំជឿខំបន់ ស្រន់ព្រលឹង
រួចហើយទន្ទឹង ធ្មឹងសែនយូរ
រង់ចាំដូនតា ជួយគិតគូរ
ព្រោះរស់មិនធូរ មិនដឹងហេតុ។

ព្រះមានមិនជឿ ទៅជឿខ្មោច
ព្រលឹងអសោច ល្អោចក្រុងខេត្ត
សព្វពាសពេញដី ផ្ទៃវាស់ម៉ែត្រ
ខែភ្លៀងខែចេត្រ ឃើញតែបន់។

រឿងភពងងឹត គិតឲ្យជ្រៅ
បើមិនស្គាល់ផ្លូវ ត្រូវ​អាសន្ន
ដូរផ្នត់គំនិត ក្រិតឱ្យគ្រាន់
ក្រែងរស់បានទាន់ ស្គាល់និព្វាន។
___________

វិរិយា🌸

ថ្ងៃសុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែកញ្ញា គ.ស. ២០២០

ដងព្រែក…

ព្រឹកព្រាង​ថ្ងៃរះ​ ជះប៉ះចុងដួន
ចុះស្រែថែសួន​ ពួនតាមដងព្រែក
ជីវិត​ស្រុកស្រែ​ ខ្មែរនៅក្រោមមេឃ
តោះ! ងេីបពីដេក​ ទៅរែកអាចម៍គោ។

ខេត្ត​ព្រះ​ត្រពាំង​ ឃាំងដោយទឹកប្រៃ
ដងព្រែកពេញព្រៃ​ ដីដុះហួសអូរ
ខ្មែរ​លេីខ្មែរក្រោម​ ឡោមរកពុទ្ធោ
អ្នកណាស៊ីជោរ​ មកកូរគ្នាលេង។

លឹម​ វីរីយ៉ា​🌸
២៩​ កញ្ញា​ ២០១៩

នៅមាត់ព្រែក ក្នុងចម្ការពោតរបស់ឳពុកម្ដាយ បង សុមន្ថា ក្នុងភូមិបាយឆៅ ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម

ភ្ជុំបិណ្ឌនៅកម្ពុជា…

ភ្ជុំបិណ្ឌនៅកម្ពុជា
អ្នកណាបាត់គ្នា ហួចជាសញ្ញា។
អញ្ជើញណាត់ជួបតាមសារ
សាសងផ្លែផ្កា ចរចាចិចី។
រដូវបុណ្យទានឈានដី
ណាត់មិត្តប្រុសស្រី ប្រាស្រ័យរាក់ទាក់។
ភ្ជុំបិណ្ឌក្លិនចំប៉ាលក្ខណ៍
រដូវភ្លៀងធ្លាក់ ជំពាក់ម្ចាស់ថ្លេីម។
អ្នកណាប៉ិនទប់ដង្ហេីម
ចំហៅថាឆ្នេីម ផ្ដេីមច្នៃផ្ដោះផ្ដង។
ផ្ការីកនៅក្នុងរបង
អ្នកក្លាហានឆ្លង ចម្លងដួងចិត្ត។
ភ្ជុំរួចខ្នួចចងក្រងក្រិត្យ
ក្រាបដៃយកស្និត ទុកសិតសក់ក្រង។
សៀតផ្កាចំប៉ីមួយទង
ពានាល្បាប់ផង ដងទឹកផ្កាម្លិះ។
បួងសួងលួងសូមជំនិះ
ដែលព្រះឥន្ទជិះ ឆ្លងឡេីងឋានសួគ៌។
សារខ្លីន័យវែងពេញតួ
បេីគួរមិនគួរ កុំប្រកាន់ថ្វី។
រឿងអាថ៌កំបាំងផែនដី
អ្នកណាវៀងវៃ លៃលកយកបុណ្យ។
ឆ្គាំឆ្គងរំលងថ្ងៃមុន
សូមត្រឹមម្ចាស់គុណ គន់គិតអភ័យ។
សូមបានសិរីសួស្ដី
ស្ដុកស្ដម្ភថ្លាថ្លៃ មានជ័យជោគអ៊េីយ!
———
លឹម វិរិយា🌸
២៥ កញ្ញា ២០១៩

រូបថតនៅផ្សារទំនើប Aeon Mall ទី២ ក្នុងទីក្រុងសែនសុខ អំឡុងរដូវបុណ្យភ្ជុំបិណ្ឌ ថតដោយ កុមារា ព្រហ្ម ជ័យបុត្រ កូនច្បងរបស់ម៉ាក់យ៉ា