Tag Archives: Viriya Poetry

“អំនួត”

(កំណាព្យ បទ ៧ព្យាង្គ)

អំនួតក្អេងក្អាង ច្រើនតែអន់
ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យ
រសៀលចេញអួត តាមទម្លាប់
យប់ឡើងដេកទ្រាប់ កើយដៃគិត។

ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់
អួតក្នុងអង្គប់ បន្លាស្អិត
ដៀលញាតិបងប្អូនធ្លាប់ជាមិត្ត
ថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។

អួតរឿងមានលុយ ឡាន វិឡា
អួតអលង្ការ ភ្លឺចែងចាំង
អ្នកធ្លាប់បានជួយ ក្លាយជាខ្មាំង
ព្រោះតែមោហ៍បាំង បិទជិតមុខ។

អួតថាអញមានព្រោះអញឆ្លាត
ពូកែសង្វាតសន្សំទុក
អួតថាអញខ្លាំងមានជង្រុក
ដែលពោរពេញផ្ទុកដោយមាសប្រាក់។

អួតនេះហៅចំមហាអន់
ព្រោះពេលអាសន្នជាន់ច្រវាក់
ចេះត្រឹមចំទាលដូចជនខ្វាក់
ក្ដោបតែលុយកាក់មិនកាន់សីល។

អំនួតបែបនេះ ច្បាស់មិនយូរ
គង់រលាយហូរដូចអំបិល
ហៀរទៅតាមផ្លូវស្លែរអិល
ធ្លាក់រណ្ដៅទមិឡ រងទុក្ខា។

ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺ
ងាករកពន្លឺព្រះសាស្ដា
រក្សាសីលខ្ពស់ ឈ្មោះហៅថា
បុគ្គលអស្ចារ្យ ព្រោះដឹងទោស។

សូមទម្លាក់ចុះនូវទិដ្ឋិ
មានះ អស្មិ ចចេសខុស
ឈប់ផ្ដន្ទាជនសប្បុរស
ឈប់សាងកំហុសបំពានធម៌។

សូមឱ្យអ្នកភ្ងារ រកឃើញត្រូវ
បានដើរលើផ្លូវដ៏បវរ
មានអ្នកគោរពដោយស្មោះស
ពាល់សច្ចធម្ម ព្រះនិព្វាន។
________

វិរិយា 🌸

ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥

អារក្ខរក្សា (កំណាព្យបទព្រហ្មគីតិ)

អារក្ខបក្សបិសាច​ វាអង់អាច   ឥតខ្លាចអ្វី

មានចិត្តអន្យតិរ្ថិយ ស៊ីចង្រៃ  ជាអាហារ។

វាចូលចិត្តបំផ្លាញ អំណាចក្រាញ ពាសរដ្ឋា

បំពុលមនុស្សា ឱ្យមរណា ព្រោះស្រាល្បែង។

អារក្ខស្ដេចនរក ចិត្តគម្រក់  ឥតកោតក្រែង

នរណាវក់ស្រាល្បែង ច្បាស់វាក្លែង  បោកឱ្យខ្ចាត់។

វាចូលចិត្តបឺតឈាម ហើយអង្កៀម ជីវិតសត្វ

នរណាមិនប្រយ័ត្ន ច្បាស់ជាបាត់  ទាំងព្រលឹង។

អារក្ខមានមន្តរិស្ដ របៀនគ្រឹះ យ៉ាងមាំរឹង

គឺចេះខាបព្រលឹង អ្នកស្រវឹងឱ្យមរណា។

ជាតិមួយមានគេដឹក នាំឈ្លក់ទឹក ស្រវឹងស្រា

ដូចត្រូវបណ្ដាសា រស់ខ្លោចផ្សា រយពាន់ឆ្នាំ។

——

វិរិយា 🌸

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ គ.ស. ២០២៣

ដីទុកធ្វើផ្នូរ (កំណាព្យបទកាកគតិ)

នេះដីកេរឪ បន្សល់ទុកនៅ

អាពៅសង់ផ្ទះ ទទឹង៣ម៉ែត្រ

បណ្ដោយអស់ស្ទះ សង់រួចនឹងឈ្នះ

បេះដូងម៉ែក្មេក។

ឮតែគេថា បេីចង់រៀបការ

ទាល់មានផ្ទះដេក តូចក្ដីធំក្ដី

អាចផ្សំដំណេក ល្អជាងទៅដេក

ផ្ទះឪផ្ទះម៉ែ។

ប្លង់ផ្ទះចង្អៀត តែចិត្តមិនត្បៀត

ព្រោះវាមានស្នេហ៍ បេះដូងរីកធំ

ធំប៉ុនវាលស្រែ អាចរស់ល្ហេីយល្ហែ

ឥតប្រែប្រួលថ្វី។

ដីនេះពីដេីម ឪវាទុកផ្សេីម

ត្រៀមធ្វេីចេតិយ លុះកូនធំឡេីង

វាឥតចេះអី ចង់បានតែដី

យកទៅសង់ផ្ទះ។

ទម្រាំដឹងរឿង អាពៅចិត្តសឿង

វាចង់តែឈ្នះ វាមានសង្សារ

ចង់ការរូតរះ ម៉ែក្មេកវាលះ

សួរផ្ទះសម្បែង។

ពេលនេះរួចរាល់ ថ្ងៃការជិតដល់

វាអរមិនលែង អនាគតវា

ច្បាស់ជាខែងរ៉ែង សប្បាយហុយផ្សែង

ផ្ទះប៉ុនផ្នូរខ្មោច។

———

វិរិយា🌸

ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

សាវកប្លម (កំណាព្យបទ៧ព្យាង្គ)

មើលរូបលិចទឹក នឹករឿងចាស់

កាលណោះជ្រួលណាស់ ទាំងចាស់ក្មេង

ប្ដូរងាប់ជាប់ឈ្មោះ ជួសសំឡេង

មិនដឹងគេលេងពង្វក់ក្បាល។

ឥឡូវភាគ២ ស៊ីលុយក្រាស់

ជំទាវច្រើនណាស់ជួយបណ្ដាល

បណ្ដុះគំនិតអន់ស្រាលៗ

ងងឹតអម្បាលអវិជ្ជា។

អ្នកខ្លះមានងារដល់ឧកញ៉ា

ប៉ុន្តែប្រាជ្ញាដូចមាន់ទា

បង្ហោះហ្វេសប៊ុគផ្សាយតគ្នា

ពន្លិចអ្នកជាឱ្យធ្លាក់ជ្រាំ។

ឧបាសិកាមហាខ្ពស់

ងារសែនពីរោះឈ្មោះបន្លំ

ដឹកនាំគេឯងលែងសូវសម

ព្រោះលបរៀបចំចោរសាមាន្យ។

ធម្មព្រះសម្ពុទ្ធមិនត្រងត្រាប់

បែរជាទៅផ្កាប់រឿងតិរច្ឆាន

ផ្សាយធម្មថោកទាបពេញភូមិឋាន

សមាធិបានក្លាយជាព្រាយ។

វិបស្សនាមិនព្រមគិត

បែរជាទៅរឹតរឿងទំនាយ

ខំប្រឹងទម្លុះសីលធ្លុះធ្លាយ

លាមកស្អុយភាយពេញខេមរា។

——–

វិរិយា🌸

៨រោច ខែកត្ដិក ២៥៦៧​ – ៥ វិច្ឆិកា ២០២៣

ពេលអត់លុយ (កំណាព្យបទកាកគតិ)

មានលុយអត់លុយ កុំធ្វើមុខស្អុយ
នាំគេមើលងាយ ញញឹមកុំខ្លាច
បាចស្នេហ៍ពង្រាយ នឹងមានសម្ពាយ
ធ្លាយចូលហៅបុណ្យ។

បុណ្យនោះជាអ្វី? សូមប្រាប់សេចក្ដី
ន័យមិនដាបដុន ជាអារម្មណ៍មួយ
ដែលជួយដោះកុន រឿងទ័លយ៉ាកចុន
ក្លាយប៉ុនពងមាន់។

ក្ដីសុខដែលពិត មិនមែននៅជិត
កន្លែងអ្នកគ្រាន់ តាមពិតនៅឆ្ងាយ
ឆ្ងាយផុតគេជាន់ ផុតភ័យអាសន្ន
លាន់តែសន្តិ។

ខ្ញុំរស់មួយជាតិ រស់ឆ្ងាយពីញាតិ
ដែលមានអស្មិ ក្បាលធំជាងពោះ
យសគ្មានសុចិ បាត់ទាំងសតិ
រាប់មិនកើតទេ។

មានលុយអត់លុយ កុំទៅប្រថុយ
បែកស្លុយខ្ចីគេ នាំបង់ប្រវត្តិ
គេកត់ឈ្មោះផ្ទេរ បុលវាល់ចង្អេរ
ខូចកេរ្តិ៍អាស្រូវ។

អត់លុយហ៊ឺហារ មិនដែលសោកា
ឈឺផ្សាតាមផ្លូវ មុខស្រស់ជានិច្ច
មិនធ្មេចក្រញូវ បណ្ដាំម៉ែឳ
កូនត្រូវតែសើច។
————–
វិរិយា🌸

ថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ.ស. ២០២០

រូបថតនៅក្រុង តូក្យូ ប្រទេសជប៉ុន ខែកុម្ភៈ ឆ្នាំ ២០១៨
  • moon-crescent symbol in Khmer language

    សញ្ញាអឌ្ឍចន្ទ (៝) ក្នុងភាសាខ្មែរ

  • ទស្សនៈអំពីពណ៌ស្បែក ដែលបង្កជាវិបត្តិសុខភាព រាតត្បាតខ្លាំងក្នុងចំណោមក្មេងស្រី និងស្ត្រីដែលមានការអប់រំទាបនៅកម្ពុជា

  • រឿង “ធ្វើសង្គ្រាមលើក្រដាស”

  • Karma Theory

    ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

  • moon-crescent symbol in Khmer language

    សញ្ញាអឌ្ឍចន្ទ (៝) ក្នុងភាសាខ្មែរ

  • ទស្សនៈអំពីពណ៌ស្បែក ដែលបង្កជាវិបត្តិសុខភាព រាតត្បាតខ្លាំងក្នុងចំណោមក្មេងស្រី និងស្ត្រីដែលមានការអប់រំទាបនៅកម្ពុជា

  • រឿង “ធ្វើសង្គ្រាមលើក្រដាស”

  • Karma Theory

    ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

  • សញ្ញាអឌ្ឍចន្ទ (៝) ក្នុងភាសាខ្មែរ

    សញ្ញាអឌ្ឍចន្ទ (៝) ក្នុងភាសាខ្មែរ

    នៅក្នុងភាសាខ្មែរយើង មានពាក្យទោលដែលជាតួព្យញ្ជនៈពួកអ ឬអ៊ ដែលមានន័យគ្រប់គ្រាន់ ដូចជា “ក” ប្រភេទជានាម ប្រែថា អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដូចជា “ទ” ជានាម ប្រែថា ប្រដាប់ធ្វើដោយឈើ, ឫស្សី, ដែក, ឬ ជ័រផ្លាស្ទីក សម្រាប់ដាក់រង ឬ ត្រងបង្ហូរទឹក។ ដូចជា “ង” ជាគុណនាម ប្រែថា ដែលមានរំពត់ខាងគល់ ឬ ខាងចុងងើយស្ទើតឡើង។ រួមទាំងពាក្យទោលជាច្រើនផ្សេងទៀតដែលមានន័យគ្រប់គ្រាន់តែឯកឯង ដូចជា “ត ខ គ ញ ដ ព ល ស” ជាដើម។ ជាធម្មតា ពាក្យខ្មែរភាគច្រើនយើងចំណាំតែបន្ថែមអក្សរ “រ” ខាងចុងតួព្យញ្ជនៈទោលរបៀបនេះ ដែលតាមការពិត មានព្យញ្ជនៈដែលជាពាក្យពេញលេញខ្លះ ឥតត្រូវការបន្ថែម “រ” នៅខាងចុងវាទេ។ ម្ល៉ោះហើយ អ្នកអានភាសាខ្មែរ ច្រើនតែច្រឡំភ្ជាប់អំណានប្រកបទៅនឹងអក្សរខាងដើមទៅវិញ។ ឧទាហរណ៍ដូចជា “ទូកង”…


  • ទស្សនៈអំពីពណ៌ស្បែក ដែលបង្កជាវិបត្តិសុខភាព រាតត្បាតខ្លាំងក្នុងចំណោមក្មេងស្រី និងស្ត្រីដែលមានការអប់រំទាបនៅកម្ពុជា

    ទស្សនៈអំពីពណ៌ស្បែក ដែលបង្កជាវិបត្តិសុខភាព រាតត្បាតខ្លាំងក្នុងចំណោមក្មេងស្រី និងស្ត្រីដែលមានការអប់រំទាបនៅកម្ពុជា

    អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រាប់ចាប់តាំងពីកម្ពុជាងើបពីសង្គ្រាម មានទូរទស្សន៍ ទស្សនាវដ្ដី និងចុងក្រោយនេះ គឺអ៊ីនធើណិតដ៏សម្បូរបែប ដែលជាឧបករណ៍ទំនើបពេញនិយម សម្រាប់ប្រើប្រាស់ ក្នុងការមើល និង ប្រៀបធៀបគ្នា អំពីស្ដង់ដារជីវិតរស់នៅ។ ការប្រាស្រ័យទាក់ទងគ្នាលើកដំបូង មនុស្សសម្លឹងមើលគ្នា ហើយវិនិច្ឆ័យ គោរពរាប់អាន លើកតម្កើង ឬរើសអើង ដោយគំហើញនៃសម្បុរស្បែកខាងក្រៅជាមុនសិន។ ទម្រាំចូលដល់សម្ព័ន្ធភាពជ្រាលជ្រៅ ដែលអាចដឹងបានដល់ចិត្តគំនិតខាងក្នុង មានអ្នកខ្លះ ផ្ដាច់ទំនាក់ទំនង តាំងពីឃើញពណ៌ស្បែកស្រគាំ ស្រអាប់ មិនគាប់ចិត្តជាលើកដំបូងម្ល៉េះ។ អ្នកមានស្បែកពណ៌សភ្លឺ គេកំណត់ថាជាមនុស្សជោគជ័យ ខ្លាំងពូកែ មានធនធាន ជាប់ពូជចិនយួន ជាអ្នកឆ្លាត ដែលអាចពឹងពាក់បាន។ អ្នកមានស្បែកពណ៌ត្នោត ក្រហមដិត គេកំណត់ថាជាមនុស្សក្រីក្រ អន់ ព្រោះប្រកបរបរហាលថ្ងៃក្ដៅច្រើន មិនជាប់ពូជចិនយួន មិនឆ្លាត អសមត្ថភាពក្នុងជីវិត។ នេះជាផ្នត់គំនិតដែលអាក្រក់ជាងជំងឺរាតត្បាតធម្មតាទៅទៀត។ វាលើសពីបញ្ហាវិបត្តិវប្បធម៌ គឺទស្សនៈនេះក្លាយជាអាវុធសម្លាប់មនុស្សយ៉ាងសាហាវនៅពាសពេញប្រទេសកម្ពុជា ជាពិសេសស្ត្រីក្មេងៗ ដែលរស់នៅក្នុងសង្គមមួយ ដែលខ្វះការអប់រំ។ ដោយជឿទៅតាមពាក្យញុះញង់របស់ឈ្មួញអសីលធម៌ នារីក្មេងៗ យល់ព្រមចាយលុយទិញក្រែមគីមី ដែលគេផ្សាយតាមបណ្ដាញព័ត៌មានថា នឹងជួយប្ដូរពណ៌ស្បែករបស់ពួកនាងឱ្យបាន ស ភ្លឺ រលោង…


  • រឿង “ធ្វើសង្គ្រាមលើក្រដាស”

    រឿង “ធ្វើសង្គ្រាមលើក្រដាស”

    ចូវស៊ឺ ជាមេទព័ដ៏មានឈ្មោះល្បីល្បាញរបស់នគរចូវ។ គេមានកូនប្រុសម្នាក់ឈ្មោះ ចូវខ ដែលជាក្មេងចូលចិត្តអានសៀវភៅ ក្បួនតម្រាអំពីការធ្វើសឹកសង្រ្គាមជាខ្លាំង។ ចូវខ អាចអធិប្បាយអំពីការរៀបចំកងទ័ពសម្រាប់ការធ្វើសង្រ្គាមបានយ៉ាងស្ទាត់ជំនាញ សូម្បីតែពេលខ្លះ ឪពុករបស់គេក៏នឹកមិនឃើញដែរ។ ហេតុនេះហើយទើបបានជា ចូវខ គិតស្មានដោយខ្លួនឯងថា នៅលើលោកនេះ មិនមាននរណាអាចប្រៀបផ្ទឹមជាមួយខ្លួនបានឡើយ។ ទោះជាយ៉ាងណា ចូវស៊ឺ មិនដែលលើកសរសើរពីកូនរបស់ខ្លួនម្តងណាឡើយ ព្រមទាំងពោលដោយក្តីបារម្ភថា “នាពេលអនាគត បើនគរចូវមិនបានប្រគល់តំណែងមេទ័ពទៅឱ្យ ចូវខ ទេ នោះគឺជាប្រការល្អបំផុត និងបើនៅតែចចេស ប្រគល់ឱ្យ ចូវខ ទៅដឹកនាំកងទព័ គឺគេនោះហើយដែលជាអ្នកនាំក្តីវិនាសមកឱ្យនគរចូវ”។ កាលពីឆ្នាំ ២៦២ មុនគ្រិស្តសករាជ ពេលដែលកងទព័នគរឈិន លើកគ្នាវាយលុកមកលើនគរ ចូវ កងទព័ទាំងសងខាងបានប្រយុទ្ធតទល់ជាមួយគ្នានៅសមរភូមិ ឆាងភិង។ ពេលនោះ ចូវស៊ឺ បានទទួលអនិច្ចកម្មបាត់ទៅហើយ ឯ លិនសៀងយូ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ក៏មានជំងឺជាទម្ងន់ផងដែរ។ នគរចូវបានបញ្ជូន លានប៉ ដែលជាមេទ័ពជើងចាស់ឱ្យទៅដឹកនាំការប្រយុទ្ធនោះ។ កាលពីដំបូងៗ កងទ័ពនគរចូវ ត្រូវបរាជយ័ជាបន្តបន្ទាប់ តែក្រោយមក លានប៉ បានផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដោយគ្រប់គ្រងកម្លាំងឱ្យនៅតែក្នុងមូលដ្ឋាន មិនឱ្យចេញប្រយុទ្ធអ្វីទាំងអស់។ សង្រ្គាមបានបន្លាយពេលរហូតដល់ទៅបីឆ្នាំ។…


ដែនដួងចិត្ត (កំណាព្យបទ៩ព្យាង្គ​ ចង្វាក់រណ្ដំ)

នាដីខ្មែរ ខែរំហើយ ត្រើយខាងកើត
ដប់បួនខ្នើត អើតលើមេឃ វែកពន្លឺ
ខែកត្ដិក ទឹកឡើងធំ ម៉ុមព្រួចព្រឺ
រន្ទាលភ្លឺ ឮយន្តហោះ បោះពួយជ្រែក។

រាជធានី ទីកន្លែង ប្លែងជីវិត
អង្គុយគិត រឹតតែខ្វល់ ទ័លដល់ដេក
ទន្លេមួយ ព្រួយអស់ត្រី ឆីរំលែក
រស់ក្រោមមេឃ រែកទុក្ខសោក ថោកដល់ផ្កាប់។

ដែនសុវណ្ណ ខ្មាន់ដួងចិត្ត ខិតមកក្បែរ
មិនបានថែ កែកុនការណ៍ ត្រាប្រថាប់
ពេលខ្លះថប់ ស្អប់អ្នកក្បែរ ស្នេហ៍អ្នកស្លាប់
ចង់ប្រាយប្រាប់ ឆាប់បានដឹង ថ្លឹងឱ្យស្គាល់។

ព្រំដែនចិត្ត ស្អិតលែងរីក ជីកលែងចុះ
ដីលែងស្លុះ ឆ្លុះមើលគល់ យល់មិនដល់
អ្នកនៅរស់ ពោះកំពីង ល្វីងរចល់
លើផ្លូវទ័ល ពាល់តែកម្ម ចាំចូលគុក។

ដែនបេះដូង ឈោងដៃទៅ នៅតែឆ្ងាយ
មេឃបាត់ផ្កាយ ស្រាយចម្ងល់ វ៉ល់ទំនុក
ច្រៀងរៀបរាប់ ផ្គាប់ចិត្តមេ គេខ្ពើមមុខ
ស្ពាយត្រាទុក លុកលុយបូក យកលេខស្មើ។

នាដីខ្មែរ ខែកត្ដិក ទឹកលិចក្រុង
ជើងជាប់ផុង ស្លុងហឫទ័យ រៃលែងហើរ
មេរោគកាច ខ្លាចលែងឆ្លង ដងផ្លូវដើរ
សុខសើៗ បន្ថើរសូម លោមយកជ័យ។
________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.​២០២១

រៀនរស់ (កំណាព្យបទព្រហ្មគីតិ)

នឹកដល់កល់រឿងចាស់ មានច្រើនណាស់ ពោលពុំអស់
សើចយំក្រពុំស្រស់ ចួនធ្លោយថ្លោះ អស់ទាំងប្រាក់។

កើតទុក្ខមុខឡើងជ្រួញ​ សរសៃរួញ ទួញអួលអាក់
ភ្នែកភ្លឺដូចជាខ្វាក់ ខ្វល់ដល់ស្លាក់ ខ្ជាក់ទៅស្លែង។

កាលណោះស្រុកសាន្តត្រាណ ទ្រព្យប៉ុន្មាន ភ្លើសម្ញែង
មិនសូវកោតគេឯង ឥតបើក្រែង ដល់នរណា។

ឥឡូវខុសពីមុន ធ្លាប់ទារុណ ពន់ទុក្ខា
ច្នោះហើយទើបគិតថា លាក់អាត្មា ទើបប្រពៃ។

បានរៀននឹងព្រះធម៌ លែងខ្វាក់ពណ៌ ឃើញតម្លៃ
សត្វលោករោគចង្រៃ ព្រោះស្រមៃ ខុសតម្រា។

បានដឹងថ្លឹងធម៌ព្រះ រស់យកឈ្នះ តួអាត្មា
គឺលះដល់ចិន្ដា ល្អក្រៃណា សែនវិសេស។

បានយល់ជន្ទល់កម្ម ព្រះពុទ្ធផ្ដាំ កុំបីធ្វេស
គ្រប់ពេលមិនប្រហែស ចើងចចេស នឹងជួបទុក្ខ។

ឥឡូវដូចស្រាលខ្លួន រោគធ្លាប់ពួន លែងរានរុក
ព្រោះតែមានជង្រុក សន្សំទុក ការពារឃ្លាន។

រៀនរស់លស់ដោយកម្ម ផលវាផ្ដាំ ចាំហេតុមាន
ទុក្ខសោកលែងទន្ទ្រាន ព្រោះចែកទាន ដល់អ្នកអត់។

ដើរផ្លូវត្រូវលះបង់ ពត់តម្រង់ ផ្ចង់អំណត់
ធម៌មួយជួយលែងខ្សត់ គឺសង្កត់ ឃាត់តណ្ហា។

ពេលនេះបានយល់ដឹង ថាជាតិហ្នឹង ស្បើយទុក្ខា
ព្រោះធម៌ល្អក្រៃណា ព្រះសាស្ដា រក្សាបាន។

នឹងលែងមានបារម្ភ រស់បានមាំ សមថ្កើងថ្កាន
រហូតអាចរុញច្រាន ឈានដល់បាន ឋាននិព្វាន។
_________
វិរិយា🌸

ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា គ.ស. ២០២១

រូបថតនៅមុខប្រាសាទអង្គរវត្ដខេត្តសៀមរាប ថតពេលព្រឹកព្រលឹមម៉ោង៧ ក្រោយទស្សនាថ្ងៃរះចំកំពូលកណ្ដាល Equinox Day Shooting Post

សៀវភៅស (កំណាព្យបទកាកគតិ)

សៀវភៅក្នុងដៃ គិតគូរកែច្នៃ
ស្រមៃរាប់ឆ្នាំ ប្រមែប្រមូល
ឆ្មូលពូនបណ្ដាំ ដែលស្រីៗផ្ដាំ
កត់ចាំជាច្បាប់។

ត្រាច់ចរគ្រប់ច្រក មិនដែលហ៊ានខក
ខ្លាចសណ្ដកស្លាប់ សាកសួរប្រដេញ
ឱ្យចេញឆាប់ៗ គេឆ្លើយខ្ញុំស្ដាប់
ត្រាប់ត្រងកត់ត្រា។

ទាំងខេត្តនិងក្រុង ជួនកាលជាប់ផុង
ខុសតុងតម្រា បែកកង់តាមផ្លូវ
ដូចត្រូវផ្ដាសា ផ្ដន្ទាក្រៃណា
ក៏រក្សាបាន។

សម្ភាសសាកសួរ រឿងគួរមិនគួរ
ចូលតួឥតស្រាន្ត ព្រោះចង់ដឹងហេតុ
អ្វីទៅរំខាន រារាំងមិនបាន
ឱ្យស្រីឡើងធំ?

កៀរគរបានហើយ ផ្ទៀងផ្ទាត់ចម្លើយ
កំណត់ដាក់ម្ដុំ បញ្ហាចម្បង
ដែលខ្ទាស់វិលជុំ គឺរឿងអប់រំ
មិនបានដិតដល់។

ខ្សត់ខ្សោយចំណេះ ស្រីៗមិនចេះ
របេះក្បាច់វ៉ល់ តាមគេមិនទាន់
គេជាន់ដាច់ខ្យល់ ព្រោះតែកិច្ចកល
សង្គមរួមរិត។

ឯរឿងទី២ ត្រូវតែសំភី
មិនអាចលាក់ជិត គឺរឿងលុយកាក់
ដាក់ស្នើប្រើផ្លិត បក់សូមអាណិត
នៅតែមិនបាន។

គេចោទថាស្រី បើនឹងមកខ្ចី
មានអ្វីជាដាន? អង្គការតូចធំ
សុំមើលអំណាន ប្លង់កេរផ្ទេរបាន
ទើបស្រាន្តហិរញ្ញ។

ទី៣ចុងក្រោយ គឺរឿងផ្ដល់ឱ្យ
ផ្លូវក្រោយមិនចាញ់ ផលិតឥតផ្សារ
ទំនិញខ្មួលខ្មាញ់ ខ្វះអ្នកប្រមាញ់
ជួយបាញ់ដំណឹង។

សរុបសេចក្ដី សៀវភៅក្នុងដៃ
ន័យរួមប៉ុនហ្នឹង គោលនយោបាយ
ដើរឆ្ងាយដល់ម្ល៉ឹង ពីកិច្ចខំប្រឹង
បានដឹងហេតុផ្គួប។

ឥលូវពេលនេះ សូមលោកត្រិះរិះ
ជួយគិតបង្រួប ដោះស្រាយបញ្ហា
ស្រីខ្មែរបានជួប រាប់ឆ្នាំខែខួប
ព្រោះហេតុខាងលើ។

ឈ្មោះសៀវភៅស បានដោយអំណរ
រំពងបន្លឺ សំឡេងបានឮ
បំភ្លឺលែងល្ងើ ដឹងហើយរុះរើ
ដោះស្រាយឆាប់ផង។

នេះរឿងស្រីៗ សហគ្រិនថ្មី
នៅក្នុងចំណង រើខ្លួនពិបាក
ស្ទើរផ្អាកម្ដងៗ សូមជួយចម្លង
បានដល់ព្រះឥន្ទ្រ។
____________

[កំណាព្យបែបកំណត់ហេតុនៃបេសកកម្មការងារ កាលនៅជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ២០១៨- ២០២១]

ទាញយកឯកសារជា PDF File នៃសៀវភៅស (The White Book) ភាគទី១ ចុចទីនេះ

វិរិយា🌸

ថ្ងៃពុធ ១៤រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៦ ខែកញ្ញា គ.ស. ២០២០

រូបថតថ្ងៃសម្ពោធប្រកាសសៀវភៅស ភាគទី១ ក្រោមអាណត្ដិដឹកនាំរបស់ ក្រុមប្រឹក្សាភិបាលជំនាន់ទី៣ នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ហៅកាត់ថា​ CWEA ដែលមានខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាល

ដីខ្យល់ភ្លើងទឹក (កំណាព្យបទកាកគតិ)

ដីអើយដីចាស់ ទឹកហូរបញ្ច្រាស
ជ្រាបខះពីស្ទឹង ចិត្តមួយស្ទាក់ស្ទើរ
ស្ទាបទៅស្ងាត់ឈឹង ស្ពានបាត់លំនឹង
បាក់ទទឹងផ្លូវ។

ខ្យល់ខែរងា ទ្រនំធ្លាប់ជា
បែរលាលែងទៅ ទឹកភ្នែកតិកតក់
ដក់ដាមថ្ពាល់ពៅ ពោលដល់ពាល់ត្រូវ
ត្រូវតែរឿងខុស។

ភ្លើងឆេះឥតផ្សែង វាក្ដៅហួតហែង
គុម្ពត្រែងឆេះសុស ត្រងត្រាប់ដូនតា
ទំនៀមខាងប្រុស មាត់ស្ទឹងដីដុះ
ស្លុះបាក់ត្រើយម្ខាង។

ទឹកហូរលើស្ពាន ព្រោះព្យុះរុករាន
គ្មានខ្មោចណាកាង ស្ពានឈើកំពុក
ឥតមានសំណាង បាត់ឥតភ័ស្ដុតាង
ដានទឹកហូរពារ។
————
វិរិយា🌸
ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា គ.ស. ២០២១

ខ្ជិលរស់ (កំណាព្យបទកាកគតិ)

ស្រុកទេសអន់ក្រ អ្នកណាគេល្អ
ក៏គេបានរស់ អ្នកតូចអ្នកទាប
អ្នកទន់ឥតឈ្មោះ ត្រៀមតែដាច់ពោះ
រស់ស្អែកទាំងបន់។

អ្នកក្នុងអ្នកក្រៅ ទោះត្រជាក់ក្ដៅ
ហៅតែអាសន្ន បូលលែងសូវឮ
ភ្លឺឡើងដូចស្កន្ទ គេពុះអង្កន់
លាបពណ៌ឆ្លាស់គ្នា។

លឿងខ្ចីលឿងទុំ ក្រហមឆ្អៅងំ
រង្គំហូរហៀរ គេប៉ាតពាសវាល
ឆ្កៀលដោយអ្នកជា គង់ស្លាប់ជុំគ្នា
កុំឱ្យអផ្សុក។

អ្នកណាចិត្តសឿង ចេញមករករឿង
រកត្រីប្រហុក ច្បាស់ជាគេរុញ
រអឹលគូទអុក ជាប់ឃុំឆ្ងាយស្រុក
ដេកឱបតែផ្តិល។

ទ្រាំបានយ៉ាងយូរ បើកទ្វារមើលទូ
សុទ្ធតែអំបិល អំបែងចានឆ្នាំង
ក្ដាំងច្រែះឡើងរឹល ដូចកើតរោគខ្ជិល
ដូចលែងចង់រស់!
______

វិរិយា🌸

ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា គ.ស. ២០២១


[កំណាព្យនេះ សរសេរក្នុងអំឡុងពេលដែលយុគវិបត្តិ កូវីដ១៩ កំពុងវាយប្រហារសន្ទាប់ពេញទំហឹងមកលើជីវិតអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ កាលនោះ រដ្ឋាភិបាល បានបែងចែកតំបន់ហាមឃាត់ និងបង្កើតច្បាប់រឹតត្បិតដ៏តែងតែងខុសៗគ្នា ធ្ងន់ឬស្រាល តាមរយៈពណ៌ដែលគេគូសនៅលើផែនទីអេឡិចត្រូនិច។ កាលណោះ ពណ៌ក្រហម មានន័យថា ហានិភ័យខ្ពស់បំផុត ហាមចេញពីផ្ទះសោះតែម្ដង ពណ៌លឿងទឹកក្រូច​អាចចេញពីផ្ទះបានម្ដងម្កាល ជាដើម។]

រូបថតនៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាល្លឹម៉ង់ រាជធានីភ្នំពេញ ក្នុងអំឡុងពេលខ្ញុំត្រូវបានអញ្ជើញជាវាគ្មិន និយាយពីបញ្ហាការងាររបស់ស្ត្រីខ្មែរ