Tag Archives: 10 Syllabuses Rhyme

មន្ដស្នេហ៍កោះនរា (កំណាព្យបទ១០ព្យាង្គ)

កោះអើយកោះថ្លៃ ដែនដី កណ្ដាលធានី
កោះទួលធរណី គ្មានពីរ គួរឱ្យបេតី
ដុះដាលក្រាលគ្រង អន្ទង ឈោងចិត្តកវី
ស្រណោះពេលថ្ងៃ អាល័យ តែសុបិនយប់។

ឱ! កោះនរា ជាទី ប្រាថ្នា នែបនិត្យ
ចង់ផ្ដួលផ្ដេកផ្ដិត កាយកិត ដិតក្រោយទំនប់
នាមសែនពីរោះ ឈ្មោះដៅ ហៅគេឱ្យងប់
ព្រលឹមព្រលប់ ខំទប់ ចិត្តដែលរង់ចាំ។

បើសិនបានកោះ ខ្ញុំស្មោះ មិនទៅណាទេ
កណ្ដាលទន្លេ សរសេរ តែកាព្យបណ្ដាំ
ទុកសូត្រសាសង សូត្រឆ្លង កន្លងរយឆ្នាំ
បើកោះរងកម្ម ខ្ញុំចាំ នៅជួយជានិច្ច។
__________
វិរិយា🌸

ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅក្រោយភូមិគ្រឹះ លោកជំទាវ ទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ដែលមានទីតាំងនៅតំបន់កោះនរា រាជធានីភ្នំពេញ

ឆ្នាំទ្រ (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៨)

ឆ្នាំចាស់ដាច់ ផ្ដាច់ផ្ដិល មន្ទិលច្រើន
គ្មានចម្រើន កើនទុក្ខ ជង្រុករោគ
ស្អែកឆ្នាំថ្មី ដីចាស់ ផ្លាស់ជម្រក
គ្មានអ្នកយក ជោគជ័យ លៃមកជូន។

ថ្ងៃចុងក្រោយ ដោយដាច ខ្លាចពួកម្នឹះ
ប្រាជ្ញខុសទិស ឫសវែង រែងពពូន
ពឹងបណ្ឌិត គិតទៅ ផ្លូវគេលូន
ខ្វះជំនូន ជូនដល់ ខ្វល់គេខឹង។

ស្អែកឆ្នាំថ្មី ស្ដីទៅ នៅតែឈឺ
ស័ព្ទព្រួចព្រឺ ឮហើយ ឆ្លើយមិនដឹង
ប្រាជ្ញធ្វើភ្លើ ល្ងើហួស រស់ប៉ុណ្ណឹង
បែរមិនដឹង ថ្លឹងខុស ឆ្លុះសន្ដាន។

ឆ្លងសករាជ ខ្លាចតែ បែររោគថ្មី
នាំចង្រៃ ភ័យភិត រឹតរុញច្រាន
នាំវឹកវរ ជោរជន់ ទន់ទាំងប្រាណ
រស់ប្រៀបបាន ដានខ្មោច ល្អោចទាំងព្រម។

ថ្មីសិបដង ឆ្លងទៅ នៅតែចាស់
មិនឃើញផ្លាស់ ច្បាស់ជា គ្នាគេលោម
ចែករំលែក ហែកហួរ ខួរគេស្មូម
បញ្ញាទ្រម ល្មមងាប់ ទ្រាប់ខ្សែទ្រ។
_________

វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ គ.ស. ២០២០

សន្តិភាពពិត (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ១០)

សន្តិភាពពិត ឥតក្លែងក្លាយ ឆ្ងាយមន្ទិល
ស៊ីញ៉េផ្ដាច់ផ្ដិល រំកិលជាតិ ឃ្លាតឧទ្ទាម
ម្ភៃបីតុលា សញ្ញាស្ងប់ ចប់សង្គ្រាម
រំសេវធ្លាប់ឈ្ងៀម ឈាមធ្លាប់ហូរ ប្ដូរជាស្ងប់។

សន្តិភាពពិត ឥតបន្លំ ចំគោលការណ៍
ប៉ារីសចែងចារ ថាស្រុកយើង ភ្លើងឆេះចប់
សង្គ្រាមរ៉ាំរ៉ៃ ច្នៃរុងរោចន៍ ដូចកំណប់
ដូនតាបានកប់ ខ្ចប់ពេញដី ន័យពណ្ណរាយ។

សន្តិភាពពិត ឥតមានប្រែ ថែសម្បថ
នរណាហ៊ានក្បត់ ភ្លាត់ខុសផ្លូវ ទៅរាយមាយ
ច្បាស់ជាជាប់ទោស អូសឱ្យកឿង រឿងទំនាយ
ស្មើនឹងមាក់ងាយ ធ្លាយសម្បថ ក្បត់សន្យា។

សន្តិភាពពិត ឥតមានចែង ថ្លែងរឿងបក្ស
ពោលយ៉ាងប្រចក្ស ដាក់សាក្សី ដីខេមរា
គោរពឯករាជ្យ រាជាខ្ពស់ ហួសសិរសា
បង្រួមសាសនា អហិង្សា ចារប្រពៃ។

សន្តិភាពពិត ឥតមានភ្លាវ រាវផ្ដេសផ្ដាស
សរសេរច្បាស់ៗ ផ្លាស់របប ខ្លបច្បាប់ព្រៃ
ឈប់កាប់សម្លាប់ ចាប់បណ្ឌិត រិតឱ្យក្ស័យ
គុកកម្មចង្រៃ ច្នៃមកជា ធ្លាអប់រំ។

សន្តិភាពពិត ឥតពោលដល់ ខ្វល់អត់បាយ
សម្បូរសប្បាយ ឆ្ងាយទឹកភ្នែក រែកទូលភ្នំ
គ្មានការជិះជាន់ អាសន្នរុក ទុក្ខរងំ
សើចមិនបង្ខំ នាំអំណរ អរគុណពិត។
—————

[កំណាព្យសម្រាប់រំឭកដល់ថ្ងៃខួបសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា]

វិរិយា🌸

ថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ២០២០

ផុងបេះដូងនៅព្រះត្រពាំង (កំណាព្យបទ១០ព្យាង្គ)

ជាងពីរឆ្នាំមុន តូចតន់ទៅដីសណ្ដ
អួតរូបរាងល្អ ទេសចរកម្ពុជាក្រោម
ខេត្តព្រះត្រពាំង ខ្ញុំភាំងព្រោះបានយល់ឆោម
ដូចគេប្រលោម បំពេឱ្យលង់ចិន្ដា។

ទឹកដីល្អល្អាច់ លើកសាច់ឈាមខ្ញុំឡើងភ្លឺ
រងាព្រួចព្រឺ ឮសូរសំនៀងដូនតា
សាស័ព្ទសាសង ឆ្លើយឆ្លងទំនៀមភាសា
ទំនុកខេមរា ចរចាពេចន៍ខ្មែរតែមួយ។

បានយល់សេចក្ដី អាល័យអាឡោះខ្សោះចិត្ត
វិប្បយោគរួមរឹត គិតយូរចង់តែយោងជួយ
តែទៅមិនរួច លបលួចព្រួចចិត្តសែនព្រួយ
ឈាមខែ្មរតែមួយ ប៉ិចត្រួយខុសដែនសីមា។

ឆ្នាំណាជួបទៀត នឹងឆ្លៀតនាំញាតិទៅម្ដង
ឱ្យបានស្គាល់ផង ទុកចងជាអនុស្សារ
ខេត្តព្រះត្រពាំង ឃាំងបេះដូងលងស្នេហា
ខ្ញុំសូមផ្ញើសារ បោះត្រាគប់ទៅតាមខ្យល់។

បើមាននិស្ស័យ យប់ថ្ងៃដីវិលគ្រប់ខួប
ភ្នំពេញចេញចួប នឹងបានផ្គួបដៃម្ចាស់ថ្ពាល់
ដីមេគង្គក្រោម ចោមព័ទ្ធឃាត់ចិត្តរចល់
សូមថើបតាមខ្យល់ ឱ្យពាល់ប៉ះម្ចាស់ស្រុកដើម។
_________
វិរិយា🌸

ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែសីហា គ.ស. ២០២១

ទំនុកដួងចិត្ត (កំណាព្យបទ១០ព្យាង្គ)

ទំនុកខ្ញុំតែង សូមថ្លែង ប្រាប់ពិភពលោក
រឿងមនុស្សគរគោក ជោកជាំ ទម្រាំបានជ័យ
កាត់ព្យុះជីវិត រឹតតឹង ថ្លឹងសូមសេរី
ក្រោមមេឃលើដី ខ្លីវែង រែងសូមស្មើភាព។

ទំនៀមបុរាណ ស្មានៗ បានតែស្មុគចិត្ត
រឿងបោកលម្អិត គេបិទ មិនឱ្យលេចជ្រាប
ជំនឿខ្លះខុស ស្លុះស្លុង ផុងបាក់រនាប
ទំពាំងដីទាប រៀបដុះ ខុសពូជឫស្សី។

ទង់ជ័យបីពណ៌ លម្អ តពូជផៅពង្ស
ខ្លះព្រមលើកទង់ រង់ចាំ គេហៅជាន់ដី
ចងជើងព្រាប-ស តថ្លៃ ព្រោះខ្លាចរស់ខ្លី
នឹងបានវិលវៃ រួមដៃ ច្នៃជោគវាសនា។

ទំនួញជើងកាព្យ ខាបចិត្ត អាណិតអ្នកតែង
ធ្លាប់ខ្ពស់ដូចខ្លែង លែងក្រែង ថ្លែងពេចន៍វោហារ
ទម្លាយអារម្មណ៍ ផ្សែផ្សំ បង្ខំអក្ខរា
គ្រាន់ចង់ផ្សះផ្សា ស្រវា សូមសន្តិភាព។
——-
វិរិយា🌸

ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៤ ខែមេសា គ.ស. ២០២១

ចុចទីនេះដើម្បីស្ដាប់កំណាព្យនេះក្នុង YouTube ដែលខ្ញុំសូត្រ https://youtu.be/vAl0xIpfOgE