Tag Archives: CWEA

សៀវភៅស (កំណាព្យបទកាកគតិ)

សៀវភៅក្នុងដៃ គិតគូរកែច្នៃ
ស្រមៃរាប់ឆ្នាំ ប្រមែប្រមូល
ឆ្មូលពូនបណ្ដាំ ដែលស្រីៗផ្ដាំ
កត់ចាំជាច្បាប់។

ត្រាច់ចរគ្រប់ច្រក មិនដែលហ៊ានខក
ខ្លាចសណ្ដកស្លាប់ សាកសួរប្រដេញ
ឱ្យចេញឆាប់ៗ គេឆ្លើយខ្ញុំស្ដាប់
ត្រាប់ត្រងកត់ត្រា។

ទាំងខេត្តនិងក្រុង ជួនកាលជាប់ផុង
ខុសតុងតម្រា បែកកង់តាមផ្លូវ
ដូចត្រូវផ្ដាសា ផ្ដន្ទាក្រៃណា
ក៏រក្សាបាន។

សម្ភាសសាកសួរ រឿងគួរមិនគួរ
ចូលតួឥតស្រាន្ត ព្រោះចង់ដឹងហេតុ
អ្វីទៅរំខាន រារាំងមិនបាន
ឱ្យស្រីឡើងធំ?

កៀរគរបានហើយ ផ្ទៀងផ្ទាត់ចម្លើយ
កំណត់ដាក់ម្ដុំ បញ្ហាចម្បង
ដែលខ្ទាស់វិលជុំ គឺរឿងអប់រំ
មិនបានដិតដល់។

ខ្សត់ខ្សោយចំណេះ ស្រីៗមិនចេះ
របេះក្បាច់វ៉ល់ តាមគេមិនទាន់
គេជាន់ដាច់ខ្យល់ ព្រោះតែកិច្ចកល
សង្គមរួមរិត។

ឯរឿងទី២ ត្រូវតែសំភី
មិនអាចលាក់ជិត គឺរឿងលុយកាក់
ដាក់ស្នើប្រើផ្លិត បក់សូមអាណិត
នៅតែមិនបាន។

គេចោទថាស្រី បើនឹងមកខ្ចី
មានអ្វីជាដាន? អង្គការតូចធំ
សុំមើលអំណាន ប្លង់កេរផ្ទេរបាន
ទើបស្រាន្តហិរញ្ញ។

ទី៣ចុងក្រោយ គឺរឿងផ្ដល់ឱ្យ
ផ្លូវក្រោយមិនចាញ់ ផលិតឥតផ្សារ
ទំនិញខ្មួលខ្មាញ់ ខ្វះអ្នកប្រមាញ់
ជួយបាញ់ដំណឹង។

សរុបសេចក្ដី សៀវភៅក្នុងដៃ
ន័យរួមប៉ុនហ្នឹង គោលនយោបាយ
ដើរឆ្ងាយដល់ម្ល៉ឹង ពីកិច្ចខំប្រឹង
បានដឹងហេតុផ្គួប។

ឥលូវពេលនេះ សូមលោកត្រិះរិះ
ជួយគិតបង្រួប ដោះស្រាយបញ្ហា
ស្រីខ្មែរបានជួប រាប់ឆ្នាំខែខួប
ព្រោះហេតុខាងលើ។

ឈ្មោះសៀវភៅស បានដោយអំណរ
រំពងបន្លឺ សំឡេងបានឮ
បំភ្លឺលែងល្ងើ ដឹងហើយរុះរើ
ដោះស្រាយឆាប់ផង។

នេះរឿងស្រីៗ សហគ្រិនថ្មី
នៅក្នុងចំណង រើខ្លួនពិបាក
ស្ទើរផ្អាកម្ដងៗ សូមជួយចម្លង
បានដល់ព្រះឥន្ទ្រ។
____________

[កំណាព្យបែបកំណត់ហេតុនៃបេសកកម្មការងារ កាលនៅជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ២០១៨- ២០២១]

ទាញយកឯកសារជា PDF File នៃសៀវភៅស (The White Book) ភាគទី១ ចុចទីនេះ

វិរិយា🌸

ថ្ងៃពុធ ១៤រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៦ ខែកញ្ញា គ.ស. ២០២០

រូបថតថ្ងៃសម្ពោធប្រកាសសៀវភៅស ភាគទី១ ក្រោមអាណត្ដិដឹកនាំរបស់ ក្រុមប្រឹក្សាភិបាលជំនាន់ទី៣ នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ហៅកាត់ថា​ CWEA ដែលមានខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាល

សកវាទ៍…

សកវាទ៍​ ឱ​ ផ្កាព្រលឹត! ​
ព្រលឹងបណ្ដូលចិត្ត​ គិតបណ្ដេីរ​ សេីចបណ្ដេីរ។
នឹកឃេីញ​រឿង​រ៉ាវ​ហោះហេីរ​
ធ្លាប់​ដាក់សំណេី​ ស្នេីសូមស្នេហ៍ស្មោះ។
សកវាទ៍​ ឱ​ ផ្កាប៉េងប៉ោះ​!
នឹករឿងអង្កាល់ណោះ​ ខុសអស់មួយគ្រា។
បេីសិនកាច់កិន​ ធានា​
ច្បាស់​រស់រមនា​ ជាដាច់រោគចិត្ត។
សកវាទ៍​ ឱ​ ផ្កាស្រឡឹត!
​ នឹកឡេីងអាណិត​ ស្រណោះខ្លួនក្រៃ។
បេីដឹងថារស់រីងរៃ​
ច្បាស់​ជាអូនស្រី​ មិនខ្ចីឈឺទេ។
ផ្កាអ៊េីយ​ ផ្កាអរគីដេ!
អ្នកល្អម្លេះទេ​ គេលេីកដាក់ផេីង។
សកវាទ៍​ ផ្កាផ្សិតចំបេីង!
អ្នកឫក្សចេីងរ៉េីង​ ឆ្មេីងឆ្មៃ​ ដេីរងេីយ។
ប្រយ័ត្ន​ទាក់ស្មៅកន្ត្រេីយ!
ខ្ញុំ​ប្រាប់​ឱ្យ​ហើយ​ ឆ្លេីយផងបេីយល់។
សកវាទ៍​ ឱ​ ផ្កាម្ជុល!
ដកឃឹម​ និមល​ ជ្រុលជ្រួសហួសឆ្ងាយ។
សកវាទ៍​ ឱ​ ផ្កាសារាយ!
អ្នកណាពាក់ផ្កាយ​ ចាំមេីលស្ដាយចន្ទ។
ផែនដី​ ផ្ទៃមេឃ​ កំណាន់
គូគេលានឆ្នាំ​ ផ្ដាំម្ចាស់ព្រលឹង។
សកវាទ៍​ ឱ​ ផ្កាកំភ្លឹង!
សូមស្លេះត្រឹមហ្នឹង​ រឿងតឹងរឿងធូរ។
សកវាទ៍​ ឱ​ ផ្កាចន្ធូ!
សរសេរយូរៗ​ ដូចជាយ៉ាកទៅ។
សកវាទ៍​ ឱ​ ផ្កាម្រះព្រៅ!
ខ្ញុំ​លាហេីយពៅ​ នៅទៀតលែងបាន។
សូមមិត្តបានសុខគ្រប់ប្រាណ
សម្រាក​សម្រាន្ត​ ក្សាន្ត​ចិត្ត​រៀងអ៊េីយ។
———
លឹម​ វីរីយ៉ា​🌸
២៤​ សីហា​ ២០១៩

ខ្ញុំ និង បងស្រី “ទូចស្រី សុភា” ដែលគាត់ជាម្ចាស់ភោជនីយដ្ឋានវិហ្គោសាឡាដ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលខ្ញុំមិនចាំឈ្មោះអស់ គ្រាន់តែចាំច្បាស់បំផុត គាត់ជាសមាជិកា នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា។ រូបថតនេះ ថតនៅក្នុងថ្ងៃពីព៌ណគ្រឿងអលង្កានៅ កោះពេជ្រ ភ្នំពេញ

ក្លិនសុបិនសួគ៌…

ព្រឺត្រជាក់ ធ្លាក់វាយោ ស្នូររៃយំ
ខ្យល់រណ្ដំ ចំបេះដូង ឈោងចាប់ផ្កាយ
ដូចសុបិន ក្លិនក្រអូប ស្រូបមិនណាយ
ទោះនៅឆ្ងាយ ក្លាយបង្កើយ ខ្នើយជីវិត។

កើតមួយជាតិ ធាតុមួយចាន បានមួយចត់
ហោះហើរហត់ កត់គិតគូរ ធូរដួងចិត្ត
ដឹងអស់ហើយ ឆ្លើយឲ្យត្រូវ នៅយកក្រិត្យ
រស់សាងមិត្ត រិតសំណាង អាងមង្គល។

ស្មោះនឹងព្រះ ឈ្នះអស់មារ ជាសច្ចៈ
កុំអួលអាក់ ស្លាក់ពាក្យពិត រិតអំពល់
មេឃនិងដី ស្រីសូមផ្ដាំ ចាំហើយយល់
ល្បិចពិសពុល គល់មានឫស ម្នឹះមានរោគ។

ពេលនេះគិត ចិត្តអាឡោះ អស់អាល័យ
ភពស្រ្តី ល្បីសុះសាយ ឆ្ងាយលើលោក
មិនបានអួត ឆ្កួតតែឯង ថ្លែងវិយោគ
ម្នឹះស្មោកគ្រោក រកទំនុក គុកជីវិត។

សូមបួងសួង លួងឥសូរ ថ្ងូរឥសី
ទិសប្រាំបី ន័យប្រាំបួន ពួនព្រមបិទ
សូមព្រះឥន្ទ្រ ប៉ិនសណ្ដោស ប្រោសអាណិត
ពរអម្រឹត ដិតដីខ្មែរ ថែអង្គរ។

យប់នេះខ្ញុំ សូមផ្ញើសារ ចារដោយមន្ត
សូមបន្ទន់ លន់បន្ទាប រៀបបន្ទរ
រំដួលផ្កា ប្រាថ្នាសូម លោមភ្លៀងផ្គរ
ធ្លាក់ហែហូរ ជោរពេញស្រែ ថែពេញស្រូវ។

ស្អែកថ្ងៃរះ ជះឆព្វណ្ណ ជាន់ឆើតឆាយ
ឆើតពណ្ណរាយ លាយរង្សី សិរីនៅ
ដូចពពក ជ្រកពពូន លូនហោះហៅ
បាននាំផ្លូវ ទៅសួគ៌ា ជានិរន្តរ៍។
—–
លឹម វីរីយ៉ា

ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា គ.ស ២០១៨

photo_2018-05-06_19-55-09

រឿងស្រីៗ…

រឿងពិត​ស្រីពៅ​ នៅក្រោមមេឃ
ចាំងល្អភ្លឺផ្លេក​ ជ្រែកផែនដី
ចិញ្ចែងចិញ្ចាច​ សាចរង្សី
ដូចពេជ្រចរណៃ​ ច្នៃជីវី💕

រឿងពិតស្រីៗ​ ន្យាយមិនអស់
ឆើតឆាយ​ឆោមស្រស់​ ខ្សោះធរណី
ឆព្វណ្ណដូចមាស​ ពាសពេញទី
ពណ្ណរាយដូចមុនី​ ឆវីវណ្ណ✨💫

លឹម​ វីរីយ៉ា​🌸

18813697_10211672274698832_4198812126168427944_n

បណ្ដាញសមាគមស្ត្រី

IMG_4735

ខ្សែជីវិត គិតឲ្យដល់ ខ្វល់តែម្យ៉ាង

ព្រេងសំណាង សាងដោយព្រះ ឈ្នះដោយមនុស្ស

បើច្រអូស ខុសពីក្បួន ជួនអាចធ្លុះ

ចូរស្ទាស្ទុះ លុះធម្មា វៀរឈ្នះទុក្ខ។

 

កើតជាស្រី ន័យរុងរោចន៍ ដូចឥន្ទធនូ

ប៉ិនគិតគូរ ស៊ូការងារ ជាបន្ទុក

មិនទន់ជ្រាយ ងាយសង្វាត ឆ្លាតនាំមុខ

ចេះផ្ដាក់ទុក ស្ដុកដោយទ្រព្យ ផ្គាប់សិរី។

 

ជាស្រីខ្មែរ ថែចរិយា ប្រាថ្នាយស

កេរ្ដិ៍ខ្ពង់ខ្ពស់ រស់ដោយសក្ដិ ថ្នាក់ប្រពៃ

កុលធីតា ខេមរាជាតិ ឆ្លៀតលកលៃ

សាងតម្លៃ ច្នៃកិត្តិយស ជួសប្រឹថពី។

 

សមាគម ឃុំដោយច្បាប់ ត្រាប់បណ្ឌិត

ឈ្មោះហៅពិត ក្រិត្យក្រមការ ថានារី

សហគ្រិន ប៉ិនធុរកិច្ច ច្បិចរកស៊ី

ចងសាមគ្គី មីរមូលផ្ដុំ ផ្គុំជំនួញ។

 

សូមបុរស ខ្ទាស់បេះដូង ឈោងដៃផង

គ្រានេះម្ដង ក្រងជោគជ័យ ស្ត្រីជួញ

ភពផែនដី លៃលកភេទ ច្បេតពង្រួញ

រឿងទំនួញ ទួញយំសោក ក្រោកបញ្ឈប់។

 

ស្នើបង្អួត ត្រួតបង្ហាញ បណ្ដាញយើង

ស្រ្តីថ្កើង ចើងចរចា លក្ខណាគ្រប់

មិនមែនឆ្មើង ឡើងកន្ទ្រើង ពើងដល់ងប់
ស្ម័គ្រនាំមុខ សុខតាមក្រោយ ដោយមង្គល។

 

សូមសង្ខេប បែបសារខ្លី ន័យមិនជ្រៅ

ចង្អុលទៅ នៅតែគិត ស្ថិតរឿងថ្មី

ល្បើកបុរាណ ស្មានរំឭក នឹកទ្រឹស្ដី

ច្បាប់ស្ត្រី ស្ដីសាធារ ជារឿងខុស។

 

សូមជំទាស់ ខ្ទាស់នឹងច្បាប់ ចាប់ចងសិទ្ធិ

ស្រ្តីពិត ស្ថិតនៅនា គ្រាស្មើប្រុស

យុគសម័យ ថ្លៃប៉ុនគ្នា ជាចម្រុះ

សូមសណ្ដោស ប្រោសយោគយល់ ដល់ស្រីផង។

 

សូមប្រឆាំង ច្បាំងនឹងពាក្យ ច្រៀកជាក្បួន

តាមសំនួន ជួនគេពោល បូលត្រសង

ថាស្ត្រី ថ្លៃថ្នូរបាន ចង្រ្កានផង

គ្រានេះម្ដង ប៉ងឲ្យជ្រាប រៀបរឿងថ្មី។

 

សូមមេត្តា ចារប្រវត្តិ កត់ចាំទុក

ជាទំនុក ស្រុកខេមរា រអាស្រី

នាងរឹងមាំ ទ្រាំប្រយុទ្ធ ទ្រុតបាក់ដី

ទោះដល់ក្ស័យ ក៏ស្ត្រី ឈ្នះជានិច្ច!

———-

ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

សៀមរាប,

ថ្ងៃពុធ ១៥រោច ដាច់ខែអាសាឍ (ស្អែកចូល១កើត ខែស្រាពណ៍) ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ.ស ២០១៦