Category Archives: ការអប់រំ

បណ្ណាល័យសម្រាប់ខ្ចីមនុស្ស (Human Library)

បើហៅត្រឹមតែថាជា “បណ្ណាល័យមនុស្ស” ស្ដាប់ទៅ ដូចជាមិនសូវប្លែកទេ ទាល់តែហៅថា “បណ្ណាល័យសម្រាប់ខ្ចីមនុស្ស” ទើប ជារឿងគួរភ្ញាក់ផ្អើល!

“បណ្ណាល័យមនុស្ស” ឬ Human Library គឺជាអង្គការមិនរកប្រាក់ចំណេញមួយ បង្កើតឡើងតាំងពីឆ្នាំ ២០០០ មានទីតាំងស្ថិតនៅក្នុងរដ្ឋធានី ខឹប៊ែនហោន នៅក្នុងប្រទេសដាណឺម៉ាក ដែលអនុញ្ញាតឱ្យមនុស្សខ្ចីមនុស្ស ជំនួសឱ្យការខ្ចីសៀវភៅ។ បណ្ណាល័យមនុស្ស សព្វថ្ងៃបានរីកសាយភាយចំនួន ៨០ប្រទេសហើយ។ គំនិតនេះ​ត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរើសអើងពូជសាសន៍ ដោយការខ្ចីមនុស្សដែលចេញមកពីជាតិសាសន៍ខុសគ្នា ដើម្បីសន្ទនាជាមួយ។

អ្នកទៅបណ្ណាល័យចម្លែកនោះ អាចខ្ចីមនុស្ស១នាក់ ក្នុងរយៈពេល ៣០នាទី ដោយអាចសួរនូវសំណួរផ្សេងៗ ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់មនុស្សកម្ចី ឬគ្រាន់តែអង្គុយស្ដាប់មនុស្សកម្ចី និទានពីរឿងរ៉ាវក្នុងឆាកជីវិតគាត់ដោយផ្ទាល់ឱ្យយើងស្ដាប់បាន។ ការនិទានរបស់មនុស្សកម្ចី អាចឱ្យភ្ញៀវទទួលបាននូវមេរៀន ពិសោធន៍ ទាក់ទងនឹងសេចក្ដីឈឺចាប់នានា ដែលចេញមកពីការមើលងាយ ការរើសអើង មិនរាប់រក មិនអនុញ្ញាតឱ្យបញ្ចូលពួកគេទៅក្នុងក្រុម សហគមន៍ សមាគម…។ល។ ដែលទាំងអស់នេះ គឺជាអ្វីស្របទៅនឹងទស្សនវិស័យរបស់បណ្ណាល័យ ដែលមានយុទ្ធនាការណ៍ប្រឆាំងជាដាច់ខាត។

មនុស្សដែលយើងខ្ចីយកមកអង្គុយទល់មុខ ត្រូវបានគេហៅជាទូទៅថាជា “សៀវភៅមនុស្ស” (Human Book)។ សៀវភៅមនុស្ស នឹងជួយឱ្យសង្គមយើង អាចរួមរស់នៅជាមួយគ្នាដោយសន្ដិភាព និងភាពវិជ្ជមាន បើទោះបីជាសង្គមនោះ ពោរពេញមនុស្សដែលមកពី វណ្ណៈពណ៌សម្បុរខុសគ្នា ទំនៀមទម្លាប់សាសនាខុសគ្នា សំនៀងនិយាយស្ដីខុសគ្នា (រដឺន) ជនពិការ…។ល។  ជារួមគឺមនុស្សដែលខុសគ្នា អាចយោគយល់អធ្យាស្រ័យគ្នា និងអាចអង្គុយជជែកគ្នាបានដោយភាតរភាព។

ធ្វើបុណ្យរួចស្ដាយក្រោយ

អ្នកធ្វើបុណ្យហើយស្ដាយក្រោយនូវអំពើល្អដែលបានធ្វើនោះ ច្រើនតែទទួលបាននូវផលជាអ្នកមានភោគទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែបែរជាស្លាប់ចោលទ្រព្យនោះទៅវិញ ដោយមិនបានចាយវាយឡើយ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

បើជាអ្នកធ្វើកិច្ចការងារស្មគ្រចិត្តជួយដល់សង្គម ហើយបែរមកដេកនឹកស្ដាយក្រោយថា មិនគួរសោះដែលខំប្រឹងលះបង់កម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ តែគ្មានអ្នកណាអើពើខ្វល់ខ្វាយជួយទំនុកបម្រុង ផ្ចុងផ្ដើម លើកតម្កើងឱ្យមានយសស័ក្ដិ កិត្តិនាមខ្ពង់ខ្ពស់ អីសោះ។ បុគ្គលនោះ នឹងបានទទួលផលមួយ គឺជាអ្នកដែលរស់នៅ មិនដាច់ពោះស្លាប់ទេ នឹងមានគេឧបត្ថម្ភទេយ្យទានមិនដាច់ឡើយ។ ពេលស្បៀងជិតអស់ ក៏ស្រាប់តែមានគេមកជួយផ្គត់ផ្គង់។ ពេលលុយចាយជិតអស់ ក៏នឹងមានគេយកលុយមកឱ្យបានចាយចិញ្ចឹមជីវិត គឺបានមួយរស់តាមដំណើរ ប៉ុន្តែនឹងជួបប្រទះតែមនុស្សចិត្តមិនស្មោះត្រង់ សម្បូរគេប្រមាថតិះដៀល មើលងាយ មើលថោក ដោយប្រការផ្សេងៗ ជាដើម។ មិនដាច់ពោះស្លាប់មែន តែរស់នៅក្នុងសភាពថោកទាបរហូត។ បើជាអ្នកនយោបាយវិញ ច្រើនតែទទួលបានឋានន្តរៈបុណ្យស័ក្ដិទៅតាមក្រឹត្យច្បាប់កំណត់ពិតមែន តែគ្មានអំណាចពិតប្រាកដក្នុងការសម្រេចកិច្ចការងារអ្វីមួយឡើយ។ នេះជាកម្លាំងកម្ម នៃការធ្វើបុណ្យដាក់ទាន ដោយចិត្តស្ដាយក្រោយ គឺបុណ្យមិនបរិសុទ្ធ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ការធ្វើបុណ្យហើយស្ដាយក្រោយនេះ ឃើញកើតមានច្រើនក្នុងដួងចិត្តនៃបុថុជ្ជនធម្មតា គឺជនមានកិលេសក្រាស់។ ឧទាហរណ៍ ដូចជា ហៅគេទៅហូបបាយ ដល់តែគេហូបអស់ច្រើនពេក ក៏នឹកស្ដាយថា ដឹងអ៊ីចឹងនឹងមិនហៅវាមកហូបទេ អស់លុយសន្ធឹក ខានបានទិញរបស់ដែលខ្លួនប្រាថ្នា។

អ្នកខ្លះ ទានពីខាងដើមដូចជាជ្រះថ្លាណាស់ ដូចជា ឃើញគេឥតមានមធ្យោបាយធ្វើដំណើរ ក៏ហៅគេមកជិះជាមួយ ព្រោះនឹកថា រថយន្តបើកទៅតែឯងៗ ក៏គង់នឹងអស់សាំង អស់ប្រេង ជាជាងកៅអីទំនេរ ហៅគេអ្នកទីទ័លបានអាស្រ័យផងចុះ។ លុះចេញដំណើរ ស្រាប់តែមានអ្នកមានយសស័ក្ដិខ្ពង់ខ្ពស់មុខមាត់ ចង់សូមដោយសារ បែរជាមិនអាចទទួលគេបាន។ ម្ល៉ោះហើយម្ចាស់ទាននោះ ក៏នឹកស្ដាយក្រោយថា បើអាត្មាអញ មិនទទួលអ្នកក្រីក្រនេះមកជិះជាមួយ ច្បាស់ជាបានទទួលអ្នកល្អប្រសើរនោះមិនខាន។ ចិត្តក្ដៅក្រហាយក៏កើតមានឡើង ខឹងនឹងអ្នករួមដំណើរដែលខ្លួនឯងជ្រះថ្លាពីដំបូងទីទៅវិញ។ បុណ្យរបៀបនេះ នឹងមិនហុចផលជាកុសលទេ ព្រោះវាបានរហែកដាច់ដោចនៅខាងចុង។

ម្ចាស់ទាននោះ នឹងទទួលបានផលមួយ គឺពេលដែលជីវិតជួបនឹងឧបសគ្គរាំងស្ទះ នឹងមានគេមកជួយដោះស្រាយជូន ប៉ុន្តែទន្ទឹមនឹងនោះដែរ ក៏រមែងមានសត្រូវតូចធំ ពីទីជិតឆ្ងាយប៉ុនប៉ងយាយី ឈ្នានីស ព្យាបាទ ធ្វើឱ្យរស់នៅមិនបានសុខស្ងប់ឡើយ។ ដោះស្រាយបញ្ហាបានមែន តែរស់ប្រឈមនឹងការគំរាមកំហែងចំពោះជីវិតផ្ទាល់ខ្លួន ក៏ដូចជាសម្បូរគេប្រមាថកាតទាន មើលងាយ ធ្វើឱ្យបាត់បង់សេចក្ដីថ្លៃថ្នូរក្នុងសង្គម។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ដូច្នេះ ក្រោយធ្វើទានរួចហើយ ត្រូវញាំងចិត្តឱ្យរីករាយជ្រះថ្លា សប្បាយ មោទនភាពនឹងទានដែលបានធ្វើនោះផង ទើបកុសលផលបុណ្យកើតឡើងមកបាន។ ដូច្នេះហើយ ទើបពុទ្ធបរិស័ទតែងពោលថា “អនុមោទនា” ក្រោយពីបានធ្វើបុណ្យរួច។ ពោលថា សាធុ អនុមោទនា តែមាត់ តែបើក្នុងចិត្តមិនត្រេកអរទេ នៅតែរហែកដាច់ខាងចុងដដែល ព្រោះតែវាមាន “ចិត្ត” ជាប្រធានរឿង។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ក្នុងធម្មបទគាថា ភាសាបាលី សរសេរថា ៖

មនោបុព្វង្គមា ធម្មា            មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន           តាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្ទេតិ             ចក្កំវ វហតោ បទំ ។

ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

មនោបុព្វង្គមា ធម្មា               មនោសេដ្ឋា មនោមយា
មនសា ចេ បសន្មេន            តាសតិ វា ករោតិ វា
តតោ នំ សុខមន្ទេតិ              ឆាយាវ អនុបាយយិនី ។

ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ជ្រះ​ថ្លា ហើយ ពោល​ក្តី​ធ្វើ​ក្តី​(រមែង​ជា​សុចរិត) ព្រោះ​សុចរិត​ទាំង​នោះ សុខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

អក្កោច្ឆិ មំ អវធិ មំ                 អជិនិ មំ អហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ             វេរំ តេសំ ន សម្មតិ ។
អក្កោច្ឆិ មំ អវធិ មំ                អជិនិ មំ អហាសិ មេ
យេ ច តំ នូបនយ្ហន្តិ             វេរំ តេសូប​សម្មតិ ។

ជន​ទាំង​ឡាយ​ណា ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា អ្នក​ឯណោះ បាន​ជេរ​អញ អ្នក​ឯ​ណោះ​បាន​វាយ​អញ អ្នក​ឯ​ណោះ​បាន​ផ្ចាញ់​អញ អ្នក​ឯណោះ​បាន​លួច​យក​ទ្រព្យ​របស់​អញ ទៅ​ហើយ​(ដូច្នេះ) ពៀរ​របស់ជន​ទាំង​ឡាយ​នោះ មិន​រម្ងាប់ ឡើយ ។

ជនទាំង​ឡាយ​ណា មិន​ចង​សេចក្តី​ក្រោធ​នោះ​ទុក​ថា អ្នក​ឯណោះ បាន​ជេរ​អញ អ្នក​ឯណោះ​បាន​វាយ​អញ អ្នក​ឯណោះ​បាន​ផ្ចាញ់​អញ អ្នក​ឯណោះ​បាន​លួច​យក​ទ្រព្យ​របស់​អញ ទៅ​ហើយ​(ដូច្នេះ ) ពៀរ​របស់​ជន​ទាំង​ឡាយ​នោះ​ទើប​រម្ងាប់​បាន ។

ន ហិ វេរន វេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។


តាំង​ពី​កាល​ណា​មក ក្នុង​លោក​នេះ ពៀរ​ទាំង​ឡាយ​ មិន​រម្ងាប់ដោយ​ការ​ចង​ពៀរ​ឡើយ (ពិត​មែន) ពៀរ​ទាំង​ឡាយ​តែង​រម្ងាប់​ដោយ​ការ​មិន​ចង​ពៀរ នេះ​ជា​បវេណី​ធម៌ ។

បរេ ច ន វិជានន្តិ មយមេត្ថ យមាម្ហសេ
យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។

ជន​ទាំង​ឡាយ​ដទៃ (ក្រៅ​អំពី​បណ្ឌិត) តែង​មិន​ដឹង​ខ្លួន​ថា​យើង​ទាំង​ឡាយ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ ដូច្នេះ​ឡើយ​ចំណែក​ជន​ទាំង​ឡាយ​ណា​ក្នុង​ពួក​នេះ ដឹង​ខ្លួន​ថា យើង​ទាំង​ឡាយ​នឹង​វិនាស​ក្នុង​កណ្តាល​នៃ​ពួក​នេះ ដូច្នេះ ការ​ឈ្លោះ​ប្រកែក​ទាំ​ង​ឡាយ រមែង​រម្ងាប់​អំពី​ជន​ទាំង​ឡាយ​នោះ ។

រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា
រូបភាពប្រតិដ្ឋចេញពីបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

រឿងរ៉ាវក្រោយឆាក

ជីវិតមនុស្សគ្រប់រូប សុទ្ធតែមាន #រឿងរ៉ាវក្រោយឆាក

សម្បករឿងខាងក្រៅដែលយើងមើលឃើញនៅតាមកញ្ចក់ទូរទស្សន៍ នៅលើឆាកល្ខោនសម្ដែង នៅក្នុងកំណត់ហេតុឯកសារ ឬខ្សែអាត់រូបភាព ក្នុងបណ្ដាញសង្គម អ៊ីនធើណិត មិនទាន់អាចបញ្ជាក់ពីសភាពពិតរបស់តួអង្គណាម្នាក់បានឡើយ។

មនុស្សខ្លះដែលយើងតិះដៀលថាអាក្រក់ជួជាតិ ប្រហែលជាមានជីវិតដ៏លំបាកវេទនាពីខាងក្រោយ។ មនុស្សខ្លះដែលយើងលើកសរសើរថាអស្ចារ្យរុងរឿង ប្រហែលជាមានតំណក់ទឹកភ្នែករាប់ម៉ឺនស្រក់ចុះជោកខ្នើយស្ទើរមិនលស់ពេល ក៏ថាបាន។ មនុស្សខ្លះដែលយើងឱនក្បាលគោរពស្ទើរតែក្រាបដល់ដី ប្រហែលជាតាមពិតទៅ គេនោះហើយជាជនបង្កប់ក្នុងការជិះជាន់ កេងប្រវញ្ច បោកប្រាស់ រំលោភបំពានមនុស្សដទៃទៀតរាប់លែងអស់ ក៏ថាបានដែរ។

ឃើញរូបរាង មិនស្មើបានហិតក្លិន បានដឹងក្លិន មិនស្មើបានភ្លក្សរសជាតិ បានភ្លក្សរសជាតិ មិនស្មើបានពិសោធគុណភាពក្នុងរសនោះឡើយ។ រសជាតិដែលនាំទៅដល់ការសង្គ្រោះ តែងតែល្វីងជូរចត់ដូចជាគ្រាប់ស្លែង ពិបាកលេបណាស់។ រសជាតិដែលផ្អែមត្រជាក់ ច្រើនតែនាំទៅដល់ភាពចុះខ្សោយនៃសុខភាពរាងកាយ ចិត្តគំនិត ស្មារតី និងប្រាជ្ញា។ ចាស់បុរាណប្រដូចទៅនឹង ស្ករ និង បណ្ដូលពេជ្រ។

ដូច្នេះហើយ ទើបបានជាបុគ្គលពាល រមែងចូលចិត្តយកភាពទន់ផ្អែមត្រជាក់ ធ្វើជាអន្ទាក់ សម្រាប់បោកបញ្ឆោតឱ្យគេជឿទុកចិត្ត រហូតដល់អាចប្រមែប្រមូលបាននូវលាភសក្ការៈផ្សេងៗពីអ្នកដទៃ ក្នុងការញាំងប្រយោជន៍ផ្ទាល់ខ្លួន។

គ្រប់យ៉ាង សុទ្ធតែមានរឿងពិតបង្កប់ពីក្រោយ!

——–

វិរិយា🌸

អង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ គ.ស. ២០២៣

មតិឆ្លើយតបខ្លះទាក់ទងនឹងសង្គ្រាមសៀវភៅក្រោយព្រឹត្តិការណ៍ទិវាអំណានជាតិលើកទី១០ នៅកម្ពុជា

ដើម្បីបញ្ចៀសនូវទំនាស់ផ្នត់គំនិតទាក់ទងនឹងសៀវភៅ សូមសំណូមពរអ្នកនិពន្ធ អ្នកបោះពុម្ព អ្នកផលិតសៀវភៅ មេត្ដា សរសេររំលេចដាក់លើក្របមុខក្រោយ ឱ្យច្បាស់ៗពីកម្រិតអ្នកអានផង។

ឧទាហរណ៍ សៀវភៅនេះសម្រាប់កុមារ, សៀវភៅនេះសម្រាប់ក្មេងជំទង់និងយុវវ័យ, សៀវភៅនេះសម្រាប់អ្នកប្រាជ្ញបណ្ឌិត អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា ទស្សនវិជ្ជា សាសនា ភូមិសាស្ត្រនយោបាយ បុរាណវិទ្យា វប្បធម៌ អារ្យធម៌ ម្ហូបអាហារ ក្បាច់គុន ក្បាច់រាំ ។ល។ និង ។ល។

សូម្បីតែប្រភេទប្រលោមលោក ក៏អ្នកនិពន្ធ គួរបញ្ជាក់ដែរថា តើវាជាប្រលោមលោកស៊ើបអង្កេត ឬ ប្រលោមលោកច្នៃប្រតិដ្ឋ ឬ ប្រលោមលោកមនោសញ្ចេតនាផ្អែកលើរឿងពិត (របស់បុគ្គលល្បីណាមួយ) ឬ ជារឿងប្រតិដ្ឋតាមភាពស្រមើស្រមៃអ្នកនិពន្ធជាដើម។ បើជាប្រភេទ 18+ ក៏ត្រូវតែបញ្ជាក់ផងក្រែងមានអាណាព្យាបាលទិញយកឱ្យកូនក្មួយបានឃើញ នឹងប្រុងប្រយ័ត្នទុកមុន។ ហើយប្រសិនបើ មិនយល់ទាស់ទេ គួរតែដាក់ប្រវត្ដិរូបអ្នកនិពន្ធឱ្យច្បាស់នៅលើក្រប ត្រង់ណាដែលអ្នកអានអាចដឹងជាមុនថា អ្នកនិពន្ធជាអ្នកណា មកពីណា អាយុប៉ុន្មាន។ ធ្វើដូច្នេះ អ្នកទិញអាន ងាយនឹងសម្របជាមួយចំណេះដឹងអ្នកនិពន្ធ។ តែបើចង់ធ្វើជាជនអនាមិក ក៏មិនថ្វី ព្រោះមានមាតិកាខ្លះ ប្រសិនបើវារសើបខ្លាំងទាក់ទងនឹងសង្គម នយោបាយ ស្រុកទេស ដែលអ្នកនិពន្ធកំពុងរស់នៅ និងគិតថាគ្មានសុវត្ថិភាពសម្រាប់ការបោះពុម្ពផ្សាយ គាត់ក៏មានសិទ្ធិលាក់ខ្លួន លាក់ប្រវត្តិបានដែរ ដោយបញ្ចេញត្រឹមងារប៉ុណ្ណោះ។ ខ្ញុំនេះ ចូលចិត្តអានប្រភេទសៀវភៅដែលអ្នកនិពន្ធលាក់មុខណាស់ ព្រោះអ្វីដែលបានអាន ច្រើនជាការពិត។

ខ្ញុំអាយុលើសពីសែទៅហើយ ខ្ញុំច្បាស់ជាអានមិនសូវជក់ចិត្តដិតអារម្មណ៍ទេ ប្រសិនបើជាស្នាដៃរបស់ក្មេងអាយុខ្ទង់ម្ភៃឆ្នាំ។ ដោយសារអ្វី? ព្រោះផ្នត់គំនិត ចំណេះដឹង បទពិសោធជីវិតរបស់អ្នកសរសេរ នៅក្មេងខ្ចីជាងអ្វីដែលខ្ញុំធ្លាប់ដឹង។ ប៉ុន្តែ ពេលខ្លះខ្ញុំនៅតែទិញ ដើម្បីទុកឱ្យកូនៗ ឬក្មួយៗរបស់ខ្ញុំបានអាន ឬអាចថាទុកតាំងក្នុងទូជាអនុស្សាវរិយ៍ផង និងជាការលើកទឹកចិត្តដល់អ្នកនិពន្ធវ័យក្មេងៗស្រករនឹងកូនៗខ្ញុំ គ្នាមានទឹកចិត្តខំប្រឹងរឹតតែខ្លាំងឡើង។

ជួនកាលក៏សាកល្បងអានដែរ ដើម្បីស្ទាបស្ទង់ថា ក្មេងម្នាក់ហ្នឹង មានកម្រិតនៃការសរសេរប៉ុនណា ឬបើទោះបីជាវា ជាស្នាដៃរបស់ក្មេងពិតមែន អាចថាគេបានលើកយករឿងខ្លះក្នុងសង្គមផ្សេងមួយទៀត ដែលមនុស្សក្បាលកញ្ចាស់ដូចខ្ញុំនេះ បែរជាមិនធ្លាប់បានដឹងទៅវិញក៏មានដែរ។

ពេលខ្លះខ្ញុំស្រលាញ់អ្នកនិពន្ធ គឺខ្ញុំនឹងទិញអាន ដើម្បីស្វែងរកមើលកំហុស ដើម្បីជួយស្ថាបនាអ្នកនិពន្ធនោះ ព្រោះឯកទេសខាងចាប់កំហុសក្នុងអត្ថបទ ជាជំនាញនិងដុង ដែលទេវតាប្រទានឱ្យខ្ញុំ!

ជាធម្មតា ទេពកោសល្យអ្នកនិពន្ធម្នាក់ៗ យើងអាន ត្រឹមតែពីរបីទំព័រខាងដើម គឺយើងដឹងហើយថា កម្រិតយើងស័ក្ដិសមនឹងសៀវភៅនោះដែរឬអត់។ សៀវភៅភាគច្រើន ដែលខ្ញុំបានជួប មិនសូវមានទេ នូវការបញ្ជាក់ដូចដែលរៀបរាប់ពីខាងលើ។ នោះហើយដែលជាហេតុបណ្ដាលឱ្យអ្នកទិញឬអ្នកអានខ្លះ ខកចិត្ត និងបញ្ចេញប្រតិកម្មអវិជ្ជមានចំពោះអ្នកនិពន្ធ ឬស្មេរ។

ការបញ្ជាក់អត្ដសញ្ញាណសៀវភៅ មិនមែនមានផលល្អចំពោះតែអ្នកទិញ អ្នកអាន តែម្យ៉ាងទេ វាក៏ជួយសម្រួលដល់ ម្ចាស់ហាងសៀវភៅ អ្នកគ្រប់គ្រងបណ្ណាគារ អ្នកគ្រប់គ្រងបណ្ណាល័យ ក្នុងការរៀបចំទុកដាក់ ប្រភេទសៀវភៅ ទៅតាមកម្រិតអ្នកអានផងដែរ។

ហើយបើអាច សូមអង្វរចុះណា ដាក់លេខកូដ ISBN (International Standard Book Number) ឱ្យបានគ្រប់ៗគ្នាផង អាណិតបណ្ណារក្ស! បើចង់ដឹង ចង់បាន សូមទាក់ទងទៅខាងសមាគមអ្នកនិពន្ធខ្មែរទៅ គេនឹងប្រាប់ហើយថាគួរធ្វើម៉េចដើម្បីបានមកនោះ។

រឿងសៀវភៅ វាមិនខុសគ្នាពីមាតិកា វិដេអូ ក្នុងទូរទស្សន៍ទេ។ ភាពយន្តភាគ ល្ខោនភាគ រឿងកំប្លែង កម្មវិធីកម្សាន្ដ មានអ្នកតាមដានច្រើនឥតគណនា មិនថាតែខ្មែរយើងទេ និន្នាការនេះ គឺដូចគ្នានៅទូទាំងពិភពលោក ព្រោះមាតិការប្រភេទនោះ ធ្វើឱ្យអ្នកតាមដានទស្សនា ឥតប្រើខួរក្បាលសម្រាប់គិតទេ ផ្ទុយទៅវិញ គឺវានាំភាពសប្បាយរីករាយ។

ហើយវាក៏មិនខុសអីពីការជួបជជែកពិភាក្សាគ្នាដែរ គ្មានជំនួបណាដែលសប្បាយជាងនិយាយដើមគេទេ។ ព្រោះការនិយាយដើមគេ ឥតចាំបាច់មាន “ខួរ” ក៏បានដែរ ឱ្យតែបានដឹងរឿងយកមកនិយាយទៅ ដឹងតែសប្បាយហើយ។ វាខុសពីការជួបគ្នា ដើម្បីពិភាក្សាពីគំនិត ពីយុទ្ធសាស្ត្រផ្សេងៗ ក្នុងការសម្រេចផែនការអ្វីមួយ។

សំណួរ៖ តើលើលោកនេះ មាននរណាដែលចូលចិត្តចង់គិតឱ្យ “ឈឺក្បាល” រាល់ថ្ងៃដែរទេ? ចម្លើយ៖ គឺមាន! នោះគឺ “អ្នកប្រាជ្ញ”។ អ្នកប្រាជ្ញ ប្រើពេលវេលាស្ទើរពេញមួយជីវិត ដើម្បីការត្រិះរិះពិចារណា វិភាគ វែកញែក រកហេតុ រកផល ដើម្បីស្រាយបញ្ជាក់នូវបញ្ហារួមរបស់មនុស្សជាតិទូទៅ។ ប៉ុន្តែ សួរថាអ្នកប្រាជ្ញមានច្រើនទេ? មិនច្រើនប៉ុន្មានទេ!ក្នុងចំណោមមនុស្សរាប់លាននាក់ មានអ្នកប្រាជ្ញដុះចេញត្រឹមតែ១នាក់ឬកន្លះនាក់ប៉ុនហ្នឹងឯង។

មកដល់ត្រឹមនេះ សង្ឃឹមថា ប្រិយមិត្តក្នុងពិភពសៀវភៅ មិនថាអ្នកនិពន្ធ, អ្នកបកប្រែ, អ្នករៀបរៀង, អ្នកបោះពុម្ព, អ្នកផលិត, អន្តរការី (អ្នកកួកជេ), ឬអ្នកតំណាងសៀវភៅណានោះទេ ឱ្យតែសៀវភៅបានបោះពុម្ពផ្សាយឡើងជាភាសាខ្មែរ សូមជួយគាំទ្រគ្នាផង ដើម្បីជំរុញវិស័យអប់រំយើងឱ្យបានរឹតតែទូលាយឡើង។

ប្រទេសជាតិយើង នឹងខ្លាំង ប្រសិនបើពលរដ្ឋគ្រប់ៗរូប ស្រលាញ់ការអានសៀវភៅ បើទោះបីជាវាជាប្រលោមលោកស្នេហា អូនស្រលាញ់បង បងស្រលាញ់អូន ក៏ដោយចុះ! អូខេ?

———

វិរិយា 🌸

២០ ធ្នូ ២០២៣

កោះកុងក្នុងអក្សរសិល្ប៍ (កំណាព្យបទ៨ព្យាង្គ)

ឱ! ខេត្តកោះកុង ខ្ញុំផុងបេះដូង

យល់សប្ដយល់សូង អន្ទងហៅជួប

ដប់ឆ្នាំផុតទៅ ឥលូវដល់ខួប

លេីកនេះវិលផ្គួប ចំនួបរឿងថ្មី។

ឱ! កោះកុងខ្មែរ ថែអក្សរសិល្ប៍

រឿងឃុនឆាងខិល រមិលភឹមស្រី

ឃុនផែនបែនបត់ ហត់នឹងទឹកដី

អាគមល្បាញល្បី ជួយស្រីមិនបាន។

ឱ! ភូមិចេតិយ នៅត្រេីយខាងលិច

ដងទង់រំលេច ពាក្យពេចន៍កល្យាណ

ទង់ព្រលឹងខ្មៅ ហៅសែនសាមាន្យ

ពិឃាតនាងបាន ច្រានដល់មរណ:។

ឃុនឆាងឃុនផែន ហៅសែនក្ដុកក្ដួល

សង្វេគរំជួល ឆួលឆាបអួលអាក់

ម្ចាស់បេះដូងភឹម បានត្រឹមហារស្លាក់

ទឹកភ្នែកសស្រាក់ ពូនផ្នូរភរិយា។

គិរីសាគរ នៅឈរម្នាក់ឯង

ថ្មបាំងឥតក្រែង វាលវែងរងា

មណ្ឌលសីមា ស្នេហាផ្ដន្ទា

ប៉ាក់ខ្លងឆ្លងគ្នា ហៀរហូរប្រវត្តិ។

ឱ! ពាមក្រសោប ឱបរឿងឈឺចាប់

និទានរ៉ាយរ៉ាប់ ប្រាប់មិនដែលហត់

ឃុនឆាងឃុនផែន ហៅសែនកម្សត់

រឿងព្រេងជូរចត់ កត់នៅកោះកុង។

——-

វិរិយា🌸

ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែតុលា គ.ស. ២០២៣

ចុចទីនេះ https://youtu.be/3nS4HZmnsmA?si=tebx7Cl7CDctO24C ដើម្បីស្ដាប់សំឡេងកំណាព្យ “កោះកុងក្នុងអក្សរសិល្ប៍”

ដំណើររឿងនៃការបំបែកនិកាយក្នុងពុទ្ធសាសនា

(ផែនការក្បត់ប្រឆាំងព្រះពុទ្ធ និងសង្ឃភេទ)

មុនពេលព្រះពុទ្ធចូលមហាបរិនិព្វាន គឺអំឡុងពេលដែលព្រះអង្គមានព្រះជន្ម ៧៣ ព្រះវស្សា ទេវទត្ត (Devadatta) ជាប្អូនជីដូនមួយ ដែលមានចិត្តច្រណែនឈ្នានីសព្រះអង្គតាំងពីតូចដល់ធំ បានរៀបចំផែនការក្បត់ ដើម្បីបំបែកបំបាក់សមាគមពុទ្ធសាសនាព្រះអង្គឱ្យបែកខ្ញែកជាច្រើនផ្នែក គោលដៅ ដើម្បីចង់ផ្ចាញ់ផ្ចាលព្រះអង្គផង និងចង់ដណ្ដើមតួនាទីរបស់ព្រះសម្ពុទ្ធ ផង ។ ទេវទត្ដ គិតថា បើអាចដណ្ដើមតួនាទីជាមេដឹកនាំពុទ្ធសាសនាបាន ខ្លួនគេក៏អាចក្លាយជាព្រះពុទ្ធបានដែរ។ ដូច្នោះហើយ ទេវទត្ត ដែលតែងតែមានចិត្តក្ដៅក្រហាយ បានព្យាយាម លួងលោម អូសទាញ ព្រះសង្ឃ ឱ្យចាកចេញពីព្រះពុទ្ធ ដោយបានអះអាងថា ខ្លួនមាន “សីលបរិសុទ្ធ” ជាងព្រះពុទ្ធ ហើយបានស្នើបញ្ញត្តិវិន័យតឹងរឹងជាងព្រះសម្ពុទ្ធ រាប់សិបដង។

នៅក្នុង គម្ពីរវិសុទ្ធិមគ្គ (Visuddhimagga) ដែលនិពន្ធដោយ ព្រះមហាថេរពុទ្ធឃោស: (Buddhaghosa) នៅសតវត្សទី ៤ នៃគ្រិស្តសករាជ បានបង្ហាញសេចក្ដីលម្អិត ដែលនឹងសង្ខេបជូនដូចខាងក្រោមនេះ ទាក់ទងនឹងសំណើសូមបញ្ញត្តសិក្ខាបទថ្មី ពីសំណាក់ទេវទត្ដ ដូចជា៖

*ប្រើប្រាស់ស្បង់ជីពរ ដែលបានដេរភ្ជិត ពីក្រណាត់រហែក

*ស្លៀកពាក់តែត្រៃជីវរម្យ៉ាងគត់

*និមន្តបិណ្ឌបាតតែម្យ៉ាងគត់ មិនត្រូវទទួលការនិមន្តឱ្យឆាន់ចង្ហាន់តាមផ្ទះឡើយ

*មិនត្រូវរំលងផ្ទះណាមួយ នៅពេលនិមន្តបិណ្ឌបាតឡើយ

*ឆាន់ចង្ហាន់តែនៅលើកំណាត់សំពត់ក្រាលអង្គុយ ដែលខ្លួនបិណ្ឌបាតបានដោយខ្លួនឯង

*ឆាន់តែចង្ហាន់ដែលមានក្នុងបាត្ររបស់ខ្លួនប៉ុណ្ណោះ

*ឆាន់តែត្រួយរុក្ខជាតិដុះក្នុងព្រៃ មិនឱ្យឆាន់សាច់ឡើយ

*មិនត្រូវទទួលភត្តាហារដទៃទៀតទាំងអស់

*រស់នៅទៀបគល់ឈើ និងនៅក្នុងព្រៃអស់មួយជីវិត មិនអាចនៅក្នុងកុដិ បានឡើយ

*គង់នៅកន្លែងតម្កល់សពឱ្យបានច្រើនតាមដែលអាចធ្វើបាន

*ត្រូវស្កប់ស្កល់ចំពោះទីកន្លែងស្នាក់នៅ ដែលខ្លួនរកឃើញ ខណៈបន្តនិមន្តត្រាច់រង្គាត់ពីកន្លែងមួយទៅកន្លែងមួយ

*សិងក្នុងឥរិយាបថអង្គុយ មិនត្រូវសិងដោយទម្រេតខ្លួនឡើយ។

ក្រោយពេលស្ដាប់ពាក្យស្នើសូមរបស់ទេវទត្ដរួចមក ព្រះពុទ្ធទ្រង់ត្រាស់ថា បើសិនជាភិក្ខុចង់គោរពតាមវិន័យបន្ថែមទាំងនេះ ក៏មិនមានបញ្ហាអ្វីដែរ។ ប៉ុន្តែវាមិនអាចប្រព្រឹត្តទៅបានទេ ក្នុងការតម្រូវឱ្យភិក្ខុគ្រប់អង្គមានកាតព្វកិច្ច អនុវត្តតាមវិន័យទាំងនេះ។

មានភិក្ខុជាច្រើន ដែលភិក្ខុទាំងនោះចូលមកបួស ដោយមានការជ្រោមជ្រែងពីព្រះបាទ អាជាតសត្ដុ (Ajatshatru) នៅក្នុងផែនការរបស់ទេវទត្ត ដើម្បីកៀរគរ យកធ្វើជាសាវ័កផ្ទាល់ខ្លួនឯងនាពេលក្រោយនោះ បានងើបឡើង ដើរចេញពីអារាមព្រះពុទ្ធ ទៅតាមទេវទត្តដើម្បីទៅបង្កើត និកាយផ្សេងមួយទៀតដែលគេជឿថាវាល្អបរិសុទ្ធជាង។

សព្វថ្ងៃ យើងអាចនឹងឮ ឬឃើញនៅមានសេសសល់ខ្លះៗ ក្រុមអ្នកបដិបត្តិសិក្ខាដ៏តឹងតែងនោះ ដែលគេហៅថា ពុទ្ធសាសនាមហាយាន។ ក្នុងលទ្ធិពួកមហាយាន ថ្វីត្បិតតែគេរឹតបន្ដឹងចំណុចខ្លះៗទាក់ទងនឹងចង្ហាន់ព្រះសង្ឃ (ឆាន់តែបន្លែ) មិនដើរបិណ្ឌបាត ហើយធ្វើកសិកម្មខ្លួនឯង ហាត់វិជ្ជាគុនហោះហើរដើរលើអាកាស ដើរលើទឹក សម្ដែងឫទ្ធានុភាពផ្សេងៗ ប៉ុន្តែ បែរជាធូរលុង ក្នុងចំណុចជាច្រើនផ្សេងទៀតទាក់ទងនឹងអភិសម្មាចារ្យ ទៅវិញ។

ទាញចេញពីរឿងរ៉ាវប្រវត្តិការណ៍ នៃការបំបែកសាសនាព្រះពុទ្ធ ពីក្រុមទេវទត្ដ បានបង្ហាញឱ្យយើងឃើញពីទឹកចិត្តមហាសប្បុរសធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមិនយកទោសអូសដំណើរ ហើយយោគយល់អធ្យាស្រ័យខ្ពស់ និងតែងតែតម្កល់ផ្នត់គំនិតនៃការគោរពសិទ្ធិមនុស្សជាសាកល ជាអាទិភាព គ្រប់ពេលវេលា។

ព្រះសម្ពុទ្ធ បើកទូលាយជានិច្ច សម្រាប់អ្នកដែលចង់ដាក់ទណ្ឌកម្មខ្លួនឯង ប៉ុន្តែសិក្ខាបទនានាដែលព្រះអង្គដាក់បញ្ញត្តិ ក៏នៅតែមានសុពលភាពស្របច្បាប់ មិនទាស់ខុសឡើយ សម្រាប់ភិក្ខុណាដែលមិនចង់បួសក្នុងសម្ពាធដ៏តឹងតែងពេក។ ព្រោះព្រះអង្គឈ្វេងយល់ដោយព្រះបញ្ញាញាណ ត្រាស់ដឹងថា មានតែផ្លូវកណ្ដាលប៉ុណ្ណោះ ទើបអាចជួយសង្គ្រោះគ្នានិងគ្នាទៅវិញទៅមកបាន វាគឺជាធម៌ឧបេក្ខា។

ប៉ុន្តែ គួរសោកស្ដាយជាពន់ពេកណាស់ ដែលបច្ចុប្បន្ន មនុស្សមិនយល់ពីសាសនាព្រះអង្គ បានព្យាយាមបំបែក ក្រុមឱ្យទៅជាលទ្ធិផ្សេងៗ ដែលវាជាន់ដាន ចូលទៅក្នុងគន្លងចាស់របស់ពួកហិណ្ឌូ ដែលព្រះអង្គបានចាកចេញផុតទៅហើយ។ ហើយអ្វីដែលរឹតតែបង្កជាវិនាសកម្មធំឡើង នៅក្នុងសង្គម គឺបរិស័ទ មិនសូវគោរពព្រះធម៌ (Dhamma) ដែលមានចែងក្នុងគម្ពីរថេរវាទ ទេ បែរជាគោរពលើកតម្កើង បុគ្គលជាបព្វជិតដែលជាមេដឹកនាំលទ្ធិទៅវិញ។ បើយើងប្រៀបធៀបឱ្យងាយយល់ គឺ ប្រៀបដូចអ្នកជំងឺ ដែលមិនព្រមជឿជាក់លើថ្នាំពេទ្យឬរូបមន្តព្យាបាលជំងឺទេ តែនាំគ្នាជឿជាក់លើកេរ្តិ៍ឈ្មោះល្បីល្បាញរបស់បុគ្គលជាវេជ្ជបណ្ឌិតទៅវិញ។

តាមពិតរឿងនេះ ងាយយល់ណាស់ បើសិនជាពុទ្ធបរិស័ទព្រមលើកយកគម្ពីរព្រះធម៌ដើមរបស់ព្រះសក្យមុនី គោតម មកសិក្សាឈ្វេងយល់។ មេរៀនព្រះពុទ្ធ ជាមេរៀនសម្រាប់យើងអាចរស់នៅចុះសម្រុងនឹងជីវិតខ្លួនឯង ហើយវាល្អប្រសើរជាង មេរៀនចិត្តសាស្ត្រ របស់គ្រូពេទ្យចិត្តវិទ្យាសម័យនេះរាប់ពាន់ដង បើអ្នកយកវាមកបដិបត្តិក្នុងជីវិតពិតប្រចាំថ្ងៃ។

_______________

***ឆ្លៀតក្នុងបរិបទនេះដែរ ខ្ញុំសូមអនុញ្ញាតពន្យល់បន្ថែមត្រង់បញ្ញត្តិចុងក្រោយ ថាហេតុអ្វីបានជា ព្រះពុទ្ធ មិនហាមឃាត់ការឆាន់សាច់? មូលហេតុ ព្រោះថា ព្រះសង្ឃជាអ្នកទទួលអាហារពីសិទ្ធាជ្រះថ្លា ពីការបរិច្ចាគរបស់អ្នកស្រុកភូមិ ដូច្នេះ គេប្រគេនអ្វី ដាក់អ្វី ត្រូវតែឆាន់របស់នោះ មិនអាចរើសតាមចិត្តបានឡើយ។ បើកាលណា បង្គាប់បញ្ជាថាត្រូវរៀបបែបនេះ ឬបែបនោះ វានឹងក្លាយជាការរំខានដល់សិទ្ធិស្វ័យសម្រេចរបស់អ្នកម្ចាស់ទានទៅវិញ ហើយអាចប្រឈមនឹងគេលែងជ្រះថ្លាក្នុងការធ្វើទាន។

ម្យ៉ាងទៀត ព្រះពុទ្ធក៏បានពន្យល់ដែរថា គ្រប់យ៉ាងអាស្រ័យលើចេតនាចិត្តរបស់អ្នកឱ្យនិងអ្នកទទួល។ បើសង្ឃអង្គណា ទទួលចង្ហាន់ជាសាច់សត្វ ដែលចេញមកពីបំណងគិតទុកមុនថាចង់ឆាន់សាច់ ឬ មានចេតនាធ្វើឱ្យអ្នកម្ចាស់ទានបានដឹងខ្លួនជាមុនក្នុងការសម្លាប់សត្វដើម្បីរៀបចង្ហាន់ ព្រះសង្ឃនោះនឹងមានទោស។

__________

***ការពន្យល់បន្ថែមរបស់សាវ័កព្រះពុទ្ធសម័យបច្ចុប្បន្ន

ការទទួលទានបន្លែ ក៏មិនមែនមានន័យថា អាចគេចផុតពីការសម្លាប់ជីវិតសត្វនោះទេ។ ដើម្បីបានបន្លែ យកមកជាអាហារមនុស្សនៅតែគេចមិនផុតពីការសម្លាប់ជីវិត ដែលរួមមានដូចជា សត្វជន្លេនក្នុងដី សត្វល្អិតនានា ដែលត្រូវបានបំផ្លាញដោយថ្នាំពុល ។ល។ ហើយ ការទទួលបន្លែតែម្យ៉ាង មិនបានឆ្លុះបញ្ចាំងនូវសីលបរិសុទ្ធ ឬ គុណធម៌របស់មនុស្សនោះទេ ដរាបណា ចេតនាចិត្តរបស់គេនៅតែជាប់ជំពាក់ទៅនឹងអកុសលធម៌ផ្សេងៗ។ មិនថាជាអ្នកតមសាច់ ឬ មិនតម យើងត្រូវរស់នៅប្រកបដោយ សីល ជាប្រចាំ។

________

វិរិយា 🌸

May be an image of 3 people and temple

See insights and ads

Boost post

All reactions:

3030

សូមបានជួបពេលថ្ងៃរះ

(កំណាព្យបទ ៦ព្យាង្គ ចង្វាក់ផ្ទួនរណ្ដំ)

ថ្ងៃរះ ជះសែង ស្ដែងជោគ
លៃលក យកជ័យ ន័យចំ
រៀបឫក្ស នឹករឿង សឿងសម
លាយឡំ ក្រំក្រៀម ត្រៀមក្រឹត្យ។

បានជួប ផ្គួបដៃ ថ្ងៃមុន
សាងគុណ លន់តួ សួរចិត្ត
រាយរាប់ ជាប់រឿង កឿងស្អិត
រោយរឹត ដិតដោយ ក្រោយដូរ។

សូមបាន ត្រាណត្រើយ ស្បើយទុក្ខ
ស្នេហ៍មុខ យុគថ្មី ដីហូរ
លើកទង់ រង់ចាំ ជ័យោ
ផ្ដាច់ប្ដូរ យកពាន ហ៊ានឈ្នះ!
———
វិរិយា🌸 

ថ្ងៃព្រហស្បតិ៍ ៨រោច ខែ បឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៥ កក្កដា គ.ស. ២០១៨

ជំងឺ រលាក និង កៀបសរសៃ​កដៃ | Carpal Tunnel Syndrome (ហៅកាត់ថា CTS)

រូបភាពពី https://en.wikipedia.org/wiki/Carpal_tunnel_syndrome

ប្រិយមិត្តអ្នកអាន ប្រហែលជាមិនសូវបានឮញឹកញាប់ពីជំងឺនេះទេ ប៉ុន្តែខ្ញុំជឿថាប្រិយមិត្តប្រហែលជាធ្លាប់ជួបអ្នកជំងឺនេះ ឬប្រហែលជា មានម្ដងម្កាលទទួលដឹងនូវអាការៈជំងឺនេះដោយខ្លួនឯង គ្រាន់តែមិនចាប់អារម្មណ៍។ ជំងឺ Carpal Tunnel Syndrome (CTS) នេះ អាចបកប្រែជាខ្មែរថា “ជំងឺរលាកសរសៃកដៃ ឬ ជំងឺកៀបសរសៃកដៃ”។

រូបភាពពី https://www.medindia.net

អ្នកជំងឺ មានអាការៈ ដំបូងៗគឺឈឺស្ពឹកបាតម្រាមដៃ ចាប់ពីពាក់កណ្ដាលនាងដៃ ដល់មេដៃ។ ជាញឹកញាប់ រោគសញ្ញាសំខាន់របស់វា គឺញាក់នៅមេដៃ ម្រាមដៃចង្អុល ម្រាមដៃកណ្ដាល និងដៃនាង។ ហើយការឈឺចាប់ លេចឡើងខ្លាំងបំផុតនៅពេលយប់ នៅក្នុងចង្កោមរោគសញ្ញានៃជំងឺ CTS នេះ ពេលខ្លះក៏អាចធ្វើឱ្យអ្នកជំងឺ មានអារម្មណ៍ថា ក្រហាយ ក្ដៅនៅតំបន់កដៃ និងបាតដៃ។ អ្នកជំងឺខ្លះ ហាក់ដូចជាទទួលអារម្មណ៍ថា ខ្សោយដៃ ទន់ដៃ នៅពេលដែលប្រើប្រាស់ដៃដើម្បីចាប់កាន់អ្វីមួយ។

រូបភាពពី https://www.academyorthopedics.com

គេបានរកឃើញមូលហេតុធំៗមួយចំនួន ដែលបណ្ដាលឱ្យកើតមានជំងឺ CTS នេះ ដូចជា៖ ការចុចកុំព្យូទ័ររយៈពេលយូរ ក្ដាប់កាន់ទូរស័ព្ទរយៈពេលយូរ (ប្រសិនបើជាទូរស័ព្ទស្មាតហ្វូនទៀតនោះ ហានិភ័យនៃការបង្កជំងឺកាន់តែខ្ពស់) ការបើកបររថយន្ត ឬក្ដាប់កាន់ចង្កូតម៉ូតូ កង់ រយៈពេលយូរ។

រូបភាពពី http://www.schreibermd.com

អ្នកកើតជំងឺនេះ ប្រសិនបើ ទុកយូរមិនព្យាបាលឱ្យបានទាន់ពេលវេលាទេ អាចបណ្ដាលឱ្យបាត់បង់សរីរវិញ្ញាណចាប់ពីកដៃចុះទៅ (ឥតទទួលដឹងពីការប៉ះពាល់) សាច់ដុំបាតដៃទៅជារួមតូចស្វិត ទ្រុឌទ្រោម ខ្សោយ។ វាក៏អាចបណ្ដាលដល់មានការរលាកសន្លាក់ឆ្អឹង ហើយអាចដល់បាក់ឆ្អឹងកដៃទៀតផង។

វិធីការពារ ក៏ដូចជាវិធីសង្គ្រោះ ទាក់ទងនឹងជំងឺរលាកឬកៀបសរសៃកដៃ ( រូបភាពពី http://www.healthline.com )

ប្រសិនបើជំងឺនៅស្រាល គ្រូពេទ្យអាចប្រើវិធីចាក់ថ្នាំ ឬ ចាក់ម្ជុលវិទ្យាសាស្ត្រតាមក្បួនបុរាណចិន ព្យាបាលដោយយោហ្គា ឬ ចលនាពត់ពេនរាងកាយ ឬដោយបាញ់ឡាស៊ែកម្រិតទាប ការផ្ដល់សារធាតុវិតាមីនជំនួយ ការកៀបរុំដៃដោយឧបករណ៍សង្គ្រោះបែបទំនើប ជាដើម…។ល។ ប៉ុន្តែប្រសិនបើ ករណីធ្ងន់ខ្លាំង គ្រូពេទ្យ នឹងវះកាត់ ដោយកាត់សរសៃ ចងសរសៃពួរ ដែលព័ទ្ធឆ្លងកាត់ ប្រអប់ដៃទៅកដៃ។

រូបភាពពី http://www.orthoracle.com

ចំពោះការបង្ការកុំឱ្យជំងឺនេះលេចឡើងបាន យើងត្រូវពិនិត្យមើលថា តើកិច្ចការងារប្រចាំថ្ងៃដែលយើងកំពុងធ្វើ មានសម្ពាធធ្ងន់ចំពោះកដៃដែរឬទេ? ប្រសិនបើការងារយើង គឺជាអ្នកវាយកុំព្យូទ័រវាស់ៗល្ងាច សូមឧស្សាហ៍សម្រាក ហើយម៉ាស្សាកដៃ តាមរយៈការធ្វើចលនាបង្វិលកដៃខ្លួនឯងយឺតៗ ឬ យកដៃឆ្វេងច្របាច់ដៃស្ដាំ និងយកដៃស្ដាំច្របាច់ដៃឆ្វេង ឆ្លាស់គ្នាទៅវិញទៅមក​ យ៉ាងហោចណាស់ ឱ្យបាន៥នាទីជាប់គ្នា ក្នុងការម៉ាស្សា។

របៀបម៉ាស្សាដៃ ឱ្យបានញឹកញាប់ ក្នុងអំឡុងពេលវាយកុំព្យូទ័រ ឬធ្វើកិច្ចការងារដោយប្រើដៃ និងប្រើកដៃ (រូបភាពពី http://www.powerofpositivity.com )

ប្រសិនបើ ការងារវាយកុំព្យូទ័រនោះ ជាការងារពេញម៉ោង ដែលត្រូវប្រតិបត្តិដល់ទៅ៨ម៉ោង ក្នុង១ថ្ងៃ គួរតែឈប់សម្រាក រៀងរាល់ ២ម៉ោងម្ដង។ ក្រៅពីនោះ ត្រូវរកតុ រកវត្ថុអ្វីដាក់កល់ដៃ កុំឱ្យកដៃមានសភាពប្រឹងខ្លាំងពេកក្នុងការទប់ចលនា។ ក្រៅពីកិច្ចការងារវាយកុំព្យូទ័រ សូម្បីតែអ្នកញៀននឹងទូរស័ព្ទដៃស្មាតហ្វូន ហើយកាន់ជាប់គ្នាច្រើនៗម៉ោងក្នុង១ថ្ងៃ ក៏អាចជួបបញ្ហាដូចរៀបរាប់ខាងលើនោះដែរ។ មានបច្ច័យរួមផ្សំមួយទៀតដែរ ដែលទាក់ទងនឹងកត្ដាហ្សែន ឬ តំណពូជ។ មានន័យថា ប្រសិនបើយើង មានបុព្វបុរស ដែលជាអ្នកជំនាន់មុន (ឪពុក ម្ដាយ ជីដូន ជីតា…) ធ្លាប់កើតមានជំងឺ CTS នេះ មានន័យថា យើងក៏ងាយប្រឈមនឹងការកកើតឡើងជាទីបំផុត ប្រសិនបើយើងប្រហែសតែបន្តិច។

រូបភាពពី http://www.mountsinai.org
រូបភាពពី http://www.mountsinai.org

តើស្ត្រីអាស៊ី ដែលមានសម្បុរស្បែកស្រអែម ត្រូវចាយវាយលុយកាក់ លើគ្រឿងសម្អាងដោយរបៀបណា ទើបទទួលបានប្រសិទ្ធភាពខ្ពស់?

នេះជាអត្ថបទសម្រាប់បងប្អូនស្ត្រី (ប្រហែលជាមានមនុស្សប្រុសខ្លះៗដែរមើលទៅ) សម្រាប់ជាគតិត្រិះរិះពិចារណា ទៅលើការគ្រប់គ្រងថវិកា ចំណាយទាក់ទងនឹងការថែរក្សាសម្រស់ របស់បងប្អូន ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងតំបន់ក្ដៅហើយសើម ដូចជាប្រទេសកម្ពុជាយើងជាតួយ៉ាង។ តើធ្វើដូចម្ដេច ទើបអាចចាយវាយលុយកាក់អស់តិចបំផុត ហើយទទួលបានលទ្ធផលខ្ពស់បំផុត?

ទី១៖ ជ្រើសរើសផលិតផលដែលចម្រាញ់ក្រោមរូបមន្ត “ស្បែកអាស៊ី”

យើងដឹងហើយថា កន្លងមកមានក្រុមហ៊ុនផលិត និង ចែកចាយ គ្រឿងសម្អាងច្រើនរាប់មិនអស់ បានផលិតគ្រឿងថែរក្សាសម្ផស្សសម្រាប់មនុស្សច្រើនវ័យ ច្រើនប្រភេទស្បែក ទៅតាមតំបន់ទីតាំងភូមិសាស្ត្រ អាកាសធាតុ របស់អ្នកប្រើប្រាស់ ប៉ុន្តែក៏មានអ្នកប្រើជាច្រើនដែលមិនសូវយល់ដឹងពីរឿងនេះ ហើយសម្រេចចិត្តទិញប្រើផលិតផលគ្រឿងសម្អាង ទៅតាមទំនោរនៃភាពល្បីល្បាញរបស់ស្លាកសញ្ញាទៅវិញ។ មានន័យថា ប្រើតាមតែគេល្បី ប្រើតាមតែគេបញ្ជោ ដោយមិនបានសិក្សាឱ្យបានច្បាស់លាស់ដោយខ្លួនឯងទេ។ មានអ្នកខ្លះយល់ច្រឡំថា របស់ដែលមានតម្លៃខ្ពស់ៗកប់ពពក ជារបស់មានគុណភាពល្អកប់ពពកដូចតម្លៃដែរ នោះជាការយល់ខុសហើយ។

មានសុភាសិតមួយ ដែលលោកអ្នកត្រូវតែចងចាំ គឺថា “របស់ល្អ ត្រូវតែថ្លៃ តែរបស់ថ្លៃ មិនប្រាកដថាសុទ្ធតែល្អទេ”

ប្រសិនបើក្រែមលាបមុខមួយប្រភេទ គេចម្រាញ់សម្រាប់ស្ត្រីបារាំង លក់ក្នុងប្រទេសបារាំង មានន័យថា ក្រែមនោះ សម្រាប់អ្នកមានស្បែកស្ងួតខ្លាំង រស់ក្នុងអាកាសធាតុត្រជាក់ខ្លាំង សម្រាប់ស្បែកដែលមិនសូវទទួលបានពន្លឺព្រះអាទិត្យច្រើន។ ដូច្នេះ បើលោកអ្នកទៅទិញក្រែមលាបស្បែកមុខពីប្រទេសបារាំង មានន័យថា លោកអ្នកមិនអាចទទួលបានប្រសិទ្ធភាពពិតប្រាកដពីក្រែមនោះទេ វាលើកលែងតែ ក្រែមនោះ គេផលិតឡើងសម្រាប់ស្បែកស្ត្រីអាស៊ី ហើយគេសរសេរបញ្ជាក់ថា សម្រាប់នាំចេញទៅតំបន់អាស៊ី អាហ្នឹងទើបយើងអាចប្រើបាន។

ទី២៖ ជ្រើសរើសផលិតផលដែលចម្រាញ់ពីវត្ថុធាតុដើមដែលសម្បូរច្រើននៅក្នុងស្រុក

ធម្មជាតិបានបង្កើតជីវិតមនុស្សដាក់នៅទីណា ធម្មជាតិក៏បានបង្កើតរុក្ខជាតិដែលជាឱសថពូកែសក្ដិសិទ្ធ សម្រាប់ជួយជីវិតមនុស្សដាក់នៅទីនោះដែរ តែមនុស្សទេ ដែលចេះតែវង្វេងផ្លូវដោយខ្លួនឯង ហើយយល់ច្រឡំថា របស់ដែលល្អ ទាល់តែផ្សំពីវត្ថុធាតុដើមដែលនាំមកពីតំបន់ឆ្ងាយៗទៅវិញ។

ខ្ញុំឧទាហរណ៍រឿងពិតមួយដែលខ្ញុំបានជួបដោយផ្ទាល់ កាលខ្ញុំទៅសិក្សារយៈពេលខ្លីនៅប្រទេសអ៊ីរ៉ង់។ នៅអ៊ីរ៉ង់ ប្រសិនបើយើងដើរតាមផ្សារ យើងនឹងឃើញគេលក់ផ្កាក្រៀមមួយប្រភេទ ដែលមានពណ៌ក្រហមឆ្អិនឆ្អៅ ស្ទើរតែគ្រប់ច្រកល្ហក កន្លែងខ្លះចាក់ធារ គរដូចភ្នំ ហើយវាមានតម្លៃថោកៗ ដូចទៅនឹងតម្លៃម្អម ជីរ ម្រះព្រៅ ស្លឹកគ្រៃ ស្លឹកក្រូច មើមខ្ជាយ មើមរំដេង មើមល្មៀត នៅស្រុកខ្មែរយើងអ៊ីចឹងដែរ។ ផ្កាទាំងនោះ មានច្រើនពូជ ច្រើនអម្បូរ ខុសៗគ្នាក៏ពិតមែន ប៉ុន្តែវាមានឈ្មោះរួមជាទូទៅមួយ ដែលគេស្គាល់ហៅថា “សាហ្វារ៉ុន”។ នៅក្រុងតេហេរ៉ង់ បើយើងចំណាយលុយ US$ ១ ឬស្មើនឹង KHR ៤,០០០ យើងអាចទទួលបានផ្កានោះប្រហែលជាកន្លះគីឡូក្រាម។ ខ្ញុំទិញតែកន្លះគីឡូ ប្រើរាប់ឆ្នាំមិនអស់។​

ផ្ទុយទៅវិញ ផ្កានេះ គេអាចឃោសនាផ្សាយពាណិជ្ជកម្មលក់នៅក្រៅប្រទេស បានតម្លៃថ្លៃ គុណនឹង ៥,០០០ដង ឬលើសនេះទៅទៀត អាស្រ័យទៅតាមសមត្ថភាពអ្នកធ្វើម៉ាឃីធីង។ ខ្ញុំធ្លាប់ឃើញមានឈ្មួញយកមកលក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងប្រទេសដែលមិនសូវមានព័ត៌មានសម្បូរបែប អាចលក់បានដល់ទៅជាង ១ម៉ឺនដុល្លារ ក្នុង១គីឡូក្រាម ថែមទៀតផង។ មានន័យថា បើទិញនៅអ៊ីរ៉ង់ ១គីឡូក្រាម ចាយអស់ប្រហែល ១ម៉ឺនរៀលលុយខ្មែរ តែបើមកទិញនៅស្រុកខ្មែរ ត្រូវចាយអស់ ១ម៉ឺនដុល្លារអាមេរិក។ ដូច្នេះ តម្លៃពិតវា គឺស្ថិតនៅលើ តម្រូវការ។ នេះជាច្បាប់នៃតម្រូវការ (Law of Demand)។

ឥលូវស្លេះពីការបរិយាយតម្លៃលក់ យើងមកវិភាគពីគុណភាពផ្កា សាហ្វារ៉ុន វិញម្ដង។ តើផ្កានោះ ពិតជាមានគុណប្រយោជន៍ដ៏ធំធេង អាចជួយជំរុញសុខភាពរបស់មនុស្សឱ្យល្អប្រសើរ ដូចការឃោសនា របស់គេពិតដែរទេ? ខ្ញុំសូមឆ្លើយជូនថា “គឺវាជាការពិត” គេឥតបានកុហកទេ។ ផ្កានោះ វាមានអត្ថប្រយោជន៍ច្រើនពិតមែន។

ប៉ុន្តែ បើសួរទៀតថា ចុះរុក្ខជាតិ ដែលដុះស្អេកស្កះ នៅព័ទ្ធជុំវិញរបងផ្ទះយើងនៅស្រុកខ្មែរនេះ មានរបស់ណា ដែលមានអត្ថប្រយោជន៍អស្ចារ្យ ដូចផ្កានោះទេ? សូមឆ្លើយថា “មាន” ហើយវាមានច្រើនជាងនោះផង ក៏ថាបានដែរ។

ខ្ញុំរំឭកសារឡើងវិញ ធម្មជាតិបង្កើតជីវិតមនុស្សនៅទីណា ធម្មជាតិក៏នឹងបង្កើតថ្នាំព្យាបាលមនុស្សនៅទីនោះដែរ។ ដូច្នេះហើយ ទើបយើងគួរនាំគ្នា ងាកមកសម្លឹងមើល ផលិតផលទាំងឡាយណា ដែលបានចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិ ដែលដុះដាលក្រាលគ្រង ស្អេកស្កះ នៅក្នុងភូមិស្រុកខ្លួនឯងវិញ ទើបហៅចំជាអ្នកមានបញ្ញាឆ្លាត។

យើងអាច ឧទាហរណ៍ ងាយៗ រុក្ខជាតិដែលជាឧសថបុរាណ ពូកែស័ក្ដិសិទ្ធិ សម្រាប់ព្យាបាលជំងឺមនុស្សលោក រួមមានតាំងពី៖ “ល្មៀត រំដេង ខ្ជាយ ស្លឹកក្រូចសើច ដើមស្លឹកគ្រៃ ជីររណា ជីរក្រហម ជីរអង្កាម…និងស្មៅរាប់ពាន់ប្រភេទដែលដុះក្នុងទឹក លើគោក និង វល្លិ៍។ ក្រៅពីនោះ មានដើមឈើហូបផ្លែ ដូចជា ដើមញ ដើមល្ហុង ដើមទៀប ដើមដូង…។ល។

ទាំងពពួកស្មៅរុក្ខជាតិ មើមរុក្ខជាតិ ដើមឈើ ដើមផ្កា ដើមប្រទាល រាប់មិនអស់ទាំងនោះ កន្លងមក ក៏ធ្លាប់មាន គេយកទៅកែច្នៃ ផលិតជាគ្រឿងសម្អាង  ជាអាហារបំប៉ន ជាថ្នាំព្យាបាលរោគ រាប់រយប្រភេទ ហើយនាំចេញយកទៅលក់នៅតាមបណ្ដាប្រទេសអ្នកមាន ក្នុងតម្លៃខ្ពស់ៗកប់ពពក ដែលអាចជួយឱ្យអ្នកផលិត កើបប្រាក់ចំណេញមហាសាល ក្លាយជាមហាសេដ្ឋីស្ទើរតែគ្រប់គ្នា។

មូលហេតុចម្បង ដូចខ្ញុំបានរៀបរាប់ពីខាងដើមរួចមកហើយអ៊ីចឹង មនុស្សយើងភាគច្រើន យល់ច្រឡំថា ទាល់តែរបស់ដែលនាំមកពីតំបន់ឆ្ងាយៗ ឬជារបស់ដែលគ្មានសោះ នៅក្នុងភូមិស្រុកប្រទេសខ្លួន ទើបគិតថាជារបស់ល្អ។ បើធ្លាប់គិតដូច្នេះ សូមងាកមកពិចារណា សាជាថ្មីម្ដងទៀត ព្រោះគំនិតពីមុន នៅមិនទាន់ត្រឹមត្រូវទេ។

ទី៣៖ កុំទិញឱ្យសោះ គ្រប់ផលិតផលលាបស្បែកទាំងឡាយណា ដែលឃោសនាប្រាប់ថា អាចជួយប្ដូរពណ៌ស្បែករបស់អ្នកបាន

សូមចងចាំថា ពណ៌ស្បែករបស់មនុស្សយើងម្នាក់ៗ ត្រូវបានកំណត់ដោយមេឡានីន។ តើ “មេឡានីន” គឺជាអ្វី? “មេឡានីន” គឺជាសារធាតុពណ៌ត្នោតម្យ៉ាងដែលតែងតែមានការប្រែប្រួលចំនួន អាស្រ័យលើជីវភាពរស់នៅរបស់យើង។ អ្នកមានស្បែកពណ៌ខ្មៅ ព្រោះមានជាតិមេឡានីនច្រើនខ្លាំង។ អ្នកមានស្បែកពណ៌ស ព្រោះមាន មេឡានីនតិចតួច។ ប្រសិនបើយើងមានស្បែកស ហើយយើងចេញដើរហាលថ្ងៃច្រើន ពេលនោះ ស្បែកយើងនឹងធ្វើស្វ័យប្រតិកម្ម ដោយផលិតគ្រាប់មេឡានីនឱ្យច្រើនខ្លាំងឡើង ដើម្បីទៅជួយការពារស្បែករបស់យើងពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ ដូច្នេះហើយ ទើបពេលយើងចេញដើរហាលថ្ងៃរឹតតែច្រើន ស្បែករឹតតែខ្មៅឡើង។ ហើយបើយើង ចូលចិត្តដើរហាលថ្ងៃ ដោយគ្មានលាបក្រែមការពារកម្ដៅ មិនបិទបាំងមុខមាត់ដោយកន្សែង មួក ឬឆ័ត្រ ទោះស្បែកផលិតមេឡានីនច្រើនប៉ុនណាក៏ជួយមិនបានដែរ យើងនឹងបានលទ្ធផលអាក្រក់មួយ គឺការឡើងខ្មៅជាំ លើផ្ទៃមុខ ហើយករណីរឹតតែធ្ងន់ គឺការឡើងគ្រាប់កន្ទួលខ្មៅៗនៅបរិវេន កញ្ចឹង ក ស្មា ជាដើម។ សម្រាប់ការឡើងជាំមុខមាត់នេះ ក៏មានមូលហេតុផ្សេងៗមួយចំនួនទៀតដែរ មិនមែនត្រឹមតែករណី ត្រូវកម្ដៅថ្ងៃ តែម្យ៉ាងនោះទេ។

ដូច្នេះ តើក្រែមលាបស្បែក ឬឡេលាបស្បែក ដែលធ្វើឱ្យលោកអ្នកមើលទៅឃើញមានសម្បុរភ្លឺថ្លា ស ជាងធម្មតានោះ តើបណ្ដាលពីអ្វី?

ច្បាស់ណាស់ថា វាមិនមែនបណ្ដាលមកពីវាមានប្រតិកម្មផ្លាស់ប្ដូរពណ៌ស្បែកទេ។ មូលហេតុដែលយើងលាបឡេ ហើយឃើញស្បែកខ្លួនឯងឡើងពណ៌ ស ភ្លឺថ្លា បណ្ដាលមកពី ឡេនោះ មានផ្សំសារជាតិគីមីម្យ៉ាង ដែលទៅខាត់ស្បែកចាស់ៗដែលនៅផ្ទៃខាងលើឱ្យដាច់ដោចជ្រុះអស់គ្មានសល់។ តាមពិតទៅ ប្រសិនបើយើង គ្រាន់តែងូតទឹក ដុសសាប៊ូធម្មតា ហើយយកស្បៃ សរសៃ ននោងមកដុះខាត់លើស្បែកជាប្រចាំ ក៏អាចធ្វើឱ្យស្បែកយើង មើលទៅឃើញភ្លឺរលោង ស ជាងមុនបានដែរ គ្រាន់តែវាមិនលឿនទាន់ចិត្ត ដូចលាបឡេដែលមានជាតិកាត់ស្បែក។

អ៊ីចឹងសួរថា បើលាបក្រែមឬឡេ ដែលមានជាតិកាត់ដូច្នេះ នឹងមានផលប៉ះពាល់អ្វីខ្លះ? ចម្លើយគឺ ប៉ះពាល់ច្រើនណាស់។ ដំបូងឡើយ វាបានចាប់បង្ខំស្បែកឱ្យជម្រុះកោសិកាចាស់ ទាំងដែលកោសិកាចាស់នោះ មិនទាន់ដល់ពេលត្រូវជ្រុះ។ យើងឧបមា ដូចជា ដំបៅក្រម៉ដែលក្រៀម មិនទាន់ជ្រុះ ហើយយើងយកដៃទៅកេះទាំងបង្ខំឱ្យវាជ្រុះចេញមក។ ពេលខ្លះ វាអាចទៅជាក្លាយ ពិបាកលើសដើម។ ដូច្នេះ ការប្រើឡេលាបស្បែក ដែលមានសារជាតិខាត់ដោយបង្ខំនេះ ក៏អាចរុញឱ្យយើងប្រឈមនឹងជំងឺមហារីកស្បែក ជំងឺសើស្បែកផ្សេងៗ ជាយថាហេតុ។

សូមសិក្សារៀនសូត្រថា នៅលើលោកនេះ មិនទាន់មានអ្នកប្រាជ្ញគីមីណា អាចមានលទ្ធភាព ប្ដូរពណ៌ស្បែករបស់មនុស្សបាននៅឡើយទេ។ ដូច្នេះ ប្រសិនបើមានគេឃោសនា លក់ផលិតផល ប្ដូរពណ៌ស្បែកមនុស្ស នោះជាអំពើបោកប្រាស់ហើយ។

សូមថែរក្សាស្បែករបស់លោកអ្នកឱ្យបានល្អ តាមរយៈការរក្សាសំណើមស្បែកជាប់ជាប្រចាំ។ សំណើមដែលល្អបំផុតសម្រាប់ស្បែកមនុស្សយើង គឺប្រេង។ ស្ត្រីក្នុងតំបន់អាស៊ី គួរជ្រើសរើសប្រើប្រេងដូងត្រជាក់ ដោយហេតុថា ដូងជាផល្លានុផលដ៏សម្បូរហូរហៀរនៅក្នុងតំបន់។

ប្រេងដូងដែលចម្រាញ់ត្រជាក់ ផ្ទុកពេញទៅដោយ អាស៊ីតខ្លាញ់ឆ្អែត ដែលប្រយុទ្ធប្រឆាំងនឹងភាពជ្រីវជ្រួញ ប្រឆាំងនឹងជំងឺសើស្បែកគ្រប់ប្រភេទ។ ប្រេងដូងត្រជាក់ បើប្រើជាអាហារបំប៉នសុខភាព នឹងជួយបញ្ចុះទម្ងន់រាងកាយ។ បើប្រើជាគ្រឿងសម្អាងលាបពីខាងក្រៅវិញ នឹងជួយបណ្ដុះសក់ បណ្ដុះរោម ការពារសង្វារ កាត់បន្ថយសង្វារដែលឡើងរួច ប្រយុទ្ធប្រឆាំងនឹងមេរោគសើស្បែក ជួយព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទ។

ប្រសិនបើលោកអ្នកជ្រើសរើសទិញផលិតផលគ្រឿងសម្អាង សូមរកមើលផលិតផលណាដែល ផ្សំពីវត្ថុធាតុដើម ប្រេងដូង ឬ ដូង លោកអ្នកនឹងចាយប្រាក់អស់តិចបំផុត ហើយទទួលបានលទ្ធផលខ្ពស់បំផុត។

______

អត្ថបទរក្សាសិទ្ធិដោយ លឹម វិរិយា

បាត់ដំបង ស្រុកកំណើតខ្ញុំ (កំណាព្យបទកាកគតិ)

ស្រុកកំណើតខ្ញុំ កន្លែងមូលផ្ដុំ
ក្រុមអ្នកកវី តាំងពីបុរាណ
មានកេរ្តិ៍ល្បាញល្បី កំណាព្យតន្ត្រី
ប្រុសស្រីអស្ចារ្យ។

ក្រុងបាត់ដំបង កន្លែងចងក្រង
រាល់អនុស្សារ អ្នកច្រៀងអ្នករាំ
សមសក្ដិតារា លូតលាស់កាលណា
ច្រើនតែឃ្លាតឆ្ងាយ។

បាត់ដំបងល្អ រស់មានអំណរ
បវររៀងអាយ ទឹកដីត្រជាក់
ទាក់ចិត្តនិងកាយ សែនសុខសប្បាយ
មិនស្ដាយដង្ហើម។

សូមឱ្យស្រុកខ្ញុំ កំណើតកើតធំ
សុខុមដូចដើម លូតលាស់រុងរោចន៍
ដូចនគរឆ្នើម កាលគ្រាចាប់ផ្ដើម
ល្បីខ្លាំងដីស្អិត។

បាត់ដំបងក្រុង ទេសចរជាប់ផុង
អនង្គដួងចិត្ត ចំប៉ាចំប៉ី
រឿងព្រេងអម្រឹត មិនមែនប្រតិដ្ឋ
ដូចសៀមរាបឡើយ។

ឱ បាត់ដំបង! ជាតិនេះកើតម្ដង
ចម្លងដល់ត្រើយ រឭកនឹកគុណ
ស្រុកភូមិរំហើយ ខ្ញុំរស់បានស្បើយ
ឆ្លើយថានឹកណាស់។
———
វិរិយា🌸

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា គ.ស. ២០២១

កំណាព្យមួយនេះខ្ញុំបានផលិតជាខ្សែវិដេអូ ដែលមានភ្លេង និងសំឡេងច្រៀងរបស់ខ្ញុំអមជាមួយ រូបភាពវិដេអូមួយចំនួនដែលថតនៅក្រុងបាត់ដំបង សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាវិដេអូនៅក្នុង YouTube

រូបថតនៅមុខផ្ទះដែលខ្ញុំបានកើតនិងធំធាត់ឡើង នៅបាត់ដំបង សព្វថ្ងៃជាផ្ទះរបស់លោកឪពុកខ្ញុំដែលគាត់ប្រើប្រាស់សម្រាប់ជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្ដន៍ក្នុងវ័យចាស់ជរា