Category Archives: ការអប់រំ

តើស្ត្រីអាស៊ី ដែលមានសម្បុរស្បែកស្រអែម ត្រូវចាយវាយលុយកាក់ លើគ្រឿងសម្អាងដោយរបៀបណា ទើបទទួលបានប្រសិទ្ធភាពខ្ពស់?

នេះជាអត្ថបទសម្រាប់បងប្អូនស្ត្រី (ប្រហែលជាមានមនុស្សប្រុសខ្លះៗដែរមើលទៅ) សម្រាប់ជាគតិត្រិះរិះពិចារណា ទៅលើការគ្រប់គ្រងថវិកា ចំណាយទាក់ទងនឹងការថែរក្សាសម្រស់ របស់បងប្អូន ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងតំបន់ក្ដៅហើយសើម ដូចជាប្រទេសកម្ពុជាយើងជាតួយ៉ាង។ តើធ្វើដូចម្ដេច ទើបអាចចាយវាយលុយកាក់អស់តិចបំផុត ហើយទទួលបានលទ្ធផលខ្ពស់បំផុត?

ទី១៖ ជ្រើសរើសផលិតផលដែលចម្រាញ់ក្រោមរូបមន្ត ស្បែកអាស៊ី

យើងដឹងហើយថា កន្លងមកមានក្រុមហ៊ុនផលិត និង ចែកចាយ គ្រឿងសម្អាងច្រើនរាប់មិនអស់ បានផលិតគ្រឿងថែរក្សាសម្ផស្សសម្រាប់មនុស្សច្រើនវ័យ ច្រើនប្រភេទស្បែក ទៅតាមតំបន់ទីតាំងភូមិសាស្ត្រ អាកាសធាតុ របស់អ្នកប្រើប្រាស់ ប៉ុន្តែក៏មានអ្នកប្រើជាច្រើនដែលមិនសូវយល់ដឹងពីរឿងនេះ ហើយសម្រេចចិត្តទិញប្រើផលិតផលគ្រឿងសម្អាង ទៅតាមទំនោរនៃភាពល្បីល្បាញរបស់ស្លាកសញ្ញាទៅវិញ។ មានន័យថា ប្រើតាមតែគេល្បី ប្រើតាមតែគេបញ្ជោ ដោយមិនបានសិក្សាឱ្យបានច្បាស់លាស់ដោយខ្លួនឯងទេ។ មានអ្នកខ្លះយល់ច្រឡំថា របស់ដែលមានតម្លៃខ្ពស់ៗកប់ពពក ជារបស់មានគុណភាពល្អកប់ពពកដូចតម្លៃដែរ នោះជាការយល់ខុសហើយ។

មានសុភាសិតមួយ ដែលលោកអ្នកត្រូវតែចងចាំ គឺថា “របស់ល្អ ត្រូវតែថ្លៃ តែរបស់ថ្លៃ មិនប្រាកដថាសុទ្ធតែល្អទេ”

ប្រសិនបើក្រែមលាបមុខមួយប្រភេទ គេចម្រាញ់សម្រាប់ស្ត្រីបារាំង លក់ក្នុងប្រទេសបារាំង មានន័យថា ក្រែមនោះ សម្រាប់អ្នកមានស្បែកស្ងួតខ្លាំង រស់ក្នុងអាកាសធាតុត្រជាក់ខ្លាំង សម្រាប់ស្បែកដែលមិនសូវទទួលបានពន្លឺព្រះអាទិត្យច្រើន។ ដូច្នេះ បើលោកអ្នកទៅទិញក្រែមលាបស្បែកមុខពីប្រទេសបារាំង មានន័យថា លោកអ្នកមិនអាចទទួលបានប្រសិទ្ធភាពពិតប្រាកដពីក្រែមនោះទេ វាលើកលែងតែ ក្រែមនោះ គេផលិតឡើងសម្រាប់ស្បែកស្ត្រីអាស៊ី ហើយគេសរសេរបញ្ជាក់ថា សម្រាប់នាំចេញទៅតំបន់អាស៊ី អាហ្នឹងទើបយើងអាចប្រើបាន។

ទី២៖ ជ្រើសរើសផលិតផលដែលចម្រាញ់ពីវត្ថុធាតុដើមដែលសម្បូរច្រើននៅក្នុងស្រុក

ធម្មជាតិបានបង្កើតជីវិតមនុស្សដាក់នៅទីណា ធម្មជាតិក៏បានបង្កើតរុក្ខជាតិដែលជាឱសថពូកែសក្ដិសិទ្ធ សម្រាប់ជួយជីវិតមនុស្សដាក់នៅទីនោះដែរ តែមនុស្សទេ ដែលចេះតែវង្វេងផ្លូវដោយខ្លួនឯង ហើយយល់ច្រឡំថា របស់ដែលល្អ ទាល់តែផ្សំពីវត្ថុធាតុដើមដែលនាំមកពីតំបន់ឆ្ងាយៗទៅវិញ។

ខ្ញុំឧទាហរណ៍រឿងពិតមួយដែលខ្ញុំបានជួបដោយផ្ទាល់ កាលខ្ញុំទៅសិក្សារយៈពេលខ្លីនៅប្រទេសអ៊ីរ៉ង់។ នៅអ៊ីរ៉ង់ ប្រសិនបើយើងដើរតាមផ្សារ យើងនឹងឃើញគេលក់ផ្កាក្រៀមមួយប្រភេទ ដែលមានពណ៌ក្រហមឆ្អិនឆ្អៅ ស្ទើរតែគ្រប់ច្រកល្ហក កន្លែងខ្លះចាក់ធារ គរដូចភ្នំ ហើយវាមានតម្លៃថោកៗ ដូចទៅនឹងតម្លៃម្អម ជីរ ម្រះព្រៅ ស្លឹកគ្រៃ ស្លឹកក្រូច មើមខ្ជាយ មើមរំដេង មើមល្មៀត នៅស្រុកខ្មែរយើងអ៊ីចឹងដែរ។ ផ្កាទាំងនោះ មានច្រើនពូជ ច្រើនអម្បូរ ខុសៗគ្នាក៏ពិតមែន ប៉ុន្តែវាមានឈ្មោះរួមជាទូទៅមួយ ដែលគេស្គាល់ហៅថា “សាហ្វារ៉ុន”។ នៅក្រុងតេហេរ៉ង់ បើយើងចំណាយលុយ US$ ១ ឬស្មើនឹង KHR ៤,០០០ យើងអាចទទួលបានផ្កានោះប្រហែលជាកន្លះគីឡូក្រាម។ ខ្ញុំទិញតែកន្លះគីឡូ ប្រើរាប់ឆ្នាំមិនអស់។​

ផ្ទុយទៅវិញ ផ្កានេះ គេអាចឃោសនាផ្សាយពាណិជ្ជកម្មលក់នៅក្រៅប្រទេស បានតម្លៃថ្លៃ គុណនឹង ៥,០០០ដង ឬលើសនេះទៅទៀត អាស្រ័យទៅតាមសមត្ថភាពអ្នកធ្វើម៉ាឃីធីង។ ខ្ញុំធ្លាប់ឃើញមានឈ្មួញយកមកលក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងប្រទេសដែលមិនសូវមានព័ត៌មានសម្បូរបែប អាចលក់បានដល់ទៅជាង ១ម៉ឺនដុល្លារ ក្នុង១គីឡូក្រាម ថែមទៀតផង។ មានន័យថា បើទិញនៅអ៊ីរ៉ង់ ១គីឡូក្រាម ចាយអស់ប្រហែល ១ម៉ឺនរៀលលុយខ្មែរ តែបើមកទិញនៅស្រុកខ្មែរ ត្រូវចាយអស់ ១ម៉ឺនដុល្លារអាមេរិក។ ដូច្នេះ តម្លៃពិតវា គឺស្ថិតនៅលើ តម្រូវការ។ នេះជាច្បាប់នៃតម្រូវការ (Law of Demand)។

ឥលូវស្លេះពីការបរិយាយតម្លៃលក់ យើងមកវិភាគពីគុណភាពផ្កា សាហ្វារ៉ុន វិញម្ដង។ តើផ្កានោះ ពិតជាមានគុណប្រយោជន៍ដ៏ធំធេង អាចជួយជំរុញសុខភាពរបស់មនុស្សឱ្យល្អប្រសើរ ដូចការឃោសនា របស់គេពិតដែរទេ? ខ្ញុំសូមឆ្លើយជូនថា “គឺវាជាការពិត” គេឥតបានកុហកទេ។ ផ្កានោះ វាមានអត្ថប្រយោជន៍ច្រើនពិតមែន។

ប៉ុន្តែ បើសួរទៀតថា ចុះរុក្ខជាតិ ដែលដុះស្អេកស្កះ នៅព័ទ្ធជុំវិញរបងផ្ទះយើងនៅស្រុកខ្មែរនេះ មានរបស់ណា ដែលមានអត្ថប្រយោជន៍អស្ចារ្យ ដូចផ្កានោះទេ? សូមឆ្លើយថា “មាន” ហើយវាមានច្រើនជាងនោះផង ក៏ថាបានដែរ។

ខ្ញុំរំឭកសារឡើងវិញ ធម្មជាតិបង្កើតជីវិតមនុស្សនៅទីណា ធម្មជាតិក៏នឹងបង្កើតថ្នាំព្យាបាលមនុស្សនៅទីនោះដែរ។ ដូច្នេះហើយ ទើបយើងគួរនាំគ្នា ងាកមកសម្លឹងមើល ផលិតផលទាំងឡាយណា ដែលបានចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិ ដែលដុះដាលក្រាលគ្រង ស្អេកស្កះ នៅក្នុងភូមិស្រុកខ្លួនឯងវិញ ទើបហៅចំជាអ្នកមានបញ្ញាឆ្លាត។

យើងអាច ឧទាហរណ៍ ងាយៗ រុក្ខជាតិដែលជាឧសថបុរាណ ពូកែស័ក្ដិសិទ្ធិ សម្រាប់ព្យាបាលជំងឺមនុស្សលោក រួមមានតាំងពី៖ “ល្មៀត រំដេង ខ្ជាយ ស្លឹកក្រូចសើច ដើមស្លឹកគ្រៃ ជីររណា ជីរក្រហម ជីរអង្កាម…និងស្មៅរាប់ពាន់ប្រភេទដែលដុះក្នុងទឹក លើគោក និង វល្លិ៍។ ក្រៅពីនោះ មានដើមឈើហូបផ្លែ ដូចជា ដើមញ ដើមល្ហុង ដើមទៀប ដើមដូង…។ល។

ទាំងពពួកស្មៅរុក្ខជាតិ មើមរុក្ខជាតិ ដើមឈើ ដើមផ្កា ដើមប្រទាល រាប់មិនអស់ទាំងនោះ កន្លងមក ក៏ធ្លាប់មាន គេយកទៅកែច្នៃ ផលិតជាគ្រឿងសម្អាង  ជាអាហារបំប៉ន ជាថ្នាំព្យាបាលរោគ រាប់រយប្រភេទ ហើយនាំចេញយកទៅលក់នៅតាមបណ្ដាប្រទេសអ្នកមាន ក្នុងតម្លៃខ្ពស់ៗកប់ពពក ដែលអាចជួយឱ្យអ្នកផលិត កើបប្រាក់ចំណេញមហាសាល ក្លាយជាមហាសេដ្ឋីស្ទើរតែគ្រប់គ្នា។

មូលហេតុចម្បង ដូចខ្ញុំបានរៀបរាប់ពីខាងដើមរួចមកហើយអ៊ីចឹង មនុស្សយើងភាគច្រើន យល់ច្រឡំថា ទាល់តែរបស់ដែលនាំមកពីតំបន់ឆ្ងាយៗ ឬជារបស់ដែលគ្មានសោះ នៅក្នុងភូមិស្រុកប្រទេសខ្លួន ទើបគិតថាជារបស់ល្អ។ បើធ្លាប់គិតដូច្នេះ សូមងាកមកពិចារណា សាជាថ្មីម្ដងទៀត ព្រោះគំនិតពីមុន នៅមិនទាន់ត្រឹមត្រូវទេ។

ទី៣៖ កុំទិញឱ្យសោះ គ្រប់ផលិតផលលាបស្បែកទាំងឡាយណា ដែលឃោសនាប្រាប់ថា អាចជួយប្ដូរពណ៌ស្បែករបស់អ្នកបាន

សូមចងចាំថា ពណ៌ស្បែករបស់មនុស្សយើងម្នាក់ៗ ត្រូវបានកំណត់ដោយមេឡានីន។ តើ “មេឡានីន” គឺជាអ្វី? “មេឡានីន” គឺជាសារធាតុពណ៌ត្នោតម្យ៉ាងដែលតែងតែមានការប្រែប្រួលចំនួន អាស្រ័យលើជីវភាពរស់នៅរបស់យើង។ អ្នកមានស្បែកពណ៌ខ្មៅ ព្រោះមានជាតិមេឡានីនច្រើនខ្លាំង។ អ្នកមានស្បែកពណ៌ស ព្រោះមាន មេឡានីនតិចតួច។ ប្រសិនបើយើងមានស្បែកស ហើយយើងចេញដើរហាលថ្ងៃច្រើន ពេលនោះ ស្បែកយើងនឹងធ្វើស្វ័យប្រតិកម្ម ដោយផលិតគ្រាប់មេឡានីនឱ្យច្រើនខ្លាំងឡើង ដើម្បីទៅជួយការពារស្បែករបស់យើងពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ ដូច្នេះហើយ ទើបពេលយើងចេញដើរហាលថ្ងៃរឹតតែច្រើន ស្បែករឹតតែខ្មៅឡើង។ ហើយបើយើង ចូលចិត្តដើរហាលថ្ងៃ ដោយគ្មានលាបក្រែមការពារកម្ដៅ មិនបិទបាំងមុខមាត់ដោយកន្សែង មួក ឬឆ័ត្រ ទោះស្បែកផលិតមេឡានីនច្រើនប៉ុនណាក៏ជួយមិនបានដែរ យើងនឹងបានលទ្ធផលអាក្រក់មួយ គឺការឡើងខ្មៅជាំ លើផ្ទៃមុខ ហើយករណីរឹតតែធ្ងន់ គឺការឡើងគ្រាប់កន្ទួលខ្មៅៗនៅបរិវេន កញ្ចឹង ក ស្មា ជាដើម។ សម្រាប់ការឡើងជាំមុខមាត់នេះ ក៏មានមូលហេតុផ្សេងៗមួយចំនួនទៀតដែរ មិនមែនត្រឹមតែករណី ត្រូវកម្ដៅថ្ងៃ តែម្យ៉ាងនោះទេ។

ដូច្នេះ តើក្រែមលាបស្បែក ឬឡេលាបស្បែក ដែលធ្វើឱ្យលោកអ្នកមើលទៅឃើញមានសម្បុរភ្លឺថ្លា ស ជាងធម្មតានោះ តើបណ្ដាលពីអ្វី?

ច្បាស់ណាស់ថា វាមិនមែនបណ្ដាលមកពីវាមានប្រតិកម្មផ្លាស់ប្ដូរពណ៌ស្បែកទេ។ មូលហេតុដែលយើងលាបឡេ ហើយឃើញស្បែកខ្លួនឯងឡើងពណ៌ ស ភ្លឺថ្លា បណ្ដាលមកពី ឡេនោះ មានផ្សំសារជាតិគីមីម្យ៉ាង ដែលទៅខាត់ស្បែកចាស់ៗដែលនៅផ្ទៃខាងលើឱ្យដាច់ដោចជ្រុះអស់គ្មានសល់។ តាមពិតទៅ ប្រសិនបើយើង គ្រាន់តែងូតទឹក ដុសសាប៊ូធម្មតា ហើយយកស្បៃ សរសៃ ននោងមកដុះខាត់លើស្បែកជាប្រចាំ ក៏អាចធ្វើឱ្យស្បែកយើង មើលទៅឃើញភ្លឺរលោង ស ជាងមុនបានដែរ គ្រាន់តែវាមិនលឿនទាន់ចិត្ត ដូចលាបឡេដែលមានជាតិកាត់ស្បែក។

អ៊ីចឹងសួរថា បើលាបក្រែមឬឡេ ដែលមានជាតិកាត់ដូច្នេះ នឹងមានផលប៉ះពាល់អ្វីខ្លះ? ចម្លើយគឺ ប៉ះពាល់ច្រើនណាស់។ ដំបូងឡើយ វាបានចាប់បង្ខំស្បែកឱ្យជម្រុះកោសិកាចាស់ ទាំងដែលកោសិកាចាស់នោះ មិនទាន់ដល់ពេលត្រូវជ្រុះ។ យើងឧបមា ដូចជា ដំបៅក្រម៉ដែលក្រៀម មិនទាន់ជ្រុះ ហើយយើងយកដៃទៅកេះទាំងបង្ខំឱ្យវាជ្រុះចេញមក។ ពេលខ្លះ វាអាចទៅជាក្លាយ ពិបាកលើសដើម។ ដូច្នេះ ការប្រើឡេលាបស្បែក ដែលមានសារជាតិខាត់ដោយបង្ខំនេះ ក៏អាចរុញឱ្យយើងប្រឈមនឹងជំងឺមហារីកស្បែក ជំងឺសើស្បែកផ្សេងៗ ជាយថាហេតុ។

សូមសិក្សារៀនសូត្រថា នៅលើលោកនេះ មិនទាន់មានអ្នកប្រាជ្ញគីមីណា អាចមានលទ្ធភាព ប្ដូរពណ៌ស្បែករបស់មនុស្សបាននៅឡើយទេ។ ដូច្នេះ ប្រសិនបើមានគេឃោសនា លក់ផលិតផល ប្ដូរពណ៌ស្បែកមនុស្ស នោះជាអំពើបោកប្រាស់ហើយ។

សូមថែរក្សាស្បែករបស់លោកអ្នកឱ្យបានល្អ តាមរយៈការរក្សាសំណើមស្បែកជាប់ជាប្រចាំ។ សំណើមដែលល្អបំផុតសម្រាប់ស្បែកមនុស្សយើង គឺប្រេង។ ស្ត្រីក្នុងតំបន់អាស៊ី គួរជ្រើសរើសប្រើប្រេងដូងត្រជាក់ ដោយហេតុថា ដូងជាផល្លានុផលដ៏សម្បូរហូរហៀរនៅក្នុងតំបន់។

ប្រេងដូងដែលចម្រាញ់ត្រជាក់ ផ្ទុកពេញទៅដោយ អាស៊ីតខ្លាញ់ឆ្អែត ដែលប្រយុទ្ធប្រឆាំងនឹងភាពជ្រីវជ្រួញ ប្រឆាំងនឹងជំងឺសើស្បែកគ្រប់ប្រភេទ។ ប្រេងដូងត្រជាក់ បើប្រើជាអាហារបំប៉នសុខភាព នឹងជួយបញ្ចុះទម្ងន់រាងកាយ។ បើប្រើជាគ្រឿងសម្អាងលាបពីខាងក្រៅវិញ នឹងជួយបណ្ដុះសក់ បណ្ដុះរោម ការពារសង្វារ កាត់បន្ថយសង្វារដែលឡើងរួច ប្រយុទ្ធប្រឆាំងនឹងមេរោគសើស្បែក ជួយព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទ។

ប្រសិនបើលោកអ្នកជ្រើសរើសទិញផលិតផលគ្រឿងសម្អាង សូមរកមើលផលិតផលណាដែល ផ្សំពីវត្ថុធាតុដើម ប្រេងដូង ឬ ដូង លោកអ្នកនឹងចាយប្រាក់អស់តិចបំផុត ហើយទទួលបានលទ្ធផលខ្ពស់បំផុត។

______

អត្ថបទរក្សាសិទ្ធិដោយ លឹម វិរិយា

មន្ដស្នេហ៍កោះនរា (កំណាព្យបទ១០ព្យាង្គ)

កោះអើយកោះថ្លៃ ដែនដី កណ្ដាលធានី
កោះទួលធរណី គ្មានពីរ គួរឱ្យបេតី
ដុះដាលក្រាលគ្រង អន្ទង ឈោងចិត្តកវី
ស្រណោះពេលថ្ងៃ អាល័យ តែសុបិនយប់។

ឱ! កោះនរា ជាទី ប្រាថ្នា នែបនិត្យ
ចង់ផ្ដួលផ្ដេកផ្ដិត កាយកិត ដិតក្រោយទំនប់
នាមសែនពីរោះ ឈ្មោះដៅ ហៅគេឱ្យងប់
ព្រលឹមព្រលប់ ខំទប់ ចិត្តដែលរង់ចាំ។

បើសិនបានកោះ ខ្ញុំស្មោះ មិនទៅណាទេ
កណ្ដាលទន្លេ សរសេរ តែកាព្យបណ្ដាំ
ទុកសូត្រសាសង សូត្រឆ្លង កន្លងរយឆ្នាំ
បើកោះរងកម្ម ខ្ញុំចាំ នៅជួយជានិច្ច។
__________
វិរិយា🌸

ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅក្រោយភូមិគ្រឹះ លោកជំទាវ ទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ដែលមានទីតាំងនៅតំបន់កោះនរា រាជធានីភ្នំពេញ

កំណាព្យ៖ “សារថ្វាយព្រះអង្គ”


បទ៨ព្យាង្គ

ព្រះអង្គ!
បើសោយបាយមាន់ កុំចោលគូទវា
បើសោយបាយទា កុំភ្លេចទឹកសៀង
បើសោយបុកល្ហុង កុំភ្លេចត្រួយល្ងៀង
សោយឆ្អែតចង់ច្រៀង កុំឮក្រៅវាំង។

បើសោយបាយឆា កុំភ្លេចតែក្ដៅ
បើសោយញាំស្ដៅ កុំភ្លេចត្រួយរាំង
បើសោយខគោ កុំភ្លេចទំពាំង
ឫស្សីក្រៅវាំង កុំភ្លេចដាំផង។

បើសោយនំប៉័ង កុំភ្លេចប្រហុក
បើសោយហហ្មុក កុំភ្លេចក្ដាមខ្យង
បើសោយត្រីដុត កុំភ្លេចអង្ក្រង
សួនក្នុងរបង ប្រយ័ត្នវល្លិ៍ខ្ញែរ។

បើសោយគុយទាវ កុំភ្លេចប៉ែនចុក
សោយបាយម្ចាស់ស្រុក កុំភ្លេចអ្នកស្រែ
ដាក់ឈ្មោះកូនចៅ កុំភ្លេចឈ្មោះខ្មែរ
ទើបយើងអាចថែ ជាតិខ្មែរខ្លាំងបាន។
———-
បទព្រហ្មគីតិ

ព្រះអង្គចូរកុំភ្លេច
ស្រែខាងលិច គេទន្ទ្រាន
រាស្ត្រយើងកំពុងឃ្លាន
គេឈ្លានពាន ដឹកស្រូវចេញ។

រីឯស្រែខាងកើត
អ្នកចូលអើត ផ្តើតទន្ទេញ
ចូលមកចម្លងម្រេញ
ឆ្លងពាសពេញ ដែនបូព៌ា។

រាស្ត្រយើងចាកចោលស្រុក
ឆ្ងាយក្ដីសុខ រស់គ្រាំគ្រា
ឆីបាយឥតស្លាបព្រា
ទុក្ខវេទនា ជាអាហារ។

រាស្ត្រយើងកំពុងទ័ល
ឥតដែលស្គាល់ ក្ដីសុខា
បាត់ដីស្រែចម្ការ
គេបោះត្រា ដូរម្ចាស់ដើម។

មន្ត្រីខ្លះក្បាលខូច
រស់ប្រៀបដូច បិសាចឆ្នើម
បន្លំលបស៊ីថ្លើម
រលួយហើម ពាសនគរ។
————-
បទកាកគតិ

ព្រះអង្គយាងទត មើលសម្បុកខ្មូត
តាមធ្នឹមអង្គរ ដួងព្រលឹងជាតិ
ចង្អៀតពុទ្ធោ អ្នកឆ្មាំស៊ីជោរ
បន្ទរក្បួនខុស។

ព្រះអង្គយាងស្ដាប់ សំឡេងឈឺចាប់
រាស្ត្រយើងប្រាប់ចុះ ថ្លែងសារពិតទូល
ដីផុងដីស្លុះ អ្នកណាត្រូវខុស
គ្មានអ្នកការពារ។

ព្រះអង្គយាងយាស ឱ្យពាល់ដល់រាស្ត្រ
ច្បាស់នឹងដឹងគ្នា មន្ត្រីណាខូច
មួយណាល្អជា រាស្ត្ររងវេទនា
ជារឿងត្រូវខ្វល់។

ព្រះអង្គយាងគិត ទៅទតឱ្យជិត
រឿងពិតឥតកល កុំភ្លេចក្បួនប្រាជ្ញ
ជួយដោះបន្ទាល់ គឺប៉ះឱ្យដល់
ពាល់ឱ្យដឹងផ្លូវ។

———

បទភុជង្គលីលា

ព្រះអង្គ! បើសោយក្រយា កុំភ្លេចនឹកថា អ្នកណាដាំស្រូវ។

ស្រែខ្មុកនៅស្រុកម៉ែឪ វស្សានរដូវ រណ្ដំជាំជោក។

ខំប្រឹងដាំដុះគរគោក តែបាយមួយស្ពក រកដោយពិបាក។

ព្រោះសងបំណុលឥតស្រាក ជីវិតតោកយ៉ាក គេខាកគេស្ដោះ។

ទឹកភ្នែករែកមិនពេញសោះ ហូរចេញឡើងខ្សោះ ស្ទើរខ្វាក់នេត្រា។

អ្នកក្រស្រែកបន់ទេព្ដា សំឡេងឥតការណ៍ រំពងមិនឮ។

ដេកយប់បារម្ភមេឃភ្លឺ ថ្ងៃរះព្រួចព្រឺ ភ័យខ្លាចអត់បាយ។

ជំពាក់រុំកោះជិតឆ្ងាយ បំណុលស្រោបកាយ ក្លាយត្រីវិស័យ។

ចង្អុលទិសណាក៏ក្ស័យ បន់យប់បន់ថ្ងៃ សូមត្រឹមតែរស់។

ព្រះអង្គជាស្ដេចពេញយស មានងារពីរោះ ឈ្មោះល្បីខ្ទ័រខ្ទារ។

សូមកុំទុករាស្ត្រប្រជា ឱ្យរស់គ្រាំគ្រា វេទនាទៀតថ្វី។

នគរថ្កើងប្រជាប្រិយ លុះត្រាប្រុសស្រី មានសិរីថ្កាន។

អំណាចព្រះអង្គប៉ុន្មាន បើរាស្ត្រក្ស័យប្រាណ បានអ្នកណាទ្រ?

ច្នេះហើយ មេត្ដាផ្លាស់ប្ដូរ គ្រោងការណ៍នគរ យករាស្ត្រផ្ចិតផ្ចង់។

ជីវិតខ្លីណាស់ ព្រះអង្គ! ឈើវៀចឈើត្រង់ គង់តែឆេះសុស។

ជីវិតមានត្រូវមានខុស ចុងក្រោយចំណុះ ឱនមុខយមបាល។

សូមកម្ពុជាកណ្ដាល រក្សាក្រាស់ក្រាល ដោយថ្នាលសន្តិ។

លឹម វិរិយា

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមេសា គ.ស. ២០២៣


រូបថតអនុស្សាវរីយ៍ ក្នុងកម្មវិធីមហោស្រពអក្សរសីល្ប៍និងកំណាព្យអន្តរជាតិ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម ឆ្នាំ ២០១៩
រូបគំនូរបង្ហាញពីជនភៀសខ្លួនខ្មែរ ដែលដាក់តាំងបង្ហាញ នៅក្នុងសាលនៃអ្នកឈ្នះ ជ័យលាភីអាហារពិភពលោក (World Food Prize Hall of Laureates) នាទីក្រុង ឌែសម៉ញស៍ (Des Moines) រដ្ឋអៃអូវ៉ា (Iowa) សហរដ្ឋអាមេរិក។

ផ្កាយរះដុះកន្ទុយ (កំណាព្យ៨ព្យាង្គ)

ខានតែងកាព្យយូរ ដូចជាជូរមាត់
ព្រោះមានគេឃាត់ បត់ម៉ាកែងដៃ
កំណាព្យកាព្យឃ្លោង លងទាំងយប់ថ្ងៃ
អាឡោះខ្នោះដៃ ដូចអាល័យស្នេហ៍។

គិតទៅផ្លូវលោក រោគវាហៀរហូរ
អ្នកធំប៉ិនប្រូ កូរតែស្រុកខ្មែរ
ខូវីដចេញថ្មី ល្បីល្បាញផងដែរ
អ្នកក្រុងអ្នកស្រែ ប្រឹងថែជីវិត។

អ្នកហ៊ានរិះគន់ ជន់តែទឹកភ្នែក
ច្បាស់ជាបានដេក ភ្នែកបិទលែងជិត
នគរតូចថ្កើង ឡើងធំកំពិត
មុខវាំង ងងឹត ព្រោះគេផ្ដាច់ភ្លើង។

ឥឡូវអស់លុយ រុយក៏លែងរោម
ជង្រុកទ្រុឌទ្រោម បាក់លោមទាំងទ្រើង
ផ្សារធ្លាប់មានចោរ បែរស្ងាត់រលើង
លិចកើតត្បូងជើង ភ្លើងឡានពេទ្យឆ្លង។

វ៉ាក់សាំងគេចាក់ បាក់ម្ជុលរាប់លាន
មេរោគនៅឃ្លាន ឈ្លានពានចម្លង
មនុស្សស្លាប់ឡើងពាយ ធ្លាយទាំងពេទ្យផង
ជាតិនេះហែលឆ្លង ដល់ត្រើយទេណឹះ?!

យប់ឡើងខ្ញុំដេក មើលមេឃរាប់ផ្កាយ
ហើយបរិយាយ អភិប្រាយទើស
តែងកាព្យវែងពេក រែកពន់មិនរើស
ឃើញផ្កាយខ្លះល្មើស រះដុះកន្ទុយ។

ផ្កាយដុះកន្ទុយ ខ្ញុំអង្គុយគិត
អង្គប់ជីវិត គិតទៅវាស្អុយ
កៅអីតែមួយ ស្រាប់តែពុកផុយ
ពុកបាក់ឡើងហុយ អ្នកហិតកេីតហឺត។

ថៅកែមេរោគ គ្រងឈុតក្រហម
សំឡេងថ្នមៗ បីបមសូមបឺត
បបោសអង្អែល ហើយថើបមួយខ្សឺត
ផលិតថ្នាំហឺត លក់ប្រមូលលុយ។

ស្រុកភូមិខាងខ្ញុំ អ្នកស្រុកដំណាល
ថែខ្លួនអត់ក្បាល សុទ្ធតែជាប់នុយ
គេស្ទូចយកសួត តាមឡានសាមុយ
ចុងក្រោយដុតហុយ បង្ហើរតាមខ្យល់។

បើសិនឆ្នាំក្រោយ នៅដោយរោគឆ្លង
ច្បាស់ជាស្លាប់ម្ដង ឆ្លងផុតកង្វល់
ចាំចាប់ជាតិថ្មី លៃលកឱ្យដល់
នឹងរស់លែងខ្វល់ នៅឋានព្រះចន្ទ។
________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា គ.ស. ២០២១

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសមចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រុងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
វិរិយា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅលើយន្តហោះ កំពុងធ្វើដំណើរចេញពី ក្រុងកាតា ឆ្ពោះទៅទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន

កូនឈើ (កំណាព្យបទ៧ព្យាង្គ)

កូនឈើមួយដើមផ្ដើមដាក់ដាំ ស្រោចទឹកថែចាំផ្ដាំម្ចាស់ដី

ប្រសិនឈើធំឥតទាស់អ្វី មានម្លប់ត្រឈៃអាស្រ័យបាន។

កូនឈើមួយទងទំនងរស់ លូតលាស់មានឈ្មោះពីរោះក្សាន្ត

នួន-បេង-គគីរ ទីសម្រាន្ត ភ្លៀងខ្យល់ប៉ុន្មានក៏មិនដួល។

កូនឈើមួយគុម្ពជញ្ជ្រំដី កាយកប់ទាំងថ្ងៃលើដីទួល

ប្រសិនភ្លៀងធ្លាក់តាមសម្រួល គ្មានព្យុះរមួលច្បាស់ជាមាំ។

កូនឈើពូជមួយត្រួយពន្លក ជាទីជម្រកសត្វច្រៀងរាំ

ជាម្លប់នៃមនុស្ស រស់បានសម សូមជួយថែទាំទម្រាំធំ។

កូនឈើមួយមែក រែកជីវិត រួមរស់ជុំជិត ដិតទ្រនំ

ឈើលាស់ត្រសាយ ថ្វាយបង្គំ ក្រាបទូលជើងភ្នំ សុំទឹកភ្លៀង។

សូមឧទ្ទិសដល់អ្នកខ្វល់គិត ការពាររួបរឹត គិតឥតល្អៀង

រស់ដោយថ្លៃថ្នូរ មិនប្ដូរសៀង ស័ព្ទសូរនៅទៀង រៀងដរាប។

សូមរំឭកគុណដល់ធម្មជាតិ សមុទ្រ ដីគ្រាត បៀតទឹកសាប

នែបនិត្យ ដិតនៅ ផ្លូវឥតបាប សាងពូជព្រោះសាបជួយជីវិត។

សូមឱ្យព្រៃឈើលើផែនដី ដុះដាលក្រាលផ្ទៃដីអម្រឹត

គ្រាន់បានជួយយោងដង្ហើមពិត ដង្ហោយឱ្យដិតជិតធម្មព្រះ។

សូមឱ្យព្រៃឈើខ្មែរនៅគង់ រឹងមាំយូរលង់ ទ្រនុងឈ្នះ

សង្គ្រោះភពឋានបានជម្នះ រុងរឿងតេជះ រះរុងរោចន៍។

——-

វិរិយា 🌸

🌱 ថ្ងៃអាទិត្យ ៣រោច ខែពិសាខ ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា គ.ស. ២០២៣

រូបថតអនុស្សាវរីយ៍នៅក្នុងសាលាបឋមសិក្សាមួយ នាស្រុកសង្កែ ខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៧ អំឡុងពេលខ្ញុំនៅធ្វើការងារស្មគ្រចិត្ត ទាក់ទងនឹងការជួយសង្គម តាមរយៈ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា (CSU-ACA)

បេះដូងឥន្ទធនូ (កំណាព្យបទ៨ព្យាង្គ)

ទឹកភ្លៀងធ្លាយហូរតាម-ទ-ជេីងមេឃ
ចាក់បំពេញព្រែក ដែលដេករីងរាំង
វាលស្រែឥតស្រូវ ហួសរដូវប្រាំង
ញញឹម​មីងមាំង ទាំងទឹករហាច។

ក្រោយភ្លៀងលាងមេឃ​ គុម្ពចេករលួយ
ដេីមទ្រាំងលាស់ត្រួយ​ បង្គួយ​ប្រែកាច
ចាបដូរសម្បុក នៅចុងដេីមត្រាច
កង្កែប​ភ័យខ្លាច ស្រែកយំទ្រហឹង។

ភ្លៀងនៅស្រុកខ្មែរ​ អ្នកស្រែរស់ស្រួល
ដីក្ដៅសេីមឆួល​ រមួលព្រលឹង
ព្រលឹតលំចង់​ រហង់ទន្ទឹង
ចាំគេដណ្ដឹង ក្រោយខែវស្សា។

វស្សានរដូវ ពៅនៅតែចាំ
រហូតចុងឆ្នាំ តាមបណ្ដាំចារ
ពាក្យពេចន៍​ខ្លីៗ ​ស្ដីសូមតាមសារ
បង្កប់សន្យា ថានឹងប្រចួប។

ជេីងមេឃធ្វេីងេីយ​ ដូចជាឈ្លេីយពេក
ឥន្ទធនូ​កោងរែក​ នាងដេករាប់ខួប
រំដួលអង្គរ​ វល្លិ៍​ឈេីរឹតរួប
ចង់ផ្ទឹមដៃផ្គួប​ រោយដោយផ្កាស្លា។

ជំនោរខែជេស្ឋ​ ភ្លៀងធ្លាក់​ជោកជាំ
ខ្យល់បក់រណ្ដំ​ ដូចផ្សំចេតនា
ឱ្យកញ្ជ្រោលបក់ ល្អក់ដួងចិន្ដា
ដូចបណ្ដាសា អាទិទេពស្នេហ៍។
————-
វិរិយា​🌸

ថ្ងៃ​អង្គារ​ ១៤កេីត​ ខែជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស.​ ២៥៦៥
ត្រូវ​នឹង​ថ្ងៃទី​ ២៥​ ខែ​ឧសភា​ គ.ស.​ ២០២១

រូបថតនៅលើដំបូលផ្ទះ ក្រុងសៀមរាប ក្រោយមេឃភ្លៀងមួយមេធំនាពេលរសៀល

បុណ្យមាឃបូជា (កំណាព្យបទ៨ព្យាង្គ)

មាឃពេញបូណ៌មីប្រពៃខ្ពង់ខ្ពស់
រឭកនឹកឆ្ពោះដល់ពុទ្ធសាសនា
ថ្ងៃដែលព្រះអង្គចេញផ្សាយគោលការណ៍
ដប់មួយប្រការ “ឱវាទបាដិមោក្ខ” (១) ។

ច្នេះពុទ្ធបរិស័ទ សូមឱនគារវៈ
វន្ទាស្មោះស្ម័គ្រព្រមទទួលយក
ដើរតាមលំអានព្រះវិសុទ្ធលោក
រីករាយបង្កូកប្រកាស ចតុរង្គ (២)។

រឭកថ្ងៃបុណ្យហៅ “មាឃបូជា”
កូនខ្មែរគ្រប់គ្នាសូមថ្វាយបង្គំ
មានទៀនធូបផ្កាបូជា ជាធំ
តាំងសីលឱ្យងំឱ្យដល់និព្វាន។

សូមបានចាកផុតវាលវដ្ដសង្សារ
វែងឆ្ងាយក្រៃណារកស្ងប់ផងគ្មាន
សូមរតនត្រៃ ច្នៃធ្វើជាស្ពាន
ឆ្លងគ្រប់ជំហានមានតែសន្តិ។

សូមពុទ្ធសាសនាស្ថិតនៅអមតៈ
ជាធម៌ប្រត្យក្ស ពេញដោយគតិ
អប់រំមនុស្សលោកឱ្យលះអស្មិ
ទុក្ខំ នត្ថិ ចិរស្សំ (៣) បាំងកើយ។

សូមអធិដ្ឋានដល់ ទសបារមី (៤)
ដ៏អស្ចារ្យក្រៃគ្មានអ្វីប្រៀបឡើយ
សូមភពនៃមនុស្សបានឈានដល់ត្រើយ
មាឃបូជាហើយ ឆ្លើយថា សាធុ!
_________
វិរិយា🌸

ថ្ងៃអង្គារ៍ ១៥កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ៣ ខែ កុម្ភៈ គ.ស. ២០១៥
________
#ពន្យល់វាក្យស័ព្ទ

(១) “ឱវាទបាដិមោក្ខ” គោលការណ៍ទាំង១១ប្រការដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានប្រកាសឱ្យមនុស្សលោកយកទៅអនុវត្តដើម្បីសេចក្ដីសុខក្នុងជីវិត។
(២) មកពីពាក្យ “ចតុរង្គសន្និបាត” មានន័យថា៖ ការប្រជុំដោយអង្គ៤ របស់ព្រះសម្មាសម្ពុទ្ធ គ្រប់ព្រះអង្គដើម្បីទ្រង់សម្ដែងនូវ “ឱវាទបាដិមោក្ខ”។
(៣) ទុក្ខំ = សេចក្ដីលំបាក ទុក្ខព្រួយ / នត្ថិ = ដែលគ្មាន / ចិរស្សំ = យូរលង់ជាអង្វែង រៀងរហូត
(៤) “ទសបារមី” គឺបារមីទាំង១០ មាន៖ ១.ទានបារមី ២.សីលបារមី ៣.នេក្ខម្មបារមី ៤.បញ្ញាបារមី ៥.វិរិយបារមី ៦.ខន្តិបារមី ៧.សច្ចបារមី ៨.អធិដ្ឋានបារមី ៩.មេត្តាបារមី ១០.ឧបេក្ខាបារមី។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឱ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ។

ជំនោរដួងចិត្ត (កំណាព្យបទ៧ព្យាង្គ)

ជំនោរភទ្របទជិតផុតហើយ
អស្សុជចាំឆ្លើយក្រោយបុណ្យភ្ជុំ
អន្សមជ្រូកចេកផ្លែឈើនំ
ញាតិផៅជំនុំរៀបជាថ្មី។

ប្រសិនបើភ្លៀងទៀងដូចដើម
រាំងអស់លែងសើមសំណើមដី
ជំនោរកត្តិកទឹកឡើងត្រី
យើងជួបជាថ្មីឆ្លងឆ្នាំគ្រិស្ដ។

បើបុណ្យអុំទូកនៅតែមាន
វាសនាព្រៀងលានលែងទង្គឹះ
ខ្ញុំនឹងវិលវៃមកចាក់គ្រឹះ
រួមរស់ចាក់ឫសដែនអង្គរ។

បើសម្ពាយបុណ្យមិនចុនយ៉ាក
ខ្ញុំមិនកំសាកឆ្លងទឹកហូរ
ជោគជ័យជឿជាក់ធ្នាក់អម្ពរ
ពើបតែពុទ្ធោ ពរស័ក្ដិសិទ្ធ។

សូមឱ្យផែនដីមានឆព្វណ្ណ
រស្មីច្រើនជាន់វ័ណ្ឌដោយឫទ្ធិ
រុងរឿងលឿងឆ្អិនកសិណពិត
ពណ៌មាសដាមដិតដូចតេជះ។

ជំនោរទឹកភ្លៀងចុងរនោច
ភទ្របទហាក់ដូចគ្មានថ្ងៃរះ
រឿងរ៉ាវខែភ្ជុំភ្ជាប់រឿងព្រះ
ទំនៀមម្ចាស់ផ្ទះទម្លាប់ខ្មែរ។

ជំនោរដួងចិត្តអាណិតស្រុក
ចង់ស្រែករំអុកដុកដាន់ដែរ
ឱ្យអ្នកដីក្រុងប្រុងអ្នកស្រែ
គិតគូរជួយថែកសិករ។

ដែនដីសុវណ្ណប្រកាន់ខ្ជាប់
ទំនៀមទម្លាប់ទ្រាប់បន្ត
ទុកធ្វើជាកេរដំណែលល្អ
គឺវប្បធម៌ព្រលឹងជាតិ។

សូមគ្រប់គ្នារស់ឱ្យត្រឹមត្រូវ
ចៀសផុតអាស្រូវក្ដៅផៅញាតិ
ផ្លូវជាកណ្ដាលក្រាលឥតគ្រាត
រស់នៅសូមជ្រៀតក្បែរធម៌ព្រះ។
——-
វិរិយា🌸

ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា គ.ស. ២០២២

ពន្លឺសាយណ្ហ (កំណាព្យបទ៨ព្យាង្គ)

ពន្លឺសាយ័ណ្ហ ជាន់ទងព្រលឹង
ជើងមេឃសន្ធឹង សញ្ជឹងរាត្រី
ដែលនឹងឆ្លាស់វេន ប្រគេនផែនដី
កំដរហឫទ័យ នៃនារីម្នាក់។

ពន្លឺសាយ័ណ្ហ បន់សូមឱ្យយប់
ដូចគេប៉ងជប់ សុបិនពីរនាក់
ថ្ងៃលិចក្រោយភ្លៀង ផ្ទៀងជំនឿជាក់
មន្តស្នេហ៍រាក់ៗ អន្ទាក់ម្ចាស់ព្រាន។

ពន្លឺសាយ័ណ្ហ ឆព្វណ្ណម្ខាងមេឃ
ជះរស្មីផ្លេក ដូចរែកឱ្យឈាន
សម្រាប់ដើរឆ្លង កន្លងម្ចាស់ស្ពាន
កន្លែងទន្ទ្រាន រុករានឱ្យខូង។

ពន្លឺសាយ័ណ្ហ អង្កន់ដួងចិត្ត
ឱ្យរង្កៀសខិត ដិតដាមបេះដូង
ទោះបីដាច់ដោច ល្អោចអស់ទាំងហ្វូង
នៅមិនរំលង យោងអំពល់គិត។

ពន្លឺសាយ័ណ្ហ គ្រាន់ជាងសូរ្យគ្រាស
មានរស្មីមាស ជះស្រមោលពិត
ទៀងទាត់កត់ចាំ ផ្ដាំភពងងឹត
អាចគប់ជាមិត្ត រឹតតែរុងរោចន៍។

ពន្លឺសាយ័ណ្ហ រួសរាន់ផ្ញើសារ
បង្កប់សន្យា ស្នេហាលន្លោច
អន្លង់កាមទេព ពេបជ្រាយប្រដូច
រាត្រីរនោច ផ្អូចរង់ចាំខែ។
____________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា គ.ស. ២០២១