Tag Archives: Philosophical Life

កំណាព្យ៖ “សារថ្វាយព្រះអង្គ”


បទ៨ព្យាង្គ

ព្រះអង្គ!
បើសោយបាយមាន់ កុំចោលគូទវា
បើសោយបាយទា កុំភ្លេចទឹកសៀង
បើសោយបុកល្ហុង កុំភ្លេចត្រួយល្ងៀង
សោយឆ្អែតចង់ច្រៀង កុំឮក្រៅវាំង។

បើសោយបាយឆា កុំភ្លេចតែក្ដៅ
បើសោយញាំស្ដៅ កុំភ្លេចត្រួយរាំង
បើសោយខគោ កុំភ្លេចទំពាំង
ឫស្សីក្រៅវាំង កុំភ្លេចដាំផង។

បើសោយនំប៉័ង កុំភ្លេចប្រហុក
បើសោយហហ្មុក កុំភ្លេចក្ដាមខ្យង
បើសោយត្រីដុត កុំភ្លេចអង្ក្រង
សួនក្នុងរបង ប្រយ័ត្នវល្លិ៍ខ្ញែរ។

បើសោយគុយទាវ កុំភ្លេចប៉ែនចុក
សោយបាយម្ចាស់ស្រុក កុំភ្លេចអ្នកស្រែ
ដាក់ឈ្មោះកូនចៅ កុំភ្លេចឈ្មោះខ្មែរ
ទើបយើងអាចថែ ជាតិខ្មែរខ្លាំងបាន។
———-
បទព្រហ្មគីតិ

ព្រះអង្គចូរកុំភ្លេច
ស្រែខាងលិច គេទន្ទ្រាន
រាស្ត្រយើងកំពុងឃ្លាន
គេឈ្លានពាន ដឹកស្រូវចេញ។

រីឯស្រែខាងកើត
អ្នកចូលអើត ផ្តើតទន្ទេញ
ចូលមកចម្លងម្រេញ
ឆ្លងពាសពេញ ដែនបូព៌ា។

រាស្ត្រយើងចាកចោលស្រុក
ឆ្ងាយក្ដីសុខ រស់គ្រាំគ្រា
ឆីបាយឥតស្លាបព្រា
ទុក្ខវេទនា ជាអាហារ។

រាស្ត្រយើងកំពុងទ័ល
ឥតដែលស្គាល់ ក្ដីសុខា
បាត់ដីស្រែចម្ការ
គេបោះត្រា ដូរម្ចាស់ដើម។

មន្ត្រីខ្លះក្បាលខូច
រស់ប្រៀបដូច បិសាចឆ្នើម
បន្លំលបស៊ីថ្លើម
រលួយហើម ពាសនគរ។
————-
បទកាកគតិ

ព្រះអង្គយាងទត មើលសម្បុកខ្មូត
តាមធ្នឹមអង្គរ ដួងព្រលឹងជាតិ
ចង្អៀតពុទ្ធោ អ្នកឆ្មាំស៊ីជោរ
បន្ទរក្បួនខុស។

ព្រះអង្គយាងស្ដាប់ សំឡេងឈឺចាប់
រាស្ត្រយើងប្រាប់ចុះ ថ្លែងសារពិតទូល
ដីផុងដីស្លុះ អ្នកណាត្រូវខុស
គ្មានអ្នកការពារ។

ព្រះអង្គយាងយាស ឱ្យពាល់ដល់រាស្ត្រ
ច្បាស់នឹងដឹងគ្នា មន្ត្រីណាខូច
មួយណាល្អជា រាស្ត្ររងវេទនា
ជារឿងត្រូវខ្វល់។

ព្រះអង្គយាងគិត ទៅទតឱ្យជិត
រឿងពិតឥតកល កុំភ្លេចក្បួនប្រាជ្ញ
ជួយដោះបន្ទាល់ គឺប៉ះឱ្យដល់
ពាល់ឱ្យដឹងផ្លូវ។

———

បទភុជង្គលីលា

ព្រះអង្គ! បើសោយក្រយា កុំភ្លេចនឹកថា អ្នកណាដាំស្រូវ។

ស្រែខ្មុកនៅស្រុកម៉ែឪ វស្សានរដូវ រណ្ដំជាំជោក។

ខំប្រឹងដាំដុះគរគោក តែបាយមួយស្ពក រកដោយពិបាក។

ព្រោះសងបំណុលឥតស្រាក ជីវិតតោកយ៉ាក គេខាកគេស្ដោះ។

ទឹកភ្នែករែកមិនពេញសោះ ហូរចេញឡើងខ្សោះ ស្ទើរខ្វាក់នេត្រា។

អ្នកក្រស្រែកបន់ទេព្ដា សំឡេងឥតការណ៍ រំពងមិនឮ។

ដេកយប់បារម្ភមេឃភ្លឺ ថ្ងៃរះព្រួចព្រឺ ភ័យខ្លាចអត់បាយ។

ជំពាក់រុំកោះជិតឆ្ងាយ បំណុលស្រោបកាយ ក្លាយត្រីវិស័យ។

ចង្អុលទិសណាក៏ក្ស័យ បន់យប់បន់ថ្ងៃ សូមត្រឹមតែរស់។

ព្រះអង្គជាស្ដេចពេញយស មានងារពីរោះ ឈ្មោះល្បីខ្ទ័រខ្ទារ។

សូមកុំទុករាស្ត្រប្រជា ឱ្យរស់គ្រាំគ្រា វេទនាទៀតថ្វី។

នគរថ្កើងប្រជាប្រិយ លុះត្រាប្រុសស្រី មានសិរីថ្កាន។

អំណាចព្រះអង្គប៉ុន្មាន បើរាស្ត្រក្ស័យប្រាណ បានអ្នកណាទ្រ?

ច្នេះហើយ មេត្ដាផ្លាស់ប្ដូរ គ្រោងការណ៍នគរ យករាស្ត្រផ្ចិតផ្ចង់។

ជីវិតខ្លីណាស់ ព្រះអង្គ! ឈើវៀចឈើត្រង់ គង់តែឆេះសុស។

ជីវិតមានត្រូវមានខុស ចុងក្រោយចំណុះ ឱនមុខយមបាល។

សូមកម្ពុជាកណ្ដាល រក្សាក្រាស់ក្រាល ដោយថ្នាលសន្តិ។

លឹម វិរិយា

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមេសា គ.ស. ២០២៣


រូបថតអនុស្សាវរីយ៍ ក្នុងកម្មវិធីមហោស្រពអក្សរសីល្ប៍និងកំណាព្យអន្តរជាតិ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម ឆ្នាំ ២០១៩
រូបគំនូរបង្ហាញពីជនភៀសខ្លួនខ្មែរ ដែលដាក់តាំងបង្ហាញ នៅក្នុងសាលនៃអ្នកឈ្នះ ជ័យលាភីអាហារពិភពលោក (World Food Prize Hall of Laureates) នាទីក្រុង ឌែសម៉ញស៍ (Des Moines) រដ្ឋអៃអូវ៉ា (Iowa) សហរដ្ឋអាមេរិក។

“អ្នកចាញ់” មិនមែនជាព្រះ ទេ ហើយ “អ្នកឈ្នះ” ក៏មិនមែនជាមារដែរ

ពាក្យថា “ចាញ់ជាព្រះ ឈ្នះជាមារ” ជាពាក្យដែលជនជាតិខ្មែរបានឮមកឡើងស៊ាំត្រចៀកតាំងពីកើត ហើយក៏មិនដឹងថាគេបង្កើតពាក្យលួងលោមនេះតាំងពីជំនាន់ណាមកដែរ។ វាប្រហែលជា គេនិយាយសម្រាប់កំដរលទ្ធផលមនុស្សចាញ់ កុំឲ្យពិបាកចិត្តខ្លាំងពេក ទាំងដែលពាក្យនេះគ្មានសច្ចៈន័យអ្វីសូម្បីតែបន្តិច។

អ្នកណាក៏ដឹងដែរថា តួអង្គព្រះ គឺជាសភាវៈដ៏បរិសុទ្ធ និងខ្ពង់ខ្ពស់លើសអស់រូបធាតុនានាក្នុងដែនចក្រវាល។ ព្រះមិនដែលចាញ់នរណាទេ ព្រះឈ្នះអស់សូម្បីតែពពួកព្រហ្ម ទេវតា មនុស្ស សត្វតិរច្ឆាន អសុរកាយ ប្រេត និងសត្វនរក សុទ្ធតែមិនអាចផ្ចាញ់ព្រះបានឡើយ។ ពាក្យដែលគេនិយាយថា “សូម្បីតែព្រះ ក៏មានមារតាមផ្ចាញ់” ពិតជាត្រឹមត្រូវហើយ ប៉ុន្តែមិនមែនមានន័យថា ព្រះចាញ់មារទេ។

ហេតុអ្វីបានជាជនជាតិខ្មែរ និយមនាំគ្នាថែរក្សាផ្នត់គំនិតអន់ៗបែបនេះ? ឈប់សាបព្រោះគំនិតអន់ថយបែបនេះទៀតទៅ។ អ្នកចាញ់ គឺជាមនុស្សអន់ខ្សោយ បើគេខ្លាំង គេនឹងឈ្នះមិនខាន។ បើខ្លួនឯងខ្សោយរហូតដល់គេជាន់លិចក្បាលចូលក្នុងភក់ជ្រាំ សូមកុំហៅខ្លួនឯងធៀបទៅនឹងព្រះ។ អ្នកត្រូវស្វែងរកធម៌ព្រះមកអប់រំខ្លួនឯង ស្វែងរកគំនិតជាគន្លឹះដែលអាចជួយឲ្យឈ្នះគេមកវិញ។ អាវុធតែមួយគត់ដែលអាចជួយអ្នកឲ្យឈ្នះបាន គឺកម្លាំងបញ្ញា និងកម្លាំងបុណ្យដ៏បរិសុទ្ធ។ ដើម្បីបានអាវុធទិព្វទាំងនេះ អ្នកត្រូវនៅខាងព្រះ។

ធ្វើដូចម្ដេចទើបដឹងថាខ្លួនឯងកំពុងនៅខាងព្រះ ឬ នៅខាងមារ?

អ្នកនៅខាងព្រះ ជាអ្នករក្សាសីលទាំង៥ រួមមានដូចជា៖ ១. មិនសម្លាប់ជីវិតគេដើម្បីបំប៉នអំណាចខ្លួនឯងឬដើម្បីបានសប្បាយចិត្ត។ ២. មិនលួចទ្រព្យគេឬប្រព្រឹត្តិទុច្ចរិតពុករលួយ។  ៣. មិនវង្វេងក្នុងកាមរហូតដល់បំពានអ្នកដទៃ។ ៤.មិនកុហកបោកប្រាសគេដើម្បីបំពេញតណ្ហាខ្លួនឯង។  ៥. មិនផឹកស្រារហូតដល់ស្រវឹងវង្វេងស្មារតី។

អ្នកនៅខាងព្រះជាអ្នករក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ៖ សីល (រៀបរាប់ខាងលើ) សមាធិ (ប្រតិបត្តិរឿយៗជាប្រចាំ) និង បញ្ញា (សិក្សារៀនសូត្រគ្រប់ពេលវេលា)។

អ្នកនៅខាងព្រះ ដាច់ខាតមិនប្រព្រឹត្តិរឿងកខ្វក់ស្មោកគ្រោក ដូចជា៖ បញ្ចុះអាគមគាថា (ពាក់ខ្សែកថា ចារយ័ន្តផ្សេងៗ)។ រកគ្រូធ្មប់រៀបចំអាសនៈក្នុងផ្ទះសម្បែង ចិញ្ចឹមព្រលឹងខ្មោច ដើម្បីជាទាសករដាច់ថ្លៃឲ្យជួយជ្រោមជ្រែងហិរញ្ញវត្ថុខ្លួនឯង (បាបអាក្រក់ខ្លាំងណាស់)។ ទៅស្រោចទឹករំដោះគ្រោះជាប្រចាំ ធ្វើពិធីកម្មផ្សេងៗឧបកិច្ចដើម្បីលាងកម្មពៀរខ្លួនឯងដែលសាងមកអាក្រក់ៗ ដូចជា ព្រលែងចាប លែងអណ្ដើក អារកឆ្កែឆ្មាយកឈាមបូជាពួកអមនុស្ស ព្រាយបិសាច…។ល។ អ្នកគិតតែខំសាងកម្មទុច្ចរិត ហើយបន្ទាប់មកស្វែងរកពិធីរំដោះគ្រោះខ្លួនឯងដូច្នេះឬ? វាមិនត្រឹមតែជាជីវិតដ៏ស្មោកគ្រោកទេ ថែមទាំងល្ងង់ខ្លៅទៀតផង។ ព្រះតែងតែហាមរឿងទាំងនេះ ក្នុងលក្ខខណ្ឌដាច់ខាត។

ពិចារណាសាឡើងវិញ! តើអ្នកសព្វថ្ងៃ នៅខាងព្រះ ឬនៅខាងពួកមារ? បើជីវិតអ្នករាល់ថ្ងៃស្គាល់តែបរាជ័យឥតល្ហែ សូមភ្ញាក់រឭកគិតដល់ទម្លាប់ប្រចាំជីវិតអ្នកឡើងវិញទៅមើល៍។ “បុណ្យ” ជារឿងងាយធ្វើណាស់ ប៉ុន្តែ “បាប” វិញរិតតែងាយធ្វើជាងបុណ្យទៅទៀត ហើយមនុស្សដែលខ្វះសតិ ខ្វះសមាធិ ច្រើនតែភ្លាត់ចូលក្នុងបាប ហើយច្រឡំថាខ្លួនឯងកំពុងធ្វើបុណ្យទៅវិញ។

បើនៅខាងព្រះ​អ្នកត្រូវស្គាល់ព្រះឲ្យច្បាស់។ ក្នុងអត្ថបទនេះ ខ្ញុំមិននិយាយពីព្រះណាទាំងអស់​ ក្រៅពីព្រះពុទ្ធ។ ព្រះពុទ្ធចូលបរិនិពាន្វហើយ បើចង់សម្ដែងការគោរពចំពោះព្រះអង្គ ត្រូវដើរតាមធម៌របស់ព្រះអង្គ មិនមែនទៅលុតជង្គង់អុជធូប ដុតទៀន សូត្រមេរៀនជាភាសាបាលីដែលស្ដាប់មិនយល់អ្វីសោះនោះ ក៏ទេដែរ។ ហើយរិតតែខុសទៀត បើអ្នក ទៅបន់ស្រន់សូមពរពីព្រះពុទ្ធ។ នៅក្នុងសាសនាផ្សេង ប្រហែលគេបង្រៀនអ្នកឲ្យសូមពរពីព្រះ ប៉ុន្តែក្នុងបំណងព្រះពុទ្ធ នោះជារឿងខុស។ ព្រះពុទ្ធមិនដែលបានឲ្យពរនរណាទេ (ខ្ញុំនឹងបកស្រាយពីពុទ្ធពរទាំង៤ប្រការក្នុងអត្ថបទក្រោយ) ពុទ្ធសាសនាក៏មិនមែនជាសាសនាសម្រាប់បួងសួង ឬ បន់ស្រន់ដែរ។ ពុទ្ធសាសនា ជាសាលារៀនបែបវិជ្ជាជីវៈស្ដីពី ទស្សនវិជ្ជាជីវិត គឺបង្គាប់មនុស្សឲ្យរៀនរស់ឲ្យបានសម និងបានស្របជាមួយនឹងធម្មជាតិតែប៉ុណ្ណោះ។

ម្ដងទៀត ហើយទន្ទេញឲ្យចាំថា “បើនៅខាងព្រះ អ្នកនឹងឈ្នះជានិច្ច” ។

ដោយ លឹម វិរិយា🌸 (មនុស្សដែលគិតខុសពីគេក្នុងសង្គម)

ទ្រឹស្ដីនៃកម្មផល…

រយៈពេល១ម៉ោង អាចធ្វើឲ្យ១ថ្ងៃរបស់យើងប្រែប្រួលបាន ហើយ រយៈពេល១ថ្ងៃដែលប្រែប្រួលនោះ អាចធ្វើឲ្យ១ជីវិតរបស់យើងប្រែប្រួល។

ក្នុងទំនាញសាកល ជីវិត១ដែលប្រែប្រួល អាចធ្វើឲ្យពិភពលោកទាំងមូល ផ្លាស់ប្ដូរ។ ដូច្នេះ រៀងរាល់វិនាទីដែលផ្គុំបាន១ម៉ោងរបស់អ្នករាល់ថ្ងៃ សុទ្ធតែជាដើមចមនៃបន្លាស់ប្ដូរពិភពលោកទាំងមូល។

គ្រប់ពាក្យពេចន៍ និង កាយវិការដែលសម្ដែងចេញមកខាងក្រៅ សុទ្ធតែជាការបន្ទោបង់ចិត្ត។ ចិត្តអ្នកគិតអ្វី សម្ដីអ្នកនឹងចេញមកបែបនោះ ចិត្តអ្នកគិតយ៉ាងណា កាយវិការអ្នកនឹងស្ដែងចេញយ៉ាងនោះ។

មានសៀវភៅទស្សនវិជ្ជា មនោមយិទ្ធិ ច្រើនណាស់ ដែលបង្គាប់មនុស្សឲ្យគិតរឿងធំៗ ប៉ុន្តែ បើអ្នកខ្ជាក់សម្ដីចេញមកធំដូចចិត្ត នោះអ្នកនឹងបរាជ័យ។ គិតឲ្យធំ តែបង្ហាញចេញឲ្យតូចបានហើយ ព្រោះគំនិតធំៗរបស់អ្នក ត្រូវការ ដុសខាត់កែច្នៃ ក្រឡឹង សម្រួច សំលៀង ជាមុនសិន ហើយវាក៏ត្រូវការជ្រកក្នុងម្លប់ចិត្ត ដើម្បីសន្សំគុណតម្លៃ មុនត្រូវបានបើកបង្ហាញមកខាងក្រៅ។

កុំនិយាយច្រើនពេក! ស្ងប់ស្ងាត់ខ្លះទៅ! អ្វីដែលវាប្រុងរត់មក វាគង់តែមកទេ គ្រាន់តែយូរនិងឆាប់។ មនុស្សដែលគិតធំ និយាយតូច ភាគច្រើន ជាមេដឹកនាំដ៏ឆ្នើម តែមនុស្សដែលគ្មានគោលដៅច្បាស់លាស់ ហើយនិយាយស្ដីតែរឿងធំៗ ច្រើនតែជាអ្នករស់ រត់ដេញស្រមោលអ្នកដទៃតែប៉ុណ្ណោះ ឬហៅម្យ៉ាងទៀតថា ជំនាញភូតភរ ប្រូ ដូរបាយឆី។

លទ្ធផលចុងក្រោយរបស់គេ គ្មានអ្វីប្រែប្រួលជាដុំកំភួនទេ។ អត្តចរិតកំណត់វាសនា ចរិតអ្នកបែបណា វាសនា នឹងទៅជាបែបនោះ។ រូបរាងកំណត់ស្រមោល បើអ្នកតូចទាប ស្រមោលអ្នកក៏តូចទាបដែរ ចូរកុំព្យាយាមឈរបន្លំក្រោមស្រមោលអ្នកដទៃអី អ្នកទស្សនាគេមើលដឹង។

នៅលើវិថីជីវិតគ្មានផ្លូវទៅកាន់សុភមង្គលទេ ព្រោះសុភមង្គល គឺជាផ្លូវដើរ។ បើអ្នកគិតតែស្វែងរកផ្លូវទៅសុភមង្គល មួយជីវិតនេះ អ្នកនឹងគ្មានវាសនាបានភ្លក្សរសជាតិសុភមង្គលឡើយ។ ហើយវាក៏មិនខុសគ្នាពីរឿងមនុស្សដែលស្វែងរកផ្លូវទៅ “ភ័ព្វព្រេងវាសនាល្អ” ដែរ។

គេប្រហែលភ្លេចស្មារតីថា “វាសនា” គឺជា “អត្តចរិត” នៃបុគ្គលផងខ្លួន។ កុំស្វែងរកវាទៀតអី! ផ្លាស់ប្ដូរចរិតរបស់អ្នកចេញទៅ! វាសនាអ្នកនឹងប្ដូរដូចគ្នា។ នៅក្នុងទ្រឹស្ដីនៃកម្មនិងផល (ចក្រា) របស់ព្រះពុទ្ធ (Karma Theories) ប្រៀបដូចវិទ្យាសាស្ត្រពិតមួយ វាជាកង់រទេះដែលវិលជុំជានិច្ច មិនអាចប្រកែកបាន។ ព្យាយាមតាំងជំហរឲ្យរឹងមាំមួយកន្លែង អ្នកគង់តែទទួលផលទេ។ កុំរត់ឆ្វេចឆ្វាចដេញស្រមោលអ្នកដទៃ អ្នកអាចដួល។
———-
ដោយ លឹម វីរីយ៉ា🌸

kamar theories

ខ្ញុំចាស់ទុំហើយ…

VIRIYA in Indonesia

កាលពីក្មេង ខ្ញុំឆោតណាស់! ខ្ញុំមិនដែលខ្វល់ថា ជីវិតជាអ្វី រស់នៅ ដកដង្ហើមរាល់ថ្ងៃដើម្បីអ្វី ខំរៀនសូត្រដើម្បីអ្វី។ និយាយតាមត្រង់ចុះ ខ្ញុំមិនដែលខំប្រឹងរៀនទេ ថ្វីត្បិតតែខ្ញុំចូលចិត្តអានសៀវភៅតាំងពីអាយុ ៩ឆ្នាំ ចេះនិពន្ធកំណាព្យតាំងពីអាយុ ១២ឆ្នាំ ទាំងនោះ មិនមែនមកពីសមិទ្ធផលខំរៀនទេ មកពីខ្ញុំធ្វើរឿងដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ពាក្យ “ខំរៀន” មានន័យថាម៉េចឲ្យប្រាកដ។ ដឹងច្បាស់ត្រឹមតែថា ចូលចិត្តអានសៀវភៅដាច់យប់ទាំងខ្លួននៅតូចតែមួយសោះ។ ហើយខ្ញុំចាត់ទុកថា ការអាននោះ ជាការកម្សាន្តសម្រាប់ខ្លួនឯង។ ខ្ញុំអានមិនរើសមុខសៀវភៅទេ សូម្បីតែសៀវភៅនយោបាយដែលរដ្ឋាភិបាលហាមឃាត់ ក៏ប្រឹងអាន ហើយអានទាំងមិនសូវយល់ រហូតដល់ចប់នឹងគេនឹងឯងដែរ។

លុះឈានចូលដល់វ័យជំទង់ ខ្ញុំក៏បានទៅបណ្ណាគារ ទិញសៀវភៅប្រលោមលោកបែបស្នេហា ជាច្រើនក្បាល ដើម្បីទុកអានលេងថ្ងៃចុងសប្ដាហ៍។ ស្រាប់តែ មានរឿងនឹកស្មានមិនដល់មួយកើតឡើង។ ម្ដាយខ្ញុំ បានចូលមកក្នុងបន្ទប់របស់ខ្ញុំ ឃើញសៀវភៅទាំងនោះ គាត់បានខឹងសម្បាយ៉ាងខ្លាំង។ ម៉ាក់បានដកហូតយកសៀវភៅទាំងនោះចេញពីភាពជាកម្មសិទ្ធិរបស់ខ្ញុំ ហើយស្ដីបន្ទោសពាក្យពេចន៍ជាច្រើន ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលស្រឡាំងកាំង។

“ការចូលចិត្តអានសៀវភៅ វាមិនខុសឆ្គងទេ តែអាយុកូន មិនគួរអានពពួកសៀវភៅប្រភេទនេះឡើយ“

សំនួនស័ព្ទអ្នកម្ដាយខ្ញុំ ធ្វើឲ្យខ្ញុំនឹកតូចចិត្ត និងខឹងត្រលប់ខ្លះដែរ ព្រោះវាហាក់មិនសមហេតុផលសោះ ដែលគាត់មកដណ្ដើមយកសៀវភៅរឿងស្នេហាដែលខ្ញុំកំពុងតែចង់ដឹងចង់យល់នោះចេញទៅទាំងទទឹងទិសបែបនេះ។ អ្នកម្ដាយខ្ញុំបានបន្ទរពាក្យប្រៀនប្រដៅប៉ុន្មានប្រយោគទៀត មុននឹងគាត់ចាកចេញទុកឲ្យខ្ញុំដេកយំម្នាក់ឯង

“មកពីម៉ាក់ស្រលាញ់កូន ទើបម៉ាក់មិនឲ្យកូនអានសៀវភៅទាំងនេះ! សៀវភៅនេះ នឹងធ្វើឲ្យកូនដេករវើរវាយ ឆ្កួតតាមអារម្មណ៍អ្នកនិពន្ធ ហើយរៀនលែងចូល! ធំឡើង កូននឹងយល់“

ថាម៉េច? អាយុ ១៦ឆ្នាំហើយ នៅថាខ្ញុំមិនទាន់ធំទៀត? ខ្ញុំចាប់ផ្ដើមគិតថា ម្ដាយខ្ញុំកាច តឹងតែង ហួសហេតុ និងហាក់ដូចជាជ្រុលបន្តិចក្នុងរបៀបអប់រំកូន។ ហឹស! ម៉ែគេ បន់ឲ្យតែកូនគេអានសៀវភៅ ម៉ែឯងវិញ អាកូនខំសន្សំលុយខ្លួនឯងទៅទិញសៀវភៅមកអានហើយ ស្ដីបន្ទោសខ្លាំងៗ ធ្វើមើលតែទោសធ្ងន់ណាស់។ ប្រហែលជាបណ្ដាលមកពីខ្ញុំត្រូវបានអ្នកម្ដាយតាមដាន ត្រួតពិនិត្យជាប្រចាំ ទើបខ្ញុំក្លាយជាមនុស្សមិនសូវមានមនោសញ្ចេតនាផ្អែមល្ហែមច្រើនដូចគេ។

Viriya Lim in the U.S.A Embassy

ត្រដាងបេះដូងខ្ញុំដោយស្មោះទៅចុះ អង្កាល់ពីក្មេង ខ្ញុំមិនចូលចិត្តសកម្មភាពបែបរ៉ូមែនទិចទេ រហូតដល់ពេលមួយនោះ ខណៈដែលខ្ញុំរៀននៅសាកលវិទ្យាល័យ មានគ្រូប្រុសម្នាក់ បានសរសេរសំបុត្រស្នេហា កឹបជាមួយក្រដាសកំណែប្រលងប្រចាំខែដែលចែកត្រលប់មកឲ្យនិស្សិតវិញ។ ខ្ញុំមកផ្ទះ បើកឃើញហើយរន្ធត់ញ័រដៃញ័រជើង ហើយចាប់ផ្ដើមយល់ថា ការបង្កើតភាពភ្ញាក់ផ្អើលដល់នរណាម្នាក់ ជាទង្វើល្មើស ព្រោះវាបានទន្ទ្រានចូលទៅជ្រៅក្នុងប្រអប់បេះដូងរបស់គេ ទាំងដែលគេមិនបានត្រៀមខ្លួនជាមុន។ ហើយអារម្មណ៍នោះ វាដុតរោលរាល ក្លាយជាមនុស្សរវើរវាយ ដូចម្ដាយខ្ញុំប្រដៅមិនខុសមែន។ ទម្រាំតែខ្ញុំអាចសម្រួលស្ថានការណ៍មកបានដូចដើម ខ្ញុំត្រូវចាយពេលវេលាអស់ជិត១ឆ្នាំ។ សួរថា តើខាតពេលប៉ុណ្ណា បើសិនជាមួយឆ្នាំនោះ សុខភាពផ្លូវចិត្តយើងល្អប្រសើរក្នុងការបំពេញបេសកកម្មផ្ទាល់ខ្លួន។

ក្នុងអំឡុងជីវិតយុវវ័យរបស់ខ្ញុំ គ្មានអ៊ីនធើណិត គ្មានកុំព្យូទ័រសម្បូរបែប គ្មានទូរស័ព្ទឆ្លាតវៃទេ គ្រប់យ៉ាងប្រព្រឹត្តទៅតាមវិថីធម្មជាតិបុរាណៗសុទ្ធតែម្ដង។ គ្រប់ពេលដែលខ្ញុំចង់បញ្ចេញអារម្មណ៍ ខ្ញុំមិនដឹងត្រូវទៅរកអ្នកណាដើម្បីពិភាក្សាគ្នាឡើយ ព្រោះម្ដាយខ្ញុំបានប្រដៅថា កូនស្រីមិនត្រូវដើរហើររហេតរហូតនៅផ្ទះគេ ឬ ទីសាធារណៈក្នុងរយៈពេលយូរៗឡើយ។ ក្រៅពីទៅផ្ទះ បុប្ផានៅផ្លូវលេខ២កន្លះ ជិតផ្សារណាត់ ក្រៅពីទៅផ្ទះ កណ្ណារី នៅភូមិកាប់គោ ក្រៅពីទៅផ្ទះផណ្ណា ផ្លូវលេខ៣ក្បែរគ្នានោះ ខ្ញុំមិនដឹងជាត្រូវទៅណាទៀតទេ។ ម្លោះហើយ ខ្ញុំជ្រើសរើសការសរសេរសៀវភៅកំណត់ហេតុ ជាវិធីបញ្ចេញអារម្មណ៍ប្រកបដោយប្រសិទ្ធភាពបំផុត។ ខ្ញុំសរសេរ វែងអន្លាយដូចគេនិពន្ធប្រលោមលោកតភាគអីចឹង។ អស់សៀវភៅ១ក្បាល ចូលដល់១ក្បាលទៀត មិនដាច់ រហូតដល់រៀនចប់បរិញ្ញាបត្រនិងបន្តថ្នាក់អនុបណ្ឌិត។ រៀនថ្នាក់ខ្ពស់នោះ ពេលវេលាហាក់ចង្អៀតខ្លាំងដោយសារតែកិច្ចការស្រាវជ្រាវគរដូចភ្នំ។ ខ្ញុំបានផ្អាកឈប់សរសេរកំណត់ហេតុ ដោយងាកមកបញ្ចេញអារម្មណ៍ក្នុងអ៊ីនធើណិតវិញម្ដង។ ហាហាហា! មិនមែនឈប់ drama ទេណា គឺគ្រាន់តែបានធ្វើបន្ទាន់សម័យ (update) តាមបច្ចេកវិទ្យាតែប៉ុណ្ណោះ។

ដំបូងៗឡើយ ខ្ញុំមិនទាន់ចេះគ្រប់គ្រងផ្លូវចិត្តខ្លួនឯង ខ្ញុំតែងតែសរសេរចេញទាំងអស់នូវអារម្មណ៍ សប្បាយរីករាយ កើតទុក្ខ អន់ចិត្ត តូចចិត្ត រំភើប ភ្ញាក់ផ្អើល រិះគន់អ្នកដទៃ … ។ល។ និង ។ល។ អាយុកាន់តែច្រើន គ្មានម្ដាយមកនៅចាំអប់រំដូចពីក្មេងទៀតឡើយ ព្រោះក្នុងក្រសែភ្នែកអ្នកម្ដាយ គឺខ្ញុំធំហើយ។ ក្រោយម្ដាយខ្ញុំចែកឋានទៅ ក្នុងឆ្នាំ ២០១៤ ខ្ញុំស្រាប់តែក្លាយជាមនុស្សម្នាក់ថ្មីស្រឡាង។ ខ្ញុំប្ដូរខ្លួនឯង ពីមនុស្សឆេវឆាវ មកជាមនុស្សចេះអត់ធ្មត់ ស្ងប់ស្ងាត់ជាងមុន ពិចារណារឿងរ៉ាវបានជ្រៅនិងច្បាស់ជាងមុន សម្រេចចិត្តធ្វើរឿងរ៉ាវជាច្រើនបានល្អប្រសើរជាងមុន ដើរនៅលើផ្លូវមួយដែលពោរពេញដោយគុណតម្លៃច្រើនជាងមុន។ ខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯងកាន់តែច្បាស់ឡើង ភ្លឺស្វាងឡើង និងនៅតែបន្តស្វែងយល់ពីខ្លួនឯងមិនឈប់លុះឥលូវ។

ពេលនេះ ខ្ញុំប្រែប្រួលយ៉ាងសម្បើម “ខ្ញុំចាស់ទុំហើយ!”

សូមអរគុណអ្នកម្ដាយដែលជួយតម្រង់ផ្លូវជីវិតកូនឲ្យបានដើរលើវិថីស្អាតស្អំ ប្រកបដោយគុណធម៌ ចរិយាធម៌ និងសេចក្ដីថ្លៃថ្នូរអស់មួយជីវិត!


លឹម វីរីយ៉ា

ថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៨

 

 

ប្រាសាទ…

ប្រាសាទឈរខ្ពស់ ចារឈ្មោះ ជួសគូស្នេហា
អ្នកជាប់សន្យា យាត្រា ប្រាថ្នាមកដល់
កាន់ដៃកៀកកើយ រួចឆ្លើយ បង្ហើយអំពល់
ឯខ្ញុំមិនយល់ ងងល់ រុលទៅទាំងខុស។

ប្រាសាទពណ៌មាស ក្បៀសទុក ទំនុកសាក្សី
ចាក់គ្រឹះជាប់ដី ប្រិមប្រិយ សិរី បបោស
កណ្ដាលទីក្រុង ចិត្តស្លុង អនង្គ សណ្ដោស
សណ្ដោងស្រណោះ អាឡោះ ស្មោះស្ម័គ្រអាល័យ។

ប្រាសាទសង្ហា ភ្លឺថ្លា វេហាស្រឡះ
អ្នកថ្លើមធំណាស់ លួងម្ចាស់ ផ្លាស់កេរផ្ទេរន័យ
ដូរដោះអស់នាម ឡើងក្រៀម រងៀម ហឫទ័យ
សាងកេរ្តិ៍កាឡៃ បំភ័យ លៃឆ្កឹះគន្លឹះ។

ប្រាសាទព្រលឹង ថ្មើរហ្នឹង ដឹងច្បាស់ត្រជាក់
ចុងឆ្នាំអួលអាក់ លេបស្លាក់ ដាក់ជាន់ស្លន់ម្នឹះ
អ្នកចាញ់ទោម្នេញ ទន្ទេញ ចេញតែទង្គឹះ
ខ្សឹកខ្សួលឆួលឫស កំព្រឹស ពិសពុលពេញប្រៀប។

ប្រាសាទមាសពេជ្រ រំលេច សូរស័ព្ទរណ្ដំ
អ្នកម្នាងលៀងស្នំ សម្ងំ ខំរស់ក្នុងឃ្នាប
ខ្នះខ្នែងខែងឫក្ស នឹកឡើង ចើងម៉ើងប៉ើងលាភ
រស់ខ្ពស់ឈ្មោះទាប ទន់រាប តម្រៀបក្រៅត្រា។
———
លឹម វីរីយ៉ា
ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ គ.ស ២០១៨

Viriya in Sfo

 

មនុស្សអគតិសង្គ្រោះពិភពលោក

ខ្ញុំចេះតែអង្គុយនឹកហួសចិត្តនឹងរឿងរ៉ាវប្លែកៗក្នុងដែនចក្រវាលនេះ…… គិតសព្វៗទៅ បើសិនជាភពផែនដីនេះ គ្មានមនុស្សអគតិខ្លះទេ ពួកយើងច្បាស់ជាគ្មានបានអភិវឌ្ឍរីកចម្រើនដល់ឋានព្រះចន្ទ ព្រះអង្គារ អីហ្នឹងទេ មែនឬអត់? នៅពេលដែលគេដៀលនរណាម្នាក់ថា អាមនុស្សទុទ្ទិដ្ឋិ អាមនុស្សខ្មៅងងឹត អាមនុស្សខុសគេ ពេលនោះ យើងភ្លេចគិតដល់ជ្រុងម្ខាងទៀតដែលគ្របដណ្ដប់ដោយគុណសម្បត្តិទៅវិញ។

lady-shadow-walking-on-the-beach

ឥឡូវសាកឧបមា លែងបន្តិចពីផលដែលចេញមកពីហេតុ នៃបណ្ដុំអាជីវកម្មខ្លះដែលមនុស្សភាគច្រើនអាចនឹងគិតថា “ដូចឆ្កួតអីចឹង”។ ឧទាហរណ៍ ហេតុអ្វីបានជាមានក្រុមហ៊ុនធានារ៉ាប់រង? ខណៈដែលមនុស្សម្នាក់សម្រេចចិត្តចាយវាយទ្រព្យសម្បត្តិដែលខិតខំរកមកដោយលំបាក ទៅទិញធានារ៉ាប់រង មានន័យថា គេនុះ គឺជា “ជនអគតិ” បាត់ទៅហើយ។ បើត្រឹមតែទិញធានារ៉ាប់រងលើការខូចខាតទ្រព្យសម្បត្តិនោះ វានៅស្រាលទេ តែបើទិញធានារ៉ាប់រងលើអាយុជីវិតទៀត គេនឹងគិតថា ឆ្កួតពេញធឹងហើយ។ចុះបើក្រុមហ៊ុនធានារ៉ាប់រងមួយមាន អតិថិជនដល់ទៅរាប់លាននាក់ អីចឹងវាក៏មានន័យស្មើនឹងថា ជនអគតិ មានច្រើនរាប់លាននាក់ដែរហើយ។

អ្នកប្រាជ្ញដែលច្នៃផលិតយន្តហោះ គឺជាមនុស្សសុទិដ្ឋិ ប៉ុន្តែបើគ្មានអ្នកប្រាជ្ញស៊េរីទុទ្ទិដ្ឋិទេ ក៏យើងគ្មានឆត្រយោង។ អ្នកប្រាជ្ញដែលផលិតយានយន្ត ដូចជាម៉ូតូ ឡាន បើគ្មានគំនិតអគតិខ្លះទេ ក៏គេមិនបំពាក់ពោងខ្យល់  ខ្សែក្រវាត់ និងមួកសុវត្ថិភាពមកជាមួយដែរ។ អ្នកជិះយន្តហោះស្ទើររាល់ខែ ច្បាស់ជាធុញទ្រាន់នឹងសកម្មភាពណែនាំ១០នាទីមុនហោះហើរ សម្រាប់អ្នកដំណើរចេះសង្គ្រោះខ្លួនឯងពេលយន្តហោះធ្លាក់។ ដូច្នេះមានន័យថា ជើងរៀបនឹងផុតដី គិតទុទ្ទិដ្ឋិបន្តិចទៅថា ហោះហើរលើមេឃ ជីវិតយើង សេសសល់តែពាក់កណ្ដាលទេ។ អ្នកខ្លះធុញទ្រាន់ យកតែមែនទែន (ខ្ញុំក៏ធុញដែរ) ដរាបណាមិនធ្លាប់ ធ្លាក់ស្លាប់ឲ្យបានម្ដងសិន។

Viriya 000001

អង្កាល់ពី៣ឆ្នាំមុន ខ្ញុំបានថតរូបប៉ាណូផ្សាយពាណិជ្ជកម្មពីហាងលក់ក្ដារមឈូស ដែលមានអាសយដ្ឋាន និង លេខទូរស័ព្ទទាក់ទង ហើយបង្ហោះចូលក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ។ ខ្ញុំដឹងថា ហ្វ្រែនទាំងឡាយរបស់ខ្ញុំនឹងមិនពេញចិត្តប៉ុស្ដិ៍នេះទេ។ លុះប៉ុន្មានខែក្រោយមក ម្ដាយខ្ញុំក៏ចែកឋាននាវេលាល្ងាចថ្ងៃលិចទៅហើយ។ បងប្អូនគិតតែស្រែកយំឆោឡោ ចំណែកខ្ញុំ បានបើកឡានប្រកបដោយភាពជឿជាក់ទៅហាងលក់ក្ដារមឈូសដែលខ្ញុំធ្លាប់បានកត់ចំណាំ ចាំទុករួចមកហើយ។

បច្ចុប្បន្ន ខ្ញុំហាក់រីករាយចិត្តច្រើន នៅពេលដែលឃើញមានអ្នកវិនិយោគលើសេវាបុណ្យសពហ៊ានផ្សព្វផ្សាយពាណិជ្ជកម្មដោយបើកចំហរនិងទូលំទូលាយជាងមុន។ នឹកឃើញដល់រឿងនេះ អង្កាល់ប៉ុន្មានឆ្នាំមុន កាលដែលខ្ញុំបង្រៀនថ្នាក់ម៉ាឃីតធីងនៅសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប ខ្ញុំបានបង្ខំឲ្យនិស្សិតសរសេរកូនលំហាត់ហ្វឹកហាត់ខួរក្បាលទាក់ទងនឹងគំនិតអាជីវកម្មសេវាបុណ្យសពនេះ។ ពួកគេស្ទើរតែទាំងអស់ ហាក់គាំងគំនិតសរសេរមិនចេញ ព្រោះតែពួកគេ មិនដែលឃើញការផ្សព្វផ្សាយពីសេវាបុណ្យសពក្នុងទម្រង់ធំទូលាយសោះពីមុនមក។ មាននិស្សិតខ្លះលួចនិយាយដើមខ្ញុំ ដោយពាក្យរិះគន់ចំអកឡកឡើយជាច្រើនអន្លើដែរ ព្រោះតែគេនៅមិនទាន់យល់ពីទស្សនវិជ្ជាជីវិត និង អាជីវកម្ម។

IMG_8872

អានមកដល់ត្រង់នេះ មិត្តប្រាកដជា គិតថា ខ្ញុំអួតខុសរឿងហើយ។ តាមពិតខ្ញុំមិនបានអួតអាងអីទេ គ្រាន់តែចង់ដាស់តឿនមនុស្សលោកថា ការដកដង្ហើមស្រូបយកខ្យល់ដើម្បីរក្សាជីវិតគ្រប់វិនាទីនេះ មានតម្លៃណាស់ ព្រោះសេចក្ដីស្លាប់នៃយើងគ្រប់គ្នា សុទ្ធតែមើលមិនឃើញមុនឡើយ  ដូច្នេះហើយ ការត្រៀមខ្លួនស្លាប់ នឹងធ្វើឲ្យយើងរស់បានយូរជាងធម្មតា។

ឆ្លងមកដល់រឿងរ៉ាវប្រទេសជាតិវិញ បើសិនជានគរមួយ  គ្មានបក្សប្រឆាំងចាំស្រែកជេរ រិះគន់ តវ៉ា សន្សំរឿង ចាក់រុក អុជអាល ខ្លះទេ ប្រទេសជាតិនោះ នឹងគ្មាននយោបាយល្អប្រសើរបានឡើយ។ បើយើងមានទូរទស្សន៍ វិទ្យុ សារពត៌មាន ដែលផ្សាយតែពីរឿងល្អៗ ក៏គួរតែឲ្យមានទូរទស្សន៍ វិទ្យុ និង សារពត៌មាន ដែលផ្សាយរឿងអគតិខ្លះដែរទៅ ដើម្បីជញ្ជីងនយោបាយរបស់ក្រុមអ្នកវិភាគ មានតុល្យភាព និងអាចកាត់បន្ថយនូវអ្នកគាំទ្រផ្កាប់មុខ និង អ្នកគាំទ្រផ្ងារពោះ ឲ្យរៀនចេះក្រឡាប់ផ្កាប់ផ្ងារឆ្វេងស្ដាំមុខក្រោយលើក្រោម បានដោយសម្រេច រស់នៅចុះសម្រុងគ្នាដោយសន្តិភាព។

ក្រៅពីនោះ ជីវិតបុគ្គល រាល់រូបកាយ ក៏គួរតែប្រដំប្រសងគ្នាទៅទាំងព្រមនូវឥរិយាបថគ្រប់បែបយ៉ាង។ បើធ្លាប់តែស្លូតបូត ក៏គួររៀនដើរតួកាចឆ្នាសខ្លះទៅ ហើយអ្នកដែលថ្នឹកនឹងឈុតឆាក កប៉ាល់ភ្លើង គួរតែហ្វឹកហាត់សម្ដែងជាតួស្លូតបូត ផ្អែមល្ហែមស្រគត់ស្រគំខ្លះ ក៏ល្អដែរ។ បើជាមេដឹកនាំដែលធ្លាប់តែម៉ឺងម៉ាត់ផ្ដាច់ការ តឹងរឹង ពេលខ្លះបើបានសម្ដែងធ្វើជាឡប់ៗខ្លះជាមួយនឹងកូនចៅនៅតាមចិញ្ចើមថ្នល់ ហើយថតវិដេអូបង្ហោះចូលក្នុងអ៊ីនធើណិតម្ដងម្កាល ក៏អាចនឹងកើនប្រជាប្រិយភាពមួយកម្រិតទៀតដែរ។ ព្រោះថា ជីវិត គឺជា ឆាកល្ខោន ហើយកាតព្វកិច្ចរបស់មនុស្សគ្រប់រូប គឺត្រូវរៀនដើរតួ។ បើតួដដែលៗយូរៗពេក គួរឲ្យជ្រក់ជ្រេញក្នុងក្រសែភ្នែកអ្នកទស្សនាខ្លាំងណាស់។ អីចឹងការផ្លាស់ប្ដូរ យ៉ាងហោចណាស់ ក៏គួរតែឲ្យមានខ្លះក្នុងឆាកជីវិតរស់ ទើបល្ខោនជីវិតយើងមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ប្រហើរក្នុងលោកុត្តរចិត្ត។

ខ្ញុំប្រាប់រឿងពិតមួយ ដែលអង្កាល់នោះម៉ាក់តែងតែខឹងនឹងប៉ា ដោយសារតែប៉ាខ្ញុំតែងតែផ្ដាំកូនចៅថា បើធ្វើដំណើរទៅណាមកណាឆ្ងាយទាំងពូជទាំងគ្រួសារអីចឹង បំបែកឡានគ្នាខ្លះទៅកូន ក្រែងឡានមួយមានបញ្ហា នៅមានមួយទៀតអាចជួយគ្នាបាន។ ពេលកូនចង់ទិញផ្ទះ ប៉ាតែងតឿនថា មើលច្រកផ្លូវចូលទៅផ្ទះយើងផង បើឡានទឹកចូលមិនចុះទេ កុំទៅទិញអី ក្រែងភ្លើងឆេះផ្ទះ គេជួយមិនបាន… ។ ។ល។ និង ។ល។ អ្នកស្រលាញ់ប៉ាខ្ញុំ អាចនឹងគិតថា គាត់ជាមនុស្សប្រុងប្រយ័ត្នគ្រប់ជំហាននៃជីវិតរស់នៅ តែអ្នកមិនចូលចិត្តវិញ គេនឹងគិតថា អគតិពេកហើយ។ តាមការពិតទៅ ការប្រុងប្រយ័ត្នជារឿងល្អប្រពៃណាស់ តែប្រុងប្រយ័ត្នជ្រុលហួសហេតុ ច្បាស់ជាក្នុងមួយជីវិតនេះ ធ្វើអ្វីមិនចេញជារូបរាងថ្មីកើតទេ ហើយពេលនោះ វានឹងប្រឆាំងទ្រឹស្ដីនៃ សហគ្រិនភាព មិនខាន ព្រោះតែគេចែងថា សហគ្រិន ជាអ្នកហ៊ានប្រថុយ នុះអី។

នៅមានលោកធាតុ ធម្មជាតិច្រើនឥតគណនាទៀតណាស់ ដែលយើងអាចយកមកវែកញែកប្រដេញចេញជាបទវិភាគទាក់ទងនឹងគុណសម្បត្តិនៃគំនិតអគតិ ប៉ុន្តែនិយាយច្រើន និង សរសេរច្រើន គឺជាភាពធុញទ្រាន់មួយនៃអ្នកតាមដានទស្សនានិងអាន។ សង្ឃឹមថាមិត្តៗរបស់ខ្ញុំ នឹងក្លាយជាមនុស្សមជ្ឈិម ដែលដេកដើរឈរអង្គុយលើផ្លូវកណ្ដាលជាដរាប តែហាមដើរកណ្ដាលថ្នល់ ជាដាច់ខាត!
——-
អត្ថបទដោយ៖ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ភ្នំពេញ  ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា គ.ស ២០១៧

love 04

Viriya 00002