Tag Archives: លឹម វិរិយា

ខ្ជិលរស់ (កំណាព្យបទកាកគតិ)

ស្រុកទេសអន់ក្រ អ្នកណាគេល្អ
ក៏គេបានរស់ អ្នកតូចអ្នកទាប
អ្នកទន់ឥតឈ្មោះ ត្រៀមតែដាច់ពោះ
រស់ស្អែកទាំងបន់។

អ្នកក្នុងអ្នកក្រៅ ទោះត្រជាក់ក្ដៅ
ហៅតែអាសន្ន បូលលែងសូវឮ
ភ្លឺឡើងដូចស្កន្ទ គេពុះអង្កន់
លាបពណ៌ឆ្លាស់គ្នា។

លឿងខ្ចីលឿងទុំ ក្រហមឆ្អៅងំ
រង្គំហូរហៀរ គេប៉ាតពាសវាល
ឆ្កៀលដោយអ្នកជា គង់ស្លាប់ជុំគ្នា
កុំឱ្យអផ្សុក។

អ្នកណាចិត្តសឿង ចេញមករករឿង
រកត្រីប្រហុក ច្បាស់ជាគេរុញ
រអឹលគូទអុក ជាប់ឃុំឆ្ងាយស្រុក
ដេកឱបតែផ្តិល។

ទ្រាំបានយ៉ាងយូរ បើកទ្វារមើលទូ
សុទ្ធតែអំបិល អំបែងចានឆ្នាំង
ក្ដាំងច្រែះឡើងរឹល ដូចកើតរោគខ្ជិល
ដូចលែងចង់រស់!
______

វិរិយា🌸

ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែមេសា គ.ស. ២០២១


[កំណាព្យនេះ សរសេរក្នុងអំឡុងពេលដែលយុគវិបត្តិ កូវីដ១៩ កំពុងវាយប្រហារសន្ទាប់ពេញទំហឹងមកលើជីវិតអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ កាលនោះ រដ្ឋាភិបាល បានបែងចែកតំបន់ហាមឃាត់ និងបង្កើតច្បាប់រឹតត្បិតដ៏តែងតែងខុសៗគ្នា ធ្ងន់ឬស្រាល តាមរយៈពណ៌ដែលគេគូសនៅលើផែនទីអេឡិចត្រូនិច។ កាលណោះ ពណ៌ក្រហម មានន័យថា ហានិភ័យខ្ពស់បំផុត ហាមចេញពីផ្ទះសោះតែម្ដង ពណ៌លឿងទឹកក្រូច​អាចចេញពីផ្ទះបានម្ដងម្កាល ជាដើម។]

រូបថតនៅក្នុងមជ្ឈមណ្ឌលវប្បធម៌អាល្លឹម៉ង់ រាជធានីភ្នំពេញ ក្នុងអំឡុងពេលខ្ញុំត្រូវបានអញ្ជើញជាវាគ្មិន និយាយពីបញ្ហាការងាររបស់ស្ត្រីខ្មែរ

សៀវភៅស (កំណាព្យបទកាកគតិ)

សៀវភៅក្នុងដៃ គិតគូរកែច្នៃ
ស្រមៃរាប់ឆ្នាំ ប្រមែប្រមូល
ឆ្មូលពូនបណ្ដាំ ដែលស្រីៗផ្ដាំ
កត់ចាំជាច្បាប់។

ត្រាច់ចរគ្រប់ច្រក មិនដែលហ៊ានខក
ខ្លាចសណ្ដកស្លាប់ សាកសួរប្រដេញ
ឱ្យចេញឆាប់ៗ គេឆ្លើយខ្ញុំស្ដាប់
ត្រាប់ត្រងកត់ត្រា។

ទាំងខេត្តនិងក្រុង ជួនកាលជាប់ផុង
ខុសតុងតម្រា បែកកង់តាមផ្លូវ
ដូចត្រូវផ្ដាសា ផ្ដន្ទាក្រៃណា
ក៏រក្សាបាន។

សម្ភាសសាកសួរ រឿងគួរមិនគួរ
ចូលតួឥតស្រាន្ត ព្រោះចង់ដឹងហេតុ
អ្វីទៅរំខាន រារាំងមិនបាន
ឱ្យស្រីឡើងធំ?

កៀរគរបានហើយ ផ្ទៀងផ្ទាត់ចម្លើយ
កំណត់ដាក់ម្ដុំ បញ្ហាចម្បង
ដែលខ្ទាស់វិលជុំ គឺរឿងអប់រំ
មិនបានដិតដល់។

ខ្សត់ខ្សោយចំណេះ ស្រីៗមិនចេះ
របេះក្បាច់វ៉ល់ តាមគេមិនទាន់
គេជាន់ដាច់ខ្យល់ ព្រោះតែកិច្ចកល
សង្គមរួមរិត។

ឯរឿងទី២ ត្រូវតែសំភី
មិនអាចលាក់ជិត គឺរឿងលុយកាក់
ដាក់ស្នើប្រើផ្លិត បក់សូមអាណិត
នៅតែមិនបាន។

គេចោទថាស្រី បើនឹងមកខ្ចី
មានអ្វីជាដាន? អង្គការតូចធំ
សុំមើលអំណាន ប្លង់កេរផ្ទេរបាន
ទើបស្រាន្តហិរញ្ញ។

ទី៣ចុងក្រោយ គឺរឿងផ្ដល់ឱ្យ
ផ្លូវក្រោយមិនចាញ់ ផលិតឥតផ្សារ
ទំនិញខ្មួលខ្មាញ់ ខ្វះអ្នកប្រមាញ់
ជួយបាញ់ដំណឹង។

សរុបសេចក្ដី សៀវភៅក្នុងដៃ
ន័យរួមប៉ុនហ្នឹង គោលនយោបាយ
ដើរឆ្ងាយដល់ម្ល៉ឹង ពីកិច្ចខំប្រឹង
បានដឹងហេតុផ្គួប។

ឥលូវពេលនេះ សូមលោកត្រិះរិះ
ជួយគិតបង្រួប ដោះស្រាយបញ្ហា
ស្រីខ្មែរបានជួប រាប់ឆ្នាំខែខួប
ព្រោះហេតុខាងលើ។

ឈ្មោះសៀវភៅស បានដោយអំណរ
រំពងបន្លឺ សំឡេងបានឮ
បំភ្លឺលែងល្ងើ ដឹងហើយរុះរើ
ដោះស្រាយឆាប់ផង។

នេះរឿងស្រីៗ សហគ្រិនថ្មី
នៅក្នុងចំណង រើខ្លួនពិបាក
ស្ទើរផ្អាកម្ដងៗ សូមជួយចម្លង
បានដល់ព្រះឥន្ទ្រ។
____________

[កំណាព្យបែបកំណត់ហេតុនៃបេសកកម្មការងារ កាលនៅជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ២០១៨- ២០២១]

ទាញយកឯកសារជា PDF File នៃសៀវភៅស (The White Book) ភាគទី១ ចុចទីនេះ

វិរិយា🌸

ថ្ងៃពុធ ១៤រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៦ ខែកញ្ញា គ.ស. ២០២០

រូបថតថ្ងៃសម្ពោធប្រកាសសៀវភៅស ភាគទី១ ក្រោមអាណត្ដិដឹកនាំរបស់ ក្រុមប្រឹក្សាភិបាលជំនាន់ទី៣ នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ហៅកាត់ថា​ CWEA ដែលមានខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាល

ដែនដួងចិត្ត (កំណាព្យបទ៩ព្យាង្គ​ ចង្វាក់រណ្ដំ)

នាដីខ្មែរ ខែរំហើយ ត្រើយខាងកើត
ដប់បួនខ្នើត អើតលើមេឃ វែកពន្លឺ
ខែកត្ដិក ទឹកឡើងធំ ម៉ុមព្រួចព្រឺ
រន្ទាលភ្លឺ ឮយន្តហោះ បោះពួយជ្រែក។

រាជធានី ទីកន្លែង ប្លែងជីវិត
អង្គុយគិត រឹតតែខ្វល់ ទ័លដល់ដេក
ទន្លេមួយ ព្រួយអស់ត្រី ឆីរំលែក
រស់ក្រោមមេឃ រែកទុក្ខសោក ថោកដល់ផ្កាប់។

ដែនសុវណ្ណ ខ្មាន់ដួងចិត្ត ខិតមកក្បែរ
មិនបានថែ កែកុនការណ៍ ត្រាប្រថាប់
ពេលខ្លះថប់ ស្អប់អ្នកក្បែរ ស្នេហ៍អ្នកស្លាប់
ចង់ប្រាយប្រាប់ ឆាប់បានដឹង ថ្លឹងឱ្យស្គាល់។

ព្រំដែនចិត្ត ស្អិតលែងរីក ជីកលែងចុះ
ដីលែងស្លុះ ឆ្លុះមើលគល់ យល់មិនដល់
អ្នកនៅរស់ ពោះកំពីង ល្វីងរចល់
លើផ្លូវទ័ល ពាល់តែកម្ម ចាំចូលគុក។

ដែនបេះដូង ឈោងដៃទៅ នៅតែឆ្ងាយ
មេឃបាត់ផ្កាយ ស្រាយចម្ងល់ វ៉ល់ទំនុក
ច្រៀងរៀបរាប់ ផ្គាប់ចិត្តមេ គេខ្ពើមមុខ
ស្ពាយត្រាទុក លុកលុយបូក យកលេខស្មើ។

នាដីខ្មែរ ខែកត្ដិក ទឹកលិចក្រុង
ជើងជាប់ផុង ស្លុងហឫទ័យ រៃលែងហើរ
មេរោគកាច ខ្លាចលែងឆ្លង ដងផ្លូវដើរ
សុខសើៗ បន្ថើរសូម លោមយកជ័យ។
________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.​២០២១

ទំនុកដួងចិត្ត (កំណាព្យបទ១០ព្យាង្គ)

ទំនុកខ្ញុំតែង សូមថ្លែង ប្រាប់ពិភពលោក
រឿងមនុស្សគរគោក ជោកជាំ ទម្រាំបានជ័យ
កាត់ព្យុះជីវិត រឹតតឹង ថ្លឹងសូមសេរី
ក្រោមមេឃលើដី ខ្លីវែង រែងសូមស្មើភាព។

ទំនៀមបុរាណ ស្មានៗ បានតែស្មុគចិត្ត
រឿងបោកលម្អិត គេបិទ មិនឱ្យលេចជ្រាប
ជំនឿខ្លះខុស ស្លុះស្លុង ផុងបាក់រនាប
ទំពាំងដីទាប រៀបដុះ ខុសពូជឫស្សី។

ទង់ជ័យបីពណ៌ លម្អ តពូជផៅពង្ស
ខ្លះព្រមលើកទង់ រង់ចាំ គេហៅជាន់ដី
ចងជើងព្រាប-ស តថ្លៃ ព្រោះខ្លាចរស់ខ្លី
នឹងបានវិលវៃ រួមដៃ ច្នៃជោគវាសនា។

ទំនួញជើងកាព្យ ខាបចិត្ត អាណិតអ្នកតែង
ធ្លាប់ខ្ពស់ដូចខ្លែង លែងក្រែង ថ្លែងពេចន៍វោហារ
ទម្លាយអារម្មណ៍ ផ្សែផ្សំ បង្ខំអក្ខរា
គ្រាន់ចង់ផ្សះផ្សា ស្រវា សូមសន្តិភាព។
——-
វិរិយា🌸

ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៤ ខែមេសា គ.ស. ២០២១

ចុចទីនេះដើម្បីស្ដាប់កំណាព្យនេះក្នុង YouTube ដែលខ្ញុំសូត្រ https://youtu.be/vAl0xIpfOgE

ប្រេងដូងត្រជាក់ (កំណាព្យបទ៧ព្យាង្គ)

ដូងអើយដូងទុំ ម៉ុមខ្វល់គិត
ចម្រាញ់ប្រេងពិត រឹតតែហត់
រុករករឿងរ៉ាវ ស្រាវជូរចត់
ចរចាសន្មត់ កត់ត្រាផ្ដាំ។

ប្រេងដូងត្រជាក់ ខ្ជាក់ក្លិនឈ្ងុយ
មិនសូវបានលុយ អង្គុយចាំ
អង្កេតពិនិត្យ រឹតរងកម្ម
ពិសោធរាប់ឆ្នាំ រកាំចិត្ត។

ចាប់ផ្ដើមលុកលុយ ប្រថុយទៅ
នៅលើដងផ្លូវ អ្នកផលិត
កសិផលខ្មែរ ថែដីស្អិត
ដូងទុំរុំមិត្ត ជិតជុំស្រុក។

ផលិតប្រេងដូង យោងអ្នកស្រែ
រើសពូជដូងខ្មែរ ក្បែរសម្បុក
សៀមរាបអង្គរ ពរក្ដីសុខ
ផលិតនាំមុខ ផ្គត់ផ្គង់ញាតិ។

ដាក់ចូលទីផ្សារ ផ្ងារកញ្ច្រែង
ប្រកាសបែកផ្សែង ថ្លែងព្រោងព្រាត
ដឹកដល់ជិតឆ្ងាយ ផ្សាយដាក់ជ្រៀត
ច្រកដបលក់បៀត ញាតិអនឡាញ។

ឥឡូវគេស្គាល់ ពាល់កេរ្តិ៍ឈ្មោះ
អិលអិមពីរោះ រសល្បីល្បាញ
ប្រេងដូងត្រជាក់ ទាក់ឥតសាញ
ជួយដុតបំផ្លាញ រោគាឆ្ងាយ។

សូមឱ្យដូងខ្មែរ ថែញាតិមិត្ត
ដុះដាលជុំជិត រឹតតែសាយ
ចម្រើនភោគផល ដល់រៀងអាយ
ស្រុកខ្មែរសប្បាយ ក្លាយដីមាស។
________
វិរិយា🌸
ថ្ងៃ អង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស​ ២០២១

រូបថតរចនាដោយ ហ្វូតូហ្សប ជាមួយនឹងរូបភាពប្រេងដូងត្រជាក់ ម៉ាក LM ដែលជាផលិតផលរបស់ក្រុមគ្រួសារនាងខ្ញុំផ្ទាល់ មានសង្វាក់ផលិតកម្មនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប | រូបដបប្រេងដូងនោះ ជាដបម៉ូដចាស់ទេ សព្វថ្ងៃបានអភិវឌ្ឍស្អាតជាងនោះច្រើន
សម្រាប់ព័ត៌មានលម្អិតទូទៅផ្សេងៗ សូមចុចតាមដាននៅក្នុង http://www.facebook.com/LimaViriya
សូមអានប្រវត្តិក្រុមហ៊ុនតាមរយៈគេហទំព័រ http://www.khmerangkorfood.com

កំណាព្យ “សិទ្ធិស្ត្រី”

(បទព្យាង្គ៨)

នេះនឹងថ្លាថ្លែងសម្ដែងរឿងសិទ្ធិ
សេរីភាពពិតដិតនៅត្រង់ណា
ទិវានារីល្បីល្បាញអស្ចារ្យ
នៅលើលោកាអ្នកណាក៏ដឹង។

លិចកើតជើងត្បូងរំលងហួសមេឃ
នារីខ្លះរែករកសិទ្ធិទាំងតឹង
ជួនទាល់តម្រិះខ្វេះសិទ្ធិបាតបឹង
ដង្ហោយទាំងប្រឹងខឹងគ្មានអ្នកឮ។

ពាក្យសិទ្ធិនារីជាទីរំឭក
ទន្ទេញឱ្យញឹកនឹកដល់នោះគឺ
ជាសិទ្ធិមនុស្សពេញដោយពន្លឺ
ក្ដៅរងារឈឺគឺរឿងតែមួយ។

សង្គមដែលខ្លាំងចែងចាំងរស្មី
ព្រោះតែមានស្រីឋានៈភូឈួយ
កាន់កិច្ចការធំមូលផ្ដុំចាំជួយ
កម្លាំងជំនួយគ្រប់វិនាទី។

បើចង់រស់នៅពេញដោយសក្ដិយស
មានមុខល្បីឈ្មោះត្រូវលើកនារី
ឱ្យកាន់រឿងធំប៉ុនដែនធរណី
អំណាចពេញទីនោះយើងនឹងខ្លាំង។
_________
(បទព្យាង្គ៧)

ប៉ុន្តែគិតទៅ នៅដដែល
រឿងរាក់កំផែល មិនដែលច្បាំង
ព្រោះតែទំនៀម បៀមឡើងក្ដាំង
គ្មានហ៊ានប្រឆាំង ខ្លាចបាយឆៅ។

មិនដឹងពេលណា ថ្លាគំនិត
មានស្រីចេះគិត រឹតឱ្យក្ដៅ
ផ្លាស់ប្ដូរសង្គម ធ្លាប់តែខ្លៅ
រាក់ជ្រៅ សខ្មៅ ហៅដឹងភ្លាម។

ពាក្យសិទ្ធិស្ត្រី ល្បីកប់មេឃ
ល្បីល្បាញខ្លាំងពេក ដេកស្លឈាម
ពេលខ្លះហួសចិត្ត នឹងទំនៀម
មនុស្សក្រាបដូចចៀម មិនហ៊ានប្ដូរ។

ប្រាំបីមីនា ហៀរតាមកែង
ហូរដាបឥតក្រែង ក្លែងជាហ៊ោ
កញ្ជ្រៀវបោកបក់ ដង្ហក់ប្រូ
ខ្ញៀវខ្ញារបន្ទរ តាមបញ្ជា។

បើចង់បានសិទ្ធិ សេរីភាព
ស្រីៗត្រូវជ្រាប កុំមាយា
តាមពាក្យបញ្ចើច គេផ្ដន្ទា
ភ្ញាក់ឡើងធ្វើជា ស្ត្រីខ្លាំង!
_________

វិរិយា🌸

ថ្ងៃសៅរ៍ ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែមីនា គ.ស. ២០២១

ពាក្យ “ស៊ី” ក្នុងភាសាខ្មែរ

មូលហេតុដែលខ្ញុំថតពាក្យនេះយកមកបង្ហោះ ព្រោះតែខ្ញុំឧស្សាហ៍ឮសំឡេងរបស់លោកវេជ្ជបណ្ឌិតដ៏ល្បី១រូប ដែលលោកតែងផ្ដល់ការពិគ្រោះយោបល់ផ្សេងៗផ្នែកសុខភាពតាមវិដេអូយូធូប។ ក្នុងវិដេអូនោះ ជារឿយៗ លោកតែងតែមានប្រសាសន៍ថា “អ្នកញ៉ាំផឹក អ្នកញ៉ាំចុក”។ ជាដំបូង សូមអរគុណដែលលោកតែងតែឆ្លៀតពេលវេលាដ៏មានតម្លៃចែករំលែកបទពិសោធ ចំណេះដឹងសុខភាព។ ប៉ុន្តែ ខ្ញុំចង់ចូលរួមកែកំហុសបន្តិច ត្រង់ពាក្យដែលលោកចូលចិត្តពោលថា “ញ៉ាំផឹក ញ៉ាំចុក”។

ខ្ញុំសូមពន្យល់បំភ្លឺថា ភាសាខ្មែរ ដែលពាក្យខ្លះ ហាក់ស្ដាប់ទៅដូចជា មិនសូវសុភាព តាមពិតនោះជាព្រលឹងនៃភាសា ដែលមិនអាចយើងទៅកែប្រែតាមតែចិត្តនឹកឃើញបានទេ។

ឧទាហរណ៍៖ ពាក្យថា “ដេកស៊ី – ស៊ីការ – ស៊ីឈ្នួល – ស៊ីលុយ – ស៊ីថ្លៃ – ស៊ីផឹក – ស៊ីចុក…។ល។” យើងមិនអាចយកវាមកកាឡៃទៅជា “គេងញ៉ាំ – ញ៉ាំការ – ញ៉ាំឈ្នួល – ញ៉ាំថ្លៃ – ញ៉ាំផឹក – ញ៉ាំចុក” បានទេ។ ព្រោះខ្លឹមសាររបស់ពាក្យ “ស៊ី” នីមួយៗ វាមានន័យផ្សេងៗពីគ្នា គ្រប់គ្រាន់ដែលបញ្ជាក់ឱ្យពាក្យខាងចុងរួចហើយ។ វាមិនមែនមានន័យប្រៀបធៀបដល់ពាក្យថា “ហូប ពិសា ញ៉ាំ ឆាន់” ដែលអង់គ្លេសប្រែថា eat នោះទេ។

ក្នុងវចនានុក្រមខ្មែរ បោះពុម្ពឆ្នាំ ១៩៦៧ ត្រង់ទំព័រលេខ ១៣៥៦ – 1386 បានពន្យល់ថា “ស៊ី” (កិ.) ប្រែថា ទទួលទានអាហារ បរិភោគភោជនាហារ។ ដូច្នេះ ពាក្យមួយម៉ាត់នេះ វាក្ដោបជារួមថា ជាសកម្មភាព ហូប – ពិសា – ញ៉ាំ – សោយ – អាហារក្នុងពិធីជួបជុំអ្វីមួយ ជាមួយគ្នានោះហើយ។ សូមកុំកែពាក្យនេះទៅជាអ្វីផ្សេងដែលធ្វើឱ្យប្រាសចាកខុសន័យដើម ដែលជនបរទេសកំពុងរៀនភាសាខ្មែរ ទៅជាវង្វេងលែងយល់។

​ប្រសិនបើយើងគិតថា ឱ្យតែឃើញពាក្យ “ស៊ី” សុទ្ធតែឥតសុជីវធម៌ ហើយត្រូវប្ដូរទៅជា “ញ៉ាំ ឬ ហូប ឬ ពិសា” ដូច្នេះ តើពាក្យផ្សេងទៀត ដូចជា “អ្នកស៊ីឈ្នួល ទឹកស៊ីជើង អ្នកស៊ីចាយ អ្នកដេកស៊ី រឿងស៊ីគ្នា តូចស៊ីតាមតូច ធំស៊ីតាមធំ ស៊ីមុខស៊ីក្រោយ អ្នកស៊ីពែ ស៊ីសំណូក អ្នកស៊ីផ្អែម ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ……។ល។” គួរប្ដូរដែរឬយ៉ាងណា?

សូមត្រិះរិះតាមការគួរ និង សូមអរគុណ!

ភាសាខ្មែរមួយចំនួនដែលខ្មែរប្រើមិនទាន់ត្រឹមត្រូវ

តើ “សារ៉ុង” មានប្រភពកំណើត និងដំណើរដើមទងមកពីណា?

“សារ៉ុង” គឺជាពាក្យដើមនៃសំពត់ប្រពៃណីរបស់មូស្លីម ដែលរស់នៅតំបន់ស៊ូម៉ាត្រា និង ជ្វា។ ពាក្យ “សារ៉ុង” ជាពាក្យកម្ចីពីភាសាអង់គ្លេស ដើមកំណើតម៉ាឡេ សរសេរថា “Sarong”  មានន័យថា “គ្របដណ្ដប់”“ដើម្បីស្រោប”

ពាក្យ “សារ៉ុង” នេះ គេចាប់ផ្ដើមហៅដំបូងនៅក្នុងឆ្នាំ ១៨៣៤ ដែលខ្លឹមសាររបស់អ្នកនិយាយ គឺសំដៅលើក្រណាត់ស្លៀកចាប់ពីចង្កេះចុះក្រោម ហៅថាសំពត់។ ហើយសំពត់សារ៉ុងនេះ ក៏គេកាលណោះ ផ្ដោតទៅលើតែប្រពៃណីរបស់ជនជាតិម៉ាឡេស៊ី និង ឥណ្ឌូណេស៊ីទេ។ ក្នុងភាសា ឥណ្ឌូណេស៊ី គេសរសេរជា “សារុង” (Sarung)។ ដូច្នេះ “សារ៉ុង ឬ សារុង” ជារួម ត្រូវបានគេស្គាល់ថាជាសម្លៀកបំពាក់ប្រពៃណីវប្បធម៌ដ៏ចំណាស់របស់ជាតិសាសន៍ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ជាពិសេសអ្នកនៅប្រជុំកោះជ្វា។ វាត្រូវបានត្បាញក្នុងទំហំដូចៗគ្នា ឬប្រហាក់ប្រហែលគ្នា គឺក្រណាត់ប្រវែងស្រុងជិត១ម៉ែត្រ និង ទទឹង ២ម៉ែត្រលើសបន្តិច (0.91 m x 2.3 m)។

រូបថតដើមពី http://www.flickr.com បង្ហាញរូបថតរបស់ស្ត្រីជ្វាស្លៀកសារ៉ុង នៅក្នុងឆ្នាំ ១៩០៥

នៅឥណ្ឌូណេស៊ី គេហៅថា “សារុង” (បញ្ចេញសំឡេងធ្ងន់ជាងភាសាខាងម៉ាឡេ) លើកលែងតែនៅ “កោះបាលី” គេហៅថា “ក្រឹមបិន” ដែលប្រហែលជាក្លាយមកពីភាសាជ្វាបុរាណទាក់ទងនឹងពាក្យថា “កឹមបិន” (Kemben) ប្រែថាក្រណាត់ រុំខ្លួនរបស់ពួកជ្វា។ ហើយប្រហែលជា ភាសាឆ្លងគ្នានេះឯង ដែលខ្មែរយើងហៅក្រណាត់វែងរុំខ្លួនជិត ថាជា “ក្បិន” ដែលយើងដឹងហើយថា ពួកជ្វា ធ្លាប់ជាឈ្មួញដឹកទំនិញសព្វបែបយ៉ាង ជាពិសេស “ក្រណាត់” យកមកលក់នៅបណ្ដាប្រទេសជិតខាងក្នុងអំឡុងអតីតកាលជាង៧០០ឆ្នាំមុន។

ចម្លាក់ប្រាសាទ Majapahit នៅលើកោះជ្វា បង្ហាញពីស្ត្រីជ្វា ស្លៀក Kemben នៅក្នុង ស.វ. ទី១៤

សារ៉ុង ឬ សារុង ឬ កឹមបិន មានលក្ខណៈស្លៀកពាក់ជាបំពង់ធំវែង ពាក់ដោយបុរស និង ស្ត្រី ទូទាំងប្រជុំកោះឥណ្ឌូណេស៊ី។ ហើយវាប្រើជាពិសេសចាំបាច់ សម្រាប់បុរសមូស្លីម ស្លៀកអធិដ្ឋាន។

ក្រណាត់សារុងរបស់ឥណ្ឌូណេស៊ី ត្រូវបានដេរភ្ជាប់គ្នាដើម្បីបង្កើតជាសំពត់រាងជាបំពង់។ នៅបាលី សារ៉ុង មិនត្រូវបានគេដេរភ្ជាប់គ្នាជាបំពង់ទេ ប៉ុន្តែនៅតែជាក្រណាត់សម្រាប់រុំជុំវិញចង្កេះ ហើយដេរភ្ជាប់ជាមួយនឹងប៉ាក់។

នៅឥណ្ឌូណេស៊ី គេបែងចែកឈ្មោះសារុង ទៅតាមវិធីសាស្ត្រត្បាញ ឬ វិធីសាស្ត្របោះពុម្ពរូបផ្សេងៗទៀត។ មិនមែនហៅចូលគ្នាថាជា សារុងទាំងអស់ទេ។ ជាក់ស្ដែង មានក្រណាត់សំពត់មួយដែលគេចាក់ពុម្ពពណ៌ងងឹតៗ ខ្មៅៗ ហើយក្រឡាល្អិតៗ មិនសូវមានផ្កាភ្ញីឆើតឆាយ គ្មានពណ៌ភ្លឺស្រស់រំលេច អាហ្នឹងគេហៅថា “បាទីក” (Batik)។ បាទីក នេះ នៅស្រុកខ្មែរ យើងតែងឮគេហៅថា “សារ៉ុងមនុស្សចាស់” ព្រោះវាមានលក្ខណៈបែបចាស់ទុំ ហើយក្មេងៗមិនសូវចូលចិត្តស្លៀកទេ។

Batik របស់ឥណ្ឌូណេស៊ី
បាទិក (Batik) របស់ឥណ្ឌូណេស៊ី ដែលខ្មែរយើងនិយមហៅថា “សារ៉ុងមនុស្សចាស់”

មិនថា “សារុង ឬ បាទីក” ពួកក្រណាត់អស់នេះ ប្រសិនបើគេត្បាញចេញមកពីអំបោះធម្មតាថោកៗ គេក៏ប្រើវាសម្រាប់ស្លៀកនៅផ្ទះសម្បែង ឬធ្វើការងារប្រចាំថ្ងៃធម្មតា។ បើជាក្រណាត់ត្បាញចេញពីសរសៃសូត្រ ដែលភ្លឺថ្លាស្រស់ល្អ វានឹងមានតម្លៃថ្លៃខ្លាំង ហើយគេនឹងស្លៀកវា ក្នុងពិធីធំដុំ ផ្លូវការ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ចូលរួមកិច្ចប្រជុំថ្នាក់ជាតិ អន្តរជាតិ ……។ល។

នៅក្នុងឆ្នាំ ២០១៩ លោកប្រធានាធិបតី “ចូកូ វីដូដូ” បានប្រកាសថា ប្រជាជនជ្វាទាំងអស់ នៃដែនកោះឥណ្ឌូណេស៊ី ត្រូវចូលរួមផ្សព្វផ្សាយសម្លៀកបំពាក់ធ្វើពី សារុង ឬ បាទីក ឱ្យបានយ៉ាងហោចណាស់១ដង ក្នុង១ខែ ដើម្បីជាការដឹងគុណ និងតបគុណ ចំពោះសហគមន៍ សិប្បករត្បាញសារុងទាំងអស់ក្នុងទូទាំងប្រទេស ក៏ដូចជាជំរុញព្រលឹងវប្បធម៌ដ៏ចំណាស់របស់ខ្លួននៅលើឆាកអន្តរជាតិផង។

តើជាតិសាសន៍ណាខ្លះស្លៀកសារ៉ុង?

“Sarong” ត្រូវបានគេយកទៅរចនាម៉ូដយ៉ាងស្រស់ស្អាត សម្រាប់ជាឯកសណ្ឋានរបស់បាហុនិកា

 ប្រទេសដែលស្លៀកសារ៉ុងក្នុងទម្រង់សាមញ្ញទូទៅច្រើនជាងគេ (គឺស្លៀកដោយច្បិចក្បាលក្រណាត់យកមកបត់ឆ្នុក ចុកក្រោមរន្ធផ្ចិត) គឺប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ (មានច្រើនជាងគេ) រួមមានដូចជា៖ ប្រ៊ុយណេ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និង កម្ពុជា។

ចំណែកថៃ ដែលស្ថិតនៅកៀកក្បែរគ្នាជាមួយបងប្អូនអ្នកស្លៀកសារ៉ុង ច្រើននិយមប្រើសារ៉ុងសម្រាប់តែការផ្លាស់ងូតទឹក ឬ សម្រាប់ស្ប៉ា ស្ទីម តែប៉ុណ្ណោះ ព្រោះថៃមិនសូវមានទម្លាប់ចុកឆ្នុកសារ៉ុងទេ។ បើជាសំពត់ក្រណាត់ផ្សេង គេច្រើនដេរទំពក់ ឬដេរកៅស៊ូឱ្យជាប់មាំ។

នៅប្រទេសថៃ គេប្រើសារ៉ុង សម្រាប់តែការផ្លាស់ងូតទឹក និង ស្ប៉ា ឬ ស្ទីម តែប៉ុណ្ណោះ
រូបថតសិល្បៈរបស់ថៃ បង្ហាញពីទំនៀមទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃ ដោយប្រើសារ៉ុងផ្លាស់ងូតទឹក

ឯលាវ វិញ គេត្បាញកំណាត់សំពត់ដោយសរសៃអំបោះប្រភេទផ្សេង មិនចាក់ពុម្ពផ្កាស្រស់ឆើតឆាយដូចសារ៉ុងទេ ហើយក៏គេមិនស្លៀកវែងដល់កែងជើងដែរ។ លាវ គេប្រើសំពត់សឹង ស្លៀកដោយដេរគន្លឹះទំពក់ខ្ទាស់ ហើយកំណត់ស្រុងចុះត្រឹមក្រោមជង្គង់ ដែលជាវប្បធម៌ដាច់ដោយឡែកផ្សេងមួយទៀតសម្រាប់កំណត់អត្ដសញ្ញាណជាតិសាសន៍មិនឱ្យច្រឡំនឹងគេ។

រូបថតរបស់ http://www.ockpoptok.com បង្ហាញស្ត្រីលាវនៅសហគមន៍តម្បាញសិង ដែលជាសំពត់ប្រពៃណីរបស់ពួកគេ (លាវមិនស្លៀកសារ៉ុងទេ)

ឯភូមា ស្លៀកសំពត់ចុក តែបុរសភេទទេ ហើយក៏មិនមែនប្រភេទសារ៉ុងផ្កាដូចម៉ាឡេដែរ តែជាក្រណាត់សំពត់សូត្រគោមក្រឡា។ ចំណែកស្ត្រីភូមា ច្រើនស្លៀកសំពត់ដែលត្បាញដោយសរសៃសូត្រឬអំបោះក្នុងតំបន់ផ្ទាល់ខ្លួន ហើយដេរទំពក់ខ្ទាស់ ដូចទៅនឹងថៃ លាវ ដែរ។

រូបភាពបុរសភូមា ស្លៀកសារ៉ុង ដែលជាតម្បាញផ្ទាល់របស់ជាតិសាសន៍ពួកគេខ្លួនឯង ហៅថា “Longyi”
រូបថតស្ត្រីជនជាតិភូមាស្លៀកសំពត់ ដែលត្បាញដោយអំបោះ និង សូត្រ ហើយមានដេរទំពក់ថ្ពក់នៅចង្កេះ ហៅថា Longyi

ចុងក្រោយ គឺវៀតណាម ដែលរាប់ថាជាសាសន៍មួយ ដែលមិនចេះស្លៀកសារ៉ុង ឬ សំពត់សោះតែម្ដង។ វៀតណាម ស្លៀកខោ ឬ រ៉ូបវែង ដូចប្រពៃណីចិន។ តែបើជាសំពត់ ទាល់តែសំពត់ដេរដូចម៉ូតមកពីអ៊ឺរ៉ុប។ ខ្ញុំធ្លាប់ទៅលេងតំបន់កម្ពុជាក្រោម (ខេត្តព្រះត្រពាំង) ខ្មែរក្រោមដែលបានរស់នៅលាយឡំនិងវៀតណាមប៉ុន្មានរយឆ្នាំកន្លងមកនេះ មិនចេះស្លៀកសំពត់ទៅវត្តទេ។ គ្រប់គ្នាទាំងស្រី ទាំងប្រុស គឺគេស្លៀកខោ។ ចំណែកខ្ញុំដែលទៅពីស្រុកខ្មែរ ស្លៀកសំពត់បត់ផាមួង ក៏ត្រូវបានគេចំអន់លេង ដោយហៅថា “ក្រមុំកម្ពុជា”។ អ្នកនៅទីនោះ ពន្យល់ខ្ញុំថា ពួកគេឱ្យតែឃើញស្ត្រីរូបណាស្លៀកសារ៉ុង (ឬសំពត់បត់ដាក់ទំពក់) គេនឹងដឹងភ្លាមថាយើងនេះមកពីតំបន់កម្ពុជាកណ្ដាល ដូច្នេះហើយ ទើបគេចំអន់លេង ហៅថា “ក្រមុំកម្ពុជា” ឬជួនកាលហៅថា “អ្នកភ្នំពេញ”។

ដោយឡែក សារ៉ុង ក៏ត្រូវបានប្រើយ៉ាងទូលំទូលាយដែរ នៅប្រទេសស្រីលង្កា ដែលស្ថិតនៅតំបន់អាស៊ីខាងត្បូង និងប្រទេសមួយចំនួនទៀតដែលនៅក្នុងឧបទ្វីបឥណ្ឌា ប៉ុន្តែវាត្រូវបានគេប្រើសម្រាប់តែបុរសប៉ុណ្ណោះ។

រូបភាពតារាបង្ហាញម៉ូដរបស់ប្រទេស ស្រីលង្កា ដែលបង្ហាញម៉ូដសារ៉ុង ដែលត្រូវបានតម្បាញក្នុងទម្រង់មួយខុសពីនៅកោះជ្វា

នៅមានរឿងរ៉ាវវែងឆ្ងាយច្រើនរាប់លានករណីផ្សេងទៀត ដែលយើងស្រាវជ្រាវរួច នឹងដឹងថា ប្រជាជាតិក្នុងតំបន់អាស៊ីភាគអាគ្នេយ៍នេះ ពិតជាមានប្រវត្តិជាប់ទាក់ទងគ្នាមកយ៉ាងជិតស្និទ្ធខ្លាំងបំផុត ទាំងភាសា សាសនា ការគោរពបូជា របាំ ភ្លេង ម៉ូដសម្លៀកបំពាក់ ម៉ូដសក់ ម៉ូដអលង្ករណ៍ ម៉ូដស្ថាបត្យកម្ម រសជាតិម្ហូបអាហារ ម៉ូដអាហារ….។ល។ ហើយប្រភពដើមធំៗ នៅក្នុងតំបន់ ជាប់ទាក់ទងគ្នាខ្លាំងរវាង ជ្វា ខ្មែរ ឥណ្ឌា និង ចិន។

លឹម វិរិយា

រូបភាពបង្ហាញពីទំនៀមទម្លាប់ខុសគ្នា នៃការប្រើប្រាស់សារ៉ុងរបស់ជាតិសាសន៍នីមួយៗក្នុងតំបន់អាស៊ាន

ប្រវត្តិបទចម្រៀង “Bengawan Solo”

ខ្មែរយើងស្ទើរគ្រប់គ្នា គ្មាននរណាដែលថាមិនធ្លាប់ស្ដាប់ឮបទមួយនេះទេ គឺ “បឹងហ្គាវ៉ាន់ សូឡូ” បកស្រាយដោយតារាចម្រៀងស្ត្រី ជាតិខ្មែរកម្ពុជាក្រោម សំឡេងច្រឡំគ្នាជាមួយនឹង ប៉ែន រ៉ន គឺ “ឈុន វណ្ណា” កាលពិអំឡុងទសវត្សរ៍ ១៩៦០។ កាលខ្ញុំនៅពីតូច ស្ដាប់បទចម្រៀងនេះម្ដងណា ក៏ឆ្ងល់ដែរ ចង់ដឹងណាស់ថា តើ អា “បឹង” មួយហ្នឹង ឈ្មោះអីក៏ចម្លែកម្ល៉េះ? ហើយវានៅឯណា? តាមការពិត នេះមិនមែនជា “បឹង” ទេ វាគឺជា “ទន្លេ” ដ៏វែងអន្លាយមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះឯង។

រូបថតជ្រុងមួយនៃទន្លេសូឡូ ពី Wikipedia

នៅក្នុងភាសា Bahasa របស់ជាតិសាសន៍ជ្វា (ភាសាផ្លូវរដ្ឋរបស់ពួកឥណ្ឌូណេស៊ី) ពាក្យថា “Bengawan” ប្រែថា “ទន្លេ” ចំណែកឯពាក្យថា “Solo” គឺជាឈ្មោះទន្លេវែងជាងគេ និងទទឹងអាងធំជាងគេបំផុតក្នុងទឹកដីប្រជុំកោះជ្វាភាគខាងលិច ដែលមានប្រវែង “២0៩0 គីឡូម៉ែត្រ ឬ ១៣០០ ម៉ៃល៍” ហូរកាត់ខេត្តចំនួន២។

ផែនទីទន្លេសូឡូពីក្នុង Google Map

ចម្រៀងដ៏ពីរោះរណ្ដំនេះ ត្រូវបាននិពន្ធឡើងដំបូងនៅឆ្នាំ ១៩៤០ ជាទម្រង់កំណាព្យ ពោលគឺក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដោយកវីជ្វា ឈ្មោះ “Gesang Martohartono” ពេលដែលគាត់អាយុ២៣ឆ្នាំ។

ខ្លឹមសារនៃចម្រៀងជាភាសាជ្វានេះ ជាការពិព័ណ៌នាអំពីសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រងនៃទន្លេ “Solo” ដ៏វែងអន្លាយក្នុងប្រទេសឥណ្ឌូណេស៊ី។ បទនេះត្រូវបានគេផ្សព្វផ្សាយលើកតម្កើងជាបទចម្រៀងជាតិ បន្ទាប់ពីប្រទេសនេះ ទទួលបានឯករាជ្យក្រោយសង្គ្រាមលោក។

សូរស័ព្ទសំឡេងតន្ត្រី ចង្វាក់ភ្លេងយឺតៗរបៀបច្រៀងបង្អូសដល់គល់កន្លើត និងរបៀបបញ្ចេញសំឡេងគ្រហឹមទាំងបិទមាត់ឱ្យឡើងខ្ទរដល់សោតឥន្ទ្រីយារម្មណ៍ រៀបរាប់ ផ្សំនឹងសំឡេងច្រៀងប្រកបដោយទឹកដមស្រទន់ផងនោះ ធ្វើឱ្យបទចម្រៀង “Bengawan​ Solo” ល្បីរន្ទឺឆ្លងព្រំដែនសីមាពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងឆ្លងទៅដល់តំបន់អាស៊ីខាងកើត និងផ្នែកខ្លះនៃតំបន់អឺរ៉ុបក្នុងអំឡុងទសវត្សរ៍នោះថែមទៀតផង។

បទនេះ ក្រោយពីល្បីខ្លាំង ក៏ត្រូវបានគេយកទៅនិពន្ធ ជាភាសាផ្សេងៗខុសៗគ្នា ប៉ុន្តែរក្សាបានអត្ថន័យដើមឱ្យនៅដដែល គឺការច្រៀងរៀបរាប់ពីសម្រស់ដ៏ត្រកាលនៃ “ទន្លេជ្វា” រួមទាំងលំហូរទឹកឡើងចុះក្នុងរដូវប្រាំង រដូវវស្សា កម្ពស់ទឹក ខ្ពស់ទាប មានទេសភាពភ្នំវែងអន្លាយព័ទ្ធជុំវិញ ជាខ្សែទឹកសម្រាប់ផ្លូវចរាចរដឹកទំនិញតូចធំ ជា មគ្គទេសក៍ពាណិជ្ជកម្ម ចលនានៃខ្សែទឹកដែលបានហូរចុះចាក់ចូលទៅដល់សមុទ្រជ្វា…។ល។

ក្នុងអំឡុងពេលដែលឥណ្ឌូណេស៊ី កំពុងស្ថិតក្រោមការត្រួតត្រារបស់ពួកចក្រពត្តិជប៉ុន បទចម្រៀង “Bengawan​ Solo” ហាក់បានដើរតួនាទីជាអ្នកស្រែករំពងសំឡេងអំពាវនាវបន្ទន់ចិត្តកងទ័ពជប៉ុន ហាក់ដូចជាអ្នកដែលស្រែកអំពាវនាវស្វែងរកការបញ្ចប់សង្គ្រាម និងបង្កើតសន្តិភាព។ ឥទ្ធិពលនៃចម្រៀង “Bengawan​ Solo” បានធ្វើឱ្យវរសេនីយ៍ឯកជប៉ុនមួយរូបឈ្មោះ តាកាហាស៊ី កូរីយ៉ូ (Takahashi Kōryō) សរសេរអត្ថបទចម្រៀងថ្មីជាភាសាឥណ្ឌូណេស៊ី តបទៅនឹងបទភ្លេង “Bengawan​ Solo” នោះវិញ នៅក្នុងបទមួយដែលមានចំណងជើងថា “Negeri Sekutu”។ វរសេនីយ៍ជប៉ុន សរសេរបទ “Negeri Sekutu” នេះ ដើម្បីប្រឆាំងនឹងខ្លឹមសាររបស់ “Bengawan​ Solo” ដែលហាក់ដូចទាមទារចង់ឱ្យមានការដកទ័ពជប៉ុនចេញ ចង់ឱ្យមានការដោះលែងអ្នកទោសនយោបាយ និងហាក់ដូចជាចង់បានសន្តិភាព។ ថ្វីដ្បិតតែវាមិនមានច្រៀងរៀបរាប់នៅក្នុងខ្លឹមសារបទចម្រៀងនោះពិតមែន ប៉ុន្តែគេដឹងច្បាស់ថា វាបង្កប់ខ្លឹមសារស្វែងរកសន្តិភាព។ ដូច្នេះបទ “Negeri Sekutu” ពេលនោះ គឺច្រៀងរៀបរាប់ លើកសរសើរពីពួកអាណានិគមជប៉ុន ដែលគេនិយមហៅថាជាសម្ព័ន្ធមិត្ត។ ពាក្យសម្ព័ន្ធមិត្តកាលនោះ គឺមានន័យស្មើនឹងពួកអ្នកដើររំលោភជិះជាន់គេនោះឯង។

រូបភាពទន្លេសូឡូ ថតពីលើអាកាស (រូបភាពពីក្នុង Pinterest)

គេថា “មនុស្សគិត មិនដូចអាទិទេពគិត” នោះទេ។ ទីបំផុតទៅ ការដួលរលំនៃសង្គ្រាមពិភពលោកដែលឆេះដាច់ដោចស្ទើរតែផុតពូជមនុស្សលើផែនដី ក៏ជាការដួលរលំនៃរបបអាណានិគមគ្រប់សព្វនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។ បារាំងដកទ័ពចេញពីកម្ពុជា អាមេរិកចាកចេញពីវៀតណាម អេស្ប៉ាញចេញពីហ្វីលីពីន ជប៉ុនក៏ចេញពីឥណ្ឌូណេស៊ី និងថៃ គឺសុទ្ធតែកើតពីហេតុផលបរាជ័យនៃសង្គ្រាមលោកលើកទី២ទាំងអស់ គ្មានហេតុផលអ្វីផ្សេងដូចការដណ្ដើមគុណសម្បត្តិរបស់ពួកអ្នកនយោបាយរូបណានោះទេ។

ក្រោយភ្លើងសង្គ្រាមស្ងប់ទៅ មានតារាចម្រៀងជាតិជប៉ុនដ៏ល្បីល្បាញម្នាក់ ឈ្មោះ “អ៊ិជិរ៉ុ ហ្វុជិយ៉ាក់ម៉ាក់” (Ichiro Fujiyama) ដែលធ្លាប់បានជាប់គុកនៅកោះជ្វាខាងកើត (ច្បាប់ប្រទេសកាលណោះ គ្រប់បុរសត្រូវតែបំពេញកាតព្វកិច្ចធ្វើជាទាហានពេលប្រទេសធ្លាក់ក្នុងសង្គ្រាម)។ ក្រោយជប៉ុនចុះចាញ់ បានចំណាយពេលវេលាខ្លះនៅក្នុងគុកនៅកណ្ដាលកោះជ្វា សរសេរទំនុកច្រៀងបទ “Bengawan Solo” ជាភាសាជប៉ុន ហើយក្រោយមកពេលគេដោះលែងឈ្លើយសឹកសង្គ្រាមចេញវិញ “អ៊ិជិរ៉ុ” នៅរស់រានមានជីវិត ហើយបានយកបទនោះទៅច្រៀងនៅជប៉ុន រហូតបង្កើតបានភាពល្បីល្បាញដល់កំពូល ក្នុងឆ្នាំ ១៩៤៧។

រូបគំនូរទន្លេសូឡូ តាំងនៅសារមន្ទីរ Maritiem ក្នុងទីក្រុង Rotterdam ប្រទេស Netherlands (ហូឡង់)

១០ឆ្នាំក្រោយមក បទនេះត្រូវបានលើកយកទៅច្រៀងក្នុងភាសាកុកងឺ របស់ប្រជាជនចិន ភាសាម៉ាឡេទំនើប របស់ពួកម៉ាឡេស៊ី (តាមពិត ភាសារួមតែមួយ ពីដើមឡើយ គឺ បាហាសា ជាភាសាផ្លូវការរបស់ម៉ាឡេ និង ជ្វា) ភាសាតាហ្គាឡុក របស់ហ្វីលីពីន និងក្រោយៗមកទៀត មានជាភាសា ប៉ូឡូញ រុស្ស៊ី ហូឡង់ ថៃ វៀតណាម និង ខ្មែរយើងផងដែរ ដែលច្រៀងដោយ “ឈុន វណ្ណា“។ ឈុន វណ្ណា ក្រោយពីបែករបបប៉ុលពត បាននៅរស់រាន មានជីវិត ហើយនិរទេសខ្លួនចេញទៅនៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨១ តាមរយៈអភ័យឯកសិទ្ធិជនរងគ្រោះសង្គ្រាម ភៀសខ្លួននៅជំរុំ ខាវអ៊ីដាង ព្រំដែន ខ្មែរថៃ។ គាត់បានធ្វើមរណកាលនៅ ខាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក្នុងអាយុ ៨០ឆ្នាំ ដោយរោគាពាធ។

នៅដើមទសវត្សរ៍ ១៩៦០ មានកំណែប្រែជាភាសាអង់គ្លេស ដែលមានចំណងជើងថា “By the River of Love” រៀបចំផលិតដោយផលិតកម្មថាសចម្រៀងមួយនៅហុងកុង ច្រៀងដោយតារាស្រីហុងកុងដ៏ស្រស់ស្អាត ឈ្មោះ Rebecca Pan។ ក្នុងកំណែប្រែជាអង់គ្លេសនោះ គេបានកាឡៃខ្លឹមសារបន្តិចទៅជា ការច្រៀងរៀបរាប់ពីរាត្រីដ៏ផ្អែមល្ហែមមួយ នៅក្រោមផ្កាយភ្លឺចិញ្ចាច។ បន្ទាប់មក បទនោះ បានយកទៅប្រើក្នុងខ្សែភាពយន្តមួយ ដែលមានចំណងជើងថា “In the Mood for Love” ក្នុងឆ្នាំ២០០០។

រហូតមកដល់សព្វថ្ងៃ បទចម្រៀងរៀបរាប់ពីដងទន្លេសូឡូ ត្រូវបានលើកយកទៅច្រៀងឡើងវិញ ដោយសិល្បករច្រើនរាប់មិនអស់ នៅទូទាំងពិភពលោក។ ហើយបទចម្រៀងមួយនេះ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រប់របៀបវារៈក្រុមមគ្គទេសក៍ទេសចរណ៍ ដែលនឹងត្រូវមានដំណើរកម្សាន្តទៅកាន់ប្រទេសឥណ្ឌូណេស៊ី។

***ទំនុកច្រៀងច្បាប់ដើម ជាភាសា Bahasa របស់ឥណ្ឌូណេស៊ី និងបកប្រែជាភាសាខ្មែរក្នុងរង្វង់ក្រចក| “Bengawan Solo Lyrics and Khmer translation”

Bengawan Solo (ឱ ទន្លេសូឡូអើយ)

Riwayatmu ini (ប្រវត្តិរបស់អ្នក)

Sedari dulu jadi (តាំងពីយូរលង់ណាស់មកហើយ ដែលអ្នករក្សាបាន)

Perhatian insani (ជាទីទាក់ទាញនៃមនុស្សផងទាំងពួង)

Musim kemarau (ទោះក្នុងរដូវប្រាំង)

Tak seberapa airmu (អ្នកមានទឹកតែបន្តិចបន្តួច)

Di musim hujan air (ឯក្នុងរដូវវស្សា, ទឹក)

Meluap sampai jauh (ហូរជន់នាចគ្រប់ទិសទី)

Mata airmu dari Solo (រដូវផ្ការីកនៅតាមដងទន្លេអ្នក)

Terkurung Gunung Seribu (មើលទៅហាក់ដូចជានៅឆ្ងាយពីភ្នំសេរីប៊ុ)

Air meluap sampai jauh (ទឹកជោរជន់ហូរទៅសែនឆ្ងាយ)

Dan akhirnya ke laut (ហើយចុងបញ្ចប់ក៏ហូរចូលទៅសមុទ្រ)

Itu perahu (ទូកមួយនោះ)

Riwayatnya dulu (ក៏មានប្រវត្តិអតីតកាលវាដែរ)

Kaum pedagang selalu (ឈ្មួញផ្លូវទឹក, តែងតែ)

Naik itu perahu (បើកបរកាត់តាមនេះ)

A March 2018 aerial view of the Bengawan Solo river, near the town of Mendenrejo, Indonesia. The meandering river forms the boundary between East Java and Central Java provinces on the island of Java. The river is the longest river on Java island and well known for discovery of early hominid remains.

ធ្លាប់មានព្រឹត្តិការណ៍ធ្លាក់យន្តហោះ Boeing 737-300 (PK-GWA) ចូលក្នុងទន្លេសូឡូ កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០០២។ ក្នុងហេតុការណ៍នោះ គ្មានអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ សូម្បីតែរបួសបន្តិចបន្តួចឡើយ។ ក្រុមអ្នកមានជំនឿលើអភូតហេតុ បានដាក់ការសន្និដ្ឋាន ទៅលើរឿងរ៉ាវអាទិទេព ហើយនាំគ្នានិពន្ធប្រតិដ្ឋជាសាច់រឿងប្លែកៗទៅតាមជំនឿបរមបុរាណរបស់ម្ចាស់ស្រុកដើម។