Tag Archives: លឹម វិរិយា

រឿង “ធ្វើសង្គ្រាមលើក្រដាស”

ចូវស៊ឺ ជាមេទព័ដ៏មានឈ្មោះល្បីល្បាញរបស់នគរចូវ។ គេមានកូនប្រុសម្នាក់ឈ្មោះ ចូវខ ដែលជាក្មេងចូលចិត្តអានសៀវភៅ ក្បួនតម្រាអំពីការធ្វើសឹកសង្រ្គាមជាខ្លាំង។

ចូវខ អាចអធិប្បាយអំពីការរៀបចំកងទ័ពសម្រាប់ការធ្វើសង្រ្គាមបានយ៉ាងស្ទាត់ជំនាញ សូម្បីតែពេលខ្លះ ឪពុករបស់គេក៏នឹកមិនឃើញដែរ។ ហេតុនេះហើយទើបបានជា ចូវខ គិតស្មានដោយខ្លួនឯងថា នៅលើលោកនេះ មិនមាននរណាអាចប្រៀបផ្ទឹមជាមួយខ្លួនបានឡើយ។

ទោះជាយ៉ាងណា ចូវស៊ឺ មិនដែលលើកសរសើរពីកូនរបស់ខ្លួនម្តងណាឡើយ ព្រមទាំងពោលដោយក្តីបារម្ភថា “នាពេលអនាគត បើនគរចូវមិនបានប្រគល់តំណែងមេទ័ពទៅឱ្យ ចូវខ ទេ នោះគឺជាប្រការល្អបំផុត និងបើនៅតែចចេស ប្រគល់ឱ្យ ចូវខ ទៅដឹកនាំកងទព័ គឺគេនោះហើយដែលជាអ្នកនាំក្តីវិនាសមកឱ្យនគរចូវ”

កាលពីឆ្នាំ ២៦២ មុនគ្រិស្តសករាជ ពេលដែលកងទព័នគរឈិន លើកគ្នាវាយលុកមកលើនគរ ចូវ កងទព័ទាំងសងខាងបានប្រយុទ្ធតទល់ជាមួយគ្នានៅសមរភូមិ ឆាងភិង។

ពេលនោះ ចូវស៊ឺ បានទទួលអនិច្ចកម្មបាត់ទៅហើយ ឯ លិនសៀងយូ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ក៏មានជំងឺជាទម្ងន់ផងដែរ។ នគរចូវបានបញ្ជូន លានប៉ ដែលជាមេទ័ពជើងចាស់ឱ្យទៅដឹកនាំការប្រយុទ្ធនោះ។

កាលពីដំបូងៗ កងទ័ពនគរចូវ ត្រូវបរាជយ័ជាបន្តបន្ទាប់ តែក្រោយមក លានប៉ បានផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មី ដោយគ្រប់គ្រងកម្លាំងឱ្យនៅតែក្នុងមូលដ្ឋាន មិនឱ្យចេញប្រយុទ្ធអ្វីទាំងអស់។

សង្រ្គាមបានបន្លាយពេលរហូតដល់ទៅបីឆ្នាំ។ ក្នុងកងទ័ពរបស់នគរឈិន ចាប់ផ្តើមអស់ស្បៀងអាហារជាបណ្តើរៗ ព្រមទាំងបាក់ទឹកចិត្តមិនចង់ច្បាំងតទៅទៀត ទើបមេដឹកនាំរបស់គេ រិះរកវិធីប្រើសង្រ្គាមចិត្តសាស្រ្តម្តងវិញ។

គេបានបញ្ជូនមនុស្សរបស់ខ្លួនឱ្យបន្លំចូលទៅផ្សព្វផ្សាយពត៌មានក្នុងនគរចូវថា៖

 “នគរឈិន មិនខ្លាចអ្នកណាទាំងអស់ គេខ្លាចតែនៅពេលណាដែល ចូវខ មកធ្វើជាមេបញ្ជាការទ័ពប៉ុណ្ណោះ”

ពេលដែលព័ត៌មាននេះបានលេចឮទៅដល់ព្រះបរមរាជវាំង ព្រះមហាក្សត្រ ស៊ាវឆឹង របស់នគរចូវ កំពុងតែព្រួយព្រះទ័យអំពីសឹកសង្រ្គាមដែលនៅរ៉ាំរ៉ៃទៅមុខមិនរួចស្រាប់ផងនោះ ព្រះអង្គក៏សម្រេចព្រះទ័យ ឱ្យ ចូវខ ទៅទទួលតំណែងជាមេទព័។

លិនសៀងយូ បានដំណឹងនេះ ក៏ប្រញាប់ប្រញាល់ទៅឃាត់ព្រះរាជាកុំប្រគល់តំណែងនេះឱ្យ ចូវខ ជាដាច់ខាត ឯម្តាយរបស់គេផ្ទាល់ក៏បានសរសេរជាសារលិខិតទៅឃាត់ព្រះរាជាពីរឿងនេះផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា ព្រះអង្គមិនបានព្រះតម្រិះទៅលើពាក្យដាស់តឿនរបស់អ្នកណាទាំងអស់ ព្រះអង្គបានកោះហៅ លានប៉ ឱ្យត្រលប់មកវិញ ហើយទ្រង់តែងតាំង ចូវខ ជាមេទព័ក្នុងពេលនោះទៅ។

ពេលទៅដល់សមរភូមិ ចូវខ បានប្តូរយុទ្ធសាស្រ្តថ្មីជាបន្ទាន់។ គេរៀបចំកងកម្លាំងជាទ្រង់ទ្រាយធំភ្លាម បញ្ជាឱ្យមានការផ្លាស់ប្តូរមុខតំណែង ប្តូរមេកើយ ធ្វើឱ្យមេបញ្ជាការម្នាក់ៗមានក្តីព្រួយបារម្ភរៀងៗខ្លួន។

កងទព័ឈិនស៊ើបដឹងសភាពការណ៍បែបនេះ ក៏បញ្ជូនកងកម្លាំងមួយកងពល ចូលមកវាយឆ្មក់ក្នុងពេលយប់ទៅលើបន្ទាយរបស់កងទ័ពចូវ។ ប្រយុទ្ធមិនបានយូរប៉ុន្មាន គេក៏ធ្វើជាចាញ់ នាំគ្នាដកថយដើម្បីធ្វើល្បិចបំបែកកងទ័ពនគរចូវ ជាពីរផ្នែក។ ចូវខ មិនដឹងពីល្បិចដែលគេធ្វើចាញ់ នឹកឃើញបានចិត្តក៏បញ្ជាកងកម្លាំងឱ្យដេញភ្លាម។

លុះតាមបានបន្តិច កងទ័ពឈិន ក៏នាំគ្នាទូងស្គរធ្វើជាសញ្ញាឱ្យកងកម្លាំងរបស់ខ្លួនដែលនៅត្រៀមចាំជាស្រេចចូលមកឡោមព័ទ្ធកាត់ផ្តាច់កងកម្លាំងរបស់នគរចូវជាពីរផ្នែក។

កងទ័ពរបស់ ចូវខ ត្រូវទ័ពនគរឈិនឡោមព័ទ្ធអស់រយ:ពេល៤០ថ្ងៃ ដាច់បាយ ដាច់ទឹក ស៊ីតែសម្បកឈើនិងឫសឈើ អស់ទាំងកម្លាំងកាយទាំងកម្លាំងចិត្ត។ ចូវខ យល់ឃើញថា បើទុកបណ្តោយឱ្យនៅក្នុងសភាពបែបនេះ គេច្បាស់ជាត្រូវដាច់ពោះស្លាប់ជាមិនខាន ហេតុនេះគេចាំបាច់ត្រូវតែប្រយុទ្ធវាយបំបែករនាំងហ៊ុមព័ទ្ធរបស់សត្រូវ តែមិនទាន់បានធ្វើអ្វីផង ទ័ពនគរឈិនក៏សម្រុកចូលមកវាយលុកមុនតែម្តង ទង់របស់សត្រូវបក់រវិចៗចេញពីគ្រប់ទិស។ ចូវខ ខ្លួនឯងក៏ត្រូវព្រួញស្លាប់នាពេលនោះ កងទ័ពនគរចូវ ចំនួន៤សែននាក់ ត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។

ក្រោយពីនោះមក កងទ័ពនគរឈិន បានចូលមកឡោមព័ទ្ធជុំវិញតំបន់ ហានតាន ដែលជារាជធានីរបស់នគរចូវ តែក្រោយមក មហាក្សត្រ ស៊ិនលិនជិន នៃនគរវើយ បានលើកទ័ពមកជួយ ធ្វើឱ្យនគរចូវរួចផុតពីក្តីវិនាសអន្តរាយនាពេលនោះ។

(កត់ត្រានៅក្នុង ស៊ឺជី)

_________

ការធ្វើសង្រ្គាមលើក្រដាសរបស់ ចូវខ ដែលត្រូវទទួលបរាជយ័ ហើយអស់ទាំងជីវិតរបស់ខ្លួនទៀតនោះ គឺជាមេរៀនដ៏ជ្រាលជ្រៅ និងមានតម្លៃសម្រាប់មនុស្សយើងទូទៅ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីគ្រោះថ្នាក់នៃលទ្ធិគម្ពីរនិយម និងសារ:សំខាន់នៃការចេះផ្សំបន្ស៊ីរវាងទ្រឹស្តី ជាមួយនឹងការអនុវត្តជាក់ស្តែងស្របនឹងការពិត។

មនុស្សរបៀបចូវខ ដែលពូកែតែខាងទ្រឹស្តីបែបនេះ ប្រសិនបើឱ្យអង្គុយព្រោកប្រាជ្ញតែក្នុងបន្ទប់ទទួលភ្ញៀវនោះ ប្រហែលជាមិនមានខូចខាតអ្វីធ្ងន់ធ្ងរប៉ុន្មានទេ តែដល់ឱ្យទៅធ្វើកិច្ចការធំៗពិតប្រាកដ វាជារឿងមួយផ្សេង។

ស្តេច ស៊ាវឆឹង សម្រេចព្រះទយ័ដោយខ្លួនព្រះអង្គឯង មិនព្រមជឿពាក្យដាស់តឿនរបស់អ្នកណា វិះតែនឹងអស់នគររបស់ខ្លួនឯង។

……………………………………..

ដកស្រង់ផ្ទាល់ពីសៀវភៅ “និទានប្រាជ្ញា” ភាគទី២, ទំព័រ ១១៦-១១៩

ប្រែសម្រួល និង រៀបរៀងដោយ គឹម ចាន់ណា

ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

រូបថតពីលើកញ្ចក់ទូរសព្ទដៃ | មតិរបស់លោក មករា (ឈ្មោះគណនីហ្វេសប៊ុគ Khmer Washington) បានសួរសំណួរ បែបបរមត្ថវិជ្ជា មកកាន់ខ្ញុំ ក្រោយពេលខ្ញុំបាន បង្ហោះផ្សព្វផ្សាយអំពីអត្ថបទបកស្រាយទាក់ទងនឹង ទ្រឹស្ដីកម្មផល ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥

ឃើញសំណួរគាត់តាំងពីម្សិលមិញ ប៉ុន្តែគិតថា បើនឹងឆ្លើយតបខ្លីៗពេក គាត់ពិបាកយល់។ ក្នុងនាមជាអ្នកសិក្សាបរមត្ថវិជ្ជាបានបន្តិចបន្តួច សូមសារភាពថា ខ្ញុំកាលពីមុន ក៏ធ្លាប់មានចម្ងល់ដូចគាត់អ៊ីចឹងដែរ ប៉ុន្តែ ពេលនេះ ចម្ងល់បែបនោះ លែងក្លាយជាមន្ទិលសង្ស័យទៀតហើយ។

សំណួររបស់លោក Khmer Washington បានសួរថា “ចុះអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និងកម្មយ៉ាងម៉េចដែរ?”

ដំបូងយើងត្រូវដឹងឱ្យច្បាស់ជាមុនសិនថា តើអ្នកលួចនោះជានរណា មានសមាសភាពជាអ្វី មានស្ថានភាពជីវិតធ្ងន់ស្រាលកម្រិតណា? ហើយការលួចនោះទៀតសោត តើលួចយកអ្វី? និងលួចក្នុងគោលបំណងអ្វី?

នៅក្នុងធម្មបទគាថា នៃបិដកលេខ ៥២ ទំព័រ ២១ សរសេរថា៖

“មនោបុព្វង្គមា ធម្មា   មនោសេដ្ឋា មនោមយា

មនសា ចេ បទុដ្ឋេន  តាសតិ វា ករោតិ វា

តតោ នំ ទុក្ខមន្ទេតិ   ចក្កំវ វហតោ បទំ។”

ប្រែថា៖

“ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ។”

តបទៅនឹងព្រឹត្តិការណ៍ដែលបានសួរខាងលើ យើងអាចកំណត់ដឹងថា អ្នកដែលលួចអង្គការ ក្នុងអំឡុងពេលដ៏ខ្មៅងងឹតនោះ ច្បាស់ណាស់ថា ប្រហែលជាលួចចំណីអាហារ គឺលួចយកមក ដើម្បីជួយសង្គ្រោះក្រពះនៃអាត្មាខ្លួនឯង ឱ្យនៅបន្ដរស់រានមានជីវិត ទៅមុខទៀត។ ម្យ៉ាងទៀត ចំណីអាហារ ដែលត្រូវបានគេដាក់ចូលជាសម្បត្តិរួម កាលជំនាន់ប៉ុលពត បើគិតទៅ វាសុទ្ធតែចេញមកពីកម្លាំងញើសឈាម ដ៏សុចរិតទៀងត្រង់ របស់ប្រជាជនខ្មែរម្នាក់ៗ ដែលបានខិតខំហាលថ្ងៃ ហាលភ្លៀងខ្យល់ យ៉ាងឈឺចាប់លំបាកវេទនា ហួសនិស្ស័យនឹងថ្លែង។

“មនោបុព្វង្គមា ធម្មា” ធម៌ទាំងឡាយមានចិត្តជាប្រធាន គឺមានន័យថា បុណ្យ ឬ បាប វាមិនមែនអាស្រ័យនៅលើ ការសន្មតរបស់ពួកកងឈ្លបនៃអង្គការបដិវត្ដន៍ស្អីនោះទេ។ បុណ្យ ឬ បាប វាអាស្រ័យលើចេតនារបស់អ្នកប្រព្រឹត្ត។ បើលួចដកដំឡូង យកមកហូប នោះមានន័យថា អ្នកប្រព្រឹត្តិធ្វើ ដើម្បីសង្គ្រោះជីវិតខ្លួនឯង ពីការប៉ុនប៉ងសម្លាប់ដោយផ្ដាច់អាហារ ក្រោមគោលនយោបាយប្រល័យពូជសាសន៍ របស់អង្គការពីលើមេឃ។

ពួកវា ប្រើពាក្យថា “លួច” ដើម្បីដាក់កំហិតទោសកំហុសរបស់មនុស្ស ឱ្យរឹតតែយ៉ាប់យ៉ឺនខ្លាំង។ វាមិនខុសអីពីសម័យឥឡូវ ដែលគេហៅអ្នកតស៊ូមតិ អ្នកតស៊ូ ដើម្បីសិទ្ធិសេរីភាព អ្នកតស៊ូដើម្បីបរិស្ថានធម្មជាតិ ថាជា “ជនក្បត់ជាតិ” នោះទេ។ ក្បត់ជាតិ ឬមិនក្បត់ជាតិ វាមិនមែនអាស្រ័យនៅលើបក្សណា អង្គការណា ក្រុមណាមួយ ជាអ្នកកំណត់សោះឡើយ។

ដូចគ្នា ក្នុងសម័យខ្មែរក្រហម ពាក្យថា “លួច” ពាក្យថា “ខ្មាំង” ពាក្យថា “ក្បត់” សុទ្ធតែជាសេចក្ដីសន្មត អនុម័ត ដោយពួកអន្ធពាលមួយក្រុមតែប៉ុណ្ណោះ។ វាមិនមែន មានន័យថា អ្នកទៅដកដំឡូង ដែលដាំដុះដោយខ្លួនឯង គឺជា ចោរ នោះទេ។ យើងត្រូវចងចាំថា ការទទួលបានសិទ្ធិរស់រានមានជីវិត ជាសិទ្ធិមនុស្ស ដែលមានចែងជាសាកល ជាសិទ្ធិដែលអនុលោម តាមច្បាប់ធម្មជាតិ។ សូម្បីតែអ្នកទោសឧក្រិដ្ឋ ដែលជាប់គុកពេញមួយជីវិត ក៏មានសិទ្ធិទទួលបានអាហារ ៣ ពេលក្នុង១ថ្ងៃ ដើម្បីរស់ដែរ គឺមានសិទ្ធិរស់ រហូតដល់អស់អាយុ នេះក្នុងករណីប្រទេសដែលគ្មានច្បាប់ប្រហារជីវិត។

មនោបុព្វង្គមា ធម្មា ! បុណ្យឬបាបវាអាស្រ័យលើចេតនាចិត្តរបស់អ្នកធ្វើកម្ម។ ខ្ញុំលើក ករណី ២ ប្រៀបធៀបគ្នា ដើម្បីឱ្យអ្នកឆ្ងល់រឹតតែងាយយល់។

ករណី ទី១ ខ្លួនឯង ឬកូន ឬសមាជិកគ្រួសារ កំពុង ស្រេកឃ្លានខ្លាំង ទ្រាំស្ទើរលែងបាន ហើយក៏ទៅលួចយកអាហារពីក្នុងឃ្លាំងរួមមួយ ដែលមានឈ្លបការពារយ៉ាងតឹងរឹង ដើម្បីយកមកចម្អិនទទួលទាន សង្គ្រោះភាពស្រេកឃ្លានរបស់ខ្លួនឯង ឬកូន ឬសមាជិកគ្រួសារណាម្នាក់។ សូម្បីតែក្នុងករណី អាហារនោះ ជាសម្បត្តិរួមនៅក្នុងឃ្លាំង ក៏នោះជា “កុសលកម្ម” ដែរ។ កុសលកម្ម គឺកម្មដែលបានសាងឡើង ក្នុងចេតនាជួយសង្គ្រោះគ្នានិងគ្នាទៅវិញទៅមក សូម្បីតែជួយជីវិតខ្លួនឯងក៏ដោយ ។

ករណី ទី២ ខ្លួនឯង ឬកូន ឬសមាជិកគ្រួសារ ហូបចុកឆ្អែតស្កប់ស្កល់ហើយ គ្មានសេចក្ដីស្រេកឃ្លានអាហារទៀតទេ។ នៅក្នុងផ្ទះក៏មានស្បៀងខ្លះ សម្រាប់ត្រៀមបម្រុងដែរ។ ប៉ុន្តែនៅមានចិត្តចង់ចេញលួចស្បៀងអាហារពីក្នុងឃ្លាំងរួម។ នោះជា “អកុសលកម្ម” ហើយ! ព្រោះថា អំពើរបស់គេ ប្រព្រឹត្តឡើង មិនមែនដើម្បីសង្គ្រោះជីវិតទេ ។ អំពើនេះ ជាកម្មដែលចេញមកពីភាពល្មោភលោភលន់ ។ គេគិតថា បើខ្លួនមានស្បៀងបម្រុងរឹតតែច្រើនជាងនេះ គេនឹងអាចរក្សាទុក ដើម្បីប្ដូរយកមាសប្រាក់កែវកង យកសម្ភារៈផ្សេងៗដែលមានប្រយោជន៍ ហើយជីវិតគេនឹងមានស្ថានភាពខ្ពស់លើសអ្នកដទៃ។

ដូច្នេះ ករណីទី១ និង ទី២ គឺលួចដូចគ្នា ប៉ុន្តែ អ្នកទី១ ធ្វើទាំងបង្ខំចិត្ត ដើម្បីសង្គ្រោះជីវិត ចំណែកអ្នកទី២ ធ្វើទាំងចេតនាចិត្ត ដែលមានការតាំងមាំនៅក្នុងកិលេសតណ្ហាដ៏ក្រាស់ឃ្មឹក គឺលួច ដើម្បីឱ្យខ្លួនឯងល្អប្រសើរជាងគេ។ ការជួយជីវិតខ្លួនឯង ដោយធម៌សុចរិត ជាអំពើបុណ្យ។ សម្លាប់ជីវិតខ្លួនឯងដោយចេតនា និងដោយកំហឹង ទើបជាអំពើបាប។

——

វិរិយា

“អំនួត”

(កំណាព្យ បទ ៧ព្យាង្គ)

អំនួតក្អេងក្អាង ច្រើនតែអន់
ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យ
រសៀលចេញអួត តាមទម្លាប់
យប់ឡើងដេកទ្រាប់ កើយដៃគិត។

ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់
អួតក្នុងអង្គប់ បន្លាស្អិត
ដៀលញាតិបងប្អូនធ្លាប់ជាមិត្ត
ថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។

អួតរឿងមានលុយ ឡាន វិឡា
អួតអលង្ការ ភ្លឺចែងចាំង
អ្នកធ្លាប់បានជួយ ក្លាយជាខ្មាំង
ព្រោះតែមោហ៍បាំង បិទជិតមុខ។

អួតថាអញមានព្រោះអញឆ្លាត
ពូកែសង្វាតសន្សំទុក
អួតថាអញខ្លាំងមានជង្រុក
ដែលពោរពេញផ្ទុកដោយមាសប្រាក់។

អួតនេះហៅចំមហាអន់
ព្រោះពេលអាសន្នជាន់ច្រវាក់
ចេះត្រឹមចំទាលដូចជនខ្វាក់
ក្ដោបតែលុយកាក់មិនកាន់សីល។

អំនួតបែបនេះ ច្បាស់មិនយូរ
គង់រលាយហូរដូចអំបិល
ហៀរទៅតាមផ្លូវស្លែរអិល
ធ្លាក់រណ្ដៅទមិឡ រងទុក្ខា។

ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺ
ងាករកពន្លឺព្រះសាស្ដា
រក្សាសីលខ្ពស់ ឈ្មោះហៅថា
បុគ្គលអស្ចារ្យ ព្រោះដឹងទោស។

សូមទម្លាក់ចុះនូវទិដ្ឋិ
មានះ អស្មិ ចចេសខុស
ឈប់ផ្ដន្ទាជនសប្បុរស
ឈប់សាងកំហុសបំពានធម៌។

សូមឱ្យអ្នកភ្ងារ រកឃើញត្រូវ
បានដើរលើផ្លូវដ៏បវរ
មានអ្នកគោរពដោយស្មោះស
ពាល់សច្ចធម្ម ព្រះនិព្វាន។
________

វិរិយា 🌸

ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥

“កាឡកណ្ណី” (Kalakanni)

ជាច្រើនថ្ងៃកន្លងមកនេះ ខ្ញុំបានសង្កេតឃើញមាន កាឡកណ្ណី កើនឡើងច្រើនគួរឱ្យកត់សម្គាល់។ កាឡកណ្ណី ប្រែមកថា មនុស្សឥតបុណ្យ មនុស្សចង្រៃ មនុស្សដែលធ្វើនូវនិស្ស័យនៃខ្លួនឱ្យប្រាកដស្មើដោយវត្ថុមានពណ៌ខ្មៅ (វចនានុក្រមខ្មែរ)។ កាឡកណ្ណី មិនមែនមានតែជនជាតិណាមួយជាក់លាក់ទេ ជនជាតិណា ក៏មានដែរ ប៉ុន្តែក្នុងអត្ថបទនេះ ខ្ញុំលើកយកតែខ្មែរ និងសៀមទេ ព្រោះបានឃើញផ្ទាល់ៗនឹងភ្នែកច្រើនពេក។ កាឡកណ្ណីសៀមក៏មានច្រើន ខ្មែរក៏រាប់មិនអស់ក្នុងពេលដំណាលគ្នា រាប់ចាប់តាំងពីមានការផ្ទុះអាវុធដាក់គ្នា ដែលបង្កជាសង្គ្រាមហិង្សា ទាំងទៅលើជីវិតរាងកាយ និងសតិស្មារតីមនុស្សផងគ្នានោះមក។

ខ្មែរជ្រុលនិយម បញ្ឆេះភ្លើងកំហឹងតិះដៀលពូជសាសន៍សៀម ចំណែកសៀមជ្រុលនិយម ក៏មិនធម្មតាដែរ គឺដុតបំពក់រងើកភ្លើងនៃភាពស្អប់ខ្ពើមពូជសាសន៍ខ្មែរយ៉ាងចាស់ដៃដូចគ្នា។ ខ្ញុំដឹងថាក្នុងអំឡុងសង្គ្រាមស៊ីសាច់ហុតឈាមគ្នាយ៉ាងក្ដៅគគុក ប្រសិនបើមាននរណានិយាយទេសនាព្រះធម៌សន្តិភាព ច្បាស់ជានឹងត្រូវបានគេជ្រេញ គេខ្ពើម គេមិនចូលចិត្តទេ បើនៅក្បែរដៃជើងគេ ប្រហែលគេដេញកាប់ចាក់ឱ្យស្លាប់ ខានបានទេសនាផងក៏មិនដឹង។ យ៉ាងណាក៏ដោយចុះ ខ្ញុំនៅតែឈរលើជំហរមួយនេះ គឺផ្ដល់ឱវាទអប់រំដល់មនុស្សជ្រុលនិយម ឬហៅប្រៀបបាននឹងថា ជួយចាប់ហ្វ្រាំងដល់យានទាំងឡាយណា ដែលកំពុងតែហៀបនឹងជ្រុលចង្កូត កំពុងតែទៅមុខដោយហួសល្បឿនកំណត់ ដើម្បីសុវត្ថិភាពទាំងអស់គ្នាតែប៉ុណ្ណោះ។

ខ្ញុំសូមលើកចំៗ អំពីចំណុចមិនគួរគប្បី នៃជាតិសាសន៍ខ្មែរមុន។ យើងបានឃើញព័ត៌មានជាច្រើនចុះផ្សាយ ដែលខ្លះពិត និងខ្លះមិនពិត។ ព័ត៌មានខ្លះ បានផ្សាយដោយភ្ជាប់នូវរូបភាព រូបវិដេអូចម្រុះជាច្រើន ថាប្រទេសថៃ កំពុងជួបគ្រោះធម្មជាតិដ៏ធំបន្ដកន្ទុយគ្នាឥតដាច់សោះ មួយហើយមួយទៀត មួយហើយមួយទៀត។ ព្យុះសង្ឃរាដ៏គួរឱ្យព្រឺខ្លាច ជាបន្តបន្ទាប់នោះ  តាមពិតទៅ ដំបូងៗឡើយ វាបានវាយសន្ធាប់មកលើប្រទេសវៀតណាមទេ ចំណែក ប្រទេសថៃ និងលាវ ទទួលរងឥទ្ធិពលខាងចុងខ្យល់តែប៉ុណ្ណោះ។ ឥទ្ធិពលខាងចុងដែលប្រទេសថៃ និងលាវ ទទួលរង គឺភ្លៀងធ្លាក់ខ្លាំងហួសហេតុ និងគ្រោះទឹកជំនន់លិចលង់ស្ទើរសព្វទូទាំងប្រទេស ។ តាមការពិត គ្រោះធម្មជាតិដែលបានកើតឡើងក្នុងឆ្នាំ២០២៥នេះ មិនមែនមានតែនៅក្នុងប្រទេសវៀតណាម លាវ ថៃ ប៉ុណ្ណោះទេ មុននេះប៉ុន្មានខែគ្រោះធម្មជាតិដ៏កំណាចនេះ ដែលរួមមានទាំងការរញ្ជួយផែនដី បាក់ស្រុតស្រទាប់ដីផង ក៏បានបំផ្លាញប្រទេសភូមា និងប្រទេសពីរទៀតនៃប្រជុំដីកោះ ក្នុងទ្វីបអាស៊ីអាគ្នេយ៍ដែរ ដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ី ជាដើម។ សេចក្ដីវិនាសអន្តរាយនេះ ពិតជារឿងគួរសោកសង្រេងខ្លាំងណាស់ បើយើងតម្កល់ចិត្តរបស់យើងនៅលើសតិនៃភាពជាមនុស្សដូចគ្នា។

ប៉ុន្តែវាមិនដូច្នេះទេ ខ្មែរជ្រុលនិយមមួយចំនួន ដែលកំពុងបៀមជាប់នូវកំហឹងឈឺចាប់ចំពោះពួកទាហានសៀមល្មោភអំណាចមួយក្ដាប់នោះ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ត្រេកអរ សាទរ យ៉ាងគឹកកងរំពង ចំពោះលទ្ធផលវិនាសកម្មពីគ្រោះធម្មជាតិដែលបណ្ដាប្រទេសដីកោះ និងប្រទេសវៀតណាម ថៃ លាវ ភូមា បានទទួលរង។

ខ្ញុំបានអានមតិទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ ដែលប្រហែលជាសរសេរដោយជនជាតិខ្មែរភាគច្រើន។ ពួកគេតាមមើល ប្រហែលជា ពុទ្ធសាសនិកផង ព្រោះឃើញសម្បូរទៅដោយទ្រឹស្ដីនៃកម្មផល ហូរហៀរ ពេញក្នុងប្រអប់ប៉ុស្ដិ៍ព័ត៌មានជាតិនិងអន្តរជាតិ នានា។ គេសរសេរថា “នេះហើយជាកម្មពៀរវេរារបស់ពួកអាចោរសៀមឯង”, ខ្លះទៀតថា “ទេវតាមានភ្នែកមែន”, ខ្លះទៀតថា “ឃើញទេ? នេះហើយជាលទ្ធផលនៃអំពើបាប”, ឬ “ស្រឡះសាធុទៅ”, “សូមបោកបក់បន្ថែមពេញ១ខែហ្នឹងទៅព្យុះអើយ ឱ្យលិចប្រទេសវាងាប់ឱ្យអស់ទៅ”, “សូមថែមភ្លើងឆេះឱ្យពួកវាផងព្រះជាម្ចាស់អើយ”, “សូមទះដៃបីដង” …។ល។ នៅមានពាក្យពេចន៍ជាច្រើនទៀតរាប់មិនអស់ ដែលមនុស្សខ្មែរ ហាក់ដូចជាសម្ដែងនូវសេចក្ដីសុខ ក្ដីសប្បាយរីករាយលើគំនរទុក្ខវេទនារបស់មនុស្សជាតិដូចគ្នា។

រូបភាពថតពីលើកញ្ចក់ទូរស័ព្ទ នូវសម្រង់មតិអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុគ ទៅលើព័ត៌មានគ្រោះធម្មជាតិក្នុងតំបន់ Asean ដែលប្រទេសរងគ្រោះធំជាងគេ គឺវៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ចំណែកប្រទេសរងគ្រោះបន្ទាប់ គឺ លាវ និង ថៃ

ជាធម្មតា ជម្លោះរបស់ក្រុមអ្នកនយោបាយ កើតឡើងដោយសារតែការដណ្ដើមអំណាចគ្នា និងដើម្បីរក្សាការពារអំណាចរៀងៗខ្លួនតែប៉ុណ្ណោះ ដូច្នេះដើម្បីធ្វើឱ្យសង្គ្រាមរឹតតែល្បីល្បាញ និងមានការគាំទ្រពីសំណាក់ប្រជាជនផងខ្លួន នោះអ្នកនយោបាយ ត្រូវប្រើវិធីសាស្ត្របំផុសស្មារតីជាតិនិយម។ តែគួរឱ្យសោកស្ដាយណាស់ ដែលមនុស្សលោក នៅមានភាពអវិជ្ជាច្រើន ពួកគេបានទៅហួសពីជាតិនិយម ក្លាយជាជ្រុលនិយម ក្លាយជាចលនារើសអើងពូជសាសន៍រវាងគ្នានិងគ្នា ក្លាយជាអរិភាពនឹងគ្នា ក្លាយជាសត្រូវនឹងគ្នា ហើយភាគីម្ខាងៗ លើកដៃបន់ស្រន់អាទិទេពដែរ ប៉ុន្តែបែរជាបន់ដាក់បណ្ដាសាគ្នា ផ្ដន្ទាគ្នាទៅវិញទៅមក។ នេះបានចំជាហៅថាជា វចីទុច្ចរិត មែន។ ពួកគេធ្វើកម្មវិធីថ្លែងសុន្ទរកថាតាមប៉ុស្ដិ៍ទូរទស្សន៍ មិនដឹងជាប៉ុន្មានរយប៉ុស្ដិ៍ ប៉ុន្តែសរុបជារួម សុទ្ធតែជា តិរច្ឆានកថា

រូបភាពថតចេញពីកញ្ចក់ទូរស័ព្ទដៃ បង្ហាញពីមតិរបស់មនុស្សដែលភាគច្រើនលើសលុប នៅខ្វះសីលធម៌ក្នុងភាពជាមនុស្ស និងមិនទាន់យល់អំពីអ្វីជាច្បាប់កម្ម ពិតប្រាកដនៅឡើយ

សូមខមាទោសបន្តិចទៅចុះ អ្នកនិយាយទាំងអស់នោះ ធ្វើដូចជាខ្លួនឯងកំពុងតែរស់នៅលើភពព្រះចន្ទ ឬភពព្រះអង្គារ។ នៅពេលដែលនាំគ្នាត្រេកអរ បន់សូមព្យុះសង្ឃរាបន្ថែម បន់សូមឱ្យមានគ្រោះធម្មជាតិ និងវិនាសកម្មបំផ្លាញជីវិតមនុស្សបន្ថែម  មានបានគិតខ្លះទេថា ពួកយើងកំពុងរស់នៅលើផែនដីតែមួយ ទឹកដីជាប់គ្នា ហើយសំខាន់នោះ គឺនៅជាប់នឹងខ្សែដងទន្លេមេគង្គតែមួយទៅទៀត។ បើគ្រោះទឹកជំនន់ កើតមាននៅប្រទេសណាមួយ ដែលជាប់នឹងខ្សែទឹកទន្លេដ៏វែងអន្លាយនេះ តើគិតស្មានថាខ្លួនឯងអាចគេចផុតពីគ្រោះលិចលង់បានឬទេ?

រូបភាពថតពីលើកញ្ចក់ទូរស័ព្ទដៃ បង្ហាញពីការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិ ដែលកំពុងតែវាយ សន្ទាប់ទៅលើប្រទេស វៀតណាម និងឥទ្ធិពលចុងព្យុះធ្លាក់មកលើ ប្រទេសលាវ និងថៃ។ សូមបញ្ជាក់ថា គ្រោះធម្មជាតិដែលបំផ្លាញប្រទេសជាច្រើនក្នុងតំបន់ អាស៊ីអាគ្នេយ៍ ឆ្នាំនេះ រួមមានរញ្ជួយដី បាក់ដី ព្យុះយក្ស និងទឹកជំនន់ ។ ប្រទេសដែលរងគ្រោះ ក្រៅអំពីវៀតណាម លាវថៃ ហើយ ក៏នៅមាន ឥណ្ឌូណេស៊ី និង ហ្វីលីពីន ទៀតផង។

មាត់នោះ សូត្រឡើងថ្នឹកអស់ហើយ ច្បាប់កម្មផល ទ្រឹស្ដីពៀរវេរា ធ្វើដូចជាខ្លួនឯងអ្នកស្គាល់បុណ្យស្គាល់បាប ប៉ុន្តែបែរជាឥតដឹង ឥតយល់ថា ខ្លួនឯងកំពុងសាងបាបកម្មដ៏ខ្មៅកខ្វក់ ដែលនឹងហុចផលជាអកុសល ដល់អាត្មាខ្លួននៅថ្ងៃខាងមុខវិញមិនខាននោះទេ។ អ្នកដែលកំពុងតែសាងបាបកម្ម ហើយបែរជាមិនស្គាល់ថាវាជាអំពើបាប ពិតជាងាយធ្លាក់ទៅក្នុងនរកអវីចីលឿនណាស់ រអិលទៅរូៗ ដូចមានគេច្រានទម្លាក់អ៊ីចឹង។ ពាក្យសម្ដី​ គឺជាការសាងកម្មតាម វចីទ្វារ។ វាមានកម្លាំងអនុភាពខ្លាំងណាស់។ វាអាចជួយបើកឱកាសដល់កម្មជាអកុសលនានា ដែលយើងបានសាងពីអតីតកាល ហុចផលភ្លាមៗក្នុងពេលបច្ចុប្បន្ន ដោយមិនរង់ចាំកាលវេលាតទៅមុខទៀតឡើយ។

មានជនអវិជ្ជាខ្លះពោលទាំងងងឹតថា បើយើងមិនដឹងថាវាជាអំពើអាក្រក់ ហើយប្រព្រឹត្ដអាក្រក់ អាហ្នឹងមិនមានបាបទេ។ យី! គ្រូណាបង្រៀនអ៊ីចឹង? ខ្ញុំសូមលើកឧទាហរណ៍ទាក់ទងនឹងកុមារតូចមួយអាយុ១ឆ្នាំ។ វាឥតស្គាល់ អង្កត់ឧសរងើកភ្លើងទេ វាក៏លូកដៃទៅចាប់កាន់ដុំរងើកភ្លើងនោះ។ ពេលដែលក្ដៅខ្លាំង រហូតដល់រលាក រលួយដៃ សួរថា តើក្មេងតូចនោះ វាដឹងថាត្រូវរលាស់ដុំអង្កត់ភ្លើងនោះចោលទេ? គឺអត់ទេ ក្មេងវាក្ដាប់រឹតតែខ្លាំងឡើង។ ចំណែកមនុស្សធំ ស្គាល់រងើកភ្លើង បើច្រឡំដៃចាប់កាន់អង្កត់ឧសរងើកភ្លើង នោះគេក៏ឆាប់ដឹងខ្លួន ហើយឆាប់រលាស់ចោលទៅវិញភ្លាមៗដែរ។

ត្រង់នេះ អង្កត់រងើកភ្លើង ប្រៀបដូចជាអំពើបាបមួយ។ បើយើងមិនស្គាល់អ្វីជាអំពើអាក្រក់ យើងប្រៀបបានដូចទៅនឹងកុមារតូចអាយុ១ឆ្នាំ ដែលវាក្ដាប់រងើកភ្លើងអ៊ីចឹងដែរ វានឹងក្ដៅរលេះរលួយដៃខ្លាំងជាងអ្នកស្គាល់រងើកភ្លើង ហើយដែលគេប្រញាប់ ឆាប់រលាស់ចោលវិញ។

ខ្ញុំឮសូរញឹកញយហើយ ដែលមានមនុស្សខ្លះ ចេញមុខបង្រៀនគេថា បើមិនស្គាល់ថាវាជាអំពើអាក្រក់ទេ ហើយយើងប្រព្រឹត្ដ អាហ្នឹងអត់មានបាបទេ។ នេះហើយជាមេកាឡកណ្ណី ជាគ្រូដែលបង្រៀនអ្នកឱ្យឆាប់ធ្លាក់ទៅស្ថាននរក។ មនុស្សដែលមិនស្គាល់អ្វីជាបុណ្យ អ្វីជាបាបហ្នឹងហើយ ដែលធ្លាក់ខ្លួនទៅកាន់ស្ថានជាទីថោកទាប លឿនជាងនរណាៗទាំងអស់។ នេះហើយជាទោសនៃអវិជ្ជា។ អវិជ្ជា រមែងនាំមកនូវទុក្ខលំបាកខ្លាំង។

ជួនកាល មានហេតុបច្ច័យដែលជាកុសលកម្ម ពីអតីតកាលមក ជួយទ្រទ្រង់ខ្លះ ទើបវាមិនរអិលធ្លាក់លឿន ប៉ុន្តែបើអ្នកខ្វះផលបុណ្យអតីតកាល ច្បាស់ជារបូតធ្លាក់ចុះលឿនរហ័សទាន់ចិត្តណាស់។ មានឧទាហរណ៍ជាក់ស្ដែងឱ្យឃើញផ្ទាល់ៗនឹងភ្នែកច្រើនមកហើយ។

មុននឹងវិភាគវែកញែកជាបន្ត ខ្ញុំសូមលើកយកធម្មបទគាថាមួយ ពីបិដកលេខ ៥២ មកពន្យល់បន្តិច ៖

មនោបុព្វង្គមា ធម្មា            មនោសេដ្ឋា មនោមយា

មនសា ចេ បទុដ្ឋេន           តាសតិ វា ករោតិ វា

តតោ នំ ទុក្ខមន្ទេតិ             ចក្កំវ វហតោ បទំ ។

ប្រែថា

 “ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ។”

“មនោបុព្វង្គមា ធម្មា” គឺធម៌ទាំងឡាយមានចិត្តជាប្រធាន។ នេះជាធម៌ត្រាស់ដឹងនៃព្រះអរហន្ត។

ត្រង់នេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាមរយៈប្រាជ្ញាញាណរបស់ព្រះអង្គ ទ្រង់បានមើលឃើញយ៉ាងច្បាស់ប្រចក្សណាស់ថា ពៀរវេរា មិនមែនចងគ្នា ត្រឹមតែអំពើដែលប្រព្រឹត្តដោយកាយទេ សូម្បីតែវាចា សូម្បីតែការគិតប៉ុនប៉ងនៅតែក្នុងចិត្តនោះ ក៏មានជាប់កម្មពៀរវេរាដែរ អាហ្នឹងគឺ “មនោទ្វារ” ជាទ្វារនៃចិត្ត ដែលអាចបើក អាចបិទ អាចចាក់សោ អាចដោះសោ អាចទទួលស្វាគមន៍នូវបុណ្យ ឬ បាប បានយ៉ាងងាយស្រួល លឿនរហ័សណាស់។

ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់។ គិតល្អ បានល្អ គិតអាក្រក់ ក៏បានផលអាក្រក់ដែរ កុំច្រឡំថា ត្រឹមគិតនៅក្នុងចិត្តសោះ អត់មានបាបកម្មណា! គឺមាន!! ចុះទម្រាំតែវចីកម្ម? គឺការពោលហាស្ដី ផ្ដន្ទាសូមឱ្យគេវិនាសនោះ វាយ៉ាងម៉េចវិញ? ទោះមិនបានបន្លឺសំឡេងចេញពីក្រអូមមាត់មែន តែអ្នកបានប្រើម្រាមដៃសរសេរអក្សរ ចាររំលេចនូវសម្ដីខ្លួនឯងបន់សូមឱ្យគេវិនាសអន្តរាយ ក៏វាមានទោសស្មើគ្នានឹងអកុសលធម៌ ក្នុងវចីកម្មដែរ។

នៅក្នុងបញ្ហាសង្គ្រាមខ្មែរសៀម ដែលពេលនេះនៅសល់សង្គ្រាមពាក្យសម្ដី និងសង្គ្រាមចិត្តសាស្ត្រ ដែលនៅមិនទាន់ស្ងប់រលត់នេះ មិនថាភាគីខាងណាទេ មិនថាខ្មែរ មិនថាសៀម ឱ្យតែបុគ្គលនោះ ចូលរួមត្រេកអរនឹងការវិនាសអន្តរាយនៃជីវិតមនុស្សសត្វ គឺសុទ្ធតែមានជាប់ទោសទាំងអស់។ ទោសនោះ គឺបាបហ្នឹងហើយ។ បាបកម្ម វាអត់បានជ្រើសរើសថា ត្រូវរើសយកជនជាតិខ្មែរ ឬជនជាតិសៀមទេ។ បាបកម្ម វាអត់ចេះរើសអើងពូជសាសន៍ ឬនិន្នាការសាសនាទេ។ ទោះជាអ្នកនោះគោរព បូជា ព្រះយេស៊ូ ព្រះគ្រិស្ដ ព្រះអុឡោះ ព្រះម៉ែគង់ស៊ីអ៊ីម ព្រះម៉ែនាគ ជាអ្នកបូជាអាទិទេពណាទេ ឱ្យតែចូលរួមក្នុងចលនា អបអរសាទរនឹងការបំផ្លិចបំផ្លាញ ចូលរួមត្រេកអរនឹងទុក្ខសោកវេទនា របស់មនុស្សសត្វ គឺមានទោសដូចៗគ្នា។ គ្មានព្រះណាជាអ្នកយកទោសនោះមកឱ្យទេ គឺកម្ម ដែលអន្ទោលជាប់តាមប្រាណហ្នឹងឯងជាអ្នកយកមកឱ្យ។ យើងចង់ទទួល ឬមិនចង់ទទួល ក៏វាយកមកដែរ ។ យើងមិនអាចប្រកែកថា “អត់ទេ! កាលពីខ្ញុំជេរផ្ដន្ទាដាក់ផ្ដាសាលើជីវិតគេនោះ មកពីខ្ញុំឥតដឹងថាវាជាអំពើអាក្រក់ ឥឡូវខ្ញុំដឹងខ្លួនខុសហើយ ខ្ញុំសូមមិនទទួលបាបកម្មទេ” នោះគឺមិនអាចទៅរួចទេ វាមិនមែនជាសច្ចធម៌នៃច្បាប់កម្មផលទេ។

យើងមិនអាចប្រកែកថា “អត់ទេ! ខ្ញុំជេរដាក់ផ្ដាសាវាកាលនោះ មកពីជនជាតិសៀមនោះ វាធ្វើបាប ធ្វើអាក្រក់ដាក់ជនជាតិខ្មែរខ្ញុំមុន ដូច្នេះខ្ញុំប្រទេចផ្ដាសាវា គឺខ្ញុំមិនអាចមានទោសទេ ខ្ញុំមិនឱ្យខ្លួនឯងមានទោសទេ ខ្ញុំច្បាស់ជាមិនមានបាបកម្មអីទេ!”។ នេះជាការយល់ផ្ដេសផ្ដាសណាស់។ អ្វីៗ មិនអាចទៅតាមការចង់បានរបស់យើងទេ។ គឺវាទៅតាមកម្លាំងកម្មរបស់យើងទៅវិញទេតើ!

ចំពោះអំពើរំលោភឈ្លានពានរបស់ទាហានសៀមណាម្នាក់ ឬក្រុមណាមួយ ឬពួក ឬបក្សណាមួយ អ្នកធ្វើនោះ បក្សនោះ ឬក្រុមនោះ នឹងទទួលផលកម្មរបស់គេដោយផ្ទាល់ជាក់ជាមិនខាន។ ប៉ុន្តែ ការដែលយើងប្រតិកម្មជះត្រលប់ទៅវីញដោយអំពើអកុសលផ្សេងៗ យើងក៏នឹងទទួលបានផលជាអកុសលដូចគ្នាដែរ។ ច្បាប់កម្មផលនេះ វាធ្វើការងារសុក្រឹត្យណាស់ ។ ច្បាប់កម្មផល វាមិនកាន់ជើងខ្មែរ ឬថៃទេ។ ច្បាប់កម្មផល ជាច្បាប់តក្កៈនៃធម្មជាតិ ដែលវាចាំតែហុចផលត្រលប់វិញ ក្រោយពេលដែលយើងបានសាងអំពើអ្វីមួយ។

ធម្មបទគាថាក្នុងបិដកលេខ ៥២ ដដែលនោះ ក៏មានចែងទៀតថា៖

មនោបុព្វង្គមា ធម្មា               មនោសេដ្ឋា មនោមយា

មនសា ចេ បសន្មេន            តាសតិ វា ករោតិ វា

តតោ នំ សុខមន្ទេតិ              ឆាយាវ អនុបាយយិនី ។

ប្រែថា

 “ធម៌ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ជ្រះ​ថ្លាហើយ ពោល​ក្តី​ធ្វើ​ក្តី​(រមែង​ជា​សុចរិត) ព្រោះ​សុចរិត​ទាំង​នោះ សុខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ។”

សេចក្ដីពន្យល់ក៏មិនខុសគ្នាពីល្បះមុនប៉ុន្មានដែរ គ្រាន់តែគាថាខាងក្រោយនេះ អត្ថន័យរបស់វា មានលក្ខណៈផ្ទុយបញ្ច្រាសពីល្បះមុន ត្រង់ថា បើយើងគិតល្អៗ ត្រេកអរអនុមោទនា ចំពោះអំពើល្អអ្នកដទៃ នោះយើងច្បាស់ជាបានទទួលផលជាសុខ។ បើឃើញគេកំពុងមានទុក្ខ យើងភាវនា ផ្សាយមេត្ដា នោះយើងនឹងច្បាស់ជាបានផលជាសុខ ដល់ខ្លួនយើងផង និងញាំងសេចក្ដីសុខនោះ ឱ្យបានជ្រួតជ្រាបផ្សាយដល់ជនរងគ្រោះផង។

ដូច្នេះ បើយើងបានឃើញថាប្រទេសគេដទៃនោះ កំពុងតែជួបនូវគ្រោះធម្មជាតិដ៏ធំធេង ប្រជាជននៃប្រទេសនោះ កំពុងលំបាកវេទនាយ៉ាងក្រៃពេក សូមកុំភ្លេចដាស់សតិខ្លួនឯងផងថា ជនរងគ្រោះ ប្រហែលជាកំពុងតែសោយផលនៃកម្មចាស់ណាមួយហើយ ដូច្នេះអាត្មាអញ មិនគួរណាទៅជេរប្រទេចផ្ដាសាគេបន្ថែមទេ អាត្មាអញ គួរតែធ្វើសមាធិ ភាវនា ផ្សាយមេត្ដាជូនដល់ពួកគេវិញ។ ធ្វើបែបនេះ ទើបហៅចំជាអ្នកយល់ច្បាស់ពីបុណ្យ និងបាបពិតប្រាកដ។

សូមធ្វើខ្លួនឯងឱ្យដូចជាទឹក ដែលរង់ចាំពន្លត់ភ្លើង កុំធ្វើជាប្រេងសាំង ដែលរង់ចាំតែចាក់បន្ថែមលើភ្លើង។ ជនរងគ្រោះអំពីគ្រោះធម្មជាតិ បើទោះបីជាពួកគេ គឺជាពូជសាសន៍មួយ ដែលស្ថិតក្នុងអម្បូរថៃ សៀម ដែលពេលនេះ កំពុងស្ថិតក្រោមការវិនិច្ឆ័យទោសជារួម ជាទូទៅ ពីសំណាក់ប្រជាជនខ្មែរ ថាជាពួកសត្រូវ ក៏ដោយចុះ ប៉ុន្តែ យ៉ាងណា បុគ្គលមនុស្សជាតិសៀម ដែលជាអ្នកប្រព្រឹត្តបាប និងបុគ្គលមនុស្សជាតិខ្មែរ ដែលជាអ្នករងគ្រោះដល់ស្លាប់ពីការប្រព្រឹត្តរបស់បុគ្គលមនុស្សសៀម គឺជាម្ចាស់កម្មផលដោយផ្ទាល់ ចំណែកយើងរាល់គ្នានេះ ប្រៀបប្រដូចទៅនឹងអ្នកទស្សនាឆាកល្ខោនមួយអ៊ីចឹង។ គ្រាន់តែវាជាល្ខោនពិតជាក់ស្ដែង ដែលគេបានសម្ដែង នៅក្នុងតំបន់មួយ ផ្នែកមួយ នៃភពផែនដីនេះ។ អ្នកប្រព្រឹត្ដផ្ទាល់ដៃ ច្បាស់ណាស់ថា ពួកគេនឹងមិនអាចគេចផុតពី លទ្ធផលអាក្រក់ៗនាពេលអនាគតខាងមុខបានទេ ព្រោះពៀរវេរា វាស្គាល់ម្ចាស់ច្បាស់។ ដូច្នេះ ក្នុងនាមយើងជាប្រជាពលរដ្ឋ នៃពូជសាសន៍ពីរផ្សេងគ្នា ក៏ពិតមែនហើយ ប៉ុន្តែពួកយើង ជាពូជមនុស្សដូចគ្នា រស់នៅលើភពតែមួយដូចគ្នា និងកំពុងធ្វើដំណើរវិលយ៉ាងវីវក់ ក្នុងវដ្ដសង្សារដូចគ្នា។

ការសើចសប្បាយរីករាយ អនុមោទនា នឹងបានឃើញគ្រោះធម្មជាតិបំផ្លាញជីវិតមនុស្សសត្វដទៃឱ្យរងទុក្ខលំបាកវេទនា ជាអំពើបាបធ្ងន់ណាស់ មនុស្សដែលបង្ហាញកិរិយាប្រភេទបែបនេះ គឺជា កាឡកណ្ណី ។ កាឡកណ្ណី គឺជាមនុស្សចង្រៃ មនុស្សឥតបុណ្យ មនុស្សដែលនឹកឃើញសាងតែបាបកម្មសម្រាប់ដាក់ទោសជីវិតខ្លួនឯងឱ្យរងទុក្ខវេទនាយ៉ាងលើសលុប នៅទីបំផុត។

ចំណែកជនជាតិថៃ ក៏ដូចគ្នាដែរ ។ ខ្ញុំបានសង្កេតឃើញមានមនុស្សជ្រុលនិយមច្រើនណាស់ ដែលបានបង្ហាញកិរិយា សប្បាយរីករាយ អបអរសាទរ នឹងសកម្មភាពទុច្ចរិត របស់ក្រុមនាយទាហានហ្លួង ដែលបានទម្លាក់គ្រាប់បែក បំផ្លិចបំផ្លាញភូមិករ អ្នកស្រុកខ្មែរជាប់ជាយដែន ខ្មែរសៀម បំផ្លាញប្រាសាទបុរាណ ដែលជាកេរមរតកវប្បធម៌របស់ពិភពលោក ។ ពួកគេខ្លះនោះ ថែមទាំងអវិជ្ជា ដល់កម្រិត ផលិតជាវិដេអូ ជេរត្មិះ តិះដៀល មាក់ងាយពូជអម្បូរជនជាតិខ្មែរ ដែលជាបុព្វបុរសរបស់ពួកគេ យ៉ាងគឃ្លើន ឥតមានបើខ្មាសអៀនសំឡេងខ្លួនឯងអ្វីបន្តិចសោះ។ ដូច្នេះ ពួកទាំងអស់នោះ ក៏ជា កាឡកិណ្ណី ដែរ។ កាឡកិណ្ណី ដូចគ្នា។ គឺមានន័យថា ជាមនុស្សចង្រៃ ដែលនឹងមិនអាចគេចផុតពី គោលដៅសំចតចុងក្រោយ គឺស្ថាននរកនោះទេ។

ដូច្នេះ ក្នុងនាមជាមនុស្សដែលមានសតិសម្បជញ្ញៈ ក្នុងនាមជាអ្នកបានទទួលការសិក្សារៀនសូត្រពីមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ យើងគួរគេចចេញឱ្យបានឆ្ងាយតាមលទ្ធភាពដែលអាចធ្វើទៅបាន នូវរាល់អំពើទាំងឡាយណា ដែលមានលក្ខណៈជាកាឡកិណ្ណី។

គ្រប់ពេលវេលា ដែលបានឃើញថា មានមនុស្សដទៃដែលកំពុងរស់នៅក្នុងភពតែមួយ កំពុងតែជួបទុក្ខលំបាក ប្រសិនបើយើង គ្មានលទ្ធភាពនឹងទៅជួយសង្គ្រោះគេដោយផ្ទាល់ ដោយផ្លូវកាយ សូមជួយគេតាមរយៈផ្លូវចិត្តផង នោះគឺការផ្សាយមេត្ដា។ សូមផ្សាយមេត្ដាភាវនា ដោយធ្វើសមាធិ បញ្ជូនថាមពលវិជ្ជមាន ដល់ពួកគេ និងសព្វសត្វទាំងអស់ក្នុងភព ក្រៅភព ប្រសិនបើយើងអាចពាល់ត្រូវ។ បើយើងនៅមិនទាន់មានសមត្ថភាព ពាល់ត្រូវជីវិតសត្វក្រៅភព ក៏សូមត្រឹមតែជួយផ្សាយមេត្ដា ដល់ជីវិតក្នុងភពនេះសិន ក៏រាប់ថាជាអំពើបុណ្យដ៏ធំធេងណាស់ទៅហើយ។

សូមចម្រើនមេត្ដា ផ្សាយចេញទៅទិសទាំង ១០ ដើម្បីពួកមារសត្រូវទាំងឡាយ និងពួកសព្វសត្វទាំងឡាយក្នុងលោកនេះបានទទួលសន្ដិភាព។

ពួកសត្វទាំងអស់ក្នុងទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយព្យ ទិសឧត្តរ ទិសឦសាន ទិសខាងក្រោម ទិសខាងលើ សូមឱ្យជាសត្វមិនមានពៀរនឹងគ្នា សូមមានតែសេចក្តីសុខជានិច្ច ពួកសត្វទាំងអស់ សូមកុំមានពៀរនឹងគ្នា សូមបានតែសេចក្តីសុខ ប្រាសចាកទុក្ខ កុំព្យាបាទគ្នា កុំមានសេចក្តីព្រួយចំបែង សូមឱ្យមានអាយុវែង កុំមានរោគ សូមបានសម្រេច ដោយសម្បត្តិទាំងឡាយ សូមរក្សានូវខ្លួន ជាសុខរៀងទៅ ☸️

សត្វទាំងឡាយទាំងពួង ដែលកំពុងដល់នូវសេចក្តីទុក្ខ សូមឱ្យជាសត្វបាត់សេចក្តីទុក្ខទៅ ដែលកំពុងដល់នូវភ័យ សូមជាសត្វបាត់ភ័យទៅ ដែលកំពុងដល់នូវសេចក្តីសោក សូមឱ្យជាសត្វ បាត់សេចក្តីសោកទៅហោង ☸️

វិរិយា🌸

ថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១ ខែកញ្ញា គ.ស. ២០២៥

តិរច្ឆានកថា

ការនិយាយដើមគេ ចំអកសើចសប្បាយនឹងជីវិតអាស្រូវរបស់គេ ត្រេកអរនឹងគ្រោះកម្មអកុសលទាំងឡាយរបស់គេ ហើយលើកយករឿងអពមង្គលរបស់គេ មកនិយាយគ្នាជជែកវែកញែក ប្រកបដោយសេចក្ដីរីករាយ បីតិ ព្រមដោយការផ្ដន្ទាគេបន្ថែម នោះព្រះលោកហៅជា «តិរច្ឆានកថា»។

បុគ្គលឯណាដែលបរិភោគ តិរច្ឆានកថា ជាអាហារផ្លូវចិត្ត ប្រៀបដូចកំពុងវិនិយោគ កសាងផ្លូវសម្រាប់ខ្លួនឯង ឱ្យបានរអិលធ្លាក់ចូលទៅក្នុងអន្លង់អបាយភូមិ ដោយចៀសពុំរួចឡើយ។ កម្មអកុសលនេះ គឺជា «ទិដ្ឋធម្ម វេទនីយកម្ម» (Diṭṭhadhammavedanῑya-kamma) ជាកម្មទី១ ច្បងគេបង្អស់ ក្នុងចំណោមកម្មទាំង ១២ ដែលនឹងឱ្យផលក្នុងពេលបច្ចុប្បន្ន គឺក្នុងភពនេះ យ៉ាងទាន់ហន់ មិនរង់ចាំយូរ ដល់ជិតស្លាប់ ឬដល់ជាតិក្រោយទេ។

មនុស្សអាចធ្លាក់អបាយភូមិទាំងនៅរស់មានជីវិត ប្រសិនបើកម្លាំងកម្មនោះសន្សំមកច្រើនក្រាស់ ធ្ងន់ល្មមនឹងអាចទាញទម្លាក់បាន។ សម្រាប់អ្នកដែលបានទទួលផលបាបនាគ្រាបច្ចុប្បន្ន វាគឺជាការហុចផលនៃកម្មចាស់របស់គេដែលសាងមក។ ចំណែកអ្នកបរិភោគ តិរច្ឆានកថា អំពីផលបាបរបស់គេ គឺជាកម្មថ្មីរបស់ខ្លួនឯងដែលកំពុងសន្សំ។ សូមប្រយ័ត្ន!

វិរិយា 🌸

សន្តិភាពក្នុងផ្សែងពុល (Peace in the Poisonous Smoke)

នៅក្នុងអំឡុងពេលដែលមនុស្សលោកគ្រប់ទិសទី ខំប្រឹងព្យាយាមទប់ដង្ហើម ដោយសារតែបរិយាកាសដែលពួកគេកំពុងរស់នៅ ឡើងដុះក្រាស់ឃ្មឹកទៅដោយជាតិពុលពេញបន្ទុក ពួកយើងក៏គួរតែចោទសួរខ្លួនឯងដែរថា តើខ្យល់ដែលយើងបានស្រូបចូលទៅក្នុងសួត មានអ្វីខ្លះ? ហើយខ្យល់ដែលយើងបានបញ្ចេញមកវិញ គឺជាអ្វីខ្លះ?

ជាញឹកញាប់ ដែលយើងស្រូបចូលក្នុងខ្លួននូវដង្ហើមនៃភាពភ័យខ្លាច លាយឡំដោយកំហឹងយ៉ាងក្ដៅគគុកដូចភ្លើង ហើយបញ្ចេញមកវិញ នូវដង្ហើមដែលភាយទៅដោយចំហាយការឈឺចាប់ និងទុក្ខព្រួយ។ បន្ទាប់មក យើងស្រូបចូលម្ដងទៀត នូវការរំពឹងទុក ដែលនៅមិនឆ្ងាយពីសម្រែកដង្ហោយរកជំនួយរបស់បងប្អូនជនរួមជាតិ ហើយបញ្ចេញមកវិញ នូវដង្ហើមដែលខ្សោះអស់ក្ដីសង្ឃឹមថានឹងមានសន្តិភាពដ៏ពិតប្រាកដមួយ។

ប្រវត្តិបុព្វបុរសដូនតា បានលះបង់ តស៊ូ កសាងទឹកដី មហាអាណាចក្រ ឱ្យល្បីរន្ទឺតាមរយៈប្រាសាទថ្មល្អវិចិត្ររាប់មិនអស់ ប្រកបដោយកំពូលប្រាជ្ញាដ៏ឆ្លាតវាងវៃ បែរជាត្រូវកូនចៅជំនាន់ក្រោយ ប្រើប្រាស់ធ្វើជាមរតកសម្រាប់ត្រឹមតែបង្អួតគ្នា កេងចំណេញលើគ្នា កម្ចាត់គ្នា ព្យាបាទគ្នា រហូតដល់ប្រទេសជាតិធ្លាក់ចុះអន់ខ្សោយ ក្រីក្រតោកយ៉ាក ក្លាយទៅជាផ្ទាំងស៊ីប សម្រាប់ជនបរទេសស្រេកឃ្លានអំណាចពីគ្រប់ទិស បង្កសង្គ្រាម ឈ្លានពាន ម្ដងហើយ ម្ដងទៀត អស់រយៈពេលជិតមួយពាន់ឆ្នាំ រហូតដល់រហែកដាច់ដោចប្រទេសជាចំណែកៗ និងបន្សល់ស្លាកស្នាមរបួសយ៉ាងជ្រៅដល់សព្វថ្ងៃ។

ប្រាសាទបុរាណដែលត្រូវបានកសាងសម្រាប់ជាការបូជាថ្វាយដល់អាទិទេព សម្រាប់ជាទីគោរពសក្ការៈ ប្រែទៅជាសមរភូមិសង្គ្រាម ស៊ីសាច់ហុតឈាមគ្នា ដោយសារភាពអវិជ្ជា គឺសេចក្ដីល្មោភលោភលន់អំណាច របស់ក្រុមមនុស្សដ៏ខ្ពង់ខ្ពស់ ឈ្មោះជាស្ដេច។ ផ្សែងពុល ដែលភាយមកបំពុលមនុស្សថ្ងៃនេះ គឺជាចំហាយផ្សែង ដែលបន្សល់មកតាំងពីអតីតកាល ទាក់ទងនឹងប្រវត្ដិសាស្ត្រទឹកដី។ វាវិលកួចចុះឡើងខ្មួលខ្មាញ់ ដូចជាព្យុះកំបុតត្បូង បោកបក់សន្ធាប់ បំផ្លាញពន្លឺសន្តិភាពនៃជាតិសាសន៍ផងគ្នា ឱ្យធ្លាក់រងទុក្ខវេទនា រកទីបំផុតមិនឃើញ។

យើងចាប់ផ្ដើមសង្ស័យថា ដុំពពកនៅលើមេឃ មិនមែនជាបណ្ដុំនៃចំហាយទឹក ដែលនឹងបង្កើតជាទឹកភ្លៀង សម្រាប់ហូរធ្លាក់មកស្រោចស្រពចម្ការ ច្បារដំណាំ ស្រែស្រូវកសិករ ដូចមុនទៀតទេ។ វាប្រហែលជាបណ្ដុំនៃផ្សែងពិសដ៏គ្រោះថ្នាក់ ដែលនឹងបង្កើតជាទឹកអាស៊ីត ហូរមកស្រោចស្រពពួកយើងឱ្យរលេះរលួយស្លាប់ជាក់ជាមិនខាន។ យើងចាប់ផ្ដើមសង្ស័យពីសំឡេងផ្គរលាន់ ដែលប្រហែលជាសំឡេងគ្រាប់កាំភ្លើងធំ ដែលពួកមនុស្សល្ងង់ខ្លៅកំពុងតែបាញ់ប្លោងដាក់គ្នា។ យើងចាប់ផ្ដើមសង្ស័យពីពន្លឺផ្លេកបន្ទោរ ដែលប្រហែលជាពន្លឺភ្លើងនៃអាវុធប្រល័យជីវិតល្បឿនលឿន។ យើងចាប់ផ្ដើមលែងទុកចិត្ដគ្នា ហើយចងចិត្តដ៏អកុសល ដោយការព្យាយាមចាប់កំហុសគ្នាទៅវិញទៅមក ដើម្បីបានលេសនឹងព្យាបាទគ្នា ឱ្យរងទុក្ខឥតល្ហែ ទាំងផ្លូវចិត្ត និងផ្លូវកាយ។

ពួកមនុស្សស្នេហាជាតិបែបជ្រុលនិយម មិនដឹងជាលេចមុខមកពីទីណា ខំប្រឹងសម្ដែងឱ្យគេឃើញថាខ្លួនឯងជាអ្នកស្នេហាជាតិពិតប្រាកដ រីអ្នកដទៃមិនស្រលាញ់ប្រទេសជាតិដូចខ្លួន។ ពួកមនុស្សខ្លះ ស្រែកថាចង់បានសន្ដិភាព ប៉ុន្តែគ្រប់ដង្ហើមចេញចូល បែរជាបង្កតែភ្លើងសង្គ្រាមឥតស្រាកតាមរយៈពាក្យសម្ដីផ្លែផ្កា មុសា ចោទប្រកាន់ បំភ្លៃព័ត៌មានក្លែងក្លាយ ដើម្បីគ្រាន់តែចង់ល្បីឈ្មោះនៃអាត្មាខ្លួន ដែលស្រោបដោយកិត្តិយសកំប៉ិកកំប៉ុក នៅតាមបណ្ដាញអ៊ីនធើណិត។

“គ្មានអ្វីនៅក្នុងលោកនេះ រឹងមាំជាងភាពទន់ភ្លន់នោះទេ” ប៉ុន្តែអ្នកដែលចង់បានភាពរឹងមាំ បែរជាមិនយល់ពីបាតុភូតធម្មជាតិនេះ ហើយបង្កើតតែសេចក្ដីរឹងត្អឹង មានៈ ក្អេងក្អាង ទាំងទទឹងទិសគ្រប់ពេលវេលា។ ធម៌នៃសេចក្ដីមេត្ដា ករុណា ចំពោះសព្វសត្វផងទាំងពួង ដែលព្រះបានទុកឱវាទជាមេរៀនប្រៀនប្រដៅ ក៏រលុបបាត់អស់នៅក្នុងផ្សែងពុល។ សេចក្ដីប្រកាន់ រីកមាឌធំឡើងរាល់វិនាទី រហូតដល់តណ្ហាដែលធ្លាប់តែមានទំហំតូចប៉ុនផ្លែដូងសោះ ស្ទុះរីកធំស្ទើរប៉ុនផែនដី។

សូមមេត្ដាយល់ដឹងឱ្យច្បាស់ថា ការតម្កល់សេចក្ដីអត់ធ្មត់ដោយស្មារតីប្រុងប្រយ័ត្ន មិនមែន មានន័យថាយើងអន់ខ្សោយ ខ្លាចគេទេ។ ការមិនច្រឡោត មិនស្ទុះលោតប្រតិកម្ម ទៅតាមព័ត៌មាន ហើយព្យាយាមស្មិងស្មាធិ៍ ដើម្បីរិះគិតពីដំណោះស្រាយ ប្រកបដោយធម៌អហិង្សា ទើបជាអ្នកមានប្រាជ្ញា។ បុគ្គលទាំងឡាយណា ដែលស្រែកតិះដៀលដល់អ្នកមានអំណត់អត់ធ្មត់ ហើយញុះញង់ឱ្យមានអំពើហិង្សា កាប់សម្លាប់គ្នា នោះគឺសុទ្ធតែជាបុគ្គលពាលទាំងអស់។ បុគ្គលប្រភេទនោះហើយ ដែលនៅក្នុងប្រវត្ដិសាស្ត្រ បង្កឱ្យមានហាយនភាព គឺសេចក្ដីវិនាសអន្តរាយជារៀងរហូត។ ពួកគេចង់បានសន្តិភាព តែពួកគេបំពក់ផ្សែងពុល ដែលបក់ផ្លុំចេញពីភ្លើងសង្គ្រាមទៅវិញ។

អ្នកស្នេហាជាតិ មិនមែនមានន័យថា ត្រូវតែលើកគ្រវីទង់ជាតិ ដាក់តាំងរូបទង់ជាតិ ស្រែកយំដាក់ក្នុងបណ្ដាញផ្សព្វផ្សាយ ជេរតិះដៀលអ្នកមានសីល សមាធិ ហើយស្រែកឃោសនា លើកទឹកចិត្តឱ្យមានការបាញ់ប្រហារ សងសឹកគ្នានោះទេ។ បើគិតឃើញ ត្រឹមតែការបង្ហូរឈាមតែម្យ៉ាង តើវាមានខុសគ្នាអីពីពួកប៉ុលពត?

 អ្នកស្នេហាជាតិ អាចនឹងធ្វើអ្វីៗគ្រប់សព្វបែបយ៉ាង ដែលខ្លួនមានចំណេះ ជំនាញ ហើយខំប្រឹងអប់រំចិត្តខ្លួនឯងឱ្យមានឧបេក្ខាធម៌ រម្ងាប់ភ្លើងកំហឹង ទោសៈ មោហៈ ជាអតិបរមា តាមដែលអាចធ្វើទៅបាន។ ព្រោះថា ទាល់តែសតិយើងមានភាពត្រជាក់ ទើបពន្លឺនៃប្រាជ្ញាផុសច្រាលឡើងមកបាន ហើយគំនិតល្អៗនៃដំណោះស្រាយ នឹងឧប្បត្តិកចេញមកដោយស្វ័យប្រវត្ដិ។ បើមិនព្រមពន្លត់ភ្លើងដែលកំពុងឆេះសន្ធោក្នុងដួងចិត្តសិនទេ នោះគំនិត មតិ យោបល់ ដែលជះចេញមក មានតែការបំផ្លាញតែម្យ៉ាងគត់ ចុងក្រោយ គឺវិនាសកម្មជាសាកល។

យើងមិនចាំបាច់បង្កើតភ្លើងកំហឹង ដើម្បីបំប៉ោងការឈឺចាប់ ដើម្បីឱ្យបានគេហៅថាជាអ្នកស្នេហាជាតិអីទេ។ យើងមិនចាំបាច់ ស្រែកចំទាលក្នុងតុងសំឡេងតឹងៗ ខ្លាំងៗ លាយឡំដោយទឹកភ្នែក ទឺកសម្បោរ ដើម្បីបញ្ជាក់ថាយើងស្រលាញ់ប្រទេសជាតិនោះទេ។ បើអូសហ្វេសប៊ុគ មិនផុតពីអ្វីដែលនាំឱ្យមានការឈឺចាប់ នោះបិទទូរសព្ទ ឈប់អូសទៀតទៅ ហើយបិទភ្នែកធ្វើសមាធិខ្លះក៏ល្អ ក្រែងអាចជួយខ្លួនឯងបានមួយផ្នែក។ ច្បាប់តក្កៈ ទាល់តែពលរដ្ឋម្នាក់ៗអាចជួយខ្លួនឯងជាមុនសិន ទើបអាចទៅជួយអ្នកដទៃទៀតបាន។

សូមមាតា បិតា អាណាព្យាបាល កុំបង្រៀនកូនឱ្យលើកតម្កើងកាន់ជើងបុគ្គលមានអំណាចណាមួយ ឬឈ្មោះវីរបុរសណាមួយដែលពូកែខាងកាប់សម្លាប់ជីវិតមនុស្ស។ តែត្រូវបង្រៀនកូនៗ ឱ្យមានមោទនភាពនឹងការលើកតម្កើងសិទ្ធិសេរីភាព ការយោគយល់អធ្យាស្រ័យគ្នា ការរួបរួមសាមគ្គីគ្នាក្នុងធម៌អហិង្សា ដើម្បីកសាងស្ពានឈានទៅរស់នៅក្នុងសង្គមដ៏ស៊ីវិល័យ ប្រកបដោយសុខសន្តិភាពយ៉ាងពេញលេញ បរិសុទ្ធ គ្មានលាយឡំដោយផ្សែងពុលតទៅទៀត។

_________

វិរិយា 🌸

ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា គ.ស. ២០២៥

រូបភាព A.I. សរសេរ Prompt ដោយ លឹម វិរិយា

សារអំពាវនាវដើម្បីសន្តិភាព

ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ដែលបានកើតនៅក្នុងសម័យ ដែលប្រទេសជាតិធ្លាប់រងគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃ និងរស់នៅធំធាត់លើទឹកដី ដដែលនេះ រហូតដល់បានស្គាល់ពន្លឺសន្តិភាព និងវឌ្ឍនភាព ជីវិតខ្ញុំ និងជីវិតជនខ្មែរដទៃទៀតរាប់លាននាក់ សុទ្ធតែបានចងក្រងរឿងព្រេងនិទានដ៏ឈឺចាប់ខ្លោចផ្សារាប់មិនអស់រួចហើយ សម្រាប់តំណាលឱ្យកូនចៅជំនាន់ក្រោយបានដឹងជាបទពិសោធ។ ខ្ញុំធ្លាប់គិតថា ពិសោធន៍ក្នុងយុគសម័យដ៏មហាសែនលំបាក ជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយអាចបង្កើតសង្គមរស់នៅមួយដែលចៀសឆ្ងាយពីសំឡេងស៊ីរ៉ែន ដ៏កងរំពងពាសពេញមេឃទាំងថ្ងៃទាំងយប់ ឱ្យឆ្ងាយពីក្លិនឈ្ងៀមគ្រាប់រំសេវ ផ្សែងពុល ឱ្យឆ្ងាយពីសាកសពមនុស្ស ដែលដួលដេក រដូករណែលក្នុងថ្លុកឈាមនៅចំពោះមុខ និងគ្រោះទុរ្ភិក្ស ដ៏គួរឱ្យខ្លាច។

ខ្ញុំធ្លាប់ទៅដេកយាមនៅក្នុងមន្ទីរពេទ្យជាមួយម្ដាយខ្ញុំ និងធ្លាប់ចូលទៅក្នុងសាលវះកាត់ តាំងពីមិនទាន់ចេះអានអក្សរ។ ខ្ញុំធ្លាប់ឈរមើល អ្នករបួសដាច់ដៃ ដាច់ជើង ដែលគេសែងចូលពេទ្យទាំងនៅឈាមក្រហមឆ្អៅ ខណៈដែល ដៃ ជើង របស់ពួកគេ ដាច់រសេមរសាម ដូចគេចិញ្ច្រាំ ហើយខ្ញុំឮសំឡេងគ្រូពេទ្យស្រែកបញ្ជាឱ្យគេកាត់ដៃ កាត់ជើង អ្នករបួសទាំងនោះជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។ ពេលនោះ ខ្ញុំនៅតូចណាស់ ខ្ញុំគិតថា ពិភពលោកនេះ មនុស្សបាញ់គ្នា និងកាប់សម្លាប់គ្នារបៀបនេះតែអ៊ីចឹងឯងមើលទៅ។ ហើយធ្វើជាគ្រូពេទ្យដូចម្ដាយខ្ញុំ មានន័យថា ត្រូវរង់ចាំកាត់ដៃ កាត់ជើងគេទាំងយប់អធ្រាត្រដូច្នេះហើយ។ រូបភាពដ៏ខ្លោចផ្សារាប់សិបករណី នៅក្នុងមន្ទីរពេទ្យនោះ បានដក់ជាប់ក្នុងខួរក្បាលខ្ញុំ គ្មានថ្ងៃបំភ្លេចបានឡើយ។ ដោយពិបាកទ្រាំនឹងទិដ្ឋភាព ដ៏គួររន្ធត់ទាំងនោះពេក ម្ដាយខ្ញុំ បានសុំគេផ្លាស់ចេញពីសាលសង្គ្រោះបន្ទាន់ មកធ្វើការនៅសាលផ្សេង ផ្នែកឱសថវិញ។

នៅក្នុងផ្ទះខ្ញុំ មានកាំភ្លើងវែង១ដើម ដែលជាញឹកញាប់ ប៉ាខ្ញុំស្ពាយចេញទៅសមរភូមិ ដើម្បីច្បាំងគ្នាជាមួយខ្មាំងសត្រូវ នៅតាមតំបន់ឆ្ងាយពីទីក្រុងបាត់ដំបង ហើយបើទោះបីជាគ្មានការបាញ់គ្នាជាមួយខ្មាំង ក៏គាត់នៅតែស្ពាយជាប់ខ្លួន គ្រប់ពេលទៅយាមនៅការិយាល័យពេលយប់ដែរ។ តាមពិត ខ្ញុំមិនគួរហៅនរណាម្នាក់ថាជាខ្មាំងទេ។ គ្រប់គ្នាសុទ្ធតែជនរងគ្រោះទាំងអស់ គឺជនរងគ្រោះដែលទទួលផលពីគំនិតល្មោភអំណាច របស់ក្រុមពួកអ្នកនយោបាយដែលមិនកាន់សីល។ ពួកគេគ្មានសីលធម៌ គ្មានមនុស្សធម៌បន្តិចណាទេ។

ដោយហេតុតែផ្ទះខ្ញុំនៅចំកណ្ដាលទីប្រជុំជន វាក៏ប្រែក្លាយទៅជាជម្រកជនភៀសខ្លួន របស់មនុស្សម្នារាប់មិនអស់ ដែលរត់គេចពីការបាញ់ប្លោង របស់ពួកឧទ្ទាមខ្មែរក្រហម។ ផ្ទះល្វែង ទទឹង ៥ ម៉ែត្រ បណ្ដោយជាង ៣០ម៉ែត្រ ពេលខ្លះ ផ្ទុកមនុស្សដល់ទៅម្ភៃ សាមសិបនាក់ ណែនដូចកាតំ។ ម្នាក់ៗរត់មកជ្រកពួន ទាំងព្រលឹងចុងសក់ ជាញឹកញាប់។

នៅពេលដែលលេណដ្ឋានគេចគ្រាប់ប្លោង ដែលខ្ញុំធ្លាប់រត់លូនចូលទៅពួនសំងំ ក្រោយមកត្រូវបានគេរំលាយចោល ដើម្បីកសាងសួនច្បារ ខ្ញុំត្រេកអរណាស់។ នៅពេលដែលប៉ាខ្ញុំយកកាំភ្លើងវែងរបស់គាត់ ទៅប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រកាសសន្តិភាព ខ្ញុំក៏រឹតតែអរខ្លាំងណាស់ទៅទៀត ព្រោះខ្ញុំស្អប់កាំភ្លើងដងវែងដ៏ធ្ងន់នោះជាងស្អប់អ្វីៗទាំងអស់។

សូមបញ្ជាក់ថា ខ្ញុំសរសេរសារថ្ងៃនេះ មិនមែនខ្ញុំនៅខាងអ្នកនយោបាយណា ឬបក្សណាមួយទេ គឺខ្ញុំសរសេរក្នុងនាមខ្ញុំ ជាសភាវៈរស់ មានជីវិតដ៏តូចមួយ ហៅថា “មនុស្ស”។

ខ្ញុំចូលរួមកាន់មរណទុក្ខចំពោះការស្លាប់របស់មនុស្សទាំងអស់ មិនថាជាតិសាសន៍ណាក៏ដោយ ដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសគឺកុមារតូចៗ នៅតាមព្រំដែននៃប្រទេសម្ចាស់ជម្លោះ។ ខ្ញុំសូមប្រឆាំងយ៉ាងដាច់ខាត ចំពោះក្រុមមនុស្សជ្រុលនិយម គ្រប់ជាតិសាសន៍ មិនថាជាជនជាតិអ្វីឡើយ ឱ្យតែអ្នកព្យាយាមបំផុសចលនា ស្អប់ខ្ពើមគ្នា ដើម្បីបំភាន់ថាខ្លួនជាអ្នកស្នេហាជាតិ នោះ សម្រាប់ខ្ញុំ អ្នកនៅខ្វះភាពជាមនុស្ស។

សង្គ្រាម មិនដែលរើសអើងពូជសាសន៍ម្ដងណាឡើយ។ គ្រាប់រ៉ុកែតមុននឹងផ្ទុះ ក៏វាមិនដែលចេះសួររក ជនជាតិ និង សញ្ជាតិ ពីនរណាម្នាក់ដែរ។ ហើយមច្ចុរាជ ដែលយកជីវិតមនុស្សគ្រប់គ្នាទៅ ក៏វាមិនចាំបាច់មានលិខិតឆ្លងដែន មិនបាច់មានទិដ្ឋាការអ្វីទាំងអស់។ ឱ្យតែសង្គ្រាម កើតឡើងនៅទីណា ហ្វូងម្រឹត្យូវពណ៌ខ្មៅនឹងទៅដល់ទីនោះហើយ។

ខ្ញុំសូមប្រកាសម្ដងហើយ ម្ដងទៀត ថាពួកយើង ក្នុងនាមជាមនុស្សរស់ក្រោមដំបូលមេឃតែមួយ គួរតែចែករំលែកឱ្យគ្នាទៅវិញទៅមកនូវភាពជាមនុស្សធម៌ ដ៏ពេញលេញបរិបូរ។ គ្មានហេតុផលអ្វី ដែលជាតិសាសន៍មួយ ត្រូវបង្កើតការស្អប់ខ្ពើម ចំពោះជាតិសាសន៍មួយទៀតនោះទេ។ ផែនដីនេះ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ជាតិសាសន៍ណា ឬនរណាទេ វាជារបស់ធម្មជាតិ។ ច្បាប់ធម្មជាតិបានផ្ដល់ជីវិតឱ្យយើងបានជ្រកនៅស្នាក់អាស្រ័យតែមួយរយៈពេលប៉ុណ្ណោះ មិនអមតៈទេ។ បេសកកម្មរបស់ពួកយើង គឺរស់នៅ ដោយការស្រលាញ់គ្នា យោគយល់ អធ្យាស្រ័យគ្នា ផ្ដល់ឱ្យគ្នានិងគ្នាទៅវិញទៅមកនូវធម៌នៃ មេត្ដា ករុណា មុទិតា និង ឧបេក្ខា។

ក្រែងប្រទេសយើងទាំងពីរកាន់ពុទ្ធសាសនា មែនទេ? ហេតុអ្វីបានជាពួកអ្នកល្មើសបាណាតិបាទធម៌? ហេតុអ្វីបានជាមុសាគ្នាទៅវិញទៅមក ដើម្បីបានលេសកាប់សម្លាប់គ្នាទៅវិញ?

ត្រូវចាំថា នៅពេលដែលសង្គ្រាមអូសបន្លាយកាន់តែយូរ នោះវាមានតែបង្កើនទំហំទុក្ខសោកវេទនា ភាពនិរាសព្រាត់ប្រាស និង វិនាសកម្មចំពោះប្រទេសជាតិទាំងពីរខាង មិនលែងឡើយ។ ហើយគម្ពីរប្រវត្ដិសាស្ត្រ ក៏ចាប់ផ្ដើមបង្កើតទំព័រអតុល្យភាពនៃយុត្តិធម៌កាន់តែក្រាស់ឡើង ព្រោះតែម្ខាងៗ សុទ្ធតែសរសេរ ចារិកយកត្រូវរៀងៗខ្លួន។ ហើយបន្ទាប់ពីនោះ កូនចៅជំនាន់ក្រោយមកទៀត នឹងចងកំហឹងចំពោះពូជសាសន៍ជិតខាងគ្នា កាប់សម្លាប់គ្នា សងសឹកគ្នាទៅវិញទៅមក ជាបន្តទៅមុខ គ្មានដែនកំណត់ រហូតដល់រលាយផែនដីទាំងមូល។

មេដឹកនាំជាទីគោរព!

ថ្ងៃនេះ ម៉ោងនេះ ខ្ញុំសូមទទូចអង្វរ សូមលោកមេត្ដា បញ្ឈប់សង្គ្រាមឱ្យបានលឿនបំផុត! នៅទីនេះ ទឹកដីនេះ ប្រជារាស្ត្ររបស់លោកច្រើនណាស់។ ទីនេះ មិនមែនមានត្រឹមតែ មេទ័ព កងទាហាន កងរាជអាវុធហត្ថ របស់លោកទេ គឺមានមនុស្សចាស់ជរាជាច្រើន ស្ត្រីមានផ្ទៃពោះ ជនពិការ កុមារ និងយុវជនដែលជាទំពាំងស្នងឫស្សី ដ៏ច្រើនរាប់លាននាក់ កំពុងរលត់អស់នូវក្ដីសង្ឃឹម ដែលពួកគេគិតថានឹងអាចរះភ្លឺចែងចាំង នៅថ្ងៃអនាគត។ ពួកគេស័ក្ដិសមនឹងទទួលបានការបណ្ដុះបណ្ដាល ដើម្បីកសាងធនធានបញ្ញា ដើម្បីចូលរួមកសាងជាតិឱ្យបានរុងរឿងទៅថ្ងៃអនាគត ជាជាងការក្លាយជាចំណាប់ខ្មាំងនៃផែនការយុទ្ធសាស្ត្រសង្គ្រាម ទាំងនៅក្មេងវ័យ។

ភាពស្អប់ខ្ពើម មិនអាចយកឈ្នះ ដោយការស្អប់ខ្ពើមតបទៅវិញនោះទេ។ ដូច្នេះ សូមបងប្អូនជនរួមជាតិ ឈរលើស្មារតីមនុស្សធម៌​ បញ្ឈប់ការផ្សព្វផ្សាយទាំងឡាយណា ដែលរុញដល់ការបញ្ឆេះកំហឹង ការគុំកួន ការស្អប់ខ្ពើមគ្នាជាបន្តទៅទៀត។ សូមគ្រប់គ្នា ជួយផ្សព្វផ្សាយសំឡេង ដែលបង្កឱ្យមាននូវការផ្សះផ្សារជាតិនិងជាតិ ដើម្បីពួកយើងអាចរស់នៅក្នុងសន្តិភាពទាំងអស់គ្នា។ ពួកយើងឥតត្រូវការ ផ្នូរយុវជន ដើម្បីរំឭកវិញ្ញាណក្ខន្ធប្រចាំឆ្នាំទៀតទេ។ យើងឥតចង់បានជញ្ជាំង បន្លាលួស ឃាំងប្រទេសនិងប្រទេសទេ។ យើងត្រូវការស្ពានឆ្លងឱ្យបានច្រើននៅតាមព្រំដែននៃប្រទេសពួកយើងទាំងពីរ រួមទាំងប្រទេសទាំងអស់ក្នុងតំបន់ និងក្នុងពិភពលោកនេះ!

លឹម វិរិយា 🌸

ថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា គ.ស. ២០២៥

“ឧ៊, ឪ, ឱ, ឳ” ត្រូវអានដោយរបៀបណា?

ឧ + សក់ ក = ឧ៊ : អានថា “អុក” (ព្រោះសក់ ក ដើរតួជំនួសអក្សរ ក)
ឧ + កន្ទុយ វ = ឪ : អានថា “អុវ ឬ អូវ” (ព្រោះកន្ទុយ វ ដើរតួជំនួសអក្សរ វ)
ឱ = ជា​ប្រភេទ​អញ្ញត្រសព្ទ ដែលមានសំឡេងពេញលេញរួចជាស្រេចហើយ គឺអានថា “អោ”
ឳ = ជា​ប្រភេទ​អញ្ញត្រសព្ទ ដែលមានសំឡេងពេញលេញរួចជាស្រេចហើយ គឺអានថា “អៅ”

ប្រវត្ដិពាក្យ “នាម៉ឺន”

ពាក្យនេះក្លាយមកពីភាសាសៀម ថា “ណាហ្មឺន” (นาหมื่น)“ណា” (นา) ប្រែថា “ស្រែ” ដែលមានន័យសំដៅដល់ផ្ទៃដីសម្រាប់ធ្វើស្រែ។ ចំណែកពាក្យ “ហ្មឺន” (หมื่น) ជាការអានបញ្ចេញសំឡេងខ្យល់ធំធ្ងន់ពីភាសាដើមរបស់ខ្មែរយើងទៅ ស្មើពាក្យរាប់ចំនួន១០ពាន់ ថា “ម៉ឺន”

សម័យដើម មន្ត្រីណាដែលមានបណ្ដាស័ក្ដិធំៗ មានអំណាចអាចក្ដោបក្ដាប់មន្ត្រីក្រោមឱវាទ ឬក្ដោបក្ដាប់ពលទាហានក្រោមបង្គាប់ ចាប់ពី១ម៉ឺននាក់ ឡើងទៅ មានន័យថា គេមានសិទ្ធិ មានយស មានស័ក្ដិ សមនឹងទទួលបានដីស្រែ ១ម៉ឺន ដូច្នោះដែរ​។  

រូបភាពនេះ ត្រូវបានផាត់ពណ៌ឡើងវិញ ដើម្បីបន្ថែមសម្រស់ផ្ទៃរូបភាពដោយជនអនាមិក | រូបនេះជានាម៉ឺនខ្មែរ ខ្សែបម្រើគ្រួសារអភ័យវង្ស នៅក្នុងសម័យអាណានិគមបារាំង នៅខេត្ដ បាត់ដំបង អំឡុងឆ្នាំ ១៩០៧ ។ ក្រោយការដួលរលំនៃត្រកូល អភ័យវង្ស ពួកគេបាននិរទេសទៅរស់នៅក្នុង ខេត្តព្រះជិនបុរី ប្រទេសសៀម ក្រោយមកបានក្លាយជាស្ថាបនិក កសាងមន្ទីរពេទ្យដ៏ល្បីមួយនៅស្រុកសៀម ឈ្មោះថា មន្ទីរពេទ្យ ចៅពញា អភ័យភូបេជ្រ (Chaophraya Abhaibhubejhr Hospital) សាងសង់ឡើងតាមរចនាបថនៃអគារភូមិគ្រឹះលោកម្ចាស់កថាថន ក្នុងខេត្ដបាត់ដំបង។

ក្នុងវចនានុក្រម និងក្នុងឯកសារស្រាវជ្រាវផ្សេងទៀត មិនឃើញមានបញ្ជាក់អំពីប្រភេទនៃឯកតាវាស់វែង ថាដីស្រែ ចំនួន១ម៉ឺននោះ គឺជា១ម៉ឺនអ្វីសោះឡើយ។ បើតាមការគិតស្មានរបស់ខ្ញុំ ប្រហែលជាស្មើនឹង ១ម៉ឺនហិកតា។ ព្រោះដីស្រែទំហំ ១ម៉ឺនហិកតា កាលពីសម័យបុរាណ បើគិតតាមដែនភូមិសាស្ត្រនយោបាយ វាមិនច្រើនដូចសម័យខ្សត់ដី ឥឡូវនេះទេ។ ម្យ៉ាងទៀត ជំនាន់ដើម ការកាត់ទឹក កាត់ដី ជូនមន្ត្រី មានសមត្ថភាពគ្រប់គ្រង ក៏ស្មើនឹងការផ្ដល់នូវអំណាចជាស្ដេចត្រាញ់មួយ ដល់មន្ត្រីនោះផងដែរ។ ហើយបើយើងគណនា តាមអត្រាជាក់ស្ដែង ផ្ទៃដី ១ម៉ឺនហិកតា គឺស្មើនឹង ទំហំ ១រយ គីឡូម៉ែត្រក្រឡាតែប៉ុណ្ណោះ។ ឃើញថាទំហំប៉ុននេះ វាប្រហាក់ប្រហែលនឹងកូនស្រុកដ៏តូចមួយ ក្នុងតំបន់នៃប្រទេសខ្មែរយើងដែរ។ ម្ល៉ោះហើយ ក្នុងនាមអ្នកសិក្សាពីឫសគល់នៃពាក្យ ខ្ញុំសូមសន្មតថា នាហ្មឺន គឺជា មន្ត្រីដែលបានដីស្រែ១ម៉ឺនហិកតា។

មួយវិញទៀត នៅក្នុងវចនានុក្រមខ្មែរដដែល ក៏មានបញ្ជាក់ដល់ពាក្យ “ស្ដេចត្រាញ់” ផងដែរ។ ស្ដេចត្រាញ់ គឺជាអ្នកដែលមានសិទ្ធិទទួលបានដីស្រែ ១ម៉ឺន ដូចគ្នា។ អ៊ីចឹង វាមានន័យថា មុនដែលខ្មែរទទួលប្រើពាក្យ “នាហ្មឺន” យកមកប្រើជាផ្លូវការ តំណែងមួយនេះ ត្រូវបានខ្មែរយើងហៅថា “ស្ដេចត្រាញ់”

ស្ដេចត្រាញ់ គឺជាមេទ័ពធំ ឬហៅថា “ស្ដេចសឹក” ដែលមានអំណាចកាប់សម្លាប់មនុស្សសត្វបានដោយឥតខុសច្បាប់ នៅក្នុងនាទីរបស់ខ្លួន។ ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ៖

១- ស្រុកកំពង់ស្វាយ មានងារជា អ្នកឧកញ៉ា តេជោ បុរារាជ

២- ស្រុកពោធិ៍សាត់មានងារជា អ្នកឧកញ៉ាសួគ៌ាលោក

៣- ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូង និង ទ្រាំង ត្រើយខាងជើង ជាស្រុកតែមួយ មានងារជា អ្នកឧកញ៉ាពិស្ណុលោក

៤- ស្រុកត្បូងឃ្មុំ មានងារជា អ្នកឧកញ៉ាអជ៌ុន ( ហៅក្លាយជា អរជូន )

៥- ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយ និង ខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឧកញ៉ាធម្មាតេជោ

កាលបើប្រទេសមានសង្គ្រាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន។

សូមបញ្ជាក់ថា ក្នុងរបៀបគ្រប់គ្រងដឹកនាំប្រទេស កាលពីសម័យបុរាណ មេដឹកនាំធំៗ ដែលមានអំណាចដូចជាព្រះចៅអធិរាជ មិនអាចមានសមត្ថភាព ក្នុងការចុះអង្កេតផ្ទាល់ ទៅលើទីតាំងតូចៗគ្រប់ពេលវេលាបានទេ ព្រោះតែទឹកដីមានទំហំធំធេងពេក។ ម្ល៉ោះហើយ ដើម្បីឱ្យមានភាពងាយស្រួល ព្រះចៅផែនដី និយម ដឹកនាំ របៀបផ្ដល់អំណាចផ្ដាច់ការដល់ស្ដេចត្រាញ់ណាដែលខ្លាំងពូកែ ឱ្យក្លាយជាម្ចាស់នៃទឹកដីផ្នែកណាមួយ ក្នុងតំបន់ណាមួយ ដើម្បីគ្រប់គ្រងដឹកនាំជំនួស។ ដោយហេតុនេះហើយ ទើបបានជា ចំណេរ ចេរកាល ក្រោយៗមក តែងតែមានរឿងស្ដេចត្រាញ់ ក្បត់ស្ដេចផែនដី បង្កទ័ពផ្ដាច់ខ្លួន ផ្ដាច់ទឹកដី បង្កើតជាដែនរដ្ឋឯករាជ្យមួយទៀត បង្កើតប្រទេសថ្មីមួយទៀត ធ្វើឱ្យប្រទេសធំៗ រួមជាតូចទៅ តូចទៅ ។ ហើយរឿងរ៉ាវប្រភេទនេះ កើតមានឡើង នៅគ្រប់ទិសទីនៃប្រវត្ដិសាស្ត្រពិភពលោក។

វិភាគពីសំឡេងភាសាបន្តទៀតសិន! ក្នុងភាសាសៀម គេអានបញ្ចេញសំឡេងថា “ណា-ហ្មឺន” លុះសរសេរមកជាភាសាខ្មែរ សំឡេងខ្យល់ “ណា” (ប្រែថាស្រែ) ក៏ប្រែជា “នា” ទៅវិញ ដោយសារក្នុងវេយ្យាករណ៍ខ្មែរ មានទំនាញនៃសំឡេង “ឃោសៈ” (គឺសំឡេងខ្យល់ធំ ដូចជា គ.ឃ.ង ជាដើម)។ ចំណែក សំឡេងធំថា “មឺន” (១០ពាន់) យើងបែរត្រលប់ ជាអានថា “ម៉ឺន” ទៅវិញ ដោយសារតែ ក្នុងវេយ្យាករណ៍ខ្មែរ កាលណាសំឡេង ឃោសៈចំនួនពីរនៅជាប់គ្នាមុខក្រោយ វានឹងប្រទាញសំឡេងឃោសៈខាងក្រោយឱ្យទៅជា “អឃោសៈ” ។ ដូច្នេះ ខ្យល់ធំអក្សរ “ម” បានប្រែជាខ្យល់ “ម៉” អានបែបស្រាលៗ ។ លុះដល់ “ម៉” ត្រូវដាក់ស្រៈ “អឺ” ពីលើ ទើបគេសរសេរប្ដូរពី “មូសិកទន្ដ” (សញ្ញាបន្ដក់ពីរ) ចុះមកក្រោម ជា ស្រៈអុ វិញ (បុកជើង) ។

ដូច្នេះហើយ ទើបអំណឹះក្រោយមក គេសរសេរ និង ហៅអ្នកមានស័ក្ដិធំៗក្នុងជួររាជការថា “នាហ្មឺន”។ ពីមុន គេនិយមហៅពាក្យភ្លោះជាប់គ្នាថា “នាហ្មឺន នាសែន” មានន័យថា មន្ត្រីដែលមានស្រែរាប់ម៉ឺន រាប់សែនហិកតា។ សព្វថ្ងៃ នៅសល់ត្រឹមតែពាក្យទោលថា “នាហ្មឺន” ប៉ុណ្ណោះ មិនដែលមាននរណា គេថា “នាសែន” ដូចមុនទៀតទេ។

ជាបន្តក្រោយមក ការផ្លាស់ប្ដូររបៀបសរសេរ បានធ្វើឡើង ឱ្យស្របទៅតាមរឿងរ៉ាវប្រវត្ដិនៃពាក្យនោះ ទើបគេប្ដូរសរសេរ ពី “ហ្មឺន” ទៅជា “ម៉ឺន” វិញ។ បើយើងសរសេរថា “ហ្មឺន” មានន័យថា យើងគោរពតាមនិយាម វចនានុក្រមថៃ ព្រោះពាក្យថៃ “หมื่น” មានអក្សរ “ហ” (ห) នាំពីមុខ។ បើយើងសរសេរ “ម៉ឺន” មានន័យថា យើងគោរពតាមនិយាម វចនានុក្រមខ្មែរ ដោយសម្អាងទៅលើពាក្យរាប់ចំនួន “រយ ពាន់ ម៉ឺន សែន” នោះឯង ហើយវាស៊ីគ្នាទៅនឹងការពន្យល់អត្ថន័យខ្លឹមសារ ដែលមានរៀបរាប់ពីខាងដើមនោះផង។

ដោយ លឹម វិរិយា🌸

ឧទាហរណ៍នៃមេរៀនម៉ាឃិធីងដែលងាយយល់