Category Archives: កំណាព្យខ្មែរ

ពន្លឺសាយណ្ហ (កំណាព្យបទ៨ព្យាង្គ)

ពន្លឺសាយ័ណ្ហ ជាន់ទងព្រលឹង
ជើងមេឃសន្ធឹង សញ្ជឹងរាត្រី
ដែលនឹងឆ្លាស់វេន ប្រគេនផែនដី
កំដរហឫទ័យ នៃនារីម្នាក់។

ពន្លឺសាយ័ណ្ហ បន់សូមឱ្យយប់
ដូចគេប៉ងជប់ សុបិនពីរនាក់
ថ្ងៃលិចក្រោយភ្លៀង ផ្ទៀងជំនឿជាក់
មន្តស្នេហ៍រាក់ៗ អន្ទាក់ម្ចាស់ព្រាន។

ពន្លឺសាយ័ណ្ហ ឆព្វណ្ណម្ខាងមេឃ
ជះរស្មីផ្លេក ដូចរែកឱ្យឈាន
សម្រាប់ដើរឆ្លង កន្លងម្ចាស់ស្ពាន
កន្លែងទន្ទ្រាន រុករានឱ្យខូង។

ពន្លឺសាយ័ណ្ហ អង្កន់ដួងចិត្ត
ឱ្យរង្កៀសខិត ដិតដាមបេះដូង
ទោះបីដាច់ដោច ល្អោចអស់ទាំងហ្វូង
នៅមិនរំលង យោងអំពល់គិត។

ពន្លឺសាយ័ណ្ហ គ្រាន់ជាងសូរ្យគ្រាស
មានរស្មីមាស ជះស្រមោលពិត
ទៀងទាត់កត់ចាំ ផ្ដាំភពងងឹត
អាចគប់ជាមិត្ត រឹតតែរុងរោចន៍។

ពន្លឺសាយ័ណ្ហ រួសរាន់ផ្ញើសារ
បង្កប់សន្យា ស្នេហាលន្លោច
អន្លង់កាមទេព ពេបជ្រាយប្រដូច
រាត្រីរនោច ផ្អូចរង់ចាំខែ។
____________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា គ.ស. ២០២១

ជំនឿ (កំណាព្យបទ៧ព្យាង្គ)

ទំនៀមទម្លាប់ ជាប់ពីព្រេង
មនុស្សអ្នកតាក់តែង ចែងជាច្បាប់
គេឱ្យគោរព ងប់ចំណាប់
អ្នកណាមិនត្រាប់ ចាប់ទៅចង។

រឿងខ្លះប្រតិដ្ឋ គិតមិនដល់
អ្នកជឿខ្វាយខ្វល់ ឆ្ងល់កន្លង
បុណ្យបាបជាអ្វី ស្ដីប្រាប់ផង
មួយជាតិហែលឆ្លង បំណងអី?

គេឲ្យលុតក្រាប លែងចាបរស់
ស្រោចទឹកកាត់គ្រោះ ឈ្មោះម្នឹះថ្មី
ក្រណាត់ពណ៌ស គ្របផ្ទាល់ដី
ច្រៀងលើករាសី ក្រែងផុតទុក្ខ។

គិតទៅផ្លូវមនុស្ស ជុះហើយស៊ី
ដេកដើរសំភី ភ្លីពេញមុខ
យកពុទ្ធសាសនា ញាត់ជង្រុក
ខ្លួនឯងចូលគុក កម្មអាក្រក់។

សែនខ្មោចបោចស្មៅ ហៅអារក្ខ
ដួសបាយដាក់ស្រាក់ ហាក់កខ្វក់
ស្លៀកពាក់ភ្ញាក់ព្រឹក នឹកអ្នកក្ដក់
ភ្លៀងស្រក់តិកតក់ ក៏តស៊ូ។

ខំជឿខំបន់ ស្រន់ព្រលឹង
រួចហើយទន្ទឹង ធ្មឹងសែនយូរ
រង់ចាំដូនតា ជួយគិតគូរ
ព្រោះរស់មិនធូរ មិនដឹងហេតុ។

ព្រះមានមិនជឿ ទៅជឿខ្មោច
ព្រលឹងអសោច ល្អោចក្រុងខេត្ត
សព្វពាសពេញដី ផ្ទៃវាស់ម៉ែត្រ
ខែភ្លៀងខែចេត្រ ឃើញតែបន់។

រឿងភពងងឹត គិតឲ្យជ្រៅ
បើមិនស្គាល់ផ្លូវ ត្រូវ​អាសន្ន
ដូរផ្នត់គំនិត ក្រិតឱ្យគ្រាន់
ក្រែងរស់បានទាន់ ស្គាល់និព្វាន។
___________

វិរិយា🌸

ថ្ងៃសុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែកញ្ញា គ.ស. ២០២០

អាសាឡ្ហបូជា (កំណាព្យបទ៧ព្យាង្គ)

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ត្រូវតាមក្បួនខ្នាតបុរាណចាស់
ជាថ្ងៃរំឭកនឹករឿងខ្លះ
ទាក់ទងនឹងម្ចាស់នៃសាសនា។

ហៅបុណ្យអាសាឡ្ហបូជា
រំឭកនឹកគ្រាព្រះសាស្ដា
សម្មាសម្ពុទ្ធប្រដៅថា
ព្រះធម្មថ្លៃថ្លាជាទីពឹង។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ជម្រះឱ្យស្អាតចិត្តដែលរឹង
ទម្លាក់មានះនៅឱ្យនឹង
សម្ងំស្មាធិ៍ស្មិងសញ្ជឹងធម៌។

វិភាគហើយគិតព្រះធម្មក្ខន្ធ
កងធម៌ណែនណាន់មានខ្មៅ-ស
សភាវៈពិតអាក្រក់-ល្អ
មានជាប់តំណគ្រប់ៗប្រាណ។

អរិយសច្ចៈបួនប្រការ
ទីមួយ ទុក្ខាតាមលំអាន
ជាប់កង់រទេះដូចជាដាន
វិលគ្មានសម្រាន្តម្ដងណាឡើយ។

ទីពីរ កំណើតនៃក្ដីទុក្ខ
វាដុតរានរុកឆេះឥតស្បើយ
ឈ្មោះហៅតណ្ហាវានេះហើយ
ចាក់ដូចកន្ត្រើយរមាស់ក្រៃ។

ទីបី សេចក្ដីរំលត់ទុក្ខ
ធម្មល្អវិសុទ្ធខ្ពស់ថ្លាថ្លៃ
ជួយយើងដោះស្រាយរឿងចង្រៃ
រស់ចាកគ្រោះភ័យន័យនិរោធ។

ទីបួន អង្រួនមគ្គសច្ចៈ
ការពិតប្រចក្សរៀងរហូត
ប្រកាន់ឱ្យខ្ជាប់កុំរបូត
ទន្ទេញហើយសូត្រ-បដិបត្តិ។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
សូមលាងឱ្យស្អាតសង្វាតហាត់
គិតព្រះសម្ពុទ្ធ អរហត្ត
ទុក្ខរលាយបាត់ និព្វានហោង។
_______
សូមអនុមោទនា អាសាឡ្ហបូជា និងបុណ្យចូលព្រះវស្សា!
Happy Āsāḷha-Pūjā and The Buddhist Vassa Rains Retreat!

ថ្ងៃ១៥ កើត ខែបឋមាសាឍ (អាសាឍទី១) ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា គ.ស.​ ២០២២
________
វិរិយា🌸
១៤កើត ខែអាសាឍ ២៥៦៦​ – ១២ កក្កដា ២០២២

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

ឆ្នាំទ្រ (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៨)

ឆ្នាំចាស់ដាច់ ផ្ដាច់ផ្ដិល មន្ទិលច្រើន
គ្មានចម្រើន កើនទុក្ខ ជង្រុករោគ
ស្អែកឆ្នាំថ្មី ដីចាស់ ផ្លាស់ជម្រក
គ្មានអ្នកយក ជោគជ័យ លៃមកជូន។

ថ្ងៃចុងក្រោយ ដោយដាច ខ្លាចពួកម្នឹះ
ប្រាជ្ញខុសទិស ឫសវែង រែងពពូន
ពឹងបណ្ឌិត គិតទៅ ផ្លូវគេលូន
ខ្វះជំនូន ជូនដល់ ខ្វល់គេខឹង។

ស្អែកឆ្នាំថ្មី ស្ដីទៅ នៅតែឈឺ
ស័ព្ទព្រួចព្រឺ ឮហើយ ឆ្លើយមិនដឹង
ប្រាជ្ញធ្វើភ្លើ ល្ងើហួស រស់ប៉ុណ្ណឹង
បែរមិនដឹង ថ្លឹងខុស ឆ្លុះសន្ដាន។

ឆ្លងសករាជ ខ្លាចតែ បែររោគថ្មី
នាំចង្រៃ ភ័យភិត រឹតរុញច្រាន
នាំវឹកវរ ជោរជន់ ទន់ទាំងប្រាណ
រស់ប្រៀបបាន ដានខ្មោច ល្អោចទាំងព្រម។

ថ្មីសិបដង ឆ្លងទៅ នៅតែចាស់
មិនឃើញផ្លាស់ ច្បាស់ជា គ្នាគេលោម
ចែករំលែក ហែកហួរ ខួរគេស្មូម
បញ្ញាទ្រម ល្មមងាប់ ទ្រាប់ខ្សែទ្រ។
_________

វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ គ.ស. ២០២០

កំណាព្យ៖ “វិសាខបូជា”

(បទវង្សវិចិត្រ មេព្យាង្គ៩)

ថ្ងៃពេញបូណ៌មី ស្ដីប្រាប់ ត្រាប់ត្រងចាំ
ពិសាខឆ្លងឆ្នាំ ចាំទុក ទំនុកបុណ្យ
ឆ្លងឆ្នាំព្រះពុទ្ធ វិសុទ្ធ រង្គាត់មន្ត
លំឱនបន្ទន់ ជន់ជោរ បង្ហូរធម៌។

ថ្ងៃដប់ប្រាំកើត ខ្នើតពេញ ចេញពិសាខ
ជាថ្ងៃបើកឆាក ស្លាកឈ្មោះ ពីរោះខ្ទ័រ
ពុទ្ធសាសនា ថ្លាយង់ គង់វង្សល្អ
សូមផ្សាយបន្ត ធម៌ពិត ក្រឹត្យពាន់ឆ្នាំ។

វិសាខបូជា ជាថ្ងៃ អាល័យព្រះ
ដែលព្រះអង្គឈ្នះ លះបាន ក្សាន្តផុតកម្ម
ត្រៃសរណៈ ប្រចក្ស ឆ្លាក់បណ្ដាំ
ទូន្មានឱ្យចាំ ឆ្នាំព្រះ រះត្រ័យទ្វារ។

(បទកាកគតិ មេព្យាង្គ៤)

ចូលរួមអបអរ ទទួលអំណរ វិសាខបូជា
ជាបុណ្យសាកល ពេញដោយរមនា រំឭកគ្រប់គ្នា
ថ្ងៃសំខាន់បី។

ទី១ជាពេល ព្រះចាករង្វេល ប្រសូតចាកផ្ទៃ
ទី២ត្រាស់ដឹង អស់ភពផែនដី រីឯទី៣
ជាថ្ងៃនិព្វាន។

វិសាខបូជា តាំងចិត្តភាវនា រួមគ្នាឆ្លងស្ពាន
ពុទ្ធសករាជថ្មី កុំបីនៅឃ្លាន លើកជើងដើរឈាន
នឹងមានពន្លឺ។

សាសនាព្រះពុទ្ធ នៅតែជ្រៅមុត វិសុទ្ធរន្ទឺ
តេជះរុងរោចន៍ ដូចយប់ដែលភ្លឺ រស់មិនដែលព្រឺ
ព្រោះយល់ក្ដីស្លាប់។

ឆ្លងពុទ្ធសករាជ សូមមានអំណាច បាចសាចចំណាប់
អ្នកណាយល់ធម៌ ចរផុតផ្សែងអ័ព្ទ ដានព្រះទុកត្រាប់
ជាច្បាប់សន្តិ។
———
វិរិយា🌸

ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា គ.ស. ២០២១

បាត់ដំបង ស្រុកកំណើតខ្ញុំ (កំណាព្យបទកាកគតិ)

ស្រុកកំណើតខ្ញុំ កន្លែងមូលផ្ដុំ
ក្រុមអ្នកកវី តាំងពីបុរាណ
មានកេរ្តិ៍ល្បាញល្បី កំណាព្យតន្ត្រី
ប្រុសស្រីអស្ចារ្យ។

ក្រុងបាត់ដំបង កន្លែងចងក្រង
រាល់អនុស្សារ អ្នកច្រៀងអ្នករាំ
សមសក្ដិតារា លូតលាស់កាលណា
ច្រើនតែឃ្លាតឆ្ងាយ។

បាត់ដំបងល្អ រស់មានអំណរ
បវររៀងអាយ ទឹកដីត្រជាក់
ទាក់ចិត្តនិងកាយ សែនសុខសប្បាយ
មិនស្ដាយដង្ហើម។

សូមឱ្យស្រុកខ្ញុំ កំណើតកើតធំ
សុខុមដូចដើម លូតលាស់រុងរោចន៍
ដូចនគរឆ្នើម កាលគ្រាចាប់ផ្ដើម
ល្បីខ្លាំងដីស្អិត។

បាត់ដំបងក្រុង ទេសចរជាប់ផុង
អនង្គដួងចិត្ត ចំប៉ាចំប៉ី
រឿងព្រេងអម្រឹត មិនមែនប្រតិដ្ឋ
ដូចសៀមរាបឡើយ។

ឱ បាត់ដំបង! ជាតិនេះកើតម្ដង
ចម្លងដល់ត្រើយ រឭកនឹកគុណ
ស្រុកភូមិរំហើយ ខ្ញុំរស់បានស្បើយ
ឆ្លើយថានឹកណាស់។
———
វិរិយា🌸

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា គ.ស. ២០២១

កំណាព្យមួយនេះខ្ញុំបានផលិតជាខ្សែវិដេអូ ដែលមានភ្លេង និងសំឡេងច្រៀងរបស់ខ្ញុំអមជាមួយ រូបភាពវិដេអូមួយចំនួនដែលថតនៅក្រុងបាត់ដំបង សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាវិដេអូនៅក្នុង YouTube

រូបថតនៅមុខផ្ទះដែលខ្ញុំបានកើតនិងធំធាត់ឡើង នៅបាត់ដំបង សព្វថ្ងៃជាផ្ទះរបស់លោកឪពុកខ្ញុំដែលគាត់ប្រើប្រាស់សម្រាប់ជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្ដន៍ក្នុងវ័យចាស់ជរា

កុំទុកចិត្ត (កំណាព្យបទកាកគតិ)

កុំទុកចិត្តមេឃ ពេលយប់ចូលដេក
កុំធ្មេចលឿនលយ ក្រែងលោអាចម៍ផ្កាយ
ក្លាយជាបែកធ្លោយ ជ្រុះមករាយរោយ
ស៊យដល់ផែនដី។

កុំទុកចិត្តខ្យល់ យប់យន់ចូលដល់
កុំខ្វល់នឹងស្រី ជជែកញ៉ែងញ៉ង
ឆ្លងផុតយាមបី កណ្ដាលរាត្រី
ស្ដីច្រើនអស់កេរ។

កុំទុកចិត្តផ្កាយ តារារះឆ្ងាយ
ក្លែងក្លាយផងទេ ភ្លើងទៀនក្នុងគោម
គេលោមបំពេរ ហោះបាំងចង្អេរ
បន្លំចន្ទ្រា។

កុំទុកចិត្តដី ពុកផុយរាល់ថ្ងៃ
បំភ្លៃមេឃា បាក់ចូលទន្លេ
ហូរជ្រែដល់ហៀរ សណ្ដក្លាយជា
ពសុធាដូរឈ្មោះ។

កុំទុកចិត្តទឹក យប់ថ្ងៃល្ងាចព្រឹក
នឹកសៀងពីរោះ ហូរចូលដីក្រុង
ឡើងស្លុងរង្គោះ ចុងក្រោយសាបព្រោះ
គ្រោះកាចចង្រៃ។

កុំទុកចិត្តខ្ញុំ ចាត់ឱ្យនៅម្ដុំ
កុំចូលរញ៉ៃ ក្រែងខ្ញុំមានរោគ
ខូវីដចេញថ្មី មកប៉ះជើងដៃ
តិចក្ស័យទាំងរស់។
____________
វិរិយា🌸

ថ្ងៃ ចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស.​២០២០

នេះជារូបថតអ្នកនិពន្ធណា តិចមើលឥតស្គាល់ចុះ!!!

អ្នកខំម្មិនត៍ (Commenters)

(កំណាព្យបទកាកគតិ)

នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្ដែង ភាគបែងភាគយក

ភាគណាចេញថ្មី គេល្បីលើគោក ប្រមូលមកបូក

​​​យកអ្នកខំម្មិនត៍។

អ្នកខ្លះក្រក្រី ឥតធ្វើការអី គិតតែតាមកិន

ជួនកាលចិញ្ច្រាំ ដូចម៉ាំសៀងចិន ខំម្មិនត៍ ខំម្មិនត៍

បង្ហិនវេលា។

ក្អេងក្អាងដូចក្អាត់ សម្ដីម៉ាត់ៗ ដូចទើបតែជា

ចេចចាចតាមប៉ុស្តិ៍ មិនសូវខុសគ្នា បង្ហើរបង្ហៀរ

កៀរគរឥតការណ៍។

អ្នកខ្លះប៉ិនជេរ បញ្ចោរដាច់ថ្នេរ ដូចឥតមេបា

ដូចខ្វះអ្នកប្រៀន បង្រៀនសិក្សា សែនអនិច្ចា

បញ្ញាខ្សោះល្អោច។

ដូចលង់ទ្រនេស រកស៊ីមិនខ្មេះ ចេះតែសែនខ្មោច

ខំម្មិនត៍ម្ដងៗ រហែកដាច់ដោច បានត្រឹមប៉ោចៗ

បោចម៉ោងទំនេរ។

ខ្លះមុខកញ្ចាស់ ក្បាលស្កូវច្រើនណាស់ បែរមិនខ្មាសគេ

ធ្វើការមិនខំ ខំប្រឹងតែជេរ រយះអស់កេរ្តិ៍

តែពូជខ្លួនឯង។

ខំម្មិនត៍ ខំម្មិនត៍ រកស៊ីមិនប៉ិន ហិនតែនឹងល្បែង

រាំរែកផឹកស្រា ប្រកាច់បែកផ្សែង បំផ្លាញខ្លួនឯង

មិនដែលដឹងខុស។

ខឹងក្ដៅក្រហាយ ខឹងដល់ក្អួតបាយ ជេរម្រាយតាមប៉ុស្តិ៍

តាមខ្ទង់ខំម្មិនត៍ គ្រប់រឿងចម្រុះ ដូចអង្កត់អុស

គប់ទាំងរងើក។

ល្មមភ្ញាក់ខ្លួនហើយ ខំម្មិនត៍មិនស្បើយ ឆ្លើយដូចមើកៗ

អក្សរខុសច្រើន ទោសកើនឥតលើក ជីវិតគ្មានឫក្ស

រវើកតែឈ្លោះ។

ដូចព្រូនដង្កូវ រលួយពេកទៅ អាស្រូវទាបយស

គេដៀលអាខ្មោច អសោចកេរ្តិ៍ឈ្មោះ ម្ង៉ៃៗដើរឈ្លោះ

តាមខ្ទង់ខំម្មិនត៍។

លឹម វិរិយា

២៩ មករា ២០២៣

វិដេអូកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស”

សំឡេងកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស” | បទ៧ព្យាង្គ | អំណានបែបធម្មតា

——–

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ រស់នៅកុំស្ពាយចិត្តឥច្ឆា

មនុស្សសត្វលើលោកគ្រប់អាត្មា មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ កុំបាច់ទោម្នេញនាំរឿងខុស

ឈ្លោះនឹងជនពាលនាំអាប់យស ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ កុំមើលបំណាំត្រូវបណ្ដាក់

ការងារធ្ងន់ស្រាលជួយលើកដាក់ រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច

ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ ចំណេះសន្សំគ្រប់វេលា

កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់

សន្សំប្រាក់ខែត្រៀមពេលខ្វះ យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ សន្ដានមិនឃ្លាតទាំងស្រីប្រុស

រាប់ដោយសច្ចៈកុំតើយតោះ បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា កូនត្រូវចាំថានាងល្អចិត្ត

ល្អទាំងអម្បូរពូជសុក្រឹត ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ ជាមន្រ្តីហំ ចូរកុំស្ដាយ

លះបង់ប្រយោជន៍ក្ដៅក្រហាយ នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច ថ្ងៃរះហើយលិចរាល់ទិវា

ជីវិតនៃមនុស្សក៏ដូចគ្នា សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់

ជីវិតនៅរស់ ឲ្យគេត្រាប់ រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់ ប៉ុន្តែសូមឈប់អភិប្រាយ

ម៉ែខ្លាចកូនប្រុសមិនសប្បាយ ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់ ជួយរក្សាយសឈ្មោះឧត្ដម

ពេញដោយអនុភាពថ្កើងសុខុម មានដល់កូនខ្ញុំរហូតហោង!

______

វិរិយា🌸

ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤