All posts by VIRIYA LIM🌸

នេះគឺជាគេហទំព័រផ្ទាល់ខ្លួនរបស់នាងខ្ញុំ លឹម វិរិយា​ ប្រើប្រាស់សម្រាប់ការចែករំលែកចំណេះដឹងទូទៅ គំនិតពិចារណា រឿងកម្សាន្ដខ្លីៗ និង កំណាព្យដែលចេញពីសមត្ថភាពតិចតួចស្ដួចស្ដើងរបស់ខ្ញុំ។ រីករាយនឹងអានរាល់មូលវិចារ្យនានាដែលលោកអ្នកផ្ញើជូន!

អ្នកខំម្មិនត៍ (Commenters)

(កំណាព្យបទកាកគតិ)

នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្ដែង ភាគបែងភាគយក

ភាគណាចេញថ្មី គេល្បីលើគោក ប្រមូលមកបូក

​​​យកអ្នកខំម្មិនត៍។

អ្នកខ្លះក្រក្រី ឥតធ្វើការអី គិតតែតាមកិន

ជួនកាលចិញ្ច្រាំ ដូចម៉ាំសៀងចិន ខំម្មិនត៍ ខំម្មិនត៍

បង្ហិនវេលា។

ក្អេងក្អាងដូចក្អាត់ សម្ដីម៉ាត់ៗ ដូចទើបតែជា

ចេចចាចតាមប៉ុស្តិ៍ មិនសូវខុសគ្នា បង្ហើរបង្ហៀរ

កៀរគរឥតការណ៍។

អ្នកខ្លះប៉ិនជេរ បញ្ចោរដាច់ថ្នេរ ដូចឥតមេបា

ដូចខ្វះអ្នកប្រៀន បង្រៀនសិក្សា សែនអនិច្ចា

បញ្ញាខ្សោះល្អោច។

ដូចលង់ទ្រនេស រកស៊ីមិនខ្មេះ ចេះតែសែនខ្មោច

ខំម្មិនត៍ម្ដងៗ រហែកដាច់ដោច បានត្រឹមប៉ោចៗ

បោចម៉ោងទំនេរ។

ខ្លះមុខកញ្ចាស់ ក្បាលស្កូវច្រើនណាស់ បែរមិនខ្មាសគេ

ធ្វើការមិនខំ ខំប្រឹងតែជេរ រយះអស់កេរ្តិ៍

តែពូជខ្លួនឯង។

ខំម្មិនត៍ ខំម្មិនត៍ រកស៊ីមិនប៉ិន ហិនតែនឹងល្បែង

រាំរែកផឹកស្រា ប្រកាច់បែកផ្សែង បំផ្លាញខ្លួនឯង

មិនដែលដឹងខុស។

ខឹងក្ដៅក្រហាយ ខឹងដល់ក្អួតបាយ ជេរម្រាយតាមប៉ុស្តិ៍

តាមខ្ទង់ខំម្មិនត៍ គ្រប់រឿងចម្រុះ ដូចអង្កត់អុស

គប់ទាំងរងើក។

ល្មមភ្ញាក់ខ្លួនហើយ ខំម្មិនត៍មិនស្បើយ ឆ្លើយដូចមើកៗ

អក្សរខុសច្រើន ទោសកើនឥតលើក ជីវិតគ្មានឫក្ស

រវើកតែឈ្លោះ។

ដូចព្រូនដង្កូវ រលួយពេកទៅ អាស្រូវទាបយស

គេដៀលអាខ្មោច អសោចកេរ្តិ៍ឈ្មោះ ម្ង៉ៃៗដើរឈ្លោះ

តាមខ្ទង់ខំម្មិនត៍។

លឹម វិរិយា

២៩ មករា ២០២៣

តើពាក្យថា “លោភលន់” មានន័យខ្លឹមសារបែបណា?

មនុស្សច្រើនណាស់ ដែលនាំគ្នានិយាយស្ដីទាំងមិនត្រឹមត្រូវ ក្នុងការរៀបរាប់បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ខ្លួនឯង។ ពួកយើងហាក់នៅភាន់ច្រឡំចែកគ្នាមិនដាច់រវាងខ្លឹមសារនៃពាក្យថា “លោភលន់” និង “ឧស្សាហ៍ព្យាយាម”។ មានមនុស្សឧស្សាហ៍ព្យាយាមដែលខិតខំធ្វើកិច្ចការងារសុចរិតទៀងត្រង់រាប់មិនអស់ ចូលចិត្តនិយាយបន្ទាបបន្ថោកខ្លួនឯងទាំងមិនដឹងខ្លួន ថា “ខ្ញុំជាមនុស្សលោភលន់” ឬក៏ “ខ្ញុំកំពុងនៅលោភលន់ណាស់” ឬទៅប្រដៅគេថា “មនុស្សយើងត្រូវចេះលោភលន់”…។ល។

តើលោកអ្នកធ្លាប់ឮទេ? ហើយធ្លាប់និយាយដោយខ្លួនឯងដែរឬទេ?

ក្នុងវចនានុក្រមខ្មែរ មានបញ្ជាក់ច្បាស់លាស់ណាស់ថា “លោភលន់” គឺជាសេចក្ដីជាប់ជំពាក់ចិត្តទៅនឹងអំពើអកុសលនានា។ នៅក្នុងមេរៀនព្រះអភិធម្ម (ចិត្ត និង ចេតសិក) ដែលត្រូវបានចងក្រងឡើងដើម្បីអ្នកមានឧបនិស្ស័យសិក្សារៀនសូត្រឱ្យរួចចាកទុក្ខ បានលើកបង្ហាញថា “សេចក្ដីលោភលន់” គឺជាអំណាចនៃ “អកុសលចិត្ត”ទាំង១២ដួង ក្នុងចំណោមដួងចិត្តទាំង ១២១ ដួង។ លោភមូលចិត្ត មិនដែលនាំជីវិតឆ្ពោះទៅរកសេចក្ដីគាប់ប្រសើរទេ។ វាជាមិច្ឆាទិដ្ឋិទាំងស្រុង ពោលគឺ វាតែងដឹកនាំមនុស្សទៅរកផ្លូវអសីលធម៌ ផ្លូវខុសឆ្គង ផ្លូវដែលនាំទៅរកតែទុក្ខលំបាក ដែលទាំងនេះ ចេញមកពីឫសគល់នៃអវិជ្ជា។

មនុស្សយើងនៅពេលដែលមានសេចក្ដីលោភលន់ហើយ គេនឹងហ៊ានកាប់សម្លាប់ជីវិតអ្នកដទៃ ហ៊ានពោលពាក្យមុសាប្រតិដ្ឋកុហក បោកប្រាស់កេងបន្លំ កេងប្រវ័ញ្ច ពុករលួយ លួចឆក់ប្លន់ ផិតក្បត់សហាយស្មន់ រំលោភបំពានគ្នា និងចុងក្រោយសេចក្ដីថោកទាបដ៏គួរខ្ពើមរអើម គឺការហ៊ានផឹកគ្រឿងស្រវឹង ដើម្បីរំលាយសតិសម្បជញ្ញៈចោល សល់នៅតែភាពឆ្កួតវង្វេងដូចជាសត្វតិរច្ឆាន។ ទាំងអស់នេះហើយ ដែលជាអកុសលវិបាក ចេញមកពីចិត្តដែលលោភលន់។

មនុស្សជាច្រើន ដែលចូលចិត្តពោលថា “ខ្ញុំលោភលន់” ប្រហែលជាពួកគេចង់សំដៅលើ សេចក្ដីឧស្សាហ៍ព្យាយាម បើតាមគិតមើលទៅ។ សូមចែកគ្នាឱ្យដាច់ស្រឡះ! “ឧស្សាហៈ” គឺជា សេចក្ដីឱហាត សង្វាត ខ្មីឃ្មាត ការខិតខំប្រឹងប្រែង មិនខ្ជិលច្រអូស ពោរពេញដោយ វិរិយបារមី ដែលជាធាតុមួយ ក្នុងចំណោមធាតុផ្សេងទៀតជាច្រើន ដែលជួយកសាងជីវិតមនុស្សឱ្យឆ្ពោះទៅកាន់ពន្លឺនៃប្រាជ្ញា និងសេចក្ដីសុខពិតប្រាកដ។

មានសាសនាខ្លះ អ្នកនិពន្ធខ្លះ វាគ្មិនខ្លះ បានបង្រៀនមនុស្ស ឱ្យមានសេចក្ដីលោភលន់ ដែលវាប្រាសចាកខុសស្រឡះពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបង្រៀនយើងឱ្យវារចេញចាក រលាស់ចោលនូវអកុសលចិត្តមួយនេះឱ្យបានសម្រេច ដើម្បីអាចរស់រួចចាកទុក្ខ។ ដូច្នេះ ប្រសិនបើលោកអ្នកអាន ជាអ្នកគម្ពីរនិយម ឬអ្នកសាសនានិយម សូមសម្បទានចំពោះការពន្យល់របស់ខ្ញុំផងចុះ។ ហើយចាត់ទុកថា ឧបនិស្ស័យរបស់អ្នកមិនទាន់មកដល់ ឬគ្មានសោះទទេក៏ថាបាន។

គតិគួរចងចាំ គឺ៖ ភាពលោភលន់ នឹងផ្សារភ្ជាប់យើងទៅកាន់អំពើអាក្រក់គ្រប់យ៉ាងដែលជាប្រភពនៃសេចក្ដីវិនាសអន្តរាយ ប៉ុន្តែភាពឧស្សាហ៍ព្យាយាម នឹងនាំយើងទៅដល់សេចក្ដីចម្រើនរុងរឿងជារៀងរហូត។

លឹម វិរិយា

ជំងឺភាសា

នៅស្រុកសៀម ពួកសៀមអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ឡ ល” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរ៉យ រោងរៀន” គេថា “លុងលឿង លៀបឡយ ឡូងលៀន”…។

នៅស្រុកខ្មែរ ពួកខ្មែរអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ហ” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរយ រូតរះ ខំរៀន” គេថា “ហ៊ុងហឿង ហៀបហ៊យ ហ៊ូតហ៊ះ ខំហៀន”… ហើយទាញសំឡេងមកនៅដើម ក។

ពួកគេមិនមែនមនុស្សអណ្ដាតតាឡាន់ទេ វាជាជំងឺនៃភាសានិយាយ ហើយអ្នកនិយាយខុសស័ព្ទអក្សរនោះ គេហៅថា “អ្នកជំងឺភាសា”។ ជំងឺបានកើតមានឡើងក្នុងគ្រប់ភាសាទាំងអស់ក្នុងពិភពលោក។ ហើយវាមិនមែនជាអ្វីដែលយើងត្រូវខំប្រឹងត្រាប់តាមនោះទេ។

នៅក្នុង ជំងឺភាសាអង់គ្លេស ក៏មានបញ្ហាដូចគ្នានេះដែរ។ ឧទាហរណ៍៖ ពាក្យ “កុំព្យូទ័រ/Computer, ស៊ីធី/City” ត្រូវបានអ្នកជំងឺភាសា និយាយបញ្ចេញសំឡេង “T” ជា “R” ទាំងអស់។ ដូច្នេះពួកគេបញ្ចេញសំឡេងថា “ខុមព្យូរ័រ ស៊ីរី”។ លុះដល់ជនជាតិផ្សេងដែលរស់នៅឆ្ងាយពីតំបន់ម្ចាស់ភាសាដើម (ឧ.ខ្មែរខ្លះ) ដែលមិនយល់ បែរជាខំប្រឹងកាច់តាមទាំងទទឹងទទែង ទាំងមិនយល់ថា ខ្លួនឯងគ្មានជំងឺទេ បែរខំប្រឹងពុតជាឈឺទៅវិញ។

សូមរស់ជាខ្លួនឯង កុំ​ប្រឹងពុត កុំប្រឹងត្រាប់តាមគេពេក ក្រែងលោ ត្រាប់តាមប៉ះចំអាខុស។ និយាយភាសាអ្វីក៏ដោយ ឱ្យតែយើងច្បាស់ថា យើងបានបញ្ចេញសំឡេងត្រឹមត្រូវតាម វាក្យស័ព្ទ ព្យាង្គ នីមួយៗហើយ គឺវាល្អហើយ។ តុងខ្មែរ តុងអាគាំង មិនសំខាន់ទេ សំខាន់ឱ្យតែគេស្ដាប់យល់។

ពន្យល់ពាក្យ “សោកនាដកម្ម”

នេះជាការចេញផ្សាយលើកទី២ បន្ទាប់ពីការផ្សាយលើកដំបូង ច្រើនឆ្នាំមុន នៅក្នុងគណនីហ្វេសប៊ុគផ្ទាល់ខ្លួនរបស់ខ្ញុំ ស្ដីពីការពន្យល់ពាក្យ #សោកនាដកម្ម

ពាក្យថា “សោកនាដកម្ម” ទាញចេញពីបាលី និង សំស្ក្រឹត ហើយមានន័យផ្សំមកពីពាក្យថា “សោក+នាដ+កម្ម”

#សោក (ន.) សេចក្ដីឈឺផ្សាចិត្ត ក្ដីសង្រេងចិត្ត

(កិ.) ស្ដាយស្រណោះ អាល័យ

#នាដ (ន.) របាំ ការរាំចាក់ក្បាច់ (បើជាមនុស្សប្រុស គឺ “នាដក” បើជាស្ត្រី គឺ “នាដកា”)

#កម្ម (នាមសព្ទ) អំពើ

ដូច្នេះ “នាដកម្ម” ប្រែថា ជាសកម្មភាពរាំចាក់ក្បាច់ (ល្ខោនសម្ដែង) ជាភាសាអង់គ្លេស គឺ #drama

=> ដូច្នេះ ពាក្យថា “សោកនាដកម្ម” ប្រែមកថា ជាល្ខោនសម្ដែងតាមរយៈការរាំ ដើម្បីបង្ហាញពីឈុតឆាកនៃទុក្ខសោកសង្រេងឈឺចាប់។ គេច្រើនប្រើដើម្បីបញ្ជាក់ពី សាច់រឿងកម្សត់ ក្នុងភាពយន្ត ឬប្រលោមលោក ឬល្ខោនសម្ដែងលើឆាក ផ្សេងៗ។

មូលហេតុដែលខ្មែរយើងប្រើពាក្យនេះខុស ដោយសារតែ កំហុសនៃការបកប្រែពី អង់គ្លេស មកខ្មែរ របស់ក្រុមអ្នកផលិតវចនានុក្រម “English-Khmer” ដែលបានបកពាក្យ Tragedy = សោកនាដកម្ម។ ដូច្នេះ បើបងប្អូន បានប្រទះវចនានុក្រមណា ដែលបកប្រែដូច្នេះ សូមជួយចុច Edit => Report ឬជូនដំណឹងទៅគណៈកម្មការផលិតវចនានុក្រមនោះបានជ្រាប និងកែប្រែចេញផង។

ប្រសិនបើយើង ចង់បញ្ជាក់ពីក្ដីទុក្ខសោកឈឺចាប់អាឡោះអាល័យ ក្នុងព្រឹត្តិការណ៍ពិតជាក់ស្ដែង មិនបាច់ថែម ពាក្យថា “នាដកម្ម” ចូលជាមួយទេ។ និយាយត្រឹមតែ “សោកា សោកសៅ សោកសង្រេង សោកី” គឺគ្រប់គ្រាន់ល្មម និងត្រឹមត្រូវទៅតាមនិយាមភាសាសាស្ត្រ និង អក្សរសាស្ត្រខ្មែរយើង។

——-

រូបភាពវចនានុក្រមខ្មែរ (ភាគទី១ និង ភាគទី២) បោះពុម្ពឆ្នាំ ១៩៦៧ ដោយពុទ្ធសាសនបណ្ឌិត្យ

វិដេអូកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស”

សំឡេងកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស” | បទ៧ព្យាង្គ | អំណានបែបធម្មតា

——–

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ រស់នៅកុំស្ពាយចិត្តឥច្ឆា

មនុស្សសត្វលើលោកគ្រប់អាត្មា មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ កុំបាច់ទោម្នេញនាំរឿងខុស

ឈ្លោះនឹងជនពាលនាំអាប់យស ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ កុំមើលបំណាំត្រូវបណ្ដាក់

ការងារធ្ងន់ស្រាលជួយលើកដាក់ រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច

ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ ចំណេះសន្សំគ្រប់វេលា

កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់

សន្សំប្រាក់ខែត្រៀមពេលខ្វះ យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ សន្ដានមិនឃ្លាតទាំងស្រីប្រុស

រាប់ដោយសច្ចៈកុំតើយតោះ បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា កូនត្រូវចាំថានាងល្អចិត្ត

ល្អទាំងអម្បូរពូជសុក្រឹត ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ ជាមន្រ្តីហំ ចូរកុំស្ដាយ

លះបង់ប្រយោជន៍ក្ដៅក្រហាយ នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច ថ្ងៃរះហើយលិចរាល់ទិវា

ជីវិតនៃមនុស្សក៏ដូចគ្នា សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់

ជីវិតនៅរស់ ឲ្យគេត្រាប់ រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់ ប៉ុន្តែសូមឈប់អភិប្រាយ

ម៉ែខ្លាចកូនប្រុសមិនសប្បាយ ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់ ជួយរក្សាយសឈ្មោះឧត្ដម

ពេញដោយអនុភាពថ្កើងសុខុម មានដល់កូនខ្ញុំរហូតហោង!

______

វិរិយា🌸

ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤

អនុស្សាវរីយ៍សៀវភៅប្រលោមលោកយុវវ័យ សរសេរដោយប៊ិច ដោយ លឹម វិរិយា

វិដេអូបង្ហាញពីសៀវភៅរឿងប្រលោមលោកបែបស្នេហាយុវវ័យ ចំណងជើង “លួចសន្សំស្នេហ៍នៅក្បែរអ្នក” និពន្ធដោយ លឹម វិរិយា កាលពីអំឡុងពាក់កណ្ដាលទសវត្សរ៍ ១៩៩០ សរសេរដោយទឹកប៊ិច

និយាយត្រូវ តែមិនត្រូវនិយាយ

តើបងប្អូន ធ្លាប់ជួបសម្ដីបែបនេះ ដែរឬទេ “និយាយត្រូវ តែមិនត្រូវនិយាយ”? បើខ្ញុំវិញ ជួបឡើងសឹកភ្នែក សឹកត្រចៀក ឡើងជ្រេញ ស្ទើរតែក្អួតចេញក្រៅម្ដងៗ។ អ្នកដែលចូលចិត្តពោលឃ្លាមួយនេះ ប្រហែលគិតថា និយាយអ៊ីចឹងទៅ ឡូយ (ឡូយថូយ មែន)។ បទពិសោធខ្ញុំ សម្ដីនេះ ភាគច្រើនលើសលុប ខ្ញុំជួបផ្ទាល់ដោយការកំពប់ចេញពីមាត់របស់អ្នកដែលជា ជំទាវ (ទាំងអ្នកមានក្រឹត្យ និងអ្នកអត់ក្រឹត្យ) ឧកញ៉ា (ទាំងពិតនិងក្លែងក្លាយ) ឯកឧត្ដម (ទាំងទើបឡើងថ្មីនិងហួសដឺឡេ) បណ្ឌិត (ទាំងមានកិត្តិយសនិងឥតកិត្តិយស) សាស្ត្រាចារ្យ (មានស្រីមានប្រុស) នាយកសារព័ត៌មានក្នុងស្រុក ពិធីករ និងតារាល្បីៗជាច្រើន។ អ្នកខ្លះចូលមកសរសេរមតិជាសាធារណៈ ក្នុងអត្ថបទផ្សាយរបស់ខ្ញុំ។ ខ្លះផ្ញើសារចូលក្នុងប្រអប់សារសម្ងាត់។ ខ្លះទៀត ឋានៈដល់ទៅរដ្ឋមន្ត្រីទៀតផង ណាត់ខ្ញុំទៅជួបសំណេះសំណាល ស្មានតែមានការងារអីចង់ពឹង តាមពិត ហៅទៅប្រាប់ថា “វិរិយា និយាយត្រូវ តែមិនត្រូវនិយាយ”។ ហាស់ហាស់ហាហា! គ្រាន់តែចង់ប្រាប់ប៉ុនហ្នឹងសោះ ខំចាយពេលវេលាអស់កន្លះថ្ងៃ ទទេៗ!!

ហ្អេ! បើនិយាយត្រូវ ហេតុអ្វីបានជា មិនត្រូវនិយាយទៅវិញ? ធ្លាប់តែឮថា និយាយខុសហើយ សូមកុំនិយាយទៀត។ តែនេះ ខ្ញុំនិយាយត្រូវទេតើ ម្ដេចក៏ម្នាក់ៗព្រួយបារម្ភខ្លាចការពិតខ្លាំងម្ល៉េះ? បើសម្ដីខ្ញុំនិយាយត្រូវ ហេតុអ្វីមិនគាំទ្រពាក្យសម្ដីដែលត្រូវ? ភាសាអង់គ្លេសគេថា “Your speech is right, but you don’t have the right to speak” សុន្ទរកថារបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែអ្នកគ្មានសិទ្ធិនិយាយទេ។ ពាក្យនេះ យើងឃើញសម្បូរកើតមានឡើង ក្នុងប្រទេសដែលរំលោភសិទ្ធិមនុស្សក្រាស់ក្រែល និងតំបន់ដែលពោរពេញដោយអំណាចផ្ដាច់ការ។

តស់! យើងមកវិភាគពីចិត្តវិជ្ជា និង សង្គមវិជ្ជា បន្តិចមើល៍ ថាហេតុអ្វីបានជាមានមនុស្សដែលព្រួយបារម្ភពីការពិតខ្លាំងម្ល៉េះ? ឈរលើហេតុផលឡូហ្សិក មនុស្សដែលហាមមិនឱ្យគេនិយាយពាក្យពិត ព្រោះតែពាក្យពិតនោះ បានទៅរួមចំណែក ជារនាំង រារាំងដល់ផលប្រយោជន៍របស់ពួកគេ ដោយផ្ទាល់ ឬ ដោយប្រយោល។ បើយើងលើកជជែកវែកញែក ពីអំពើពុករលួយ ក្នុងសង្គម ហើយមានបុគ្គលណាម្នាក់ ចេញមកហាមប្រាមយើងមិនឱ្យនិយាយ គឺវាមានន័យថា អំពើពុករលួយ គឺជាចំណែកមួយ ដែលជួយផ្ដល់ផលប្រយោជន៍ឯកជន ដល់បុគ្គលរូបនោះជាក់ជាមិនខាន។ ប្រសិនបើបុគ្គលនោះ មិនដែលបានទទួលផល ពីអំពើពុករលួយក្នុងសង្គម ច្បាស់ណាស់ ថាគេនឹងមិនហាមយើងក្នុងការពោលពាក្យពិតទេ។

ពេលខ្លះ ខ្ញុំនិយាយថា “ប្រទេសជាតិដែលសម្បូរហូរហៀរទៅដោយគ្រឿងស្រវឹង នឹងមានតែភាពវិនាសអន្តរាយជារៀងរហូត” ក៏គេហាមប្រាម មិនឱ្យនិយាយដែរ។ ហ្អា៎! ចុះបើវាពិតជាគ្រឿងបំពុលប្រទេសជាតិមែន ហេតុអ្វីក៏ពួកគេខំប្រឹងជួយបិតបាំងទៅវិញ? ខ្ញុំថា មនុស្សមិនសូវឆ្លាត ក៏អាចគិតឃើញដែរ។ ប្រហែលជា គេខ្លួនឯងជាអ្នកចូលចិត្តសេពគ្រឿងស្រវឹង (វាដូចគ្នានឹងគ្រឿងញៀនដែរ) ផ្ដាច់មិនបាន។ ឬគេជាចំណែកដ៏ជិតស្និទ្ធណាមួយ របស់ក្រុមអ្នកឈ្មួញជួញដូរគ្រឿងអបាយមុខទាំងនោះ ទើបគេត្រូវតែចេញមុខការពារដៃគូរបស់ខ្លួនពីការដួលរលំដោយសារពាក្យពិត។

ហើយមានអ្នកខ្លះ គេមិនហ៊ានប្រាប់យើងត្រង់ៗទេ តែគេលួចរាយការណ៍ទៅនរណាម្នាក់ផ្សេងទៀត ដែលមានឥទ្ធិពលធំជាង ដើម្បីឱ្យមកគំរាមកំហែង គោលដៅ ដើម្បីបន្តបិទបាំងនូវការពិត និងបន្តឱកាសបានក្រេបជញ្ជក់ផលប្រយោជន៍ផ្សេងៗ ពីការបិទបាំងនោះទៅមុខទៀត ក្នុងក្រុមរបស់ពួកគេ។ ពួកគេ ភ្លេចគិតថា ប្រទេសជាតិដែលញាំញីដោយអំពើពុករលួយ និងអបាយមុខ មិនអាចលូតលាស់រុងរឿង ប្រកបដោយចីរភាពទេ ព្រោះថា អំពើពុករលួយ ធ្វើឱ្យមានគម្លាតឆ្ងាយគ្នាដូចមេឃនិងដី រវាងអ្នកមាន និងអ្នកក្រ។ ហើយអបាយមុខ ធ្វើឱ្យមនុស្សក្នុងសង្គមឆ្កួតវង្វេងស្មារតី លែងដឹងខុសត្រូវ និងមិនអាចអភិវឌ្ឍជីវិតខ្លួនឯងបាន។ ការដែលមនុស្សម្នាក់ៗមិនអាចអភិវឌ្ឍខ្លួនឯងបាន ស្មើនឹងភាពអសកម្ម នៃការអភិវឌ្ឍប្រទេសជាតិ ដូចគ្នាដែរ។

បើនិយាយដល់អំពើពុករលួយ អ្នកដែលរៀនសូត្របានតិចតួច ពិតជាពុំមានសតិបញ្ញា ក្នុងការមើលធ្លុះបានទេ។ ឧទាហរណ៍ វេជ្ជបណ្ឌិតដែលបម្រើការងារក្នុងមន្ទីរពេទ្យរដ្ឋ ទៅបើកគ្លីនីកឯកជនទទួលព្យាបាលជំងឺបង់ប្រាក់ ឬក៏ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ទៅបើកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ តាមរយៈឈ្មោះសាច់ញាតិបងប្អូន ឬក៏ មន្ត្រីនៃក្រសួងព័ត៌មាន ទៅបើកស្ថានីយវិទ្យុ ទូរទស្សន៍ ឯកជន…។ល។ ទាំងអស់នេះហើយ ជាសកម្មភាពនៃអំពើពុករលួយដ៏គួរខ្លាចបំផុត។ ប៉ុន្តែ ដោយសារតែកម្រិតនៃការសិក្សារៀនសូត្ររបស់មនុស្សក្នុងសង្គមនោះ ភាគច្រើននៅទាបៗពេក ទើបពួកគេមិនយល់ថា នោះជាអំពើពុករលួយ ហើយក្រៅពីនោះ ក៏នៅកោតស្ញប់ស្ញែង គោរពលំទោនចំពោះអ្នកកំពុងប្រព្រឹត្តថែមទៀតផង។ ការកាន់កាប់អំណាចសាធារណៈផង និងមានសិទ្ធិក្នុងការធ្វើកិច្ចការងារឯកជនផង វានឹងធ្វើឱ្យប្រសិទ្ធិផលនៃការងារម្ខាងទៀតធ្លាក់ចុះ។ ម្យ៉ាងទៀត ការទទួលបានសិទ្ធិក្នុងការគ្រប់គ្រងដឹកនាំប្រទេស មានន័យថា គាត់បានដឹងមុនគេទាំងអស់នូវគម្រោង អភិវឌ្ឍផ្សេងៗ តាមតំបន់នានា ក្នុងប្រទេស។ ដូច្នេះ បើគាត់ក៏មានសិទ្ធិធ្វើអាជិវកម្ម វាច្បាស់ណាស់ថា ក្នុងប្រទេសនោះ គ្មានប្រជាពលរដ្ឋណាផ្សេង អាចទទួលបានផលប្រយោជន៍ លើសគាត់ទេ។

នោះហើយជាមូលហេតុ ដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (អតីតមេដឹកនាំប្រទេសថៃ) ត្រូវបានប្រជាជនពាក់កណ្ដាលប្រទេសដែលមានការសិក្សារៀនសូត្រចេះដឹង ធ្វើបាតុកម្មទម្លាក់ចេញពីអំណាច ដោយសារតែគាត់បានផ្ដល់ព័ត៌មានស្ដីពីការកសាងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទៅកាន់សាច់ញាតិបងប្អូនរបស់គាត់ ដើម្បីពួកគេបានដើរប្រមូលទិញដីទុកជាមុន មុនពេលគម្រោងបើកសម្ពោធនិងប្រកាសជាសាធារណៈ។ ទន្ទឹមនឹងនោះ បែរជាអំពើពុករលួយរបស់គាត់ ត្រូវបានគាំទ្រដោយប្រជាជនថៃក្នុងវណ្ណៈក្រីក្រ វណ្ណៈកសិករ (ពួកអាវក្រហម) គាំទ្រយ៉ាងខ្លាំងក្លាទៅវិញ។ ហេតុអ្វី? សូមប្រិយមិត្តរកអានសៀវភៅវិភាគនយោបាយអន្តរជាតិ ក្នុងតំបន់អាស៊ី ដែលមានបោះពុម្ពដាក់លក់នៅតាមបណ្ណាគារជាច្រើននៅកម្ពុជា ទាំងភាសាខ្មែរ និងបរទេស។

សរសេរដល់ត្រឹមណេះ ខ្ញុំដឹងថា បើមាននរណាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តបានឃើញអត្ថបទមួយនេះ ក្នុងទំព័រនេះ ពួកគេនឹងមិនសប្បាយចិត្តទេ ព្រោះថា អំពើកេងប្រវញ្ចរបស់ពួកគេ កំពុងត្រូវបានមនុស្សម្នាក់ឬច្រើននាក់ទៀត បានយល់ និងកំពុងពន្យល់អ្នកដទៃឱ្យបានយល់ជាបន្ត។ ពួកគេ អាចនឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើមនុស្សក្នុងសង្គមយល់ដឹងកាន់តែច្រើន និងលែងមានអ្នកគោរពកោតក្រែង។

សូមបងប្អូន​ ភ្ញាក់រឭកបន្តិច ហើយចាំទុកឱ្យជាប់ក្នុងសតិសម្បជញ្ញៈថា “ប្រសិនបើយើងនិយាយទៅត្រូវហើយ សូមកុំឈប់និយាយ” ប្រសិនបើ “និយាយត្រូវ គឺត្រូវតែនិយាយ” ចំណែកអ្នកឃាត់ឃាំងមិនឱ្យយើងនិយាយ គឺជាមនុស្សក្នុងក្រុមនៃបញ្ជីខ្មៅ និងជាសត្រូវរបស់សភាវៈល្អក្នុងសង្គម។

លឹម វិរិយា

ជំងឺមិនចងចាំផ្លូវ

លោកអ្នកប្រហែលជាធ្លាប់ជួបមនុស្សប្រភេទម្យ៉ាង ដែលថាក្នុងមួយជីវិតរបស់គេ គឺមិនដែលចងចាំផ្លូវធ្វើដំណើរ បើទោះបីជាគេធ្លាប់ទៅតំបន់ណាមួយនោះញឹកញាប់រួចហើយក៏ដោយ។ ជំងឺនេះ ភាសាវេជ្ជសាស្ត្រ ហៅថា Agnosia ។

ជំងឺ Agnosia ជាជំងឺដែលបណ្ដាលមកពីការបាត់បង់សមត្ថភាពកត់ចំណាំនូវវត្ថុអ្វីម្យ៉ាង (ទាំងរូបី និងអរូបី) ដូចជា មុខមាត់មនុស្សណាម្នាក់ សំឡេងមនុស្សណាម្នាក់ ឈ្មោះនរណាម្នាក់ ឬផ្លូវទៅកាន់ទីកន្លែងណាមួយ។

ជំងឺនេះ បង្កឡើងដោយសារតែសរសៃប្រសាទវិញ្ញាណ (គឺចក្ខុវិញ្ញាណ និង សោតវិញ្ញាណ) ធ្វើការមិនត្រឹមត្រូវតាមគន្លងរបស់វា ឬវាជាប់ជំពាក់វាក់វិនជាមួយនឹងសរសៃប្រសាទផ្សេងទៀត ដែលមានលក្ខណៈស្មុគស្មាញ។

មូលហេតុដែលបណ្ដាលឱ្យកើតមានជំងឺនេះ គឺព្រោះតែគន្លងនៃសរសៃប្រសាទផ្នែករំញោចពីចម្ងាយ (Sensory) បានដាច់ដោចខូចខាត ដោយសារតែការដួលប៉ះទង្គិចក្បាលញឹកញាប់ កាលនៅពីតូច។ មានអ្នកខ្លះខូចសរសៃប្រសាទនេះ តាំងពីកំណើតមកម្ល៉េះ ដោយសារតែការមិនបានថែទាំសុខភាពឱ្យបានដិតដល់ពីសំណាក់មាតា អំឡុងពេលពរពោះ។ វាក៏អាចបណ្ដាលពីកត្ដារួមផ្សំផ្សេងទៀតផងដែរ ដូចជា បរិស្ថានរស់នៅដែលពោរពេញដោយជាតិពុល និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

អ្នកដែលមានជំងឺ Agnosia បង្ហាញចេញនូវវិបត្តិខុសគ្នា ដោយអ្នកខ្លះ ច្រើនជាមនុស្សភ្លេចផ្លូវ ងាយវង្វេងផ្លូវ ដែលជាហេតុធ្វើឱ្យគេរងភាពអាម៉ាសនៅក្នុងសង្គមពីសំណាក់ មនុស្សដែលមិនយល់ពីជំងឺ ហើយអ្នកជំងឺខ្លួនឯងមិនហ៊ានសារភាពប្រាប់អ្នកដទៃពីចំណុចអន់ខ្សោយមួយនេះ។ អ្នកខ្លះទៀត ច្រើនជាមនុស្សភ្លេចទម្រង់មុខឬ ភ្លេចឈ្មោះ អ្នកដែលធ្លាប់ស្គាល់គ្នាពីមុនមក ដែលជាហេតុធ្វើឱ្យគេបាក់ស្បាតក្នុងការចេញទៅជួបមនុស្សច្រើនៗក្នុងពិធីអ៊ូអរ ព្រោះតែគេគ្មានសមត្ថភាពហៅឈ្មោះនរណាម្នាក់ដែលធ្លាប់ស្គាល់ឱ្យបានត្រឹមត្រូវ ឬនឹកមិនចេញតែម្ដង។ អ្នកខ្លះភ្លេចសំឡេងដែលធ្លាប់ស្ដាប់ ដូចជាភ្លេងចម្រៀង ចង្វាក់ស័ព្ទសៀងរណ្ដំក្នុងសិល្បៈដន្ត្រី ឬសំឡេងរបស់មនុស្សណាម្នាក់ដែលគេធ្លាប់ប្រាស្រ័យទាក់ទងជាមួយគ្នាពីមុនមក រួមទាំងអាការៈភ្លេចភ្លាំងរឿងរ៉ាវអតីតកាលដែលទើបតែកើតឡើងថ្មីៗ ជាច្រើនទៀត។

ទោះជាយ៉ាងណាក្ដី ពេញមួយជីវិតរបស់ពួកគេដែលជាអ្នកជំងឺ គឺនៅតែអាចរស់នៅ និងប្រាស្រ័យទាក់ទងគ្នាជាមួយនឹងពិភពលោកខាងក្រៅបានជាធម្មតា គ្រាន់តែថា គេនឹងមានរបៀបរស់នៅមួយដែលទាមទារជំនួយច្រើនផ្នែក ច្រើនយ៉ាង ជាងមនុស្សធម្មតា។

ដូច្នេះ ប្រសិនបើលោកអ្នក បានជួបប្រទះដោយផ្ទាល់នូវនរណាម្នាក់ ដែលមិនអាចរកផ្លូវទៅកាន់ទីណាមួយបានដោយរលូន សូមកុំជេរស្ដីបន្ទោសឬមាក់ងាយគេអី ព្រោះបុគ្គលរូបនោះ ប្រហែលជាមនុស្សពិការ។ គេមានពិការភាពដូចនឹងជនពិការដៃជើង ភ្នែក ត្រចៀក ដែរ គ្រាន់តែពិការភាពរបស់គេ ជាការខូចខាតសរសៃប្រសាទពីខាងក្នុងខួរក្បាលមកវិញ។ ជំងឺនេះ ភាសាធម្មតាជាទូទៅ គេហៅថា “ជំងឺសតិវិបល្លាស” ឬ “ជំងឺសរសៃប្រសាទ”។ ប៉ុន្តែដោយសារតែអាការៈរបស់វា មានលក្ខណៈស្រាលជាង ដែលវាអាចធ្វើឱ្យជនពិការនោះ រស់នៅក្នុងជីវិតថ្លៃថ្នូរបាន ទើបគេមិនហៅចំថាជាជំងឺ សរសៃប្រសាទទេ បើទោះបីជាវាខូចសរសៃប្រសាទក៏ពិតមែនក្ដី។ យើងមិនទាន់មានការបកប្រែឱ្យចំៗក្នុងភាសាបច្ចេកទេសវេជ្ជសាស្ត្រខ្មែរនៅឡើយទេ ដោយឡែកភាសាវេជ្ជសាស្ត្រអន្តរជាតិ ហៅថា “Agnosia”។

ដូច្នេះ ប្រសិនបើមាននរណាម្នាក់ ដែលត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងណាមួយ ហើយស្នើសូមឱ្យលោកអ្នកជួយ Pin Location តាមរយៈ Google Map សូមជួយសម្រួលដល់រូបគេនោះដោយក្ដីអនុគ្រោះផងទៅ ព្រោះគេប្រហែលជាជនដែលមានពិការភាពចក្ខុប្រសាទ ក្នុងជំងឺ Agnosia នេះហើយ។ សព្វថ្ងៃ អ្នកជំងឺ Agnosia ច្រើនណាស់ ដែលកំពុងប្រកបមុខរបរ ជាអ្នកដឹកជញ្ជូនទំនិញក្នុងទីក្រុង តាមរយៈឧបករណ៍ជំនួយ គឺផែនទីអេឡិចត្រូនិច ដើរដោយអ៊ីនធើណិត។

សូមអរគុណអ្នកវិទ្យាសាស្ត្រ ដែលតែងតែស្រាវជ្រាវ រុករកជំនួយការល្អៗ សម្រាប់ជនពិការនៅទូទាំងពិភពលោក!

———

ប្រភពឯកសារយោង healthline.com

អត្ថបទរក្សាសិទ្ធិ ដោយ លឹម វិរិយា

ដូងអើយ…

(កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៩)

ដើមអើយដើមដូង ឈោងដៃស្រមៃបេះ
ដូងអើយខ្ពស់ម្ល៉េះ បេះម្ដេចនឹងដល់បាន
ម្លប់សែនត្រជាក់ អ្នកដុះសព្វភូមិឋាន
ឈរក្បែរថ្មើរម៉ាន ស្រានចិត្តគិតវែងឆ្ងាយ។

ប្រសិនឈោងដល់ ពាល់ប៉ះច្បាស់ជាសុខ
ដូងទុំម្ចាស់ស្រុក សំកុកចាំឥតណាយ
ឈរឬអង្គុយ ឥតលុយក៏សប្បាយ
ដូងខ្ពស់ដូចផ្កាយ ខ្ញុំស្ដាយឡើងមិនដល់។
———
វិរិយា🌸

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ វិច្ឆិកា គ.ស. ២០២២

រូបថតនៅលើឆ្នេរឋានសួគ៌ កោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា | ថ្ងៃទី៦ វិច្ឆិកា ២០២២

ចម្រៀងដែលស្ដាប់មិនយល់

កាលនៅពីតូច ខ្ញុំចូលចិត្តស្ដាប់បទចម្រៀងថៃ ទាំងដែលខ្ញុំស្ដាប់មិនយល់ភាសាថៃដែលរៀបរាប់ក្នុង Lyrics នោះមានន័យថាម៉េច រហូតដល់ខ្ញុំចូលរៀនភាសាថៃចប់ថ្នាក់ទី៦ (បឋមសិក្សាថៃ) អាចអាន សរសេរ ស្ដាប់ និងនិយាយបាន រហូតពេលខ្លះសរសេរកំណាព្យភាសាថៃទៀតផង។ វ័យជំទង់ ខ្ញុំចូលចិត្តស្ដាប់បទចិន និង អង់គ្លេស ទាំងដែលខ្ញុំមិនចេះចិនសូម្បីមួយតួអក្សរ និងមិនចេះភាសាអង់គ្លេស សូម្បីកម្រិតដើររកបាយឆីមិនបាន។ ចុះហេតុអ្វីបានជាស្ដាប់? បើស្ដាប់មិនយល់អីផង!

មូលហេតុនោះគឺ “ស្រលាញ់”! សេចក្ដីស្រលាញ់ មិនចាំបាច់មានហេតុផលពន្យល់ឱ្យយល់ឡើយ។ មិនបាច់យល់ក៏បាន សំខាន់ពេលបានស្ដាប់ឮសូរស័ព្ទសំឡេងនោះហើយ ធ្វើឱ្យចិត្តភ្លើតភ្លើន រំភើបរីករាយ។ ឬអាចហៅម្យ៉ាងទៀតថា ជា ជំនោរតណ្ហាចិត្ត។ ចិត្តដែលកើតមានតណ្ហា អត់ត្រូវការហេតុផល ដើម្បីយល់ទេ សំខាន់យកឱ្យបាន បំពេញនូវចំណង់ចិត្តជាមុនសិន។

មានមតិខ្លះលើកឡើងថា “ស្ដាប់បទរ៉េប ហ៊ិបហប់ ដូចឆ្កួត ដូចឡប់ ស្ដាប់មិនយល់ មិនដឹងជាគេច្រៀងពីស្អី”

ខ្ញុំសូមបកស្រាយ ដោយយោងលើសេចក្ដីបញ្ជាក់ល្បះទី១ខាងដើមនោះថា ឱ្យតែយើងស្រលាញ់អ្នកណាម្នាក់ហើយ យើងច្បាស់ជាចង់ស្ដាប់សំឡេងរបស់គេ សូរស័ព្ទរបស់គេ ទោះជាស្ដាប់យល់ឬមិនយល់ក្ដី។ វាដូចយើងចូលចិត្តស្ដាប់បទបរទេសជារៀងរាល់ថ្ងៃ ទាំងដែលយើងមិនយល់ភាសាក្នុងចម្រៀងនោះអ៊ីចឹង។

វាដូចជា កូនង៉ា ដែលចង់ឮសំឡេងម្ដាយ ទាំងដែលវាមិនយល់ភាសាមនុស្សនៅឡើយ។ ដូច ពុទ្ធបរិសទខ្លះ ដែលចូលចិត្តភាវនាធម៌ “នមោ តស្ស ភគវា អរហតោ សម្មាសម្ពុទ្ធស្ស” ទាំងដែលមិនយល់ពីខ្លឹមសារគាថាទាំងនោះ មានន័យបកស្រាយថាយ៉ាងម៉េច សំខាន់ពេលបានភាវនាពាក្យហ្នឹងទៅ គាត់សប្បាយចិត្ត គាត់ក៏កើតមានសិរីសួស្ដី។ វាដូចជា ក្រុមអ្នកស្រលាញ់ព្រះភិក្ខុ គូ សុភាព អ៊ីចឹង។ ដីការបស់ព្រះអង្គ តាមពិតទៅ សាមញ្ញធម្មតា គ្រប់ពេចន៍ ប៉ុន្តែហេតុអ្វីបានជាសម្បូរមនុស្សដេញតាម សាធុ អនុមោទនា ព្រះអង្គច្រើនអីច្រើនខ្លាំងម្ល៉េះ? ព្រោះពួកគាត់នោះស្រលាញ់ព្រះអង្គ គូ សុភាព។ អាត្រង់ហ្នឹងហើយ ដែលគេហៅថា “អៃដូល” (idol) គឺមនុស្សជាទីស្រលាញ់ណាមួយនៅក្នុងដួងចិត្តគេ។

ដូច្នេះ បើចង់ឱ្យសំឡេងយើង សម្ដីយើង មានគេចង់ស្ដាប់ ចង់ឮ ចង់ផ្សាយបន្ត ដូចជាសំឡេង អៃដូលគេ ដំបូងបំផុត យើងត្រូវតែជាបុគ្គលម្នាក់ដែលមានគុណសម្បត្តិច្រើនយ៉ាង អាចទាញបេះដូងរបស់គេជាមុនសិន។ ខ្មែរយើងនិយម ពោលថា “អ្នកក្រសម្ដីសាបដូចទឹកទន្លេ”។ ពំនោលនេះ គ្មានខុសស្អីបន្តិចណាទេ ហើយខ្ញុំក៏ប្រកាន់យកពាក្យនេះដូចគ្នា។ បើចង់មកប្រដៅទូន្មានខ្ញុំ ដំបូងអ្នកត្រូវតែជាបុគ្គលដែលខ្លាំងពូកែដោយខ្លួនឯងជាមុនសិន ទោះមិនមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏ត្រូវតែជាមនុស្សម្នាក់ដែលមានគុណសម្បត្តិចំពោះខ្លួនឯង ស្ថាប័នខ្លួនឯង និងគ្រួសារខ្លួនឯង ជាមុនដែរ។

ងាកមកនិយាយពីរឿង “វ៉ាន់ដា” ដែលខ្ញុំសូមហៅថា ស្ដេចរ៉េប នៅកម្ពុជា និងកំពុងផ្សាយឥទ្ធិពលក្នុងតំបន់ផងនោះ ប្រសិនបើ គ្រាន់តែជាក្មេងប៉ោឡែម្នាក់ ដែលចេះត្រឹមតែរិះគន់គេ ហើយមិនដែលបានសាងគុណសម្បត្តិសម្រាប់ខ្លួនឯង និងប្រទេសជាតិខ្លួនឯង ខ្ញុំក៏ខ្ពើមលើកយកឈ្មោះមកនិយាយដែរ។ ប៉ុន្តែ ក្មេងម្នាក់នេះ បានបំផ្ទុះបេះដូងមនុស្សនៅក្នុងស្រទាប់យុវវ័យ និងមជ្ឈិមវ័យ ឱ្យរំភើបក្ដុកក្ដួលជាមួយ តាមរយៈសិល្បៈរ៉េប ហ៊ិបហប់ ដែលមានរសជាតិប្លែកទាក់ទាញ។ មិនមែន មកពីខ្ញុំជាអ្នកឆ្កួតនឹងកំណាព្យ ទើបខ្ញុំលើកសរសើរ វ៉ាន់ដា ទេ អ្នកមិនចេះតែងកំណាព្យក៏រីករាយនឹងលើកតម្កើងគាត់ច្រើនដែរ។

ពេលអានសំណេរខ្ញុំ សូមឈានជើងបន្តិច ចេញពីខាងឆ្វេង ឬខាងស្ដាំ ហើយឈរឱ្យចំកណ្ដាល ប្រើឧបេក្ខាសតិ ពិចារណា កុំប្រើចិត្តដែលស្រលាញ់ឬស្អប់នរណាម្នាក់មកវិនិច្ឆ័យ។ មានតែផ្លូវកណ្ដាលទេ ទើបជួយយើងឱ្យរីកចម្រើនជឿនលឿនទៅមុខបាន។

កុំផ្កាប់មុខពេក! បុរាណ ជាមរតកវប្បធម៌ ដែលយើងត្រូវតែថែរក្សា ប៉ុន្តែការច្នៃប្រតិដ្ឋ បង្កើតថ្មី គួរតែជាអ្វីដែលគ្រប់គ្នាត្រូវលើកទឹកចិត្ត។ មនុស្សចាស់ៗ ដែលសុខភាពទ្រុឌទ្រោម គួរតែចូលនិវត្ដន៍ ហើយធ្វើជាទីប្រឹក្សាឱ្យក្មេងៗក្នុងការច្នៃបង្កើតថ្មី។ មិនមែន ប្រាប់ឱ្យក្មេងផលិតអ្វីៗតាមរបត់ផ្នត់គំនិតចាស់ៗបុរាណដូចជំនាន់ខ្លួនឯងនោះទេ។

ខ្ញុំអាចនិពន្ធកំណាព្យនិងរឿងខ្លីៗ តាំងពីអាយុ៩ឆ្នាំ ពេលរៀនថ្នាក់ទី៣ ប៉ុន្តែខ្ញុំមិនដែលស្ដីជេរកូនៗរបស់ខ្ញុំ ដែលវ័យជំទង់អស់ទៅហើយ វានៅមិនទាន់ចេះសរសេរតែងសេចក្ដីនៅឡើយនោះទេ។ ព្រោះខ្ញុំយល់និងដឹងថា កូនខ្ញុំនិងខ្ញុំ បានកើតនិងធំធាត់ ក្នុងរបត់បច្ចេកវិទ្យាខុសគ្នា សង្គមខុសគ្នា របៀបចិញ្ចឹមកូនខុសគ្នា បរិស្ថាននិងផ្នត់គំនិតមនុស្សខុសគ្នា។ ពួកគេពិតជាខ្សោយអក្សរសាស្ត្រខ្មែរ មិនដូចម្ដាយក៏ពិតមែន ប៉ុន្តែ ពួកគេអាចនឹងខ្លាំងពូកែ ក្នុងរឿងអ្វីផ្សេងមួយទៀត ដែលខ្ញុំចេះមិនដល់។

ជារួម “ចម្រៀងដែលស្ដាប់មិនយល់” មិនប្រាកដថា វាមិនអាចល្បី។ មនុស្ស២នាក់ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក មិនចាំបាច់ចេះភាសាដូចគ្នាក៏បាន ស្ដាប់មិនយល់ពីគ្នាក៏បាន ព្រោះបេះដូងដែលស្រលាញ់ គ្រាន់តែឮសំឡេងគ្នា វាឆ្អែតស្កប់ស្កល់បាត់ទៅហើយ។ មនុស្សកើតមក គថ្លង់ ដូចគ្នា ក៏អាចនឹងស្រលាញ់គ្នាបាន។ មនុស្សដែលនិយាយភាសាស្ដាប់គ្នាមិនបាន ក៏អាចមានកូនមួយកន្ទេលជាមួយគ្នាបាន។

រឿងអី ចម្រៀង១បទ ដែលស្ដាប់មិនយល់ មិនអាចល្បីបានក្នុងសង្គមផ្សេងទៀត? បើខ្មែរធ្លាប់ស្ដាប់បទថៃទាំងមិនយល់ ថៃក៏គេអាចចង់ស្ដាប់បទខ្មែរទាំងអត់ចេះខ្មែរបានដូចគ្នាដែរ។

បើចង់ឱ្យបរទេសព្រមទទួលយកវប្បធម៌ខ្មែរយើងទៅទូលលើក្បាល ដំបូងបំផុត យើងត្រូវតែជាពូជសាសន៍មួយ ដែលចេះស្រលាញ់គ្នាក្នុងគ្រួសារ សង្គមជាតិ ពង្រឹងសេដ្ឋកិច្ចក្នុងប្រទេស ឱ្យមាំមួន ជាមុនសិន ជាពិសេសផលិតអ្វី បង្កើតអ្វីដែលថ្មីប្រកបដោយសិល្បៈទំនើបចម្រុះ ទើបគេចង់ស្ដាប់ចម្រៀងខ្មែរយើង។ ពេលដែលចម្រៀងដែលគេស្ដាប់មិនយល់នោះ ជ្រាបចូលជ្រៅក្នុងដួងចិត្តគេហើយ គេនឹងចង់រៀនភាសាខ្មែរតាមរយៈ Lyrics នៃបទចម្រៀងនោះមិនខាន។ នោះហើយជាឥទ្ធិពលនៃវប្បធម៌!

ទាល់តែយើងខ្លាំង ទើបគេចង់ស្ដាប់! អ្នកដែលខំច្រៀងដែរ តែមិនសូវមានគេស្ដាប់ កុំអាលតូចចិត្ត! សូមអភិវឌ្ឍខ្លួនឯងឱ្យបានល្អអស្ចារ្យជាមុនសិនទៅ សំឡេងអ្នកនឹងពីរោះតាមក្រោយ ដោយស្វ័យប្រវត្តិ។

——-

វិរិយា🌸

០៣ វិច្ឆិកា ២០២២

May be an image of 1 person, sunglasses and text