Tag Archives: Viriya Poetry

ប្រេងដូងត្រជាក់ (កំណាព្យបទ៧ព្យាង្គ)

ដូងអើយដូងទុំ ម៉ុមខ្វល់គិត
ចម្រាញ់ប្រេងពិត រឹតតែហត់
រុករករឿងរ៉ាវ ស្រាវជូរចត់
ចរចាសន្មត់ កត់ត្រាផ្ដាំ។

ប្រេងដូងត្រជាក់ ខ្ជាក់ក្លិនឈ្ងុយ
មិនសូវបានលុយ អង្គុយចាំ
អង្កេតពិនិត្យ រឹតរងកម្ម
ពិសោធរាប់ឆ្នាំ រកាំចិត្ត។

ចាប់ផ្ដើមលុកលុយ ប្រថុយទៅ
នៅលើដងផ្លូវ អ្នកផលិត
កសិផលខ្មែរ ថែដីស្អិត
ដូងទុំរុំមិត្ត ជិតជុំស្រុក។

ផលិតប្រេងដូង យោងអ្នកស្រែ
រើសពូជដូងខ្មែរ ក្បែរសម្បុក
សៀមរាបអង្គរ ពរក្ដីសុខ
ផលិតនាំមុខ ផ្គត់ផ្គង់ញាតិ។

ដាក់ចូលទីផ្សារ ផ្ងារកញ្ច្រែង
ប្រកាសបែកផ្សែង ថ្លែងព្រោងព្រាត
ដឹកដល់ជិតឆ្ងាយ ផ្សាយដាក់ជ្រៀត
ច្រកដបលក់បៀត ញាតិអនឡាញ។

ឥឡូវគេស្គាល់ ពាល់កេរ្តិ៍ឈ្មោះ
អិលអិមពីរោះ រសល្បីល្បាញ
ប្រេងដូងត្រជាក់ ទាក់ឥតសាញ
ជួយដុតបំផ្លាញ រោគាឆ្ងាយ។

សូមឱ្យដូងខ្មែរ ថែញាតិមិត្ត
ដុះដាលជុំជិត រឹតតែសាយ
ចម្រើនភោគផល ដល់រៀងអាយ
ស្រុកខ្មែរសប្បាយ ក្លាយដីមាស។
________
វិរិយា🌸
ថ្ងៃ អង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស​ ២០២១

រូបថតរចនាដោយ ហ្វូតូហ្សប ជាមួយនឹងរូបភាពប្រេងដូងត្រជាក់ ម៉ាក LM ដែលជាផលិតផលរបស់ក្រុមគ្រួសារនាងខ្ញុំផ្ទាល់ មានសង្វាក់ផលិតកម្មនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប | រូបដបប្រេងដូងនោះ ជាដបម៉ូដចាស់ទេ សព្វថ្ងៃបានអភិវឌ្ឍស្អាតជាងនោះច្រើន
សម្រាប់ព័ត៌មានលម្អិតទូទៅផ្សេងៗ សូមចុចតាមដាននៅក្នុង http://www.facebook.com/LimaViriya
សូមអានប្រវត្តិក្រុមហ៊ុនតាមរយៈគេហទំព័រ http://www.khmerangkorfood.com

ទំនុកដួងចិត្ត (កំណាព្យបទ១០ព្យាង្គ)

ទំនុកខ្ញុំតែង សូមថ្លែង ប្រាប់ពិភពលោក
រឿងមនុស្សគរគោក ជោកជាំ ទម្រាំបានជ័យ
កាត់ព្យុះជីវិត រឹតតឹង ថ្លឹងសូមសេរី
ក្រោមមេឃលើដី ខ្លីវែង រែងសូមស្មើភាព។

ទំនៀមបុរាណ ស្មានៗ បានតែស្មុគចិត្ត
រឿងបោកលម្អិត គេបិទ មិនឱ្យលេចជ្រាប
ជំនឿខ្លះខុស ស្លុះស្លុង ផុងបាក់រនាប
ទំពាំងដីទាប រៀបដុះ ខុសពូជឫស្សី។

ទង់ជ័យបីពណ៌ លម្អ តពូជផៅពង្ស
ខ្លះព្រមលើកទង់ រង់ចាំ គេហៅជាន់ដី
ចងជើងព្រាប-ស តថ្លៃ ព្រោះខ្លាចរស់ខ្លី
នឹងបានវិលវៃ រួមដៃ ច្នៃជោគវាសនា។

ទំនួញជើងកាព្យ ខាបចិត្ត អាណិតអ្នកតែង
ធ្លាប់ខ្ពស់ដូចខ្លែង លែងក្រែង ថ្លែងពេចន៍វោហារ
ទម្លាយអារម្មណ៍ ផ្សែផ្សំ បង្ខំអក្ខរា
គ្រាន់ចង់ផ្សះផ្សា ស្រវា សូមសន្តិភាព។
——-
វិរិយា🌸

ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៤ ខែមេសា គ.ស. ២០២១

ចុចទីនេះដើម្បីស្ដាប់កំណាព្យនេះក្នុង YouTube ដែលខ្ញុំសូត្រ https://youtu.be/vAl0xIpfOgE

ផ្កាសង្ឃឹម (កំណាព្យបទភុជង្គលីលា-Bhucunga Lilea Khmer Poem)

សកវាទ៍ ឱ! ផ្កាកប្បាស
អ្នកណាមុខចាស់ ច្បាស់ជាចិត្តក្មេង។

ការងារហត់នឿយមិនលែង
យប់យន់ចូលគេង អេងលក់ស្រួលពេក។

ទឹករាក់ធ្លាក់ភ្លៀងផ្អៀងមេឃ
រលឹមក្នុងភ្នែក រែកពន់ទុក្ខព្រួយ។

ដល់លង់ហៅគេទៅជួយ
រង៉ែរងួយ រំអួយច្រេីនយ៉ាង។

ផ្ដែផ្ដាំឱ្យចាំត្រេីយម្ខាង
សម្អិតសម្អាង កាងស្ពានកៀនកោះ។

ហេតុផលកលរឿងគេស្មោះ
អាល័យអាឡោះ ផ្ដោះផ្ដងសន្យា ។

ឱ្យគេបំពេញកិច្ចការ
ខ្លួនឯងហ៊ឺហា ដេីរហួចឡេីងហំ។

គេហ្អេីយដេីរតួសែនស្នំ
ឯខ្ញុំវិញខំ សម្ងំខេីចជេីង។

សកវាទ៍ផ្កាផ្លូវរទេះភ្លេីង
ខ្យល់ផាត់ពីជេីង យេីងនឹងផុតព្រួយ។

ព្រឺព្រួចលួចព្រុយ៉ុងមួយ
ទុកជាភូឈួយ ជួយគ្រារ៉ោករ៉ាក។

វាំងននបាំងមុខក្រោយឆាក
ឥលូវអាចស្រាក សម្រាកបន្តិច ។

ថ្ងៃស្អែក ចែកជេីងទៅលិច
រលឹមស្រិចៗ ច្បិចស្នាមញញឹម ។

ខែក្រោយ អាចមានសង្ឃឹម
កាច់ផ្កាដកខឹម ព្រលឹមសួស្ដី។

ដោតលាយបទុមវន្តី
លាយម្លិះរីកថ្មី ពរជ័យស្រុកខ្មែរ ។
____

វិរិយា 🌸
១៨ កញ្ញា ២០១៩

កំណាព្យ “សិទ្ធិស្ត្រី”

(បទព្យាង្គ៨)

នេះនឹងថ្លាថ្លែងសម្ដែងរឿងសិទ្ធិ
សេរីភាពពិតដិតនៅត្រង់ណា
ទិវានារីល្បីល្បាញអស្ចារ្យ
នៅលើលោកាអ្នកណាក៏ដឹង។

លិចកើតជើងត្បូងរំលងហួសមេឃ
នារីខ្លះរែករកសិទ្ធិទាំងតឹង
ជួនទាល់តម្រិះខ្វេះសិទ្ធិបាតបឹង
ដង្ហោយទាំងប្រឹងខឹងគ្មានអ្នកឮ។

ពាក្យសិទ្ធិនារីជាទីរំឭក
ទន្ទេញឱ្យញឹកនឹកដល់នោះគឺ
ជាសិទ្ធិមនុស្សពេញដោយពន្លឺ
ក្ដៅរងារឈឺគឺរឿងតែមួយ។

សង្គមដែលខ្លាំងចែងចាំងរស្មី
ព្រោះតែមានស្រីឋានៈភូឈួយ
កាន់កិច្ចការធំមូលផ្ដុំចាំជួយ
កម្លាំងជំនួយគ្រប់វិនាទី។

បើចង់រស់នៅពេញដោយសក្ដិយស
មានមុខល្បីឈ្មោះត្រូវលើកនារី
ឱ្យកាន់រឿងធំប៉ុនដែនធរណី
អំណាចពេញទីនោះយើងនឹងខ្លាំង។
_________
(បទព្យាង្គ៧)

ប៉ុន្តែគិតទៅ នៅដដែល
រឿងរាក់កំផែល មិនដែលច្បាំង
ព្រោះតែទំនៀម បៀមឡើងក្ដាំង
គ្មានហ៊ានប្រឆាំង ខ្លាចបាយឆៅ។

មិនដឹងពេលណា ថ្លាគំនិត
មានស្រីចេះគិត រឹតឱ្យក្ដៅ
ផ្លាស់ប្ដូរសង្គម ធ្លាប់តែខ្លៅ
រាក់ជ្រៅ សខ្មៅ ហៅដឹងភ្លាម។

ពាក្យសិទ្ធិស្ត្រី ល្បីកប់មេឃ
ល្បីល្បាញខ្លាំងពេក ដេកស្លឈាម
ពេលខ្លះហួសចិត្ត នឹងទំនៀម
មនុស្សក្រាបដូចចៀម មិនហ៊ានប្ដូរ។

ប្រាំបីមីនា ហៀរតាមកែង
ហូរដាបឥតក្រែង ក្លែងជាហ៊ោ
កញ្ជ្រៀវបោកបក់ ដង្ហក់ប្រូ
ខ្ញៀវខ្ញារបន្ទរ តាមបញ្ជា។

បើចង់បានសិទ្ធិ សេរីភាព
ស្រីៗត្រូវជ្រាប កុំមាយា
តាមពាក្យបញ្ចើច គេផ្ដន្ទា
ភ្ញាក់ឡើងធ្វើជា ស្ត្រីខ្លាំង!
_________

វិរិយា🌸

ថ្ងៃសៅរ៍ ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែមីនា គ.ស. ២០២១

ផុងបេះដូងនៅព្រះត្រពាំង (កំណាព្យបទ១០ព្យាង្គ)

ជាងពីរឆ្នាំមុន តូចតន់ទៅដីសណ្ដ
អួតរូបរាងល្អ ទេសចរកម្ពុជាក្រោម
ខេត្តព្រះត្រពាំង ខ្ញុំភាំងព្រោះបានយល់ឆោម
ដូចគេប្រលោម បំពេឱ្យលង់ចិន្ដា។

ទឹកដីល្អល្អាច់ លើកសាច់ឈាមខ្ញុំឡើងភ្លឺ
រងាព្រួចព្រឺ ឮសូរសំនៀងដូនតា
សាស័ព្ទសាសង ឆ្លើយឆ្លងទំនៀមភាសា
ទំនុកខេមរា ចរចាពេចន៍ខ្មែរតែមួយ។

បានយល់សេចក្ដី អាល័យអាឡោះខ្សោះចិត្ត
វិប្បយោគរួមរឹត គិតយូរចង់តែយោងជួយ
តែទៅមិនរួច លបលួចព្រួចចិត្តសែនព្រួយ
ឈាមខែ្មរតែមួយ ប៉ិចត្រួយខុសដែនសីមា។

ឆ្នាំណាជួបទៀត នឹងឆ្លៀតនាំញាតិទៅម្ដង
ឱ្យបានស្គាល់ផង ទុកចងជាអនុស្សារ
ខេត្តព្រះត្រពាំង ឃាំងបេះដូងលងស្នេហា
ខ្ញុំសូមផ្ញើសារ បោះត្រាគប់ទៅតាមខ្យល់។

បើមាននិស្ស័យ យប់ថ្ងៃដីវិលគ្រប់ខួប
ភ្នំពេញចេញចួប នឹងបានផ្គួបដៃម្ចាស់ថ្ពាល់
ដីមេគង្គក្រោម ចោមព័ទ្ធឃាត់ចិត្តរចល់
សូមថើបតាមខ្យល់ ឱ្យពាល់ប៉ះម្ចាស់ស្រុកដើម។
_________
វិរិយា🌸

ថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១០ ខែសីហា គ.ស. ២០២១

មន្ដស្នេហ៍កោះនរា (កំណាព្យបទ១០ព្យាង្គ)

កោះអើយកោះថ្លៃ ដែនដី កណ្ដាលធានី
កោះទួលធរណី គ្មានពីរ គួរឱ្យបេតី
ដុះដាលក្រាលគ្រង អន្ទង ឈោងចិត្តកវី
ស្រណោះពេលថ្ងៃ អាល័យ តែសុបិនយប់។

ឱ! កោះនរា ជាទី ប្រាថ្នា នែបនិត្យ
ចង់ផ្ដួលផ្ដេកផ្ដិត កាយកិត ដិតក្រោយទំនប់
នាមសែនពីរោះ ឈ្មោះដៅ ហៅគេឱ្យងប់
ព្រលឹមព្រលប់ ខំទប់ ចិត្តដែលរង់ចាំ។

បើសិនបានកោះ ខ្ញុំស្មោះ មិនទៅណាទេ
កណ្ដាលទន្លេ សរសេរ តែកាព្យបណ្ដាំ
ទុកសូត្រសាសង សូត្រឆ្លង កន្លងរយឆ្នាំ
បើកោះរងកម្ម ខ្ញុំចាំ នៅជួយជានិច្ច។
__________
វិរិយា🌸

ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅក្រោយភូមិគ្រឹះ លោកជំទាវ ទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ដែលមានទីតាំងនៅតំបន់កោះនរា រាជធានីភ្នំពេញ

កំណាព្យ៖ “សារថ្វាយព្រះអង្គ”


បទ៨ព្យាង្គ

ព្រះអង្គ!
បើសោយបាយមាន់ កុំចោលគូទវា
បើសោយបាយទា កុំភ្លេចទឹកសៀង
បើសោយបុកល្ហុង កុំភ្លេចត្រួយល្ងៀង
សោយឆ្អែតចង់ច្រៀង កុំឮក្រៅវាំង។

បើសោយបាយឆា កុំភ្លេចតែក្ដៅ
បើសោយញាំស្ដៅ កុំភ្លេចត្រួយរាំង
បើសោយខគោ កុំភ្លេចទំពាំង
ឫស្សីក្រៅវាំង កុំភ្លេចដាំផង។

បើសោយនំប៉័ង កុំភ្លេចប្រហុក
បើសោយហហ្មុក កុំភ្លេចក្ដាមខ្យង
បើសោយត្រីដុត កុំភ្លេចអង្ក្រង
សួនក្នុងរបង ប្រយ័ត្នវល្លិ៍ខ្ញែរ។

បើសោយគុយទាវ កុំភ្លេចប៉ែនចុក
សោយបាយម្ចាស់ស្រុក កុំភ្លេចអ្នកស្រែ
ដាក់ឈ្មោះកូនចៅ កុំភ្លេចឈ្មោះខ្មែរ
ទើបយើងអាចថែ ជាតិខ្មែរខ្លាំងបាន។
———-
បទព្រហ្មគីតិ

ព្រះអង្គចូរកុំភ្លេច
ស្រែខាងលិច គេទន្ទ្រាន
រាស្ត្រយើងកំពុងឃ្លាន
គេឈ្លានពាន ដឹកស្រូវចេញ។

រីឯស្រែខាងកើត
អ្នកចូលអើត ផ្តើតទន្ទេញ
ចូលមកចម្លងម្រេញ
ឆ្លងពាសពេញ ដែនបូព៌ា។

រាស្ត្រយើងចាកចោលស្រុក
ឆ្ងាយក្ដីសុខ រស់គ្រាំគ្រា
ឆីបាយឥតស្លាបព្រា
ទុក្ខវេទនា ជាអាហារ។

រាស្ត្រយើងកំពុងទ័ល
ឥតដែលស្គាល់ ក្ដីសុខា
បាត់ដីស្រែចម្ការ
គេបោះត្រា ដូរម្ចាស់ដើម។

មន្ត្រីខ្លះក្បាលខូច
រស់ប្រៀបដូច បិសាចឆ្នើម
បន្លំលបស៊ីថ្លើម
រលួយហើម ពាសនគរ។
————-
បទកាកគតិ

ព្រះអង្គយាងទត មើលសម្បុកខ្មូត
តាមធ្នឹមអង្គរ ដួងព្រលឹងជាតិ
ចង្អៀតពុទ្ធោ អ្នកឆ្មាំស៊ីជោរ
បន្ទរក្បួនខុស។

ព្រះអង្គយាងស្ដាប់ សំឡេងឈឺចាប់
រាស្ត្រយើងប្រាប់ចុះ ថ្លែងសារពិតទូល
ដីផុងដីស្លុះ អ្នកណាត្រូវខុស
គ្មានអ្នកការពារ។

ព្រះអង្គយាងយាស ឱ្យពាល់ដល់រាស្ត្រ
ច្បាស់នឹងដឹងគ្នា មន្ត្រីណាខូច
មួយណាល្អជា រាស្ត្ររងវេទនា
ជារឿងត្រូវខ្វល់។

ព្រះអង្គយាងគិត ទៅទតឱ្យជិត
រឿងពិតឥតកល កុំភ្លេចក្បួនប្រាជ្ញ
ជួយដោះបន្ទាល់ គឺប៉ះឱ្យដល់
ពាល់ឱ្យដឹងផ្លូវ។

———

បទភុជង្គលីលា

ព្រះអង្គ! បើសោយក្រយា កុំភ្លេចនឹកថា អ្នកណាដាំស្រូវ។

ស្រែខ្មុកនៅស្រុកម៉ែឪ វស្សានរដូវ រណ្ដំជាំជោក។

ខំប្រឹងដាំដុះគរគោក តែបាយមួយស្ពក រកដោយពិបាក។

ព្រោះសងបំណុលឥតស្រាក ជីវិតតោកយ៉ាក គេខាកគេស្ដោះ។

ទឹកភ្នែករែកមិនពេញសោះ ហូរចេញឡើងខ្សោះ ស្ទើរខ្វាក់នេត្រា។

អ្នកក្រស្រែកបន់ទេព្ដា សំឡេងឥតការណ៍ រំពងមិនឮ។

ដេកយប់បារម្ភមេឃភ្លឺ ថ្ងៃរះព្រួចព្រឺ ភ័យខ្លាចអត់បាយ។

ជំពាក់រុំកោះជិតឆ្ងាយ បំណុលស្រោបកាយ ក្លាយត្រីវិស័យ។

ចង្អុលទិសណាក៏ក្ស័យ បន់យប់បន់ថ្ងៃ សូមត្រឹមតែរស់។

ព្រះអង្គជាស្ដេចពេញយស មានងារពីរោះ ឈ្មោះល្បីខ្ទ័រខ្ទារ។

សូមកុំទុករាស្ត្រប្រជា ឱ្យរស់គ្រាំគ្រា វេទនាទៀតថ្វី។

នគរថ្កើងប្រជាប្រិយ លុះត្រាប្រុសស្រី មានសិរីថ្កាន។

អំណាចព្រះអង្គប៉ុន្មាន បើរាស្ត្រក្ស័យប្រាណ បានអ្នកណាទ្រ?

ច្នេះហើយ មេត្ដាផ្លាស់ប្ដូរ គ្រោងការណ៍នគរ យករាស្ត្រផ្ចិតផ្ចង់។

ជីវិតខ្លីណាស់ ព្រះអង្គ! ឈើវៀចឈើត្រង់ គង់តែឆេះសុស។

ជីវិតមានត្រូវមានខុស ចុងក្រោយចំណុះ ឱនមុខយមបាល។

សូមកម្ពុជាកណ្ដាល រក្សាក្រាស់ក្រាល ដោយថ្នាលសន្តិ។

លឹម វិរិយា

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមេសា គ.ស. ២០២៣


រូបថតអនុស្សាវរីយ៍ ក្នុងកម្មវិធីមហោស្រពអក្សរសីល្ប៍និងកំណាព្យអន្តរជាតិ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម ឆ្នាំ ២០១៩
រូបគំនូរបង្ហាញពីជនភៀសខ្លួនខ្មែរ ដែលដាក់តាំងបង្ហាញ នៅក្នុងសាលនៃអ្នកឈ្នះ ជ័យលាភីអាហារពិភពលោក (World Food Prize Hall of Laureates) នាទីក្រុង ឌែសម៉ញស៍ (Des Moines) រដ្ឋអៃអូវ៉ា (Iowa) សហរដ្ឋអាមេរិក។

ផ្កាយរះដុះកន្ទុយ (កំណាព្យ៨ព្យាង្គ)

ខានតែងកាព្យយូរ ដូចជាជូរមាត់
ព្រោះមានគេឃាត់ បត់ម៉ាកែងដៃ
កំណាព្យកាព្យឃ្លោង លងទាំងយប់ថ្ងៃ
អាឡោះខ្នោះដៃ ដូចអាល័យស្នេហ៍។

គិតទៅផ្លូវលោក រោគវាហៀរហូរ
អ្នកធំប៉ិនប្រូ កូរតែស្រុកខ្មែរ
ខូវីដចេញថ្មី ល្បីល្បាញផងដែរ
អ្នកក្រុងអ្នកស្រែ ប្រឹងថែជីវិត។

អ្នកហ៊ានរិះគន់ ជន់តែទឹកភ្នែក
ច្បាស់ជាបានដេក ភ្នែកបិទលែងជិត
នគរតូចថ្កើង ឡើងធំកំពិត
មុខវាំង ងងឹត ព្រោះគេផ្ដាច់ភ្លើង។

ឥឡូវអស់លុយ រុយក៏លែងរោម
ជង្រុកទ្រុឌទ្រោម បាក់លោមទាំងទ្រើង
ផ្សារធ្លាប់មានចោរ បែរស្ងាត់រលើង
លិចកើតត្បូងជើង ភ្លើងឡានពេទ្យឆ្លង។

វ៉ាក់សាំងគេចាក់ បាក់ម្ជុលរាប់លាន
មេរោគនៅឃ្លាន ឈ្លានពានចម្លង
មនុស្សស្លាប់ឡើងពាយ ធ្លាយទាំងពេទ្យផង
ជាតិនេះហែលឆ្លង ដល់ត្រើយទេណឹះ?!

យប់ឡើងខ្ញុំដេក មើលមេឃរាប់ផ្កាយ
ហើយបរិយាយ អភិប្រាយទើស
តែងកាព្យវែងពេក រែកពន់មិនរើស
ឃើញផ្កាយខ្លះល្មើស រះដុះកន្ទុយ។

ផ្កាយដុះកន្ទុយ ខ្ញុំអង្គុយគិត
អង្គប់ជីវិត គិតទៅវាស្អុយ
កៅអីតែមួយ ស្រាប់តែពុកផុយ
ពុកបាក់ឡើងហុយ អ្នកហិតកេីតហឺត។

ថៅកែមេរោគ គ្រងឈុតក្រហម
សំឡេងថ្នមៗ បីបមសូមបឺត
បបោសអង្អែល ហើយថើបមួយខ្សឺត
ផលិតថ្នាំហឺត លក់ប្រមូលលុយ។

ស្រុកភូមិខាងខ្ញុំ អ្នកស្រុកដំណាល
ថែខ្លួនអត់ក្បាល សុទ្ធតែជាប់នុយ
គេស្ទូចយកសួត តាមឡានសាមុយ
ចុងក្រោយដុតហុយ បង្ហើរតាមខ្យល់។

បើសិនឆ្នាំក្រោយ នៅដោយរោគឆ្លង
ច្បាស់ជាស្លាប់ម្ដង ឆ្លងផុតកង្វល់
ចាំចាប់ជាតិថ្មី លៃលកឱ្យដល់
នឹងរស់លែងខ្វល់ នៅឋានព្រះចន្ទ។
________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា គ.ស. ២០២១

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសមចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រុងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
វិរិយា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅលើយន្តហោះ កំពុងធ្វើដំណើរចេញពី ក្រុងកាតា ឆ្ពោះទៅទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន

កូនឈើ (កំណាព្យបទ៧ព្យាង្គ)

កូនឈើមួយដើមផ្ដើមដាក់ដាំ ស្រោចទឹកថែចាំផ្ដាំម្ចាស់ដី

ប្រសិនឈើធំឥតទាស់អ្វី មានម្លប់ត្រឈៃអាស្រ័យបាន។

កូនឈើមួយទងទំនងរស់ លូតលាស់មានឈ្មោះពីរោះក្សាន្ត

នួន-បេង-គគីរ ទីសម្រាន្ត ភ្លៀងខ្យល់ប៉ុន្មានក៏មិនដួល។

កូនឈើមួយគុម្ពជញ្ជ្រំដី កាយកប់ទាំងថ្ងៃលើដីទួល

ប្រសិនភ្លៀងធ្លាក់តាមសម្រួល គ្មានព្យុះរមួលច្បាស់ជាមាំ។

កូនឈើពូជមួយត្រួយពន្លក ជាទីជម្រកសត្វច្រៀងរាំ

ជាម្លប់នៃមនុស្ស រស់បានសម សូមជួយថែទាំទម្រាំធំ។

កូនឈើមួយមែក រែកជីវិត រួមរស់ជុំជិត ដិតទ្រនំ

ឈើលាស់ត្រសាយ ថ្វាយបង្គំ ក្រាបទូលជើងភ្នំ សុំទឹកភ្លៀង។

សូមឧទ្ទិសដល់អ្នកខ្វល់គិត ការពាររួបរឹត គិតឥតល្អៀង

រស់ដោយថ្លៃថ្នូរ មិនប្ដូរសៀង ស័ព្ទសូរនៅទៀង រៀងដរាប។

សូមរំឭកគុណដល់ធម្មជាតិ សមុទ្រ ដីគ្រាត បៀតទឹកសាប

នែបនិត្យ ដិតនៅ ផ្លូវឥតបាប សាងពូជព្រោះសាបជួយជីវិត។

សូមឱ្យព្រៃឈើលើផែនដី ដុះដាលក្រាលផ្ទៃដីអម្រឹត

គ្រាន់បានជួយយោងដង្ហើមពិត ដង្ហោយឱ្យដិតជិតធម្មព្រះ។

សូមឱ្យព្រៃឈើខ្មែរនៅគង់ រឹងមាំយូរលង់ ទ្រនុងឈ្នះ

សង្គ្រោះភពឋានបានជម្នះ រុងរឿងតេជះ រះរុងរោចន៍។

——-

វិរិយា 🌸

🌱 ថ្ងៃអាទិត្យ ៣រោច ខែពិសាខ ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា គ.ស. ២០២៣

រូបថតអនុស្សាវរីយ៍នៅក្នុងសាលាបឋមសិក្សាមួយ នាស្រុកសង្កែ ខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៧ អំឡុងពេលខ្ញុំនៅធ្វើការងារស្មគ្រចិត្ត ទាក់ទងនឹងការជួយសង្គម តាមរយៈ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា (CSU-ACA)