Tag Archives: Entertainment

ឧទាហរណ៍នៃមេរៀនម៉ាឃិធីងដែលងាយយល់

តើ Met Gala គឺជាអ្វី?

អ្នកដែលធ្វើកិច្ចការងារក្នុងវិស័យច្នៃម៉ូដ វិស័យសិល្បៈសម្ដែង ឬសិល្បៈពាក់ព័ន្ធផ្សេងៗ ប្រហែលមិនសូវរំលងព័ត៌មាននេះទេ គឺព្រឹត្តិការណ៍ Met Gala ដ៏ល្បីល្បាញក្នុងពិភពលោក ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសប្រាក់ជួយទ្រទ្រង់ ក្នុងវិស័យសម្លៀកបំពាក់។

“Met”ជាអក្សរកាត់ខាងដើមនៃពាក្យថា “Metropolitan” ដែលជាឈ្មោះសារមន្ទីរសិល្បៈដ៏ធំមួយឈ្មោះពេញហៅថា “Metropolitan Museum of Art” ស្ថិតក្នុងតំបន់  មេនហាត្ដាន (Manhattan) ទីក្រុង ញូយ៉ក នៃសហរដ្ឋអាមេរិក។

រូបថតសារមន្ទីរសិល្បៈមាតុធានី (Metropolitan Museum of Art) Source from : https://en.wikipedia.org

វាជាកន្លែងដែលមានមនុស្សដើរណែនណាន់តាន់តាប់ យ៉ាងមមាញឹកបំផុត ហើយក៏ជាកន្លែងផ្ដុំទៅដោយការបង្ហាញម៉ូដសម្លៀកបំពាក់ គ្រឿងអល័ង្ករណ៍ ម៉ូដសក់ ម៉ូដទ្រនាប់ជើងប្លែកៗទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នករចនាម៉ូដ។ ជារៀងរាល់ថ្ងៃ គឺគ្មានលើកលែងថ្ងៃណាទេ ដែលទីនោះ មានមនុស្សតែងតួ ចម្លែកៗ ដើរចុះឡើង ប្រសេចប្រសាច ដែលវាក្លាយជាទម្លាប់ធម្មតារបស់ប្រជាជនរស់នៅតំបន់នោះទៅហើយ។

រូបថតពីលើអាកាស នៃតំបន់ មេនហាត្ដាន ក្រុងញូយ៉ក | By Anthony Quintano – Flickr

សារមន្ទីរសិល្បៈមាតុធានី (Metropolitan Museum of Art) ជាសារមន្ទីរដែលដាក់តាំងគ្រប់វត្ថុសិល្បៈតម្រៀបគ្នាតាមលំដាប់លំដោយ។

មហោស្រព Met Gala ដែលមានឈ្មោះជាផ្លូវការថា “គុណប្រយោជន៍នៃវិទ្យាស្ថានសម្លៀកបំពាក់” (Costume Institute Benefit) ធ្វើឡើងក្នុងគោលដៅធំបំផុត គឺការប្រមូលថវិកាពីបណ្ដាអ្នកមាន មហាសេដ្ឋី បុគ្គលល្បីៗក្នុងវិស័យបង្ហាញម៉ូដ យកទៅជួយដល់សារមន្ទីរសិល្បៈ Metropolitan នោះ។ រីឯពាក្យថា “Gala” ប្រែថា “មហោស្រព” ឬ “មហាសមោសរ” ដែលធ្វើឱ្យមនុស្សសប្បាយភ្លើតភ្លើន ក្នុងបរិយាកាស ដែលមានការតុបតែងណែងណង ឆើតឆាយ រុងរឿង។

តារាបង្ហាញម៉ូដ ដែលបានទៅចូលរួមក្នុង Met Gala កាលពីថ្ងៃទី ៨ ឧសភា ២០២៤ | រូបថតរបស់ទស្សនាវដ្ដី Vogue | Source: https://www.vogue.com

“Met Gala” ត្រូវ​បាន​គេ​ចាត់​ទុក​​ថា​ជា​ព្រឹត្តិការណ៍​ម៉ូដ​ដ៏​មាន​កិត្យានុភាព និង​អស្ចារ្យ​បំផុត​របស់​ពិភពលោក។ តារាបង្ហាញម៉ូត អ្នកច្នៃម៉ូដល្បីៗ តារាសម្ដែង តារាភាពយន្ដ អ្នកច្រៀង អ្នករាំ អ្នកកីឡា អ្នកជំនួញ អ្នកនយោបាយ…។ល។ អាចទៅបង្ហាញខ្លួន បង្ហាញម៉ូដ យោងទៅតាមប្រធានបទដែលកម្មវិធីប្រកាសមុន។ ពួកគេ អាចទាញប្រយោជន៍ពីព្រឹត្តិការណ៍នោះក្នុងការផ្សាយពាណិជ្ជកម្មពីខ្លួនឯង ឬផលិតផលខ្លួនឯង ឬអ្វីផ្សេងទៀត ដែលគេចង់ឱ្យល្បី។ នរណាក៏អាចចូលរួមបានដែរ ឱ្យតែគេមានសេចក្ដីក្លាហាននឹងទៅ។ ហើយអ្នកដែលលេចធ្លោរ នឹងត្រូវបានចុះផ្សាយដោយទស្សនាវដ្ដីបង្ហាញម៉ូដ “Vogue”។

តម្លៃសំបុត្រសម្រាប់ ទៅឈរត្រេងត្រាងនៅលើកម្រាលព្រំក្រហម ឱ្យគេថតរូបផ្សាយ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ឥតចុះវិញសោះ។ កាលពីឆ្នាំ ២០២៣ តម្លៃសំបុត្រ ១សន្លឹកតែ US$ 50,000 ទេ (៥ម៉ឺនដុល្លារ) ប៉ុន្តែក្នុងឆ្នាំ ២០២៤ នេះ តម្លៃសំបុត្រ គឺឡើងដល់ US$ 75,000 (៧ម៉ឺន ៥ពាន់ដុល្លារ) ក្នុង១សន្លឹក។ សូមបញ្ជាក់ថា Met Gala (ឬឈ្មោះផ្លូវការ Costume Institute Benefit) ធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងចំថ្ងៃចន្ទដំបូងគេ នៃខែឧសភា លើកលែងតែក្នុងឆ្នាំ ២០២១ គេលើកទៅធ្វើក្នុងខែកញ្ញា ដោយមូលហេតុវិបត្តិ Covid-19 កាលណោះ។

អ្នកដែលអាចចូលរួមបាន គឺរាប់បញ្ចូលស្ទើរតែគ្រប់វិស័យ សូម្បីតែអ្នកមិនមានអាជីពក្នុងវិស័យសិល្បៈក៏ដោយ ឱ្យតែមានលុយអាចទិញសំបុត្រចូលរួម ហើយមានភាពជឿជាក់លើខ្លួនឯង គឺសូមចុះឈ្មោះទៅចុះ។ យ៉ាងណាក៏ដោយ អ្នកដែលមានលុយជះលើតម្លៃសំបុត្រដែលស្មើនឹងផ្ទះវិឡាកូនកាត់មួយនៅភ្នំពេញទៅហើយនោះ ច្បាស់ជាមិនមែនមនុស្សម្រៀលៗទេ។

កន្លែងទទួលទានអាហារពេលល្ងាច ក្នុងសមោសរ Met Gala 08 May
2024 | រូបថតពី https://www.vogue.com

ដូច្នេះ ប្រសិនបើ លោកអ្នកនាង កញ្ញា ដែលដឹងថាខ្លួនឯងមិនសូវមានសមត្ថភាពអ្វីក្នុងវិស័យផលិតថ្មី តែចង់ល្បី សូមជ្រើសរើស ចូលរួមក្នុង Met Gala វិញ នោះនឹងគ្មានការរិះគន់ទេ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក្នុង Met Gala 2024 នាង “Kim Kardashian” ដែលពិភពលោកទាំងមូលស្គាល់ថាជាមនុស្សសម្បូររឿងអាស្រូវ សម្បូររឿងបំពុលសង្គមផុតលេខ ក៏នៅតែត្រូវបានទស្សនាវដ្ដីចុះផ្សាយព្រោងព្រាត ដោយសារតែម៉ូដសម្លៀកបំពាក់របស់នាង តឹងហួសហេតុ រហូតដល់ អ្នកទស្សនាឃើញហើយ ថប់ដង្ហើមជំនួសគ្រប់ៗគ្នា និងមានមតិរិះគន់ព្រោងព្រាតជុំវិញម៉ូដសម្លៀកបំពាក់របស់នាង ថាវាជាម៉ូដដែលគ្មានផាសុកភាពទាល់តែសោះ។

នាង Kim Kardashian ជាមនុស្សអសមត្ថភាពក្នុងវិស័យសិល្បៈ ប៉ុន្តែនាងសម្បូរលុយ ដែលបានមកពីមុខរបរលក់ផលិតផលផ្សេងៗ តាមអ៊ីនធើណិត និងបង្កើតព័ត៌មានបំពុលសង្គមញឹកញាប់ជាងគេ ក៏ទីបំផុតអាចល្បីល្បាញដោយសារតែ Met Gala នេះដែរ។

រូបថតនាង Kim Kardashian ក្នុងអំឡុងមហាសមោសរ Met Gala 08 ឧសភា 2024 |
| សម្លៀកបំពាក់របស់នាងមានមតិរិះគន់២យ៉ាង ទី១ គឺភាពតឹងណែនហួសហេតុ ដែលអាចបណ្ដាលឱ្យខូចសរីរាង្គតម្រងនោម ឆ្អឹងខ្នងចង្កេះ និងមើលទៅធ្វើឱ្យស្ត្រេសខ្លាំង មួយទៀតគឺអាវនាង ដូចក្រណាត់ជជុះដែលគេទុកជូតជើង។ មិនដឹងថាជាចេតនានាង ចង់ឱ្យគេរិះគន់ ដើម្បីល្បីឬយ៉ាងណា ព្រោះកន្លងមក នាងតែងធ្វើរឿងឆ្កួតៗឡប់ៗមិនស្វាង ដើម្បីបានល្បីឈ្មោះ
Source from: www.vogue.com
រូបថតនាង Rihanna and Rocky ដែលបានទៅចូលរួម មហោស្រព Met Gala 2023 | រូបថតពី Getty Images តាមរយៈទស្សនាវដ្ដី Vogue

ក្នុងបរិបទនេះ ដោយយោងទៅលើព្រឹត្តិការណ៍កំពុងតែល្បីល្បាញនៅកម្ពុជា ពាក់ព័ន្ធនឹងតារាខ្មែរខ្លះ ដែលមិនយល់ពីគោលគំនិតរួមនៃកម្មវិធីអន្តរជាតិ រហូតបណ្ដាលឱ្យមានការរិះគន់ផងនោះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា “មហោស្រពអក្សរសិល្ប៍” ជាកន្លែងប្រកួតប្រជែងស្នាដៃតែងនិពន្ធ ប្រលោមលោកវែង ខ្លី កំណាព្យ ផ្សេងៗ ។ល។ “មហាស្រពចម្រៀង” ជាកន្លែងដែលតារាចម្រៀងទៅបញ្ចេញសមត្ថភាពឬទទួលពានរង្វាន់ ។ “មហោស្រពគំនូរ” ជាកន្លែងដែលវិចិត្រករ ទៅបង្ហាញស្នាដៃគូររូបរបស់គេ។ “មហោស្រពរូបថត” ជាកន្លែងជាងថតល្បីៗ ទៅដាក់តាំងបង្អួតស្នាដៃថតរូបរបស់ពួកគេ។

ហើយក្នុងនោះដែរ “មហោស្រពភាពយន្ត” ជាកន្លែងប្រកួតប្រជែងស្នាដៃផលិតភាពយន្ដ។ ចំណែកតួសម្ដែងអាចមានសិទ្ធិខ្លះ និងអត់ខ្លះ ទៅតាមប្រភេទ ឬក្រេឌីតរបស់ផលិតកម្មកុន ដែលពួកគេបានសម្ដែង។

យ៉ាងណាមិញ មហោស្រពភាពយន្ដ ក៏អាចត្រូវបានគេឆ្លៀតឱកាស បង្ហាញម៉ូដខ្លះៗដែរ ប៉ុន្តែ វាមិនមែនជា ទស្សនវិស័យនៃព្រឹត្តិការណ៍ទាំងមូលទេ ដែលវាខុសផ្ទុយគ្នាស្រឡះពី Met Gala។ ដូច្នេះ ប្រសិនបើយើង ស្លៀកពាក់តែងតួ ឬបញ្ចេញកិរិយា ណាមួយ ខុសប្រធានបទឬចាកប្រធាន យើងនឹងក្លាយជាមនុស្សចម្លែក ឬអាចថាជាមនុស្ស មិនមានការយល់ដឹង។

វាប្រៀបដូចជា យើងយកភ្លេងខ្លកខែក ទៅចាក់ពេលហែរជំនូន ហើយយកភ្លេងមហោរី ទៅចាក់ពេលហែរខ្មោចអ៊ីចឹង។ វាភ្លាវណាស់ មិនសមទេ!

ម៉ូដសម្លៀកបំពាក់ដែលត្រូវបានចុះបញ្ជីរក្សាសិទ្ធិម៉ូដច្នៃ បានបង្ហាញកាលពីព្រឹទ្ធិការណ៍ Met Gala 2024 នៅក្រុងញូយ៉ក | រូបថតរបស់ Getty Image
រូបថតពីឆ្នេងមកស្ដាំ៖ JLo-Zendaya-Bad-Bunny-Chris-Hemsworth | រូបរបស់ GettyImages ក្នុងសមោសរ Met-Gala- 5 May 2024

ឯកសារយោង៖ https://en.wikipedia.org/wiki/Met_Gala

បកប្រែនិងសម្រួលដោយ លឹម វិរិយា

សៀវភៅរាជនីសំឡេងមាស “រស់ សេរីសុទ្ធា”

រូបភាពសម្ដែងដោយ កញ្ញា ឃួង អាទិយ៉ា អ្នកគាំទ្រវណ្ណកម្មសៀវភៅរាជនីសំឡេងមាស

ខ្ញុំសូមអនុញ្ញាតពេលវេលាមួយសន្ទុះ ដើម្បីបង្ហាញជូនប្រិយមិត្តនូវសៀវភៅ ដ៏អស្ចារ្យមួយប្រភេទ ដែលទើបតែមានជាលើកដំបូងនៅកម្ពុជា។ លោកអ្នកធ្លាប់ជួបទេ? អានសៀវភៅ! ប៉ុន្តែទទួលអារម្មណ៍ដូចជាទស្សនាខ្សែភាពយន្ត។ នេះជាសៀវភៅប្រលោមលោករូបភាព ដែលសាច់រឿងខាងក្នុងយកលំនាំតាមជីវិតរបស់ រស់ សេរីសុទ្ធា តារាចម្រៀងខ្មែរដ៏ល្បីល្បាញដែលមានកំណើតពីខេត្ដបាត់ដំបង។ គ្មានជនជាតិខ្មែរណាដែលថាមិនធ្លាប់ដឹងពីសំឡេងរបស់គាត់ទេ ទោះជាស្ថិតនៅក្នុងវ័យណាក៏ដោយ។

 “រស់​ សេរីសុទ្ធា” ត្រូវបានប្រសិទ្ធងារ ថាជា “រាជនីសំឡេងមាស” ដែលងារនេះត្រូវបានដាក់ជូនដោយ “ព្រះករុណាសម្ដេចនរោត្ដមសីហនុ” ក្នុងអំឡុងពេលដែលកេរ្តិ៍ឈ្មោះរបស់គាត់កំពុងឡើងដល់កម្រិតកំពូលក្នុងចុងទសវត្សរ៍ ១៩៦០ និង ដើមទសវត្សរ៍ ១៩៧០។

រូបភាពពីទំព័រហ្វេសប៊ុគផ្លូវការរបស់រាជនីសំឡេងមាស https://www.facebook.com/thegoldenvoicemovie

តើសៀវភៅប្រលោមលោករូបភាព រាជនីសំឡេងមាស ដែលមានភាសាអង់គ្លេសដាក់ថា The Golden Voice មានលក្ខណៈពិសេសអ្វីខ្លះ?

ភាពពិសេសមួយរបស់សៀវភៅរាជនីសំឡេងមាស ដែលខ្ញុំអត់ទ្រាំមិនសរសើរមិនបាននោះ គឺ សៀវភៅនេះ មិនមានអក្សរច្រើនដើម្បីអាននោះទេ។ ផ្ទុយទៅវិញ គ្រប់ទំព័រ មានសុទ្ធតែឈុតរូបភាពគំនូរផាត់ពណ៌ ដែលជាហេតុធ្វើឱ្យអ្នកអានសប្បាយរីករាយក្នុងអំណាន។

 រូបភាពច្រើនជាងអក្សរបែបនេះ គឺជាសិល្បៈមួយប្រភេទដែលអាចអន្ទងចិត្តកុមារ ដែលទើបតែរៀនចេះអានអក្សរ ឱ្យជក់ចិត្តដូចគ្នាដែរ។ មានន័យថា សៀវភៅនេះអាចអានបានងាយស្រួល តាំងពីមនុស្សចាស់ៗរហូតដល់កុមារតូចៗ។ ហើយបើកុមារតូចមើលរូបភាពនិងអានអក្សរហើយនៅមិនយល់ មនុស្សចាស់ក៏ងាយនឹងពន្យល់ឱ្យក្មេងឆាប់យល់បានរហ័ស។

កញ្ញា ឃួង អាទិយ៉ា អង្គុយអានសៀវភៅប្រលោមលោករូបភាព រាជនីសំឡេងមាស ក្នុងគេហដ្ឋានរបស់នាង ឯខេត្តសៀមរាប

ក្រៅពីនោះ សៀវភៅប្រលោមលោកឆាករូបភាព រាជនីសំឡេងមាស មានលេខកូដសម្រាប់អ្នកអាន អាចផ្ទៀងផ្ទាត់ចុចចូលស្ដាប់បទចម្រៀងសម័យដើមបានយ៉ាងងាយស្រួល តាមរយៈ QR Code និងសេចក្ដីណែនាំពីរបៀបស្កេនចូលស្ដាប់បទភ្លេងនៅទំព័រខាងដើម។ ដូច្នេះ ឃើញថា យើងអាចអានរឿងបណ្ដើរ ស្ដាប់សំឡេងចម្រៀងអមឈុតឆាកនៃសាច់រឿងនោះបណ្ដើរបាន។ ឈុតណាតួអង្គសប្បាយៗ យើងក៏ឮសូរបទចម្រៀងបែបសប្បាយៗញ័រញាក់កន្ត្រាក់អារម្មណ៍ ឈុតឆាកណាតួអង្គមានបញ្ហាកម្សត់ៗកើតឡើងក្នុងជីវិតគាត់ យើងក៏ឮសូរបទចម្រៀងបែបតម្អូញទួញសោក ធ្វើឱ្យយើងកម្សត់ចូលតួស្លុងទៅតាមសាច់រឿងដែរ។ បច្ចេកវិទ្យានេះ ធ្វើឱ្យអ្នកអានជក់ចិត្តដិតអារម្មណ៍ខ្លាំងជាងការអានសៀវភៅធម្មតាៗ។

កញ្ញា អាទិយ៉ា អានសៀវភៅប្រលោមលោកឆាករូបភាព រាជនីសំឡេងមាស នៅវេរ៉ង់ដាមុខផ្ទះ ឯខេត្តសៀមរាប

ខ្ញុំសូមផ្ដល់ជាមតិយោបល់ថា បងប្អូនជនជាតិខ្មែរយើង គួរតែមានសៀវភៅនេះ យ៉ាងហោចមួយក្បាល ជាឯកសារផង ជាឧបករណ៍សិល្បៈកំដរអារម្មណ៍ផង និងជាការចូលរួមលើកស្ទួយ មរតកចម្រៀងចាស់ៗដ៏មានតម្លៃរបស់ខ្មែរយើងផង ឱ្យស្ថិតនៅគង់វង្សជារៀងរហូត។ តាមរយៈសៀវភៅនេះ យើងអាចជួយឱ្យក្មេងជំនាន់ក្រោយ បានស្គាល់អតីតតារាចម្រៀងដ៏ល្បីរបស់កម្ពុជា ដែលពួកគេកន្លងមកបានឮតែសំឡេងច្រៀងក្នុងខ្សែអាត់ផ្សេងៗតែម្យ៉ាង។

ទម្រាំតែបានចេញជារូបរាងសៀវភៅនេះឡើងមកបាន មានរឿងរ៉ាវពីក្រោយឆាកច្រើនរាប់មិនអស់ ដែលក្នុងនោះ រនាំងឧបសគ្គខ្លះដោះចេញ ខ្លះនៅតែដោះមិនចេញ។ ទម្រាំមានសៀវភៅរាជនីសំឡេងមាសជាភាសាខ្មែរនេះឡើងមកបាន វាមិនមែនជាភាពងាយស្រួលឡើយ។ មានមនុស្សច្រើនណាស់ ទាំងខ្មែរ និងបរទេស ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការផ្ដល់ព័ត៌មានពាក់ព័ន្ធ ជាភ័ស្ដុតាង ជាសាក្សី។

រូបភាពយកពីទំព័រហ្វេសប៊ុគផ្លូវការ https://www.facebook.com/thegoldenvoicemovie

សៀវភៅនេះ លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា តាមរយៈភ្នាក់ងារចែកចាយផ្សេងៗ ដូចជាបណ្ណាគារ និងទីផ្សារអនឡាញមួយចំនួន និងលក់ក្នុងតម្លៃធូរខ្លាំងមែនទែន ដើម្បីជួយសម្រួលដល់ជនជាតិខ្មែរដែលគោរពស្រលាញ់ រស់ សេរីសុទ្ធា មានលទ្ធភាពទិញអានបាន។

កាលពីទិញសៀវភៅនេះដំបូង ខ្ញុំគ្រាន់តែគិតថា ទិញសិនទៅជាជាងបានជួបអ្នកលក់ហើយ កុំឱ្យវាខាតជើង ក្រែងថ្ងៃក្រោយចង់បាន នាំពិបាករកទិញ។ ប៉ុន្តែ នឹកស្មានមិនដល់សោះថា ក្រោយពីបានអានចប់ ខ្ញុំបានកុម្ម៉ង់ទិញថែមចំនួន២ក្បាលទៀត សម្រាប់ជាអំណោយដល់ក្មួយៗរបស់ខ្ញុំបានអានដែរ។ ហើយខ្ញុំហាក់ដូចជាមោទនភាពប្លែកចំពោះស្នាដៃក្រុមការងារ The Golden Voice ទាំងអស់។

ជាចុងក្រោយ សូមអ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកបកប្រែ និងអ្នកតំណាងសៀវភៅគ្រប់ៗគ្នាដែលកន្លងមក បានចូលរួមផ្សព្វផ្សាយ ទទួលយកនូវការគោរព ស្រលាញ់ ពីខ្ញុំ ដោយភាតរភាព!

រូបភាពឈុតឆាក រស់ សេរីសុទ្ធា ច្រៀងថតដាក់ថាសចម្រៀង ដែលយកចេញពីក្នុងទំព័រមួយនៃសៀវភៅរាជនីសំឡេងមាស
រូបថតរបស់ខ្ញុំ កាន់សៀវភៅរាជនីសំឡេងមាស ថតក្នុងសួនច្បារមុខផ្ទះ
វិដេអូជាសំឡេង និងរូបភាព ដោយ លឹម វិរិយា

វិដេអូកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស”

សំឡេងកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស” | បទ៧ព្យាង្គ | អំណានបែបធម្មតា

——–

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ រស់នៅកុំស្ពាយចិត្តឥច្ឆា

មនុស្សសត្វលើលោកគ្រប់អាត្មា មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ កុំបាច់ទោម្នេញនាំរឿងខុស

ឈ្លោះនឹងជនពាលនាំអាប់យស ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ កុំមើលបំណាំត្រូវបណ្ដាក់

ការងារធ្ងន់ស្រាលជួយលើកដាក់ រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច

ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ ចំណេះសន្សំគ្រប់វេលា

កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់

សន្សំប្រាក់ខែត្រៀមពេលខ្វះ យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ សន្ដានមិនឃ្លាតទាំងស្រីប្រុស

រាប់ដោយសច្ចៈកុំតើយតោះ បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា កូនត្រូវចាំថានាងល្អចិត្ត

ល្អទាំងអម្បូរពូជសុក្រឹត ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ ជាមន្រ្តីហំ ចូរកុំស្ដាយ

លះបង់ប្រយោជន៍ក្ដៅក្រហាយ នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច ថ្ងៃរះហើយលិចរាល់ទិវា

ជីវិតនៃមនុស្សក៏ដូចគ្នា សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់

ជីវិតនៅរស់ ឲ្យគេត្រាប់ រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់ ប៉ុន្តែសូមឈប់អភិប្រាយ

ម៉ែខ្លាចកូនប្រុសមិនសប្បាយ ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់ ជួយរក្សាយសឈ្មោះឧត្ដម

ពេញដោយអនុភាពថ្កើងសុខុម មានដល់កូនខ្ញុំរហូតហោង!

______

វិរិយា🌸

ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤

កាច់រាង…

កាច់រាង​ផ្អៀងឫក្ស​ រំលឹក​ខ្លួន​ឯង
រស់កុំចំបែង ក្រែងវាច្របល់
បង្អួត​ថ្ងៃរះ​ ឈ្នះអស់សោកសល់
ស្អែកគង់លែងឆ្ងល់​ ព្រោះ​ដល់ឆ្នាំថ្មី។

កាច់រាង​អឿអាង​ កាងកាចបន្តិច
បន្លាច​ថ្ងៃ​លិច​ ធ្មេច​ចោលផែនដី
ឆ្លងឆ្នាំយប់ហ្នឹង​ មិនដឹងកេីតថី
ចាំដល់រាត្រី​ ស្ដីប្រាប់តាមខ្យល់។
——
លឹម​ វីរីយ៉ា​🌸
៣១​ ធ្នូ​ ២០១៨

yaya 2018

ការ៉េម…

ការ៉េម​ចងចិត្ត​ ឆ្អិត​ផ្អែម​ ថែមទាំងត្រជាក់🍧
ទុកលួងលោមអ្នក​ ទាក់ទង​ ទំនង​មិនទេីស💕
បង្អែម​ដួងចិត្ត​ ស្អិតងំ​ ម៉ុមមិនបំផ្លើស​😘
បំប៉ោង​ផ្លោងលេីស​ ល្មេីសព្រេីល​ ងងេីលងងុយ។ 💋

ចង់ភ្លក្សជាមួយ​ ជួយបាន​ ប៉ុន្មាន​ក៏​ព្រម🙏
តែលៃឱ្យល្មម​ ស្មូមញ៉ាំ​ ចាំជួយចេញលុយ💳
ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​ ដីរាប​ ព្រាបហេីរឡេីងហុយ🐧
កាំជ្រួច​ហោះស្ទុយ​ រុយមូស​ ស្ទុះស្ទា​លែងស្ទក់។ 

ការ៉េម​ចុងឆ្នាំ​ ផ្អែម​ផ្ដាំ​ ញ៉ាំ​ហើយ​ផ្ដេកផ្ដួល​😅
ត្រជាក់​រមួល​ ឆួលឆាប​ ខាបដល់ដេកលក់
ត្រៀមឆ្លងមិនយូរ​ ធូរធារ​ រងាអ្នកភ្លក្ស
ត្រៀមចិត្តវីវក់​ គក់ក្បាល​ ក្រាលបោកលេីខ្នេីយ។ 😛
———
រាត្រី​សួស្ដី​ 🌠 ពី​ លឹម​ វីរីយ៉ា​🌸

៣១​ ធ្នូ​ ២០១៨​ 🎇🎆💫

yaya with ice cream

រឭករឿងចាស់…

រឭកនឹករឿងកន្លង
កន្លែងធ្លាប់ឆ្លង​ ចងភ្ជាប់​វាសនា​
រឿងរ៉ាវ​ស្រាវជ្រាវ​តាមផ្សារ
តម្រឹមត្រឹមថា​ តម្រាខុសក្បួន។

ទុកមុខទុកមាត់សមសួន
ទាស់​តែនឹមនួន​ ពួននៅម្នែងអ៊ាក់
សម្រាកសម្រាន្ត​ ក្សាន្ត​ជាក់
ខ្សត់ខ្សោយ​ក្រោយធ្លាក់
ខ្ជាក់​ពេចន៍​ពីពោះ។

ពោលពាក្យមិនសូវពីរោះ
អ្នកក្រអាងឈ្លោះ​ អ្នកងោះអាងងាប់
ម្នឹះល្ងង់លិចលង់ក្នុងទ្រព្យ
សម្បត្តិ​មិនគាប់​ ជាប់តែគុកកម្ម។

រស់នៅភ្លេចអស់បណ្ដាំ
គ្រូធំឱ្យចាំហេីយផ្ដាំឱ្យញឹក
ស្មោះត្រង់​ បង់បោយល្ងាចព្រឹក
ចម្រើន​បាយទឹក​ នឹកព្រះកន្លោង។

កន្លែង​បង្គងធ្លាប់តោង
ធ្លាប់​ទាំងត្រូវថ្មោង​ ព្រោះ​ផ្លោងសម្ដី
ផ្លេតផ្លាតមិនដឹងខ្យល់អី
ដឹងត្រឹមអាល័យថ្ងៃដែលអស់ខ្យល់។

ណ្ហើយ​ចុះ! កុំឱ្យច្របល់
ច្របាច់​ដាច់វ៉ល់​ ផលកម្មកៀករិត
រស់នៅខុសផ្លូវថែមងងឹត
ងងល់កំពិត​ គិតច្រើន​ច្រាស់​ច្រាយ។

រឿងតូចធំវែងអន្លាយ
អំបែងក្លែងក្លាយ​ ចាយលុយ​កក្លាក់
ខំលាក់បំបាំងក្រោយថ្នាក់
លុះធ្លាយប្រត្យក្ស ចូលធ្នាក់គួរខ្លាច។

ខ្ញុំ​រស់​សូមត្រឹមអំណាច
ការពារ​បិសាច​ ចេចចាចខុសរឿង
ណ្ហើយ​ចុះ! ឥលូវខ្ញុំសឿង
វាសនា​លែងគឿង​ រឿងខ្ញុំលែងកល់។
——–
លឹម​ វីរីយ៉ា​🌸
០២​ មករា​ ២០១៩

yaya ready to go out

រឿងក្នុងផ្ទះ…

សូមជូនរាប់រៀប​ ជ្រាបជ្រួត​រមួត​រឿង
ថ្ងៃរះព្រឿងៗ​ គឿងកល់ដល់ជង្គង់
ចង្កា​ឡេីងខុប​ ហេកុប​ដាច់ទាំងមុង
ពាក់អាវរលុង​ សំយ៉ុងវែនតាម្ញ៉ូប។

បែកញើសដាមខ្នង​ ប៉ង​ចង់​តែស្រណុក
មិនហ៊ាន​សំកុក​ សម្រុកខ្លាចដាច់ម្ហូប
ដាំបាយលាងចាន​ ក្បានឆ្នាំងក្បាំងគំរប
រៀនរស់មិនលោភ​ ហូបបាយសប្បាយចិត្ត។

ស៊ូ​វេទនា​កាយ​ ក្រាស់ក្រាយឆ្ងាយពីទុក្ខ
ញញឹម​ចេញមុខ​ រឿងស្មុគ្រមិនឱ្យជិត
ពិភព​ផែនដី​ មានន័យ​ព្រោះ​អតីត​
អណ្ដែត​គំនិត​ គិត​គូរ​មិនយូរទេ។

បួងសួង​លួងព្រះ​ សូមឈ្នះព្រហ្មលិខិត
ជោគជាំមាំក្រិត្យ​ ដិត​ដោយក្រោយផងគេ
មិនតូចចិត្តឡេីយ​ សូមឆ្លេីយអមសំណេរ
បេីមិនជឿទេ​ សួរ​គេមេីលទៅចុះ!
———
លឹម​ វីរីយ៉ា​🌸
ថ្ងៃ​ទី​ ០៤​ ខែ​ មករា​ ឆ្នាំ​ ២០១៩

yaya in a miserable status

កន្តែរ៉ែ ស្នេហ៍អ៊ើយ…

កន្តែរ៉ែអ៊េីយ​ ពាក់អាវដកឃឹម
កាន់ផ្កាញញឹម​ សង្ឃឹម​ដូចប៉ង
រាត្រី​ត្រជាក់​ នៅបាត់ដំបង
យប់នេះរាំឆ្លង​ ចង្វាក់​កន្ទ្រឹម​។

កន្តែរ៉ែអ៊េីយ​ ពាក់កែងមួយតឹក
សេីចលាន់កក្អឹក​ នឹកឡេីងប៉ប្រឹម
កាច់រាង​កន្ទេីរ​​ មេីល៍! ខ្ពស់សន្លឹម
ស្អែក​ពីព្រលឹម​ ងេីបតែងតួទៀត។

កន្តែរ៉ែអ៊េីយ​ ឆ្លេីយសូមចូលគេង
ឱ្យមុខនៅក្មេង​ លេងសេីចមានជាតិ
រាត្រី​សួស្ដី​ ស្ដីរាប់ផ្គាប់ញាតិ
ក្សេមក្សាន្តព្រោងព្រាត​ ឆ្លៀតរស់ប្រិមប្រិយ។
———
លឹម​ វីរីយ៉ា​🌸
០៧​ មករា​ ២០១៩

yaya

ឃ្យូតទេ?

ឃ្យូតទេប៉ុណ្ណឹង? ព្រលឹងបង​ហ្អេីយ!
ប្រឹងឡេីងអស់ហេីយ​ ឆ្លេីយប្រាប់ទៅចុះ
រៀនតាមកូនក្មេង​ លេងរូបតាមប៉ុស្តិ៍
សង្ឃឹម​មិនខុស​ ទាស់​ចិត្ត​ហ្វេនឡេីយ។

សាយណ្ហ​សួស្ដី​ ពីដីខាងលិច
ញ៉ាំ​បាយរួចធ្មេច​ គេចមិនចង់ឆ្លេីយ
សំណួរចាក់ដោត​ កោតតែគេល្ហេីយ
ល្ហឹម​ៗក្រោមខ្នេីយ​ កេីយកល់ដួងចៃ។

រូបឃ្យូតផ្ញេីជូន​ លូនតាមអក្ខរា
ពេចន៍​កាព្យត្រាប់ការណ៍​ ប្រាប់ថាកុំភ័យ
ចាំតែព្រួយទៅ​ ពៅហ្អេីយ! កុំម៉ៃ
អាឡោះអាល័យ​ ថ្ងៃណាជួបគ្នា?
——-
លឹម​ វីរីយ៉ា​🌸
០៨​ មករា​ ២០១៩

យ៉ាយ៉ា