Tag Archives: កំណាព្យ

បើសិន…

បើព្រះអាទិនករ ឈប់រៀងរះ
ចន្ទ្រានឹងឈ្នះភពរាត្រី
អាចបំភ្លឺមនុស្សក្នុងលោកីយ៍
មិនពឹងរស្មីនៃសូរិយា។

បើសិនផ្កាយព្រឹកពេលព្រលឹម
បែរអស់សង្ឃឹមឈប់យាត្រា
ច្បាស់ជាផែនមេឃញែកតារា
ទោះហ្វូងទេវតាក៏គង់ក្ស័យ។

បើសិនសមុទ្រប្រែរសផ្អែម
មនុស្សលោកនឹងថែមជំងឺថ្មី
ពេលនោះព្រះព្រហ្មអស់ខន្តី
រំលាយផែនដីអាសារបង់។

ច្នេះហើយរស់នៅត្រូវគិតគូរ
សាងបុណ្យកុំយូរគ្រូតម្រង់
ជីវិតនៃមនុស្សរស់រញ៉ង់
ខ្លីណាស់កុំចង់ផ្ចង់អធម្ម។

បួងសួងសម្រួងលួងដោយស្មោះ
សូមបានផុតអស់ ខ្ទាស់បន្ត
នូវពរជោគជ័យ ជាអំណរ
ដង្ហើមសាទរ តែពាក្យឈ្នះ!
———
ដោយ លឹម វីរីយ៉ា
ថ្ងៃអង្គារ ទី១៣ ខែកញ្ញា គ.ស ២០១៦

img_7095

បាយថ្ងៃជាមួយលក្ខណា

រំឭកបន្តិច ច្បិចរឿងមួយ
រឿងបាយជាមួយ អូនលក្ខណា
គាត់នាំទៅប៉ាវ ហាងហ៊ឺហា
រសឆ្ងាញ់អស្ចារ្យ អាហារជប៉ុន។

មានទាំងស៊ូហ្ស៊ី មីសួភ្លោះ
ត្រីស្រស់ង៉នហួស ឈ្មោះសាលម៉ុន
បង្គាមឹកឆៅ ក្ដៅអ៊ុនៗ
ថែមបន្លែទន់ មន្ដស្នេហ៍មាត់។

ញ៉ាំឆ្អែតឡើងហល់ សល់តែចាន
អស់លុយប៉ុន្មាន ខានគិតធាត់
ទៅហាងមួយទៀត ឆ្លៀតមិនហត់
ឆាកកំដរមាត់ ហាងទីពីរ។

គេមានការ៉េម ថែមផ្លែដូង
ទឹកកកឈូសយោង ទឹកដូងហ្វ្រី
ទឹកស្ករត្នោតខ្មែរ ថែប្រពៃណីយ
ញ៉ាំដល់ម៉ោងពីរ វីវក់ក្រៃ។

អរគុណពន្លឹក នឹកដល់ម្ចាស់
មួយពេលឌុបក្រាស់ បះសក់ថ្លៃ
លក្ខណ៍ហ្អើយ! បងយ៉ាហល់ទាំងថ្ងៃ
លេបទាំងភិតភ័យ ឆីយ៉ាងហ្នឹង!!!

សូមផ្ញើផុសត៍នេះពីចម្ងាយ
ជូនស្រស់ឆោមឆាយ ក្លាយដំណឹង
ក្រែងចាំមើលផ្លូវ ពៅស្ងាត់ឈឹង
រវល់ម្លឹងៗ នៅតែប្រឹងឆ្លៀត។
——
ពី លឹម វីរីយ៉ា
សៀមរាប
ថ្ងៃសៅរ៍ ទី១០ ខែ កញ្ញា គ.ស ២០១៦

សិស្សចាស់មកលេង

សិស្សពីអឌិត គិតទៅ វាបីឆ្នាំប្លាយ
សព្វថ្ងៃហាក់ឆ្ងាយ ឆោមឆាយ ចេះនៅគិតគូរ
ប្រាប់ថានឹកណាស់ សិស្សចាស់ ចង់មកលេងគ្រូ
មិនបង្អង់យូរ អ្នកគ្រូ ទទួលបាយថ្ងៃ។

ញ៉ាំហើយមិនទៅ ពាលពៅ នៅតែញ៉េះញ៉ោះ
ព្រោកប្រាជ្ញ ឥតទាស់ ស្ម័គ្រស្មោះ សើចលួងដួងចៃ
ទាល់តែប្រាប់ថា Zen Ya ដល់ម៉ោងហើយថ្លៃ
ទើបឆ្លើយថា ហៃ!!! ថ្ងៃក្រោយ ចាំអូនមកទៀត!

១២៣៤

មាន់អាំងមិត្តខ្ញុំ

IMG_5349

មាន់អាំង មាន់អាំង ក្លិនឈ្ងុយឈ្ងប់ខ្លាំង
អាំងដោយមិត្តខ្ញុំ ដុំភ្លៅនិងស្លាប
ឆាបភ្លើងឆេះងំ ផ្សែងហុយត្រគុំ
រុំខ្លោចទាំងថ្ងៃ។

មាន់អាំងពិសេស រសជាតិឆ្ងាញ់ម្លេះ
បេះចែកគ្នាញ៉ៃ មិត្តខ្ញុំ លីស៊ុន
មុនហ្នឹងម្សិលម្ង៉ៃ គាត់អាំងជូនឆី
មានអី! អស់ស្ទះ!

មាន់អាំងអគ្គី ចែកឆី free free
ទីដំបូលផ្ទះ ខ្យល់បក់រសៀក
ខ្ញុំងាករូតរះ ជូតដៃស្អាតជ្រះ
ព្រលះចុកមាត់! :p

ឆ្ងាញ់ណាស់ពួកម៉ាក ចាំពេលសម្រាក
នឹងមិនឲ្យភ្លាត់ ឆៀងទៅម្ដងទៀត
សាកសួរហើយកត់ រៀនសូត្រម៉ត់ចត់
រូបមន្តអាំងមាន់!

IMG_5359
មាន់អាំងជ្រុលភ្លើង

បណ្ដាំខ្មោចម្ដាយផ្ញើឲ្យកូនស្រី

ហៃកូនស្រីស្ងួននាងពៅ អត់ពីម្ដាយទៅពៅហ្អើយចូរខំ

ប្រឹងថែចរិយាឲ្យមាំ ឫកពារសក្ដិសមជាកុលស្ត្រី

 

គ្មានម្ដាយរស់ពឹងបងស្រី ប្រដូចប្រៀបបីទៅនឹងមេបា

កូនខុសបងស្រីចរចា ស្ដីប្រដៅថាកូនត្រូវនៅស្ងៀម

 

គុណធម៌ត្រូវឈរខ្សែត្រៀម រស់នៅត្រូវបៀមស្គាល់គុណនិងទោស

ថែខ្លួនកុំឲ្យអាប់យស ប្រថុយជ្រុលជ្រួសគ្រោះកម្មរឿងប្រុស

 

កូនហ្អើយម្ដាយអង្វរចុះ ខូចខ្លួននឹងប្រុសអាស្រូវកេរ្ដិ៍ខ្មាស

ប្រុសព្រើល-ងងើលផ្ដេសផ្ដាស ត្រេកត្រអាលណាស់បើកូនឲ្យដៃ

 

ពួកព្រានមានស្នៀតចង្រៃ ចាក់រុកកាឡៃនាំស្រីវង្វេង

ពង្វក់ឈ្លក់តែនឹងភ្លេង ប្រគំប្រឡែងលេងបទតណ្ហា

 

សូមគេចចេញឆ្ងាយឆាប់រ៉ា កុំនៅស្នេហា-រអាខ្មោចម៉ែ

បងស្រីគេស្ដីអ៊ូអែ ព្រោះចង់ថ្នមថែកិត្តិយសកូនទេ

 

បើកូនអាស្រូវអស់កេរ្ដិ៍ ប្រុសណាគេស្នេហ៍ចូលដណ្ដឹងនាង?

ម៉ែផ្ដាំខ្លាចកូនមិនរៀង ចូរថ្លឹងថ្លែងផ្ទៀងកុំលំអៀងផ្ដាស

 

បងស្រីមានគុណច្រើនណាស់ ម្ដេចកូនផ្ដេសផ្ដាសបែររត់តាមប្រុស?

អាស្រូវបែកធ្លាយទាំងអស់ កូនហ្អើយម៉ែខ្សោះស្ទើរបែកព្រលឹង

 

ម្ដេចកូនហ៊ានធ្វើបែបហ្នឹង សាងទោសព្រោះខឹងនឹងរឿងគេស្ដី

ជាបងប្រៀបដូចម្ដាយថ្លៃ បន្តឹងច្បាប់ស្រីព្រោះខ្លាចកូនខូច

 

ឥលូវកូនធ្លាយប៉ផ្លូច ក្លាយជាស្រីខូចឲ្យប្រុសលុកលុយ

ក្លិនបក់ច្រាស់ខ្យល់ឡើងស្អុយ អ្នកស្រុកជេរហុយព្រោះតែឈ្មោះកូន

 

ក្លាយជាអស់លក្ខណ៍ធ្លាក់សូន្យ រសាត់ដូចក្បូនតែលតោលឥតត្រើយ

យល់ខុសថាប្រុសហ្នឹងហើយ ជួយកល់ជាខ្នើយឲ្យស្រីបានស្រួល

 

តែនេះកូនខុសរមួល វានាំកូនស្រួលក្នុងផ្លូវកាមគុណ

ពេលក្រោយកូននឹងទារុណ ព្រោះភាពរមិលគុណចំពោះបងស្រី

 

ដឹងខុសចូរកូនវិលវៃ បង្គំលើដីអោនក្បាលសូមទោស

បងស្រីអាចជួយសណ្ដោស លើកលែងកំហុសរឿងថ្លោះធ្លោយការណ៍

 

តែបើនាងឥតបញ្ញា ខ្មោចម៉ែគិតថាកូនអស់បុណ្យហើយ

ម៉ែក៏មិនអាចជួយឡើយ ចូរកូនកាត់ត្រើយហែលឆ្លងទៅចុះ

 

ម៉ែសូមផ្ដែផ្ដាំប៉ុណ្ណោះ និស្ស័យអាឡោះបោះទងតាមខ្យល់

ព្រះជួយតែមនុស្សគ្មានកល ចូរគិតឲ្យដល់ ខ្យល់មកពីណា?

 

កុំឲ្យអ្នកស្រុកដៀលថា រស់បង់អាសារ ខ្លោចផ្សាព្រោះឆោម

រូបស្អាតគួរចង់ប្រលោម តែមារយាទក្រោមជង្រុកអាចម៍មាន់

 

លាហើយ ហើយឈប់ពាក់ព័ន្ធ ឈប់ដើរមកជាន់ផ្នូរខ្មោចម៉ែទៀត

ព្រោះកូនធ្វើរឿងចោលម្សៀត ម៉ែខ្មាសខ្មោចញាតិនៅបៀតផ្នូរគ្នា

 

ព្រលឹងដូនតា-មហិមា ក្រហាយចងពៀរនឹងរឿងកូនស្រី

ម៉ែគ្មានពាក្យតបសម្ដី មានតែផ្ដាំថ្លៃមុននិស្ស័យផ្ដាច់

 

ឥលូវម៉ែឈប់បូរបាច់ វាសនាសម្រេច ស្រេចលើកូនចុះ

គុណធម៌នៃមនុស្សស្រីប្រុស គឺអ្នកដឹងខុស ទទួលការពិត

 

បរិសុទ្ធ ឬមួយទុច្ចរិត គង់លាក់លែងជិតនៅថ្ងៃណាមួយ

មនុស្សល្អព្រះនឹងតាមជួយ ជីវិតមានមួយ ស្ទួយបានដោយបុណ្យ។

———-

សៀមរាប

ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០

ត្រូវនឹងថ្ងៃទី១៩ ខែសីហា គ.ស ២០១៦goldenmessg

Made in Cambodia Market

ឆ្លៀតពេលរសៀលបានបន្តិច
មុនពេលថ្ងៃលិចចរយាត្រា
ទៅដើរ shopping នៅក្នុងផ្សារ
ទំនិញត្រៀបត្រាសុទ្ធផន់ខ្មែរ។
 
គេហៅ Made in Cambodia.
អ្នកលក់ជុំគ្នាឡើងអ៊ូអែ
ឃើញអ្នកគ្រូហ្កិចក៏លក់ដែរ
ទំនិញហូរហែក្បែរផ្លូវបត់។
 
ខ្ញុំទៅថតរូបបានដប់ប៉ុស្ដិ៍
ទុកគ្រាន់បង្ហោះផ្សាយជូនគាត់
សូមជួយទិញផងកុំឮមាត់
លក់ដាច់ប្រាកដហត់ក៏សុខ។
 
មានវែក-ចាន-ឆ្នាំង-កន្តាំង-ល្អី
ស្លាបព្រាវែងខ្លី ច្នៃពីស្មុគ
មានល្ពាក់តូចធំ ផាហ៊ុមស្រុក
ថែមទាំងត្បាល់បុក អ្នកស្រុកលើ។
 
ជជែកគ្នាលេង ភ្លេងគេអម
ដន្ត្រីគេសម ចាប់បន្លឺ
សូរសៀងរនាត ស្គររង្គើ
លេងនៅជាន់លើ ធ្នើរទាក់ចិត្ត។
 
មួយសន្ទុះធំ ខ្ញុំក៏លា
ក្រោយសាសងគ្នា រណ្ដំស្អិត
មកផ្ទះទីទៃ លៃលកត្បិត
post ជូនដូចចិត្តគិតម្សិលមិញ។
 
និស្សិតស្រីប្រុសបើឃើញហើយ
កុំនៅកន្តើយ សូមជួយទិញ
ឥវ៉ាន់ខ្មែរយើងលក់ពាសពេញ
ខ្ញុំទៅម្សិលមិញសប្បាយណាស់។
———-
លឹម វីរីយ៉ា
សៀមរាប ថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា គ.ស ២០១៦

លោកសំគិះ

ទោះបីលោកនេះ សំគិះក្រៃ

ភពមនុស្សចង្រៃ ប្រល័យគ្នា

ក៏ខ្ញុំទ្រាំរស់ ឈ្លោះមេឃា

ស្វែងយល់ធម៌ព្រះ ឈ្នះវេទនា ញញឹមសម្លាប់ ផ្កាប់ពួកមារ

សម្លឹងឲ្យធ្លុះ ពុះវេរា  មុននឹងហារមាត់ ផ្ទាត់ពាក្យលា

ស្វែងរំដោះពៀរ វៀរផុតគ្រោះ។

៚—–

(បទពាក្យ៧ បែបរ៉េប)

លឹម វីរីយ៉ា

ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍  ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០

ត្រូវនឹងថ្ងៃទី១៤ ខែសីហា គ.ស ២០១៦

IMG_2885

អនុស្សាវរីយ៍បះសក់

រំឭកខែមុន តូចតន់ ទៅក្រុងវៀងចន្ទន៍

វេលាត្រូវប៉ាន់ សំខាន់សប្បាយភ្លេចដេក

ឆើតឆាយចាយឫក នឹកឡើងស្រណោះខ្លួនពេក

ផ្កាយរះភ្លឺផ្លេក មើលមេឃ តែដេកមិនលក់។

 

រំឭករឿងចាស់ សប្បាយណាស់ ឮហើយចង់សើច

រឿងអស់សំណើច ថាសើច ឡើងទឹកមាត់ឈ្លក់

មានគ្រប់រសជាតិ ភ្លាត់ស្នៀតថែមដល់ធ្លាក់ភក់

យន្តហោះគម្រក់ វាស្ទក់ហោះឡើងមិនរួច។

 

រំឭកកាលហ្នឹង ព្រលឹង មិនដឹងទៅណា

នៅលើវេហា អ្នកណា សប្បាយឡើងក្អួត?

ឮសូរវ៉កវ៉ក ខកចិត្ត អ្នកខំប្រឹងអួត

ពីឡុតចម្កួត ប្រកួតឆ្កួតលើមេឃខ្ពស់។

 

យានចុះដល់ដី អូនស្រីដូចបានចាប់ជាតិ

អរគុណព្រះទៀត ខំឆ្លៀតរក្សាឲ្យរស់

អាឡាវអ៊ែរឡាញ បំផ្លាញដោយទាំងកិត្តិយស

ស្ដាប់ទៅពិរោះ តែហួសនិស្ស័យលែងផ្សង។

 

សូមស្លេះត្រឹមហ្នឹង ដំណឹងដ៏សែនរន្ធត់

ជារឿងតក់ស្លុត ដែលផុតស្លាប់ដូចបំណង

គ្រាន់តែផ្ដាំទុក ក្រែងអ្នកក្រោយច្រឡំប៉ង

ស្គាល់គ្រានេះម្ដង អូនផ្សងលែងចង់ជួបហើយ។

———-

លឹម វីរីយ៉ា

ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៌ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃ ១៤ សីហា គ.ស ២០១៦

បើសិន…

img1470067375648

បើសិនជើងមេឃនៅជិតដៃ
ម្លេះអស់អាល័យតាំងពីយូរ
បើសិនសមុទ្រមានរសជូ
ម្លេះខ្ជិលតស៊ូនាំសាំចិត្ត។

បើសិនព្រះខែក្ដៅដូចថ្ងៃ
ម្លេះសមដួងចៃថ្លៃលែងស្និទ្ធ
បើសិនសុរិយារះពីលិច
ម្លេះម្នឹះគ្មានល្បិចច្បិចប្រហារ។

បើសិនហ្វូងផ្កាយរះលើដី
ម្លេះជនប្រុសស្រីអស់ស្នេហា
បើសិនពេលយប់បាត់ចន្ទ្រថ្លា
នោះគេហៅថាខែរនោច។

រាត្រីដែលសួរ គ្មានអ្នកស្ដី!

លឹម វីរីយ៉ា

love 02

 

បណ្ដាញសមាគមស្ត្រី

IMG_4735

ខ្សែជីវិត គិតឲ្យដល់ ខ្វល់តែម្យ៉ាង

ព្រេងសំណាង សាងដោយព្រះ ឈ្នះដោយមនុស្ស

បើច្រអូស ខុសពីក្បួន ជួនអាចធ្លុះ

ចូរស្ទាស្ទុះ លុះធម្មា វៀរឈ្នះទុក្ខ។

 

កើតជាស្រី ន័យរុងរោចន៍ ដូចឥន្ទធនូ

ប៉ិនគិតគូរ ស៊ូការងារ ជាបន្ទុក

មិនទន់ជ្រាយ ងាយសង្វាត ឆ្លាតនាំមុខ

ចេះផ្ដាក់ទុក ស្ដុកដោយទ្រព្យ ផ្គាប់សិរី។

 

ជាស្រីខ្មែរ ថែចរិយា ប្រាថ្នាយស

កេរ្ដិ៍ខ្ពង់ខ្ពស់ រស់ដោយសក្ដិ ថ្នាក់ប្រពៃ

កុលធីតា ខេមរាជាតិ ឆ្លៀតលកលៃ

សាងតម្លៃ ច្នៃកិត្តិយស ជួសប្រឹថពី។

 

សមាគម ឃុំដោយច្បាប់ ត្រាប់បណ្ឌិត

ឈ្មោះហៅពិត ក្រិត្យក្រមការ ថានារី

សហគ្រិន ប៉ិនធុរកិច្ច ច្បិចរកស៊ី

ចងសាមគ្គី មីរមូលផ្ដុំ ផ្គុំជំនួញ។

 

សូមបុរស ខ្ទាស់បេះដូង ឈោងដៃផង

គ្រានេះម្ដង ក្រងជោគជ័យ ស្ត្រីជួញ

ភពផែនដី លៃលកភេទ ច្បេតពង្រួញ

រឿងទំនួញ ទួញយំសោក ក្រោកបញ្ឈប់។

 

ស្នើបង្អួត ត្រួតបង្ហាញ បណ្ដាញយើង

ស្រ្តីថ្កើង ចើងចរចា លក្ខណាគ្រប់

មិនមែនឆ្មើង ឡើងកន្ទ្រើង ពើងដល់ងប់
ស្ម័គ្រនាំមុខ សុខតាមក្រោយ ដោយមង្គល។

 

សូមសង្ខេប បែបសារខ្លី ន័យមិនជ្រៅ

ចង្អុលទៅ នៅតែគិត ស្ថិតរឿងថ្មី

ល្បើកបុរាណ ស្មានរំឭក នឹកទ្រឹស្ដី

ច្បាប់ស្ត្រី ស្ដីសាធារ ជារឿងខុស។

 

សូមជំទាស់ ខ្ទាស់នឹងច្បាប់ ចាប់ចងសិទ្ធិ

ស្រ្តីពិត ស្ថិតនៅនា គ្រាស្មើប្រុស

យុគសម័យ ថ្លៃប៉ុនគ្នា ជាចម្រុះ

សូមសណ្ដោស ប្រោសយោគយល់ ដល់ស្រីផង។

 

សូមប្រឆាំង ច្បាំងនឹងពាក្យ ច្រៀកជាក្បួន

តាមសំនួន ជួនគេពោល បូលត្រសង

ថាស្ត្រី ថ្លៃថ្នូរបាន ចង្រ្កានផង

គ្រានេះម្ដង ប៉ងឲ្យជ្រាប រៀបរឿងថ្មី។

 

សូមមេត្តា ចារប្រវត្តិ កត់ចាំទុក

ជាទំនុក ស្រុកខេមរា រអាស្រី

នាងរឹងមាំ ទ្រាំប្រយុទ្ធ ទ្រុតបាក់ដី

ទោះដល់ក្ស័យ ក៏ស្ត្រី ឈ្នះជានិច្ច!

———-

ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

សៀមរាប,

ថ្ងៃពុធ ១៥រោច ដាច់ខែអាសាឍ (ស្អែកចូល១កើត ខែស្រាពណ៍) ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ.ស ២០១៦