Tag Archives: Food

ទៅញ៉ាំមីហឹរ…

ថ្ងៃនេះបងយ៉ាញ៉ាំមី​ 🍜
អាហឹរប្រាំពីរ​ជំនាន់ដូនតា
ពីរនាក់អូនលក្ខិណា​
និយាយពីថា​ វាហឹរស្រិចស្រក់
ទឹកភ្នែកបងយ៉ាហូរដក់
ធ្លាក់ឮតក់ៗ​ ស្រក់ជោគភក្ត្រា😓
ឃ្លានពេកក្រពះឡើងផ្សា​
ញ័រទាំងហត្ថា​ ឆ្លេឆ្លា​ផ្លុំហុត
មួយភ្លែតអាឃ្លានទៅផុត​
ចូលវគ្គស្រយុត​ ស្លុត​ស្លុងដួងចៃ😢
ព្រោះខ្ជឹលញ៉ាំបាយពីថ្ងៃ​
ដល់ល្ងាចលោភឆី​ មានអី? លេបថ្នាំ!💊
ពេទ្យតឿនមិនដែលចេះចាំ
អារឿងឃ្លានញ៉ាំខុសម៉ោងខុសផ្លូវ🕚🕞
ថែមម្ទេសហឹរឆេះសន្ធៅ🔥
ដល់តែអីចឹងទៅ​ សូវដេកស្រណោះ😷
ទ្រាំឈឺមុខឡើងចង់ខ្សោះ😰
ញញឹមក្រៀមក្រោះ​ បង្ហោះហ្វេសប៊ុគ(1)😬
សន្យាខ្លួនឯងថ្ងៃមុខ
ឈប់សន្សំទុក្ខ​ អារឿង​ច្រំដែល
ពីរនាក់ប្រហាក់ប្រហែល
ក្រពះក្រវ៉ែលចង់រត់ចេញក្រៅ
ដោយសារអាហារសែនក្ដៅ🍲
ទម្លាក់ចូលទៅក្រហល់ក្រហាយ
ពីរនាក់អោបពោះខ្វល់ខ្វាយ
ម្នាក់ព្រោះឆីស្វាយ​ ម្នាក់បាយខុសម៉ោង
នាំគ្នាអង្គុយចំកោង
អ្នកបាយខុសម៉ោង​ តោងអ្នកឆីស្វាយ
សូមស្លេះឈប់អភិប្រាយ
សូមសម្រាកកាយ​ ស្ដាយម៉ោងសុបិន😴
យប់ហើយណា៎ខ្ញុំគេងសិន
ឱ្យក្រពះកិន​ កំដរដង្ហើម😣
ចាំស្អែកបើកភ្នែកជ្រែកផ្ដើម
ចាំរកពេទ្យឆ្នើម​💉 ព្យាបាលតាមក្រោយ!
——-

(1) បានសរសេរបង្ហោះហ្វេសប៊ុគ មុនមួយថ្ងៃ

លឹម​ វីរីយ៉ា​🌸
០២​ មិថុនា​ ២០១៧

យ៉ា និង លក្ខិណា

បាយថ្ងៃជាមួយលក្ខណា

រំឭកបន្តិច ច្បិចរឿងមួយ
រឿងបាយជាមួយ អូនលក្ខណា
គាត់នាំទៅប៉ាវ ហាងហ៊ឺហា
រសឆ្ងាញ់អស្ចារ្យ អាហារជប៉ុន។

មានទាំងស៊ូហ្ស៊ី មីសួភ្លោះ
ត្រីស្រស់ង៉នហួស ឈ្មោះសាលម៉ុន
បង្គាមឹកឆៅ ក្ដៅអ៊ុនៗ
ថែមបន្លែទន់ មន្ដស្នេហ៍មាត់។

ញ៉ាំឆ្អែតឡើងហល់ សល់តែចាន
អស់លុយប៉ុន្មាន ខានគិតធាត់
ទៅហាងមួយទៀត ឆ្លៀតមិនហត់
ឆាកកំដរមាត់ ហាងទីពីរ។

គេមានការ៉េម ថែមផ្លែដូង
ទឹកកកឈូសយោង ទឹកដូងហ្វ្រី
ទឹកស្ករត្នោតខ្មែរ ថែប្រពៃណីយ
ញ៉ាំដល់ម៉ោងពីរ វីវក់ក្រៃ។

អរគុណពន្លឹក នឹកដល់ម្ចាស់
មួយពេលឌុបក្រាស់ បះសក់ថ្លៃ
លក្ខណ៍ហ្អើយ! បងយ៉ាហល់ទាំងថ្ងៃ
លេបទាំងភិតភ័យ ឆីយ៉ាងហ្នឹង!!!

សូមផ្ញើផុសត៍នេះពីចម្ងាយ
ជូនស្រស់ឆោមឆាយ ក្លាយដំណឹង
ក្រែងចាំមើលផ្លូវ ពៅស្ងាត់ឈឹង
រវល់ម្លឹងៗ នៅតែប្រឹងឆ្លៀត។
——
ពី លឹម វីរីយ៉ា
សៀមរាប
ថ្ងៃសៅរ៍ ទី១០ ខែ កញ្ញា គ.ស ២០១៦

អំបុកចេកទុំ…

អំបុកចេកទុំ…

(បទ ភុជង្គលីលា)

អំបុកស្រូវថ្មីចេកទុំ
កម្លោះក្រមុំ បន្ទុំចិត្តនឹក
បានឆីស្រម៉ៃឡើងភ្លឹក
ពីយប់ដល់ព្រឹក រឭកមិនណាយ
ឆីហើយអារម្មណ៍ស្រស់ស្រាយ
លែងនឹកនាបាយ អភិប្រាយទៀត
អំបុកចេកទុំមិនឃ្លាត
អាហារ-សរជាតិរវាតមិនបាន
ទំនៀមខ្មែរពីបុរាណ
រស់សុខក្សេមក្សាន្ត សម្រាន្តដោយស្រូវ
អំបុកនាដើមរដូវ
ក្រអូបពេកកូវ តម្រូវដូងខ្ចី
មានចេកណាំវ៉ាពីរបី
មិនគ្រាន់ទុកឆី ប្រឡែងព្រះខែ
អំបុកមួយចានជូនម៉ែ
នៅសល់ហូរហែ ទុកជូនដល់ឪ
អំបុកឈ្ងុយឈ្ងប់ពេកកូវ
វស្សាផុតទៅ តម្រូវរោងការ
ប្រុសស្រីសមយ័នេះណា
មិនដឹងសាវតារ អំបុកសាក្សី
ដើរតួក្នុងប្រពៃណី
ទម្លាប់ចូលស្តី សិរីនាំមុខ
ត្រូវមានអំបុកឈ្ងុយឈ្ងប់
ដាល់ពីព្រលប់ ស្តីពីព្រលឹម
ហែក្បួនដោយស្នាមញញឹម
ងើយមុខសង្ឃឹម អំបុកក្នុងដៃ
ដល់ហើយមិននៅតថ្លៃ
អំបុកពេញល្អី ស្រមយ័ដូរស្នេហ៍
យាយតាបងប្អូនពុកម៉ែ
ហេហាហូរហែ កន្តែរ៉ែរាំ
គោះស្គរគោះប៉ោតទន្ទ្រាំ
ស្រែកច្រៀងរេរាំ សុំកូនក្រមុំ
រឿងរ៉ាវសង្ខេបត្រឹមម្តុំ
ជារឿងប្រមុំ ប្រមូលចែកញាតិ
អានហើយកុំភ្លេចខ្មីឃ្មាត
រំលែកតទៀត ឲ្យញាតិដឹងផង!
——————————————
ដោយ លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣, ត្រូវនឹងថ្ងៃអាទិត្យ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

ឆាល្ពៅផ្ទះខ្ញុំ

ឆាល្ពៅផ្ទះខ្ញុំ

ថ្ងៃនេះផ្ទះខ្ញុំមានឆាល្ពៅ
ស្នាដៃចុងភៅសែនចំណាន
មកពីធ្វើការដាក់មួយចាន
ចង់ធាត់ប៉ុន្មានមិនខ្វល់សោះ។

ឆាល្ពៅក្តៅៗហៅគ្នាឆី
ស្លឹកខ្ទឹមថ្មីៗបៃតងស្រស់
ច្របល់នឹងលឿងពណ៌ចម្រុះ
ក្លិនឈ្ងុយទ្រុបអស់គួរឲ្យចង់។

អញ្ជើញញាតិមិត្តម្នាក់មួយម៉ាត់
ឆាល្ពៅខ្ញុំណាត់បាយថ្ងៃត្រង់
បើបានជ្រាបហើយកុំបង្អង់
ត្រៀមចានត្រឹមត្រង់ប្រយត្ន័អស់។

មានទាំងវីតាមីនច្រើនអនែក
ជួយដល់កែវភ្នែកនិងសម្រស់
ញ៉ាំជាប្រចាំកុំឲ្យខុស
ត្រឹមតែប៉ុណ្ណោះងាយរកណាស់។

ឆាល្ពៅអាហារស្រុកខាងលិច
ផ្សំគ្រឿងតិចៗល្បិចចាស់ៗ

បញ្ឆោតក្មេងៗរើសម្ហូបផ្ដាស់

ឆាល្ពៅល្អណាស់ច្បាស់ជាឆ្ងាញ់។
——————————-
លឹម វីរីយ៉ា
សៀមរាប, ថ្ងៃអង្គារ៍ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

នំបញ្ចុកខ្មែរ…

នំបញ្ចុកខ្មែរ...

នំអ៊ើយនំខ្មែរថែសាវតា
នំពីដូនតាឆីមិនណាយ
បានភ្លក្សពិតឆ្ងាញ់សើចក្អាកក្អាយ
នំស្រាវចង្វាយហៅបញ្ចុក។

រសជាតិគួរគាប់ជាប់ចិត្តក្រៃ
រសជាតិស្នាដៃខ្មែរបុរាណ
ចេះស្លចេះស្លុកយ៉ាងថ្កើងថ្កាន
មួយចានពីរចានជូនមិនថ្វី។

មានទាំងប្រហើរ និង ការី
ញាតិមិត្តមូលមីររើសតាមចិត្ត
អន្លក់ខ្ចីស្រស់ហាន់ឡើងល្អិត
ធ្វើល្បោយលោមស្និទ្ធឆ្អិតជាប់មាត់។

បញ្ចុកនំខ្មែរស្រុកស្រែក្រុង
ត្រៀមចាំបំរុងដោយចិត្តស្មោះ
ជប់លៀងជុំញាតិឆ្ងាញ់មិនទាស់
អញ្ជើញចូលចុះតាមត្រូវការ។

ឃើញនំបញ្ចុកនឹកដល់ម៉ែ
នឹកដល់ស្រុកស្រែទីកំណើត(១)
អនុស្សាវរីយ៍តាំងពីកើត
អាហារកំណើតភ្លេចមិនបាន។

(១) ចេះតែសរសេរហ្អេ តាមពិតខ្ញុំកើតនៅក្នុងក្រុងសោះ!
————————————-
ដោយ លឹម វីរីយ៉ា
សៀមរាប, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣