Tag Archives: កំណាព្យ

តើ Met Gala គឺជាអ្វី?

អ្នកដែលធ្វើកិច្ចការងារក្នុងវិស័យច្នៃម៉ូដ វិស័យសិល្បៈសម្ដែង ឬសិល្បៈពាក់ព័ន្ធផ្សេងៗ ប្រហែលមិនសូវរំលងព័ត៌មាននេះទេ គឺព្រឹត្តិការណ៍ Met Gala ដ៏ល្បីល្បាញក្នុងពិភពលោក ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសប្រាក់ជួយទ្រទ្រង់ ក្នុងវិស័យសម្លៀកបំពាក់។

“Met”ជាអក្សរកាត់ខាងដើមនៃពាក្យថា “Metropolitan” ដែលជាឈ្មោះសារមន្ទីរសិល្បៈដ៏ធំមួយឈ្មោះពេញហៅថា “Metropolitan Museum of Art” ស្ថិតក្នុងតំបន់  មេនហាត្ដាន (Manhattan) ទីក្រុង ញូយ៉ក នៃសហរដ្ឋអាមេរិក។

រូបថតសារមន្ទីរសិល្បៈមាតុធានី (Metropolitan Museum of Art) Source from : https://en.wikipedia.org

វាជាកន្លែងដែលមានមនុស្សដើរណែនណាន់តាន់តាប់ យ៉ាងមមាញឹកបំផុត ហើយក៏ជាកន្លែងផ្ដុំទៅដោយការបង្ហាញម៉ូដសម្លៀកបំពាក់ គ្រឿងអល័ង្ករណ៍ ម៉ូដសក់ ម៉ូដទ្រនាប់ជើងប្លែកៗទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នករចនាម៉ូដ។ ជារៀងរាល់ថ្ងៃ គឺគ្មានលើកលែងថ្ងៃណាទេ ដែលទីនោះ មានមនុស្សតែងតួ ចម្លែកៗ ដើរចុះឡើង ប្រសេចប្រសាច ដែលវាក្លាយជាទម្លាប់ធម្មតារបស់ប្រជាជនរស់នៅតំបន់នោះទៅហើយ។

រូបថតពីលើអាកាស នៃតំបន់ មេនហាត្ដាន ក្រុងញូយ៉ក | By Anthony Quintano – Flickr

សារមន្ទីរសិល្បៈមាតុធានី (Metropolitan Museum of Art) ជាសារមន្ទីរដែលដាក់តាំងគ្រប់វត្ថុសិល្បៈតម្រៀបគ្នាតាមលំដាប់លំដោយ។

មហោស្រព Met Gala ដែលមានឈ្មោះជាផ្លូវការថា “គុណប្រយោជន៍នៃវិទ្យាស្ថានសម្លៀកបំពាក់” (Costume Institute Benefit) ធ្វើឡើងក្នុងគោលដៅធំបំផុត គឺការប្រមូលថវិកាពីបណ្ដាអ្នកមាន មហាសេដ្ឋី បុគ្គលល្បីៗក្នុងវិស័យបង្ហាញម៉ូដ យកទៅជួយដល់សារមន្ទីរសិល្បៈ Metropolitan នោះ។ រីឯពាក្យថា “Gala” ប្រែថា “មហោស្រព” ឬ “មហាសមោសរ” ដែលធ្វើឱ្យមនុស្សសប្បាយភ្លើតភ្លើន ក្នុងបរិយាកាស ដែលមានការតុបតែងណែងណង ឆើតឆាយ រុងរឿង។

តារាបង្ហាញម៉ូដ ដែលបានទៅចូលរួមក្នុង Met Gala កាលពីថ្ងៃទី ៨ ឧសភា ២០២៤ | រូបថតរបស់ទស្សនាវដ្ដី Vogue | Source: https://www.vogue.com

“Met Gala” ត្រូវ​បាន​គេ​ចាត់​ទុក​​ថា​ជា​ព្រឹត្តិការណ៍​ម៉ូដ​ដ៏​មាន​កិត្យានុភាព និង​អស្ចារ្យ​បំផុត​របស់​ពិភពលោក។ តារាបង្ហាញម៉ូត អ្នកច្នៃម៉ូដល្បីៗ តារាសម្ដែង តារាភាពយន្ដ អ្នកច្រៀង អ្នករាំ អ្នកកីឡា អ្នកជំនួញ អ្នកនយោបាយ…។ល។ អាចទៅបង្ហាញខ្លួន បង្ហាញម៉ូដ យោងទៅតាមប្រធានបទដែលកម្មវិធីប្រកាសមុន។ ពួកគេ អាចទាញប្រយោជន៍ពីព្រឹត្តិការណ៍នោះក្នុងការផ្សាយពាណិជ្ជកម្មពីខ្លួនឯង ឬផលិតផលខ្លួនឯង ឬអ្វីផ្សេងទៀត ដែលគេចង់ឱ្យល្បី។ នរណាក៏អាចចូលរួមបានដែរ ឱ្យតែគេមានសេចក្ដីក្លាហាននឹងទៅ។ ហើយអ្នកដែលលេចធ្លោរ នឹងត្រូវបានចុះផ្សាយដោយទស្សនាវដ្ដីបង្ហាញម៉ូដ “Vogue”។

តម្លៃសំបុត្រសម្រាប់ ទៅឈរត្រេងត្រាងនៅលើកម្រាលព្រំក្រហម ឱ្យគេថតរូបផ្សាយ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ឥតចុះវិញសោះ។ កាលពីឆ្នាំ ២០២៣ តម្លៃសំបុត្រ ១សន្លឹកតែ US$ 50,000 ទេ (៥ម៉ឺនដុល្លារ) ប៉ុន្តែក្នុងឆ្នាំ ២០២៤ នេះ តម្លៃសំបុត្រ គឺឡើងដល់ US$ 75,000 (៧ម៉ឺន ៥ពាន់ដុល្លារ) ក្នុង១សន្លឹក។ សូមបញ្ជាក់ថា Met Gala (ឬឈ្មោះផ្លូវការ Costume Institute Benefit) ធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងចំថ្ងៃចន្ទដំបូងគេ នៃខែឧសភា លើកលែងតែក្នុងឆ្នាំ ២០២១ គេលើកទៅធ្វើក្នុងខែកញ្ញា ដោយមូលហេតុវិបត្តិ Covid-19 កាលណោះ។

អ្នកដែលអាចចូលរួមបាន គឺរាប់បញ្ចូលស្ទើរតែគ្រប់វិស័យ សូម្បីតែអ្នកមិនមានអាជីពក្នុងវិស័យសិល្បៈក៏ដោយ ឱ្យតែមានលុយអាចទិញសំបុត្រចូលរួម ហើយមានភាពជឿជាក់លើខ្លួនឯង គឺសូមចុះឈ្មោះទៅចុះ។ យ៉ាងណាក៏ដោយ អ្នកដែលមានលុយជះលើតម្លៃសំបុត្រដែលស្មើនឹងផ្ទះវិឡាកូនកាត់មួយនៅភ្នំពេញទៅហើយនោះ ច្បាស់ជាមិនមែនមនុស្សម្រៀលៗទេ។

កន្លែងទទួលទានអាហារពេលល្ងាច ក្នុងសមោសរ Met Gala 08 May
2024 | រូបថតពី https://www.vogue.com

ដូច្នេះ ប្រសិនបើ លោកអ្នកនាង កញ្ញា ដែលដឹងថាខ្លួនឯងមិនសូវមានសមត្ថភាពអ្វីក្នុងវិស័យផលិតថ្មី តែចង់ល្បី សូមជ្រើសរើស ចូលរួមក្នុង Met Gala វិញ នោះនឹងគ្មានការរិះគន់ទេ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ ក្នុង Met Gala 2024 នាង “Kim Kardashian” ដែលពិភពលោកទាំងមូលស្គាល់ថាជាមនុស្សសម្បូររឿងអាស្រូវ សម្បូររឿងបំពុលសង្គមផុតលេខ ក៏នៅតែត្រូវបានទស្សនាវដ្ដីចុះផ្សាយព្រោងព្រាត ដោយសារតែម៉ូដសម្លៀកបំពាក់របស់នាង តឹងហួសហេតុ រហូតដល់ អ្នកទស្សនាឃើញហើយ ថប់ដង្ហើមជំនួសគ្រប់ៗគ្នា និងមានមតិរិះគន់ព្រោងព្រាតជុំវិញម៉ូដសម្លៀកបំពាក់របស់នាង ថាវាជាម៉ូដដែលគ្មានផាសុកភាពទាល់តែសោះ។

នាង Kim Kardashian ជាមនុស្សអសមត្ថភាពក្នុងវិស័យសិល្បៈ ប៉ុន្តែនាងសម្បូរលុយ ដែលបានមកពីមុខរបរលក់ផលិតផលផ្សេងៗ តាមអ៊ីនធើណិត និងបង្កើតព័ត៌មានបំពុលសង្គមញឹកញាប់ជាងគេ ក៏ទីបំផុតអាចល្បីល្បាញដោយសារតែ Met Gala នេះដែរ។

រូបថតនាង Kim Kardashian ក្នុងអំឡុងមហាសមោសរ Met Gala 08 ឧសភា 2024 |
| សម្លៀកបំពាក់របស់នាងមានមតិរិះគន់២យ៉ាង ទី១ គឺភាពតឹងណែនហួសហេតុ ដែលអាចបណ្ដាលឱ្យខូចសរីរាង្គតម្រងនោម ឆ្អឹងខ្នងចង្កេះ និងមើលទៅធ្វើឱ្យស្ត្រេសខ្លាំង មួយទៀតគឺអាវនាង ដូចក្រណាត់ជជុះដែលគេទុកជូតជើង។ មិនដឹងថាជាចេតនានាង ចង់ឱ្យគេរិះគន់ ដើម្បីល្បីឬយ៉ាងណា ព្រោះកន្លងមក នាងតែងធ្វើរឿងឆ្កួតៗឡប់ៗមិនស្វាង ដើម្បីបានល្បីឈ្មោះ
Source from: www.vogue.com
រូបថតនាង Rihanna and Rocky ដែលបានទៅចូលរួម មហោស្រព Met Gala 2023 | រូបថតពី Getty Images តាមរយៈទស្សនាវដ្ដី Vogue

ក្នុងបរិបទនេះ ដោយយោងទៅលើព្រឹត្តិការណ៍កំពុងតែល្បីល្បាញនៅកម្ពុជា ពាក់ព័ន្ធនឹងតារាខ្មែរខ្លះ ដែលមិនយល់ពីគោលគំនិតរួមនៃកម្មវិធីអន្តរជាតិ រហូតបណ្ដាលឱ្យមានការរិះគន់ផងនោះ ខ្ញុំក៏សូមបញ្ជាក់ផងដែរថា “មហោស្រពអក្សរសិល្ប៍” ជាកន្លែងប្រកួតប្រជែងស្នាដៃតែងនិពន្ធ ប្រលោមលោកវែង ខ្លី កំណាព្យ ផ្សេងៗ ។ល។ “មហាស្រពចម្រៀង” ជាកន្លែងដែលតារាចម្រៀងទៅបញ្ចេញសមត្ថភាពឬទទួលពានរង្វាន់ ។ “មហោស្រពគំនូរ” ជាកន្លែងដែលវិចិត្រករ ទៅបង្ហាញស្នាដៃគូររូបរបស់គេ។ “មហោស្រពរូបថត” ជាកន្លែងជាងថតល្បីៗ ទៅដាក់តាំងបង្អួតស្នាដៃថតរូបរបស់ពួកគេ។

ហើយក្នុងនោះដែរ “មហោស្រពភាពយន្ត” ជាកន្លែងប្រកួតប្រជែងស្នាដៃផលិតភាពយន្ដ។ ចំណែកតួសម្ដែងអាចមានសិទ្ធិខ្លះ និងអត់ខ្លះ ទៅតាមប្រភេទ ឬក្រេឌីតរបស់ផលិតកម្មកុន ដែលពួកគេបានសម្ដែង។

យ៉ាងណាមិញ មហោស្រពភាពយន្ដ ក៏អាចត្រូវបានគេឆ្លៀតឱកាស បង្ហាញម៉ូដខ្លះៗដែរ ប៉ុន្តែ វាមិនមែនជា ទស្សនវិស័យនៃព្រឹត្តិការណ៍ទាំងមូលទេ ដែលវាខុសផ្ទុយគ្នាស្រឡះពី Met Gala។ ដូច្នេះ ប្រសិនបើយើង ស្លៀកពាក់តែងតួ ឬបញ្ចេញកិរិយា ណាមួយ ខុសប្រធានបទឬចាកប្រធាន យើងនឹងក្លាយជាមនុស្សចម្លែក ឬអាចថាជាមនុស្ស មិនមានការយល់ដឹង។

វាប្រៀបដូចជា យើងយកភ្លេងខ្លកខែក ទៅចាក់ពេលហែរជំនូន ហើយយកភ្លេងមហោរី ទៅចាក់ពេលហែរខ្មោចអ៊ីចឹង។ វាភ្លាវណាស់ មិនសមទេ!

ម៉ូដសម្លៀកបំពាក់ដែលត្រូវបានចុះបញ្ជីរក្សាសិទ្ធិម៉ូដច្នៃ បានបង្ហាញកាលពីព្រឹទ្ធិការណ៍ Met Gala 2024 នៅក្រុងញូយ៉ក | រូបថតរបស់ Getty Image
រូបថតពីឆ្នេងមកស្ដាំ៖ JLo-Zendaya-Bad-Bunny-Chris-Hemsworth | រូបរបស់ GettyImages ក្នុងសមោសរ Met-Gala- 5 May 2024

ឯកសារយោង៖ https://en.wikipedia.org/wiki/Met_Gala

បកប្រែនិងសម្រួលដោយ លឹម វិរិយា

កំណាព្យ៖ “សារថ្វាយព្រះអង្គ”


បទ៨ព្យាង្គ

ព្រះអង្គ!
បើសោយបាយមាន់ កុំចោលគូទវា
បើសោយបាយទា កុំភ្លេចទឹកសៀង
បើសោយបុកល្ហុង កុំភ្លេចត្រួយល្ងៀង
សោយឆ្អែតចង់ច្រៀង កុំឮក្រៅវាំង។

បើសោយបាយឆា កុំភ្លេចតែក្ដៅ
បើសោយញាំស្ដៅ កុំភ្លេចត្រួយរាំង
បើសោយខគោ កុំភ្លេចទំពាំង
ឫស្សីក្រៅវាំង កុំភ្លេចដាំផង។

បើសោយនំប៉័ង កុំភ្លេចប្រហុក
បើសោយហហ្មុក កុំភ្លេចក្ដាមខ្យង
បើសោយត្រីដុត កុំភ្លេចអង្ក្រង
សួនក្នុងរបង ប្រយ័ត្នវល្លិ៍ខ្ញែរ។

បើសោយគុយទាវ កុំភ្លេចប៉ែនចុក
សោយបាយម្ចាស់ស្រុក កុំភ្លេចអ្នកស្រែ
ដាក់ឈ្មោះកូនចៅ កុំភ្លេចឈ្មោះខ្មែរ
ទើបយើងអាចថែ ជាតិខ្មែរខ្លាំងបាន។
———-
បទព្រហ្មគីតិ

ព្រះអង្គចូរកុំភ្លេច
ស្រែខាងលិច គេទន្ទ្រាន
រាស្ត្រយើងកំពុងឃ្លាន
គេឈ្លានពាន ដឹកស្រូវចេញ។

រីឯស្រែខាងកើត
អ្នកចូលអើត ផ្តើតទន្ទេញ
ចូលមកចម្លងម្រេញ
ឆ្លងពាសពេញ ដែនបូព៌ា។

រាស្ត្រយើងចាកចោលស្រុក
ឆ្ងាយក្ដីសុខ រស់គ្រាំគ្រា
ឆីបាយឥតស្លាបព្រា
ទុក្ខវេទនា ជាអាហារ។

រាស្ត្រយើងកំពុងទ័ល
ឥតដែលស្គាល់ ក្ដីសុខា
បាត់ដីស្រែចម្ការ
គេបោះត្រា ដូរម្ចាស់ដើម។

មន្ត្រីខ្លះក្បាលខូច
រស់ប្រៀបដូច បិសាចឆ្នើម
បន្លំលបស៊ីថ្លើម
រលួយហើម ពាសនគរ។
————-
បទកាកគតិ

ព្រះអង្គយាងទត មើលសម្បុកខ្មូត
តាមធ្នឹមអង្គរ ដួងព្រលឹងជាតិ
ចង្អៀតពុទ្ធោ អ្នកឆ្មាំស៊ីជោរ
បន្ទរក្បួនខុស។

ព្រះអង្គយាងស្ដាប់ សំឡេងឈឺចាប់
រាស្ត្រយើងប្រាប់ចុះ ថ្លែងសារពិតទូល
ដីផុងដីស្លុះ អ្នកណាត្រូវខុស
គ្មានអ្នកការពារ។

ព្រះអង្គយាងយាស ឱ្យពាល់ដល់រាស្ត្រ
ច្បាស់នឹងដឹងគ្នា មន្ត្រីណាខូច
មួយណាល្អជា រាស្ត្ររងវេទនា
ជារឿងត្រូវខ្វល់។

ព្រះអង្គយាងគិត ទៅទតឱ្យជិត
រឿងពិតឥតកល កុំភ្លេចក្បួនប្រាជ្ញ
ជួយដោះបន្ទាល់ គឺប៉ះឱ្យដល់
ពាល់ឱ្យដឹងផ្លូវ។

———

បទភុជង្គលីលា

ព្រះអង្គ! បើសោយក្រយា កុំភ្លេចនឹកថា អ្នកណាដាំស្រូវ។

ស្រែខ្មុកនៅស្រុកម៉ែឪ វស្សានរដូវ រណ្ដំជាំជោក។

ខំប្រឹងដាំដុះគរគោក តែបាយមួយស្ពក រកដោយពិបាក។

ព្រោះសងបំណុលឥតស្រាក ជីវិតតោកយ៉ាក គេខាកគេស្ដោះ។

ទឹកភ្នែករែកមិនពេញសោះ ហូរចេញឡើងខ្សោះ ស្ទើរខ្វាក់នេត្រា។

អ្នកក្រស្រែកបន់ទេព្ដា សំឡេងឥតការណ៍ រំពងមិនឮ។

ដេកយប់បារម្ភមេឃភ្លឺ ថ្ងៃរះព្រួចព្រឺ ភ័យខ្លាចអត់បាយ។

ជំពាក់រុំកោះជិតឆ្ងាយ បំណុលស្រោបកាយ ក្លាយត្រីវិស័យ។

ចង្អុលទិសណាក៏ក្ស័យ បន់យប់បន់ថ្ងៃ សូមត្រឹមតែរស់។

ព្រះអង្គជាស្ដេចពេញយស មានងារពីរោះ ឈ្មោះល្បីខ្ទ័រខ្ទារ។

សូមកុំទុករាស្ត្រប្រជា ឱ្យរស់គ្រាំគ្រា វេទនាទៀតថ្វី។

នគរថ្កើងប្រជាប្រិយ លុះត្រាប្រុសស្រី មានសិរីថ្កាន។

អំណាចព្រះអង្គប៉ុន្មាន បើរាស្ត្រក្ស័យប្រាណ បានអ្នកណាទ្រ?

ច្នេះហើយ មេត្ដាផ្លាស់ប្ដូរ គ្រោងការណ៍នគរ យករាស្ត្រផ្ចិតផ្ចង់។

ជីវិតខ្លីណាស់ ព្រះអង្គ! ឈើវៀចឈើត្រង់ គង់តែឆេះសុស។

ជីវិតមានត្រូវមានខុស ចុងក្រោយចំណុះ ឱនមុខយមបាល។

សូមកម្ពុជាកណ្ដាល រក្សាក្រាស់ក្រាល ដោយថ្នាលសន្តិ។

លឹម វិរិយា

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមេសា គ.ស. ២០២៣


រូបថតអនុស្សាវរីយ៍ ក្នុងកម្មវិធីមហោស្រពអក្សរសីល្ប៍និងកំណាព្យអន្តរជាតិ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម ឆ្នាំ ២០១៩
រូបគំនូរបង្ហាញពីជនភៀសខ្លួនខ្មែរ ដែលដាក់តាំងបង្ហាញ នៅក្នុងសាលនៃអ្នកឈ្នះ ជ័យលាភីអាហារពិភពលោក (World Food Prize Hall of Laureates) នាទីក្រុង ឌែសម៉ញស៍ (Des Moines) រដ្ឋអៃអូវ៉ា (Iowa) សហរដ្ឋអាមេរិក។

វិដេអូកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស”

សំឡេងកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស” | បទ៧ព្យាង្គ | អំណានបែបធម្មតា

——–

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ រស់នៅកុំស្ពាយចិត្តឥច្ឆា

មនុស្សសត្វលើលោកគ្រប់អាត្មា មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ កុំបាច់ទោម្នេញនាំរឿងខុស

ឈ្លោះនឹងជនពាលនាំអាប់យស ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ កុំមើលបំណាំត្រូវបណ្ដាក់

ការងារធ្ងន់ស្រាលជួយលើកដាក់ រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច

ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ ចំណេះសន្សំគ្រប់វេលា

កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់

សន្សំប្រាក់ខែត្រៀមពេលខ្វះ យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ សន្ដានមិនឃ្លាតទាំងស្រីប្រុស

រាប់ដោយសច្ចៈកុំតើយតោះ បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា កូនត្រូវចាំថានាងល្អចិត្ត

ល្អទាំងអម្បូរពូជសុក្រឹត ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ ជាមន្រ្តីហំ ចូរកុំស្ដាយ

លះបង់ប្រយោជន៍ក្ដៅក្រហាយ នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច ថ្ងៃរះហើយលិចរាល់ទិវា

ជីវិតនៃមនុស្សក៏ដូចគ្នា សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់

ជីវិតនៅរស់ ឲ្យគេត្រាប់ រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់ ប៉ុន្តែសូមឈប់អភិប្រាយ

ម៉ែខ្លាចកូនប្រុសមិនសប្បាយ ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់ ជួយរក្សាយសឈ្មោះឧត្ដម

ពេញដោយអនុភាពថ្កើងសុខុម មានដល់កូនខ្ញុំរហូតហោង!

______

វិរិយា🌸

ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤

កំពង់ដរ…

មើលឃើញទឹកស្អុយ​ ស្លុយ​អារម្មណ៍​
ដីស្អិត​ដិតជ្រាំ​ ខំ​ត្រដរ​
ទឹកហូរអ្នកមាន​ ប្រៀនអ្នកក្រ
អមកំពង់ដរ​ រង់ចាំស្ពាន។

មើលឃើញដីខ្មៅ​ ដៅក្រោមទឹក
ក្រាលក្អែលល្ងាចព្រឹក​ នឹកអ្នកស្មៀន​
ប្រដៅកោកៗ​ ក្រោកមករៀន
ទន្ទេញ​របៀន ឈានរុងរឿង។

មើលឃើញទឹកហូរ​ ថ្ងូរ​ប្រាប់មេឃ
ទ្រហោយូរពេក​ ស្លេកឡើងកឿង
សាឡាង​ខំកល់​ ដល់ឆ្លងមឿង
បើអ្នកចិត្តសឿង​ សង់ស្ពានផង!
———
លឹម​ វីរីយ៉ា​🌸
ភ្នំពេញ​ ១១​ វិច្ឆិកា​ ២០១៨

46102166_10215910565213446_7644941851580956672_n

ជើងមេឃខាងលិច…

ជើងមេឃ ស្លេកពណ៌ ញ័រដល់បេះដូង
យល់សប្ដិយល់សូង អន្ទងតែឈ្មោះ
សុបិនក្រៅស្រុក ខ្មុកស្រែថែយស
ថ្កើងថ្កានពីរោះ ព្រោះនាមឈាមខ្មែរ។

ជើងមេឃខាងលិច ច្បិចចង់ដង្ហោយ
បង្ហើបស្រើបដោយ ល្បោយរសឥតប្រែ
ល្បួងលួងដោយល្បិច ស្រិចៗគង់តែ
របូតបាត់ស្នេហ៍ ចែចង់បង់ស្នៀត។

ជើងមេឃពណ៌ខៀវ រងាវ ងូវៗ
រងំតាមផ្លូវ តម្រូវឲ្យបៀត
រដូវត្រជាក់ អ្នកអ៊ើយសូមឃ្លាត
រស់នៅមួយជាតិ ឆ្លៀតដើរមួយជុំ។

ជើងមេឃឥតខ្យល់ ខ្វល់ខ្វាយស្ដាយស្រុក
ស្រងែដុះជុក ទុកស្រូវឲ្យទុំ
ទំពាំងលាស់ត្រួយ ជួយឫស្សីគុម្ព
អ្នកអ៊ើយកុំយំ ខ្ញុំសូមលាហើយ។
———
លឹម វីរីយ៉ា🌸

ថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា គ.ស ២០១៨

11111111

គ្រូបង្រៀនស្រុកស្រែ

ជាគ្រូបង្រៀននៅស្រុកស្រែ
គ្មានទេប្រាក់ខែដុល្លារធំ
មានតែក្រដាសគរដូចភ្នំ
សៀវភៅជិតជុំសុទ្ធរហែក។

ជាគ្រូបង្រៀនប្រៀនអ្នកក្រ
រស់ទាំងត្រដរកំដរស្អែក
សង្ឃឹមធូរធារជារឿងប្លែក
សូមត្រឹមតែស្អែកមានបាយឆី។

ជាគ្រូបង្រៀនគ្មានមាសប្រាក់
ទឹកភ្នែកអួលអាក់ស្លាក់អាល័យ
ធ្វើការធ្ងន់ពេកដូចរែកដី
កម្លាំងល្ហិតល្ហៃឆីតែសៀង។

ជាគ្រូបង្រៀនរៀនតែស្មោះ
ស្ម័គ្រត្រង់បង់អស់ដោះពាក្យទៀង
ចុះបើទ័លម្លឹងប្រឹង ក ផ្អៀង
ទោះខំស្រែកច្រៀងក៏ឥតន័យ។

ជាគ្រូស្រុកស្រែ ថែសាលា
គិតគូរអាសា ត្រាមិនថ្លៃ
បោះពុម្ពក្រយៅដៅដប់ថ្ងៃ
គេទុកធ្វើហីមិនខ្ចីពាល់។

ជាគ្រូបង្រៀនស្មៀនត្រឹមកាព្យ
សរសេរកំណាព្យក្រាបមិនដល់
មិនចេះបញ្ជោរបន្ទរផ្ទាល់
ការទូតគូថទាល់ស្គាល់តែក្រ។

ជាគ្រូបង្រៀនប្រឹងរៀនរស់
ក្រែងស្លាប់ជាប់ឈ្មោះហួស ក ខ
មិនដូចគេក្រុងស្លុងអំណរ
ជាប់ជាតិល្អៀត-ត ល្អឡើងភ្លឹង។

ជាគ្រូស្រុកស្រែ ក្បែរគល់ត្នោត
គេដៀលថាឆោត កោតតែប្រឹង
លក់ស្រែមួយហិច ៣តម្លឹង
បើក្រម្លឹងៗ ដឹងយ៉ាងណា។

ចង់បន់ព្រះជួយ រំអួយខ្លះ
ក្រែងព្រះអង្គម្ចាស់ ឆ្លាស់វាសនា
បានកាន់ការងារជាមហា
មានទាំងប៉ាកា ចារបានលិឍ។

តែណ្ហើយ! បំភ្លេច ធ្មេចដេកសិន
ទាំងថ្ងៃសុបិន មិនអាចពិត
ព្រហ្មលិខិតចារ ត្រាអម្រឹត
បានចែងរឿងពិត ដិតពេញក្រាំង។

ជូនពរខ្លួនឯង ថ្លែងដោយស្មោះ
សូមឆាប់រំដោះ អស់ពៀរច្បាំង
ឈ្មោះជាគ្រូម្នាក់ លាក់កំបាំង
រស់នៅប្រឆាំងនឹងការពិត។

សូមឲ្យខ្លួនឯង ដូចខ្លែងឯក
មានសៀងដូចដែក ស្រែកគេគិត
មានរូបនៅរស់ ឈ្មោះប្រណីត
ស្លាប់ទៅឲ្យស្ថិត ដិតផ្នូរមាស។
——–
លឹម វីរីយ៉ា
ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា គ.ស ២០១៧

Country Teacher

ស្រែខ្មុក…

កើតមួយជាតិ ធាតុមួយចាន បានឲ្យចាំ
ចាស់លោកផ្ដាំ ចាំកុំផ្ដាស់ ច្បាស់មានជោគ
ចង់ចរចារ ហារចីចី ស្ដីតាមលោក
ធម៌ត្រូវសូត្រ ហូតត្រូវធាតុ ជាតិនៅមុខ។

មុននឹងស្លាប់ ត្រាប់ពាក្យស្លោក ក្រោកតស៊ូ
ដេកកុំយូរ ធូរក្រោយតឹង ដឹងតែសុខ
ស្រុកសាន្តត្រាណ បានផុតត្រើយ ស្បើយតត្រុក
ខ្មែរនឹកស្រុក ខ្មុកពេញស្រែ ថែឲ្យស្រួល។
———
លឹម វីរីយ៉ា
ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា គ.ស ២០១៧

Viriya_at_MI_Flag_Cambodia

ក្រោមភ្លៀងរលឹម…

រលឹមស្រិចស្រក់ កង្កែបយំក្ដក់ ភ្លៀងស្រក់លើ-ទ
តែក្ដៅមួយពែង ដង្ហើមដកវែង ហត់រែងពុទ្ធោ
សំណាងមានទឹក គេថែមជូនផឹក ក្លែមសន្ធឹកផ្គរ
ជីវិតត្រចះ ត្រចង់ពេកណាស់ ច្បាស់ជាវឹកវរ
ឥលូវខ្លួនមួយ រងោករងួយ ជួយមិនដែលថ្ងូរ
ដេកដើរថ្មើរឈរ និយាយមិនភរ មិនយកលុយទេ!
———
កំណាព្យបទកាកគតិ ក្លាយចូលចង្វាក់ Rap
ដោយ លឹម វីរីយ៉ា🌸

18740789_10211677398986936_7564155642895446052_n

ទន្លេបាក់ជ្រាំង ឃាំងទឹកជ្រៅ

មើលទឹករលក បោករលាស់ ផ្លោះរលាម
ខ្ញុំឈរនៅស្ងៀម បៀមស្ងប់ស្ងាត់ កាត់ចិន្ដា
ឃើញទូករំកិល ខ្ជិលសួរនាំ គ្រាំឈឺផ្សា
មនុស្សលោកត្រៀបត្រា ប្រាថ្នាឆ្លង ប៉ងត្រើយម្ខាង។

គុម្ពស្មៅសង្កែ ក្បែរទឹកហូរ ជោរសង្កត់
រស់មិនចេះហត់ ខ្សត់អ្នកថែ ប្រែសំណាង
ទន្លេបាក់ជ្រាំង រាំងទឹកជ្រៅ នៅច្រូងច្រាង
ច្រោះយកដីម្ខាង សាងទុក្ខព្រួយ រលួយវ៉ល់។
———
លឹម វីរីយ៉ា🌸

ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២៤ ខែ មេសា គ.ស ២០១៧

Riverside Phnom Penh, Koh Pich

បន្ទប់វីរីយ៉ា

ស្រណោះក្រោយភ្លៀង សៀងចង្រិតយំ
ច្រេចច្រាចរងំ សូមជ្រកគុម្ពស្មៅ
ពពេចលាក់ពង យោងក្រោមមែកស្ដៅ
ត្រយ៉ងបូលហៅ តាវ៉ៅបូលឆ្លើយ។

ពីជើងមេឃម្ខាង យ៉ាងមានក្ដីសុខ
ភ្លៀងស្រក់តិកតុក ស្រុកខ្មែររំហើយ
ស្អែកដាច់ខែចេត្រ ខេត្តក្រុងប្រុងស្បើយ
ពិសាខដល់ហើយ ឆ្លើយប្រាប់អ្នកស្រែ។
———
លឹម វីរីយ៉ា💐

ថ្ងៃអង្គារ ១៤រោច (យប់នេះដាច់ខែចេត្រ ស្អែក ១កើត ខែពិសាខ) ឆ្នាំរកា នព្វស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា គ.ស ២០១៧

បន្ទប់វីរីយ៉ា