Tag Archives: អក្សរសិល្ប៍

តើ “រឿងខ្លី” ជាអ្វី? | Short Story

រឿងខ្លី មិនមែនមានន័យថា សរសេរឱ្យបានខ្លី នឹងហៅថាជារឿងខ្លីនោះទេ។ ដោយសារតែការយល់ច្រឡំដូច្នេះហើយ ទើបបានជាកន្លងមក មានស្មេរជាច្រើន ដែលបានដាក់ពាក្យប្រកួតរឿងខ្លី បែរទៅយកប្រលោមលោក មកសរសេរសង្ខេបឱ្យខ្លី ដើម្បីបានហៅថាជារឿងខ្លី ដើម្បីដាក់ប្រកួតទៅវិញ។ ដូច្នេះ ឃើញថា នៅមានការភាន់ច្រឡំច្រើនដែរ ជាពិសេស អ្នកដែលមិនសូវបានអានសៀវភៅច្រើន ហើយចាប់ផ្ដើមសរសេរ។

រឿងខ្លី មិនអាចប្រើសូចនករណ៍ជាក់លាក់ណាមួយ មកធ្វើប្រមាណវិធីកំណត់ ឱ្យមានភាពសុក្រឹត្យ១០០%នោះទេ ព្រោះថា ស្ដង់ដារវា អាចប្រែប្រួលទៅតាមបរិបទសង្គម វប្បធម៌ចម្រុះ ខុសៗគ្នានៃវិស័យអប់រំក្នុងជាតិសាសន៍នីមួយៗ។

សម្រាប់ខ្ញុំផ្ទាល់ រឿងខ្លី គឺជារឿងដែលមានប្រវែងអំណាន សម្រាប់អ្នកអាន អាចឆ្លៀតអានបានពីដើមដល់ចប់ ក្នុងថេរវេលា ចន្លោះពី ១០ នាទី ទៅ ២០ នាទី។ អាចនឹងមានរឿងខ្លីខ្លះដែលយើងអានត្រឹមតែ ៥នាទីចប់ ក៏មាន។ រឿងខ្លី មានអត្ថន័យ ខ្លឹមសារ គ្រប់គ្រាន់ ដែលឆ្លុះបញ្ចាំងពី ព្រឹត្តិការណ៍អ្វីមួយ ឬលើសពីមួយ ប៉ុន្តែមិនបែកអូរហូរស្ទឹងច្រើនពេកឡើយ។ វាក៏ឆ្លុះបញ្ចាំងពី តួអង្គណាម្នាក់ ឬលើសពី១នាក់ ប៉ុន្តែមិនច្រើនខ្លាំងដូចប្រលោមលោកទេ។ ជាទូទៅ រឿងខ្លី ដែលទទួលបានការពេញនិយម ច្រើនតែជារឿងដែលអ្នកនិពន្ធ ចាប់ផ្ដើមសាច់រឿងពីពាក់កណ្ដាលទី ហើយបញ្ចប់នៅក្នុងសេចក្ដីផ្ដើមទៅវិញ។ និងរឹតតែធ្វើឱ្យស្នាដៃរឿងខ្លី ល្បីល្បាញខ្លាំង គឺអ្នកនិពន្ធ ពូកែបង្កើតឈុតឆាកនឹកស្មានមិនដល់នៅចុងបញ្ចប់នៃរឿង (Plot Twist) ដែលលក្ខណៈនេះ គេមិនសូវប្រើនៅក្នុងប្រលោមលោកខ្នាតវែង ឬប្រលោមលោកខ្លីទេ លើកលែងតែប្រភេទស៊េរីរឿងស៊ើបអង្កេត។

រឿងខ្លី មានឥទ្ធិពលក្នុងការបញ្ជ្រាបចំណេះដឹងបានល្អជាងរឿងវែង ដោយហេតុថា មនុស្សអានឆាប់ចប់ ធ្វើឱ្យគេចូលចិត្តអាន។ ម្យ៉ាងទៀត ខ្លឹមសាររបស់វា មានន័យគ្រប់គ្រាន់ និងងាយចាប់បាន ឆាប់យល់ ខុសពីរឿងវែង ដែលទាមទារអ្នកអាន ប្រើពេលវេលាយូរ ហើយត្រូវសមាធិក្នុងអំណានផង ព្រោះឈុតឆាកមានច្រើន តួអង្គច្រើន ព្រឹត្តិការណ៍ច្រើនពេក ដែលពិបាកចងចាំឱ្យអស់។ រឿងខ្លី ច្រើនក្លាយជាតួអង្គអក្សរសិល្ប៍ ដែលបង្កប់នូវការអប់រំ និងមានឥទ្ធិពលចំពោះសង្គមជាតិច្រើនជាង បើទោះបីជារឿងខ្លីនោះ ជារឿងប្រតិដ្ឋកែច្នៃក៏ដោយ។

កាលនៅតូច រឿងខ្លី ដែលមានឥទ្ធិពលចំពោះចិត្តគំនិតខ្ញុំខ្លាំង គឺសុទ្ធតែជាកម្រងប្រជុំរឿងព្រេងនិទានរបស់ខ្មែរ ដែលមានស្រាប់តាំងពីយូរលង់ណាស់មកហើយ ដែលដូនតាយើងបានសរសេរចងក្រងទុក ដើម្បីណែនាំកូនចៅជំនាន់ក្រោយ ឱ្យស្គាល់ប្រវត្តិសាស្ត្រ ទីតាំងភូមិសាស្ត្រ នយោបាយ សេដ្ឋកិច្ច វប្បធម៌ …។ល។ សព្វថ្ងៃ ខ្ញុំចូលចិត្តអានរឿងខ្លី ដែលបកប្រែពីបរទេស ព្រោះថា ចិត្តគំនិតអ្នកនិពន្ធខុសៗគ្នា ពីផ្នែកម្ខាងទៀតនៃផែនដីនេះ ធ្វើឱ្យសាច់រឿងមានសភាពប្លែក គួរជក់ចិត្តខ្លាំង។ សង្ឃឹមថា អ្នកនិពន្ធខ្មែរជំនាន់ក្រោយៗ នឹងចាប់អារម្មណ៍បង្កើតស្នាដៃរឿងខ្លី ដែលមានគុណភាព ដើម្បីជាទ្រព្យបន្សល់ទុកក្នុងពិភពអក្សរសិល្ប៍ ឱ្យបានសម្បូរហូរហៀរ ជាចំណីគំនិតប្រាជ្ញាដល់អ្នកបន្ដវេនយើង។

លឹម វិរិយា

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែមករា គ.ស. ២០២៥

កំណត់ហេតុពណ៌ខ្មៅ | My Black Diary

ខ្ញុំគួរតែប្រើពាក្យឱ្យស្រាលជាងនេះថា “កំណត់ហេតុដែលមិនសប្បាយចិត្ត”

ខ្ញុំប្រុងសរសេរអត្ថបទខ្លីមួយ ជាយូរណាស់មកហើយ ដើម្បីក្រើនរំឭកអ្នកនិពន្ធខ្លះ ឱ្យភ្លឺភ្នែក។ ខ្ញុំដឹងថា ពេលដែលខ្ញុំមិនសប្បាយចិត្ត សំណេរខ្ញុំក៏រាងឈ្លើយបន្តិចដែរ ប៉ុន្តែបើខ្ញុំមិនសរសេរទាន់កំពុងខឹង ហើយរង់ចាំដល់ពេលបាត់ខឹង ខ្ញុំនឹងប្ដូរចិត្តលែងសរសេរ ដូចលើកមុនអ៊ីចឹង។ រឿងដដែលៗ ដែលបានកើតឡើងចំពោះខ្ញុំទាក់ទងនឹងអ្នកនិពន្ធ ដែលមោទនភាពនឹងស្នាដៃខ្លួនឯងជ្រុលហួសហេតុពេក។ ខ្ញុំបញ្ជាក់ម្ដងទៀត គឺ អ្នកនិពន្ធដែលមោទនភាពនឹងស្នាដៃរបស់ខ្លួនហួសហេតុពេក ហើយបង្កជាអរិភាពដល់អ្នកដទៃ។

រំឭកឡើងវិញ កាលពីពីរឆ្នាំមុន គឺនៅដើមខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នកនិពន្ធម្នាក់ អាយុប្រមាណជាហាសិប ឬលើសពីនោះបន្តិច បាន Add Friend មកខ្ញុំ។ លុះខ្ញុំចូលពិនិត្យមើល Profile ឃើញថាជាអ្នករៀនសូត្រចេះដឹង ខ្ញុំក៏ទទួលគាត់។ គ្រាន់តែទទួលភ្លាម គាត់ផ្ញើសារមកខ្ញុំភ្លាមតែម្ដង ដោយដំបូងបានសួរខ្ញុំថា៖

 “តើនាងចង់អានសៀវភៅទាក់ទងនឹងរឿងខ្មែរក្រហមទេ” ខ្ញុំក៏តបថា

 “ខ្ញុំចូលចិត្តសៀវភៅខ្មែរក្រហមមែន ហើយក៏បានអានច្រើនមកហើយដែរ”

គាត់ក៏បន្តថា ចង់ជូនសៀវភៅមួយក្បាលមកខ្ញុំ ព្រោះឃើញខ្ញុំនេះជាអ្នកចូលចិត្តការសរសេរ តែងនិពន្ធ និងឧស្សាហ៍ឃើញនិយាយពីសៀវភៅនេះសៀវភៅនោះជាញឹកញាប់។ សៀវភៅរបស់គាត់ គឺជាប្រលោមលោកសក្ខីកម្ម និយាយពីជីវិតគាត់ក្នុងរបបខ្មែរក្រហម។ ដោយហេតុតែខ្ញុំនេះ ចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រ ខ្ញុំក៏តបថាព្រមទទួល។ គាត់ក៏សុំអសយដ្ឋាន និងលេខទូរសព្ទ ដើម្បីគាត់ដាក់សៀវភៅផ្ញើឱ្យជូនតាមភ្នាក់ងារ។ ប៉ុន្តែ ខ្ញុំជាមនុស្សមានចិត្ត មានថ្លើមណាស់ ទោះបីជាគេហាមាត់ថា “ឱ្យ” ក៏ខ្ញុំនៅតែសួរតម្លៃគាត់ដែរ ថា៖

 “លោកពូ លក់សៀវភៅហ្នឹង១ក្បាលថ្លៃប៉ុន្មាន? ចាំខ្ញុំជួយទិញ! កុំបាច់ជូនអី ក្រែងវាខាត”

 ខ្ញុំបារម្ភខ្លាចគេខាត ទោះមិនដឹងថា គេបានលុយកាក់ពីណាសម្រាប់ការបោះពុម្ពក្ដី មិនទាន់ដឹងថាសៀវភៅនោះមានទម្រង់បែបណា និងលក់ប៉ុន្មានលុយក្ដី។

មុនដំបូង គាត់ថាជូន លុះខ្ញុំសួរតម្លៃ ថាចង់ទិញ គាត់ក៏ព្រមលក់។ តម្លៃ វាគឺ ២៥ ដុល្លារ ឬប្រហែលនឹង ១សែនរៀល ក្នុង១ក្បាល។ គ្រាន់តែឮថា ១ក្បាល ២៥ដុល្លារ ខ្ញុំហាក់ស្រងាកចិត្តបន្តិច ព្រោះតែខ្ញុំរំពឹងគិតមុនថា វាប្រហែលជាមានតម្លៃខ្ទង់ ពីរបីម៉ឺនរៀល ដូចសៀវភៅទូទៅក្នុងទីផ្សារប្រទេសកម្ពុជាដែរ ព្រោះទំហំ កម្រាស់វា មិនក្រាស់ មិនធំពេកទេ។ យ៉ាងណាក៏ដោយ ទោះដឹងថាវាថ្លៃខ្លាំង ហើយហាក់ស្រពន់ចិត្តបន្តិចក្ដី ក៏នៅតែព្រមវេរលុយជូនគាត់ និងទទួលទិញសៀវភៅនោះ។ ទន្ទឹមនឹងនោះខ្ញុំក៏នៅមានភិភាល់ក្នុងចិត្តថា សៀវភៅខ្មែរក្រហម ជាសៀវភៅដែលពិបាកលក់បន្តិចហើយនៅលើទីផ្សារ មិនថាផ្សារខ្មែរ ឬ ផ្សារបរទេសទេ ព្រោះតែវាដដែលៗពេក សម្រាប់អំណានពីប្រវត្តិកម្ពុជា ដែលមានអ្នកនិពន្ធស្ទើរតែគ្រប់គ្នា និយមសរសេរ មិនថាអ្នករួចរស់ជាជីវិតក្រោយរបបខ្មែរក្រហម ឬអ្នកជំនាន់ក្រោយ ដែលជាកូនចៅរបស់អ្នករស់រានមានជីវិតទាំងនោះ។ បន្ថែមពីលើនោះទៀត គាត់បែរជាដាក់លក់ក្នុងតម្លៃ ដែលឆ្ងាយហួសពីស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋខ្មែរ តើគាត់អាចលក់ដាច់ដោយរបៀបណា? កុំថា១ក្បាល ១សែនរៀល សូម្បីតែ ៥ម៉ឺនរៀល ក៏នៅតែថ្លៃ សម្រាប់ទីផ្សារសៀវភៅនៅកម្ពុជាដែរ។ អ្នកនិពន្ធ ដែលឥតចេះ ឥតដឹងពីបញ្ហាទីផ្សារ (Marketing) ច្បាស់ជាដួលបះជើងហើយ។ លើកលែងតែសៀវភៅដែលបោះពុម្ពក្រោមគម្រោងជំនួយឧបត្ថម្ភគាំទ្រ សម្រាប់ការចែកចាយដោយមិនយកប្រាក់ ឬលក់ក្នុងតម្លៃសម្បទាន ដ៏តិចតួចបំផុត ប៉ុណ្ណោះ។ ឧទាហរណ៍ ដូចជាសៀវភៅរបស់ លោក ប៉ាន់ រិទ្ធី ដ៏ក្រាស់ឃ្មឹក ពាសដោយអក្សរសុទ្ធសាធ គាត់លក់តែ ៧ទៅ៨ដុល្លារ ឬស្មើនឹង ៣ម៉ឺនរៀលយ៉ាងច្រើន ដែលបើយើងគិតតាមផលិតផលវិញ វាគួរតែលក់ក្នុងតម្លៃ ២០ ឬ ៣០ ដុល្លារ។

ស្អែកឡើង ក្រោយខ្ញុំបានទទួលសៀវភៅពីភ្នាក់ងារដឹកជញ្ជូនហើយ ខ្ញុំក៏ជម្រាបទៅគាត់ថា ខ្ញុំបានទទួលហើយ។ គាត់សប្បាយចិត្តណាស់ ពេលឃើញរូបថតសៀវភៅរបស់គាត់ មានវត្ដមាននៅក្នុងទូសៀវភៅ ដែលខ្ញុំបានថតរូបផ្ញើទៅបង្ហាញ។ មិនបង្អង់យូរ គាត់ក៏ដាក់សំណូមពរភ្លាមៗមកកាន់ខ្ញុំថា៖

 “សូមជួយកាន់សៀវភៅហ្នឹង ហើយថតរូបជាទម្រង់ Selfie ឱ្យជាប់ទាំងសៀវភៅ ទាំងមុខនាងឱ្យខ្ញុំ ហើយផ្ញើមកកាន់ខ្ញុំ ឬសូមនាងជួយបង្ហោះផ្សព្វផ្សាយទៅក្នុង Facebook របស់នាងឱ្យផង!”

គ្រាន់តែឮសំណូមពរគាត់ ខ្ញុំអស់អារម្មណ៍ លែងចង់អាន លែងចង់ប៉ះសៀវភៅគាត់នោះតែម្ដង។ ម្ភៃបួនម៉ោងកន្លងផុតទៅ យ៉ាងលឿនដូចរន្ទះខ្ទប់ គាត់បានផ្ញើសារមកសាកសួរខ្ញុំម្ដងទៀត ថា៖

“នាងបានអានសៀវភៅខ្ញុំហើយឬនៅ? អានបានប៉ុន្មានទំព័រហើយ?”

ប្រិយមិត្តដឹងទេ? ពេលនោះ ខ្ញុំបាត់បង់សមាធិអស់រលីង ព្រោះខឹងខ្លាំងពេក ទើបទុកសារគាត់ចោល ដោយមិនឆ្លើយតប។ លុះស្អែកឡើង គាត់សួរម្ដងទៀតថា “បានអានសៀវភៅគាត់ហើយឬនៅ?” ។ លើកនេះ ខ្ញុំ ក្រៅពីមិនឆ្លើយតបហើយ ចុចប្លុកចោលតែម្ដង កុំឱ្យទើសចិត្តនៅគ្រាបន្ទាប់ ខ្ញុំប្លុកមនុស្សចោល ព្រោះដឹងថា បើទប់កំហឹងមិនជាប់ ខ្ញុំអាចនឹងនិយាយពាក្យសម្ដីអសុរោះ គ្រោតគ្រាតដាក់គេ ហើយវាអាចក្លាយជាបញ្ហាធំ។ ដូច្នេះទេ ដើម្បីបង្ការ កុំឱ្យអ្នកនិពន្ធប្រភេទនេះ ចូលមកទន្ទ្រានផ្លូវចិត្តខ្ញុំបានទៀត មានតែកាត់ផ្ដាច់ចោល។

រឿងនោះ ម្ដងបន្តិច ម្ដងបន្តិច វាក៏រសាយបាត់អស់ពីក្នុងចិត្ត។ ពីរឆ្នាំក្រោយមក គឺប្រមាណជា ១ខែមុន រឿងស្រដៀងគ្នានេះ បានកើតឡើងជាថ្មីម្ដងទៀត។ គឺមានលោកអ៊ំប្រុសម្នាក់ ដែលសព្វថ្ងៃអាយុប្រហែលខ្ទង់ចិតឬប៉ែតសិប ខ្ញុំមិនច្បាស់។ គាត់ជាជនជាតិខ្មែរ មានកំណើតនៅលើទឹកដីកម្ពុជាក្រោម សព្វថ្ងៃធ្វើកិច្ចការងារសង្គម ដើម្បីជួយជនជាតិភាគតិចខ្មែរក្រោម តាមរយៈបេសកកម្មនៅលើទឹកដីអាមេរិក។ ខ្ញុំគោរពគាត់ កោតសរសើរគាត់ ដែលគាត់ស្រលាញ់ ប្រទេសជាតិ ស្រលាញ់ឈាមជ័រកំណើតខ្លួនឯង និងបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុខ្មែរ។ ប៉ុន្តែ មានរឿងមួយ ដែលខ្ញុំ ប្លុកគាត់ចោលដែរ……

គាត់បានភ្ជាប់ទំនាក់ទំនងក្នុងបណ្ដាញសង្គម Facebook ជាមួយខ្ញុំ ប្រហែលជាពីរបីឆ្នាំដែរហើយ តាមរយៈការណែនាំពីបងស្រី។ ខ្ញុំដឹងថាគាត់ជាអ្នកចូលចិត្តសិក្សាព្រះធម្មព្រះសម្មាសម្ពុទ្ធ ដូចខ្ញុំដែរ គាត់លើកតម្កើងសមាធិវិបស្សនា ដូចខ្ញុំដែរ ឬក៏ថា ខ្ញុំដូចគាត់ ក៏បាន។ ជាពិសេស គាត់និងខ្ញុំ ចូលចិត្តការសរសេរ ដូចគ្នា។ ក្នុងទូសៀវភៅខ្ញុំ មានសៀវភៅមួយក្បាល ដែលគាត់ជាអ្នកប្រមូលចងក្រង នូវសម្រង់គំនិត សម្រង់ពាក្យសម្ដីរបស់បុគ្គលល្បីៗ (Quotes) យកមករៀបចំបោះពុម្ពផ្សាយ។ និយាយតាមត្រង់ចុះ ខ្ញុំតាំងពីអាយុ ខ្ទង់១០ឆ្នាំ ក៏មានគំនិតធ្វើរឿងនេះដែរ ចន្លោះពីអាយុ១០ឆ្នាំ ដល់ ២០ ឆ្នាំប្លាយ ខ្ញុំប្រមូលចងក្រង សម្រង់ពាក្យសម្ដីល្អៗរបស់អ្នកនិពន្ធ អ្នកនយោបាយ អ្នកប្រាជ្ញជាច្រើន ដោយកត់ត្រាចូលទៅក្នុងសៀវភៅសរសេរផ្ទាល់ គឺសរសេរដោយទឹកប៊ិច បានដល់ទៅ៣ក្បាលធំៗ គ្រាន់តែខ្ញុំមិនបានបោះពុម្ពផ្សាយអ្វីទេ ព្រោះយល់ថា វាជាគំនិតគេ​ ពាក្យសម្ដីរបស់គេ តែខ្ញុំក៏បានរៀនសូត្រច្រើនណាស់ ពីគំនិតល្អៗទាំងនោះ។ សម្រង់គំនិតខ្លះ ខ្ញុំកត់ត្រា ពេលអានកាសែត ទស្សនាវដ្ដី សៀវភៅ បទសម្ភាសក្នុងទូរទស្សន៍ និងសូម្បីតែពេលជជែកគ្នាជាមួយលោកគ្រូ​ អ្នកគ្រូ ដែលជាគ្រូបាអាចារ្យរបស់ខ្ញុំ។ ពេលខ្ញុំអាយុច្រើនបន្តិច និងចាស់ចិត្ត ចាស់គំនិត ខ្ញុំស្រាប់តែឃើញ អ្វីដែលខ្ញុំបានកត់ត្រាទុក ត្រូវបានគេចងក្រង យ៉ាងស្អាត និងបោះពុម្ពផ្សាយ ដាក់លក់តាមបណ្ណាគារ រហូតដល់ យកទៅណាមិនអស់។ ពេលនោះខ្ញុំភ្ញាក់ខ្លួនព្រើត ហើយគិតថា ឱ! តាមពិត មិនមែនឆ្លាតស្អីតែឯងទេ មានគេឆ្លាតជាងខ្លួនឯងនោះមួយគំនរគររដឹក។

អ្វីដែលខ្ញុំនិយាយនេះ មិនមែនចង់ទៅបន្ទោសបង្អាប់ លោកអ៊ំម្នាក់នោះអីទេ គ្រាន់តែថា គាត់ហាក់ដូចជាមោទនភាពនឹងស្នាដៃមួយ ដែលកាលខ្ញុំនៅជាកូនក្មេងតូចនៅឡើយ ក៏ខ្ញុំធ្វើបាន។ អូ! និយាយខុស សូមទោស ខ្ញុំធ្វើមិនបាន ត្រង់រឿងបោះពុម្ព។ មិនមែនអត់មានលុយបោះទេ ខ្ញុំជាកូនអ្នកមានធូរធារដែរ តែទាស់ត្រង់មានគំនិតមួយ ព្រួយខ្លាចគេពេបជ្រាយ។

ដោយហេតុនៃសេចក្ដីគោរព និងចូលចិត្តលោកអ៊ំចាស់នោះ ខ្ញុំបានថតរូបសៀវភៅសម្រង់គំនិត ផ្ញើទៅបង្ហាញគាត់ ដើម្បីសម្ដែងសេចក្ដីសាទរ ចំពោះអ្វីដែលគាត់បានធ្វើ។ ហ្អី! គេបង្រៀនខ្ញុំថា ត្រូវចេះអបអរសាទរ នឹងការខិតខំរបស់អ្នកដទៃ មិនអ៊ីចឹង? គ្រាន់តែខ្ញុំលើកសរសើរគាត់បន្តិច គាត់បានលើកសរសើរខ្លួនគាត់ (ជិះចង្អេរលើកខ្លួនឯង) គុណនឹងរាប់រយដងឯណោះ។ ស្ដាប់ទៅ វាហាក់ដូចជា ក្នុងពិភពអ្នកនិពន្ធនេះ គ្មាននរណាអស្ចារ្យជាងគាត់។ ខ្ញុំនិយាយមែន! ដល់តែគាត់ អួតពីខ្លួនឯង ខ្លាំងពេកទៅ ខ្ញុំក៏ស្ងាត់មាត់ ទុកឱ្យគាត់ស៊ីជោរឱ្យឆ្អែតសិនចុះ។ ស្លេះរឿងសៀវភៅ Quotes ស្អីគេហ្នឹងសិន…

ប្រហែលជាជិត១ឆ្នាំក្រោយពីខ្ញុំបានរកឃើញសៀវភៅទី១ របស់គាត់ក្នុងទូ គឺនៅចុងឆ្នាំ ២០២៤ គាត់បានបោះពុម្ពស្នាដៃថ្មីមួយទៀត ជាវណ្ណកម្មទី២។ អាលើកមុននោះ គាត់អួតស្ទើរហោះហើរលើមេឃ ចុះទម្រាំអាក្រោយនេះទៀត?! សៀវភៅទីពីររបស់គាត់ ជាសៀវភៅប្រលោមលោក សក្ខីកម្ម ដែលនិទានរៀបរាប់ឆាកជីវិតគាត់ពីក្មេងដល់ចាស់ (ខ្ញុំអានបានបួនប្រាំសន្លឹកដំបូង)។ គាត់បានផ្ញើសៀវភៅនោះ មួយក្បាលមកខ្ញុំ តាមរយៈបងស្រីខ្ញុំ ដោយមានទាំងហត្ថលេខា និងចំណារខ្លីមួយផងថា ជូនក្មួយស្រី លឹម វិរិយា។ ក្រោយទទួលបានសៀវភៅហើយ ខ្ញុំ ជាទម្លាប់ គឺថតរូបហើយផ្ញើទៅម្ចាស់អំណោយ។ តាមពិត ទោះជាគេឱ្យឬទិញគេដោយលុយ ក៏នៅតែមានទម្លាប់រាយការណ៍ប្រាប់គេវិញដែរថា បានទទួលហើយ។ នេះករណីទិញលក់ឬផ្ញើតាម online លើកលែងតែសៀវភៅដែលខ្ញុំបានមកពីការដើរ Shopping តាមបណ្ណាគារដោយផ្ទាល់ទេ ទើបមិនបានរាយការណ៍ ទោះចង់រាយការណ៍ក៏មិនដឹងអ្នកនិពន្ធនៅឯណា។

ក្នុងសារផ្ញើទៅគាត់នោះ មានទាំងរូបភាពសៀវភៅ ដែលខ្ញុំថតផ្ទាល់ និងតួអក្សរភាសាខ្មែរមួយចំនួនផង។ ខ្ញុំបានពោលថ្លែងអំណរគុណគាត់ និងបានជម្រាបដោយពាក្យពេចន៍គួរសមខ្លះៗផងថា ខ្ញុំនឹងព្យាយាមអានវាឱ្យបានចប់ ហើយក្រោយអានចប់ ខ្ញុំនឹងធ្វើសេចក្ដីសង្ខេបជូន។ តាមពិតក្នុងចិត្ត មានគម្រោងថា បើគាត់សរសេរបានល្អ ខ្ញុំនឹងធ្វើជាវិដេអូ ជួយផ្សាយជូនគាត់ទៀតផង។ ប៉ុន្តែ ផែនការ ក្លាយជាផែនស្ករអស់រលីង នៅវេលាមួយសប្ដាហ៍ក្រោយមក……

ផែនដីវិលជុំវិញខ្លួនឯង អស់ប្រាំពីរ ប្រាំបីជុំ ទៅទាំងល្បឿនដូចវិញ្ញាណខ្មោចផ្ដាច់ព្រលឹង។ ពេលរសៀលមួយ​ ដែលខ្ញុំកំពុងតែអង្គុយធ្វើកិច្ចការងារក្នុងបន្ទប់ការិយាល័យផ្ទាល់ខ្លួនខ្ញុំ សំឡេងសារបានបន្លឺឡើង តឺង! ខ្ញុំបើកមើលឃើញសាររបស់អ្នកនិពន្ធដ៏ចំណាស់នោះ តែខ្ញុំឥតបានចូលអានភ្លាមទេ ព្រោះជាទម្លាប់ កាលណាខ្ញុំដាក់ការងារមួយ ទៅធ្វើការងារមួយទៀត ខ្ញុំនឹងដាច់សមាធិ ក្នុងការផ្ចង់ស្មារតីបង្ហើយការងារសំខាន់ៗ។ មួយសម្ទុះ សំឡេងសារមួយទៀត បន្លឺឡើង តឺង! ពីប្រអប់ដដែល។ ប្រហែលដប់នាទីក្រោយ មានសារមួយទៀត ពី ម្ចាស់គណនីនោះទៀត។ លុះបញ្ចប់ការងារចំពោះមុខរួចហើយ ខ្ញុំក៏ទៅបើកសារនោះអាន។ ឃើញថា មានសារចាស់មួយ ដែលអ្នកផ្ញើបានលុបចោលវិញ ហើយសារថ្មី គឺជាសារសំឡេង។ ខ្ញុំចុចស្ដាប់ ដោយយកចិត្តទុកដាក់។ ពេលនោះ អ្វីដែលខ្ញុំស្ដាប់ឮ មិនមែនជាពាក្យពីរោះពិសា មិនមែនជាភាសាលើកទឹកចិត្ត មិនមែនជាអ្វីដែលខ្ញុំចង់ស្ដាប់ទាល់តែសោះ វាជាពាក្យសម្ដីដ៏អសីលធម៌ និងមើលងាយ មើលថោក ពីលោកអ៊ំចំណាស់ ដែលខ្ញុំបានគោរពកន្លងមក។ គាត់បានតិះដៀលខ្ញុំ ដោយប្រៀបធៀបខ្ញុំថាអន់ជាងអ្នករត់រ៉ឺម៉កម៉ូតូឌុប (អ្នករត់ TukTuk)។ សំឡេងសារនោះ គ្មានពាក្យថាសួស្ដី គ្មានពាក្យសួរសុខទុក្ខ គ្មានពាក្យសួរនាំអ្វីទាំងអស់ តែជាពាក្យចំអក ដែលស្ដាប់ហើយ គួរឈឺចិត្តឥតគណនា។ គាត់ថា៖

“ហឺយ! គិតទៅ ខ្ញុំខំនិពន្ធសៀវភៅទម្រាំចប់ រាប់ឆ្នាំ។ ខ្ញុំបានជូនសៀវភៅមួយក្បាលទៅអ្នករត់ TukTuk គ្រាន់តែ មួយថ្ងៃប៉ុណ្ណោះ អ្នករត់ TukTuk រូបនោះ អានចប់ដោយបរិបូរណ៍ ហើយថែមទាំងសង្ខេបសាច់រឿងក្នុងសៀវភៅ ឱ្យខ្ញុំស្ដាប់វិញទៀតផង គួរឱ្យសរសើរអ្នករត់ TukTuk នោះណាស់ រៀនសូត្របានតិចតួចទេ តែពូកែ។ ខុសពីអ្នកខ្លះ ជាអ្នកនិពន្ធ ជាអ្នករៀនសូត្របានខ្ពង់ខ្ពស់ បែរជា សៀវភៅមួយក្បាល អានរយៈពេល ៨ ថ្ងៃហើយ នៅតែអានមិនទាន់ចប់ទៀត។ ខ្ញុំនេះ ដេករាប់ថ្ងៃ តាំងពីថ្ងៃគេទទួលបានសៀវភៅមក គឺចំនួន ៨ ថ្ងៃហើយ គឺ ៨ថ្ងៃគត់ ហេតុអ្វីបានជាគ្មានលទ្ធភាព អានឱ្យបានចប់? ចាញ់ទាំងអ្នករត់ TukTuk ទៅទៀត!”

គាត់សង្កត់ហើយ សង្កត់ទៀតនូវចំនួនតួលេខ ពាក្យថា ៨ ថ្ងៃហើយ។ បើតាមគិតមើល គាត់ប្រហែលជាចង់ផ្ញើសារមកតិះដៀលខ្ញុំ តាំងពីទើបតែរាប់បាន ៣ ថ្ងៃម្ល៉េះ មើលទៅ តែគាត់ខំប្រឹងអត់ទ្រាំទប់ចិត្តរហូតដល់ថ្ងៃទី៨នេះ…

ខ្ញុំស្ដាប់ចប់ ស្ទើរជ្រុះទូរស័ព្ទពីដៃ និងហួសចិត្តយ៉ាងក្រៃពេក ខ្ញុំមិននឹកស្មានថា គាត់កំពុងរស់នៅក្នុងអណ្ដូងដ៏ជ្រៅមួយ នៃវិស័យតែងនិពន្ធ។ គាត់មោទនភាពជ្រុលហួសហេតុពេក នឹងកិច្ចការរបស់ខ្លួនឯង។ មោទនភាព រហូតដល់ភ្លេចគិតពីសុជីវធម៌ សីលធម៌ ភ្លេចអស់មេរៀនព្រះអភិធម្ម គឺការគ្រប់គ្រងតណ្ហា។ តណ្ហានោះ គឺសេចក្ដីល្មោភលោភលន់ ស្រេកឃ្លានហួសប្រមាណ ចង់បានការលើកសរសើរ ទៅនឹងអ្វីដែលខ្លួនបានធ្វើ ទាំងមិនដឹងថា អ្នកដទៃផ្សេងទៀត ក៏គេបានធ្វើកិច្ចការងារដ៏មានតម្លៃជាច្រើន ដូចគាត់ ឬលើសគាត់ទៅទៀត គ្រាន់តែគេមានដែនកំណត់នៃមោទនភាព។ គឺមិនអួត រហូតដល់ជ្រុលជ្រួស តិះដៀលអ្នកដទៃដូច្នេះ។

ខ្ញុំក៏ជាអ្នកនិពន្ធមួយរូប ខ្ញុំក៏មានស្នាដៃជារបស់ខ្លួនឯង តែខ្ញុំមិនដែលដាក់សម្ពាធឱ្យនរណា ក្នុងលក្ខខណ្ឌតឹងតែង ថាត្រូវតែអាន ក្រោយពីទទួលបានសៀវភៅនោះទេ។ គ្រាន់តែឃើញគេព្រមដកលុយពីហោប៉ៅគេ ទិញសៀវភៅ ដែលមានឈ្មោះខ្ញុំថាជាអ្នកនិពន្ធនោះ ខ្ញុំត្រេកអរខ្លាំងណាស់ទៅហើយ។ រឿងគេយកទៅអានឬមិនអាន វាជាជំហានបន្ទាប់ទៀត ហើយវាជាសិទ្ធិរបស់គេដែលយើងមិនអាចទៅរំលោភបំពានគេបានឡើយ។

និយាយតាមព្រះអភិធម្ម គឺបើគេមានឧបនិស្ស័យគ្រប់គ្រាន់នឹងយើងដែលជាអ្នកនិពន្ធ នោះគេនឹងបានអានវា។ បើគេមិនបានអានក្នុងពេលនេះ ក៏គង់នៅពេលណាមួយ។ បើក្នុងមួយជីវិតនេះ គេចេះត្រឹមតែទិញសៀវភៅយកទៅតាំងទូ ដោយមិនបានអាន ក៏វាគង់តែ នៅថ្ងៃណាមួយមានមនុស្សផ្សេងទៀតដែលមានឧបនិស្ស័យនឹងយើង នឹកភ្នកយកទៅអានជាមិនខាន។ នេះជាអ្វីដែលខ្ញុំប្រកាន់ទុកនៅក្នុងចិត្ត នៅពេលដើរលើវិស័យអក្សរសិល្ប៍ខ្មែរ។ វាមិនខុសពីរឿងទៅធ្វើសមាធិ វិបស្សនាទេ ។ អ្នកណាដែលបានទៅបដិបត្តិ រាប់ថាជាភ័ព្វរបស់គេដែលបានគិតទុកមកជាយូរហើយ មិនថាក្នុងជាតិនេះ ឬពីអតីតជាតិ។ វាមិនខុសពីការបានទស្សនាខ្សែភាពយន្តទេ យើងផលិតអស់រាប់សិបលានដុល្លារក្ដី បើអ្នកណាមាននិស្ស័យ ក៏គេបានទស្សនា បើអ្នកណាគ្មាន គឺអត់… វាជារឿងធម្មតាទេ!

ណ្ហើយ! ចាត់ទុកថា ពួកយើង មិនបានសាងបុណ្យរួមគ្នាពីអតីតកាលទៅចុះ ទើបបានជាមក បង្កបង្កើតមានជាអរិភាព ក្នុងគ្រានេះទៅវិញ។

ចំណេះដឹង កំណត់ប្រាជ្ញាមនុស្សមែន តែអត្ដចរិតផ្ទាល់ឯណោះទេ ដែលកំណត់បាននូវគុណធម៌ក្នុងភាពជាមនុស្ស។ មែនហើយ! លើលោកនេះ គ្មាននរណា អាចគេចផុតពីការតិះដៀលឡើយ សូម្បីតែព្រះ!

វិរិយា

អ្នកនិពន្ធម្នាក់ដែលមិនជ្រៀតជ្រែកសតិអារម្មណ៍ម៉ូយទិញសៀវភៅ… អ្នកណាមិនអានទេ ក៏ហីទៅ មិនមែនម៉ែឪខ្ញុំទេ

ថ្ងៃ អង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមករា គ.ស. ២០២៥

បេះដូងឥន្ទធនូ (កំណាព្យបទ៨ព្យាង្គ)

ទឹកភ្លៀងធ្លាយហូរតាម-ទ-ជេីងមេឃ
ចាក់បំពេញព្រែក ដែលដេករីងរាំង
វាលស្រែឥតស្រូវ ហួសរដូវប្រាំង
ញញឹម​មីងមាំង ទាំងទឹករហាច។

ក្រោយភ្លៀងលាងមេឃ​ គុម្ពចេករលួយ
ដេីមទ្រាំងលាស់ត្រួយ​ បង្គួយ​ប្រែកាច
ចាបដូរសម្បុក នៅចុងដេីមត្រាច
កង្កែប​ភ័យខ្លាច ស្រែកយំទ្រហឹង។

ភ្លៀងនៅស្រុកខ្មែរ​ អ្នកស្រែរស់ស្រួល
ដីក្ដៅសេីមឆួល​ រមួលព្រលឹង
ព្រលឹតលំចង់​ រហង់ទន្ទឹង
ចាំគេដណ្ដឹង ក្រោយខែវស្សា។

វស្សានរដូវ ពៅនៅតែចាំ
រហូតចុងឆ្នាំ តាមបណ្ដាំចារ
ពាក្យពេចន៍​ខ្លីៗ ​ស្ដីសូមតាមសារ
បង្កប់សន្យា ថានឹងប្រចួប។

ជេីងមេឃធ្វេីងេីយ​ ដូចជាឈ្លេីយពេក
ឥន្ទធនូ​កោងរែក​ នាងដេករាប់ខួប
រំដួលអង្គរ​ វល្លិ៍​ឈេីរឹតរួប
ចង់ផ្ទឹមដៃផ្គួប​ រោយដោយផ្កាស្លា។

ជំនោរខែជេស្ឋ​ ភ្លៀងធ្លាក់​ជោកជាំ
ខ្យល់បក់រណ្ដំ​ ដូចផ្សំចេតនា
ឱ្យកញ្ជ្រោលបក់ ល្អក់ដួងចិន្ដា
ដូចបណ្ដាសា អាទិទេពស្នេហ៍។
————-
វិរិយា​🌸

ថ្ងៃ​អង្គារ​ ១៤កេីត​ ខែជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស.​ ២៥៦៥
ត្រូវ​នឹង​ថ្ងៃទី​ ២៥​ ខែ​ឧសភា​ គ.ស.​ ២០២១

រូបថតនៅលើដំបូលផ្ទះ ក្រុងសៀមរាប ក្រោយមេឃភ្លៀងមួយមេធំនាពេលរសៀល

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

លម្ហមេឃនិងផ្កាយ (កំណាព្យបទ៧ព្យាង្គ)

ឃើញលម្ហមេឃដេកលែងលក់
ឃើញផ្កាយគម្រក់រះព្រោងព្រាត
ផ្គរលាន់ឥតភ្លៀងល្អៀងខុសស្នៀត
ខ្យល់បក់ស៊កសៀតនៅតែក្ដៅ។

ឃើញលម្ហមេឃស្លេកប្រមាត់
ឃើញផ្កាយសម្ងាត់រះក្រឡៅ
ឈ្មោះដល់ទៅពីរអ្នកស្រុកដៅ
ព្រឹកល្ងាចគេហៅមិនដូចគ្នា។

ឃើញលម្ហមេឃរែកដួងចិត្ត
ឃើញផ្កាយតូចល្អិតឈ្មោះមាន់ទា
ខ្លះយាមនង្គ័លស្គាល់វេលា
ប៉ុន្តែបែរជាឥតប្រយោជន៍។

ឃើញលម្ហមេឃវែកការពិត
ឃើញកាន់តែជិតគិតដូចខ្មោច
ផ្កាយព្រឹកផ្កាយចោរប៉ប្រោល្អោច
ចុងក្រោយដាច់ដោចហោចហិនអស់។

ឃើញលម្ហមេឃជជែកគ្នា
ឃើញបទសន្ទនាឃ្លាស្រស់ៗ
គេពោលលាក់ពុតសែនស្រណោះ
អាល័យអាឡោះខ្សោះសង្ឃឹម។

ឃើញលម្ហមេឃត្រេកត្រអាល
ឃើញផ្កាយត្រកាលក្រាលបស្ចិម
រះពីព្រលប់ដល់ព្រលឹម
ទឹកភ្នែករឹមៗសង្ឃឹមខុស។

ឃើញលម្ហមេឃក្រឡេកមើល
ឃើញផ្កាយងងើលរះចម្រុះ
បង្អួតសន្ធិយាជាចំណុះ
ក្អេងក្អាងផុលផុសពេញភពខ្មៅ។

ឃើញលម្ហមេឃដេកតែឆ្ងល់
ឃើញផ្កាយហ្នឹងថ្កល់សល់ចន្ទ្រខ្លៅ
ខំរះសោយរាជ្យតកូនចៅ
ផ្កាយព្រឹកគេហៅពូជផ្កាយចោរ។

ឃើញលម្ហមេឃដេកតែព្រួយ
ផ្កាយខ្លះរលួយជ្រុះបាក់សោ
បែកបាក់ធ្លុះធ្លាយទំនាយហោរ
ម្នឹះរត់ស្លន់ស្លោព្រោះអាចម៍ផ្កាយ។
———-
វិរិយា🌸

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា គ.ស. ២០២១

មន្ដស្នេហ៍កោះនរា (កំណាព្យបទ១០ព្យាង្គ)

កោះអើយកោះថ្លៃ ដែនដី កណ្ដាលធានី
កោះទួលធរណី គ្មានពីរ គួរឱ្យបេតី
ដុះដាលក្រាលគ្រង អន្ទង ឈោងចិត្តកវី
ស្រណោះពេលថ្ងៃ អាល័យ តែសុបិនយប់។

ឱ! កោះនរា ជាទី ប្រាថ្នា នែបនិត្យ
ចង់ផ្ដួលផ្ដេកផ្ដិត កាយកិត ដិតក្រោយទំនប់
នាមសែនពីរោះ ឈ្មោះដៅ ហៅគេឱ្យងប់
ព្រលឹមព្រលប់ ខំទប់ ចិត្តដែលរង់ចាំ។

បើសិនបានកោះ ខ្ញុំស្មោះ មិនទៅណាទេ
កណ្ដាលទន្លេ សរសេរ តែកាព្យបណ្ដាំ
ទុកសូត្រសាសង សូត្រឆ្លង កន្លងរយឆ្នាំ
បើកោះរងកម្ម ខ្ញុំចាំ នៅជួយជានិច្ច។
__________
វិរិយា🌸

ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅក្រោយភូមិគ្រឹះ លោកជំទាវ ទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ដែលមានទីតាំងនៅតំបន់កោះនរា រាជធានីភ្នំពេញ

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសមចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រុងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
វិរិយា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅលើយន្តហោះ កំពុងធ្វើដំណើរចេញពី ក្រុងកាតា ឆ្ពោះទៅទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន

កុំទុកចិត្ត (កំណាព្យបទកាកគតិ)

កុំទុកចិត្តមេឃ ពេលយប់ចូលដេក
កុំធ្មេចលឿនលយ ក្រែងលោអាចម៍ផ្កាយ
ក្លាយជាបែកធ្លោយ ជ្រុះមករាយរោយ
ស៊យដល់ផែនដី។

កុំទុកចិត្តខ្យល់ យប់យន់ចូលដល់
កុំខ្វល់នឹងស្រី ជជែកញ៉ែងញ៉ង
ឆ្លងផុតយាមបី កណ្ដាលរាត្រី
ស្ដីច្រើនអស់កេរ។

កុំទុកចិត្តផ្កាយ តារារះឆ្ងាយ
ក្លែងក្លាយផងទេ ភ្លើងទៀនក្នុងគោម
គេលោមបំពេរ ហោះបាំងចង្អេរ
បន្លំចន្ទ្រា។

កុំទុកចិត្តដី ពុកផុយរាល់ថ្ងៃ
បំភ្លៃមេឃា បាក់ចូលទន្លេ
ហូរជ្រែដល់ហៀរ សណ្ដក្លាយជា
ពសុធាដូរឈ្មោះ។

កុំទុកចិត្តទឹក យប់ថ្ងៃល្ងាចព្រឹក
នឹកសៀងពីរោះ ហូរចូលដីក្រុង
ឡើងស្លុងរង្គោះ ចុងក្រោយសាបព្រោះ
គ្រោះកាចចង្រៃ។

កុំទុកចិត្តខ្ញុំ ចាត់ឱ្យនៅម្ដុំ
កុំចូលរញ៉ៃ ក្រែងខ្ញុំមានរោគ
ខូវីដចេញថ្មី មកប៉ះជើងដៃ
តិចក្ស័យទាំងរស់។
____________
វិរិយា🌸

ថ្ងៃ ចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា គ.ស.​២០២០

នេះជារូបថតអ្នកនិពន្ធណា តិចមើលឥតស្គាល់ចុះ!!!

កំណាព្យ៖ “សារថ្វាយព្រះអង្គ”


បទ៨ព្យាង្គ

ព្រះអង្គ!
បើសោយបាយមាន់ កុំចោលគូទវា
បើសោយបាយទា កុំភ្លេចទឹកសៀង
បើសោយបុកល្ហុង កុំភ្លេចត្រួយល្ងៀង
សោយឆ្អែតចង់ច្រៀង កុំឮក្រៅវាំង។

បើសោយបាយឆា កុំភ្លេចតែក្ដៅ
បើសោយញាំស្ដៅ កុំភ្លេចត្រួយរាំង
បើសោយខគោ កុំភ្លេចទំពាំង
ឫស្សីក្រៅវាំង កុំភ្លេចដាំផង។

បើសោយនំប៉័ង កុំភ្លេចប្រហុក
បើសោយហហ្មុក កុំភ្លេចក្ដាមខ្យង
បើសោយត្រីដុត កុំភ្លេចអង្ក្រង
សួនក្នុងរបង ប្រយ័ត្នវល្លិ៍ខ្ញែរ។

បើសោយគុយទាវ កុំភ្លេចប៉ែនចុក
សោយបាយម្ចាស់ស្រុក កុំភ្លេចអ្នកស្រែ
ដាក់ឈ្មោះកូនចៅ កុំភ្លេចឈ្មោះខ្មែរ
ទើបយើងអាចថែ ជាតិខ្មែរខ្លាំងបាន។
———-
បទព្រហ្មគីតិ

ព្រះអង្គចូរកុំភ្លេច
ស្រែខាងលិច គេទន្ទ្រាន
រាស្ត្រយើងកំពុងឃ្លាន
គេឈ្លានពាន ដឹកស្រូវចេញ។

រីឯស្រែខាងកើត
អ្នកចូលអើត ផ្តើតទន្ទេញ
ចូលមកចម្លងម្រេញ
ឆ្លងពាសពេញ ដែនបូព៌ា។

រាស្ត្រយើងចាកចោលស្រុក
ឆ្ងាយក្ដីសុខ រស់គ្រាំគ្រា
ឆីបាយឥតស្លាបព្រា
ទុក្ខវេទនា ជាអាហារ។

រាស្ត្រយើងកំពុងទ័ល
ឥតដែលស្គាល់ ក្ដីសុខា
បាត់ដីស្រែចម្ការ
គេបោះត្រា ដូរម្ចាស់ដើម។

មន្ត្រីខ្លះក្បាលខូច
រស់ប្រៀបដូច បិសាចឆ្នើម
បន្លំលបស៊ីថ្លើម
រលួយហើម ពាសនគរ។
————-
បទកាកគតិ

ព្រះអង្គយាងទត មើលសម្បុកខ្មូត
តាមធ្នឹមអង្គរ ដួងព្រលឹងជាតិ
ចង្អៀតពុទ្ធោ អ្នកឆ្មាំស៊ីជោរ
បន្ទរក្បួនខុស។

ព្រះអង្គយាងស្ដាប់ សំឡេងឈឺចាប់
រាស្ត្រយើងប្រាប់ចុះ ថ្លែងសារពិតទូល
ដីផុងដីស្លុះ អ្នកណាត្រូវខុស
គ្មានអ្នកការពារ។

ព្រះអង្គយាងយាស ឱ្យពាល់ដល់រាស្ត្រ
ច្បាស់នឹងដឹងគ្នា មន្ត្រីណាខូច
មួយណាល្អជា រាស្ត្ររងវេទនា
ជារឿងត្រូវខ្វល់។

ព្រះអង្គយាងគិត ទៅទតឱ្យជិត
រឿងពិតឥតកល កុំភ្លេចក្បួនប្រាជ្ញ
ជួយដោះបន្ទាល់ គឺប៉ះឱ្យដល់
ពាល់ឱ្យដឹងផ្លូវ។

———

បទភុជង្គលីលា

ព្រះអង្គ! បើសោយក្រយា កុំភ្លេចនឹកថា អ្នកណាដាំស្រូវ។

ស្រែខ្មុកនៅស្រុកម៉ែឪ វស្សានរដូវ រណ្ដំជាំជោក។

ខំប្រឹងដាំដុះគរគោក តែបាយមួយស្ពក រកដោយពិបាក។

ព្រោះសងបំណុលឥតស្រាក ជីវិតតោកយ៉ាក គេខាកគេស្ដោះ។

ទឹកភ្នែករែកមិនពេញសោះ ហូរចេញឡើងខ្សោះ ស្ទើរខ្វាក់នេត្រា។

អ្នកក្រស្រែកបន់ទេព្ដា សំឡេងឥតការណ៍ រំពងមិនឮ។

ដេកយប់បារម្ភមេឃភ្លឺ ថ្ងៃរះព្រួចព្រឺ ភ័យខ្លាចអត់បាយ។

ជំពាក់រុំកោះជិតឆ្ងាយ បំណុលស្រោបកាយ ក្លាយត្រីវិស័យ។

ចង្អុលទិសណាក៏ក្ស័យ បន់យប់បន់ថ្ងៃ សូមត្រឹមតែរស់។

ព្រះអង្គជាស្ដេចពេញយស មានងារពីរោះ ឈ្មោះល្បីខ្ទ័រខ្ទារ។

សូមកុំទុករាស្ត្រប្រជា ឱ្យរស់គ្រាំគ្រា វេទនាទៀតថ្វី។

នគរថ្កើងប្រជាប្រិយ លុះត្រាប្រុសស្រី មានសិរីថ្កាន។

អំណាចព្រះអង្គប៉ុន្មាន បើរាស្ត្រក្ស័យប្រាណ បានអ្នកណាទ្រ?

ច្នេះហើយ មេត្ដាផ្លាស់ប្ដូរ គ្រោងការណ៍នគរ យករាស្ត្រផ្ចិតផ្ចង់។

ជីវិតខ្លីណាស់ ព្រះអង្គ! ឈើវៀចឈើត្រង់ គង់តែឆេះសុស។

ជីវិតមានត្រូវមានខុស ចុងក្រោយចំណុះ ឱនមុខយមបាល។

សូមកម្ពុជាកណ្ដាល រក្សាក្រាស់ក្រាល ដោយថ្នាលសន្តិ។

លឹម វិរិយា

ថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែមេសា គ.ស. ២០២៣


រូបថតអនុស្សាវរីយ៍ ក្នុងកម្មវិធីមហោស្រពអក្សរសីល្ប៍និងកំណាព្យអន្តរជាតិ នារដ្ឋធានីហាណូយ ប្រទេសវៀតណាម ឆ្នាំ ២០១៩
រូបគំនូរបង្ហាញពីជនភៀសខ្លួនខ្មែរ ដែលដាក់តាំងបង្ហាញ នៅក្នុងសាលនៃអ្នកឈ្នះ ជ័យលាភីអាហារពិភពលោក (World Food Prize Hall of Laureates) នាទីក្រុង ឌែសម៉ញស៍ (Des Moines) រដ្ឋអៃអូវ៉ា (Iowa) សហរដ្ឋអាមេរិក។

កូនឈើ (កំណាព្យបទ៧ព្យាង្គ)

កូនឈើមួយដើមផ្ដើមដាក់ដាំ ស្រោចទឹកថែចាំផ្ដាំម្ចាស់ដី

ប្រសិនឈើធំឥតទាស់អ្វី មានម្លប់ត្រឈៃអាស្រ័យបាន។

កូនឈើមួយទងទំនងរស់ លូតលាស់មានឈ្មោះពីរោះក្សាន្ត

នួន-បេង-គគីរ ទីសម្រាន្ត ភ្លៀងខ្យល់ប៉ុន្មានក៏មិនដួល។

កូនឈើមួយគុម្ពជញ្ជ្រំដី កាយកប់ទាំងថ្ងៃលើដីទួល

ប្រសិនភ្លៀងធ្លាក់តាមសម្រួល គ្មានព្យុះរមួលច្បាស់ជាមាំ។

កូនឈើពូជមួយត្រួយពន្លក ជាទីជម្រកសត្វច្រៀងរាំ

ជាម្លប់នៃមនុស្ស រស់បានសម សូមជួយថែទាំទម្រាំធំ។

កូនឈើមួយមែក រែកជីវិត រួមរស់ជុំជិត ដិតទ្រនំ

ឈើលាស់ត្រសាយ ថ្វាយបង្គំ ក្រាបទូលជើងភ្នំ សុំទឹកភ្លៀង។

សូមឧទ្ទិសដល់អ្នកខ្វល់គិត ការពាររួបរឹត គិតឥតល្អៀង

រស់ដោយថ្លៃថ្នូរ មិនប្ដូរសៀង ស័ព្ទសូរនៅទៀង រៀងដរាប។

សូមរំឭកគុណដល់ធម្មជាតិ សមុទ្រ ដីគ្រាត បៀតទឹកសាប

នែបនិត្យ ដិតនៅ ផ្លូវឥតបាប សាងពូជព្រោះសាបជួយជីវិត។

សូមឱ្យព្រៃឈើលើផែនដី ដុះដាលក្រាលផ្ទៃដីអម្រឹត

គ្រាន់បានជួយយោងដង្ហើមពិត ដង្ហោយឱ្យដិតជិតធម្មព្រះ។

សូមឱ្យព្រៃឈើខ្មែរនៅគង់ រឹងមាំយូរលង់ ទ្រនុងឈ្នះ

សង្គ្រោះភពឋានបានជម្នះ រុងរឿងតេជះ រះរុងរោចន៍។

——-

វិរិយា 🌸

🌱 ថ្ងៃអាទិត្យ ៣រោច ខែពិសាខ ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា គ.ស. ២០២៣

រូបថតអនុស្សាវរីយ៍នៅក្នុងសាលាបឋមសិក្សាមួយ នាស្រុកសង្កែ ខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៧ អំឡុងពេលខ្ញុំនៅធ្វើការងារស្មគ្រចិត្ត ទាក់ទងនឹងការជួយសង្គម តាមរយៈ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា (CSU-ACA)