Tag Archives: អក្សរសិល្ប៍

បេះដូងឥន្ទធនូ (កំណាព្យបទ៨ព្យាង្គ)

ទឹកភ្លៀងធ្លាយហូរតាម-ទ-ជេីងមេឃ
ចាក់បំពេញព្រែក ដែលដេករីងរាំង
វាលស្រែឥតស្រូវ ហួសរដូវប្រាំង
ញញឹម​មីងមាំង ទាំងទឹករហាច។

ក្រោយភ្លៀងលាងមេឃ​ គុម្ពចេករលួយ
ដេីមទ្រាំងលាស់ត្រួយ​ បង្គួយ​ប្រែកាច
ចាបដូរសម្បុក នៅចុងដេីមត្រាច
កង្កែប​ភ័យខ្លាច ស្រែកយំទ្រហឹង។

ភ្លៀងនៅស្រុកខ្មែរ​ អ្នកស្រែរស់ស្រួល
ដីក្ដៅសេីមឆួល​ រមួលព្រលឹង
ព្រលឹតលំចង់​ រហង់ទន្ទឹង
ចាំគេដណ្ដឹង ក្រោយខែវស្សា។

វស្សានរដូវ ពៅនៅតែចាំ
រហូតចុងឆ្នាំ តាមបណ្ដាំចារ
ពាក្យពេចន៍​ខ្លីៗ ​ស្ដីសូមតាមសារ
បង្កប់សន្យា ថានឹងប្រចួប។

ជេីងមេឃធ្វេីងេីយ​ ដូចជាឈ្លេីយពេក
ឥន្ទធនូ​កោងរែក​ នាងដេករាប់ខួប
រំដួលអង្គរ​ វល្លិ៍​ឈេីរឹតរួប
ចង់ផ្ទឹមដៃផ្គួប​ រោយដោយផ្កាស្លា។

ជំនោរខែជេស្ឋ​ ភ្លៀងធ្លាក់​ជោកជាំ
ខ្យល់បក់រណ្ដំ​ ដូចផ្សំចេតនា
ឱ្យកញ្ជ្រោលបក់ ល្អក់ដួងចិន្ដា
ដូចបណ្ដាសា អាទិទេពស្នេហ៍។
————-
វិរិយា​🌸

ថ្ងៃ​អង្គារ​ ១៤កេីត​ ខែជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស.​ ២៥៦៥
ត្រូវ​នឹង​ថ្ងៃទី​ ២៥​ ខែ​ឧសភា​ គ.ស.​ ២០២១

រូបថតនៅលើដំបូលផ្ទះ ក្រុងសៀមរាប ក្រោយមេឃភ្លៀងមួយមេធំនាពេលរសៀល

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១