Tag Archives: មរតកកំណាព្យខ្មែរ

មន្ដស្នេហ៍កោះនរា (កំណាព្យបទ១០ព្យាង្គ)

កោះអើយកោះថ្លៃ ដែនដី កណ្ដាលធានី
កោះទួលធរណី គ្មានពីរ គួរឱ្យបេតី
ដុះដាលក្រាលគ្រង អន្ទង ឈោងចិត្តកវី
ស្រណោះពេលថ្ងៃ អាល័យ តែសុបិនយប់។

ឱ! កោះនរា ជាទី ប្រាថ្នា នែបនិត្យ
ចង់ផ្ដួលផ្ដេកផ្ដិត កាយកិត ដិតក្រោយទំនប់
នាមសែនពីរោះ ឈ្មោះដៅ ហៅគេឱ្យងប់
ព្រលឹមព្រលប់ ខំទប់ ចិត្តដែលរង់ចាំ។

បើសិនបានកោះ ខ្ញុំស្មោះ មិនទៅណាទេ
កណ្ដាលទន្លេ សរសេរ តែកាព្យបណ្ដាំ
ទុកសូត្រសាសង សូត្រឆ្លង កន្លងរយឆ្នាំ
បើកោះរងកម្ម ខ្ញុំចាំ នៅជួយជានិច្ច។
__________
វិរិយា🌸

ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅក្រោយភូមិគ្រឹះ លោកជំទាវ ទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ដែលមានទីតាំងនៅតំបន់កោះនរា រាជធានីភ្នំពេញ

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសមចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រុងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
វិរិយា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅលើយន្តហោះ កំពុងធ្វើដំណើរចេញពី ក្រុងកាតា ឆ្ពោះទៅទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន

សន្តិភាពពិត (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ១០)

សន្តិភាពពិត ឥតក្លែងក្លាយ ឆ្ងាយមន្ទិល
ស៊ីញ៉េផ្ដាច់ផ្ដិល រំកិលជាតិ ឃ្លាតឧទ្ទាម
ម្ភៃបីតុលា សញ្ញាស្ងប់ ចប់សង្គ្រាម
រំសេវធ្លាប់ឈ្ងៀម ឈាមធ្លាប់ហូរ ប្ដូរជាស្ងប់។

សន្តិភាពពិត ឥតបន្លំ ចំគោលការណ៍
ប៉ារីសចែងចារ ថាស្រុកយើង ភ្លើងឆេះចប់
សង្គ្រាមរ៉ាំរ៉ៃ ច្នៃរុងរោចន៍ ដូចកំណប់
ដូនតាបានកប់ ខ្ចប់ពេញដី ន័យពណ្ណរាយ។

សន្តិភាពពិត ឥតមានប្រែ ថែសម្បថ
នរណាហ៊ានក្បត់ ភ្លាត់ខុសផ្លូវ ទៅរាយមាយ
ច្បាស់ជាជាប់ទោស អូសឱ្យកឿង រឿងទំនាយ
ស្មើនឹងមាក់ងាយ ធ្លាយសម្បថ ក្បត់សន្យា។

សន្តិភាពពិត ឥតមានចែង ថ្លែងរឿងបក្ស
ពោលយ៉ាងប្រចក្ស ដាក់សាក្សី ដីខេមរា
គោរពឯករាជ្យ រាជាខ្ពស់ ហួសសិរសា
បង្រួមសាសនា អហិង្សា ចារប្រពៃ។

សន្តិភាពពិត ឥតមានភ្លាវ រាវផ្ដេសផ្ដាស
សរសេរច្បាស់ៗ ផ្លាស់របប ខ្លបច្បាប់ព្រៃ
ឈប់កាប់សម្លាប់ ចាប់បណ្ឌិត រិតឱ្យក្ស័យ
គុកកម្មចង្រៃ ច្នៃមកជា ធ្លាអប់រំ។

សន្តិភាពពិត ឥតពោលដល់ ខ្វល់អត់បាយ
សម្បូរសប្បាយ ឆ្ងាយទឹកភ្នែក រែកទូលភ្នំ
គ្មានការជិះជាន់ អាសន្នរុក ទុក្ខរងំ
សើចមិនបង្ខំ នាំអំណរ អរគុណពិត។
—————

[កំណាព្យសម្រាប់រំឭកដល់ថ្ងៃខួបសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា]

វិរិយា🌸

ថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ២០២០

វិដេអូកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស”

សំឡេងកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស” | បទ៧ព្យាង្គ | អំណានបែបធម្មតា

——–

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ រស់នៅកុំស្ពាយចិត្តឥច្ឆា

មនុស្សសត្វលើលោកគ្រប់អាត្មា មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ កុំបាច់ទោម្នេញនាំរឿងខុស

ឈ្លោះនឹងជនពាលនាំអាប់យស ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ កុំមើលបំណាំត្រូវបណ្ដាក់

ការងារធ្ងន់ស្រាលជួយលើកដាក់ រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច

ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ ចំណេះសន្សំគ្រប់វេលា

កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់

សន្សំប្រាក់ខែត្រៀមពេលខ្វះ យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ សន្ដានមិនឃ្លាតទាំងស្រីប្រុស

រាប់ដោយសច្ចៈកុំតើយតោះ បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា កូនត្រូវចាំថានាងល្អចិត្ត

ល្អទាំងអម្បូរពូជសុក្រឹត ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ ជាមន្រ្តីហំ ចូរកុំស្ដាយ

លះបង់ប្រយោជន៍ក្ដៅក្រហាយ នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច ថ្ងៃរះហើយលិចរាល់ទិវា

ជីវិតនៃមនុស្សក៏ដូចគ្នា សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់

ជីវិតនៅរស់ ឲ្យគេត្រាប់ រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់ ប៉ុន្តែសូមឈប់អភិប្រាយ

ម៉ែខ្លាចកូនប្រុសមិនសប្បាយ ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់ ជួយរក្សាយសឈ្មោះឧត្ដម

ពេញដោយអនុភាពថ្កើងសុខុម មានដល់កូនខ្ញុំរហូតហោង!

______

វិរិយា🌸

ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤