Category Archives: ឯកសារផ្សេងៗ

លិខិតជូនបុប្ផាណា ៖ ៥០ឆ្នាំនៃការចងចាំ និងការតស៊ូ

ជូនចំពោះ អ្នកស្រី ហួត បុប្ផាណា ជាទីគោរពស្រលាញ់!

៥០ឆ្នាំ បានអណ្ដែតផុតទៅយ៉ាងឆ្ងាយ បក់ផាត់ ដោយទៅទាំងរំហូរទឹកភ្នែក របស់បងប្អូនរួមឈាមខ្មែរ ដែលហូរស្រក់ចុះមិនដាច់តំណក់ ដូចជាចរន្ដទឹកទន្លេដ៏សែនវែងអន្លាយ ជាទន្លេដែលហូររហ៊ឹមទៅដោយលម្អងមនោសញ្ចេតនាឈឺចាប់ និរាសព្រាត់ប្រាស ចារជាប់ក្នុងក្រាំងប្រវត្តិសាស្ត្រមនុស្សជាតិទូទាំងសាកលលោក។

ថ្វីដ្បិតថាពេលវេលាកន្លះសតវត្សរ៍ វាហាក់ដូចជាយូរអង្វែងក៏ពិតមែន ប៉ុន្តែរយៈពេលត្រឹមប៉ុណ្ណេះ តាមពិត វាខ្លីណាស់សម្រាប់ជនជាតិខ្មែរផ្ទាល់ ព្រោះមកដល់ពេលនេះ ស្រមោលអវិជ្ជន្ធការនោះ នៅតែមិនទាន់អាចផ្សះស្នាមរបួសផ្លូវចិត្តរបស់បងប្អូនខ្មែរយើងបានជ្រះស្រឡះ សះស្បើយនៅឡើយទេ។

ក្នុងនាមខ្ញុំជាស្ត្រីខ្មែរមួយរូប ដែលមានវិចារណញ្ញាណ តម្កល់នៅទីតាំងមួយ ស្រដៀងគ្នានឹងអ្នកស្រីដែរនោះ ខ្ញុំពិតជា មិនអាចឃាត់ខ្លួនឯងបាន ពីកម្លាំងជំរុញចិត្ត ឱ្យត្រូវតែសរសេរសំបុត្រមួយច្បាប់ផ្ញើទៅអ្នកស្រី ឱ្យបានក្នុងថ្ងៃនេះ។

ក្រោយពីខ្ញុំបានអានម្ដងហើយ ម្ដងទៀត នូវខ្លឹមសារ ក្នុងលិខិតជាច្រើនច្បាប់ ដែលអ្នកស្រីបាន ហៅខ្លួនឯងថាជានាង សិតា ផ្ញើសារទៅព្រះរាម ដែត ជាស្វាមី ដើម្បីអង្វរលន់តួប្ដី ឱ្យបានមកជួបជួន ជួយសង្គ្រោះជីវិត ដ៏អពមង្គលរបស់នាងចេញពីគុកនរក ដែលអ្នកស្រីហៅថា ជាក្រុងរាពណ៍ របស់ពួកហ្វូងយក្សកំណាចឈុតខ្មៅស្អីអស់នោះ ខ្ញុំសែនកោតស្ញប់ស្ញែងមនោសញ្ចេតនារបស់គូស្វាមីភរិយាអ្នកស្រីខ្លាំងណាស់ វាជាស្នេហាដ៏ខ្ពង់ខ្ពស់មួយ ជាគំរូនៃវិរភាពមួយ ដែលខ្ញុំ និងប្រហែលមានស្ត្រីឯទៀតផងដែរ បានផ្ដិតជាប់ក្នុងដួងចិត្តជាទីនឹករឭក។

 អ្នកស្រី ពិតជាមានសេចក្ដីក្លាហានណាស់ ដែលបានប្រថុយជីវិត ហ៊ានកាន់ដងប៉ាកកា​ សរសេរអក្សរ ទាំងខេមរភាសា និងភាសាបរទេស នៅលើក្រដាសជាច្រើនសន្លឹក ដើម្បីបង្ហាញចេញនូវឆន្ទៈដ៏មុតស្រួច មិនចុះញ៉មនឹងបដិវត្ដន៍ដ៏ឆ្កួតលីលាប់ របស់ពួកបិសាចផ្ដាច់ការ។ អ្នកស្រី អស្ចារ្យណាស់ ដែលហ៊ានបង្ហាញភក្ដីភាពស្នេហាបរិសុទ្ធចំពោះប្ដីខ្លួន ដោយឥតញញើតនឹងពាក្យថា ខ្មាំង ដែលពួកឈ្លបបិសាច តែងតែ យកទៅកម្ទេចចោល ឥតរលស់ពេល។ អ្នកស្រី បានបន្សល់ទុកនូវ អនុស្សាវរីយ៍ ដ៏មហាសែនក្ដុកក្ដួល រំជួលចិត្តពន់ប្រមាណ ចំពោះអ្នកដែលនៅរស់រានមានជីវិត ក្រោយរបបយង់ឃ្នង អវិជ្ជា នេះ។ អ្នកស្រី គឺជាអ្នកទោសមនសិការ មួយរូប ដែលបានបូជាជីវិតដើម្បីបុព្វហេតុ ជំរុញថាមពលផ្លូវចិត្តដល់ស្ត្រីដទៃផ្សេងទៀតរាប់មិនអស់នៅកម្ពុជា ឱ្យមានសេចក្ដីអង់អាចក្លាហានរហូតដល់ដង្ហើមចុងក្រោយនៃជីវិត។

អ្នកស្រី បុប្ផាណា ជាទីគោរព ជាទីស្រលាញ់អើយ! រឿងរ៉ាវឆាកជីវិតរបស់អ្នកស្រី ហាក់ដូចជាមានសំឡេង មានសម្រែកដ៏កងរំពង ពេញដោយការឈឺចាប់ខ្លាំងម្ល៉េះ! ខ្ញុំអានសំបុត្ររបស់អ្នកស្រី ម្ដងហើយម្ដងទៀត ហាក់មិនអស់ចិត្តទាល់តែសោះ។ ហេតុអ្វី បានជាស្ត្រីបញ្ញវន្ត ដ៏ស្លូតបូត និងរឹងមាំ ប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ម្នាក់ មិនអាចទទួលបានសុភមង្គល ក្រោមទង់ក្រហមនៃអង្គការបដិវត្ដន៍ដ៏រុងរឿងនោះផង?

ខ្ញុំជឿជាក់ថា អ្នកស្រី ច្បាស់ជាបានបដិសន្ធិនៅក្នុងទីស្ថានដ៏ឧត្ដុង្គឧត្ដមមួយប្រកបដោយសន្តិភាព ជាមួយនឹងស្វាមីជាទីស្រលាញ់របស់អ្នកស្រីជារៀងរហូត!

ពីខ្ញុំ លឹម វិរិយា

ស្ត្រីខ្មែរមួយរូប

សៀវភៅស (កំណាព្យបទកាកគតិ)

សៀវភៅក្នុងដៃ គិតគូរកែច្នៃ
ស្រមៃរាប់ឆ្នាំ ប្រមែប្រមូល
ឆ្មូលពូនបណ្ដាំ ដែលស្រីៗផ្ដាំ
កត់ចាំជាច្បាប់។

ត្រាច់ចរគ្រប់ច្រក មិនដែលហ៊ានខក
ខ្លាចសណ្ដកស្លាប់ សាកសួរប្រដេញ
ឱ្យចេញឆាប់ៗ គេឆ្លើយខ្ញុំស្ដាប់
ត្រាប់ត្រងកត់ត្រា។

ទាំងខេត្តនិងក្រុង ជួនកាលជាប់ផុង
ខុសតុងតម្រា បែកកង់តាមផ្លូវ
ដូចត្រូវផ្ដាសា ផ្ដន្ទាក្រៃណា
ក៏រក្សាបាន។

សម្ភាសសាកសួរ រឿងគួរមិនគួរ
ចូលតួឥតស្រាន្ត ព្រោះចង់ដឹងហេតុ
អ្វីទៅរំខាន រារាំងមិនបាន
ឱ្យស្រីឡើងធំ?

កៀរគរបានហើយ ផ្ទៀងផ្ទាត់ចម្លើយ
កំណត់ដាក់ម្ដុំ បញ្ហាចម្បង
ដែលខ្ទាស់វិលជុំ គឺរឿងអប់រំ
មិនបានដិតដល់។

ខ្សត់ខ្សោយចំណេះ ស្រីៗមិនចេះ
របេះក្បាច់វ៉ល់ តាមគេមិនទាន់
គេជាន់ដាច់ខ្យល់ ព្រោះតែកិច្ចកល
សង្គមរួមរិត។

ឯរឿងទី២ ត្រូវតែសំភី
មិនអាចលាក់ជិត គឺរឿងលុយកាក់
ដាក់ស្នើប្រើផ្លិត បក់សូមអាណិត
នៅតែមិនបាន។

គេចោទថាស្រី បើនឹងមកខ្ចី
មានអ្វីជាដាន? អង្គការតូចធំ
សុំមើលអំណាន ប្លង់កេរផ្ទេរបាន
ទើបស្រាន្តហិរញ្ញ។

ទី៣ចុងក្រោយ គឺរឿងផ្ដល់ឱ្យ
ផ្លូវក្រោយមិនចាញ់ ផលិតឥតផ្សារ
ទំនិញខ្មួលខ្មាញ់ ខ្វះអ្នកប្រមាញ់
ជួយបាញ់ដំណឹង។

សរុបសេចក្ដី សៀវភៅក្នុងដៃ
ន័យរួមប៉ុនហ្នឹង គោលនយោបាយ
ដើរឆ្ងាយដល់ម្ល៉ឹង ពីកិច្ចខំប្រឹង
បានដឹងហេតុផ្គួប។

ឥលូវពេលនេះ សូមលោកត្រិះរិះ
ជួយគិតបង្រួប ដោះស្រាយបញ្ហា
ស្រីខ្មែរបានជួប រាប់ឆ្នាំខែខួប
ព្រោះហេតុខាងលើ។

ឈ្មោះសៀវភៅស បានដោយអំណរ
រំពងបន្លឺ សំឡេងបានឮ
បំភ្លឺលែងល្ងើ ដឹងហើយរុះរើ
ដោះស្រាយឆាប់ផង។

នេះរឿងស្រីៗ សហគ្រិនថ្មី
នៅក្នុងចំណង រើខ្លួនពិបាក
ស្ទើរផ្អាកម្ដងៗ សូមជួយចម្លង
បានដល់ព្រះឥន្ទ្រ។
____________

[កំណាព្យបែបកំណត់ហេតុនៃបេសកកម្មការងារ កាលនៅជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ២០១៨- ២០២១]

ទាញយកឯកសារជា PDF File នៃសៀវភៅស (The White Book) ភាគទី១ ចុចទីនេះ

វិរិយា🌸

ថ្ងៃពុធ ១៤រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១៦ ខែកញ្ញា គ.ស. ២០២០

រូបថតថ្ងៃសម្ពោធប្រកាសសៀវភៅស ភាគទី១ ក្រោមអាណត្ដិដឹកនាំរបស់ ក្រុមប្រឹក្សាភិបាលជំនាន់ទី៣ នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ហៅកាត់ថា​ CWEA ដែលមានខ្ញុំជាសមាជិកក្រុមប្រឹក្សាភិបាល

អនុស្សាវរីយ៍សៀវភៅប្រលោមលោកយុវវ័យ សរសេរដោយប៊ិច ដោយ លឹម វិរិយា

វិដេអូបង្ហាញពីសៀវភៅរឿងប្រលោមលោកបែបស្នេហាយុវវ័យ ចំណងជើង “លួចសន្សំស្នេហ៍នៅក្បែរអ្នក” និពន្ធដោយ លឹម វិរិយា កាលពីអំឡុងពាក់កណ្ដាលទសវត្សរ៍ ១៩៩០ សរសេរដោយទឹកប៊ិច

បាឋកថាទិវាគ្រូបង្រៀន៖ បរិវត្តកម្មឌីជីថលនៃការអប់រំ (បំណិនសតវត្សទី២១ និងកំណែទម្រង់វិធីសាស្ត្របង្រៀន)

សូមចុច link ខាងក្រោមនេះ ដើម្បីទាញយកឯកសារជាប្រភេទ PDF

ការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ គឺមិនអស់ប្រាក់ទេ

សៀវភៅគ្រួសារ ពីមុនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរុញទម្លាក់មកនៅត្រឹមអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌវិញ។ ដោយឡែកសៀវភៅស្នាក់នៅដែលធ្លាប់ធ្វើនៅអធិការដ្ឋាននគរបាលស្រុក ឬខណ្ឌ ត្រូវរុញទម្លាក់មកនៅត្រឹមប៉ុស្តិ៍នគរបាលឃុំ សង្កាត់ជំនួសវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលឆ្នាំ១៩៩៧ បានចែងថា សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ ពីសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ និងពីចំណងញាតិភាពនៃគ្រួសារនីមួយៗ រួមមានសហព័ទ្ធ និងកូនបង្កើត ឬកូនសុំ។ គ្រួសារនីមួយៗ ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានសៀវភៅគ្រួសារមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនបរទេសគ្មានសិទ្ធិកាន់កាប់ ប្រើប្រាស់សៀវភៅគ្រួសារនេះទេ។ ជនណាដែលគ្មានសញ្ជាតិខ្មែរ ហើយក្លែងបន្លំតាមរូបភាពណាក៏ដោយ ដើម្បីកាន់កាប់សៀវភៅគ្រួសារ ឬអាជ្ញាធរមានសមត្ថកិច្ចណា ដែលអនុវត្តភារកិច្ចនេះ ផ្ទុយពីបទបញ្ញត្តិនៃអនុក្រឹត្យស្តីពីសៀវភៅគ្រួសារនេះ ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សៀវភៅស្នាក់នៅវិញ យោងតាមអនុក្រឹត្យឆ្នាំ១៩៩៧ដដែល បានចែងថា សៀវភៅស្នាក់នៅ ជាសៀវភៅសម្រាប់ប្រើប្រាស់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងគេហដ្ឋាននីមួយៗ។ សៀវភៅនេះមិនសម្រាប់បញ្ជាក់អំពីញាតិភាព ឬសញ្ជាតិខ្មែរនៃមនុស្សដែលមានឈ្មោះក្នុងបញ្ជីសៀវភៅនេះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងអនុក្រឹត្យបានបញ្ជាក់ទៀតថា ជនគ្រប់រូបដែលជាអ្នកទទួលខុសត្រូវចម្បងនៃគេហដ្ឋាននីមួយៗ ទោះជាជននោះជាម្ចាស់ផ្ទះក្តី ឬ ជាអ្នកជួលក្តី មានកាតព្វកិច្ច ចុះក្នុងសៀវភៅស្នាក់នៅ នូវឈ្មោះមនុស្សគ្រប់រូប ដែលរស់នៅជាប់លាប់ជាមួយខ្លួន។
សៀវភៅទាំងពីរនេះ ក៏ជាឯកសារបញ្ជាក់អត្តសញ្ញាណដ៏សំខាន់ផងដែរ សម្រាប់យកទៅធ្វើជាសក្ខីកម្មក្នុងការធ្វើលិខិតស្នាមចាំបាច់ដទៃទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ហ្វេសប៊ុកផេករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារបញ្ជាក់ជាថ្មីថា « ការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ មិនតម្រូវឲ្យបង់ប្រាក់ឡើយ»៕

គំរូអត្តសញ្ញាណប័ណ្ណសញ្ជាតិកម្ពុជា មើលពីខាងមុខ
គំរូអត្តសញ្ញាណប័ណ្ណសញ្ជាតិកម្ពុជា មើលពីខាងខ្នង
បញ្ជីឯកសារដែលត្រូវមាន សម្រាប់ធ្វើសៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ
ប្រកាសស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ ដោយក្រសួងមហាផ្ទៃ ទំព័រទី១
ប្រកាសស្ដីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្ដល់សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ ដោយក្រសួងមហាផ្ទៃ ទំព័រទី
រូបថតស្គ្រីនពី ហ្វេសប៊ុគ ផេគ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បដិវត្តន៍ឧស្សាហកម្ម ៤.០

ប្រកាសអន្តរក្រសួង ស្ដីពី ការផ្ដល់សេវាសាធារណៈ ដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

គោលនយោបាយស្ដីពី ការអប់រំបរិយាបន្ន

ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក | E-Commerce Law

ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់​ | Consumer Protection Law