Category Archives: បដិវត្តន៍ផ្នត់គំនិត

សន្តិភាពក្នុងផ្សែងពុល (Peace in the Poisonous Smoke)

នៅក្នុងអំឡុងពេលដែលមនុស្សលោកគ្រប់ទិសទី ខំប្រឹងព្យាយាមទប់ដង្ហើម ដោយសារតែបរិយាកាសដែលពួកគេកំពុងរស់នៅ ឡើងដុះក្រាស់ឃ្មឹកទៅដោយជាតិពុលពេញបន្ទុក ពួកយើងក៏គួរតែចោទសួរខ្លួនឯងដែរថា តើខ្យល់ដែលយើងបានស្រូបចូលទៅក្នុងសួត មានអ្វីខ្លះ? ហើយខ្យល់ដែលយើងបានបញ្ចេញមកវិញ គឺជាអ្វីខ្លះ?

ជាញឹកញាប់ ដែលយើងស្រូបចូលក្នុងខ្លួននូវដង្ហើមនៃភាពភ័យខ្លាច លាយឡំដោយកំហឹងយ៉ាងក្ដៅគគុកដូចភ្លើង ហើយបញ្ចេញមកវិញ នូវដង្ហើមដែលភាយទៅដោយចំហាយការឈឺចាប់ និងទុក្ខព្រួយ។ បន្ទាប់មក យើងស្រូបចូលម្ដងទៀត នូវការរំពឹងទុក ដែលនៅមិនឆ្ងាយពីសម្រែកដង្ហោយរកជំនួយរបស់បងប្អូនជនរួមជាតិ ហើយបញ្ចេញមកវិញ នូវដង្ហើមដែលខ្សោះអស់ក្ដីសង្ឃឹមថានឹងមានសន្តិភាពដ៏ពិតប្រាកដមួយ។

ប្រវត្តិបុព្វបុរសដូនតា បានលះបង់ តស៊ូ កសាងទឹកដី មហាអាណាចក្រ ឱ្យល្បីរន្ទឺតាមរយៈប្រាសាទថ្មល្អវិចិត្ររាប់មិនអស់ ប្រកបដោយកំពូលប្រាជ្ញាដ៏ឆ្លាតវាងវៃ បែរជាត្រូវកូនចៅជំនាន់ក្រោយ ប្រើប្រាស់ធ្វើជាមរតកសម្រាប់ត្រឹមតែបង្អួតគ្នា កេងចំណេញលើគ្នា កម្ចាត់គ្នា ព្យាបាទគ្នា រហូតដល់ប្រទេសជាតិធ្លាក់ចុះអន់ខ្សោយ ក្រីក្រតោកយ៉ាក ក្លាយទៅជាផ្ទាំងស៊ីប សម្រាប់ជនបរទេសស្រេកឃ្លានអំណាចពីគ្រប់ទិស បង្កសង្គ្រាម ឈ្លានពាន ម្ដងហើយ ម្ដងទៀត អស់រយៈពេលជិតមួយពាន់ឆ្នាំ រហូតដល់រហែកដាច់ដោចប្រទេសជាចំណែកៗ និងបន្សល់ស្លាកស្នាមរបួសយ៉ាងជ្រៅដល់សព្វថ្ងៃ។

ប្រាសាទបុរាណដែលត្រូវបានកសាងសម្រាប់ជាការបូជាថ្វាយដល់អាទិទេព សម្រាប់ជាទីគោរពសក្ការៈ ប្រែទៅជាសមរភូមិសង្គ្រាម ស៊ីសាច់ហុតឈាមគ្នា ដោយសារភាពអវិជ្ជា គឺសេចក្ដីល្មោភលោភលន់អំណាច របស់ក្រុមមនុស្សដ៏ខ្ពង់ខ្ពស់ ឈ្មោះជាស្ដេច។ ផ្សែងពុល ដែលភាយមកបំពុលមនុស្សថ្ងៃនេះ គឺជាចំហាយផ្សែង ដែលបន្សល់មកតាំងពីអតីតកាល ទាក់ទងនឹងប្រវត្ដិសាស្ត្រទឹកដី។ វាវិលកួចចុះឡើងខ្មួលខ្មាញ់ ដូចជាព្យុះកំបុតត្បូង បោកបក់សន្ធាប់ បំផ្លាញពន្លឺសន្តិភាពនៃជាតិសាសន៍ផងគ្នា ឱ្យធ្លាក់រងទុក្ខវេទនា រកទីបំផុតមិនឃើញ។

យើងចាប់ផ្ដើមសង្ស័យថា ដុំពពកនៅលើមេឃ មិនមែនជាបណ្ដុំនៃចំហាយទឹក ដែលនឹងបង្កើតជាទឹកភ្លៀង សម្រាប់ហូរធ្លាក់មកស្រោចស្រពចម្ការ ច្បារដំណាំ ស្រែស្រូវកសិករ ដូចមុនទៀតទេ។ វាប្រហែលជាបណ្ដុំនៃផ្សែងពិសដ៏គ្រោះថ្នាក់ ដែលនឹងបង្កើតជាទឹកអាស៊ីត ហូរមកស្រោចស្រពពួកយើងឱ្យរលេះរលួយស្លាប់ជាក់ជាមិនខាន។ យើងចាប់ផ្ដើមសង្ស័យពីសំឡេងផ្គរលាន់ ដែលប្រហែលជាសំឡេងគ្រាប់កាំភ្លើងធំ ដែលពួកមនុស្សល្ងង់ខ្លៅកំពុងតែបាញ់ប្លោងដាក់គ្នា។ យើងចាប់ផ្ដើមសង្ស័យពីពន្លឺផ្លេកបន្ទោរ ដែលប្រហែលជាពន្លឺភ្លើងនៃអាវុធប្រល័យជីវិតល្បឿនលឿន។ យើងចាប់ផ្ដើមលែងទុកចិត្ដគ្នា ហើយចងចិត្តដ៏អកុសល ដោយការព្យាយាមចាប់កំហុសគ្នាទៅវិញទៅមក ដើម្បីបានលេសនឹងព្យាបាទគ្នា ឱ្យរងទុក្ខឥតល្ហែ ទាំងផ្លូវចិត្ត និងផ្លូវកាយ។

ពួកមនុស្សស្នេហាជាតិបែបជ្រុលនិយម មិនដឹងជាលេចមុខមកពីទីណា ខំប្រឹងសម្ដែងឱ្យគេឃើញថាខ្លួនឯងជាអ្នកស្នេហាជាតិពិតប្រាកដ រីអ្នកដទៃមិនស្រលាញ់ប្រទេសជាតិដូចខ្លួន។ ពួកមនុស្សខ្លះ ស្រែកថាចង់បានសន្ដិភាព ប៉ុន្តែគ្រប់ដង្ហើមចេញចូល បែរជាបង្កតែភ្លើងសង្គ្រាមឥតស្រាកតាមរយៈពាក្យសម្ដីផ្លែផ្កា មុសា ចោទប្រកាន់ បំភ្លៃព័ត៌មានក្លែងក្លាយ ដើម្បីគ្រាន់តែចង់ល្បីឈ្មោះនៃអាត្មាខ្លួន ដែលស្រោបដោយកិត្តិយសកំប៉ិកកំប៉ុក នៅតាមបណ្ដាញអ៊ីនធើណិត។

“គ្មានអ្វីនៅក្នុងលោកនេះ រឹងមាំជាងភាពទន់ភ្លន់នោះទេ” ប៉ុន្តែអ្នកដែលចង់បានភាពរឹងមាំ បែរជាមិនយល់ពីបាតុភូតធម្មជាតិនេះ ហើយបង្កើតតែសេចក្ដីរឹងត្អឹង មានៈ ក្អេងក្អាង ទាំងទទឹងទិសគ្រប់ពេលវេលា។ ធម៌នៃសេចក្ដីមេត្ដា ករុណា ចំពោះសព្វសត្វផងទាំងពួង ដែលព្រះបានទុកឱវាទជាមេរៀនប្រៀនប្រដៅ ក៏រលុបបាត់អស់នៅក្នុងផ្សែងពុល។ សេចក្ដីប្រកាន់ រីកមាឌធំឡើងរាល់វិនាទី រហូតដល់តណ្ហាដែលធ្លាប់តែមានទំហំតូចប៉ុនផ្លែដូងសោះ ស្ទុះរីកធំស្ទើរប៉ុនផែនដី។

សូមមេត្ដាយល់ដឹងឱ្យច្បាស់ថា ការតម្កល់សេចក្ដីអត់ធ្មត់ដោយស្មារតីប្រុងប្រយ័ត្ន មិនមែន មានន័យថាយើងអន់ខ្សោយ ខ្លាចគេទេ។ ការមិនច្រឡោត មិនស្ទុះលោតប្រតិកម្ម ទៅតាមព័ត៌មាន ហើយព្យាយាមស្មិងស្មាធិ៍ ដើម្បីរិះគិតពីដំណោះស្រាយ ប្រកបដោយធម៌អហិង្សា ទើបជាអ្នកមានប្រាជ្ញា។ បុគ្គលទាំងឡាយណា ដែលស្រែកតិះដៀលដល់អ្នកមានអំណត់អត់ធ្មត់ ហើយញុះញង់ឱ្យមានអំពើហិង្សា កាប់សម្លាប់គ្នា នោះគឺសុទ្ធតែជាបុគ្គលពាលទាំងអស់។ បុគ្គលប្រភេទនោះហើយ ដែលនៅក្នុងប្រវត្ដិសាស្ត្រ បង្កឱ្យមានហាយនភាព គឺសេចក្ដីវិនាសអន្តរាយជារៀងរហូត។ ពួកគេចង់បានសន្តិភាព តែពួកគេបំពក់ផ្សែងពុល ដែលបក់ផ្លុំចេញពីភ្លើងសង្គ្រាមទៅវិញ។

អ្នកស្នេហាជាតិ មិនមែនមានន័យថា ត្រូវតែលើកគ្រវីទង់ជាតិ ដាក់តាំងរូបទង់ជាតិ ស្រែកយំដាក់ក្នុងបណ្ដាញផ្សព្វផ្សាយ ជេរតិះដៀលអ្នកមានសីល សមាធិ ហើយស្រែកឃោសនា លើកទឹកចិត្តឱ្យមានការបាញ់ប្រហារ សងសឹកគ្នានោះទេ។ បើគិតឃើញ ត្រឹមតែការបង្ហូរឈាមតែម្យ៉ាង តើវាមានខុសគ្នាអីពីពួកប៉ុលពត?

 អ្នកស្នេហាជាតិ អាចនឹងធ្វើអ្វីៗគ្រប់សព្វបែបយ៉ាង ដែលខ្លួនមានចំណេះ ជំនាញ ហើយខំប្រឹងអប់រំចិត្តខ្លួនឯងឱ្យមានឧបេក្ខាធម៌ រម្ងាប់ភ្លើងកំហឹង ទោសៈ មោហៈ ជាអតិបរមា តាមដែលអាចធ្វើទៅបាន។ ព្រោះថា ទាល់តែសតិយើងមានភាពត្រជាក់ ទើបពន្លឺនៃប្រាជ្ញាផុសច្រាលឡើងមកបាន ហើយគំនិតល្អៗនៃដំណោះស្រាយ នឹងឧប្បត្តិកចេញមកដោយស្វ័យប្រវត្ដិ។ បើមិនព្រមពន្លត់ភ្លើងដែលកំពុងឆេះសន្ធោក្នុងដួងចិត្តសិនទេ នោះគំនិត មតិ យោបល់ ដែលជះចេញមក មានតែការបំផ្លាញតែម្យ៉ាងគត់ ចុងក្រោយ គឺវិនាសកម្មជាសាកល។

យើងមិនចាំបាច់បង្កើតភ្លើងកំហឹង ដើម្បីបំប៉ោងការឈឺចាប់ ដើម្បីឱ្យបានគេហៅថាជាអ្នកស្នេហាជាតិអីទេ។ យើងមិនចាំបាច់ ស្រែកចំទាលក្នុងតុងសំឡេងតឹងៗ ខ្លាំងៗ លាយឡំដោយទឹកភ្នែក ទឺកសម្បោរ ដើម្បីបញ្ជាក់ថាយើងស្រលាញ់ប្រទេសជាតិនោះទេ។ បើអូសហ្វេសប៊ុគ មិនផុតពីអ្វីដែលនាំឱ្យមានការឈឺចាប់ នោះបិទទូរសព្ទ ឈប់អូសទៀតទៅ ហើយបិទភ្នែកធ្វើសមាធិខ្លះក៏ល្អ ក្រែងអាចជួយខ្លួនឯងបានមួយផ្នែក។ ច្បាប់តក្កៈ ទាល់តែពលរដ្ឋម្នាក់ៗអាចជួយខ្លួនឯងជាមុនសិន ទើបអាចទៅជួយអ្នកដទៃទៀតបាន។

សូមមាតា បិតា អាណាព្យាបាល កុំបង្រៀនកូនឱ្យលើកតម្កើងកាន់ជើងបុគ្គលមានអំណាចណាមួយ ឬឈ្មោះវីរបុរសណាមួយដែលពូកែខាងកាប់សម្លាប់ជីវិតមនុស្ស។ តែត្រូវបង្រៀនកូនៗ ឱ្យមានមោទនភាពនឹងការលើកតម្កើងសិទ្ធិសេរីភាព ការយោគយល់អធ្យាស្រ័យគ្នា ការរួបរួមសាមគ្គីគ្នាក្នុងធម៌អហិង្សា ដើម្បីកសាងស្ពានឈានទៅរស់នៅក្នុងសង្គមដ៏ស៊ីវិល័យ ប្រកបដោយសុខសន្តិភាពយ៉ាងពេញលេញ បរិសុទ្ធ គ្មានលាយឡំដោយផ្សែងពុលតទៅទៀត។

_________

វិរិយា 🌸

ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា គ.ស. ២០២៥

រូបភាព A.I. សរសេរ Prompt ដោយ លឹម វិរិយា

សារអំពាវនាវដើម្បីសន្តិភាព

ក្នុងនាមខ្ញុំជាខ្មែរម្នាក់ ដែលបានកើតនៅក្នុងសម័យ ដែលប្រទេសជាតិធ្លាប់រងគ្រោះដោយសង្គ្រាមរ៉ាំរ៉ៃ និងរស់នៅធំធាត់លើទឹកដី ដដែលនេះ រហូតដល់បានស្គាល់ពន្លឺសន្តិភាព និងវឌ្ឍនភាព ជីវិតខ្ញុំ និងជីវិតជនខ្មែរដទៃទៀតរាប់លាននាក់ សុទ្ធតែបានចងក្រងរឿងព្រេងនិទានដ៏ឈឺចាប់ខ្លោចផ្សារាប់មិនអស់រួចហើយ សម្រាប់តំណាលឱ្យកូនចៅជំនាន់ក្រោយបានដឹងជាបទពិសោធ។ ខ្ញុំធ្លាប់គិតថា ពិសោធន៍ក្នុងយុគសម័យដ៏មហាសែនលំបាក ជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយអាចបង្កើតសង្គមរស់នៅមួយដែលចៀសឆ្ងាយពីសំឡេងស៊ីរ៉ែន ដ៏កងរំពងពាសពេញមេឃទាំងថ្ងៃទាំងយប់ ឱ្យឆ្ងាយពីក្លិនឈ្ងៀមគ្រាប់រំសេវ ផ្សែងពុល ឱ្យឆ្ងាយពីសាកសពមនុស្ស ដែលដួលដេក រដូករណែលក្នុងថ្លុកឈាមនៅចំពោះមុខ និងគ្រោះទុរ្ភិក្ស ដ៏គួរឱ្យខ្លាច។

ខ្ញុំធ្លាប់ទៅដេកយាមនៅក្នុងមន្ទីរពេទ្យជាមួយម្ដាយខ្ញុំ និងធ្លាប់ចូលទៅក្នុងសាលវះកាត់ តាំងពីមិនទាន់ចេះអានអក្សរ។ ខ្ញុំធ្លាប់ឈរមើល អ្នករបួសដាច់ដៃ ដាច់ជើង ដែលគេសែងចូលពេទ្យទាំងនៅឈាមក្រហមឆ្អៅ ខណៈដែល ដៃ ជើង របស់ពួកគេ ដាច់រសេមរសាម ដូចគេចិញ្ច្រាំ ហើយខ្ញុំឮសំឡេងគ្រូពេទ្យស្រែកបញ្ជាឱ្យគេកាត់ដៃ កាត់ជើង អ្នករបួសទាំងនោះជាបន្ទាន់ ដើម្បីសង្គ្រោះជីវិត។ ពេលនោះ ខ្ញុំនៅតូចណាស់ ខ្ញុំគិតថា ពិភពលោកនេះ មនុស្សបាញ់គ្នា និងកាប់សម្លាប់គ្នារបៀបនេះតែអ៊ីចឹងឯងមើលទៅ។ ហើយធ្វើជាគ្រូពេទ្យដូចម្ដាយខ្ញុំ មានន័យថា ត្រូវរង់ចាំកាត់ដៃ កាត់ជើងគេទាំងយប់អធ្រាត្រដូច្នេះហើយ។ រូបភាពដ៏ខ្លោចផ្សារាប់សិបករណី នៅក្នុងមន្ទីរពេទ្យនោះ បានដក់ជាប់ក្នុងខួរក្បាលខ្ញុំ គ្មានថ្ងៃបំភ្លេចបានឡើយ។ ដោយពិបាកទ្រាំនឹងទិដ្ឋភាព ដ៏គួររន្ធត់ទាំងនោះពេក ម្ដាយខ្ញុំ បានសុំគេផ្លាស់ចេញពីសាលសង្គ្រោះបន្ទាន់ មកធ្វើការនៅសាលផ្សេង ផ្នែកឱសថវិញ។

នៅក្នុងផ្ទះខ្ញុំ មានកាំភ្លើងវែង១ដើម ដែលជាញឹកញាប់ ប៉ាខ្ញុំស្ពាយចេញទៅសមរភូមិ ដើម្បីច្បាំងគ្នាជាមួយខ្មាំងសត្រូវ នៅតាមតំបន់ឆ្ងាយពីទីក្រុងបាត់ដំបង ហើយបើទោះបីជាគ្មានការបាញ់គ្នាជាមួយខ្មាំង ក៏គាត់នៅតែស្ពាយជាប់ខ្លួន គ្រប់ពេលទៅយាមនៅការិយាល័យពេលយប់ដែរ។ តាមពិត ខ្ញុំមិនគួរហៅនរណាម្នាក់ថាជាខ្មាំងទេ។ គ្រប់គ្នាសុទ្ធតែជនរងគ្រោះទាំងអស់ គឺជនរងគ្រោះដែលទទួលផលពីគំនិតល្មោភអំណាច របស់ក្រុមពួកអ្នកនយោបាយដែលមិនកាន់សីល។ ពួកគេគ្មានសីលធម៌ គ្មានមនុស្សធម៌បន្តិចណាទេ។

ដោយហេតុតែផ្ទះខ្ញុំនៅចំកណ្ដាលទីប្រជុំជន វាក៏ប្រែក្លាយទៅជាជម្រកជនភៀសខ្លួន របស់មនុស្សម្នារាប់មិនអស់ ដែលរត់គេចពីការបាញ់ប្លោង របស់ពួកឧទ្ទាមខ្មែរក្រហម។ ផ្ទះល្វែង ទទឹង ៥ ម៉ែត្រ បណ្ដោយជាង ៣០ម៉ែត្រ ពេលខ្លះ ផ្ទុកមនុស្សដល់ទៅម្ភៃ សាមសិបនាក់ ណែនដូចកាតំ។ ម្នាក់ៗរត់មកជ្រកពួន ទាំងព្រលឹងចុងសក់ ជាញឹកញាប់។

នៅពេលដែលលេណដ្ឋានគេចគ្រាប់ប្លោង ដែលខ្ញុំធ្លាប់រត់លូនចូលទៅពួនសំងំ ក្រោយមកត្រូវបានគេរំលាយចោល ដើម្បីកសាងសួនច្បារ ខ្ញុំត្រេកអរណាស់។ នៅពេលដែលប៉ាខ្ញុំយកកាំភ្លើងវែងរបស់គាត់ ទៅប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រកាសសន្តិភាព ខ្ញុំក៏រឹតតែអរខ្លាំងណាស់ទៅទៀត ព្រោះខ្ញុំស្អប់កាំភ្លើងដងវែងដ៏ធ្ងន់នោះជាងស្អប់អ្វីៗទាំងអស់។

សូមបញ្ជាក់ថា ខ្ញុំសរសេរសារថ្ងៃនេះ មិនមែនខ្ញុំនៅខាងអ្នកនយោបាយណា ឬបក្សណាមួយទេ គឺខ្ញុំសរសេរក្នុងនាមខ្ញុំ ជាសភាវៈរស់ មានជីវិតដ៏តូចមួយ ហៅថា “មនុស្ស”។

ខ្ញុំចូលរួមកាន់មរណទុក្ខចំពោះការស្លាប់របស់មនុស្សទាំងអស់ មិនថាជាតិសាសន៍ណាក៏ដោយ ដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសគឺកុមារតូចៗ នៅតាមព្រំដែននៃប្រទេសម្ចាស់ជម្លោះ។ ខ្ញុំសូមប្រឆាំងយ៉ាងដាច់ខាត ចំពោះក្រុមមនុស្សជ្រុលនិយម គ្រប់ជាតិសាសន៍ មិនថាជាជនជាតិអ្វីឡើយ ឱ្យតែអ្នកព្យាយាមបំផុសចលនា ស្អប់ខ្ពើមគ្នា ដើម្បីបំភាន់ថាខ្លួនជាអ្នកស្នេហាជាតិ នោះ សម្រាប់ខ្ញុំ អ្នកនៅខ្វះភាពជាមនុស្ស។

សង្គ្រាម មិនដែលរើសអើងពូជសាសន៍ម្ដងណាឡើយ។ គ្រាប់រ៉ុកែតមុននឹងផ្ទុះ ក៏វាមិនដែលចេះសួររក ជនជាតិ និង សញ្ជាតិ ពីនរណាម្នាក់ដែរ។ ហើយមច្ចុរាជ ដែលយកជីវិតមនុស្សគ្រប់គ្នាទៅ ក៏វាមិនចាំបាច់មានលិខិតឆ្លងដែន មិនបាច់មានទិដ្ឋាការអ្វីទាំងអស់។ ឱ្យតែសង្គ្រាម កើតឡើងនៅទីណា ហ្វូងម្រឹត្យូវពណ៌ខ្មៅនឹងទៅដល់ទីនោះហើយ។

ខ្ញុំសូមប្រកាសម្ដងហើយ ម្ដងទៀត ថាពួកយើង ក្នុងនាមជាមនុស្សរស់ក្រោមដំបូលមេឃតែមួយ គួរតែចែករំលែកឱ្យគ្នាទៅវិញទៅមកនូវភាពជាមនុស្សធម៌ ដ៏ពេញលេញបរិបូរ។ គ្មានហេតុផលអ្វី ដែលជាតិសាសន៍មួយ ត្រូវបង្កើតការស្អប់ខ្ពើម ចំពោះជាតិសាសន៍មួយទៀតនោះទេ។ ផែនដីនេះ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ជាតិសាសន៍ណា ឬនរណាទេ វាជារបស់ធម្មជាតិ។ ច្បាប់ធម្មជាតិបានផ្ដល់ជីវិតឱ្យយើងបានជ្រកនៅស្នាក់អាស្រ័យតែមួយរយៈពេលប៉ុណ្ណោះ មិនអមតៈទេ។ បេសកកម្មរបស់ពួកយើង គឺរស់នៅ ដោយការស្រលាញ់គ្នា យោគយល់ អធ្យាស្រ័យគ្នា ផ្ដល់ឱ្យគ្នានិងគ្នាទៅវិញទៅមកនូវធម៌នៃ មេត្ដា ករុណា មុទិតា និង ឧបេក្ខា។

ក្រែងប្រទេសយើងទាំងពីរកាន់ពុទ្ធសាសនា មែនទេ? ហេតុអ្វីបានជាពួកអ្នកល្មើសបាណាតិបាទធម៌? ហេតុអ្វីបានជាមុសាគ្នាទៅវិញទៅមក ដើម្បីបានលេសកាប់សម្លាប់គ្នាទៅវិញ?

ត្រូវចាំថា នៅពេលដែលសង្គ្រាមអូសបន្លាយកាន់តែយូរ នោះវាមានតែបង្កើនទំហំទុក្ខសោកវេទនា ភាពនិរាសព្រាត់ប្រាស និង វិនាសកម្មចំពោះប្រទេសជាតិទាំងពីរខាង មិនលែងឡើយ។ ហើយគម្ពីរប្រវត្ដិសាស្ត្រ ក៏ចាប់ផ្ដើមបង្កើតទំព័រអតុល្យភាពនៃយុត្តិធម៌កាន់តែក្រាស់ឡើង ព្រោះតែម្ខាងៗ សុទ្ធតែសរសេរ ចារិកយកត្រូវរៀងៗខ្លួន។ ហើយបន្ទាប់ពីនោះ កូនចៅជំនាន់ក្រោយមកទៀត នឹងចងកំហឹងចំពោះពូជសាសន៍ជិតខាងគ្នា កាប់សម្លាប់គ្នា សងសឹកគ្នាទៅវិញទៅមក ជាបន្តទៅមុខ គ្មានដែនកំណត់ រហូតដល់រលាយផែនដីទាំងមូល។

មេដឹកនាំជាទីគោរព!

ថ្ងៃនេះ ម៉ោងនេះ ខ្ញុំសូមទទូចអង្វរ សូមលោកមេត្ដា បញ្ឈប់សង្គ្រាមឱ្យបានលឿនបំផុត! នៅទីនេះ ទឹកដីនេះ ប្រជារាស្ត្ររបស់លោកច្រើនណាស់។ ទីនេះ មិនមែនមានត្រឹមតែ មេទ័ព កងទាហាន កងរាជអាវុធហត្ថ របស់លោកទេ គឺមានមនុស្សចាស់ជរាជាច្រើន ស្ត្រីមានផ្ទៃពោះ ជនពិការ កុមារ និងយុវជនដែលជាទំពាំងស្នងឫស្សី ដ៏ច្រើនរាប់លាននាក់ កំពុងរលត់អស់នូវក្ដីសង្ឃឹម ដែលពួកគេគិតថានឹងអាចរះភ្លឺចែងចាំង នៅថ្ងៃអនាគត។ ពួកគេស័ក្ដិសមនឹងទទួលបានការបណ្ដុះបណ្ដាល ដើម្បីកសាងធនធានបញ្ញា ដើម្បីចូលរួមកសាងជាតិឱ្យបានរុងរឿងទៅថ្ងៃអនាគត ជាជាងការក្លាយជាចំណាប់ខ្មាំងនៃផែនការយុទ្ធសាស្ត្រសង្គ្រាម ទាំងនៅក្មេងវ័យ។

ភាពស្អប់ខ្ពើម មិនអាចយកឈ្នះ ដោយការស្អប់ខ្ពើមតបទៅវិញនោះទេ។ ដូច្នេះ សូមបងប្អូនជនរួមជាតិ ឈរលើស្មារតីមនុស្សធម៌​ បញ្ឈប់ការផ្សព្វផ្សាយទាំងឡាយណា ដែលរុញដល់ការបញ្ឆេះកំហឹង ការគុំកួន ការស្អប់ខ្ពើមគ្នាជាបន្តទៅទៀត។ សូមគ្រប់គ្នា ជួយផ្សព្វផ្សាយសំឡេង ដែលបង្កឱ្យមាននូវការផ្សះផ្សារជាតិនិងជាតិ ដើម្បីពួកយើងអាចរស់នៅក្នុងសន្តិភាពទាំងអស់គ្នា។ ពួកយើងឥតត្រូវការ ផ្នូរយុវជន ដើម្បីរំឭកវិញ្ញាណក្ខន្ធប្រចាំឆ្នាំទៀតទេ។ យើងឥតចង់បានជញ្ជាំង បន្លាលួស ឃាំងប្រទេសនិងប្រទេសទេ។ យើងត្រូវការស្ពានឆ្លងឱ្យបានច្រើននៅតាមព្រំដែននៃប្រទេសពួកយើងទាំងពីរ រួមទាំងប្រទេសទាំងអស់ក្នុងតំបន់ និងក្នុងពិភពលោកនេះ!

លឹម វិរិយា 🌸

ថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២៥ ខែ កក្កដា គ.ស. ២០២៥

“សាសនាដែលមានតែទ្រឹស្ដី នឹងនាំសាវក ជួបតែសេចក្ដីទុក្ខជារៀងរហូត”

ការខិតខំប្រឹងប្រែងរៀនសូត្រ អាចជួយឱ្យយើងមានចំណេះចេះដឹងនៅក្នុងការងារប្រកបរបរចិញ្ចឹមជីវិត។ ប៉ុន្តែដាច់ខាត វាមិនអាចជួយឱ្យចិត្តគំនិតរបស់យើងដើរនៅលើផ្លូវប្រកបដោយសីលធម៌បានទេ ដរាបណាយើង មិនបានខិតខំបង្វឹកលត់ដំចិត្តខ្លួនឯង។ តើត្រូវរៀនដោយរបៀបណា?

នៅក្នុងសាសនា នានា គេសរសេរក្នុងគម្គីរថា ចូរចាកចេញឱ្យឆ្ងាយពីអំពើអាក្រក់។ ហើយគេពន្យល់ ពី “អំពើអាក្រក់” គឺជាអ្វីខ្លះជាដើម។

តាមពិត នរណាៗ ក៏ដឹងដែរថា អំពើអាក្រក់ ឬអំពើបាប រួមមានសង្ខេបត្រួសៗ ដូចជា ការសម្លាប់ជីវិត មនុស្សឬសត្វដោយចេតនា ដើម្បីបំពេញចំណង់តណ្ហាផ្ទាល់ខ្លួន ឬដើម្បីជាការកម្សាន្ត ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការលួចយកទ្រព្យសម្បត្តិអ្នកដទៃ មកកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់ទ្រព្យដើម ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការនិយាយកុហក បោកបញ្ឆោត កេងប្រវញ្ច ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន ទោះដោយកាយវិការ ឬសូម្បីតែការគិតប៉ុនប៉ងក្នុងចិត្ត។ ការសេពគ្រឿងស្រវឹង គ្រឿងញៀន គ្រឿងដែលបំពុលដល់សតិប្រាជ្ញា ឱ្យបាត់បង់អស់នូវវិចារណញ្ញាណ។

ការបង្រៀនអំពី ព្រហ្មចរិយាធម៌ទាំងនេះ ក្នុងសាសនាណា ក៏មានបង្រៀនដែរ។ ប៉ុន្តែហេតុអ្វីបានជាមានមនុស្ស នៅតែបំពានក្នុងការកាប់សម្លាប់ជីវិតគេ លួច ឆក់ ប្លន់ កេងប្រវញ្ចគេ ។ នៅតែមានអ្នកលបលួចផិតក្បត់ សហាយស្មន់ ចាប់រំលោភរាងកាយគេ បំពានផ្លូវភេទគេ សូម្បីតែពាក្យសម្ដីដែលដៀមដាមដល់ផ្លូវកាមរាគៈនៃអ្នកដទៃ ក៏ជាអំពើបាប ដ៏គួរខ្ពើមឆ្អើមក្រៃកន្លង។ នៅតែមានជាហូរហែ អ្នករកស៊ីបោកប្រាស់គេ អ្នកស្បថទាំងបំពាន អ្នកប្រើល្បិចបញ្ឆោតដើម្បីឱ្យគេព្រមជឿស្លុងទៅក្នុងឧបាយកលខ្មៅកខ្វក់ របស់ខ្លួន។ ហើយជាពិសេស នរណាៗ ក៏ដឹងដែរថា ការផឹកស្រា ជារឿងឧបទ្រពចង្រៃណាស់ ចុះម្ដេច ក៏គេនៅតែផឹកទៀត? មានអ្នកខ្លះជាវេជ្ជបណ្ឌិត បង្រៀនផ្នែកសុខភាពផង ក៏នៅហាមខ្លួនឯងមិនបានពីការសេពគ្រឿងស្រវឹងទាំងនេះ។ ដូច្នេះ តើវាមិនមែន ព្រោះតែការបង្រៀននៃសាសនាអស់នោះ មិនគ្រប់លក្ខណៈទេឬ? មែន! សាសនា ដ៏ច្រើនក្នងលោកនេះ មានតែទ្រឹស្ដីក្នុងគម្ពីរតែម្យ៉ាងគត់ គ្មានបច្ចេកទេសដកពិសោធ ដើម្បីយល់ទេ។ ពួកគេ ចេះត្រឹមតែវិភាគ បែបទស្សនវិជ្ជា វែកញែក រកហេតុផល ថាសម ឬមិនសម ទំនង ឬមិនទំនង គួរជឿ ឬមិនគួរជឿ ។ល។

បើគេបានជាបង្រៀនពីធម្មចរិយាហើយ ហេតុអ្វីបានជាគេគ្មានវិធីបង្រៀនដកពិសោធ ដើម្បីចេញចាកឱ្យផុតពីអំពើអាក្រក់ទាំងនោះផង?

តើចាកចេញដោយរបៀបណា?

ក្រៅពីក្នុងមេរៀនពុទ្ធសាសនា គ្មានបច្ចេកទេសចាកចេញពីអំពើបាបទេ វាមានត្រឹមតែទ្រឹស្ដី សម្រាប់សូត្រ និងបន្ទាប់មក បង្ខំឱ្យជឿ និងគំរាមកំហែង ដោយប្រកាសថាអ្នកណាមិនជឿលើព្រះរបស់គេទេ នឹងធ្លាក់ទៅនរក អ្នកណាជឿនឹងបានឡើងស្ថានសួគ៌ ហើយចុងក្រោយ គឺគេបង្រៀនយើងឱ្យចេះត្រឹមតែបួងសួង បន់ស្រន់ ហើយសច្ចាថាមិនបូជាព្រះណាផ្សេង ក្រៅពីព្រះមួយនោះ។ ត្រង់ហ្នឹងហើយ ដែលហៅថា ភាពស្មោះភក្ដីទាំងខ្វាក់ ងងឹតឈឹង

នេះមិនមែនជាបច្ចេកទេស ចេញចាកទុក្ខទេ ព្រោះវាឥតមានការពិសោធដោយផ្ទាល់ទៅតាមលក្ខណៈវិទ្យាសាស្ត្រ។ ជនល្ងង់ខ្លៅ នឹងព្រមជឿទាំងងងឹត ទាំងខ្វាក់ ហើយក៏តាំងបង្កើតភាពស្មោះស្មគ្រភក្ដីទាំង ងងឹត ពុំយល់អ្វីសោះ ចំពោះព្រះអាទិទេពអង្គមួយនោះ។ ដូចយើងរៀន រូបវិទ្យា គីមីវិទ្យា អ៊ីចឹង បើយើងសូត្រតែទ្រឹស្ដីក្នុងសៀវភៅ ដោយគ្មានការពិសោធផ្ទាល់ យើងនឹងគ្មានថ្ងៃរៀនចេះទេ ព្រោះយើងគិតមិនយល់អំពីប្រតិកម្មដែលគេសរសេរក្នុងសៀវភៅ។ ប៉ុន្តែយើងបែរជា ត្រូវព្រមថាតាមទ្រឹស្ដីដែលគេសរសេរនោះ ដោយការទន្ទេញចាំមាត់ ដើម្បីបានពិន្ទុប្រលងជាប់ ឡើងថ្នាក់តែប៉ុណ្ណោះ តែខួរក្បាលមិនបានអភិវឌ្ឍទាល់តែសោះ គឺនៅតែល្ងង់ខ្លៅដដែល។

ព្រះពុទ្ធជាម្ចាស់ មានបង្រៀនទាំងទ្រឹស្ដី និងការដកពិសោធផ្ទាល់។ ទ្រឹស្ដី មានក្នុងគម្ពីរព្រះត្រៃបិដកពេញបរិបូរណ៍ ដែលមានបរិយាយអំពីកិច្ចត្រូវបដិបត្តិក្នុងធម្មចរិយាយ៉ាងល្អិត។ រីចំណែកឯ ការដកពិសោធ មាននៅក្នុង សមាធិ កម្រិតវិបស្សនា តាមរយៈបច្ចេកទេស សតិបដ្ឋាន

គ្មានការបង្ខំឱ្យជឿលើព្រះអាទិទេពណាមួយឡើយ។ គ្មានការបង្ខំឱ្យប្ដូរនិកាយឡើយ។ គ្មានការបួងសួង គ្មានការបន់ស្រន់ គ្មានសូម្បីតែការទន្ទេញនូវពាក្យបរិកម្មណា សូម្បីតែមួយសំឡេង។ នៅក្នុងវិបស្សនាតាមបច្ចេកទេសព្រះពុទ្ធ ព្រះអង្គបានដាក់វិន័យ ដោយហាមឃាត់ដាច់ខាតនូវការទន្ទេញឈ្មោះអាទិទេព ឬពាក្យលួងលោមផ្លូវចិត្ត ឬពាក្យភាសាបាលីអ្វីម្យ៉ាង ឬការរាប់គ្រាប់អង្កាំ រាប់លេខ គោះត្រឡោក គោះជួង ចាក់ភ្លេង ធ្វើសំឡេងតិចៗ ចេញពីក្រអូមមាត់ថា “ឱម អ៊ឹង ឧ អូហ៍”…… ។ល។ ដែលទាំងនោះ ជាចំណុចទាញនាំអ្នកបដិបត្ដិ ឱ្យឈានទៅកាន់ការបំបែកនិកាយ បង្កើតសាសនាថ្មីៗ ហើយចុងក្រោយ មិនអាចចេញចាកផុតទុក្ខបានទេ។

អ្នកដែលបដិបត្តិសមាធិ ក្នុងទម្រង់ហាមឃាត់ដូចរៀបរាប់ខាងលើ នឹងនៅតែវិលវល់ក្នុងពិភពតណ្ហាដដែល ព្រោះអ្វី ? ព្រោះពួកគេបានជាប់ជំពាក់នៅក្នុងកិច្ចបរិកម្មរៀងៗខ្លួនទៅហើយ។ វាគឺជាចំណងនៃមហាទុក្ខសោកនៃភព ក្នុងវដ្ដៈ។ ឧបមាថា បើគេទន្ទេញឈ្មោះព្រះយេស៊ូ នោះក្រោយសមាធិបានស្ងប់ គេច្បាស់ជាត្រូវតែទន្ទេញឈ្មោះព្រះយេស៊ូ ដដែលៗរបៀបនេះជាអង្វែងហោង។ ហើយ ការប្រកាន់ចាប់ផ្ដើមកើតមានឡើង គឺបើមាននរណាចង់សមាធិឱ្យបានស្ងប់ គេនឹងបង្គាប់ឱ្យសូត្រឈ្មោះព្រះយេស៊ូជានិច្ច មិនអាចសូត្រឈ្មោះព្រះផ្សេងណាបានទេ។

អ្នកណាសូត្រថា ឧមៈ ឧមៈ នោះក្រោយពេលដែលគេបានស្ងប់បន្តិច គេនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួនថា ពាក្យ ឧមៈ នេះ ជាពាក្យបរិកម្ម ដែលត្រូវតែទន្ទេញឱ្យជាប់ក្នុងចិត្ត។ ដូច្នេះ បន្ដពីនោះទៅ ពាក្យនេះ នឹងក្លាយទៅជា មន្តអាគម ទៅវិញ។ បើអ្នកណា ចាក់ភ្លេងតន្ត្រីអ្វីម្យ៉ាង ដូចជាស្នូរគោះជួង ស្នូរគោះត្រឡោកតិចៗ នោះក្រោយពេលគេបានស្ងប់ គេនឹងប្រកាន់ខ្ជាប់ថា ឧបករណ៍នោះ ជារបស់ដ៏ពិសិដ្ឋអស្ចារ្យ ក្នុងការជួយដល់សតិរបស់គេ ហើយឧបករណ៍នោះ នឹងក្លាយជាពិធីកម្មសាសនាទៅវិញ វានឹងទៅជានិកាយមួយផ្សេងទៀត។

ប៉ុន្តែខ្យល់ដង្ហើម គឺជាទម្រង់សាកល។ នរណា ក៏មានខ្យល់ដង្ហើមដែរ។ ខ្យល់ដង្ហើម មិនប្រកាន់ជាតិសាសន៍ ពូជពង្ស សាសនា និកាយ ឬអ្វីទាំងអស់ ព្រោះវាជាលក្ខខណ្ឌធម្មជាតិ។ អ្វីដែលស្របតាមធម្មជាតិ នោះគឺជា អរិយសច្ចៈ។ ក្នុងបរិបទនេះ គឺ មានតែដង្ហើមចេញ និងដង្ហើមចូល កាត់តាមរន្ធច្រមុះ ចុងរន្ធច្រមុះ ឬគែមចុងរឹមបបូរមាត់ ឬតំបន់ត្រីកោណលើផ្ទៃមុខ ដែលយើងហៅតាមភាសាបាលីថា “អានាបានស្សតិ”  មានន័យថា សតិនៃការដកដង្ហើមចេញចូល។ វាគឺជាបច្ចេកទេសសមាធិមួយដែលត្រូវបានរកឃើញឡើងវិញដោយព្រះពុទ្ធគោត្ដម ដែលបច្ចេកទេសនេះ មានបង្រៀនជាទូទៅក្នុង សាលាព្រះពុទ្ធសាសនាថេរវាទ និងក្នុងកម្មវិធីចម្រើនសតិ នៅបស្ចិមលោក រាប់រយប្រទេសទៀតផង។ នៅពេលដែល អានាបានស្សតិ ជាមូលដ្ឋាន មានការរីកចម្រើនហើយ អ្នកបដិបត្តិនឹងអាចពង្រីកថាមពលចិត្ត ចូលជ្រៅទៅក្នុងកម្មដ្ឋានដ៏ល្អិតមួយទៀត គឺ វិបស្សនា

 ហើយបន្តបន្ទាប់មក នឹងមានតែការសង្កេតពិនិត្យ ទៅលើធាតុជីវគីមីក្នុងគ្រប់អាតូមនៃកោសិការាងកាយខ្លួនឯងតែម្យ៉ាងគត់។ ការសង្កេតពិនិត្យ គឺគ្មានអ្វីក្រៅពីតាមដាន នូវភាពរំញ័រនៃធាតុ ទឹក ដី ភ្លើង និង ខ្យល់ នៅក្នុងគ្រប់ចំណុច នៃសព៌ាង្គកាយទាំងមូល តាំងពីស្បែកខាងក្រៅ រហូតដល់ខួរឆ្អឹងខាងក្នុង ។ ​ ពិនិត្យកាន់តែយូរ យើងនឹងដឹងថា វេទនាជាសុខ ជាទុក្ខ ឬជាអ្វីក៏ដោយ សុទ្ធតែមិននៅស្ថិតស្ថេរយូរឡើយ គ្រប់យ៉ាងផ្លាស់ប្ដូរជានិច្ច គ្រប់យ៉ាងជាអនិច្ចំ ។ ការពិនិត្យ ត្រូវប្រើពេលវេលាយូរគួរសម និងពោរពេញដោយភាពអំណត់ អត់ធ្មត់ មានសតិមូលណាស់ ដើម្បីអាច ពិនិត្យរហូតដល់លែងឃើញអ្វីទាំងអស់ គឺសូន្យ ទទេ។ វាជាដំណាក់កាលទីបំផុតនៃកម្រិតលោកុត្តរជ្ឈាន គឺ និព្វាន។ មនុស្សនឹងបានដល់និព្វាន ក្នុងអំឡុងកិច្ចសមាធិវិបស្សនា កម្រិតខ្ពស់នោះ។ ហើយតពីនោះទៅ គេនឹងចាប់ផ្ដើមរស់នៅក្នុងស្ថានភាពមួយ ដែលលែងមានទុក្ខ លែងមានការឈឺចាប់ ហើយគេអាចរៀបចំសេចក្ដីស្លាប់ សម្រាប់ខ្លួនឯងបានយ៉ាងងាយ។ គេចង់ស្លាប់ថ្ងៃណា ម៉ោងណា នៅទីណា ក៏បាន គេនឹងស្លាប់ដោយមានរបៀបរៀបរយបំផុត។ នេះហើយជា និព្វាន គឺបរមសុខ។

អ្នកដែលបានដល់និព្វាន គឺគេនឹងមិនត្រលប់មកយកកំណើតទៀតឡើយ សូម្បីតែកំណើតនោះ ជាឥន្ទ្រ ទេព្ដា ឬជាព្រហ្ម ក៏ដោយ ព្រោះតែកំណើត នឹងបណ្ដាលឱ្យមានភពជាថ្មីម្ដងទៀត ហើយតែកាលណាមានភព នោះសេចក្ដីទុក្ខ នឹងនៅតែមានរហូត។ និព្វាន គឺចេញផុតចាកភព គ្មានភពទៀតទេ។ នេះជាលទ្ធផលដកពិសោធ នៃច្បាប់កងច្រវាក់ទុក្ខទាំង១២ គឺធម៌ “បដិច្ចសមុប្បាទ”  របស់ព្រះសម្មសម្ពុទ្ធ ដែលបានជួយព្រះអង្គ ឱ្យសម្រេចការត្រាស់ដឹងពិតប្រាកដ។ អ្នករៀនព្រះអភិធម្ម គេនិយមហៅថា ជាធម៌ត្រាស់ដឹង ព្រោះអ្នកដែលរៀនវិភាគ ពិចារណា ហើយបដិបត្តិធម៌នេះ នឹងអាចជួយគេឱ្យបានសម្រេចមគ្គផលជាន់ខ្ពស់ ដល់ជាព្រះអរហន្ដផង ក៏មានដែរ។

នេះហើយ ជាបច្ចេកទេស ចេញចាកទុក្ខ ដែលព្រះពុទ្ធបានបន្សល់ទុកឱ្យមនុស្សអនុវត្ដតាម រហូតមកទើសសព្វថ្ងៃនេះ។ នរណា ក៏អាចពិសោធបច្ចេកទេសនេះបានដែរ វាគ្មានការប្រកាន់សាសនា គ្មានការប្រកាន់និកាយអ្វីទាំងអស់ ព្រោះ វិបស្សនា គឺជាច្បាប់សាកល ជាច្បាប់ធម្មជាតិ សម្រាប់មនុស្សលោកគ្រប់គ្នា អាចដកពិសោធបាន និងពាល់ត្រូវយ៉ាងប្រចក្ស។

បើមានតែការសូត្រតាមគម្ពីរ បើមានតែការបួងសួន បន់ស្រន់ បើមានតែការបង្ខំឱ្យជឿទាំងងងឹតងងុល នោះ ដាច់ខាត យើងមិនអាចរួចផុតពីរណ្ដៅទុក្ខសោកវេទនាបានទេ។ ចូរប្រើច្បាប់ធម្មជាតិ ដែលមានលក្ខណៈសាកល ធ្វើពិសោធន៍ ឱ្យឃើញលទ្ធផលជាក់ស្ដែងជាមុនសិន មុននឹងព្រមទទួលយកព្រះអង្គមកទុកក្នុងចិត្ត!

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស 

_________

លឹម វិរិយា 🌸

ថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២២ កក្កដា គ.ស. ២០២៥

តម្លៃនៃជីវិតមនុស្សនៅកម្ពុជា

គ្រប់ពេលដែលខ្ញុំធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ហានិភ័យនៃការរស់រានមានជីវិតរបស់ខ្ញុំ គឺនៅសល់តែ ៥០% ប៉ុណ្ណោះ។ ការប្រុងប្រយ័ត្ន មិនមែន ត្រឹមតែគោរពច្បាប់ចរាចរណ៍តែម្យ៉ាងនោះទេ ប៉ុន្តែត្រូវប្រុងស្មារតីក្នុងការគេចចេញឱ្យបានលឿនរហ័សពីអ្នកបើកបរផ្សេងដែលធ្វេសប្រហែស។ អ្នកទាំងនោះ ប្រហែលជាបើកបរដោយភាពស្រវឹងជោកជាំ ដែលបណ្ដាលពីឥទ្ធិពលស្រា ឬថ្នាំញៀន។ ពេលឆ្លងភ្លើងបៃតងម្ដងៗ ក៏ត្រូវតែប្រយ័ត្ន ព្រោះថាពេលខ្លះ មានអ្នកមកកាត់ទទឹងផ្លូវដែលមិនគោរពភ្លើងសញ្ញា។ ពេលឆ្លងផ្លូវបំបែកម្ដងៗ សុខចិត្តធ្វើជាអ្នកចាញ់រហូត រង់ចាំឱ្យអ្នកព្រហើនកោងកាច បានចេញទៅមុនអស់។

ដោយសារតែហេតុនេះហើយ ទើបខ្ញុំមិនដែលហ៊ានបណ្ដោយកូនៗបើកបរម៉ូតូកង់ខ្លួនឯងនៅលើដងផ្លូវនៅក្នុងស្រុកខ្មែរទេ បើទោះជាពួកគេធំៗអស់ទៅហើយក្ដី។ ខ្ញុំជូនកូនដោយផ្ទាល់តាំងពីតូចដល់ធំពេញវ័យ រហូតដល់អ្នផងពេបជ្រាយថាថ្នមកូនហួសហេតុពេក។ មិនមែនខ្ញុំមិនហត់នឿយទេ ប៉ុន្តែព្រោះក្ដីបារម្ភមួយនេះ។ ហេតុអ្វីបានជាជីវិតមនុស្សនៅលើដងផ្លូវហាក់ដូចជាថោកខ្លាំងម្ល៉េះ?

មនុស្សពូកែៗ មានសមត្ថភាព ជាធនធានដ៏កម្ររបស់ប្រទេសជាតិ ដែលគួរទទួលបានការថ្នាក់ថ្នម លើកតម្កើងនិងថែរក្សា បែរមកត្រូវបាត់បង់ជីវិតយ៉ាងអណោចអធម៌ ដូចជាសត្វឆ្កែឆ្មានៅលើដងផ្លូវ ដោយសារជនបង្កដែលប្រព្រឹត្ដអបាយមុខ គឺការសេពគ្រឿងស្រវឹង ដែលជាការហាមឃាត់យ៉ាងដាច់ខាតពីព្រះគ្រប់សាសនាក្នុងលោក។ ហេតុអ្វីដែលប្រទេសជាតិមួយ ហូរហៀរទៅដោយងារថា បណ្ឌិត រាប់ចាប់តាំងពីក្បាលម៉ាស៊ីនកំពូល ដល់មន្ត្រីតូចតាចផងនោះ បែរជាបណ្ដោយឱ្យប្រទេសជាតិខ្លួនឯង ត្រូវបានបំផ្លិចបំផ្លាញឱ្យខ្ទេចខ្ទីអស់ ដោយសារតែអំពើពាលាអាវាសែអស់ទាំងនេះ?

វាដូចជាល្មមដល់ពេល វះកាត់ជំងឺមហារីកនៃសង្គមមួយនេះចោលហើយ! នៅស្ដាយសាច់ស្អុយមួយដុំហ្នឹងដល់ណាទៀត? បើវាជាសាច់ដែលនាំមកនូវតែការឈឺចាប់ និងការបំផ្លាញឥតល្ហែបែបនេះ?

ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនៅតែរក្សាជំហរក្នុងការប្រឆាំងជាដាច់ខាតនឹងរបៀបដឹកនាំប្រទេស ដែលអនុញ្ញាតឱ្យមានការផលិតនិងផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាអបាយមុខបំពុលសង្គម និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ខ្ញុំសូមថ្កោលទោស ដល់ជនទាំងឡាយណា ដែលបានចូលគាំទ្រ លើកតម្កើង គ្រឿងស្រវឹង ទោះជាដោយផ្ទាល់ ឬដោយប្រយោល។ កុំរង់ចាំរហូតដល់ថ្ងៃមួយដែលកូនៗចៅៗរបស់លោកអ្នក ដេកស្ដូកស្ដឹងនៅពីក្រោមកង់រថយន្ដរបស់ជនប្រមឹក ទើបភ្ញាក់ខ្លួន! សូមភ្ញាក់រឭកឱ្យឆាប់ៗឡើង…… ប្រទេសជាតិយើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈគ្រប់វិនាទី!

——

សូមគ្រប់គ្នារក្សាសីល៥ ឱ្យបានខ្ជាប់ខ្ជួន

១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះគន្លង គឺសម្លាប់សត្វ។

២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយ ឬដោយវាចា។

៣- កាមេសុ មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក។

៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។

សាវកប្លម (កំណាព្យបទ៧ព្យាង្គ)

មើលរូបលិចទឹក នឹករឿងចាស់

កាលណោះជ្រួលណាស់ ទាំងចាស់ក្មេង

ប្ដូរងាប់ជាប់ឈ្មោះ ជួសសំឡេង

មិនដឹងគេលេងពង្វក់ក្បាល។

ឥឡូវភាគ២ ស៊ីលុយក្រាស់

ជំទាវច្រើនណាស់ជួយបណ្ដាល

បណ្ដុះគំនិតអន់ស្រាលៗ

ងងឹតអម្បាលអវិជ្ជា។

អ្នកខ្លះមានងារដល់ឧកញ៉ា

ប៉ុន្តែប្រាជ្ញាដូចមាន់ទា

បង្ហោះហ្វេសប៊ុគផ្សាយតគ្នា

ពន្លិចអ្នកជាឱ្យធ្លាក់ជ្រាំ។

ឧបាសិកាមហាខ្ពស់

ងារសែនពីរោះឈ្មោះបន្លំ

ដឹកនាំគេឯងលែងសូវសម

ព្រោះលបរៀបចំចោរសាមាន្យ។

ធម្មព្រះសម្ពុទ្ធមិនត្រងត្រាប់

បែរជាទៅផ្កាប់រឿងតិរច្ឆាន

ផ្សាយធម្មថោកទាបពេញភូមិឋាន

សមាធិបានក្លាយជាព្រាយ។

វិបស្សនាមិនព្រមគិត

បែរជាទៅរឹតរឿងទំនាយ

ខំប្រឹងទម្លុះសីលធ្លុះធ្លាយ

លាមកស្អុយភាយពេញខេមរា។

——–

វិរិយា🌸

៨រោច ខែកត្ដិក ២៥៦៧​ – ៥ វិច្ឆិកា ២០២៣

តើវត្ដអារាម មានខ្លឹមសារយ៉ាងណាក្នុងផ្នត់គំនិតជនជាតិខ្មែរម្ចាស់ស្រុក?

ពាក្យថា “វត្ដ” (ក្លាយមកពីភាសាបាលី សំស្ក្រឹត) ប្រែថា “ការកាន់នូវសីលធម៌ ឬការប្រព្រឹត្តដែលពោរពេញដោយសេចក្ដីគោរព”។ ចំណែកពាក្យថា “អារាម” ប្រែថា “ទីវាលដែលមានសួនច្បារល្អស្រស់ត្រកាល និងមានកុដិដែលជាទីស្នាក់អាស្រ័យនៃបព្វជិត”។ ពាក្យ “អារាម” នេះ ពីសម័យដើមគេប្រើហៅ ដើម្បីសម្គាល់ទីអាវាសទាំងឡាយណាដែលអាចធ្វើឱ្យអ្នកបានទៅដល់ មានសេចក្ដីសោមនស្ស រីករាយ សប្បាយចិត្ត ភ្លេចអស់ទុក្ខកង្វល់។

ដូច្នេះ “វត្ដអារាម” គឺជាទីតាំងនៅនៃបណ្ដាអ្នកបួស ដែលត្រូវការភាពស្ងប់ស្ងាត់ ដើម្បីសន្សំសីល សមាធិ ភាវនា ហើយក៏ជាទីជ្រះថ្លានៃបរិស័ទជិតឆ្ងាយ ដែលត្រូវការពឹងអាស្រ័យ ដើម្បីជម្រះភាពសៅហ្មងផ្សេងៗផងដែរ។

លុះអំណេះតមកច្រើនជំនាន់ ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ គ្រោះទុរភ្ភិក្ស ពីមួយសតវត្សរ៍ ទៅមួយសតវត្សរ៍ មនុស្សហាក់ឃ្លាតឆ្ងាយចេញពីការអប់រំ រហូតលែងដឹង លែងយល់ថា តើ “វត្ដអារាម” ជាកន្លែងសម្រាប់បដិបត្តិនូវកិច្ចប្រកបដោយសីលធម៌អ្វីខ្លះ ហើយបែរជាយល់ខុសដោយមិច្ឆាទិដ្ឋិ ថាវត្តអារាម ជាកន្លែងទៅស្រោចទឹក រំដោះគ្រោះចង្រៃ ជាកន្លែង ដែលពួកគេអាចប្រមែប្រមូលវត្ថុអាក្រក់ៗដូចជាសំរាម ទៅប្លុងចោលទៅវិញ។

ជាក់ស្ដែង ដែលយើងធ្លាប់ឃើញកន្លងមក មនុស្សខ្វះការអប់រំជាច្រើនរាប់មិនអស់ បាននាំគ្នាជញ្ជូនយក វត្ថុសក្ការបូជាប្រចាំថ្ងៃ ដែលពួកគេជឿថាអស់មន្តស័ក្ដិសិទ្ធិ យកទៅប្រោសចោលតាមរបងវត្ដអារាម ជាហូរហែឥតដាច់។ មនុស្សអគតិខ្លះ បានយកឆ្កែឆ្មា ឬសត្វចិញ្ចឹមនានា ឬសត្វកាចសាហាវ ដែលគេជឿថា ជាសត្វបង្កនូវវិនាសកម្មដល់ជីវិតពួកគេ ទៅលែងចោលនៅក្នុងវត្តអារាម។

រូបថតដែលគេបានថតបង្ហោះផ្សាយតគ្នានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ ក្នុងអំឡុងបុណ្យសែនដកជើងធូបរបស់ប្រពៃណីចិន នៅស្រុកខ្មែរ (តាមអានមតិអ្នកទស្សនា សរសេរថា ជារូបភាពនៅវត្ដទួល)

មិច្ឆាទិដ្ឋិរបស់មនុស្ស បានប៉ោងរីកភាយ រហូតដល់ថ្នាក់ ចាត់ទុកវត្តអារាម ជាកន្លែងសម្រាប់ទៅពឹងពរ រកគ្រូធ្មប់ (សង្ឃខ្លះរៀនវិជ្ជាធ្មប់ គឺវិជ្ជាសូត្រមន្តរំដោះគ្រោះ និងចារយ័ន្ដគាថា ដែលព្រះពុទ្ធហាមផ្ដាច់ និងបានចាត់ទុកជាវិជ្ជាតិរច្ឆាន) ដើម្បីពួកគេអាច ស្រោចទឹក សូមសិរីសួស្ដី សូមអំបោះក្រហម ឬសូមវត្ថុនេះនោះ ទៅតាមជំនឿដ៏ងងឹតនិងអវិជ្ជារបស់ពួកគេរៀងៗខ្លួន។

សរុបសេចក្ដីទៅ វត្តអារាម ហាក់នៅឆ្ងាយពីសេចក្ដីល្អបរិសុទ្ធ។ វត្តអារាម ហាក់ដូចជាបានប្រែក្លាយទៅជា កន្លែងពួកធ្មប់បិសាច ដែលជ្រកក្រោមស្លាកឈ្មោះពុទ្ធសាសនា និងរង់ចាំត្រងយកឧបទ្រពចង្រៃផ្សេងៗ ទៅតាមជំនឿកខ្វក់របស់ពួកមនុស្សទ្រុស្ដសីលទៅវិញ។

សូមជនជាតិខ្មែរ ភ្ញាក់រឭកឡើង! វត្ដអារាម ជាកន្លែងសម្រាប់យើងជាបរិស័ទ អាចទៅស្ដាប់ឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាមរយៈព្រះធម្មទេសនារបស់សាវកព្រះអង្គ គឺព្រះសង្ឃ។ វត្តអារាម ជាកន្លែងស្ងប់ស្ងាត់ សម្រាប់យើងទៅធ្វើសមាធិ លាងជម្រះចិត្តដែលអាប់អួរ សៅហ្មង ឱ្យបានខ្ពង់ខ្ពស់ ស្រស់ស្រាយ និងចាកឆ្ងាយទុក្ខទាំងពួង។ វត្តអារាម ជាទីស្នាក់អាស្រ័យរបស់បព្វជិតសាសនា ដែលយើងគ្រប់គ្នាគួរទៅចែករំលែកទានផ្សេងៗ ដូចជា បច្ច័យបួន ជាដើម ដើម្បីជួយទ្រទ្រង់អ្នកបួសឱ្យមានជីវិតរស់បានល្អប្រសើរ ដើម្បីសាវកទាំងនោះ ជួយផ្សព្វផ្សាយព្រះអភិធម្ម ដល់សាធារណជន បានយល់ដឹង និងឈានដល់ការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក។

បើអ្នកទៅវត្ត ដើម្បីតែទៅរកលោកសង្ឃស្រោចទឹក ឬដើម្បីរំឭកត្រឹមតែខ្មោចជីដូនជីតាខ្លួនឯងដែលចែកឋាននោះ សូមកុំទៅអីល្អជាង។ បើអ្នកទៅវត្ត ដើម្បីយកសំរាមទៅចាក់ចោល អ្នកមិនខុសគ្នាអីពីពួកប្រេតនាឋាននរកអវីចីនោះទេ។

រូបថតវត្តត្នោតជុំ ខេត្តបាត់ដំបង ថតដោយ យឹម ម៉ានីកា

និយាយត្រូវ តែមិនត្រូវនិយាយ

តើបងប្អូន ធ្លាប់ជួបសម្ដីបែបនេះ ដែរឬទេ “និយាយត្រូវ តែមិនត្រូវនិយាយ”? បើខ្ញុំវិញ ជួបឡើងសឹកភ្នែក សឹកត្រចៀក ឡើងជ្រេញ ស្ទើរតែក្អួតចេញក្រៅម្ដងៗ។ អ្នកដែលចូលចិត្តពោលឃ្លាមួយនេះ ប្រហែលគិតថា និយាយអ៊ីចឹងទៅ ឡូយ (ឡូយថូយ មែន)។ បទពិសោធខ្ញុំ សម្ដីនេះ ភាគច្រើនលើសលុប ខ្ញុំជួបផ្ទាល់ដោយការកំពប់ចេញពីមាត់របស់អ្នកដែលជា ជំទាវ (ទាំងអ្នកមានក្រឹត្យ និងអ្នកអត់ក្រឹត្យ) ឧកញ៉ា (ទាំងពិតនិងក្លែងក្លាយ) ឯកឧត្ដម (ទាំងទើបឡើងថ្មីនិងហួសដឺឡេ) បណ្ឌិត (ទាំងមានកិត្តិយសនិងឥតកិត្តិយស) សាស្ត្រាចារ្យ (មានស្រីមានប្រុស) នាយកសារព័ត៌មានក្នុងស្រុក ពិធីករ និងតារាល្បីៗជាច្រើន។ អ្នកខ្លះចូលមកសរសេរមតិជាសាធារណៈ ក្នុងអត្ថបទផ្សាយរបស់ខ្ញុំ។ ខ្លះផ្ញើសារចូលក្នុងប្រអប់សារសម្ងាត់។ ខ្លះទៀត ឋានៈដល់ទៅរដ្ឋមន្ត្រីទៀតផង ណាត់ខ្ញុំទៅជួបសំណេះសំណាល ស្មានតែមានការងារអីចង់ពឹង តាមពិត ហៅទៅប្រាប់ថា “វិរិយា និយាយត្រូវ តែមិនត្រូវនិយាយ”។ ហាស់ហាស់ហាហា! គ្រាន់តែចង់ប្រាប់ប៉ុនហ្នឹងសោះ ខំចាយពេលវេលាអស់កន្លះថ្ងៃ ទទេៗ!!

ហ្អេ! បើនិយាយត្រូវ ហេតុអ្វីបានជា មិនត្រូវនិយាយទៅវិញ? ធ្លាប់តែឮថា និយាយខុសហើយ សូមកុំនិយាយទៀត។ តែនេះ ខ្ញុំនិយាយត្រូវទេតើ ម្ដេចក៏ម្នាក់ៗព្រួយបារម្ភខ្លាចការពិតខ្លាំងម្ល៉េះ? បើសម្ដីខ្ញុំនិយាយត្រូវ ហេតុអ្វីមិនគាំទ្រពាក្យសម្ដីដែលត្រូវ? ភាសាអង់គ្លេសគេថា “Your speech is right, but you don’t have the right to speak” សុន្ទរកថារបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែអ្នកគ្មានសិទ្ធិនិយាយទេ។ ពាក្យនេះ យើងឃើញសម្បូរកើតមានឡើង ក្នុងប្រទេសដែលរំលោភសិទ្ធិមនុស្សក្រាស់ក្រែល និងតំបន់ដែលពោរពេញដោយអំណាចផ្ដាច់ការ។

តស់! យើងមកវិភាគពីចិត្តវិជ្ជា និង សង្គមវិជ្ជា បន្តិចមើល៍ ថាហេតុអ្វីបានជាមានមនុស្សដែលព្រួយបារម្ភពីការពិតខ្លាំងម្ល៉េះ? ឈរលើហេតុផលឡូហ្សិក មនុស្សដែលហាមមិនឱ្យគេនិយាយពាក្យពិត ព្រោះតែពាក្យពិតនោះ បានទៅរួមចំណែក ជារនាំង រារាំងដល់ផលប្រយោជន៍របស់ពួកគេ ដោយផ្ទាល់ ឬ ដោយប្រយោល។ បើយើងលើកជជែកវែកញែក ពីអំពើពុករលួយ ក្នុងសង្គម ហើយមានបុគ្គលណាម្នាក់ ចេញមកហាមប្រាមយើងមិនឱ្យនិយាយ គឺវាមានន័យថា អំពើពុករលួយ គឺជាចំណែកមួយ ដែលជួយផ្ដល់ផលប្រយោជន៍ឯកជន ដល់បុគ្គលរូបនោះជាក់ជាមិនខាន។ ប្រសិនបើបុគ្គលនោះ មិនដែលបានទទួលផល ពីអំពើពុករលួយក្នុងសង្គម ច្បាស់ណាស់ ថាគេនឹងមិនហាមយើងក្នុងការពោលពាក្យពិតទេ។

ពេលខ្លះ ខ្ញុំនិយាយថា “ប្រទេសជាតិដែលសម្បូរហូរហៀរទៅដោយគ្រឿងស្រវឹង នឹងមានតែភាពវិនាសអន្តរាយជារៀងរហូត” ក៏គេហាមប្រាម មិនឱ្យនិយាយដែរ។ ហ្អា៎! ចុះបើវាពិតជាគ្រឿងបំពុលប្រទេសជាតិមែន ហេតុអ្វីក៏ពួកគេខំប្រឹងជួយបិតបាំងទៅវិញ? ខ្ញុំថា មនុស្សមិនសូវឆ្លាត ក៏អាចគិតឃើញដែរ។ ប្រហែលជា គេខ្លួនឯងជាអ្នកចូលចិត្តសេពគ្រឿងស្រវឹង (វាដូចគ្នានឹងគ្រឿងញៀនដែរ) ផ្ដាច់មិនបាន។ ឬគេជាចំណែកដ៏ជិតស្និទ្ធណាមួយ របស់ក្រុមអ្នកឈ្មួញជួញដូរគ្រឿងអបាយមុខទាំងនោះ ទើបគេត្រូវតែចេញមុខការពារដៃគូរបស់ខ្លួនពីការដួលរលំដោយសារពាក្យពិត។

ហើយមានអ្នកខ្លះ គេមិនហ៊ានប្រាប់យើងត្រង់ៗទេ តែគេលួចរាយការណ៍ទៅនរណាម្នាក់ផ្សេងទៀត ដែលមានឥទ្ធិពលធំជាង ដើម្បីឱ្យមកគំរាមកំហែង គោលដៅ ដើម្បីបន្តបិទបាំងនូវការពិត និងបន្តឱកាសបានក្រេបជញ្ជក់ផលប្រយោជន៍ផ្សេងៗ ពីការបិទបាំងនោះទៅមុខទៀត ក្នុងក្រុមរបស់ពួកគេ។ ពួកគេ ភ្លេចគិតថា ប្រទេសជាតិដែលញាំញីដោយអំពើពុករលួយ និងអបាយមុខ មិនអាចលូតលាស់រុងរឿង ប្រកបដោយចីរភាពទេ ព្រោះថា អំពើពុករលួយ ធ្វើឱ្យមានគម្លាតឆ្ងាយគ្នាដូចមេឃនិងដី រវាងអ្នកមាន និងអ្នកក្រ។ ហើយអបាយមុខ ធ្វើឱ្យមនុស្សក្នុងសង្គមឆ្កួតវង្វេងស្មារតី លែងដឹងខុសត្រូវ និងមិនអាចអភិវឌ្ឍជីវិតខ្លួនឯងបាន។ ការដែលមនុស្សម្នាក់ៗមិនអាចអភិវឌ្ឍខ្លួនឯងបាន ស្មើនឹងភាពអសកម្ម នៃការអភិវឌ្ឍប្រទេសជាតិ ដូចគ្នាដែរ។

បើនិយាយដល់អំពើពុករលួយ អ្នកដែលរៀនសូត្របានតិចតួច ពិតជាពុំមានសតិបញ្ញា ក្នុងការមើលធ្លុះបានទេ។ ឧទាហរណ៍ វេជ្ជបណ្ឌិតដែលបម្រើការងារក្នុងមន្ទីរពេទ្យរដ្ឋ ទៅបើកគ្លីនីកឯកជនទទួលព្យាបាលជំងឺបង់ប្រាក់ ឬក៏ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ទៅបើកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ តាមរយៈឈ្មោះសាច់ញាតិបងប្អូន ឬក៏ មន្ត្រីនៃក្រសួងព័ត៌មាន ទៅបើកស្ថានីយវិទ្យុ ទូរទស្សន៍ ឯកជន…។ល។ ទាំងអស់នេះហើយ ជាសកម្មភាពនៃអំពើពុករលួយដ៏គួរខ្លាចបំផុត។ ប៉ុន្តែ ដោយសារតែកម្រិតនៃការសិក្សារៀនសូត្ររបស់មនុស្សក្នុងសង្គមនោះ ភាគច្រើននៅទាបៗពេក ទើបពួកគេមិនយល់ថា នោះជាអំពើពុករលួយ ហើយក្រៅពីនោះ ក៏នៅកោតស្ញប់ស្ញែង គោរពលំទោនចំពោះអ្នកកំពុងប្រព្រឹត្តថែមទៀតផង។ ការកាន់កាប់អំណាចសាធារណៈផង និងមានសិទ្ធិក្នុងការធ្វើកិច្ចការងារឯកជនផង វានឹងធ្វើឱ្យប្រសិទ្ធិផលនៃការងារម្ខាងទៀតធ្លាក់ចុះ។ ម្យ៉ាងទៀត ការទទួលបានសិទ្ធិក្នុងការគ្រប់គ្រងដឹកនាំប្រទេស មានន័យថា គាត់បានដឹងមុនគេទាំងអស់នូវគម្រោង អភិវឌ្ឍផ្សេងៗ តាមតំបន់នានា ក្នុងប្រទេស។ ដូច្នេះ បើគាត់ក៏មានសិទ្ធិធ្វើអាជិវកម្ម វាច្បាស់ណាស់ថា ក្នុងប្រទេសនោះ គ្មានប្រជាពលរដ្ឋណាផ្សេង អាចទទួលបានផលប្រយោជន៍ លើសគាត់ទេ។

នោះហើយជាមូលហេតុ ដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (អតីតមេដឹកនាំប្រទេសថៃ) ត្រូវបានប្រជាជនពាក់កណ្ដាលប្រទេសដែលមានការសិក្សារៀនសូត្រចេះដឹង ធ្វើបាតុកម្មទម្លាក់ចេញពីអំណាច ដោយសារតែគាត់បានផ្ដល់ព័ត៌មានស្ដីពីការកសាងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទៅកាន់សាច់ញាតិបងប្អូនរបស់គាត់ ដើម្បីពួកគេបានដើរប្រមូលទិញដីទុកជាមុន មុនពេលគម្រោងបើកសម្ពោធនិងប្រកាសជាសាធារណៈ។ ទន្ទឹមនឹងនោះ បែរជាអំពើពុករលួយរបស់គាត់ ត្រូវបានគាំទ្រដោយប្រជាជនថៃក្នុងវណ្ណៈក្រីក្រ វណ្ណៈកសិករ (ពួកអាវក្រហម) គាំទ្រយ៉ាងខ្លាំងក្លាទៅវិញ។ ហេតុអ្វី? សូមប្រិយមិត្តរកអានសៀវភៅវិភាគនយោបាយអន្តរជាតិ ក្នុងតំបន់អាស៊ី ដែលមានបោះពុម្ពដាក់លក់នៅតាមបណ្ណាគារជាច្រើននៅកម្ពុជា ទាំងភាសាខ្មែរ និងបរទេស។

សរសេរដល់ត្រឹមណេះ ខ្ញុំដឹងថា បើមាននរណាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តបានឃើញអត្ថបទមួយនេះ ក្នុងទំព័រនេះ ពួកគេនឹងមិនសប្បាយចិត្តទេ ព្រោះថា អំពើកេងប្រវញ្ចរបស់ពួកគេ កំពុងត្រូវបានមនុស្សម្នាក់ឬច្រើននាក់ទៀត បានយល់ និងកំពុងពន្យល់អ្នកដទៃឱ្យបានយល់ជាបន្ត។ ពួកគេ អាចនឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើមនុស្សក្នុងសង្គមយល់ដឹងកាន់តែច្រើន និងលែងមានអ្នកគោរពកោតក្រែង។

សូមបងប្អូន​ ភ្ញាក់រឭកបន្តិច ហើយចាំទុកឱ្យជាប់ក្នុងសតិសម្បជញ្ញៈថា “ប្រសិនបើយើងនិយាយទៅត្រូវហើយ សូមកុំឈប់និយាយ” ប្រសិនបើ “និយាយត្រូវ គឺត្រូវតែនិយាយ” ចំណែកអ្នកឃាត់ឃាំងមិនឱ្យយើងនិយាយ គឺជាមនុស្សក្នុងក្រុមនៃបញ្ជីខ្មៅ និងជាសត្រូវរបស់សភាវៈល្អក្នុងសង្គម។

លឹម វិរិយា

សូមឱ្យសុបិនក្លាយជាយល់សប្ដ

ហ្អា! ថាម៉េច សូមឱ្យសុបិនក្លាយជាយល់សប្ដ?

ស្ដាប់ទៅហាក់ដូចជាចម្លែកណាស់មែនទេ? ដែលលោកអ្នកធ្លាប់តែឮគេនិយាយថា សូមឱ្យសុបិនក្លាយជាការពិត។ វាមិនខុសទេ ដែលយើងនិយាយថា “សូមឱ្យសុបិនក្លាយជាការពិត” ប៉ុន្តែការពោលបែបនេះ គឺ វារំលងបាត់រលកសញ្ញាអស់១កាំ។ មុននឹង សុបិន ក្លាយទៅជាការពិតបាន ម្ចាស់សុបិននោះ បានដេកយល់សប្ដឃើញសុបិនខ្លួនឯងញឹកញាប់ណាស់ ទម្រាំតែអាចរុញវាឱ្យក្លាយជាការពិតបាន។ អ៊ីចឹង តើ “សុបិន” មានន័យថាដូចម្ដេច? ហើយ “យល់សប្ដ” មានន័យដូចម្ដេច? ហេតុអ្វីបានជាគេនិយាយថា សូមឱ្យសុបិនក្លាយជាការពិត? តែមិននិយាយថា សូមឱ្យយល់សប្ដក្លាយជាការពិត ផងដែរទៅ?

“សុបិន” គឺជារលកចិត្តដែលគិតទៅជារឿយៗជាប់ឥតដាច់ ប្រៀបដូចជារលកហ្វ្រេកង់វិទ្យុ (ដែលមានអន្តរសកម្មភាពស្របនឹងទ្រឹស្ដីនៃរូបមន្តអគ្គិសនី) ដែលជះចំហាយភាយៗ ញ័ររន្ថើនឥតដាច់ គ្រប់ពេលវេលាទាំងអស់។ សុបិន រមែងកើតឡើងនៅពេលដែលយើងមានសតិដឹង គ្រប់គ្រងខ្លួនឯងបាន។ វាមិនសូវកើតឡើងនៅពេលយើងគេងលក់ទេ។ មានន័យថា វាអាចកើតឡើងក្នុងពេលគេងលក់ដែរ ប៉ុន្តែមិនមែនកើតឡើងងាយៗនោះឡើយ។ ក្នុងមនុស្សមួយម៉ឺននាក់ អាចមានតែមនុស្សពីរបីនាក់ទេ ដែលមានក្ដីសុបិនដ៏មុតស្រួច រហូតកើនកើតពូនផ្ដុំទៅជាចំហេះថាមពលម្យ៉ាង ហើយផ្ទុះចេញជារូបភាពឡើងមកនៅក្នុងពេលគេងលក់។ នោះហើយ ដែលហៅថា សុបិនបានក្លាយជាយល់សប្ដ។

នៅពេលដែលយើងអាចយល់សប្ដឃើញក្ដីសុបិនខ្លួនឯងកាន់តែច្បាស់ កាន់តែញឹក នោះការពិតនឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខជាក់ជាប្រាកដ។ នោះជាការកម្រើកនៃវិញ្ញាណពិសេសមួយក្នុងប្រព័ន្ធខួរក្បាល (ឯកសារខ្លះសរសេរហៅថា វិញ្ញាណទី៦ តែរឿងនេះមិនទាន់មានឯកភាពពីអ្នកវិទ្យាសាស្ត្រនៅឡើយទេ) ដែលប្រាប់យើងឱ្យដឹងជាមុននូវហេតុការណ៍អនាគត តាមរយៈគំហើញពេលដេកលក់។ បើសិនជាយើង អាចមើលឃើញហេតុការណ៍អនាគតខ្លីៗខាងមុខ ទាំងនៅដឹងសតិ (មិនដេកលក់) នោះជាបាតុភូតមួយផ្សេងទៀត ហៅថា Dejavu (ឯកសារខ្លះហៅថាវាជាវិញ្ញាណទី៦ដែរ)។

ការស្រាវជ្រាវពីបាតុភូត Message ជារូបភាព ឬ ជាសំឡេង នៅក្នុងស្ថានភាពដេកលក់ (យល់សប្ដ) រួចបន្ទាប់មក ស្រាប់តែវាក្លាយជាការពិតក្នុងជីវិត ជារឿងដែលមានភាពស្មុគស្មាញពន្យល់ដូចជាការស្រាវជ្រាវពីពហុចក្រវាលដែរ។

ខួរក្បាលដែលមានសមាធិជាប់លាប់ នឹងបង្កើតជារលកហ្វ្រេកង់រន្ថើនជាប់គ្នាឥតដាច់ ដូចជាចរន្តអគ្គិសនី ហើយវាអាចភ្ជាប់ទៅនឹងកុងតាក់បើកបិទម្យ៉ាងចូលទៅចរន្តមួយទៀត នោះគឺ ថាមពលនៃកំណកំណើត សេចក្ដីពិត – រូបភាពពី http://www.digitaltrends.com

“យល់សប្ដ” គឺជារូបភាពប្រតិដ្ឋដោយគ្មានមូលដ្ឋានច្បាស់លាស់ លេចចេញនៅក្នុងចិត្តមនុស្សពេលដែលគេបាត់សតិ (គេងលក់)។ យល់សប្ដ គឺជារូបភាពរវើរវាយ ប្រៀបដូចជាខ្សែភាពយន្តដែលគ្មានប្លង់ច្បាស់លាស់ គ្មានភាពប្រាកដនិយម ពិបាកជឿ ពិបាកទុកចិត្តថា វាជាការពិត ឬជាភាពក្លែងបន្លំបំភាន់។ ភាគច្រើន ខ្សែហ្វីលដែលបញ្ចាំងឱ្យខួរក្បាលបានឃើញនិងចងចាំខ្លះ ភ្លេចទៅវិញខ្លះ ឬភ្លេចទាំងស្រុង ពេលភ្ញាក់ពីគេងមកវិញនោះ គឺជាលទ្ធផលនៃប្រតិកម្មគីមី Acetic Acid និង សារធាតុ Choline (Acetylcholine) ក្នុងកោសិកាប្រព័ន្ធសរសៃប្រសាទ ដោយសារតែយើងមុនគេង មានអាការៈជំងឺផ្សេងៗ ឈឺចុកចាប់ផ្នែកណាមួយនៃរាងកាយ ឈឺក្បាល មិនស្រួលខ្លួន លេបថ្នាំពេទ្យច្រើនពេក ខឹងក្ដៅក្រហាយច្រើនពេក កើតទុក្ខសោកសង្រេងពេក ភ័យរន្ធត់បុកពោះ រលស់ព្រលឹងពេក ឬរំភើបដោយតណ្ហាខ្លាំងពេក ជាដើម។

សារធាតុគីមីឈ្មោះ Acetylcholine ដែលធ្វើប្រតិកម្មក្នុងកោសិកាសរសៃប្រសាទពេលយើងគេងលង់លក់បាត់សតិ
ប្រភពរូបភាព៖ https://www.reagent.co.uk/the-chemistry-of-dreaming/

រលកសញ្ញាយល់សប្ដកើតមានឡើងជាញឹកញាប់ ប៉ុន្តែសភាពរវើរវាយផ្ដេសផ្ដាសនោះ យកជាការណ៍អ្វីមិនកើតទេ។ នៅក្នុងសង្គមមនុស្សប្រភេទខ្លះដែលញៀននឹងល្បែងភ្នាល់ចាក់លេខ គេនឹងដេកយល់សប្ដឃើញលេខជាញឹកញាប់ណាស់ ប៉ុន្តែ វានៅតែគ្មានភាពប្រាកដប្រជា បើទោះបីជាមានគេចងក្រងជាគម្ពីរកាត់យល់សប្ដនៅពាសពេញពិភពលោកក៏ដោយ។

ផ្ទុយទៅវិញ អ្នកដែលនិយមតម្កល់ចិត្តមូលស្មើនៅក្នុងការគិតដ៏ត្រឹមត្រូវ ឬហៅថាគិតមានរបៀបរៀបរយ ឬនិយាយម្យ៉ាងទៀតហៅថា ការផ្ចង់គំនិតលើអ្វីតែម្យ៉ាងក្នុងរយៈពេលយូរ (ដែលយើងហៅថា សុបិន នោះ) ពិតណាស់ គឺមានលទ្ធផលច្បាស់លាស់ស្របតាមទ្រឹស្ដីវិទ្យាសាស្ត្រ ថាវាអាចបណ្ដាលចេញជាព្រឹត្តិការណ៍ពិតក្នុងជីវិត។

ពួកលោកខាងលិច និងពួកអាស៊ីកណ្ដាល ដែលយល់ដឹងរឿងនេះ បានកេងចំណេញផ្នែកមនោគមវិជ្ជាសាសនា តាមរយៈការបង្គាប់មនុស្សឱ្យតម្កល់ជំនឿលើព្រះនេះ ឬព្រះនោះ ជាដាច់ខាត កុំងាករេចិត្តទៅជឿព្រះណាផ្សេង ហើយដាក់វិន័យសាសនាឱ្យបួងសួងរាល់ថ្ងៃ រាល់វេលាជាក់លាក់ណាមួយ។ បើយើងវិភាគទៅ “ព្រះជាម្ចាស់” គឺគ្មានអ្វីក្រៅថាមពលនៃការគិត (The Power of Thinking) នោះទេ។ គិតលើរឿងអ្វីមួយ ឱ្យតែគិតដដែលៗ យូរទៅ លទ្ធផលនឹងបង្ហាញចេញពិតមែន។ ដូច្នេះ ឃើញថា គេអាចបង្កើតព្រះអាទិទេពប៉ុន្មានក៏បានដែរ ស៊ីសងលើសមត្ថភាពមនុស្សដែលជាអ្នកដឹកនាំក្រុម។

មានក្រុមខ្លះទៀត ដែលភាគច្រើនជាពួកអ្នកជំនួញជួញដូរផលិតផលនានា ដែលយល់ដឹងពីបាតុភូតនេះ បានកេងចំណេញសមាជិកក្រុមអ្នកជួយលក់ដូរ ដោយប្រើពាក្យថា “ច្បាប់ស្រូបទាញ”“ទ្រឹស្ដីនៃទំនាញសាកល” ដែលពេលខ្លះ គេវិភាគតាមរូបមន្តរូបវិទ្យា របស់ អ៊ីសាក់ ញូតុន, នីកូឡា តេស្លា, អាល់ប៊ើត អ៊ែនស្ទែន…. ជាដើមផង។

រលកហ្វ្រេកង់នៃការគិតដដែលៗជារឿយៗក្នុងរយៈពេលយូរ តាមរយៈការតម្កល់ចិត្តឱ្យខ្ពស់ នឹងធ្វើឱ្យការគិតនោះ ក្លាយជាការពិតបាន គិតល្អបានល្អ គិតអាក្រក់បានអាក្រក់ – រូបភាពពី http://www.livescience.com

សរុបសេចក្ដីមកវិញ អំណះអំណាងដែលពោលពីខាងលើបង្អស់នោះ នៅតែមានភាពត្រឹមត្រូវជាសាកល។ មុននឹងសុបិន អាចក្លាយជាការពិតបាន ជំហានកណ្ដាលរបស់វា គឺសុបិននោះ ក្លាយជាយល់សប្ដជាមុនសិន។ យល់សប្ដ ប្រៀបដូចជា តំបន់កណ្ដាល កន្លែងចែកចាយថាមពលចេញទៅពិភពខាងក្រៅមួយទៀត ដែលរឿងខ្លះជារឿងឥតបានការណ៍ ឥតបានជាប្រយោជន៍អី រំខានផ្លូវចិត្តទទេៗ ចំណែករឿងខ្លះទៀត ប្រៀបដូចជាសារផ្ញើមកពីក្នុងលំហរអវកាស ប្រាប់មកថា ការពិតជិតមកដល់ហើយ។

ក្នុងវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួនណាត មានសរសេរពន្យល់បញ្ជាក់ស្រដៀងគ្នានេះដែរថា “សុបិន” ដែលក្លាយចេញមកពីភាសាបាលី និង សំស្ក្រឹត ប្រែខ្លឹមសារថាជា ការយល់សប្ដិដែលមានទំនងអាចសង្កេតបាន ឬអាចទស្សន៍ទាយបានថាវានឹងក្លាយជាការពិត ក្នុងរូបភាពណាមួយ។ ថ្វីត្បិតតែ វចនានុក្រម មិនបញ្ជាក់ថា ការពិតនោះជាព្រឹត្តិការណ៍ល្អ ឬអាក្រក់ ក៏ដោយ ប៉ុន្តែក្នុងទម្លាប់គិតរបស់មនុស្ស ពាក្យថា សុបិន (ឬស្មើនឹងពាក្យមួយទៀត ថា “ស្រមៃ”) ច្រើនសំដៅដល់ភាពវិជ្ជមានច្រើនជាង។ វាមិនដែលមានអ្នកណាដេកស្រមៃ ចង់ធ្លាក់ខ្លួនក្រ ចង់ជាប់គុក ចង់លំបាកវេទនា ទេ។ មនុស្សចូលចិត្តស្រមៃ ដល់ហេតុការណ៍អ្វីមួយដែលខ្ពង់ខ្ពស់ជាងបច្ចប្បន្ន ឬស្រេកឃ្លានបំពេញចំណង់អ្វីម្យ៉ាង ដែលបច្ចុប្បន្ន មិនទាន់មានលទ្ធភាពបំពេញបាន។ ដូច្នេះ យើងអាចសង្ខេបថា យល់សប្ដិដែលអាចសង្កេតដឹងថា នឹងក្លាយជាការពិតបាន នោះជាសុបិន ហើយ។ ប្រសិនបើយើង យល់សប្ដិរួច បែរជាយើងរកគិតមិនយល់ថាវាមានន័យអ្វី នោះមិនមែនជាសុបិនទេ។

សុបិន ឱ្យធំ តែបដិបត្តិពីតូចប៉ុនគ្រាប់ល្អងធូលីឡើងទៅ ហើយបន្តឡើងខ្ពស់ជានិច្ច រហូតដល់យើងអាចឧប្បត្តិក ក្ដីសុបិនទៅជា យល់សប្ដ ហើយយកអង្គចងចាំទំហំធំដែលបានពីយល់សប្ដ (Big Memory) នោះជាថាមពលពិសេស រុញឱ្យចេញលទ្ធផលពិតនៅក្នុងជីវិត។

គ្រប់ការគិតដដែលៗ ប្រកបដោយសតិ និងគិតដដែលៗក្នុងរយៈពេលយូរ គឺជាការបង្កាត់ចំហេះថាមពលអាថ៌កំបាំងម្យ៉ាង ដែលអាចជួយឱ្យលេចរូបរាងនៃព្រឹត្តិការណ៍ពិត – រូបភាពពី៖ http://www.rewireme.com

“សូមឱ្យសុបិនរបស់អ្នកក្លាយជាការពិត!” គេមិនដែលនិយាយថា “សូមឱ្យ យល់សប្ដ របស់អ្នកក្លាយជាការពិត” នោះទេ។ បើយល់សប្ដឃើញខ្មោច យល់សប្ដិឃើញធ្លាក់ពីលើយន្តហោះ យល់សប្ដឃើញខ្លាដេញខាំ គិតយ៉ាងម៉េចទៅអ៊ីចឹង?

អត្ថបទចិត្តវិជ្ជា ដោយ លឹម វិរិយា

រឿង “ឆ្នាំក្រោយ ខ្ញុំនឹងឈប់លួច”

(អត្ថបទអក្សរសិល្ប៍ចិន)

ក្នុងសមយ័ ឈុនឈីវ គ្រាមួយនោះ “តែ យីង ជឺ” ជាមន្ត្រីប្រទេសសុង បានពិភាក្សាពីបញ្ហាការគ្រប់គ្រងប្រទេសជាមួយនឹង “ម៉ឹង ជឺ”ម៉ឹង ជឺ បានលើក យកបញ្ហាអត់ឃ្លានរបស់ប្រជាជនមកវែកញែកដោះស្រាយដោយបាននិយាយថា៖ “ក្រៅពីភយ័ធម្មជាតិ ការរាំងស្ងួត ដែលធ្វើឲ្យប្រជារាស្រ្តជួបប្រទះនឹងភាពលំបាកទៅហើយនោះ ពន្ធអាករ ក៏នៅតែជាភារៈដ៏ធ្ងន់ធ្ងរផងដែរ”។

ក្រោយការជជែកវែកញែកមួយស្របក់ធំមក តែ យិង ជឺ ក៏យល់ព្រមទទួលការពិតត្រង់ចំណុចនេះ ព្រមទាំងសន្យាថានឹងកាត់បន្ថយពន្ធអាករខ្លះៗ តែមិនអាចកាត់ផ្តាច់ភ្លាមៗនោះទេ ដោយរង់ចាំទាល់តែឆ្នាំមុខ ទើបអាចកាត់ផ្តាច់បាន។ ក្នុងឆ្នាំនេះ បានគ្រាន់តែបន្ធូរបន្ថយប៉ុណ្ណោះ។

ស្តាប់យោបល់របស់ តែ យិង ជឺ ហើយ ម៉ឹង ជឺ អង្គុយស្ងៀមមួយសន្ទុះ គេយល់ក្នុងចិត្តថា តែ យិង ជឺ គ្រាន់តែនិយាយ ឲ្យរួចពីមាត់តែប៉ុណ្ណោះ គេមិនមានចេតនា ដោយពិតប្រាកដនោះទេ ហេតុនេះ ម៉ឹង ជឺ ក៏និទានរឿងមួយឲ្យ តែ យិង ជឺ ស្តាប់ ៖

……មានបុរសម្នាក់ តែងដើរលួចមាន់អ្នកស្រុកជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ អ្នកជិតខាងម្នាក់ដឹងថា បុរសនេះ ជាអ្នកលួចមាន់របស់ខ្លួន ក៏ខឹងសម្បារយ៉ាងខ្លាំង។ កន្លងមកទៀត មានអ្នកភូមិម្នាក់ បានទៅជួយដាស់តឿនបុរសជាចោរនោះថា៖ “ការលួចទ្រព្យសម្បត្តិអ្នកដទៃ គឺជាអំពើថោកទាបគួរឱ្យអាម៉ាស់បំផុត ឯងលួចមាន់អ្នកស្រុក ចាត់ទុកថាជាមនុស្សខ្វះសីលធម៌ ហេតុនេះ ឯងត្រូវកែខ្លួនឱ្យបានល្អឡើងវិញ ហើយចាប់ពីពេលនេះតទៅ ត្រូវឈប់ទៅលួចមាន់គេទៀត”។

ក្រោយពីបានស្តាប់ហើយ បុរសលួចមាន់ក៏ឆ្លើយថា៖ “ខ្ញុំដឹងថា ខ្ញុំបានធ្វើខុសមែន ឥលូវនេះអញ្ចេះទៅចុះ ខ្ញុំនឹងលួចឱ្យកាន់តែតិចជាងមុន ដែលពីមុនលួចរាល់ថ្ងៃ ឥលូវនេះខ្ញុំនឹងលួចមួយខែម្តង ហើយលួចតែមាន់មួយទេ ដល់ឆ្នាំមុខ ខ្ញុំនឹងឈប់លួចមែនទែនហើយ”


រូបតំណាង ដកស្រង់ពី http://www.kibescorporation.blogspot.com

ដកស្រង់ពីសៀវភៅ: “ប្រាជ្ញាជីវិត” បកប្រែនិងរៀបរៀងដោយ គឹម ចាន់ណា (អតីតសាស្រ្តាចារ្យខេត្តបាត់ដំបង), ទំពរ័ ១៦-១៨, ការផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ, ២០០៨

——————————–

វិភាគអក្សរសិល្ប៍ ដោយ លឹម វិរិយា

“ទាល់តែដាក់ឱ្យចំៗអ៊ីចឹង ទើបមនុស្សអាក្រក់ចេះភ្ញាក់ខ្លួន”

ខ្ញុំក៏មានឧទាហរណ៍ផ្ទាល់ក្នុងជីវិត សម្រាប់លើកយកមកធ្វើជាគតិពិចារណា ទាក់ទងនឹងសាច់រឿងខាងលើនេះដែរ គឺ រឿង បដិបត្តិសមាធិ។ មានមនុស្សច្រើនរាប់មិនអស់ ដែលដឹងថា ការបដិបត្តិសមាធិ ហើយលះបង់គ្រឿងអបាយមុខ គឺជាកំណែប្រែជីវិតដ៏ល្អមួយ ប៉ុន្តែមនុស្សភាគច្រើន បានត្រឹមតែចង់កែ តែមិនព្រមកែទេ។ មានពេលមួយនោះ​ ពួកគេ ទៅហ្វឹកហាត់សមាធិ ជាមួយនឹងខ្ញុំដែរ។ ខ្ញុំជាមនុស្សមិនផឹកស្រាទេ ដូច្នេះ ខ្ញុំមិនចាំបាច់ដេកព្រួយបារម្ភខ្លាចថា សមាធិហើយ លែងបានផឹកស្រានោះឡើយ ខណៈដែល មានមនុស្សញៀនអបាយមុខគ្រឿងស្រវឹងនេះ មានសតិរឭកដឹងបន្តិចបន្តួច ចេះចង់ទៅហាត់ធ្វើសមាធិ នឹងគេដែរ (អាចថាទៅក្នុងសភាពស៊ីជោរច្រើនជាងការភ្ញាក់រឭក)។ នៅទីនោះ គេហាមផ្ដាច់ មិនអនុញ្ញាតឱ្យប៉ះពាល់គ្រឿងស្រវឹងដាច់ខាត ព្រោះវាជារបស់កខ្វក់ថោកទាប ហើយវានឹងបំផ្លាញសីលបរិសុទ្ធរបស់អ្នកបដិបត្តិផ្ទាល់។ ប៉ុន្តែហួសចិត្ត រឿងអ្នកឃ្លានចង់ផឹកស្រា នៅតែមានមុខមាត់ហ៊ានឡើងប្រកែកតវា សូមសិទ្ធិ “យូរៗផឹកម្ដងបានទេ?” ដូចគ្នាទៅនឹង តែ យិងជឺ មន្ត្រីខូចរបស់រាជវង្សប្រទេស សុង នោះឥតខុសគ្នាទេ។

រូបតំណាង ស្រង់មកពី http://www.nypost.com

“យូរៗលួចម្ដង” និង “យូរៗផឹកម្ដង” តើវាមានអីខុសគ្នាទៅ? ក្នុងសេចក្ដីអត្ថាធិប្បាយរបស់ ម៉ឹង ជឺ ដែលលើកយករឿងចោរលួចមាន់មកធ្វើជា ឧបមា នោះ គឺដើម្បីតាមឱ្យទាន់ជាន់ឱ្យចំកែង មន្ត្រីក្បាលខូចដូចជា តែ យិងជឺ នេះ។ ព្រោះមនុស្សធុននេះ មិនអាចប្រើពាក្យពេចន៍ការទូត បានទេ។ ទី១ អាចថា គេល្ងង់ខ្លាំង ស្ដាប់មិនយល់ (ព្រោះមនុស្សឆ្លាត នឹងមិនប្រព្រឹត្តិអំពើពុករលួយកេងប្រវញ្ចប្រទេសជាតិខ្លួនឯងដូច្នេះឡើយ) ទី២ ទោះបីជាស្ដាប់យល់ ក៏គេខំធ្វើជាមិនយល់ដែរ។ ក្នុងសង្គមដែលពោរពេញដោយអំពើពុករលួយហូរហៀរនៅស្ទើរគ្រប់ស្ថាប័ន បើយើងប្ដូរពីពាក្យថា “ពុករលួយ” មកហៅថា “ចោរលួច ចោរប្លន់ អំពើឆបោក អំពើក្បត់ជាតិ” ស្ដាប់ទៅវាដូចជាធ្ងន់ខ្លាំងពិបាកទទួលយកណាស់ ប៉ុន្តែ បើពិចារណាឱ្យដល់ទៅ គឺវាឥតមានខុសគ្នាអីបន្តិចទេ។

អក្សរសីល្ប៍បុរាណនេះ គេលើកនិយាយពីរឿង ពន្ធអាករ ដោយសារសម័យនោះ វិធីលួចប្លន់ជិះជាន់រាស្ត្រ គឺ ពន្ធអាករ នេះឯង។ បច្ចប្បន្ន បើទោះបីជា គេបានធ្វើវិសោធនកម្មច្បាប់ទម្លាប់ ឱ្យការបង់ពន្ធអាករ ក្លាយជាកាតព្វកិច្ច ដែលរាស្ត្រត្រូវបំពេញក៏ពិតមែន ប៉ុន្តែក្នុងប្រទេសដែលមានអ្នកកាន់ច្បាប់ជាជនទុច្ចរិតស្រាប់ បញ្ហាពន្ធអាករ នៅតែជារឿងរសើបរមាស់ នៅពេលសាកសួរជីកឫសជីកគល់ ព្រោះថា ពួកអ្នកមានលុយច្រើនៗ នៅតែអាចរកស៊ីគេចពន្ធ បន្លំពន្ធ ហើយប្រឡូកក្នុងការប្រកួតប្រជែងរកស៊ីជាមួយអ្នកបង់ពន្ធពេញច្បាប់ ធ្វើឱ្យអ្នកគោរពច្បាប់ត្រូវដួលរលំអស់។ ក្រៅពីនោះ ការបង្ខំឱ្យរាស្ត្របង់ពន្ធគ្រប់សព្វបែបយ៉ាង តែមិនផ្ដល់មករាស្ត្រវិញនូវអត្ថប្រយោជន៍សាធារណៈ ក៏រាប់ថាជាអំពើចោរកម្ម លួច ប្លន់ កេងប្រវញ្ច រាស្ត្រដូចគ្នាដែរ។

ឧទាហរណ៍ រាស្ត្រត្រូវបង់ពន្ធផ្លូវប្រចាំឆ្នាំលើមធ្យោបាយដឹកជញ្ជូន គឺមានន័យថា ជិះលើថ្នល់រដ្ឋ ត្រូវបង់លុយកាក់ឱ្យរដ្ឋ ដើម្បីរដ្ឋយកទៅចាយវាយលើថ្លៃ ជួលជុល កែលម្អ ស្ដារ សម្អាត មើលខុសត្រូវដងផ្លូវសាធារណៈ កុំឱ្យមានការរំលោភបំពានផ្លូវ កុំឱ្យមានភាពរញេរញ៉ៃក្នុងចរាចរណ៍ប្រចាំថ្ងៃ…។ល។ ប៉ុន្តែសង្គមខ្លះ សូម្បីតែរាស្ត្រ ថតរូបផ្លូវខូច ឬផ្លូវលិចទឹកបង្ហោះអ៊ីនធើណិត ក៏រដ្ឋការគេ ចាប់ដាក់គុកដែរ។ ស្ដាប់ទៅ វាហាក់ដូចជាដើរបញ្ច្រាសទិសគ្នាស្រឡះ ពីគោលនយោបាយអភិវឌ្ឍជាតិ។

ឧទាហរណ៍ រាស្ត្រត្រូវបង់ពន្ធ VAT 10% លើគ្រប់ការចាយវាយផ្សេងៗ មានន័យថា បើមានលុយចាយហើយ ត្រូវចែកទៅរដ្ឋចាយផង​ ដើម្បីរដ្ឋយកលុយនោះទៅបង្កើតអត្ថប្រយោជន៍ផ្សេងៗតបមករាស្ត្រវិញ ដូចជា កូនចៅទៅរៀនដោយមិនអស់ប្រាក់ ឈឺទៅពេទ្យដោយមិនអស់ប្រាក់ រត់ការកាត់ឈ្មោះឯកសាររដ្ឋបាលនានាដោយមិនអស់ប្រាក់…។ល។ ប៉ុន្តែ ការពិតជាក់ស្ដែងទៅ តើរដ្ឋនោះពិតជាបានបំពេញកាតព្វកិច្ចត្រលប់មកជូនរាស្ត្រវិញដែរឬទេ? អ្នកអាន អាចឆ្លើយបានដោយខ្លួនឯងហើយ។

រូបតំណាង ស្រង់មកពី http://www.ewnews.com

បើដូច្នេះ តើ មន្ត្រីក្បាលខូច ដូចជា តែ យីងជឺ នេះ គួរតែអាចយកមកប្រៀបធៀបគ្នាជាឧទាហរណ៍សម្រាប់វិភាគមន្ត្រីផ្សេងទៀតក្នុងរបបដឹកនាំ នៃសង្គមពួកយើងរាល់ថ្ងៃបានទេ?

តើឆ្នាំណា ទើបឈប់លួច?

ផ្សែងធូបបង្កគ្រោះថ្នាក់ចំពោះសុខភាព

កន្លងមក ពួកយើងនិយមនាំគ្នាលើកតែប្រធានបទ “ផ្សែងបារី” យកមកវិភាគ វែកញែក ដើម្បីអប់រំមនុស្សឱ្យយល់ដឹង និងចេះគេចខ្លួនឆ្ងាយពីផ្សែងបារី ដែលជាសារធាតុបំផ្លាញផ្លូវដង្ហើម និងសួតរបស់មនុស្ស ទាំងអ្នកជក់ផ្ទាល់ និងអ្នកហិតផ្សែងដែលនៅក្បែរខាង។

វាជាការកម្រណាស់ ដែលមានអ្នកវិភាគពិចារណាដល់គ្រោះថ្នាក់របស់ផ្សែងធូប។ ធូប គឺជាគ្រឿងបូជាក្នុងជំនឿមើលមិនឃើញនៃលទ្ធិព្រហ្មញ ហិណ្ឌូ និងសាសនាចិន។ ធូប ត្រូវបានគេយកមកប្រើសម្រាប់ដុតបង្ហុយ ក្នុងពិធីកម្មផ្សេងៗ ដូចជា ការសែនព្រេនខ្មោច ព្រាយ បិសាច អារុក្ខអារក្សអ្នកតា អមនុស្សនានា ក៏ដូចជា ការដុតបង្ហុយយកក្លិនក្រអូបដែលគេបានផ្សំពីខ្លឹមឈើចម្រុះច្រើនប្រភេទ ក្នុងផ្ទះសម្បែង ឬ ដេញមូស ដេញសត្វល្អិតផ្សេងៗដែលបង្កក្ដីរំខានដល់ជីវភាពរស់នៅប្រចាំថ្ងៃ ជាដើម។

រូបភាពសកម្មភាពដុតធូបនៅតាមទីសក្ការៈបូជា នៅក្នុងប្រទេសថៃ (រូបយកពី http://www.sea.mashable.com )

បើនិយាយពីធាតុផ្សំរបស់ធូប ពីដើមឡើយ ប្រហែលជាគេផលិតមកពីធម្មជាតិពិតមែន ប៉ុន្តែតម្រូវការកើនឡើងពីមួយជំនាន់ទៅមួយជំនាន់ ស្របពេលដែល អ្នកជំនួញស្ទើរគ្រប់ជាតិសាសន៍ ក៏ផ្ដើមបាត់បង់មនសិកាទៅដែរនោះ ធូប ក្នុងប្រទេសជាច្រើន មិនត្រូវបានផលិតដោយធម្មជាតិដូចមុនទៀតទេ ព្រោះតែហេតុផលប្រាក់ចំណេញ។ ទោះជាធូប ផលិតពីអ្វីក៏ដោយ ការដុតបង្ហុយផ្សែងជាប្រចាំថ្ងៃ ហើយមនុស្សចេះតែបឺតស្រូបចូលទៅក្នុងខ្លួនញឹកញាប់ វានឹងបណ្ដាលឱ្យកើតជំងឺសួត ដូចគ្នាទៅនឹងអ្នកបឺតស្រូបផ្សែងបារីដែរ។

រូបភាពសកម្មភាពផលិតធូប រមូរដោយដៃមនុស្ស ផ្សំមកពីកម្ទេចធ្យូង អាចម៍រណារ និង ឈើឫស្សី ក្នុងភូមិមួយនៅប្រទេសឥណ្ឌា – រូបភាពពី http://www.thenewsminute.com

អ្នកស្រាវជ្រាវផ្នែកសុខាភិបាលពិភពលោក បានសិក្សាទៅលើប្រជាជនឥណ្ឌា ដែលកាន់សាសនាហិណ្ឌូ ហើយប្រកាន់ទម្លាប់ដុតទៀនធូបបូជាអាទិទេព បួងសួងសូមក្ដីសុខរៀងរាល់ថ្ងៃសីល និង ប្រជាជនចិនដែលជឿលើលទ្ធិព្រលឹង ហើយប្រកាន់ទម្លាប់ដុតទៀនធូប សែនអាហារខ្មោចជាប្រចាំ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ បានប្រឈមនឹងជំងឺច្រើនមុខ។ ក្នុងនោះ ជំងឺសួត និង ជំងឺភ្នែក ជាជំងឺនាំមុខគេ ក្នុងទិន្នន័យស្រាវជ្រាវ។ ចំណែកជំងឺផ្សេងទៀត ជាផលរំខានដោយប្រយោល ដែលបង្កពីការខូចខាតសួត និង ភ្នែក។ វេជ្ជបណ្ឌិត បានណែនាំ ឱ្យអ្នកជំងឺទាំងអស់នោះ ឈប់ដុតធូប១០០% ហើយងាកមកបួងសួងដោយដៃទទេ ដូចប្រជាជនមូស្លីមវិញ ក៏ឃើញថា សុខភាពរបស់ពួកគេ បានល្អប្រសើរគួរកត់សម្គាល់។

( រូបភាពពីគេហទំព័រ http://www.bhtclinic.com.tr )

បច្ចុប្បន្ន ក្រុមវេជ្ជបណ្ឌិត និងសមាគមសុខភាពនានានៅទូទាំងពិភពលោក បានខិតខំព្យាយាមអប់រំមនុស្សឱ្យផ្លាស់ប្ដូរទំនៀមទម្លាប់ទាំងឡាយណា ដែលបង្កបញ្ហាអាក្រក់ៗដល់ខ្លួនឯងនិងអ្នកជិតខាង តាមរយៈការលើកទឹកចិត្តមនុស្សឱ្យងាកមកបដិបត្តិសមាធិ រក្សាតុល្យភាពឈាម និង ខ្យល់ ក្នុងរាងកាយវិញ។ ហើយវិធីធ្វើសមាធិនេះ ក៏ស្របគ្នាទៅនឹងមាត្រាអប់រំនានាក្នុងគម្ពីរសាសនា ទាំងអស់ក្នុងពិភពលោកដែរ។

( រូបភាពពីគេហទំព័រ http://www.thebridge.in​​ )

មិនថាលោកអ្នកកាន់សាសនាអ្វីទេ ត្រូវតែប្រកាន់ខ្ជាប់ជានិច្ចថា គ្រប់សកម្មភាពដែលធ្វើឡើងនៅខាងក្រៅខ្លួនប្រាណ មិនមែនជាវិធីបង្កើតសេចក្ដីសុខឡើយ។ សេចក្ដីសុខពិតប្រាកដ គឺសកម្មភាពនៅខាងក្នុងរាងកាយទៅវិញ។ ដើម្បីឱ្យរាងកាយ មានថាមពលខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងមេរោគគ្រប់ប្រភេទបាន ដំបូង អ្នកត្រូវហ្វឹកហាត់ធ្វើឱ្យរាងកាយអាចនៅស្ងៀមក្នុងរយៈពេលយូរ។ ហ្វឹកហាត់ទាញចិត្តឱ្យគិតពីខ្យល់ចេញចូលក្នុងខ្លួន។ ហ្វឹកហាត់សង្កេតពីរំញ័រ ចរន្ត នៅក្នុងខ្លួន។ ហើយអនុវត្តជាប្រចាំថ្ងៃ ពេញមួយជីវិត។ នោះគឺ “សមាធិ” !

សូមឈប់បំផ្លាញសុខភាពខ្លួនឯង បំផ្លាញសុខភាពមនុស្សក្នុងផ្ទះជាមួយ និងបំផ្លាញបរិស្ថាន ដោយសារផ្សែងធូបទៀតទៅ។ យើងមិនដែលឃើញអ្នកនិយមដុតធូបណា មានសុខភាពល្អទេ។

( រូបភាពពីគេហទំព័រ http://www.depositphotos.com )

ដោយ លឹម វិរិយា 🌸