Category Archives: ថ្នាំខ្មែរបុរាណ

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ “ផ្កាចារ” ឬ “ផ្កាថងខ្វាវ”

គុណប្រយោជន៍ដ៏អស្ចារ្យនៃ “ផ្កាចារ” ឬ “ផ្កាថងខ្វាវ” ដែលមនុស្សមិនសូវដឹង

ឈ្មោះភាសាខ្មែរ៖ ផ្កាចារ

ឈ្មោះភាសាថៃ៖ ផ្កាថងខ្វាវ (ดอกทองกวาว) ឬ ផ្កាចាន (ดอกจาน)

ឈ្មោះភាសាអង់គ្លេស៖ ផ្កាអណ្ដាតភ្លើងព្រៃ (Forest Flame Flower)

ឈ្មោះវិទ្យាសាស្ត្រ៖ Butea Monosperma

ជាពូជអម្បូរនៃ Papilionaceae

ជាអម្បូររុក្ខជាតិឧសថបុរាណព្យាបាលរោគច្រើនប្រភេទ

ផ្កានេះ មានពណ៌ខុសគ្នាអាស្រ័យលើពូជ។ ពូជខ្លះមានផ្កាលឿងទុំដូចមាស ពូជខ្លះលឿងខ្ចីស្រស់ដូចផ្កាននោង មានដុះដាលនៅស្ទើរសព្វពាសពេញពិភពលោក ជាពិសេស ប្រទេសដែលមានអាកាសធាតុក្ដៅ។

ផ្កាចារ ឬ ផ្កាថងខ្វាវ ជ្រុះរាយនៅលើដី ក្នុងរដូវក្ដៅ
ផ្កាចារ ឬ ផ្កាថងខ្វាវ ពូជលឿងខ្ចី

ក្នុងភាសាខ្មែរ យើងហៅថា “ផ្កាចារ”។ ដើមចារ មានចាក់ឫសគល់ជ្រៅណាស់ក្នុងវប្បធម៌ខ្មែរតាំងពីបុរាណកាលមក។ អ្នកខេត្ដសៀមរាប និយមយកផ្កានេះ មកតុបតែងរចនា ធ្វើជាវត្ថុសក្ការបូជា ក្នុងពិធីពូនភ្នំខ្សាច់ ជញ្ជាត់ព្រលឹងស្រូវ ដោយសារតែវាមានពណ៌ដូចទៅនឹងស្បង់ចីវរព្រះសង្ឃ ក្នុងពុទ្ធសាសនាផង និងដោយសារ រដូវកាល ដែលគេរៀបចំពិធីនោះ ប៉ះចំរដូវផ្កាចាររីកស្គុះស្គាយ និងសម្បូរស្អេកស្កះ ពេញភូមិស្រុកផង។ នៅបរទេស គេបង្កើតសហគមន៍ជាច្រើន ដោយយកផ្កាចារ ចម្រាញ់ជាវត្ថុធាតុដើម ប្រើក្នុងឧស្សាហកម្ម ជ្រលក់ថ្នាំពណ៌លើក្រណាត់ ក្រដាស ផ្លាស្ទីក ។ល។

ផ្កាចារ ឬ ផ្កាថងខ្វាវ រីកស្គុះស្គាយនៅតាមទីសាធារណៈ ក្នុងដើមរដូវក្ដៅ

ផ្កាចារ មានសម្រស់ឆើតឆាយ បំព្រង មិនថា គយគន់ពីឆ្ងាយ ឬពិនិត្យជិតនឹងភ្នែកនោះទេ។ កវីនិពន្ធរាប់មិនអស់ ដែលបាននិពន្ធបទចម្រៀង តែងកំណាព្យ រៀបរាប់ពីរឿងរ៉ាវផ្សេងៗទាក់ទងនឹងផ្កានេះ។ តួយ៉ាងដូចជាបទ “សំពោងផ្កាចារ” ដែលគេនិយមច្រៀងក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ជាដើម។

ក្រៅពីការបញ្ចេញសម្រស់លម្អស្រុកភូមិ និងដើរតួនាទីក្នុងគ្រឿងរណ្ដាប់សក្ការបូជាហើយ ផ្កាចារ ជាថ្នាំបុរាណ ដែលអាចព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ជាច្រើនមុខ និងថែមទាំងជាមុខបន្លែ ដែលគេអាចយកទៅ ឆា ស្លសម្ល ស្ងោរស៊ុប ស្រុសជាអន្លក់ បំពងខ្លាញ់ ពិសាបាន ប្រកបដោយឧជារសឈ្ងុយឆ្ងាញ់។

ផ្កាចារ ឬ ផ្កាថងខ្វាវ យកទៅបំពងម្សៅ ជាអាហារ
ផ្កាចារ ឬ ផ្កាថងខ្វាវ បំពងម្សៅ ជាអាហារពិសាដ៏ឈ្ងុយឆ្ងាញ់

#គុណសម្បត្តិផ្នែកឱសថ

*ឫសដើមចារ => យកមកស្ងោរផឹក ព្យាបាលជំងឺសរសៃប្រសាទ និង ជួយចិញ្ចឹម បម្រុងសរីរាង្គខាងក្នុង

*ផ្កាចារ => ហាលស្ងួត ឆុងតែ ឬស្ងោរផឹក បំបាត់គ្រុនក្តៅ បំបាត់ស្រេកទឹក ព្យាបាលពងបែកមាត់ បញ្ចុះទឹកនោម

*បណ្ដូលផ្កាចារ => យកមកបៀមក្នុងមាត់ បំបាត់អាការៈឈឺធ្មេញ និងព្យាបាលអញ្ចាញធ្មេញ។ ទឹកក្នុងបណ្ដូលផ្កាចារ ជាថ្នាំបន្ដក់ភ្នែក ព្យាបាល ភ្នែកក្រហម រលាកភ្នែក ក្រហាយភ្នែក ស្រវាំងភ្នែក រកាំភ្នែក និងជំងឺភ្នែកឡើងបាយ។

*ស្លឹកចារ =>  យកមកបុក ត្រងយកទឹកផឹក ជួយដល់បញ្ហា ក្រពះ ពោះវៀន លាងជាតិពុល បណ្ដេញប៉ារ៉ាស៊ីត បំបាត់ការឈឺចុកចាប់ក្នុងពោះ បំបាត់អាការៈហើមពោះ ឆ្អល់ពោះ ព្យាបាលឫសដូងបាត។ បើយកលាបលើកន្លែងរមួលក្រពើ នឹងសម្រួលដល់សាច់ដុំ ឱ្យបាត់ឈឺ។

ផ្កាចារ ឬ ផ្កាថងខ្វាវ មើលជិត

#គុណសម្បត្តិដែលបានពីការពិសាដើមរុក្ខជាតិ ចារ ជាប្រចាំ នឹងជួយ៖

-ការពារ និងព្យាបាលប្រព័ន្ធរំលាយអាហារ

-ប្រយុទ្ធប្រឆាំងអុកស៊ីតកម្ម ដែលនឹងជួយឱ្យអ្នកប្រើប្រាស់វា មានសម្រស់ក្មេងជាងវ័យ

-កាត់បន្ថយការចុះខ្សោយនៃកោសិកាគ្រប់ផ្នែកក្នុងសរីរាង្គកាយ

-ប្រឆាំងនឹងជំងឺមហារីកច្រើនប្រភេទ

ចំពោះគុណប្រយោជន៍នានា ក្នុងវិស័យព្យាបាលរោគ នាងខ្ញុំបកប្រែមកពីភាសាថៃ ក្នុងគេហទំព័រឱសថបុរាណថៃ ដែលមានតំណប្រភពឯកសារយោងនៅខាងក្រោមអត្ថបទនេះ។

 ​

ដោយ លឹម វិរិយា

ប្រភពឯកសារយោង៖

https://medthai.com/ทองกวาว/

ប្រេងដូងត្រជាក់ (កំណាព្យបទ៧ព្យាង្គ)

ដូងអើយដូងទុំ ម៉ុមខ្វល់គិត
ចម្រាញ់ប្រេងពិត រឹតតែហត់
រុករករឿងរ៉ាវ ស្រាវជូរចត់
ចរចាសន្មត់ កត់ត្រាផ្ដាំ។

ប្រេងដូងត្រជាក់ ខ្ជាក់ក្លិនឈ្ងុយ
មិនសូវបានលុយ អង្គុយចាំ
អង្កេតពិនិត្យ រឹតរងកម្ម
ពិសោធរាប់ឆ្នាំ រកាំចិត្ត។

ចាប់ផ្ដើមលុកលុយ ប្រថុយទៅ
នៅលើដងផ្លូវ អ្នកផលិត
កសិផលខ្មែរ ថែដីស្អិត
ដូងទុំរុំមិត្ត ជិតជុំស្រុក។

ផលិតប្រេងដូង យោងអ្នកស្រែ
រើសពូជដូងខ្មែរ ក្បែរសម្បុក
សៀមរាបអង្គរ ពរក្ដីសុខ
ផលិតនាំមុខ ផ្គត់ផ្គង់ញាតិ។

ដាក់ចូលទីផ្សារ ផ្ងារកញ្ច្រែង
ប្រកាសបែកផ្សែង ថ្លែងព្រោងព្រាត
ដឹកដល់ជិតឆ្ងាយ ផ្សាយដាក់ជ្រៀត
ច្រកដបលក់បៀត ញាតិអនឡាញ។

ឥឡូវគេស្គាល់ ពាល់កេរ្តិ៍ឈ្មោះ
អិលអិមពីរោះ រសល្បីល្បាញ
ប្រេងដូងត្រជាក់ ទាក់ឥតសាញ
ជួយដុតបំផ្លាញ រោគាឆ្ងាយ។

សូមឱ្យដូងខ្មែរ ថែញាតិមិត្ត
ដុះដាលជុំជិត រឹតតែសាយ
ចម្រើនភោគផល ដល់រៀងអាយ
ស្រុកខ្មែរសប្បាយ ក្លាយដីមាស។
________
វិរិយា🌸
ថ្ងៃ អង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស​ ២០២១

រូបថតរចនាដោយ ហ្វូតូហ្សប ជាមួយនឹងរូបភាពប្រេងដូងត្រជាក់ ម៉ាក LM ដែលជាផលិតផលរបស់ក្រុមគ្រួសារនាងខ្ញុំផ្ទាល់ មានសង្វាក់ផលិតកម្មនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប | រូបដបប្រេងដូងនោះ ជាដបម៉ូដចាស់ទេ សព្វថ្ងៃបានអភិវឌ្ឍស្អាតជាងនោះច្រើន
សម្រាប់ព័ត៌មានលម្អិតទូទៅផ្សេងៗ សូមចុចតាមដាននៅក្នុង http://www.facebook.com/LimaViriya
សូមអានប្រវត្តិក្រុមហ៊ុនតាមរយៈគេហទំព័រ http://www.khmerangkorfood.com

អត្ថប្រយោជន៍នៃស្មៅពុកមាត់ឆ្មា

%e1%9e%9f%e1%9f%92%e1%9e%98%e1%9f%85%e1%9e%96%e1%9e%bb%e1%9e%80%e1%9e%98%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%86%e1%9f%92%e1%9e%98%e1%9e%b6_%e1%9e%9b%e1%9e%b9%e1%9e%98-%e1%9e%9c%e1%9e%b8%e1%9e%9a%e1%9e%b8

តើមិត្តយើងស្គាល់ស្មៅពុកមាត់ឆ្មាទេ? 🌿🌱
ក្នុងរូបមន្តផ្សំថ្នាំបុរាណ ស្មៅពុកមាត់ឆ្មាជាថ្នាំដ៏ពូកែសក្ដិសិដ្ឋដែលត្រូវបានគ្រូផ្សំថ្នាំបុរាណនិយមប្រើប្រាស់ក្នុងការព្យាបាលជំងឺមួយចំនួនដូចជា៖

-បន្សាបជាតិអាស៊ីតអ៊ុយរិចក្នុងឈាម (ដែលជាមូលហេតុបណ្ដាលឱ្យរលាកសន្លាក់)
-បន្ថយការលាក និងហើមសន្លាក់
-បន្ថយកំណកកំបោរក្នុងតម្រងនោម (រំលាយគ្រួសក្នុងក្រលៀន) ជួយសម្រួលការបញ្ចេញទឹកនោម
-បន្ថយការជ្រាបចូលជាតិស្ករទៅក្នុងឈាម បង្កើនការប្រើប្រាស់ជាតិស្ករក្នុងសាច់ដុំ (បន្ថយការវិវត្តនៃជំងឺទឹកនោមផ្អែម)
-ព្យាបាលដំបៅក្រពះ និង ពោះវៀន
-បន្ថយការរីករាលដាលនៃជំងឺមហារីកដោះ ខួរឆ្អឹង គ្រាប់ឈាម ពោះវៀនធំ ….ជាដើម
-សម្រួលការងារបេះដូង និង សរសៃឈាម (បន្ថយសម្ពាធឈាម សម្រាប់អ្នកជំងឺលើសឈាម)។

របៀបប្រើ៖ ហាលឱ្យស្ងួត ដាំទឹកផឹក ដូចផឹកតែប្រចាំថ្ងៃ នឹងមានអាយុវែងយឺនយូរជាងរយព្រះវស្សារ។👨👴👵

%e1%9e%9b%e1%9e%b9%e1%9e%98-%e1%9e%9c%e1%9e%b8%e1%9e%9a%e1%9e%b8%e1%9e%99%e1%9f%89%e1%9e%b6_%e1%9e%9f%e1%9f%92%e1%9e%98%e1%9f%85%e1%9e%96%e1%9e%bb%e1%9e%80%e1%9e%98%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%86

%e1%9e%9f%e1%9f%92%e1%9e%98%e1%9f%85%e1%9e%96%e1%9e%bb%e1%9e%80%e1%9e%98%e1%9e%b6%e1%9e%8f%e1%9f%8b%e1%9e%86%e1%9f%92%e1%9e%98%e1%9e%b6%e1%9e%87%e1%9f%92%e1%9e%9a%e1%9e%bb%e1%9e%84