Category Archives: ការអប់រំ

កំណាព្យផ្ញើជូនប្អូនស្រីបូផា

ផ្លូវ​ដើរ​វែងឆ្ងាយ​ ក្លាយជា​ខ្លី
ស្វែងរកសួស្ដី​ សិរីជា
ឈប់តូចចិត្តទៅ​ ពៅពំងារ
ជីវិត​គ្រប់គ្នា​ ជារឿងល្ខោន។

អ្នកខ្លះតួឆ្កួត​ អួតក្រោមមេឃ
ខ្លះកំជិលពេក​ ដេកកំប្រោន
ខ្លះទៀតរីងរៃ​ ភ័យ​បង្អោន
ផ្អេីលៗត្រោនៗ​ ឱនហេីយក្រាប។

អ្នកខ្លះមានទ្រព្យ​ ផ្គាប់ទេវតា
ខ្លះចិត្តឫស្យា​ ប្រាថ្នា​បាប
ខ្លះទៀតសោយទុក្ខ​ មុខឡេីងឆ្អាប
រស់នៅត្រដាប​ ស្ងាបក្នុងមុង។

សៀវភៅ​អ្នកតែង​ សម្ដែងរឿង
រៀបរាប់​ទ្រាប់ក្បឿង​ កឿងជាប់ជង់
លំហូរដួងចិត្ត​ ក្រិត្យ​គង់​វង្ស​
ឱ្យដិតយូរលង់​ ក្នុងក្រាំងមាស។

មនុស្ស​លោក​ យកជាតិ​ ឆ្លៀតតុបតែង
គេចេះសម្ដែង​ ក្លែងពោរពាស
កុហកបញ្ឆោត​ ដោតនិរាស
ឡេីងខ្ពស់ហួសរាស្ត្រ​ ក្បៀសមិនបាន។

អូនអ៊េីយ! នេះហេីយ​ ឆាកជីវិត
អ្នកឆ្លាតលាក់ជិត​ ដិតក្សេមក្សាន្ត
អ្នកល្ងង់លង់ជឿ​ អឿអស់ប្រាណ
ចុងក្រោយ​រស់បាន​ ត្រឹម​បាយឆី។

អ្នកល្អជាងគេ​ គឺខ្លួនឯង
មិនបាច់សម្ដែង​ ក្លែងសម្ដី
ពោលតែពាក្យពិត​ ឆ្អិតជាប់ដី
សាងភពមានន័យ​ ប្រពៃ​មួយ។

សូមជូនពរជ័យ​ ន័យឧត្ដម
ដល់អ្នកដែលខំ​ លូតលាស់​ត្រួយ
សូមបានធំឡេីង​ ថ្កេីងជាមួយ
ពាក្យ​ថាអ្នកស្ទួយ​ ជួយសង្គម។

សូមឱ្យប្អូនស្រី​ ស្គាល់​តែសុខ
ថ្ងៃ​នេះទៅមុខ​ ស្រណុកជុំ
ជួបតែពាក្យឈ្នះ​ រះរងំ
រុងរោចន៍​ដូចដុំដួងសុវណ្ណ។

សូមឱ្យ​ស្នាដៃ​ ក្មេងស្រីល្អិត
បានជ្រាបចូលដិត​ ស្ថិតអាត្ម័ន
រញ្ជួយ​អ្នកអាន​ ដែលបានកាន់
រំភេីបណែនណាន់​ ដួងហឫទ័យ។

សូមប្អូនបានស្គាល់តែមង្គល
រស់នៅបានយល់តែសិរី
ដង្ហេីមចេញចូល​ ប្រផ្នូលថ្លៃ
រស់សាងស្នាដៃ​ ថ្លៃជាងពេជ្រ។

—————
សារខ្លី​ តែន័យវែងឆ្ងាយ
ជូនអភិប្រាយ​ ក្លាយ​កាព្យរំលេច។
គ្រូម្នាក់ធ្លាប់រះធ្លាប់លិច
សូមផ្ញេីពាក្យពេចន៍​ ក្ដិចដួងចិន្ដា។
សរសេរចេញពីឱរា
ជូនប្អូនបុប្ផា​ ម្ចាស់​ស្នាដៃតូច។
សូមឱ្យប្អូនរះប្រៀបដូច
ដួងចន្ទ្រឆ្ងាយរោចន៍​ ភ្លឺដូចបូណ៌មី។
សូមឱ្យ​ជីវិត​ឡេីងថ្លៃ
ខ្ពង់ខ្ពស់​អាល័យ​ ដូចដួងតារា។
សូមឱ្យ​ជីវិត​ស្នេហា​
រីកស្រស់ដូចផ្កា​ ផ្អែមដូចទឹកឃ្មុំ។
សូមបានរស់នៅជួបជុំ
ក្អាកក្អាយ​រងំ​ សុខជានិរន្តរ៍!
————
លឹម​ វីរីយ៉ា​🌸
១៦​ សីហា​ ២០១៩

អ្នកនិពន្ធវ័យក្មេង ម្ចាស់សៀវភៅទាំង៤ក្បាលនេះ នាងឈ្មោះ សុត បូផា

សែនក្បាលទឹកជាអ្វី?

នៅក្នុងជំនឿសាសនារបស់ជនជាតិចិន បុណ្យសែនក្បាលទឹក គឺជាពិធីរំឭកនឹកគុណដល់ខ្មោចទឹក ដែលតែងតែតាមជួយថែរក្សាមនុស្សលោកក្នុងរដូវទឹកឡើង ឱ្យចៀសផុតពីជំនន់ជន់លិច ឬ គ្រោះអាក្រក់ផ្សេងៗបណ្ដាលមកពីកម្លាំងទឹក។ អំឡុងខែទី៧ឬទី៨ នៃ គ្រិស្តសករាជ ជាពិសេសរាប់ត្រឹមថ្ងៃ ១៥ កើតខែស្រាពណ៍ នៃពុទ្ធសករាជ ក្នុងឆ្នាំនីមួយៗ ជនជាតិចិន នាំគ្នារៀបចំពិធីសែនព្រេន ឧទ្ទិសដល់វិញ្ញាណអារក្សទឹកតូចធំ ដែលនឹងហូរចូលមកក្នុងស្រុកភូមិ តាមរយៈលំហូរទឹកស្ទឹង ទន្លេ នានាទូទាំងប្រទេស។

ខ្មោចទឹកចិន

សែនក្បាលទឹក និយាយងាយស្ដាប់ គឺសែនដល់ព្រលឹងខ្មោចខាងក្រៅផ្ទះ ដែលស្ថិតក្នុងស្រុកភូមិ មានខ្សែទឹក ដូចជាទន្លេ ស្ទឹង បឹងបួ ជាដើម។ មិនមានទាក់ទងនឹងព្រលឹងជីដូនជីតា របស់អ្នកសែនទេ។  ជនជាតិចិន តាំងពីដើមរៀងមក គេនាំគ្នា ធ្វើសម្ល តែម្យ៉ាងគត់។ គ្មានជ្រូកខ្វៃ មាន់ ទា ទាំងមូលៗសោះឡើយ អាចមានត្រឹមសាច់ជ្រូកស្ងោរមួយកូនដុំតូច លាយបបែលក្រៀម ដែលជាអាហារសមុទ្រ។ គ្មានផ្លែឈើ គ្មានផ្កាភ្ញី គ្រឿងរណ្ដាប់អ្វីទាំងអស់។ ការសែន ត្រូវធ្វើនៅខាងក្រៅរបងផ្ទះ មិនដួសអាហារដាក់ចានទេ ចានស្លាបព្រា គរទុកមួយដុំក្បែរឆ្នាំងសម្ល ហើយដាក់ផ្ញាច់ទៅនឹងដី សូម្បីតែកន្ទេលក៏គេមិនក្រាលផង ព្រោះគេជឿថា ព្រលឹងខ្មោចទាំងនោះ ទទួលយកតែរបស់នៅក្រៅរបងផ្ទះ និង ស្ថិតលើដីតែប៉ុណ្ណោះ។ អ្នកដែលមានផ្ទះក្បែរស្ទឹងឬទន្លេ គឹនឹងទៅសែនដល់មាត់កំពង់តែម្ដង។

SONY DSC

អ្នកដែលយល់ដឹងច្បាស់ពីប្រពៃណី ទំនៀមទម្លាប់នេះ គេធ្វើកូនទូកមួយ ពីឈើ ឬ ក្រដាសកាតុង ដាក់ថ្វាយជាមួយដែរ ដើម្បីព្រលឹងខ្មោចអាចយកទៅប្រើជាយានជំនិះ តាមផ្លូវទឹកត្រលប់ទៅវិញ។ អ្នកខ្លះ មានទាំងសែនបណ្ដែតតាមទឹកហូរទៀតផង ប៉ុន្តែដោយសារតែបញ្ហាបរិស្ថាន អាជ្ញាធរបានបិទទំនៀមមួយនេះ ដើម្បីការពារកុំឱ្យមានការបំពុលទឹក។ សែនក្បាលទឹក មិនមានដុតក្រដាសសន្ធឹកសន្ធាប់ ដូចសែនផ្នូរឡើយ។ គេប្រើក្រដាសបួនជ្រុងលាបទឹកមាស តែបួនប្រាំសន្លឹកគត់ គ្មានអ្វីផ្សេងទេ។

ខ្មោច០

ជនជាតិខ្មែរ កាត់ចិន ជាច្រើនរាប់មិនអស់ បានភាន់ច្រលំ ដោយធ្វើពិធីសែនព្រេននៅក្នុងផ្ទះ ដាក់លើតុ ហើយច្របូកច្របល់លាយឡំនឹងជើងធូបព្រលឹងជីដូនជីតាខ្លួនឯងទៅវិញ។ តាមពិត ការសែនព្រលឹងដូនតា ក្នុង១ឆ្នាំ មានតែ១ដងគត់ គឺថ្ងៃសែនផ្នូរ ឬ ឆេងម៉េង។  អ្នកខ្លះទៀត វង្វេងមិនដឹងរបៀបសែន ថែមទាំងចែកគ្នាមិនដាច់ រវាង បុណ្យចូលឆ្នាំចិន ឆេងម៉េង និង ក្បាលទឹក។

សូមបញ្ជាក់ថា បុណ្យចូលឆ្នាំចិន ជាពិធីសែនទទួលទេព្ដាឆ្នាំថ្មី ។ គេមិនដាក់សំណែនជ្រូកខ្វៃ សាច់ ឬ សូម្បីតែគ្រឿងស្រវឹងឡើយ ព្រោះទេព្ដា ទទួលបានតែផ្កា ផ្លែឈើ និង វត្ថុតុបតែងលម្អតែប៉ុណ្ណោះ។ ហើយក៏គ្មានការដុតក្រដាសច្រើនដែរ ព្រោះទេព្ដា ជាសភាវៈទិព្វដែលមានអំណាចលើសអស់មាសប្រាក់ទៅទៀត។ ឆេងម៉េង ឬ ពិធីសែនផ្នូរ ទើបគេសែនជ្រូកខ្វៃនៅនឹងទីបញ្ចុះសពផ្ទាល់តែម្ដង។ រីឯសែនក្បាលទឹក គេដាក់ត្រឹមតែបាយសម្លរ នំនែក តិចតួច។ អាហារក៏គេមិនរៀបចំឱ្យស្អាតដែរ ព្រោះខ្មោចទឹកខ្លាចញញើតចំពោះការរៀបចំតុបតែង។

ខ្មោចទឹក ០៣

វាមិនខុសគ្នាពីជំនឿបោះបាយបិណ្ឌ របស់ខ្មែរប៉ុន្មានឡើយ។ អ្វីដែលយើងត្រូវចែកគ្នាឲ្យដាច់គឺ បុណ្យភ្ជុំបិណ្ឌខ្មែរ គេបោះបាយបិណ្ឌដល់ប្រេតនរក នៅពេលព្រឹកព្រហាមស្រាងៗ មេឃងងឹត និង ឧទ្ទិសអាហារដល់វិញ្ញាណសាច់ញាតិដែលស្លាប់ តាមរយៈព្រះសង្ឃនៅពេលព្រឹកក្រោយថ្ងៃរះ។ ខុសពីយើង ចិនសែនខ្មោចទឹក ក្នុងរដូវទឹកឡើង និង សែនខ្មោចដូនតា ក្នុងខែរីងស្ងួត គឺក្នុងចុងខែ៣ ឬខែ៤ ឬអាចដល់ដើមខែ៥ (អាស្រ័យរង្វិល៤ឆ្នាំម្ដងនៃប្រតិទិនសុរិយគតិ)។ ហើយសែនទេព្ដា ក្នុងសិសិរដូវ ដែលអាចស្ថិតក្នុងខែ១ឬខែ២។

សង្ឃឹមថា ការបកស្រាយរបស់ខ្ញុំ ដែលឆ្លងកាត់ការសិក្សាពីមនុស្សជាច្រើនដែលជ្រៅជ្រះ ក្នុងជំនឿសាសនា អាចបំភ្លឺជនជាតិខ្មែរ កាត់ចិន នៅកម្ពុជា ដែលកំពុងភាន់ច្រលំបានច្រើន។ ខ្ញុំរង់ចាំទទួលមតិរិះគន់ កែលម្អ គ្រប់ប្រការ ពីគ្រប់អ្នកសិក្សាស្រាវជ្រាវទាក់ទងនឹងជំនឿនេះ។

អត្ថបទរក្សាសិទ្ធិដោយ៖ វិរិយា

ថ្ងៃព្រហស្បតិ៍ ទី ១៥ ខែសីហា គ.ស. ២០១៩ ត្រូវនឹងថ្ងៃ ១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣

ខ្មោចទឹក

ខ្មោចទឹក ០២

មនុស្សឥតគោលដៅ

មនុស្សច្រើនណាស់ ដែលកំពុងរស់នៅ ដកដង្ហើមស្រូបយកខ្យល់អុកស៊ីហ្សែនពីភពផែនដីនេះ នឹងគេនឹងឯងដែរ ប៉ុន្តែមានអ្នកខ្លះ រស់ទាំងគ្មានព្រលឹង។ តើអ្វីទៅជាព្រលឹងមនុស្សរស់?

000001

មនុស្សរស់នៅ ត្រូវការកសាងខ្លឹមសារជីវិត។ ដើម្បីឲ្យជីវិតមានខ្លឹមសារ មនុស្សត្រូវមានគោលដៅអនាគត។ ដើម្បីឈានឆ្ពោះទៅកាន់គោលដៅអនាគតបាន មនុស្សត្រូវមានផែនការជីវិត។ ផែនការសំខាន់ៗ សម្រាប់ដើរក្នុងរយៈពេលវែង គឺផែនការយុទ្ធសាស្ត្រ។ យុទ្ធសាស្ត្រដែល អស្ចារ្យ គឺយុទ្ធសាស្ត្រ ដែលមានការរៀបចំយ៉ាងផ្ចិតផ្ងង់តាំងពីសកម្មភាពកំប៉ិកកំប៉ុកឡើងទៅ។ ដើម្បីឲ្យកិច្ចការកំប៉ិកកំប៉ុកនានាទៅមុខដោយរលូន មនុស្សត្រូវចេះគ្រប់គ្រងពេលវេលា។

photo_2019-04-07_15-03-33 (2)

ពេលវេលា គឺជាថ្លៃដើម ដែលមានតម្លៃស្មើនឹងលុយកាក់។ អ្នកខ្លះចាយវាយពេលវេលា យ៉ាងខ្ជះខ្ជាយ ស្ទើរពេញ១ជីវិត ដោយការលម្ហែកម្សាន្ត ដើរលេងជួបជុំពួកម៉ាកពួកភឿន ទេសចរផ្សេងព្រេង ថតរូប បង្អួតគេ ថាខ្លួនសប្បាយគ្រប់ពេលវេលាអីចឹង។ ជីវិតអញ សប្បាយអីចឹង ជីវិតអញ វាមានន័យរបៀបហ្នឹង។ មនុស្សពូកែ មនុស្សសាច់ការ មនុស្សម៉ឺងម៉ាត់ ច្រើនតែក្លាយទៅជាសត្រូវរបស់គេ។ ហើយ ទីបំផុតនៃឆាកជីវិតគេ ក៏រកពន្លឺរីកចម្រើនមិនឃើញ ក្រៅតែពីសភាពវ៉ល់ៗ ក្នុងរង្វង់រណ្ដៅប្រវែងជាង ២ម៉ែត្រ៤ជ្រុង។

00003

អ្នកខ្លះ អាយុស្ទើរក្លាយជាឪពុកម្ដាយក្មេក គេទៅហើយ សក់ស្កូវដុបៗទៅហើយ នៅតែរស់ដោយមិនទាន់មានផែនការជីវិតច្បាស់លាស់ទៀត។ មនុស្សរបៀបនេះ ច្រើនតែក្លាយជាអាយ៉ង នៃផែនការរបស់អ្នកដទៃ។ គេងាយនឹងត្រូវបានអូសទាញ ឲ្យក្លាយជាឧបករណ៍ប្រើប្រាស់ក្នុងផែនការជីវិតអ្នកដទៃ។ អ្នកសាកគិតលេងៗទៅមើល? តើមានអ្នកណាដែលចិត្តល្អ បង្កើតផែនការជីវិតរបស់គេ ដើម្បីសម្រេចក្ដីសុបិនរបស់អ្នក? វាគ្មានទេ! គេអាចនឹងចែករំលែកឲ្យយើងប្រហែលជា ១% នៃផលចំណេញរបស់គេប៉ុណ្ណោះ។ ដូច្នេះ អ្នកនឹងនៅតែជាកញ្ជះនៃសំបករូបរស់នេះ រហូតដល់ថ្ងៃស្លាប់ចូលក្នុងដីទៅវិញដដែលទេ។

00005

ព្យាយាមដែរ តែព្យាយាមដោយឥតគោលដៅ វាមានន័យស្មើនឹងការហែលទឹកសមុទ្រដោយគ្មានកោះត្រើយ។ ពេលខ្លះ បើសិនជាទេវតាប្រទាននូវភ័ព្វសំណាងដល់អ្នកឲ្យបានជួបមនុស្សឆ្លាត មនុស្សពូកែ មនុស្សល្អ មនុស្សខ្លាំងពោរពេញដោយអំណាចរួចទៅហើយ ហើយអ្នកបែរជាមើលឃើញគេក្នុងផ្លូវអវិជ្ជមានទៅវិញ នោះមានន័យថា អ្នកបានចាប់កំណើតមកក្នុងជាតិនេះ ដោយមិនមានស្ពាយបង្វេចផលបុណ្យពីបុព្វជាតិមកទេ។ អ្នកជាមនុស្សខ្សត់បុណ្យ!!!

Universe (12)

ថាដំណើរជីវិតកន្លងមកនោះ វាអភ័ព្វទៅចុះ លុះមានគេឈោងដៃជួយហើយ បែរជាអគតិចំពោះគេទៅវិញ។ ពុទ្ធោ អរហំ! សូមខ្សឹបបន្តិចចុះ មនុស្សដូចជាអ្នក គ្មានព្រះអាទិទេពណា ជួយបានទេ។ បន្តរស់ក្នុងជីវិតចោលម្សៀតរបស់អ្នកទៀតចុះ!


លឹម វីរីយ៉ា

ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៩

បណ្ដាំ…

បណ្ដាំមុនថ្ងៃលិច​ ចាំកុំភ្លេច​ ពេចន៍​តាក់តែង
អ្នកប្រាជ្ញយោងសម្ដែង​ ទោសខ្លួនឯង​ ព្រោះ​ស្រីស្អាត។

បេីសិនឆ្លងមិនផុត​ ច្បាស់​ជាស្រុត​ ធ្លាក់​ដល់​បាត
កុំស្រែកបែកអាក្រាត នាំបង់ខាត​ ប្រមាថ​កេរ្តិ៍​។ 
———
លឹម​ វីរីយ៉ា​🌸
០៦​ មករា​ ២០១៩

message

ទ្រឹស្ដីនៃកម្មផល…

រយៈពេល១ម៉ោង អាចធ្វើឲ្យ១ថ្ងៃរបស់យើងប្រែប្រួលបាន ហើយ រយៈពេល១ថ្ងៃដែលប្រែប្រួលនោះ អាចធ្វើឲ្យ១ជីវិតរបស់យើងប្រែប្រួល។

ក្នុងទំនាញសាកល ជីវិត១ដែលប្រែប្រួល អាចធ្វើឲ្យពិភពលោកទាំងមូល ផ្លាស់ប្ដូរ។ ដូច្នេះ រៀងរាល់វិនាទីដែលផ្គុំបាន១ម៉ោងរបស់អ្នករាល់ថ្ងៃ សុទ្ធតែជាដើមចមនៃបន្លាស់ប្ដូរពិភពលោកទាំងមូល។

គ្រប់ពាក្យពេចន៍ និង កាយវិការដែលសម្ដែងចេញមកខាងក្រៅ សុទ្ធតែជាការបន្ទោបង់ចិត្ត។ ចិត្តអ្នកគិតអ្វី សម្ដីអ្នកនឹងចេញមកបែបនោះ ចិត្តអ្នកគិតយ៉ាងណា កាយវិការអ្នកនឹងស្ដែងចេញយ៉ាងនោះ។

មានសៀវភៅទស្សនវិជ្ជា មនោមយិទ្ធិ ច្រើនណាស់ ដែលបង្គាប់មនុស្សឲ្យគិតរឿងធំៗ ប៉ុន្តែ បើអ្នកខ្ជាក់សម្ដីចេញមកធំដូចចិត្ត នោះអ្នកនឹងបរាជ័យ។ គិតឲ្យធំ តែបង្ហាញចេញឲ្យតូចបានហើយ ព្រោះគំនិតធំៗរបស់អ្នក ត្រូវការ ដុសខាត់កែច្នៃ ក្រឡឹង សម្រួច សំលៀង ជាមុនសិន ហើយវាក៏ត្រូវការជ្រកក្នុងម្លប់ចិត្ត ដើម្បីសន្សំគុណតម្លៃ មុនត្រូវបានបើកបង្ហាញមកខាងក្រៅ។

កុំនិយាយច្រើនពេក! ស្ងប់ស្ងាត់ខ្លះទៅ! អ្វីដែលវាប្រុងរត់មក វាគង់តែមកទេ គ្រាន់តែយូរនិងឆាប់។ មនុស្សដែលគិតធំ និយាយតូច ភាគច្រើន ជាមេដឹកនាំដ៏ឆ្នើម តែមនុស្សដែលគ្មានគោលដៅច្បាស់លាស់ ហើយនិយាយស្ដីតែរឿងធំៗ ច្រើនតែជាអ្នករស់ រត់ដេញស្រមោលអ្នកដទៃតែប៉ុណ្ណោះ ឬហៅម្យ៉ាងទៀតថា ជំនាញភូតភរ ប្រូ ដូរបាយឆី។

លទ្ធផលចុងក្រោយរបស់គេ គ្មានអ្វីប្រែប្រួលជាដុំកំភួនទេ។ អត្តចរិតកំណត់វាសនា ចរិតអ្នកបែបណា វាសនា នឹងទៅជាបែបនោះ។ រូបរាងកំណត់ស្រមោល បើអ្នកតូចទាប ស្រមោលអ្នកក៏តូចទាបដែរ ចូរកុំព្យាយាមឈរបន្លំក្រោមស្រមោលអ្នកដទៃអី អ្នកទស្សនាគេមើលដឹង។

នៅលើវិថីជីវិតគ្មានផ្លូវទៅកាន់សុភមង្គលទេ ព្រោះសុភមង្គល គឺជាផ្លូវដើរ។ បើអ្នកគិតតែស្វែងរកផ្លូវទៅសុភមង្គល មួយជីវិតនេះ អ្នកនឹងគ្មានវាសនាបានភ្លក្សរសជាតិសុភមង្គលឡើយ។ ហើយវាក៏មិនខុសគ្នាពីរឿងមនុស្សដែលស្វែងរកផ្លូវទៅ “ភ័ព្វព្រេងវាសនាល្អ” ដែរ។

គេប្រហែលភ្លេចស្មារតីថា “វាសនា” គឺជា “អត្តចរិត” នៃបុគ្គលផងខ្លួន។ កុំស្វែងរកវាទៀតអី! ផ្លាស់ប្ដូរចរិតរបស់អ្នកចេញទៅ! វាសនាអ្នកនឹងប្ដូរដូចគ្នា។ នៅក្នុងទ្រឹស្ដីនៃកម្មនិងផល (ចក្រា) របស់ព្រះពុទ្ធ (Karma Theories) ប្រៀបដូចវិទ្យាសាស្ត្រពិតមួយ វាជាកង់រទេះដែលវិលជុំជានិច្ច មិនអាចប្រកែកបាន។ ព្យាយាមតាំងជំហរឲ្យរឹងមាំមួយកន្លែង អ្នកគង់តែទទួលផលទេ។ កុំរត់ឆ្វេចឆ្វាចដេញស្រមោលអ្នកដទៃ អ្នកអាចដួល។
———-
ដោយ លឹម វីរីយ៉ា🌸

kamar theories

ការចែករំលែកនឹងនាំមកនូវក្ដីសុខ

នៅពេលដែលខ្ញុំចែករំលែកចំណេះដឹងផ្សេងៗទៅកាន់អ្នក មិនមែនមានន័យថាខ្ញុំចេះច្រើនជាងអ្នកទេ។ តាមពិត គ្រាន់តែខ្ញុំជាមនុស្សដែលមើលឃើញភាពល្ងីល្ងើរបស់ខ្លួនឯងបានច្រើនជាងអ្នកតែប៉ុណ្ណោះ។

លឹម វីរីយ៉ា Viriya Lim

ជាញឹកញាប់ ដែលខ្ញុំនិយាយប៉ះចំចំណុចរសើបនៃមនុស្សលោក ក៏វាមិនមែនមានន័យថា ខ្ញុំមានខ្សែបណ្ដាញពត៌មានច្រើនជាងអ្នកនោះឡើយ។ ប៉ុន្តែមកពីខ្ញុំធ្លាប់បានក្លាយជាជនរងគ្រោះក្នុងចំណងជីវិតខ្លួនឯង។ ខ្ញុំធ្លាប់ក្លាយជាចំណាប់ខ្មាំងសង្គម ដោយសារតែភាពកំសាកក្នុងអតីតកាលមួយ ដែលក្រោយមក ខ្ញុំបានរំដោះខ្លួនឯងឲ្យរួចចាកផុតពីខ្មាំងទាំងនោះ។

គ្រប់យ៉ាងដែលខ្ញុំបានចែករំលែក មិនមែនមកពីខ្ញុំចង់បង្ហាញសេចក្ដីល្អរំបល់យក៍អីទាំងអស់ ខ្ញុំគ្រាន់តែគិតថា ជីវិតមនុស្សជាឆាកល្ខោនរឿង របស់ព្រហ្មលិខិត ដែលសេណារីយ៉ូជីវិតមនុស្សម្នាក់ៗ សុទ្ធតែអាថ៌កំបាំង។ នរណាទៅដឹងថា ស្អែកឬខានស្អែក ខ្ញុំឬអ្នក នឹងស្លាប់? ដូច្នេះ ទៅខំលាក់បំពួនវាធ្វើអី?

បើសិនជាស្លាប់បាត់ កប់ចូលក្នុងដី ដុតឆេះក្នុងភ្លើង ដោយទៅទាំងកំណត់ហេតុដ៏មានតម្លៃមហាសាលជាច្រើន មិនទាន់បានផ្ដាំផ្ញើគេឯងផង សួរថាព្រលឹងអ្នកស្ងប់ទេ? ស្រួលមិនស្រួល ក្លាយជាវិញ្ញាណអ្នកតាស្ថិតតាមដុំថ្មនៃទីសាធារណៈនានា ដើម្បីគ្រាន់តែបង្ហាញលទ្ធផលមួយ ដែលភ្លេចទុកបណ្ដាំអង្កាល់នៅមានរូបរស់ ក៏អាចថាបាន។

Viriya Lim លឹម វីរីយ៉ា កំពង់ឆ្នាំង

ព្រះពុទ្ធផ្ដាំថា ធ្វើជាមនុស្សល្អ មិនបាច់ខ្ជះខ្ជាយពេលវេលាដើររកភ័ស្តុតាងបញ្ជាក់ថា អ្នកជាមនុស្សល្អទេ ព្រោះសេចក្ដីល្អ ឬ អាក្រក់ វានឹងសាយភាយចេញជាចំហាយហោះអណ្ដែតទៅគ្រប់ទិសទីដោយខ្លួនវាយ៉ាងប្រាកដមិនខានឡើយ។ បើអ្នកមិនជឿ អាចធ្វើពិសោធន៍បាន!
សួរថា តើមនុស្សល្អ មានន័យយ៉ាងម្ដេចទៅ?

ខ្ញុំក៏មិនសូវច្បាស់ថារាល់ថ្ងៃនេះ ខ្ញុំជាមនុស្សល្អ ឬ អាក្រក់ ទេ។ តែខ្ញុំព្យាយាមដើរតាមបណ្ដាំព្រះ ត្រង់ចំណុចមួយធំបំផុតគឺ “ការចែករំលែក” ។ បើគ្មានលុយកាក់ចែកគេទេ ចូរចែករំលែកពេលវេលា កម្លាំងកាយ កម្លាំងចិត្ត (ស្នាមញញឹម ពាក្យជូនពរជ័យ ពាក្យអបអរសាទរ) កម្លាំងបញ្ញា (ចំណេះដឹង បទពិសោធន៍) ។ល។

ក្រៅពីការចែករំលែក ព្រះពុទ្ធក៏នៅផ្ដាំមួយទៀតថា ចូរធ្វើខ្លួនឯងឲ្យមានក្ដីសុខ សេចក្ដីសុខនៃអាត្មាខ្លួន គឺជាបុណ្យ។ ដូច្នេះ តើយើងត្រូវស្វែងរកសេចក្ដីសុខដោយរបៀបណា? ចម្លើយរិតតែងាយ គឺ “ការចែករំលែក នឹងនាំមកនូវក្ដីសុខផ្លូវចិត្ត” ។ វាវិលទៅវិលមក ដូចកង់រទេះច្នោះឯង!
——-
លឹម វីរីយ៉ា
២៧ ធ្នូ ២០១៨

Viriya Lim 09 លឹម វីរីយ៉ា

ខ្ញុំចាស់ទុំហើយ…

VIRIYA in Indonesia

កាលពីក្មេង ខ្ញុំឆោតណាស់! ខ្ញុំមិនដែលខ្វល់ថា ជីវិតជាអ្វី រស់នៅ ដកដង្ហើមរាល់ថ្ងៃដើម្បីអ្វី ខំរៀនសូត្រដើម្បីអ្វី។ និយាយតាមត្រង់ចុះ ខ្ញុំមិនដែលខំប្រឹងរៀនទេ ថ្វីត្បិតតែខ្ញុំចូលចិត្តអានសៀវភៅតាំងពីអាយុ ៩ឆ្នាំ ចេះនិពន្ធកំណាព្យតាំងពីអាយុ ១២ឆ្នាំ ទាំងនោះ មិនមែនមកពីសមិទ្ធផលខំរៀនទេ មកពីខ្ញុំធ្វើរឿងដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ពាក្យ “ខំរៀន” មានន័យថាម៉េចឲ្យប្រាកដ។ ដឹងច្បាស់ត្រឹមតែថា ចូលចិត្តអានសៀវភៅដាច់យប់ទាំងខ្លួននៅតូចតែមួយសោះ។ ហើយខ្ញុំចាត់ទុកថា ការអាននោះ ជាការកម្សាន្តសម្រាប់ខ្លួនឯង។ ខ្ញុំអានមិនរើសមុខសៀវភៅទេ សូម្បីតែសៀវភៅនយោបាយដែលរដ្ឋាភិបាលហាមឃាត់ ក៏ប្រឹងអាន ហើយអានទាំងមិនសូវយល់ រហូតដល់ចប់នឹងគេនឹងឯងដែរ។

លុះឈានចូលដល់វ័យជំទង់ ខ្ញុំក៏បានទៅបណ្ណាគារ ទិញសៀវភៅប្រលោមលោកបែបស្នេហា ជាច្រើនក្បាល ដើម្បីទុកអានលេងថ្ងៃចុងសប្ដាហ៍។ ស្រាប់តែ មានរឿងនឹកស្មានមិនដល់មួយកើតឡើង។ ម្ដាយខ្ញុំ បានចូលមកក្នុងបន្ទប់របស់ខ្ញុំ ឃើញសៀវភៅទាំងនោះ គាត់បានខឹងសម្បាយ៉ាងខ្លាំង។ ម៉ាក់បានដកហូតយកសៀវភៅទាំងនោះចេញពីភាពជាកម្មសិទ្ធិរបស់ខ្ញុំ ហើយស្ដីបន្ទោសពាក្យពេចន៍ជាច្រើន ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលស្រឡាំងកាំង។

ការចូលចិត្តអានសៀវភៅ វាមិនខុសឆ្គងទេ តែអាយុកូន មិនគួរអានពពួកសៀវភៅប្រភេទនេះឡើយ

សំនួនស័ព្ទអ្នកម្ដាយខ្ញុំ ធ្វើឲ្យខ្ញុំនឹកតូចចិត្ត និងខឹងត្រលប់ខ្លះដែរ ព្រោះវាហាក់មិនសមហេតុផលសោះ ដែលគាត់មកដណ្ដើមយកសៀវភៅរឿងស្នេហាដែលខ្ញុំកំពុងតែចង់ដឹងចង់យល់នោះចេញទៅទាំងទទឹងទិសបែបនេះ។ អ្នកម្ដាយខ្ញុំបានបន្ទរពាក្យប្រៀនប្រដៅប៉ុន្មានប្រយោគទៀត មុននឹងគាត់ចាកចេញទុកឲ្យខ្ញុំដេកយំម្នាក់ឯង

មកពីម៉ាក់ស្រលាញ់កូន ទើបម៉ាក់មិនឲ្យកូនអានសៀវភៅទាំងនេះ! សៀវភៅនេះ នឹងធ្វើឲ្យកូនដេករវើរវាយ ឆ្កួតតាមអារម្មណ៍អ្នកនិពន្ធ ហើយរៀនលែងចូល! ធំឡើង កូននឹងយល់

ថាម៉េច? អាយុ ១៦ឆ្នាំហើយ នៅថាខ្ញុំមិនទាន់ធំទៀត? ខ្ញុំចាប់ផ្ដើមគិតថា ម្ដាយខ្ញុំកាច តឹងតែង ហួសហេតុ និងហាក់ដូចជាជ្រុលបន្តិចក្នុងរបៀបអប់រំកូន។ ហឹស! ម៉ែគេ បន់ឲ្យតែកូនគេអានសៀវភៅ ម៉ែឯងវិញ អាកូនខំសន្សំលុយខ្លួនឯងទៅទិញសៀវភៅមកអានហើយ ស្ដីបន្ទោសខ្លាំងៗ ធ្វើមើលតែទោសធ្ងន់ណាស់។ ប្រហែលជាបណ្ដាលមកពីខ្ញុំត្រូវបានអ្នកម្ដាយតាមដាន ត្រួតពិនិត្យជាប្រចាំ ទើបខ្ញុំក្លាយជាមនុស្សមិនសូវមានមនោសញ្ចេតនាផ្អែមល្ហែមច្រើនដូចគេ។

Viriya Lim in the U.S.A Embassy

ត្រដាងបេះដូងខ្ញុំដោយស្មោះទៅចុះ អង្កាល់ពីក្មេង ខ្ញុំមិនចូលចិត្តសកម្មភាពបែបរ៉ូមែនទិចទេ រហូតដល់ពេលមួយនោះ ខណៈដែលខ្ញុំរៀននៅសាកលវិទ្យាល័យ មានគ្រូប្រុសម្នាក់ បានសរសេរសំបុត្រស្នេហា កឹបជាមួយក្រដាសកំណែប្រលងប្រចាំខែដែលចែកត្រលប់មកឲ្យនិស្សិតវិញ។ ខ្ញុំមកផ្ទះ បើកឃើញហើយរន្ធត់ញ័រដៃញ័រជើង ហើយចាប់ផ្ដើមយល់ថា ការបង្កើតភាពភ្ញាក់ផ្អើលដល់នរណាម្នាក់ ជាទង្វើល្មើស ព្រោះវាបានទន្ទ្រានចូលទៅជ្រៅក្នុងប្រអប់បេះដូងរបស់គេ ទាំងដែលគេមិនបានត្រៀមខ្លួនជាមុន។ ហើយអារម្មណ៍នោះ វាដុតរោលរាល ក្លាយជាមនុស្សរវើរវាយ ដូចម្ដាយខ្ញុំប្រដៅមិនខុសមែន។ ទម្រាំតែខ្ញុំអាចសម្រួលស្ថានការណ៍មកបានដូចដើម ខ្ញុំត្រូវចាយពេលវេលាអស់ជិត១ឆ្នាំ។ សួរថា តើខាតពេលប៉ុណ្ណា បើសិនជាមួយឆ្នាំនោះ សុខភាពផ្លូវចិត្តយើងល្អប្រសើរក្នុងការបំពេញបេសកកម្មផ្ទាល់ខ្លួន។

ក្នុងអំឡុងជីវិតយុវវ័យរបស់ខ្ញុំ គ្មានអ៊ីនធើណិត គ្មានកុំព្យូទ័រសម្បូរបែប គ្មានទូរស័ព្ទឆ្លាតវៃទេ គ្រប់យ៉ាងប្រព្រឹត្តទៅតាមវិថីធម្មជាតិបុរាណៗសុទ្ធតែម្ដង។ គ្រប់ពេលដែលខ្ញុំចង់បញ្ចេញអារម្មណ៍ ខ្ញុំមិនដឹងត្រូវទៅរកអ្នកណាដើម្បីពិភាក្សាគ្នាឡើយ ព្រោះម្ដាយខ្ញុំបានប្រដៅថា កូនស្រីមិនត្រូវដើរហើររហេតរហូតនៅផ្ទះគេ ឬ ទីសាធារណៈក្នុងរយៈពេលយូរៗឡើយ។ ក្រៅពីទៅផ្ទះ បុប្ផានៅផ្លូវលេខ២កន្លះ ជិតផ្សារណាត់ ក្រៅពីទៅផ្ទះ កណ្ណារី នៅភូមិកាប់គោ ក្រៅពីទៅផ្ទះផណ្ណា ផ្លូវលេខ៣ក្បែរគ្នានោះ ខ្ញុំមិនដឹងជាត្រូវទៅណាទៀតទេ។ ម្លោះហើយ ខ្ញុំជ្រើសរើសការសរសេរសៀវភៅកំណត់ហេតុ ជាវិធីបញ្ចេញអារម្មណ៍ប្រកបដោយប្រសិទ្ធភាពបំផុត។ ខ្ញុំសរសេរ វែងអន្លាយដូចគេនិពន្ធប្រលោមលោកតភាគអីចឹង។ អស់សៀវភៅ១ក្បាល ចូលដល់១ក្បាលទៀត មិនដាច់ រហូតដល់រៀនចប់បរិញ្ញាបត្រនិងបន្តថ្នាក់អនុបណ្ឌិត។ រៀនថ្នាក់ខ្ពស់នោះ ពេលវេលាហាក់ចង្អៀតខ្លាំងដោយសារតែកិច្ចការស្រាវជ្រាវគរដូចភ្នំ។ ខ្ញុំបានផ្អាកឈប់សរសេរកំណត់ហេតុ ដោយងាកមកបញ្ចេញអារម្មណ៍ក្នុងអ៊ីនធើណិតវិញម្ដង។ ហាហាហា! មិនមែនឈប់ drama ទេណា គឺគ្រាន់តែបានធ្វើបន្ទាន់សម័យ (update) តាមបច្ចេកវិទ្យាតែប៉ុណ្ណោះ។

ដំបូងៗឡើយ ខ្ញុំមិនទាន់ចេះគ្រប់គ្រងផ្លូវចិត្តខ្លួនឯង ខ្ញុំតែងតែសរសេរចេញទាំងអស់នូវអារម្មណ៍ សប្បាយរីករាយ កើតទុក្ខ អន់ចិត្ត តូចចិត្ត រំភើប ភ្ញាក់ផ្អើល រិះគន់អ្នកដទៃ … ។ល។ និង ។ល។ អាយុកាន់តែច្រើន គ្មានម្ដាយមកនៅចាំអប់រំដូចពីក្មេងទៀតឡើយ ព្រោះក្នុងក្រសែភ្នែកអ្នកម្ដាយ គឺខ្ញុំធំហើយ។ ក្រោយម្ដាយខ្ញុំចែកឋានទៅ ក្នុងឆ្នាំ ២០១៤ ខ្ញុំស្រាប់តែក្លាយជាមនុស្សម្នាក់ថ្មីស្រឡាង។ ខ្ញុំប្ដូរខ្លួនឯង ពីមនុស្សឆេវឆាវ មកជាមនុស្សចេះអត់ធ្មត់ ស្ងប់ស្ងាត់ជាងមុន ពិចារណារឿងរ៉ាវបានជ្រៅនិងច្បាស់ជាងមុន សម្រេចចិត្តធ្វើរឿងរ៉ាវជាច្រើនបានល្អប្រសើរជាងមុន ដើរនៅលើផ្លូវមួយដែលពោរពេញដោយគុណតម្លៃច្រើនជាងមុន។ ខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯងកាន់តែច្បាស់ឡើង ភ្លឺស្វាងឡើង និងនៅតែបន្តស្វែងយល់ពីខ្លួនឯងមិនឈប់លុះឥលូវ។

ពេលនេះ ខ្ញុំប្រែប្រួលយ៉ាងសម្បើម “ខ្ញុំចាស់ទុំហើយ!”

សូមអរគុណអ្នកម្ដាយដែលជួយតម្រង់ផ្លូវជីវិតកូនឲ្យបានដើរលើវិថីស្អាតស្អំ ប្រកបដោយគុណធម៌ ចរិយាធម៌ និងសេចក្ដីថ្លៃថ្នូរអស់មួយជីវិត!


លឹម វីរីយ៉ា

ថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៨

 

 

ញៀនល្បែងតែងវិនាស…

ញៀនស្រីនិងស្រា​ ចាស់ៗផ្ដាំថា​ គង់តែវិនាស
បើញៀនល្បែងផង​ ឆ្លងដល់និរាស​ រលាយអស់ផ្ទះ
ប៉ោឡែគេជេរ។

ញៀនត្រឹមស្រីស្រា​ ខ្លាំង​ណាស់មរណា​ សល់ផ្ទះជាកេរ
តែបើដល់ល្បែង​ ថ្លែង​មិនចេញទេ​ ហិនហោច​ខ្លោចកេរ្តិ៍
អាស្រូវ​មួយពូជ។

_______

លឹម វីរីយ៉ា

ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨

អ្នកញៀនល្បែង

តើអ្វីទៅជា ហាងទំនិញរួចពន្ធ?

ហាងទំនិញរួចពន្ធ (Duty-free shops or stores) គឺជាហាងលក់រាយ ដែលត្រូវបានលើកលែងពន្ធគយ និងពន្ធដារ សម្រាប់រាល់ទំនិញទាំងឡាយណាដែលដាក់លក់នៅក្នុងស្រុក ជាថ្នូរទៅនឹងការស្នើសុំឱ្យលក់ជូន សម្រាប់តែភ្ញៀវទេសចរបរទេស ឬអ្នកដំណើរបរទេស ដែលក្រោយពេលទិញរួច ពួកគេនឹងយកទំនិញនោះចេញទៅក្រៅប្រទេស។

ទំនិញនានាអាចដាក់លក់ក្រោមលក្ខ័ខណ្ឌ័លើកលែងពន្ធបាន អាស្រយ័ទៅតាមភាពខុសគ្នានៃយុត្តាធិការ រួមទាំងវិធីសាស្រ្តនៃការលក់ និងដំណើរការគណនាពន្ធ ឬ ការសងត្រលប់វិញនូវផ្នែកណាមួយនៃពន្ធ។

ទោះជាយ៉ាងនេះក្ដី សម្រាប់ការលក់ដូរនៅក្នុងប្រទេសខ្លះ ត្រូវបានរដ្ឋាភិបាលចាប់បង្ខំឱ្យបង់ពន្ធទៅលើទំនិញដែលនាំចូលមកក្នុងប្រទេសជាតិខ្លួនឯង បើទោះបីជាអតិថិជននោះបានទិញទំនិញពីហាង Duty-Free Shop នៅបរទេសមកក៏ដោយ។ ប៉ុន្តែទង្វើនេះវាមិនជាអចិន្ត្រៃយ៍ទេ។ មាននយ័ថា ប្រសិនបើជារដូវកាលណាមួយ ប្រទេសជាតិកំពុងតែជោរជន់ផលិតផលណាមួយនោះ ហើយបែរជាប្រជាជនខ្លួនឯងងាកទៅទិញ ផលិតផលស្រដៀងគ្នា ឬដូចគ្នាពីបរទេសមកវិញ ដូច្នេះជននោះ ត្រូវតែបង់ពន្ធក្នុងអត្រាគណនាដ៏ខ្ពស់មួយដល់ប្រទេសជាតិ។

ឧទាហរណ៍៖ ប្រទេសថៃនារដូវកាលនេះ កំពុងតែប្រមូលភោគផលស្រូវទូទាំងប្រទេស មាននយ័ថា ស្រូវក្នុងប្រទេសថៃកំពុងតែជន់ច្រើនយកទៅណាមិនអស់ ស្រាប់តែខណៈនោះ មានជនជាតិថៃម្នាក់ មកលេងប្រទេសកម្ពុជា​ ដោយពាំនាំយកទៅវិញនូវស្រូវអង្ករជាច្រើនគីឡូជាប់ខ្លួនចូលទៅក្នុងប្រទេសជាតិខ្លួនឯងវិញ ដោយសារតែគិតថា អង្ករនៅស្រុកខ្មែរលក់ថោកជាងក្នុងស្រុកថៃ។

ប៉ុន្តែទីបំផុតនៅពេលឆ្លងដែនត្រលប់ចូលទៅក្នុងប្រទេសថៃវិញ ជនជាតិថៃនោះ(ឬអ្នកស្នាក់នៅក្នុងប្រទេសថៃជាអចិន្ត្រៃយ៍) ត្រូវបាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន ស្ទាក់ទុកដើម្បីចាប់ឱ្យបង់ពន្ធជូនរាជការថៃក្នុងតម្លៃមួយដែលខ្ពស់ជាងការទិញអង្ករក្នុងស្រុកថៃទៅវិញ។

គេធ្វើដូច្នេះ ដើម្បីទប់ស្កាត់កុំឲពលរដ្ឋខ្លួនឯងចេញទៅទិញអង្ករនៅក្រៅប្រទេស ដែលជាមូលហេតុធ្វើឲអង្ករ ក្នុងប្រទេសជាតិកាន់តែជន់ជោរទៅៗ និងរកទីផ្សារមិនបាន។

ផ្ទុយទៅវិញ បើសិនជាក្នុងប្រទេសជាតិ ពេលនោះកំពុងតែខ្វះខាតអង្ករ រដ្ឋាភិបាល នឹងមិនយកពន្ធលើអង្ករដែលនាំចូលពីបរទេសនោះទេ។ សរុបសេចក្ដីទៅ វាជាយុទ្ធសាស្រ្តដើម្បីជួយប្រទេសជាតិខ្លួនឯងរៀងៗខ្លួន ទាំងរដ្ឋាភិបាលខ្មែរ និងថៃ។

ហាងទំនិញរួចពន្ធ (Duty-Free Shop ឬ Duty-Free Store) តែងតែត្រូវបានសាងសង់នៅតាមតំបន់ព្រំដែនអន្តរជាតិ ឬ កំពង់ផែអន្តរជាតិ ឬ អាកាសយានដ្ឋានអន្តរជាតិ ឬ ស្ថានីយអយស្មយ័យានអន្តរជាតិ ជាដើម។ ទំនិញរួចពន្ធ ក៏អាចត្រូវបានគេលក់ដូរនៅក្នុងយន្តហោះ ឬកប៉ាល់ដឹកអ្នកដំណើរឆ្លងដែនផ្សេងៗផងដែរ ដោយក្នុងនោះអ្នកទិញត្រូវបង្ហាញនូវលិខិតឆ្លងដែនដែលបញ្ជាក់ថាខ្លួនជាជនបរទេសពិតប្រាកដ។

មូលហេតុដែលគេមិនលក់ទំនិញរួចពន្ធទាំងនោះទៅកាន់ប្រជាជនខ្លួនឯងនៅក្នុងប្រទេស ព្រោះថា៖ រាល់មុខទំនិញនានាដែលត្រូវបានដាក់លក់ក្នុងហាងទំនិញរួចពន្ធ មានតម្លៃទាបជាងទីផ្សារទូទៅក្នុងស្រុក ដែលជាហេតុបណ្ដាលឲប្រជាជនក្នុងស្រុកត្រូវដូរទិសដៅក្នុងការទិញទំនិញ ដោយងាកទៅទិញក្នុងហាងទំនិញរួចពន្ធនោះវិញ។ ដូច្នេះ អ្នកលក់ដូរក្នុងទីផ្សារធម្មតានឹងលក់លែងដាច់។ អីចឹងទេ ការរាំងខ្ទប់ មិនអនុញ្ញាតឱ្យប្រជាជនក្នុងស្រុកមានសិទ្ធិទិញ គឺដើម្បីការពារផលប្រយោជន៍អ្នកលក់ផ្សេងទៀតក្នុងទីផ្សារធម្មតាកុំឱ្យដួលរលំ។

អាកាសយានដ្ឋានដែលលក់ទំនិញរួចពន្ធប្រកបដោយវិសាលភាពធំជាងគេក្នុងលោកនេះ គឺនៅទីក្រុងឌូបៃ (Dubai Duty Free) នៃប្រទេសអារ៉ាប់រួម ដោយក្នុងនោះការលក់រយៈពេល១០ខែ (ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៤) មានទំហំជាទឹកប្រាក់ USD 1.53 កោដិ គឺស្មើនឹង 5% គ្របដណ្ដប់លើការលក់ទំនិញរួចពន្ធទូទាំងពិភពលោក។

មានហាងទំនិញរួចពន្ធខ្លះប្រតិបត្តិនៅចំកណ្ដាលមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមានទីតាំងនៅឆ្ងាយពីព្រលានយន្ដហោះ ឬ ឆ្ងាយពីកំពង់ផែផ្សេងៗ។

ឧទាហរណ៍ នៅប្រទេសជប៉ុន សម្រាប់ភ្ញៀវបរទេសណាដែលមានលិខិតឆ្លងដែនវាយត្រាបញ្ជាក់ថាបានច្បាប់ស្នាក់នៅតិចជាង៦ខែ អាចមានសិទ្ធិទិញទំនិញរួចពន្ធផ្សេងៗបាន។ ហាងទំនិញរួចពន្ធ ដែលធំជាងគេនៅជប៉ុន គឺស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិច Akihabara ក្នុងទីក្រុងតូក្យូ។

នៅប្រទេសថៃ ក៏មានហាងទំនិញរួចពន្ធដ៏ធំមួយឈ្មោះថា The King Power ហើយហាងនេះមានសាខាជាច្រើនក្នុងទីក្រុងបាងកក ដែលនូវរាល់ទំនិញរួចពន្ធផ្សេងៗ ត្រូវបានអតិថិជនជា ភ្ញៀវបរទេស បញ្ជារទិញជាមុន ទើបហាងដឹកជញ្ជូនឱ្យតាមក្រោយ (pre-purchase and deliver) ទៅដល់ព្រលានយន្ដហោះតែម្ដងនៅចំថ្ងៃចេញដំណើរត្រលប់ទៅកាន់ប្រទេសខ្លួនវិញ។

នៅប្រទេសហ្វីលីពីន មានអាគារពាណិជ្ជកម្មធំមួយ ឈ្មោះថា “Duty Free Philippines Fiestamall ដែលមានទីតាំងតែបួនប្រាំគីឡូម៉ែត្រប៉ុណ្ណោះពី អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino Airport ហើយវាស្ថិតនៅទល់មុខនឹងអាកាសយានដ្ឋាននោះតែម្ដង។ ទំនិញដែលដាក់លក់ក្នុងអគារ ទំនិញរួចពន្ធនោះ ភាគច្រើនលើសលប់ គឺនាំចូលមកពីបណ្ដាប្រទេសផ្សេងៗជាច្រើន (ជាពិសេសគឺពី អាមេរិក អាស៊ី និង អូស្រ្តាលី) ហើយទំនិញទាំងនោះ គ្មានលក់នៅអគារពាណិជ្ជកម្ម ឬផ្សារទំនើបផ្សេងណាមួយក្នុងប្រទេសហ្វីលីពីនឡើយ។

ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋហ្វីលីពីនខ្លួនឯង (ដែលត្រឡប់មកពីបរទេសវិញ) មិនសូវមានអ្នកខកខានក្នុងការចូលទៅទស្សនា ឬទិញទំនិញ ក្នុងអាគារនេះឡើយ បន្ទាប់ពីដំណើរមកដល់ក្នុងប្រទេសនេះ។ ដើម្បីអាចចូលទៅក្នុងអាគារលក់ទំនិញរួចពន្ធនេះបាន ភ្ញៀវបរទេស ត្រូវបង្ហាញលិខិតឆ្លងដែនជាមុនទៅកាន់ការិយាលយ័ជួរមុខ (Customer Registration Counter) ដើម្បីចុះឈ្មោះ។ ក្រោយចុះឈ្មោះហើយ អ្នកដំណើរបរទេស នឹងទទួលបានកាតមួយសន្លឹកដែលប្រកាសពីសិទ្ធិស្របច្បាប់ក្នុងការទិញទំនិញផ្សេងៗនៅក្នុងអាគារ។

កាលពីអតីតកាល ហាងទំនិញមួយនេះ ទទួលយកតែរូបិយបណ្ណ័ ដុល្លារអាមេរិក និង ពេសូ ហ្វីលីពីន តែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ វាចាប់ផ្ដើមទទួលយករូបិយបណ្ណបរទេសផ្សេងទៀតដូចជា លុយយេន របស់ជប៉ុន ដុល្លារប្រ៊ុយណេ ដុល្លារអូស្រ្តាលី ផោនអង់គ្លេស ដុល្លារកាណាដា ហ្វ្រង់របស់ស្វ៊ីស រីយ៉ាល់របស់អារ៉ាប់រួម លុយឌីណា របស់បារ៉េនី និង​លុយបាតរបស់ថៃ។ អត្រាប្ដូរប្រាក់ក៏មានដែរនៅក្នុងអគារបើសិនជាអតិថិជនមានបំណងចង់ដូរប្រាក់របស់ជាតិគេមកកាន់ប្រាក់ពេសូ ហ្វីលីពីន ឬ ដុល្លារអាមេរិក។ ក្រៅពីនោះ កាតឥណទានក៏អាចចាយបានដែរក្នុងការទិញទំនិញនានា។

ចំណែកនៅប្រទេស អូស្រ្តាលីវិញ ហាងទំនិញរួចពន្ធ មាននៅស្ទើរគ្រប់ទីកន្លែង ប៉ុន្តែវាបានរំលាយចោលវិញអស់ក្រោយពីមានការណែនាំស្ដីអំពីច្បាប់ GST​ (Goods and Services Tax) ក្នុងឆ្នាំ២០០០។ បច្ចុប្បន្ននេះ ហាងទំនិញរួចពន្ធមានតែនៅតាមព្រលានយន្ដហោះតែប៉ុណ្ណោះ។ ជាក់ស្ដែងទៅ អ្នកស្នាក់នៅក្នុងប្រទេស និងភ្ញៀវទេសចរ សព្វថ្ងៃ ត្រូវបានអនុញ្ញាតឱ្យទិញទំនិញ (physical goods) ក្នុងអំឡុងពេល៦០ថ្ងៃមុនថ្ងៃចេញដំណើរត្រលប់ទៅកាន់ប្រទេសខ្លួនវិញ ព្រោះវាត្រូវការពេលវេលាសមល្មមក្នុងការវេចខ្ចប់ទំនិញសម្រាប់ការហោះហើរចេញទៅក្រៅប្រទេស និងដើម្បីមានសិទ្ធិជំទាស់ទៅនឹងការទារឱ្យបង់ពន្ធ GST នៅពេលឆ្លងកាត់កន្លែងពន្ធគយ។ សព្វថ្ងៃនេះ អតិថិជន អាចទិញទំនិញ ហើយយកមកប្រើប្រាស់បានដោយសេរីមុនថ្ងៃចេញដំណើរត្រលប់ទៅវិញ។ វាហាក់ដូចជាបញ្ច្រាសទិសគ្នាទៅនឹងឆ្នាំ២០០០ ដែលពេលនោះ អ្នកទិញ ត្រូវតែវេចខ្ចប់ទំនិញតាមរយៈម្ចាស់ហាងទំនិញរួចពន្ធ ដោយរុំខ្ចប់យ៉ាងល្អស្អាតនិងប្រកបដោយសុវត្ថិភាព ហើយអ្នកទិញនោះគ្មានសិទ្ធិហែកសំបកវេចខ្ចប់ឡើយ រហូតបានទៅដល់ក្នុងដៃបុគ្គលិកពន្ធគយណាម្នាក់ក្នុងកន្លែងឆ្លងកាត់ព្រំដែនអន្តរជាតិដើម្បីត្រួតពិនិត្យមុនពេលចេញដំណើរ។

នៅក្រុងសៀមរាប ប្រទេសកម្ពុជា ក៏មានហាងខ្នាតអន្តរជាតិបែបនេះមួយដែរ ដែលបានបើកសម្ពោធដំណើរការក្នុងខែ ធ្នូ ឆ្នាំ២០១៤។ ហាងនោះមានទីតាំងស្ថិតនៅម្ដុំភ្លើងស្ដុប កោះកេរ្តិ៍ ឈ្មោះថា “ផ្សារទំនិញរួចពន្ធអង្គរ” (Angkor Duty-Free Store) ដែលជារបស់ម្ចាស់អ្នកវិនិយោគជនជាតិចិន នៃក្រុមហ៊ុន China Duty Free Group (CDFG)។ ទំនិញភាគច្រើនលើសលប់នៅក្នុងផ្សារនេះ ជារបស់នាំយកមកពីបរទេស។

ចំណែករឿងរ៉ាវពាក់ពន្ធ័នឹងការបង់ពន្ធនាំចេញ ជារឿងផ្សេងមួយទៀត ដែលវាអាស្រយ័ទៅលើច្បាប់នៃប្រទេសនោះ ឬអាស្រយ័លើប្រភេទទំនិញនោះ។ ឧទាហរណ៍ថា ភ្ញៀវអ៊ឺរ៉ុបម្នាក់ ដែលបានមកទិញរូបគំនូរប្រាសាទអង្គរវត្ត ពីហាងទំនិញរួចពន្ធ នៅខេត្តសៀមរាប មួយផ្ទាំង។ នោះការលើកលែងពន្ធនាំចេញនឹងត្រូវបានអនុវត្ត ព្រោះថាទំនិញនោះ មាននិន្នាការក្នុងការផ្សព្វផ្សាយ លើកស្ទួយវប្បធម៌ខ្មែរក្នុងឆាកអន្តរជាតិ។ ផ្ទុយទៅវិញ បើភ្ញៀវទិញចម្លាក់ឈើគ្រញូងរូបអង្គរវត្ត នោះការចាប់បង្ខំឱ្យបង់ពន្ធនាំចេញ ត្រូវបានធ្វើឡើង ព្រោះថា ទំនិញដែលនាំចេញទៅនុះ មាននិន្នាការក្នុងការបំផ្លាញព្រៃឈើខ្មែរ។ និង ហេតុផលផ្សេងៗរាប់រយពាន់ជំពូកខុសៗគ្នាទៀត។

ដោយ លឹម វិរិយា (សាស្ត្រាចារ្យធុរកិច្ច)

China Duty Free Shop 01
China Duty Free Shop 03
China Duty Free Shop 04
China Duty Free Shop 05
China Duty Free Shop 06
China Duty Free Shop
China Duty Free Shop 07
China Duty Free Shop 02

បណ្ដាំម្ដាយសម្រាប់កូនប្រុស…

បណ្ដាំម្ដាយសម្រាប់កូនប្រុស...

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ
រស់នៅកុំស្ពាយចិត្តឥច្ឆា
មនុស្សសត្វលើលោកគ្រប់អាត្មា
មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ
កុំបាច់ទោម្នេញនាំរឿងខុស
ឈ្លោះនឹងជនពាលនាំអាប់យស
ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ
កុំមើលបំណាំត្រូវបណ្ដាក់
ការងារធ្ងន់ស្រាលជួយលើកដាក់
រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន
កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច
ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច
ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ
ចំណេះសន្សំគ្រប់វេលា
កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា
បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ
ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់
សន្សំប្រាក់ខែត្រៀមពេលខ្វះ
យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ
សន្ដានមិនឃ្លាតទាំងស្រីប្រុស
រាប់ដោយសច្ចៈកុំតើយតោះ
បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា
កូនត្រូវចាំថានាងល្អចិត្ត
ល្អទាំងអម្បូរពូជសុក្រឹត
ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ
ជាមន្រ្តីហំ ចូរកុំស្ដាយ
លះបង់ប្រយោជន៍ក្ដៅក្រហាយ
នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច
ថ្ងៃរះហើយលិចរាល់ទិវា
ជីវិតនៃមនុស្សក៏ដូចគ្នា
សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី
កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់
ជីវិតនៅរស់ ឱ្យគេត្រាប់
រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់
ប៉ុន្តែសូមឈប់អភិប្រាយ
ម៉ែខ្លាចកូនប្រុសមិនសប្បាយ
ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់
ជួយរក្សាយសឈ្មោះឧត្ដម
ពេញដោយអនុភាពថ្កើងសុខុម
មានដល់កូនខ្ញុំរហូតហោង!

ដោយ លឹម វិរិយា
ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤

ចង់ស្ដាប់សំឡេងកំណាព្យនិងវិដេអូ “បណ្ដាំម្ដាយចំពោះកូនប្រុស” សូមចុចទីនេះ   https://www.youtube.com/watch?v=rKwt6Wleq88