All posts by VIRIYA LIM🌸

នេះគឺជាគេហទំព័រផ្ទាល់ខ្លួនរបស់នាងខ្ញុំ លឹម វិរិយា​ ប្រើប្រាស់សម្រាប់ការចែករំលែកចំណេះដឹងទូទៅ គំនិតពិចារណា រឿងកម្សាន្ដខ្លីៗ និង កំណាព្យដែលចេញពីសមត្ថភាពតិចតួចស្ដួចស្ដើងរបស់ខ្ញុំ។ រីករាយនឹងអានរាល់មូលវិចារ្យនានាដែលលោកអ្នកផ្ញើជូន!

ឈ្មោះកូនស្រីជាភាសាបាលី-ខ្មែរ ពីរោះៗ

ខ្ញុំមិនដឹងថាមកពីហេតុអ្វី តាំងពីយូរយារណាស់មកហើយ ខ្ញុំរមែងត្រូវបានគេស្នើសូមឱ្យជួយរកនឹកដាក់ឈ្មោះជូនកូនៗរបស់គេទាំងស្រីប្រុស។ ជាក់ស្ដែង កូនៗរបស់បងស្រីខ្ញុំ កូនរបស់និស្សិត (កូនសិស្សខ្ញុំ) និងអ្នកស្គាល់រាប់អានគ្នាជាច្រើន និយមរកពឹងពាក់ខ្ញុំឱ្យជួយរកនឹកគិតប្រសិទ្ធនាមជូនដល់កូនគេដែលទើបនឹងកើត ខ្លះប្រុងនឹងកើត ដើម្បីជាអនុស្សាវរីយ៍។ ប្រហែលជា រយៈកន្លងៗមក គេបានកត់សម្គាល់ចងចាំថា ខ្ញុំជាអ្នកសិក្សារៀនសូត្រ ហើយនិយមចែករំលែកចំណេះដឹងទាក់ទងនឹងភាសាខ្មែរ អក្សរសាស្ត្រ អក្សរសិល្ប៍ផ្សេងៗ នៅតាមទំព័រអត្ថបទសាធារណៈនានា ដូចជាក្នុងប្លក់នេះ និងក្នុងទំព័របណ្ដាញសង្គមមួយចំនួន។ ហើយអ្វីដែលរឹតតែធ្វើឱ្យខ្ញុំទទួលបានអារម្មណ៍ជាទីមោទនភាពយ៉ាងខ្លាំង គឺមានមនុស្ស៣នាក់ហើយ ដែលបានដាក់ឈ្មោះកូនស្រីគេ ដូចខ្ញុំដែរ ហើយពួកគេបានផ្ញើសារមកប្រាប់ថា សូមដាក់ឈ្មោះថា “វិរិយា” ដែរហើយ ព្រោះស្រលាញ់ចូលចិត្តវិរិយាណាស់។ សូមអរគុណច្រើនសម្រាប់ការផ្ដល់តម្លៃ! តាមពិតទៅ ខ្ញុំអត់បានចុះបញ្ជីរក្សាសិទ្ធិអីទេ ហើយមុននឹងខ្ញុំកើតមក ក៏មានអ្នកឈ្មោះ “វិរិយា” នេះច្រើនហើយដែរ។

តស់! កុំពិបាកអង្គុយរកនឹកយូរ ខ្ញុំជួយរកនឹកជូន ដើម្បីបានជាគំនិតដាក់ឈ្មោះកូនស្រី (កូនប្រុសចាំលើកក្រោយណា)។ ជាទូទៅ ការដាក់ឈ្មោះកូនជាទីស្រលាញ់ គេច្រើននិយមគិតគូរដល់អត្ថន័យខ្លឹមសារក្នុងពាក្យពេចន៍នោះ ថាវាមានន័យម្ដេច។ ឬ ពេលខ្លះ គេមិនបានខ្វល់ដល់អត្ថន័យអីទេ សំខាន់ គេចង់ដាក់ដើម្បីរំឭកដល់បុគ្គលជាទីគោរពស្រលាញ់​ ជាទីគោរពសក្ការៈ ឬដើម្បីរំឭកដល់ទីកន្លែងណាមួយ ព្រឹត្តិការណ៍អ្វីមួយ…។ល។

ខាងក្រោមនេះជា ឧទាហរណ៍ ត្រួសៗមួយចំនួនដែលខ្ញុំបានរកនឹកគិត សម្រាប់ជាប្រទីបដល់អ្នកមានកូនស្រី ហើយចង់ដាក់ឈ្មោះខ្មែរ៖

ល.រ.បាលីខ្មែរឡាតាំងខ្លឹមសារបកប្រែ
1អនុ​វិច្ច​ការិនីAnuvichkarinyស្ត្រី​ដែល​មាន​គំនិត​ពិចារណា​មុន​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗតាមក្រោយដោយល្អ
2ប្រាគ្រីទីPrakriti  ស្ត្រីម្នាក់ដែលបានសូមចូលសាងផ្នួសជាមួយព្រះពុទ្ធ ដើម្បីសម្រេចធម៌ជាន់ខ្ពស់
3អនុរុទ្ធAnuruddhaប្អូនជីដូនមួយរបស់ព្រះពុទ្ធ (បើជាស្រី ថែមពាក្យ ធីតា ឬ កញ្ញា ខាងចុង)
4អមរាAmaraអ្នកដែលមានអាយុវែងដូចទេវតា ឬមិនងាយស្លាប់
5យសោធរាYasothara  ព្រះ​នាម​ក្សត្រិយាណី ជា​កន្សៃ​សព៌េជ្ញ​នៃ​ព្រះ​សក្យ​មុនី​សព្វញ្ញុពុទ្ធ កាល​ដែល​ទ្រង់​ស្ថិត​នៅ​ក្នុង​រាជ្យនៅឡើយ (មហេសីព្រះសិទ្ធត្ថ គោតម)
6សាវត្ថីSavatthiឈ្មោះក្រុងមួយក្នុងរាជាណាចក្រ កោសល្យ ជាទីដែលព្រះពុទ្ធស្នាក់អាស្រ័យយូរជាងក្រុងផ្សេងៗទាំងអស់ក្រោយការត្រាស់ដឹង
7ពារាណសីBaranasi/Varanasiឈ្មោះក្រុងមួយដែលមានអាយុចាស់ជាងគេក្នុងតំបន់អាស៊ី និងជាទីតាំងដែលព្រះពុទ្ធជ្រើសរើសយកធ្វើជាកន្លែងផ្សព្វផ្សាយពុទ្ធសាសនា
8នេរញ្ជរាNeranjaraឈ្មោះស្ទឹងមួយនៅខាងកើតផ្ទះនាងសុជាតា ជាកន្លែងដែលព្រះពុទ្ធស្នាក់អាស្រ័យមួយរយៈរហូតរកឃើញពន្លឺត្រាស់ដឹងនៅក្បែរស្ទឹងនោះ
9អរហន្តីAranhantiស្ត្រីដែលមានធម៌ដ៏ខ្ពង់ខ្ពស់ នៅឆ្ងាយពីកិលេសតណ្ហាទាំងពួង
10អរិយ / អរ្យសាវិកាAriyasavikaស្ត្រីដ៏ខ្ពង់ខ្ពស់បំផុតដែលបានស្ដាប់ព្រះធម៌ពុទ្ធោវាទ
11ឆព្វណ្ណរង្សីChabvanarangsiពន្លឺដ៏ស្រស់ត្រកាលរបស់ព្រះសម្មាសម្ពុទ្ធដែលចេញពីការត្រាស់ដឹង
12សន្តិសារពេជ្ញSanti Sarabejnស្ត្រីប្រកបដោយសិរីសួស្ដី ញ៉ាំងដល់ការត្រាស់ដឹងនិងសន្តិភាព
13សារ​ទស្សិនីSaradasiniស្ត្រី​ដែល​យល់​ឃើញ​ធម៌​ឬ​អ្វី​មួយ​ថា​ជា​សារៈសំខាន់
14រោហិនីRohiniប្អូនស្រីជីដូនមួយព្រះពុទ្ធ និងជាកូនសិស្សម្នាក់របស់ព្រះអង្គ ដ៏ល្បីល្បាញក្នុងរាជវង្ស
15
បញ្ចពិធកល្យាណីPanca-Kalyaniស្ត្រីដែលមានលម្អ៥យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ

តើការបន្លឺសំឡេងកងរំពង មានផលប៉ះពាល់អ្វីខ្លះដល់មនុស្សក្នុងសង្គម?

(១) វិភាគផ្នែកច្បាប់៖

“ការបន្លឺសំឡេងកងរំពង ឬចាក់ធុងបាសជាការរំលោភទៅលើសិទ្ធិរបស់អ្នកដទៃ”

នៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សមួយចំនួនចាត់ទុកការបន្លឺសំឡេងកងរំពង ឬការចាក់ធុងបាសជាប្រចាំនៅពេលពួកគេជួបជុំគ្នាស៊ីផឹក បានក្លាយទៅជាទម្លាប់ ឬជារឿងធម្មតាទៅហើយ។ ប៉ុន្តែពួកគេបែរជាភ្លេចគិតថា សកម្មភាពរបស់ខ្លួន គឺការចាក់ធុងបាសឱ្យឮសូរសំឡេងខ្ទរពេញភូមិនោះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃយ៉ាងណាខ្លះនោះទេ។

ជាការពិតណាស់ ពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារជាដើម។ ថ្វីដ្បិតតែការរៀបចំពិធីជប់លៀង ឬការស៊ីផឹកជាប្រចាំ ហើយចាក់ធុងបាសឮសំឡេងខ្លាំងៗ គ្មានអ្នកណាហាមឃាត់ក៏ដោយ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិហួសព្រំដែនបែបនេះគឺជាការរំលោភលើសិទ្ធិអ្នកដទៃ។ ទង្វើបែបនេះ គឺច្បាប់ហាមឃាត់ ជាពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ មាត្រា៣១ បានចែងថា “ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតនោះទេ” ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។ នៅត្រង់ចំណុចនេះ មានន័យថា ប្រសិនបើពលរដ្ឋគ្រប់រូប បានសិក្សាឈ្វេងយល់ពីរដ្ឋធម្មនុញ្ញទាំងអស់គ្នា នោះការរំលោភសិទ្ធិអ្នកដទៃ ដូចជាករណីចាក់ធុងបាសក្នុងភូមិ ច្បាស់ជាលែងកើតមានជាមិនខាន។ ផ្ទុយទៅវិញ សកម្មភាពចាក់ធុងបាសនេះ បានកើតមានឡើងជាដដែលៗនៅគ្រប់ទីកន្លែង និងក្លាយទៅជាទម្លាប់នៅក្នុងជីវិតគ្រូសារមួយចំនួនជាប្រចាំ ហើយវាបានបំពានសិទ្ធិអ្នកជិតខាងយ៉ាងសប្បាយទៅវិញ។ នៅក្នុងច្បាប់ អ្នកដែល ត្រូវបានគេបំពានសិទ្ធិនេះ អាចដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានបានគ្រប់ពេល។ តែជាក់ស្ដែងគេកម្រឃើញ អ្នកជិតខាង ឬអ្នកដែលត្រូវគេបំពាននោះ ដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍នគរបាល ឬចៅសង្កាត់ណាស់។ ទី១ ពួកគេអាចគិតថា ទោះជាប្ដឹងក៏គ្មានដំណោះស្រាយដែរ ពីព្រោះ ប៉ូលីសប៉ុស្ដិ៍ខ្លះក៏មកអង្គុយស៊ីផឹកជាមួយអ្នកជិតខាងនោះដែរ។ ទី២ អាចមកពីយោគយល់ដល់អ្នកនៅក្បែរខាងគ្នា។ ទី៣ អាចថា បើប្ដឹងទៅ នាំតែឈ្លោះគ្នា ខ្លាចគេគុំកួន។ និងទី៤ អាចមកពីគិតថា បើប្ដឹងទៅដោយមិនមានលុយសូកប៉ូលីសទេ គេនឹងមិនធ្វើការឱ្យ ដែលជាហេតុនាំខាតបង់ពេលវេលាឥតប្រយោជន៍…។ល។

ទាក់ទងនឹងការចាក់ធុងបាស ឬការបង្កសំឡេងកងរំពងនេះ កាលពីឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីព្រាងច្បាប់មួយ ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈមាន៨ជំពូក និង៤៨មាត្រា ដែលហាមពលរដ្ឋកុំឱ្យបង្កសំឡេងរំខានដល់អ្នកដទៃនេះ រួមជាមួយនឹង ការចែងអំពីការដាក់ទោសទណ្ឌផងដែរ ក៏ប៉ុន្តែមកទល់ពេលនេះ (ឆ្នាំ២០២៣) សេចក្ដីព្រាងច្បាប់នេះ មិនទាន់ចេញនៅឡើយទេ។

សេក្ដីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ បានចែងអំពី “ ភាពស្ងប់ស្ងាត់” នៅក្នុងជំពូកទី៤។ មាត្រា១៦ បានចែងថា«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ដូចជា ទី១ ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។  ទី២-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ និងទី៣-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។ មាត្រា១៧ ចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២:00 ថ្ងៃត្រង់ដល់ម៉ោង ០២:០០ រសៀល និងចាប់ពីម៉ោង១0:00 យប់ ដល់ម៉ោង ៥:00 ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»

សរុបសេចក្ដីទៅ កម្ពុជាមិនចាំបាច់មានច្បាប់ស្ដីពី សណ្ដាប់ធ្នាប់ធារណៈក៏បានដែរ ប្រសិនបើពលរដ្ឋគ្រប់រូបយល់ដឹង ឬអនុវត្តសិទ្ធិរបស់ខ្លួន ក្រោមបន្ទាត់ព្រំដែនដូចមានចែងនៅក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញ។ ការមិនបំពារបំពានអ្នកដទៃ នោះហើយជា សុភមង្គលនៅក្នុងគ្រួសារ និងជាសេចក្ដីសុខនៅក្នុងសង្គមជាតិទាំងមូល។ យើងម្នាក់ៗសាកគិតទៅមើល “ប្រសិនបើ គេបំពានសិទ្ធិរបស់យើងវិញ ឬ គេចាក់ធុងបាស រំពងសំឡេងឮខ្លាំងៗ ធ្វើឱ្យប៉ះពាល់ដំណេករបស់យើង ឬប៉ះពាល់សុខភាពអ្នកជំងឺនៅក្នុងផ្ទះយើង តើយើងមានអារម្មណ៍បែបណា? “ ។

(២) វិភាគផ្នែកវេជ្ជសាស្ត្រ៖

“ការស្ដាប់សំឡេងកងរំពងជាប្រចាំ ធ្វើឱ្យអ្នកទទួលសំឡេងខូចសុខភាពកម្រិតធ្ងន់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត”

ក- ផលប៉ះពាល់សុខភាពផ្លូវកាយ

បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់កំពុងរស់នៅប្រឈមនឹងបញ្ហាត្រចៀក ទាំងធ្ងន់ ស្រាល និងអ្នកខ្លះនៅមិនទាន់ដឹងថាខ្លួនឯងកំពុងមានបញ្ហាត្រចៀកនៅឡើយផង។ លោកអ្នកដឹងទេ? សកម្មភាពប្រចាំថ្ងៃដូចជា ការពាក់កាសស្ដាប់សំឡេង ការស្ដាប់សំឡេងបន្លឺពីធុងបាសដែលមានភាពរំញ័រខ្លាំង ការឮសូរសំឡេងឡានម៉ូតូ ស៊ីផ្លេ ភាពអ៊ូអរក្នុងទីក្រុង សំឡេងការដ្ឋានសាងសង់ផ្សេងៗ…។ល។ ជាប់ៗគ្នារាល់ថ្ងៃ ក្នុងរយៈពេលយូរ សុទ្ធតែបំផ្លាញប្រព័ន្ធសោត្រវិញ្ញាណយើងគ្រប់ៗគ្នា។ ការបំផ្លាញសោត្រប្រសាទ នឹងនាំទៅដល់ជំងឺស្ដាប់លែងឮ ឬខ្សោយក្នុងការស្ដាប់ ហើយការខូចខាតនេះ គ្មានវិធីជួសជុល ព្យាបាលឱ្យបានដូចដើមវិញឡើយ។

ជីវិតរស់នៅដែលត្រូវបានរំខានដោយសំឡេងបំពុលរាល់ថ្ងៃ ឬញឹកញាប់ គឺជាប្រញ្ហាប្រឈមដ៏ធំចំពោះជំងឺត្រចៀក។ បើយើងទទួលដឹងនូវសំឡេងដែលរំពងចេញក្នុងកម្រិត ៨៥ ដេស៊ីប៊េល (85 DB) ជាប់គ្នារយៈពេល ៨ម៉ោង រាប់ថាជាគ្រោះថ្នាក់ចំពោះត្រចៀក។ ហើយបើសំឡេងរំពងចេញក្នុងកម្រិត ១០០ ដេស៊ីប៊ែល (100 DB) សូមលោកអ្នកប្រញាប់ធ្វើជម្លៀសខ្លួនឱ្យបានឆ្ងាយផុតពីសំឡេងនោះជាបន្ទាន់ ព្រោះការទទួលយកសំឡេងបំពុលដល់កម្រិត ១0០ ដេស៊ីប៊ែល ក្នុងរយៈពេលត្រឹមតែ ពីរបីនាទីប៉ុណ្ណោះ ក៏វាអាចបំផ្លាញកោសិកាសរីរាង្គត្រចៀករបស់លោកអ្នកឱ្យខូចខាតបានលឿនដែរ។ (សូមអានពីមគ្គទេសក៍សំឡេងនៅទំព័រខាងចុងបង្អស់)

កម្រិតគ្រោះថ្នាក់នេះ ឬលើសពីកម្រិតគ្រោះថ្នាក់នេះទៅទៀត នៅកម្ពុជា គេនិយមប្រើនៅតាមរោងការ រោងពិធីបុណ្យផ្សេងៗជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ ទើបយើងអាចសង្កេតឃើញថា អ្នកនិយមចូលរួមក្នុងពិធីជប់លៀងរៀបការ ឬពិធីកម្មកិច្ចផ្សេងៗនៅប្រទេសកម្ពុជា (គេនិយមហៅថាពិធីបុណ្យ) ភាគច្រើនលើសលប់ មានបញ្ហាត្រចៀកធ្ងន់។ ម្ល៉ោះហើយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺ បើកសំឡេងស្ដាប់កាន់តែឮខ្លាំងឡើង ខ្លាំងឡើង ដោយមិនដឹងខ្លួន ព្រោះតែត្រចៀករបស់ពួកគេខ្លួនឯងស្ដាប់អ្វីលែងសូវឮសូរដូចមុន។ បញ្ហានេះហើយ ដែលធ្វើឱ្យអ្នកមានសុខភាពត្រចៀកល្អប្រសើរ ត្រូវក្លាយជាជនរងគ្រោះបន្តពីអ្នកជំងឺត្រចៀកធ្ងន់ដែលរស់នៅក្បែរខាងគ្នា ឬផ្ទះជាមួយគ្នា។

ការស្ដាប់សំឡេងរំខានខ្លាំងៗ ក៏មានផលអាក្រក់ចំពោះបេះដូងផងដែរ។ សំឡេងខ្លាំង បានបង្ករឱ្យមានវិបត្តិនៃជំងឺសរសៃឈាមបេះដូង។ ហើយប្រសិនបើអ្នកទទួលសំឡេង មានជំងឺបេះដូងពីមុនមកស្រាប់ នឹងរឹតតែធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាគាំងបេះដូង ឈានដល់ការបាត់បង់ជីវិតភ្លាមៗតែម្ដង។

ខ- ផលប៉ះពាល់សុខភាពផ្លូវចិត្ត

ការបំពុលសំឡេង មិនត្រឹមតែបង្កជំងឺត្រចៀក និងជំងឺបេះដូង ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ខំឱ្យអ្នកស្ដាប់មានជំងឺតឹងថប់ក្នុងចិត្ដ រហូតកើតទៅជាជំងឺ ស្ត្រេស និងករណីធ្ងន់ខ្លាំងអាចវិវឌ្ឍជាជំងឺសតិវិបល្លាស។ អ្ននឈានដល់ដំណាក់កាលធ្ងន់ខ្លាំង អាចនឹងស្ដាប់ឮសូរសំឡេងប្លែកៗខុសពីការពិត ដែលផ្នែកវេជ្ជសាស្ត្រ ផ្ដោតខ្លាំងទៅលើ វិកលរបស់សោត្រប្រសាទនៅក្នុងខួរក្បាល គឺចំណុចបញ្ជាឆ្ពោះមកវិញ្ញាណត្រចៀក ឱ្យស្ដាប់ឮសូរសំឡេងចម្លែកៗ ដែលអ្នកជានាធម្មតា មិនបានឮ។ ក្នុងករណីអ្នកជំងឺ រស់ក្នុងសង្គមដែលខ្វះការអប់រំ គ្មានចំណេះដឹងសុខភាព ពួកគេអាចនឹង គិតទៅលើអបិយជំនឿផ្សេងៗទៅវិញ។

សំឡេងដែលបង្កទៅជាជំងឺផ្លូវចិត្តនេះ ច្រើនជាសំឡេងដែលបន្លឺខ្លាំងនៅពេលយប់ ឬពេលដែលអ្នកទទួលសំឡេង កំពុងគេងលង់លក់។ សូម្បីតែការភ្ញាក់ពីដំណេកដោយសំឡេងនាឡិកាដាស់រោទ៍ខ្លាំងៗ ក៏ជាការបំផ្លាញសរសៃប្រសាទសោត្រវិញ្ញាណឱ្យខ្ទេចខ្ទាំបានដែរ។ ដូច្នេះយើងគួរប្រើមធ្យោបាយផ្សេងណាមួយ ដែលខុសពីការដាក់សំឡេងនាឡិការោទ៍ខ្លាំងៗ។

នៅក្នុងលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដាណឺម៉ាកកាលពីឆ្នាំ២០១៨ បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់មួយថា មនុស្សដែលរស់នៅក្បែរខាងជាមួយនឹងអ្នកជិតខាងដែលនិយមចាក់សំឡេងរំខានបានធ្លាក់ចុះនូវសុខមាលភាពផ្លូវចិត្តជាច្រើនសណ្ឋាន។ អ្នកមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងយ៉ាងខ្លាំងដល់កម្រិត ២.៣៤ ដង និងអ្នកជំងឺស្ត្រេស បានកើនឡើង ២.៧៨ ដង ធៀបទៅនឹងអ្នករស់នៅដោយគ្មានការរំខានសំឡេងពីអ្នកជិតខាង។

លទ្ធផលស្រាវជ្រាវនេះ បានរកឃើញទៀតថា សូម្បីតែអ្នករស់នៅជាប់ដងផ្លូវជាតិ ឬ ដងផ្លូវដែលមានចរាចរណ៍ណែនណាន់តាន់តាប់ ក៏ត្រូវប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងជំងឺផ្លូវចិត្តដូចរៀបរាប់ខាងលើនេះដែរ។ ដូច្នេះហើយ ទើបយើងតែងឃើញ អភិជន អ្នកមានលុយកាក់ច្រើន តែងផ្លាស់ផ្ទះសម្បែងទៅរស់នៅតាមទីជនបទដាច់ស្រយាល ដែលមិនសូវមានសំឡេងចរាចរណ៍ឡានម៉ូតូរំខានដល់សោត្រប្រសាទរបស់ពួកគេ ដើម្បីគេអាចមានជីវិតរស់នៅពេញដោយសេចក្ដីសុខ។

សំឡេងអាចបំផ្លាញសុខភាពមនុស្សផង និងជួយព្យាបាលជំងឺមនុស្សផង

(៣) តើមានសំឡេងណាដែលល្អប្រសើរចំពោះសុខភាពរាងកាយ និង ផ្លូវចិត្តដែរឬទេ?

ចម្លើយគឺ ពិតជាមាន! សំឡេងដែលជួយព្យាបាលជំងឺ និងជំរុញថាមពលរាងកាយ ជំរុញថាមពលខួរក្បាលឱ្យស្វាហាប់ ភ្លឺស្វាង គឺជាសំឡេងដែលចេញពីប្រភពធម្មជាតិ ដូចជា៖ សំឡេងសត្វបក្សាបក្សី សំឡេងរលកសមុទ្រ សំឡេងទឹកជ្រោះហូរ ទឹកភ្លៀងស្រក់តក់ៗ ស្លឹកឈើបោកបក់តិចៗ ជាដើម។ ក្រៅពីនោះ គេក៏អាចច្នៃប្រតិដ្ឋសំឡេងជំរុញសុខភាពមនុស្សផងដែរ ដូចជា ភ្លេងដន្ត្រីយឺតៗ ដែលបង្អូសសំឡេងស្រាលៗ ស្របតាមចង្វាក់ដង្ហើមរបស់មនុស្ស ដូចជា សំឡេងព្យាណូ សំឡេងហ្គីតា សំឡេងខ្លុយ វីយ៉ូឡុង ពិណ……ដែលបន្លឺក្រោមកម្រិត ២៥ ដេស៊ីប៊ែល។

(៤) ខាងក្រោមនេះជាម្រិតសំឡេងដែលលោកអ្នកគួរយល់ដឹង

ជាទូទៅ គេប្រើឧបករណ៍វាស់សំឡេង ដើម្បីអាចដឹងថា តើបរិស្ថាន ដែលយើងកំពុងរស់នៅ មានសំឡេងកម្រិតប៉ុន្មានដេស៊ីប៊ែលឱ្យពិតប្រាកដ។ ខាងក្រោមនេះជាលំអានគន្លឹះដើម្បីកំណត់កម្រិតសំឡេង៖

​កម្រិតស្ងប់​ស្ងាត់​ល្អបំផុតដែលអាចព្យាបាលជំងឺក្នុងខ្លួន

  • 0 DB  គឺ​ស្ងាត់​ឈឹង ញាណ​ត្រចៀក​អាចចាប់​ដឹង​ថា​មាន​សំឡេង​
  • 10 DB គឺ​ស្ងាត់​ដូច​នៅក្នុង​បន្ទប់​ថត​សំឡេង (ស្ទីឌីយ៉ូ)​ ឬនៅ​ទីវាលខ្សាច់​​រហោឋាន
  • 20 DB ក្នុង​​ឧទ្យាន​ស្ងប់ស្ងាត់កណ្ដាលព្រៃ មានសត្វបក្សាបក្សី

កម្រិតល្អ​អាច​ទទួល​យក​បាន ៖

  • 25 DB នៅ​ស្រុកស្រែដាច់ស្រយាល ឬក្នុងព្រៃ ស្ងប់ឥតភ្លៀងខ្យល់
  • 30 DB ក្នុង​បន្ទប់​គេង​បិទជិត ឆ្ងាយទីប្រជុំជន
  • 40 DB ក្នុង​ការិយាល័យ​ធ្វើការ​ ឬ ក្នុងផ្ទះ ឆ្ងាយក្រុង

កម្រិតអាច​ទ្រាំទ្រ​បាន ៖

  • 45 DB សំឡេង​ម៉ាស៊ីនបោក​ខោអាវ ម៉ាស៊ីនត្រជាក់
  • 50 DB សំឡេង​ក្នុង​ផ្សារ​ទំនើបធំៗ
  • 60 DB សំឡេង​មនុស្ស​និយាយ​គ្នាអ៊ូអរ និង​សំឡេង​ពេល​បើក​បង្អួច​នៅ​ជាប់ផ្លូវ

កម្រិតនាំ​ឱ្យ​ហត់នឿយ​ និង​ពិបាក​ទ្រាំ

  • 65 DB សំឡេងឡានបើក​តាម​ថ្នល់
  • 70 DB សំឡេងម៉ាស៊ីន​បូម​ផ្ទះ កាត់​ស្មៅ ផ្លុំ​ខ្យល់
  • 80 DB សំឡេង​ចរាចរណ៍​តាមផ្លូវកកណែន​ និង​ស៊ីផ្លេឡាន

កម្រិត​​ហានិភ័យ​ ៖

  • 90 DB សំឡេងត្រាក់ទ័រ រថភ្លើង
  • 100 DB ​​សំឡេងក្នុង​កាសដែល​បើកអស់​លេខ ឬ​ធុងបាសការ​ប្រគុំ​តន្ត្រី
  • 102 DB សំឡេងតន្ត្រី​ក្នុង​ក្លឹបឌីស្កូ ក្លឹបរាត្រី

កម្រិត​​គ្រោះថ្នាក់ ៖

  • 110 DB សំឡេង​​ធុង​បាសឡាន​ខ្លាំង​អស់​លេខ
  • 120 DB សំឡេងយន្តហោះ​ហោះឡើង ឬ​សំឡេង​ម៉ាស៊ីនខួងសំណង់
  • 130 DB ស្នូរ​កាំភ្លើងបាញ់
  • 140 DB ស្នូរ​គ្រាប់​ផាវ គ្រាប់បែក

អ្នកខំម្មិនត៍ (Commenters)

(កំណាព្យបទកាកគតិ)

នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្ដែង ភាគបែងភាគយក

ភាគណាចេញថ្មី គេល្បីលើគោក ប្រមូលមកបូក

​​​យកអ្នកខំម្មិនត៍។

អ្នកខ្លះក្រក្រី ឥតធ្វើការអី គិតតែតាមកិន

ជួនកាលចិញ្ច្រាំ ដូចម៉ាំសៀងចិន ខំម្មិនត៍ ខំម្មិនត៍

បង្ហិនវេលា។

ក្អេងក្អាងដូចក្អាត់ សម្ដីម៉ាត់ៗ ដូចទើបតែជា

ចេចចាចតាមប៉ុស្តិ៍ មិនសូវខុសគ្នា បង្ហើរបង្ហៀរ

កៀរគរឥតការណ៍។

អ្នកខ្លះប៉ិនជេរ បញ្ចោរដាច់ថ្នេរ ដូចឥតមេបា

ដូចខ្វះអ្នកប្រៀន បង្រៀនសិក្សា សែនអនិច្ចា

បញ្ញាខ្សោះល្អោច។

ដូចលង់ទ្រនេស រកស៊ីមិនខ្មេះ ចេះតែសែនខ្មោច

ខំម្មិនត៍ម្ដងៗ រហែកដាច់ដោច បានត្រឹមប៉ោចៗ

បោចម៉ោងទំនេរ។

ខ្លះមុខកញ្ចាស់ ក្បាលស្កូវច្រើនណាស់ បែរមិនខ្មាសគេ

ធ្វើការមិនខំ ខំប្រឹងតែជេរ រយះអស់កេរ្តិ៍

តែពូជខ្លួនឯង។

ខំម្មិនត៍ ខំម្មិនត៍ រកស៊ីមិនប៉ិន ហិនតែនឹងល្បែង

រាំរែកផឹកស្រា ប្រកាច់បែកផ្សែង បំផ្លាញខ្លួនឯង

មិនដែលដឹងខុស។

ខឹងក្ដៅក្រហាយ ខឹងដល់ក្អួតបាយ ជេរម្រាយតាមប៉ុស្តិ៍

តាមខ្ទង់ខំម្មិនត៍ គ្រប់រឿងចម្រុះ ដូចអង្កត់អុស

គប់ទាំងរងើក។

ល្មមភ្ញាក់ខ្លួនហើយ ខំម្មិនត៍មិនស្បើយ ឆ្លើយដូចមើកៗ

អក្សរខុសច្រើន ទោសកើនឥតលើក ជីវិតគ្មានឫក្ស

រវើកតែឈ្លោះ។

ដូចព្រូនដង្កូវ រលួយពេកទៅ អាស្រូវទាបយស

គេដៀលអាខ្មោច អសោចកេរ្តិ៍ឈ្មោះ ម្ង៉ៃៗដើរឈ្លោះ

តាមខ្ទង់ខំម្មិនត៍។

លឹម វិរិយា

២៩ មករា ២០២៣

តើពាក្យថា “លោភលន់” មានន័យខ្លឹមសារបែបណា?

មនុស្សច្រើនណាស់ ដែលនាំគ្នានិយាយស្ដីទាំងមិនត្រឹមត្រូវ ក្នុងការរៀបរាប់បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ខ្លួនឯង។ ពួកយើងហាក់នៅភាន់ច្រឡំចែកគ្នាមិនដាច់រវាងខ្លឹមសារនៃពាក្យថា “លោភលន់” និង “ឧស្សាហ៍ព្យាយាម”។ មានមនុស្សឧស្សាហ៍ព្យាយាមដែលខិតខំធ្វើកិច្ចការងារសុចរិតទៀងត្រង់រាប់មិនអស់ ចូលចិត្តនិយាយបន្ទាបបន្ថោកខ្លួនឯងទាំងមិនដឹងខ្លួន ថា “ខ្ញុំជាមនុស្សលោភលន់” ឬក៏ “ខ្ញុំកំពុងនៅលោភលន់ណាស់” ឬទៅប្រដៅគេថា “មនុស្សយើងត្រូវចេះលោភលន់”…។ល។

តើលោកអ្នកធ្លាប់ឮទេ? ហើយធ្លាប់និយាយដោយខ្លួនឯងដែរឬទេ?

ក្នុងវចនានុក្រមខ្មែរ មានបញ្ជាក់ច្បាស់លាស់ណាស់ថា “លោភលន់” គឺជាសេចក្ដីជាប់ជំពាក់ចិត្តទៅនឹងអំពើអកុសលនានា។ នៅក្នុងមេរៀនព្រះអភិធម្ម (ចិត្ត និង ចេតសិក) ដែលត្រូវបានចងក្រងឡើងដើម្បីអ្នកមានឧបនិស្ស័យសិក្សារៀនសូត្រឱ្យរួចចាកទុក្ខ បានលើកបង្ហាញថា “សេចក្ដីលោភលន់” គឺជាអំណាចនៃ “អកុសលចិត្ត”ទាំង១២ដួង ក្នុងចំណោមដួងចិត្តទាំង ១២១ ដួង។ លោភមូលចិត្ត មិនដែលនាំជីវិតឆ្ពោះទៅរកសេចក្ដីគាប់ប្រសើរទេ។ វាជាមិច្ឆាទិដ្ឋិទាំងស្រុង ពោលគឺ វាតែងដឹកនាំមនុស្សទៅរកផ្លូវអសីលធម៌ ផ្លូវខុសឆ្គង ផ្លូវដែលនាំទៅរកតែទុក្ខលំបាក ដែលទាំងនេះ ចេញមកពីឫសគល់នៃអវិជ្ជា។

មនុស្សយើងនៅពេលដែលមានសេចក្ដីលោភលន់ហើយ គេនឹងហ៊ានកាប់សម្លាប់ជីវិតអ្នកដទៃ ហ៊ានពោលពាក្យមុសាប្រតិដ្ឋកុហក បោកប្រាស់កេងបន្លំ កេងប្រវ័ញ្ច ពុករលួយ លួចឆក់ប្លន់ ផិតក្បត់សហាយស្មន់ រំលោភបំពានគ្នា និងចុងក្រោយសេចក្ដីថោកទាបដ៏គួរខ្ពើមរអើម គឺការហ៊ានផឹកគ្រឿងស្រវឹង ដើម្បីរំលាយសតិសម្បជញ្ញៈចោល សល់នៅតែភាពឆ្កួតវង្វេងដូចជាសត្វតិរច្ឆាន។ ទាំងអស់នេះហើយ ដែលជាអកុសលវិបាក ចេញមកពីចិត្តដែលលោភលន់។

មនុស្សជាច្រើន ដែលចូលចិត្តពោលថា “ខ្ញុំលោភលន់” ប្រហែលជាពួកគេចង់សំដៅលើ សេចក្ដីឧស្សាហ៍ព្យាយាម បើតាមគិតមើលទៅ។ សូមចែកគ្នាឱ្យដាច់ស្រឡះ! “ឧស្សាហៈ” គឺជា សេចក្ដីឱហាត សង្វាត ខ្មីឃ្មាត ការខិតខំប្រឹងប្រែង មិនខ្ជិលច្រអូស ពោរពេញដោយ វិរិយបារមី ដែលជាធាតុមួយ ក្នុងចំណោមធាតុផ្សេងទៀតជាច្រើន ដែលជួយកសាងជីវិតមនុស្សឱ្យឆ្ពោះទៅកាន់ពន្លឺនៃប្រាជ្ញា និងសេចក្ដីសុខពិតប្រាកដ។

មានសាសនាខ្លះ អ្នកនិពន្ធខ្លះ វាគ្មិនខ្លះ បានបង្រៀនមនុស្ស ឱ្យមានសេចក្ដីលោភលន់ ដែលវាប្រាសចាកខុសស្រឡះពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបង្រៀនយើងឱ្យវារចេញចាក រលាស់ចោលនូវអកុសលចិត្តមួយនេះឱ្យបានសម្រេច ដើម្បីអាចរស់រួចចាកទុក្ខ។ ដូច្នេះ ប្រសិនបើលោកអ្នកអាន ជាអ្នកគម្ពីរនិយម ឬអ្នកសាសនានិយម សូមសម្បទានចំពោះការពន្យល់របស់ខ្ញុំផងចុះ។ ហើយចាត់ទុកថា ឧបនិស្ស័យរបស់អ្នកមិនទាន់មកដល់ ឬគ្មានសោះទទេក៏ថាបាន។

គតិគួរចងចាំ គឺ៖ ភាពលោភលន់ នឹងផ្សារភ្ជាប់យើងទៅកាន់អំពើអាក្រក់គ្រប់យ៉ាងដែលជាប្រភពនៃសេចក្ដីវិនាសអន្តរាយ ប៉ុន្តែភាពឧស្សាហ៍ព្យាយាម នឹងនាំយើងទៅដល់សេចក្ដីចម្រើនរុងរឿងជារៀងរហូត។

លឹម វិរិយា

ជំងឺភាសា

នៅស្រុកសៀម ពួកសៀមអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ឡ ល” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរ៉យ រោងរៀន” គេថា “លុងលឿង លៀបឡយ ឡូងលៀន”…។

នៅស្រុកខ្មែរ ពួកខ្មែរអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ហ” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរយ រូតរះ ខំរៀន” គេថា “ហ៊ុងហឿង ហៀបហ៊យ ហ៊ូតហ៊ះ ខំហៀន”… ហើយទាញសំឡេងមកនៅដើម ក។

ពួកគេមិនមែនមនុស្សអណ្ដាតតាឡាន់ទេ វាជាជំងឺនៃភាសានិយាយ ហើយអ្នកនិយាយខុសស័ព្ទអក្សរនោះ គេហៅថា “អ្នកជំងឺភាសា”។ ជំងឺបានកើតមានឡើងក្នុងគ្រប់ភាសាទាំងអស់ក្នុងពិភពលោក។ ហើយវាមិនមែនជាអ្វីដែលយើងត្រូវខំប្រឹងត្រាប់តាមនោះទេ។

នៅក្នុង ជំងឺភាសាអង់គ្លេស ក៏មានបញ្ហាដូចគ្នានេះដែរ។ ឧទាហរណ៍៖ ពាក្យ “កុំព្យូទ័រ/Computer, ស៊ីធី/City” ត្រូវបានអ្នកជំងឺភាសា និយាយបញ្ចេញសំឡេង “T” ជា “R” ទាំងអស់។ ដូច្នេះពួកគេបញ្ចេញសំឡេងថា “ខុមព្យូរ័រ ស៊ីរី”។ លុះដល់ជនជាតិផ្សេងដែលរស់នៅឆ្ងាយពីតំបន់ម្ចាស់ភាសាដើម (ឧ.ខ្មែរខ្លះ) ដែលមិនយល់ បែរជាខំប្រឹងកាច់តាមទាំងទទឹងទទែង ទាំងមិនយល់ថា ខ្លួនឯងគ្មានជំងឺទេ បែរខំប្រឹងពុតជាឈឺទៅវិញ។

សូមរស់ជាខ្លួនឯង កុំ​ប្រឹងពុត កុំប្រឹងត្រាប់តាមគេពេក ក្រែងលោ ត្រាប់តាមប៉ះចំអាខុស។ និយាយភាសាអ្វីក៏ដោយ ឱ្យតែយើងច្បាស់ថា យើងបានបញ្ចេញសំឡេងត្រឹមត្រូវតាម វាក្យស័ព្ទ ព្យាង្គ នីមួយៗហើយ គឺវាល្អហើយ។ តុងខ្មែរ តុងអាគាំង មិនសំខាន់ទេ សំខាន់ឱ្យតែគេស្ដាប់យល់។

ពន្យល់ពាក្យ “សោកនាដកម្ម”

នេះជាការចេញផ្សាយលើកទី២ បន្ទាប់ពីការផ្សាយលើកដំបូង ច្រើនឆ្នាំមុន នៅក្នុងគណនីហ្វេសប៊ុគផ្ទាល់ខ្លួនរបស់ខ្ញុំ ស្ដីពីការពន្យល់ពាក្យ #សោកនាដកម្ម

ពាក្យថា “សោកនាដកម្ម” ទាញចេញពីបាលី និង សំស្ក្រឹត ហើយមានន័យផ្សំមកពីពាក្យថា “សោក+នាដ+កម្ម”

#សោក (ន.) សេចក្ដីឈឺផ្សាចិត្ត ក្ដីសង្រេងចិត្ត

(កិ.) ស្ដាយស្រណោះ អាល័យ

#នាដ (ន.) របាំ ការរាំចាក់ក្បាច់ (បើជាមនុស្សប្រុស គឺ “នាដក” បើជាស្ត្រី គឺ “នាដកា”)

#កម្ម (នាមសព្ទ) អំពើ

ដូច្នេះ “នាដកម្ម” ប្រែថា ជាសកម្មភាពរាំចាក់ក្បាច់ (ល្ខោនសម្ដែង) ជាភាសាអង់គ្លេស គឺ #drama

=> ដូច្នេះ ពាក្យថា “សោកនាដកម្ម” ប្រែមកថា ជាល្ខោនសម្ដែងតាមរយៈការរាំ ដើម្បីបង្ហាញពីឈុតឆាកនៃទុក្ខសោកសង្រេងឈឺចាប់។ គេច្រើនប្រើដើម្បីបញ្ជាក់ពី សាច់រឿងកម្សត់ ក្នុងភាពយន្ត ឬប្រលោមលោក ឬល្ខោនសម្ដែងលើឆាក ផ្សេងៗ។

មូលហេតុដែលខ្មែរយើងប្រើពាក្យនេះខុស ដោយសារតែ កំហុសនៃការបកប្រែពី អង់គ្លេស មកខ្មែរ របស់ក្រុមអ្នកផលិតវចនានុក្រម “English-Khmer” ដែលបានបកពាក្យ Tragedy = សោកនាដកម្ម។ ដូច្នេះ បើបងប្អូន បានប្រទះវចនានុក្រមណា ដែលបកប្រែដូច្នេះ សូមជួយចុច Edit => Report ឬជូនដំណឹងទៅគណៈកម្មការផលិតវចនានុក្រមនោះបានជ្រាប និងកែប្រែចេញផង។

ប្រសិនបើយើង ចង់បញ្ជាក់ពីក្ដីទុក្ខសោកឈឺចាប់អាឡោះអាល័យ ក្នុងព្រឹត្តិការណ៍ពិតជាក់ស្ដែង មិនបាច់ថែម ពាក្យថា “នាដកម្ម” ចូលជាមួយទេ។ និយាយត្រឹមតែ “សោកា សោកសៅ សោកសង្រេង សោកី” គឺគ្រប់គ្រាន់ល្មម និងត្រឹមត្រូវទៅតាមនិយាមភាសាសាស្ត្រ និង អក្សរសាស្ត្រខ្មែរយើង។

——-

រូបភាពវចនានុក្រមខ្មែរ (ភាគទី១ និង ភាគទី២) បោះពុម្ពឆ្នាំ ១៩៦៧ ដោយពុទ្ធសាសនបណ្ឌិត្យ

វិដេអូកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស”

សំឡេងកំណាព្យ “បណ្ដាំម្ដាយចំពោះកូនប្រុស” | បទ៧ព្យាង្គ | អំណានបែបធម្មតា

——–

កូនស្ងួនត្រូវចាំបណ្ដាំម្ដាយ រស់នៅកុំស្ពាយចិត្តឥច្ឆា

មនុស្សសត្វលើលោកគ្រប់អាត្មា មានទាំងឫស្យា និង សណ្ដោស។

បើឃើញអាក្រក់កូនដើរចេញ កុំបាច់ទោម្នេញនាំរឿងខុស

ឈ្លោះនឹងជនពាលនាំអាប់យស ប្រទាញកូនឆ្ពោះឋានអបលក្ខណ៍។

កូនប្រុសទាំងពីរចូរចងចាំ កុំមើលបំណាំត្រូវបណ្ដាក់

ការងារធ្ងន់ស្រាលជួយលើកដាក់ រឿងធំប្រត្យក្សច្បាស់ក្លាយតូច។

សមយ័ឥលូវគេជឿនលឿន កូនហ្អើយ! ម៉ែតឿនខ្លាចកូនខូច

ស្រីក្មេងសព្វថ្ងៃឲ្យរប៉ូច ម៉ែព្រួយប្រុសតូចចាញ់ល្បិចគ្នា។

កូនទៅសាលាត្រូវខិតខំ ចំណេះសន្សំគ្រប់វេលា

កុំផ្ចាញ់ផ្ចាលគ្រូនាំអវិជ្ជា បាបទោសវេរាធ្ងន់ខ្លាំងណាស់។

ពេលកូនរៀនចប់ចេញធ្វើការ ត្រូវចេះឧស្សាហ៍កុំធ្វេសផ្ដាស់

សន្សំប្រាក់ខែត្រៀមពេលខ្វះ យកលុយធ្វើម្ចាស់ជារឿងខុស។

ពេលអត់ពីម្ដាយត្រូវរាប់ញាតិ សន្ដានមិនឃ្លាតទាំងស្រីប្រុស

រាប់ដោយសច្ចៈកុំតើយតោះ បើកូនមិនស្មោះច្បាស់អស់មិត្ត។

បើកូនចង់រកគូវាសនា កូនត្រូវចាំថានាងល្អចិត្ត

ល្អទាំងអម្បូរពូជសុក្រឹត ពេញដោយលក័្សណ៍ពិតឥតក្លែងក្លាយ។

បើកូនមានភព្វ័បានឡើងធំ ជាមន្រ្តីហំ ចូរកុំស្ដាយ

លះបង់ប្រយោជន៍ក្ដៅក្រហាយ នាំលាភដល់កាយគ្រប់ៗរាស្រ្ត។

កូនប្រុសព្រលឹងចូរកុំភ្លេច ថ្ងៃរះហើយលិចរាល់ទិវា

ជីវិតនៃមនុស្សក៏ដូចគ្នា សប្បាយវេទនាគង់តែស្លាប់។

បំណាច់នឹងស្លាប់ ស្លាប់ឲ្យល្បី កេរ្តិ៍ប្រជាប្រិយសាយខ្នាន់ខ្នាប់

ជីវិតនៅរស់ ឲ្យគេត្រាប់ រស់ជ្រកក្រោមច្បាប់មិនក្រហាយ។

ពាក្យពេចន៍ប៉ុណ្ណេះមិនទាន់គ្រប់ ប៉ុន្តែសូមឈប់អភិប្រាយ

ម៉ែខ្លាចកូនប្រុសមិនសប្បាយ ស្ដាប់បណ្ដាំម្ដាយក្លាយជាទ្រាន់។

សូមទសបារមីដ៏ខ្ពង់ខ្ពស់ ជួយរក្សាយសឈ្មោះឧត្ដម

ពេញដោយអនុភាពថ្កើងសុខុម មានដល់កូនខ្ញុំរហូតហោង!

______

វិរិយា🌸

ថ្ងៃចន្ទ័ ១៤កើត ខែពិសាខ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស ២០១៤

អនុស្សាវរីយ៍សៀវភៅប្រលោមលោកយុវវ័យ សរសេរដោយប៊ិច ដោយ លឹម វិរិយា

វិដេអូបង្ហាញពីសៀវភៅរឿងប្រលោមលោកបែបស្នេហាយុវវ័យ ចំណងជើង “លួចសន្សំស្នេហ៍នៅក្បែរអ្នក” និពន្ធដោយ លឹម វិរិយា កាលពីអំឡុងពាក់កណ្ដាលទសវត្សរ៍ ១៩៩០ សរសេរដោយទឹកប៊ិច

និយាយត្រូវ តែមិនត្រូវនិយាយ

តើបងប្អូន ធ្លាប់ជួបសម្ដីបែបនេះ ដែរឬទេ “និយាយត្រូវ តែមិនត្រូវនិយាយ”? បើខ្ញុំវិញ ជួបឡើងសឹកភ្នែក សឹកត្រចៀក ឡើងជ្រេញ ស្ទើរតែក្អួតចេញក្រៅម្ដងៗ។ អ្នកដែលចូលចិត្តពោលឃ្លាមួយនេះ ប្រហែលគិតថា និយាយអ៊ីចឹងទៅ ឡូយ (ឡូយថូយ មែន)។ បទពិសោធខ្ញុំ សម្ដីនេះ ភាគច្រើនលើសលុប ខ្ញុំជួបផ្ទាល់ដោយការកំពប់ចេញពីមាត់របស់អ្នកដែលជា ជំទាវ (ទាំងអ្នកមានក្រឹត្យ និងអ្នកអត់ក្រឹត្យ) ឧកញ៉ា (ទាំងពិតនិងក្លែងក្លាយ) ឯកឧត្ដម (ទាំងទើបឡើងថ្មីនិងហួសដឺឡេ) បណ្ឌិត (ទាំងមានកិត្តិយសនិងឥតកិត្តិយស) សាស្ត្រាចារ្យ (មានស្រីមានប្រុស) នាយកសារព័ត៌មានក្នុងស្រុក ពិធីករ និងតារាល្បីៗជាច្រើន។ អ្នកខ្លះចូលមកសរសេរមតិជាសាធារណៈ ក្នុងអត្ថបទផ្សាយរបស់ខ្ញុំ។ ខ្លះផ្ញើសារចូលក្នុងប្រអប់សារសម្ងាត់។ ខ្លះទៀត ឋានៈដល់ទៅរដ្ឋមន្ត្រីទៀតផង ណាត់ខ្ញុំទៅជួបសំណេះសំណាល ស្មានតែមានការងារអីចង់ពឹង តាមពិត ហៅទៅប្រាប់ថា “វិរិយា និយាយត្រូវ តែមិនត្រូវនិយាយ”។ ហាស់ហាស់ហាហា! គ្រាន់តែចង់ប្រាប់ប៉ុនហ្នឹងសោះ ខំចាយពេលវេលាអស់កន្លះថ្ងៃ ទទេៗ!!

ហ្អេ! បើនិយាយត្រូវ ហេតុអ្វីបានជា មិនត្រូវនិយាយទៅវិញ? ធ្លាប់តែឮថា និយាយខុសហើយ សូមកុំនិយាយទៀត។ តែនេះ ខ្ញុំនិយាយត្រូវទេតើ ម្ដេចក៏ម្នាក់ៗព្រួយបារម្ភខ្លាចការពិតខ្លាំងម្ល៉េះ? បើសម្ដីខ្ញុំនិយាយត្រូវ ហេតុអ្វីមិនគាំទ្រពាក្យសម្ដីដែលត្រូវ? ភាសាអង់គ្លេសគេថា “Your speech is right, but you don’t have the right to speak” សុន្ទរកថារបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែអ្នកគ្មានសិទ្ធិនិយាយទេ។ ពាក្យនេះ យើងឃើញសម្បូរកើតមានឡើង ក្នុងប្រទេសដែលរំលោភសិទ្ធិមនុស្សក្រាស់ក្រែល និងតំបន់ដែលពោរពេញដោយអំណាចផ្ដាច់ការ។

តស់! យើងមកវិភាគពីចិត្តវិជ្ជា និង សង្គមវិជ្ជា បន្តិចមើល៍ ថាហេតុអ្វីបានជាមានមនុស្សដែលព្រួយបារម្ភពីការពិតខ្លាំងម្ល៉េះ? ឈរលើហេតុផលឡូហ្សិក មនុស្សដែលហាមមិនឱ្យគេនិយាយពាក្យពិត ព្រោះតែពាក្យពិតនោះ បានទៅរួមចំណែក ជារនាំង រារាំងដល់ផលប្រយោជន៍របស់ពួកគេ ដោយផ្ទាល់ ឬ ដោយប្រយោល។ បើយើងលើកជជែកវែកញែក ពីអំពើពុករលួយ ក្នុងសង្គម ហើយមានបុគ្គលណាម្នាក់ ចេញមកហាមប្រាមយើងមិនឱ្យនិយាយ គឺវាមានន័យថា អំពើពុករលួយ គឺជាចំណែកមួយ ដែលជួយផ្ដល់ផលប្រយោជន៍ឯកជន ដល់បុគ្គលរូបនោះជាក់ជាមិនខាន។ ប្រសិនបើបុគ្គលនោះ មិនដែលបានទទួលផល ពីអំពើពុករលួយក្នុងសង្គម ច្បាស់ណាស់ ថាគេនឹងមិនហាមយើងក្នុងការពោលពាក្យពិតទេ។

ពេលខ្លះ ខ្ញុំនិយាយថា “ប្រទេសជាតិដែលសម្បូរហូរហៀរទៅដោយគ្រឿងស្រវឹង នឹងមានតែភាពវិនាសអន្តរាយជារៀងរហូត” ក៏គេហាមប្រាម មិនឱ្យនិយាយដែរ។ ហ្អា៎! ចុះបើវាពិតជាគ្រឿងបំពុលប្រទេសជាតិមែន ហេតុអ្វីក៏ពួកគេខំប្រឹងជួយបិតបាំងទៅវិញ? ខ្ញុំថា មនុស្សមិនសូវឆ្លាត ក៏អាចគិតឃើញដែរ។ ប្រហែលជា គេខ្លួនឯងជាអ្នកចូលចិត្តសេពគ្រឿងស្រវឹង (វាដូចគ្នានឹងគ្រឿងញៀនដែរ) ផ្ដាច់មិនបាន។ ឬគេជាចំណែកដ៏ជិតស្និទ្ធណាមួយ របស់ក្រុមអ្នកឈ្មួញជួញដូរគ្រឿងអបាយមុខទាំងនោះ ទើបគេត្រូវតែចេញមុខការពារដៃគូរបស់ខ្លួនពីការដួលរលំដោយសារពាក្យពិត។

ហើយមានអ្នកខ្លះ គេមិនហ៊ានប្រាប់យើងត្រង់ៗទេ តែគេលួចរាយការណ៍ទៅនរណាម្នាក់ផ្សេងទៀត ដែលមានឥទ្ធិពលធំជាង ដើម្បីឱ្យមកគំរាមកំហែង គោលដៅ ដើម្បីបន្តបិទបាំងនូវការពិត និងបន្តឱកាសបានក្រេបជញ្ជក់ផលប្រយោជន៍ផ្សេងៗ ពីការបិទបាំងនោះទៅមុខទៀត ក្នុងក្រុមរបស់ពួកគេ។ ពួកគេ ភ្លេចគិតថា ប្រទេសជាតិដែលញាំញីដោយអំពើពុករលួយ និងអបាយមុខ មិនអាចលូតលាស់រុងរឿង ប្រកបដោយចីរភាពទេ ព្រោះថា អំពើពុករលួយ ធ្វើឱ្យមានគម្លាតឆ្ងាយគ្នាដូចមេឃនិងដី រវាងអ្នកមាន និងអ្នកក្រ។ ហើយអបាយមុខ ធ្វើឱ្យមនុស្សក្នុងសង្គមឆ្កួតវង្វេងស្មារតី លែងដឹងខុសត្រូវ និងមិនអាចអភិវឌ្ឍជីវិតខ្លួនឯងបាន។ ការដែលមនុស្សម្នាក់ៗមិនអាចអភិវឌ្ឍខ្លួនឯងបាន ស្មើនឹងភាពអសកម្ម នៃការអភិវឌ្ឍប្រទេសជាតិ ដូចគ្នាដែរ។

បើនិយាយដល់អំពើពុករលួយ អ្នកដែលរៀនសូត្របានតិចតួច ពិតជាពុំមានសតិបញ្ញា ក្នុងការមើលធ្លុះបានទេ។ ឧទាហរណ៍ វេជ្ជបណ្ឌិតដែលបម្រើការងារក្នុងមន្ទីរពេទ្យរដ្ឋ ទៅបើកគ្លីនីកឯកជនទទួលព្យាបាលជំងឺបង់ប្រាក់ ឬក៏ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ទៅបើកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ តាមរយៈឈ្មោះសាច់ញាតិបងប្អូន ឬក៏ មន្ត្រីនៃក្រសួងព័ត៌មាន ទៅបើកស្ថានីយវិទ្យុ ទូរទស្សន៍ ឯកជន…។ល។ ទាំងអស់នេះហើយ ជាសកម្មភាពនៃអំពើពុករលួយដ៏គួរខ្លាចបំផុត។ ប៉ុន្តែ ដោយសារតែកម្រិតនៃការសិក្សារៀនសូត្ររបស់មនុស្សក្នុងសង្គមនោះ ភាគច្រើននៅទាបៗពេក ទើបពួកគេមិនយល់ថា នោះជាអំពើពុករលួយ ហើយក្រៅពីនោះ ក៏នៅកោតស្ញប់ស្ញែង គោរពលំទោនចំពោះអ្នកកំពុងប្រព្រឹត្តថែមទៀតផង។ ការកាន់កាប់អំណាចសាធារណៈផង និងមានសិទ្ធិក្នុងការធ្វើកិច្ចការងារឯកជនផង វានឹងធ្វើឱ្យប្រសិទ្ធិផលនៃការងារម្ខាងទៀតធ្លាក់ចុះ។ ម្យ៉ាងទៀត ការទទួលបានសិទ្ធិក្នុងការគ្រប់គ្រងដឹកនាំប្រទេស មានន័យថា គាត់បានដឹងមុនគេទាំងអស់នូវគម្រោង អភិវឌ្ឍផ្សេងៗ តាមតំបន់នានា ក្នុងប្រទេស។ ដូច្នេះ បើគាត់ក៏មានសិទ្ធិធ្វើអាជិវកម្ម វាច្បាស់ណាស់ថា ក្នុងប្រទេសនោះ គ្មានប្រជាពលរដ្ឋណាផ្សេង អាចទទួលបានផលប្រយោជន៍ លើសគាត់ទេ។

នោះហើយជាមូលហេតុ ដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (អតីតមេដឹកនាំប្រទេសថៃ) ត្រូវបានប្រជាជនពាក់កណ្ដាលប្រទេសដែលមានការសិក្សារៀនសូត្រចេះដឹង ធ្វើបាតុកម្មទម្លាក់ចេញពីអំណាច ដោយសារតែគាត់បានផ្ដល់ព័ត៌មានស្ដីពីការកសាងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទៅកាន់សាច់ញាតិបងប្អូនរបស់គាត់ ដើម្បីពួកគេបានដើរប្រមូលទិញដីទុកជាមុន មុនពេលគម្រោងបើកសម្ពោធនិងប្រកាសជាសាធារណៈ។ ទន្ទឹមនឹងនោះ បែរជាអំពើពុករលួយរបស់គាត់ ត្រូវបានគាំទ្រដោយប្រជាជនថៃក្នុងវណ្ណៈក្រីក្រ វណ្ណៈកសិករ (ពួកអាវក្រហម) គាំទ្រយ៉ាងខ្លាំងក្លាទៅវិញ។ ហេតុអ្វី? សូមប្រិយមិត្តរកអានសៀវភៅវិភាគនយោបាយអន្តរជាតិ ក្នុងតំបន់អាស៊ី ដែលមានបោះពុម្ពដាក់លក់នៅតាមបណ្ណាគារជាច្រើននៅកម្ពុជា ទាំងភាសាខ្មែរ និងបរទេស។

សរសេរដល់ត្រឹមណេះ ខ្ញុំដឹងថា បើមាននរណាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តបានឃើញអត្ថបទមួយនេះ ក្នុងទំព័រនេះ ពួកគេនឹងមិនសប្បាយចិត្តទេ ព្រោះថា អំពើកេងប្រវញ្ចរបស់ពួកគេ កំពុងត្រូវបានមនុស្សម្នាក់ឬច្រើននាក់ទៀត បានយល់ និងកំពុងពន្យល់អ្នកដទៃឱ្យបានយល់ជាបន្ត។ ពួកគេ អាចនឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើមនុស្សក្នុងសង្គមយល់ដឹងកាន់តែច្រើន និងលែងមានអ្នកគោរពកោតក្រែង។

សូមបងប្អូន​ ភ្ញាក់រឭកបន្តិច ហើយចាំទុកឱ្យជាប់ក្នុងសតិសម្បជញ្ញៈថា “ប្រសិនបើយើងនិយាយទៅត្រូវហើយ សូមកុំឈប់និយាយ” ប្រសិនបើ “និយាយត្រូវ គឺត្រូវតែនិយាយ” ចំណែកអ្នកឃាត់ឃាំងមិនឱ្យយើងនិយាយ គឺជាមនុស្សក្នុងក្រុមនៃបញ្ជីខ្មៅ និងជាសត្រូវរបស់សភាវៈល្អក្នុងសង្គម។

លឹម វិរិយា

ជំងឺមិនចងចាំផ្លូវ

លោកអ្នកប្រហែលជាធ្លាប់ជួបមនុស្សប្រភេទម្យ៉ាង ដែលថាក្នុងមួយជីវិតរបស់គេ គឺមិនដែលចងចាំផ្លូវធ្វើដំណើរ បើទោះបីជាគេធ្លាប់ទៅតំបន់ណាមួយនោះញឹកញាប់រួចហើយក៏ដោយ។ ជំងឺនេះ ភាសាវេជ្ជសាស្ត្រ ហៅថា Agnosia ។

ជំងឺ Agnosia ជាជំងឺដែលបណ្ដាលមកពីការបាត់បង់សមត្ថភាពកត់ចំណាំនូវវត្ថុអ្វីម្យ៉ាង (ទាំងរូបី និងអរូបី) ដូចជា មុខមាត់មនុស្សណាម្នាក់ សំឡេងមនុស្សណាម្នាក់ ឈ្មោះនរណាម្នាក់ ឬផ្លូវទៅកាន់ទីកន្លែងណាមួយ។

ជំងឺនេះ បង្កឡើងដោយសារតែសរសៃប្រសាទវិញ្ញាណ (គឺចក្ខុវិញ្ញាណ និង សោតវិញ្ញាណ) ធ្វើការមិនត្រឹមត្រូវតាមគន្លងរបស់វា ឬវាជាប់ជំពាក់វាក់វិនជាមួយនឹងសរសៃប្រសាទផ្សេងទៀត ដែលមានលក្ខណៈស្មុគស្មាញ។

មូលហេតុដែលបណ្ដាលឱ្យកើតមានជំងឺនេះ គឺព្រោះតែគន្លងនៃសរសៃប្រសាទផ្នែករំញោចពីចម្ងាយ (Sensory) បានដាច់ដោចខូចខាត ដោយសារតែការដួលប៉ះទង្គិចក្បាលញឹកញាប់ កាលនៅពីតូច។ មានអ្នកខ្លះខូចសរសៃប្រសាទនេះ តាំងពីកំណើតមកម្ល៉េះ ដោយសារតែការមិនបានថែទាំសុខភាពឱ្យបានដិតដល់ពីសំណាក់មាតា អំឡុងពេលពរពោះ។ វាក៏អាចបណ្ដាលពីកត្ដារួមផ្សំផ្សេងទៀតផងដែរ ដូចជា បរិស្ថានរស់នៅដែលពោរពេញដោយជាតិពុល និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

អ្នកដែលមានជំងឺ Agnosia បង្ហាញចេញនូវវិបត្តិខុសគ្នា ដោយអ្នកខ្លះ ច្រើនជាមនុស្សភ្លេចផ្លូវ ងាយវង្វេងផ្លូវ ដែលជាហេតុធ្វើឱ្យគេរងភាពអាម៉ាសនៅក្នុងសង្គមពីសំណាក់ មនុស្សដែលមិនយល់ពីជំងឺ ហើយអ្នកជំងឺខ្លួនឯងមិនហ៊ានសារភាពប្រាប់អ្នកដទៃពីចំណុចអន់ខ្សោយមួយនេះ។ អ្នកខ្លះទៀត ច្រើនជាមនុស្សភ្លេចទម្រង់មុខឬ ភ្លេចឈ្មោះ អ្នកដែលធ្លាប់ស្គាល់គ្នាពីមុនមក ដែលជាហេតុធ្វើឱ្យគេបាក់ស្បាតក្នុងការចេញទៅជួបមនុស្សច្រើនៗក្នុងពិធីអ៊ូអរ ព្រោះតែគេគ្មានសមត្ថភាពហៅឈ្មោះនរណាម្នាក់ដែលធ្លាប់ស្គាល់ឱ្យបានត្រឹមត្រូវ ឬនឹកមិនចេញតែម្ដង។ អ្នកខ្លះភ្លេចសំឡេងដែលធ្លាប់ស្ដាប់ ដូចជាភ្លេងចម្រៀង ចង្វាក់ស័ព្ទសៀងរណ្ដំក្នុងសិល្បៈដន្ត្រី ឬសំឡេងរបស់មនុស្សណាម្នាក់ដែលគេធ្លាប់ប្រាស្រ័យទាក់ទងជាមួយគ្នាពីមុនមក រួមទាំងអាការៈភ្លេចភ្លាំងរឿងរ៉ាវអតីតកាលដែលទើបតែកើតឡើងថ្មីៗ ជាច្រើនទៀត។

ទោះជាយ៉ាងណាក្ដី ពេញមួយជីវិតរបស់ពួកគេដែលជាអ្នកជំងឺ គឺនៅតែអាចរស់នៅ និងប្រាស្រ័យទាក់ទងគ្នាជាមួយនឹងពិភពលោកខាងក្រៅបានជាធម្មតា គ្រាន់តែថា គេនឹងមានរបៀបរស់នៅមួយដែលទាមទារជំនួយច្រើនផ្នែក ច្រើនយ៉ាង ជាងមនុស្សធម្មតា។

ដូច្នេះ ប្រសិនបើលោកអ្នក បានជួបប្រទះដោយផ្ទាល់នូវនរណាម្នាក់ ដែលមិនអាចរកផ្លូវទៅកាន់ទីណាមួយបានដោយរលូន សូមកុំជេរស្ដីបន្ទោសឬមាក់ងាយគេអី ព្រោះបុគ្គលរូបនោះ ប្រហែលជាមនុស្សពិការ។ គេមានពិការភាពដូចនឹងជនពិការដៃជើង ភ្នែក ត្រចៀក ដែរ គ្រាន់តែពិការភាពរបស់គេ ជាការខូចខាតសរសៃប្រសាទពីខាងក្នុងខួរក្បាលមកវិញ។ ជំងឺនេះ ភាសាធម្មតាជាទូទៅ គេហៅថា “ជំងឺសតិវិបល្លាស” ឬ “ជំងឺសរសៃប្រសាទ”។ ប៉ុន្តែដោយសារតែអាការៈរបស់វា មានលក្ខណៈស្រាលជាង ដែលវាអាចធ្វើឱ្យជនពិការនោះ រស់នៅក្នុងជីវិតថ្លៃថ្នូរបាន ទើបគេមិនហៅចំថាជាជំងឺ សរសៃប្រសាទទេ បើទោះបីជាវាខូចសរសៃប្រសាទក៏ពិតមែនក្ដី។ យើងមិនទាន់មានការបកប្រែឱ្យចំៗក្នុងភាសាបច្ចេកទេសវេជ្ជសាស្ត្រខ្មែរនៅឡើយទេ ដោយឡែកភាសាវេជ្ជសាស្ត្រអន្តរជាតិ ហៅថា “Agnosia”។

ដូច្នេះ ប្រសិនបើមាននរណាម្នាក់ ដែលត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងណាមួយ ហើយស្នើសូមឱ្យលោកអ្នកជួយ Pin Location តាមរយៈ Google Map សូមជួយសម្រួលដល់រូបគេនោះដោយក្ដីអនុគ្រោះផងទៅ ព្រោះគេប្រហែលជាជនដែលមានពិការភាពចក្ខុប្រសាទ ក្នុងជំងឺ Agnosia នេះហើយ។ សព្វថ្ងៃ អ្នកជំងឺ Agnosia ច្រើនណាស់ ដែលកំពុងប្រកបមុខរបរ ជាអ្នកដឹកជញ្ជូនទំនិញក្នុងទីក្រុង តាមរយៈឧបករណ៍ជំនួយ គឺផែនទីអេឡិចត្រូនិច ដើរដោយអ៊ីនធើណិត។

សូមអរគុណអ្នកវិទ្យាសាស្ត្រ ដែលតែងតែស្រាវជ្រាវ រុករកជំនួយការល្អៗ សម្រាប់ជនពិការនៅទូទាំងពិភពលោក!

———

ប្រភពឯកសារយោង healthline.com

អត្ថបទរក្សាសិទ្ធិ ដោយ លឹម វិរិយា