Tag Archives: Khmer poem

បេះដូងឥន្ទធនូ (កំណាព្យបទ៨ព្យាង្គ)

ទឹកភ្លៀងធ្លាយហូរតាម-ទ-ជេីងមេឃ
ចាក់បំពេញព្រែក ដែលដេករីងរាំង
វាលស្រែឥតស្រូវ ហួសរដូវប្រាំង
ញញឹម​មីងមាំង ទាំងទឹករហាច។

ក្រោយភ្លៀងលាងមេឃ​ គុម្ពចេករលួយ
ដេីមទ្រាំងលាស់ត្រួយ​ បង្គួយ​ប្រែកាច
ចាបដូរសម្បុក នៅចុងដេីមត្រាច
កង្កែប​ភ័យខ្លាច ស្រែកយំទ្រហឹង។

ភ្លៀងនៅស្រុកខ្មែរ​ អ្នកស្រែរស់ស្រួល
ដីក្ដៅសេីមឆួល​ រមួលព្រលឹង
ព្រលឹតលំចង់​ រហង់ទន្ទឹង
ចាំគេដណ្ដឹង ក្រោយខែវស្សា។

វស្សានរដូវ ពៅនៅតែចាំ
រហូតចុងឆ្នាំ តាមបណ្ដាំចារ
ពាក្យពេចន៍​ខ្លីៗ ​ស្ដីសូមតាមសារ
បង្កប់សន្យា ថានឹងប្រចួប។

ជេីងមេឃធ្វេីងេីយ​ ដូចជាឈ្លេីយពេក
ឥន្ទធនូ​កោងរែក​ នាងដេករាប់ខួប
រំដួលអង្គរ​ វល្លិ៍​ឈេីរឹតរួប
ចង់ផ្ទឹមដៃផ្គួប​ រោយដោយផ្កាស្លា។

ជំនោរខែជេស្ឋ​ ភ្លៀងធ្លាក់​ជោកជាំ
ខ្យល់បក់រណ្ដំ​ ដូចផ្សំចេតនា
ឱ្យកញ្ជ្រោលបក់ ល្អក់ដួងចិន្ដា
ដូចបណ្ដាសា អាទិទេពស្នេហ៍។
————-
វិរិយា​🌸

ថ្ងៃ​អង្គារ​ ១៤កេីត​ ខែជេស្ឋ​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស.​ ២៥៦៥
ត្រូវ​នឹង​ថ្ងៃទី​ ២៥​ ខែ​ឧសភា​ គ.ស.​ ២០២១

រូបថតនៅលើដំបូលផ្ទះ ក្រុងសៀមរាប ក្រោយមេឃភ្លៀងមួយមេធំនាពេលរសៀល

ជំនឿ (កំណាព្យបទ៧ព្យាង្គ)

ទំនៀមទម្លាប់ ជាប់ពីព្រេង
មនុស្សអ្នកតាក់តែង ចែងជាច្បាប់
គេឱ្យគោរព ងប់ចំណាប់
អ្នកណាមិនត្រាប់ ចាប់ទៅចង។

រឿងខ្លះប្រតិដ្ឋ គិតមិនដល់
អ្នកជឿខ្វាយខ្វល់ ឆ្ងល់កន្លង
បុណ្យបាបជាអ្វី ស្ដីប្រាប់ផង
មួយជាតិហែលឆ្លង បំណងអី?

គេឲ្យលុតក្រាប លែងចាបរស់
ស្រោចទឹកកាត់គ្រោះ ឈ្មោះម្នឹះថ្មី
ក្រណាត់ពណ៌ស គ្របផ្ទាល់ដី
ច្រៀងលើករាសី ក្រែងផុតទុក្ខ។

គិតទៅផ្លូវមនុស្ស ជុះហើយស៊ី
ដេកដើរសំភី ភ្លីពេញមុខ
យកពុទ្ធសាសនា ញាត់ជង្រុក
ខ្លួនឯងចូលគុក កម្មអាក្រក់។

សែនខ្មោចបោចស្មៅ ហៅអារក្ខ
ដួសបាយដាក់ស្រាក់ ហាក់កខ្វក់
ស្លៀកពាក់ភ្ញាក់ព្រឹក នឹកអ្នកក្ដក់
ភ្លៀងស្រក់តិកតក់ ក៏តស៊ូ។

ខំជឿខំបន់ ស្រន់ព្រលឹង
រួចហើយទន្ទឹង ធ្មឹងសែនយូរ
រង់ចាំដូនតា ជួយគិតគូរ
ព្រោះរស់មិនធូរ មិនដឹងហេតុ។

ព្រះមានមិនជឿ ទៅជឿខ្មោច
ព្រលឹងអសោច ល្អោចក្រុងខេត្ត
សព្វពាសពេញដី ផ្ទៃវាស់ម៉ែត្រ
ខែភ្លៀងខែចេត្រ ឃើញតែបន់។

រឿងភពងងឹត គិតឲ្យជ្រៅ
បើមិនស្គាល់ផ្លូវ ត្រូវ​អាសន្ន
ដូរផ្នត់គំនិត ក្រិតឱ្យគ្រាន់
ក្រែងរស់បានទាន់ ស្គាល់និព្វាន។
___________

វិរិយា🌸

ថ្ងៃសុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែកញ្ញា គ.ស. ២០២០

កូនឈើ (កំណាព្យបទ៧ព្យាង្គ)

កូនឈើមួយដើមផ្ដើមដាក់ដាំ ស្រោចទឹកថែចាំផ្ដាំម្ចាស់ដី

ប្រសិនឈើធំឥតទាស់អ្វី មានម្លប់ត្រឈៃអាស្រ័យបាន។

កូនឈើមួយទងទំនងរស់ លូតលាស់មានឈ្មោះពីរោះក្សាន្ត

នួន-បេង-គគីរ ទីសម្រាន្ត ភ្លៀងខ្យល់ប៉ុន្មានក៏មិនដួល។

កូនឈើមួយគុម្ពជញ្ជ្រំដី កាយកប់ទាំងថ្ងៃលើដីទួល

ប្រសិនភ្លៀងធ្លាក់តាមសម្រួល គ្មានព្យុះរមួលច្បាស់ជាមាំ។

កូនឈើពូជមួយត្រួយពន្លក ជាទីជម្រកសត្វច្រៀងរាំ

ជាម្លប់នៃមនុស្ស រស់បានសម សូមជួយថែទាំទម្រាំធំ។

កូនឈើមួយមែក រែកជីវិត រួមរស់ជុំជិត ដិតទ្រនំ

ឈើលាស់ត្រសាយ ថ្វាយបង្គំ ក្រាបទូលជើងភ្នំ សុំទឹកភ្លៀង។

សូមឧទ្ទិសដល់អ្នកខ្វល់គិត ការពាររួបរឹត គិតឥតល្អៀង

រស់ដោយថ្លៃថ្នូរ មិនប្ដូរសៀង ស័ព្ទសូរនៅទៀង រៀងដរាប។

សូមរំឭកគុណដល់ធម្មជាតិ សមុទ្រ ដីគ្រាត បៀតទឹកសាប

នែបនិត្យ ដិតនៅ ផ្លូវឥតបាប សាងពូជព្រោះសាបជួយជីវិត។

សូមឱ្យព្រៃឈើលើផែនដី ដុះដាលក្រាលផ្ទៃដីអម្រឹត

គ្រាន់បានជួយយោងដង្ហើមពិត ដង្ហោយឱ្យដិតជិតធម្មព្រះ។

សូមឱ្យព្រៃឈើខ្មែរនៅគង់ រឹងមាំយូរលង់ ទ្រនុងឈ្នះ

សង្គ្រោះភពឋានបានជម្នះ រុងរឿងតេជះ រះរុងរោចន៍។

——-

វិរិយា 🌸

🌱 ថ្ងៃអាទិត្យ ៣រោច ខែពិសាខ ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា គ.ស. ២០២៣

រូបថតអនុស្សាវរីយ៍នៅក្នុងសាលាបឋមសិក្សាមួយ នាស្រុកសង្កែ ខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៧ អំឡុងពេលខ្ញុំនៅធ្វើការងារស្មគ្រចិត្ត ទាក់ទងនឹងការជួយសង្គម តាមរយៈ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា (CSU-ACA)

ពន្លឺសាយណ្ហ (កំណាព្យបទ៨ព្យាង្គ)

ពន្លឺសាយ័ណ្ហ ជាន់ទងព្រលឹង
ជើងមេឃសន្ធឹង សញ្ជឹងរាត្រី
ដែលនឹងឆ្លាស់វេន ប្រគេនផែនដី
កំដរហឫទ័យ នៃនារីម្នាក់។

ពន្លឺសាយ័ណ្ហ បន់សូមឱ្យយប់
ដូចគេប៉ងជប់ សុបិនពីរនាក់
ថ្ងៃលិចក្រោយភ្លៀង ផ្ទៀងជំនឿជាក់
មន្តស្នេហ៍រាក់ៗ អន្ទាក់ម្ចាស់ព្រាន។

ពន្លឺសាយ័ណ្ហ ឆព្វណ្ណម្ខាងមេឃ
ជះរស្មីផ្លេក ដូចរែកឱ្យឈាន
សម្រាប់ដើរឆ្លង កន្លងម្ចាស់ស្ពាន
កន្លែងទន្ទ្រាន រុករានឱ្យខូង។

ពន្លឺសាយ័ណ្ហ អង្កន់ដួងចិត្ត
ឱ្យរង្កៀសខិត ដិតដាមបេះដូង
ទោះបីដាច់ដោច ល្អោចអស់ទាំងហ្វូង
នៅមិនរំលង យោងអំពល់គិត។

ពន្លឺសាយ័ណ្ហ គ្រាន់ជាងសូរ្យគ្រាស
មានរស្មីមាស ជះស្រមោលពិត
ទៀងទាត់កត់ចាំ ផ្ដាំភពងងឹត
អាចគប់ជាមិត្ត រឹតតែរុងរោចន៍។

ពន្លឺសាយ័ណ្ហ រួសរាន់ផ្ញើសារ
បង្កប់សន្យា ស្នេហាលន្លោច
អន្លង់កាមទេព ពេបជ្រាយប្រដូច
រាត្រីរនោច ផ្អូចរង់ចាំខែ។
____________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា គ.ស. ២០២១

ឆ្នាំទ្រ (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៨)

ឆ្នាំចាស់ដាច់ ផ្ដាច់ផ្ដិល មន្ទិលច្រើន
គ្មានចម្រើន កើនទុក្ខ ជង្រុករោគ
ស្អែកឆ្នាំថ្មី ដីចាស់ ផ្លាស់ជម្រក
គ្មានអ្នកយក ជោគជ័យ លៃមកជូន។

ថ្ងៃចុងក្រោយ ដោយដាច ខ្លាចពួកម្នឹះ
ប្រាជ្ញខុសទិស ឫសវែង រែងពពូន
ពឹងបណ្ឌិត គិតទៅ ផ្លូវគេលូន
ខ្វះជំនូន ជូនដល់ ខ្វល់គេខឹង។

ស្អែកឆ្នាំថ្មី ស្ដីទៅ នៅតែឈឺ
ស័ព្ទព្រួចព្រឺ ឮហើយ ឆ្លើយមិនដឹង
ប្រាជ្ញធ្វើភ្លើ ល្ងើហួស រស់ប៉ុណ្ណឹង
បែរមិនដឹង ថ្លឹងខុស ឆ្លុះសន្ដាន។

ឆ្លងសករាជ ខ្លាចតែ បែររោគថ្មី
នាំចង្រៃ ភ័យភិត រឹតរុញច្រាន
នាំវឹកវរ ជោរជន់ ទន់ទាំងប្រាណ
រស់ប្រៀបបាន ដានខ្មោច ល្អោចទាំងព្រម។

ថ្មីសិបដង ឆ្លងទៅ នៅតែចាស់
មិនឃើញផ្លាស់ ច្បាស់ជា គ្នាគេលោម
ចែករំលែក ហែកហួរ ខួរគេស្មូម
បញ្ញាទ្រម ល្មមងាប់ ទ្រាប់ខ្សែទ្រ។
_________

វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ គ.ស. ២០២០

ជំនោរដួងចិត្ត (កំណាព្យបទ៧ព្យាង្គ)

ជំនោរភទ្របទជិតផុតហើយ
អស្សុជចាំឆ្លើយក្រោយបុណ្យភ្ជុំ
អន្សមជ្រូកចេកផ្លែឈើនំ
ញាតិផៅជំនុំរៀបជាថ្មី។

ប្រសិនបើភ្លៀងទៀងដូចដើម
រាំងអស់លែងសើមសំណើមដី
ជំនោរកត្តិកទឹកឡើងត្រី
យើងជួបជាថ្មីឆ្លងឆ្នាំគ្រិស្ដ។

បើបុណ្យអុំទូកនៅតែមាន
វាសនាព្រៀងលានលែងទង្គឹះ
ខ្ញុំនឹងវិលវៃមកចាក់គ្រឹះ
រួមរស់ចាក់ឫសដែនអង្គរ។

បើសម្ពាយបុណ្យមិនចុនយ៉ាក
ខ្ញុំមិនកំសាកឆ្លងទឹកហូរ
ជោគជ័យជឿជាក់ធ្នាក់អម្ពរ
ពើបតែពុទ្ធោ ពរស័ក្ដិសិទ្ធ។

សូមឱ្យផែនដីមានឆព្វណ្ណ
រស្មីច្រើនជាន់វ័ណ្ឌដោយឫទ្ធិ
រុងរឿងលឿងឆ្អិនកសិណពិត
ពណ៌មាសដាមដិតដូចតេជះ។

ជំនោរទឹកភ្លៀងចុងរនោច
ភទ្របទហាក់ដូចគ្មានថ្ងៃរះ
រឿងរ៉ាវខែភ្ជុំភ្ជាប់រឿងព្រះ
ទំនៀមម្ចាស់ផ្ទះទម្លាប់ខ្មែរ។

ជំនោរដួងចិត្តអាណិតស្រុក
ចង់ស្រែករំអុកដុកដាន់ដែរ
ឱ្យអ្នកដីក្រុងប្រុងអ្នកស្រែ
គិតគូរជួយថែកសិករ។

ដែនដីសុវណ្ណប្រកាន់ខ្ជាប់
ទំនៀមទម្លាប់ទ្រាប់បន្ត
ទុកធ្វើជាកេរដំណែលល្អ
គឺវប្បធម៌ព្រលឹងជាតិ។

សូមគ្រប់គ្នារស់ឱ្យត្រឹមត្រូវ
ចៀសផុតអាស្រូវក្ដៅផៅញាតិ
ផ្លូវជាកណ្ដាលក្រាលឥតគ្រាត
រស់នៅសូមជ្រៀតក្បែរធម៌ព្រះ។
——-
វិរិយា🌸

ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា គ.ស. ២០២២

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

សន្តិភាពពិត (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ១០)

សន្តិភាពពិត ឥតក្លែងក្លាយ ឆ្ងាយមន្ទិល
ស៊ីញ៉េផ្ដាច់ផ្ដិល រំកិលជាតិ ឃ្លាតឧទ្ទាម
ម្ភៃបីតុលា សញ្ញាស្ងប់ ចប់សង្គ្រាម
រំសេវធ្លាប់ឈ្ងៀម ឈាមធ្លាប់ហូរ ប្ដូរជាស្ងប់។

សន្តិភាពពិត ឥតបន្លំ ចំគោលការណ៍
ប៉ារីសចែងចារ ថាស្រុកយើង ភ្លើងឆេះចប់
សង្គ្រាមរ៉ាំរ៉ៃ ច្នៃរុងរោចន៍ ដូចកំណប់
ដូនតាបានកប់ ខ្ចប់ពេញដី ន័យពណ្ណរាយ។

សន្តិភាពពិត ឥតមានប្រែ ថែសម្បថ
នរណាហ៊ានក្បត់ ភ្លាត់ខុសផ្លូវ ទៅរាយមាយ
ច្បាស់ជាជាប់ទោស អូសឱ្យកឿង រឿងទំនាយ
ស្មើនឹងមាក់ងាយ ធ្លាយសម្បថ ក្បត់សន្យា។

សន្តិភាពពិត ឥតមានចែង ថ្លែងរឿងបក្ស
ពោលយ៉ាងប្រចក្ស ដាក់សាក្សី ដីខេមរា
គោរពឯករាជ្យ រាជាខ្ពស់ ហួសសិរសា
បង្រួមសាសនា អហិង្សា ចារប្រពៃ។

សន្តិភាពពិត ឥតមានភ្លាវ រាវផ្ដេសផ្ដាស
សរសេរច្បាស់ៗ ផ្លាស់របប ខ្លបច្បាប់ព្រៃ
ឈប់កាប់សម្លាប់ ចាប់បណ្ឌិត រិតឱ្យក្ស័យ
គុកកម្មចង្រៃ ច្នៃមកជា ធ្លាអប់រំ។

សន្តិភាពពិត ឥតពោលដល់ ខ្វល់អត់បាយ
សម្បូរសប្បាយ ឆ្ងាយទឹកភ្នែក រែកទូលភ្នំ
គ្មានការជិះជាន់ អាសន្នរុក ទុក្ខរងំ
សើចមិនបង្ខំ នាំអំណរ អរគុណពិត។
—————

[កំណាព្យសម្រាប់រំឭកដល់ថ្ងៃខួបសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា]

វិរិយា🌸

ថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ២០២០

អាសាឡ្ហបូជា (កំណាព្យបទ៧ព្យាង្គ)

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ត្រូវតាមក្បួនខ្នាតបុរាណចាស់
ជាថ្ងៃរំឭកនឹករឿងខ្លះ
ទាក់ទងនឹងម្ចាស់នៃសាសនា។

ហៅបុណ្យអាសាឡ្ហបូជា
រំឭកនឹកគ្រាព្រះសាស្ដា
សម្មាសម្ពុទ្ធប្រដៅថា
ព្រះធម្មថ្លៃថ្លាជាទីពឹង។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ជម្រះឱ្យស្អាតចិត្តដែលរឹង
ទម្លាក់មានះនៅឱ្យនឹង
សម្ងំស្មាធិ៍ស្មិងសញ្ជឹងធម៌។

វិភាគហើយគិតព្រះធម្មក្ខន្ធ
កងធម៌ណែនណាន់មានខ្មៅ-ស
សភាវៈពិតអាក្រក់-ល្អ
មានជាប់តំណគ្រប់ៗប្រាណ។

អរិយសច្ចៈបួនប្រការ
ទីមួយ ទុក្ខាតាមលំអាន
ជាប់កង់រទេះដូចជាដាន
វិលគ្មានសម្រាន្តម្ដងណាឡើយ។

ទីពីរ កំណើតនៃក្ដីទុក្ខ
វាដុតរានរុកឆេះឥតស្បើយ
ឈ្មោះហៅតណ្ហាវានេះហើយ
ចាក់ដូចកន្ត្រើយរមាស់ក្រៃ។

ទីបី សេចក្ដីរំលត់ទុក្ខ
ធម្មល្អវិសុទ្ធខ្ពស់ថ្លាថ្លៃ
ជួយយើងដោះស្រាយរឿងចង្រៃ
រស់ចាកគ្រោះភ័យន័យនិរោធ។

ទីបួន អង្រួនមគ្គសច្ចៈ
ការពិតប្រចក្សរៀងរហូត
ប្រកាន់ឱ្យខ្ជាប់កុំរបូត
ទន្ទេញហើយសូត្រ-បដិបត្តិ។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
សូមលាងឱ្យស្អាតសង្វាតហាត់
គិតព្រះសម្ពុទ្ធ អរហត្ត
ទុក្ខរលាយបាត់ និព្វានហោង។
_______
សូមអនុមោទនា អាសាឡ្ហបូជា និងបុណ្យចូលព្រះវស្សា!
Happy Āsāḷha-Pūjā and The Buddhist Vassa Rains Retreat!

ថ្ងៃ១៥ កើត ខែបឋមាសាឍ (អាសាឍទី១) ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា គ.ស.​ ២០២២
________
វិរិយា🌸
១៤កើត ខែអាសាឍ ២៥៦៦​ – ១២ កក្កដា ២០២២

បាត់ដំបង ស្រុកកំណើតខ្ញុំ (កំណាព្យបទកាកគតិ)

ស្រុកកំណើតខ្ញុំ កន្លែងមូលផ្ដុំ
ក្រុមអ្នកកវី តាំងពីបុរាណ
មានកេរ្តិ៍ល្បាញល្បី កំណាព្យតន្ត្រី
ប្រុសស្រីអស្ចារ្យ។

ក្រុងបាត់ដំបង កន្លែងចងក្រង
រាល់អនុស្សារ អ្នកច្រៀងអ្នករាំ
សមសក្ដិតារា លូតលាស់កាលណា
ច្រើនតែឃ្លាតឆ្ងាយ។

បាត់ដំបងល្អ រស់មានអំណរ
បវររៀងអាយ ទឹកដីត្រជាក់
ទាក់ចិត្តនិងកាយ សែនសុខសប្បាយ
មិនស្ដាយដង្ហើម។

សូមឱ្យស្រុកខ្ញុំ កំណើតកើតធំ
សុខុមដូចដើម លូតលាស់រុងរោចន៍
ដូចនគរឆ្នើម កាលគ្រាចាប់ផ្ដើម
ល្បីខ្លាំងដីស្អិត។

បាត់ដំបងក្រុង ទេសចរជាប់ផុង
អនង្គដួងចិត្ត ចំប៉ាចំប៉ី
រឿងព្រេងអម្រឹត មិនមែនប្រតិដ្ឋ
ដូចសៀមរាបឡើយ។

ឱ បាត់ដំបង! ជាតិនេះកើតម្ដង
ចម្លងដល់ត្រើយ រឭកនឹកគុណ
ស្រុកភូមិរំហើយ ខ្ញុំរស់បានស្បើយ
ឆ្លើយថានឹកណាស់។
———
វិរិយា🌸

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ១៩ ខែឧសភា គ.ស. ២០២១

កំណាព្យមួយនេះខ្ញុំបានផលិតជាខ្សែវិដេអូ ដែលមានភ្លេង និងសំឡេងច្រៀងរបស់ខ្ញុំអមជាមួយ រូបភាពវិដេអូមួយចំនួនដែលថតនៅក្រុងបាត់ដំបង សូមចុចលើតំណភ្ជាប់នេះ ដើម្បីចូលទស្សនាវិដេអូនៅក្នុង YouTube

រូបថតនៅមុខផ្ទះដែលខ្ញុំបានកើតនិងធំធាត់ឡើង នៅបាត់ដំបង សព្វថ្ងៃជាផ្ទះរបស់លោកឪពុកខ្ញុំដែលគាត់ប្រើប្រាស់សម្រាប់ជីវិតចុងក្រោយ បន្ទាប់ពីចូលនិវត្ដន៍ក្នុងវ័យចាស់ជរា