(កំណាព្យ បទ ៧ព្យាង្គ)
អំនួតក្អេងក្អាង ច្រើនតែអន់
ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យ
រសៀលចេញអួត តាមទម្លាប់
យប់ឡើងដេកទ្រាប់ កើយដៃគិត។
ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់
អួតក្នុងអង្គប់ បន្លាស្អិត
ដៀលញាតិបងប្អូនធ្លាប់ជាមិត្ត
ថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។
អួតរឿងមានលុយ ឡាន វិឡា
អួតអលង្ការ ភ្លឺចែងចាំង
អ្នកធ្លាប់បានជួយ ក្លាយជាខ្មាំង
ព្រោះតែមោហ៍បាំង បិទជិតមុខ។
អួតថាអញមានព្រោះអញឆ្លាត
ពូកែសង្វាតសន្សំទុក
អួតថាអញខ្លាំងមានជង្រុក
ដែលពោរពេញផ្ទុកដោយមាសប្រាក់។
អួតនេះហៅចំមហាអន់
ព្រោះពេលអាសន្នជាន់ច្រវាក់
ចេះត្រឹមចំទាលដូចជនខ្វាក់
ក្ដោបតែលុយកាក់មិនកាន់សីល។
អំនួតបែបនេះ ច្បាស់មិនយូរ
គង់រលាយហូរដូចអំបិល
ហៀរទៅតាមផ្លូវស្លែរអិល
ធ្លាក់រណ្ដៅទមិឡ រងទុក្ខា។
ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺ
ងាករកពន្លឺព្រះសាស្ដា
រក្សាសីលខ្ពស់ ឈ្មោះហៅថា
បុគ្គលអស្ចារ្យ ព្រោះដឹងទោស។
សូមទម្លាក់ចុះនូវទិដ្ឋិ
មានះ អស្មិ ចចេសខុស
ឈប់ផ្ដន្ទាជនសប្បុរស
ឈប់សាងកំហុសបំពានធម៌។
សូមឱ្យអ្នកភ្ងារ រកឃើញត្រូវ
បានដើរលើផ្លូវដ៏បវរ
មានអ្នកគោរពដោយស្មោះស
ពាល់សច្ចធម្ម ព្រះនិព្វាន។
________
វិរិយា 🌸
ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥