Tag Archives: វីរីយ៉ា

Made in Cambodia Market

ឆ្លៀតពេលរសៀលបានបន្តិច
មុនពេលថ្ងៃលិចចរយាត្រា
ទៅដើរ shopping នៅក្នុងផ្សារ
ទំនិញត្រៀបត្រាសុទ្ធផន់ខ្មែរ។
 
គេហៅ Made in Cambodia.
អ្នកលក់ជុំគ្នាឡើងអ៊ូអែ
ឃើញអ្នកគ្រូហ្កិចក៏លក់ដែរ
ទំនិញហូរហែក្បែរផ្លូវបត់។
 
ខ្ញុំទៅថតរូបបានដប់ប៉ុស្ដិ៍
ទុកគ្រាន់បង្ហោះផ្សាយជូនគាត់
សូមជួយទិញផងកុំឮមាត់
លក់ដាច់ប្រាកដហត់ក៏សុខ។
 
មានវែក-ចាន-ឆ្នាំង-កន្តាំង-ល្អី
ស្លាបព្រាវែងខ្លី ច្នៃពីស្មុគ
មានល្ពាក់តូចធំ ផាហ៊ុមស្រុក
ថែមទាំងត្បាល់បុក អ្នកស្រុកលើ។
 
ជជែកគ្នាលេង ភ្លេងគេអម
ដន្ត្រីគេសម ចាប់បន្លឺ
សូរសៀងរនាត ស្គររង្គើ
លេងនៅជាន់លើ ធ្នើរទាក់ចិត្ត។
 
មួយសន្ទុះធំ ខ្ញុំក៏លា
ក្រោយសាសងគ្នា រណ្ដំស្អិត
មកផ្ទះទីទៃ លៃលកត្បិត
post ជូនដូចចិត្តគិតម្សិលមិញ។
 
និស្សិតស្រីប្រុសបើឃើញហើយ
កុំនៅកន្តើយ សូមជួយទិញ
ឥវ៉ាន់ខ្មែរយើងលក់ពាសពេញ
ខ្ញុំទៅម្សិលមិញសប្បាយណាស់។
———-
លឹម វីរីយ៉ា
សៀមរាប ថ្ងៃអង្គារ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា គ.ស ២០១៦

លោកសំគិះ

ទោះបីលោកនេះ សំគិះក្រៃ

ភពមនុស្សចង្រៃ ប្រល័យគ្នា

ក៏ខ្ញុំទ្រាំរស់ ឈ្លោះមេឃា

ស្វែងយល់ធម៌ព្រះ ឈ្នះវេទនា ញញឹមសម្លាប់ ផ្កាប់ពួកមារ

សម្លឹងឲ្យធ្លុះ ពុះវេរា  មុននឹងហារមាត់ ផ្ទាត់ពាក្យលា

ស្វែងរំដោះពៀរ វៀរផុតគ្រោះ។

៚—–

(បទពាក្យ៧ បែបរ៉េប)

លឹម វីរីយ៉ា

ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍  ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០

ត្រូវនឹងថ្ងៃទី១៤ ខែសីហា គ.ស ២០១៦

IMG_2885

អនុស្សាវរីយ៍បះសក់

រំឭកខែមុន តូចតន់ ទៅក្រុងវៀងចន្ទន៍

វេលាត្រូវប៉ាន់ សំខាន់សប្បាយភ្លេចដេក

ឆើតឆាយចាយឫក នឹកឡើងស្រណោះខ្លួនពេក

ផ្កាយរះភ្លឺផ្លេក មើលមេឃ តែដេកមិនលក់។

 

រំឭករឿងចាស់ សប្បាយណាស់ ឮហើយចង់សើច

រឿងអស់សំណើច ថាសើច ឡើងទឹកមាត់ឈ្លក់

មានគ្រប់រសជាតិ ភ្លាត់ស្នៀតថែមដល់ធ្លាក់ភក់

យន្តហោះគម្រក់ វាស្ទក់ហោះឡើងមិនរួច។

 

រំឭកកាលហ្នឹង ព្រលឹង មិនដឹងទៅណា

នៅលើវេហា អ្នកណា សប្បាយឡើងក្អួត?

ឮសូរវ៉កវ៉ក ខកចិត្ត អ្នកខំប្រឹងអួត

ពីឡុតចម្កួត ប្រកួតឆ្កួតលើមេឃខ្ពស់។

 

យានចុះដល់ដី អូនស្រីដូចបានចាប់ជាតិ

អរគុណព្រះទៀត ខំឆ្លៀតរក្សាឲ្យរស់

អាឡាវអ៊ែរឡាញ បំផ្លាញដោយទាំងកិត្តិយស

ស្ដាប់ទៅពិរោះ តែហួសនិស្ស័យលែងផ្សង។

 

សូមស្លេះត្រឹមហ្នឹង ដំណឹងដ៏សែនរន្ធត់

ជារឿងតក់ស្លុត ដែលផុតស្លាប់ដូចបំណង

គ្រាន់តែផ្ដាំទុក ក្រែងអ្នកក្រោយច្រឡំប៉ង

ស្គាល់គ្រានេះម្ដង អូនផ្សងលែងចង់ជួបហើយ។

———-

លឹម វីរីយ៉ា

ថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៌ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃ ១៤ សីហា គ.ស ២០១៦

បើសិន…

img1470067375648

បើសិនជើងមេឃនៅជិតដៃ
ម្លេះអស់អាល័យតាំងពីយូរ
បើសិនសមុទ្រមានរសជូ
ម្លេះខ្ជិលតស៊ូនាំសាំចិត្ត។

បើសិនព្រះខែក្ដៅដូចថ្ងៃ
ម្លេះសមដួងចៃថ្លៃលែងស្និទ្ធ
បើសិនសុរិយារះពីលិច
ម្លេះម្នឹះគ្មានល្បិចច្បិចប្រហារ។

បើសិនហ្វូងផ្កាយរះលើដី
ម្លេះជនប្រុសស្រីអស់ស្នេហា
បើសិនពេលយប់បាត់ចន្ទ្រថ្លា
នោះគេហៅថាខែរនោច។

រាត្រីដែលសួរ គ្មានអ្នកស្ដី!

លឹម វីរីយ៉ា

love 02

 

បណ្ដាញសមាគមស្ត្រី

IMG_4735

ខ្សែជីវិត គិតឲ្យដល់ ខ្វល់តែម្យ៉ាង

ព្រេងសំណាង សាងដោយព្រះ ឈ្នះដោយមនុស្ស

បើច្រអូស ខុសពីក្បួន ជួនអាចធ្លុះ

ចូរស្ទាស្ទុះ លុះធម្មា វៀរឈ្នះទុក្ខ។

 

កើតជាស្រី ន័យរុងរោចន៍ ដូចឥន្ទធនូ

ប៉ិនគិតគូរ ស៊ូការងារ ជាបន្ទុក

មិនទន់ជ្រាយ ងាយសង្វាត ឆ្លាតនាំមុខ

ចេះផ្ដាក់ទុក ស្ដុកដោយទ្រព្យ ផ្គាប់សិរី។

 

ជាស្រីខ្មែរ ថែចរិយា ប្រាថ្នាយស

កេរ្ដិ៍ខ្ពង់ខ្ពស់ រស់ដោយសក្ដិ ថ្នាក់ប្រពៃ

កុលធីតា ខេមរាជាតិ ឆ្លៀតលកលៃ

សាងតម្លៃ ច្នៃកិត្តិយស ជួសប្រឹថពី។

 

សមាគម ឃុំដោយច្បាប់ ត្រាប់បណ្ឌិត

ឈ្មោះហៅពិត ក្រិត្យក្រមការ ថានារី

សហគ្រិន ប៉ិនធុរកិច្ច ច្បិចរកស៊ី

ចងសាមគ្គី មីរមូលផ្ដុំ ផ្គុំជំនួញ។

 

សូមបុរស ខ្ទាស់បេះដូង ឈោងដៃផង

គ្រានេះម្ដង ក្រងជោគជ័យ ស្ត្រីជួញ

ភពផែនដី លៃលកភេទ ច្បេតពង្រួញ

រឿងទំនួញ ទួញយំសោក ក្រោកបញ្ឈប់។

 

ស្នើបង្អួត ត្រួតបង្ហាញ បណ្ដាញយើង

ស្រ្តីថ្កើង ចើងចរចា លក្ខណាគ្រប់

មិនមែនឆ្មើង ឡើងកន្ទ្រើង ពើងដល់ងប់
ស្ម័គ្រនាំមុខ សុខតាមក្រោយ ដោយមង្គល។

 

សូមសង្ខេប បែបសារខ្លី ន័យមិនជ្រៅ

ចង្អុលទៅ នៅតែគិត ស្ថិតរឿងថ្មី

ល្បើកបុរាណ ស្មានរំឭក នឹកទ្រឹស្ដី

ច្បាប់ស្ត្រី ស្ដីសាធារ ជារឿងខុស។

 

សូមជំទាស់ ខ្ទាស់នឹងច្បាប់ ចាប់ចងសិទ្ធិ

ស្រ្តីពិត ស្ថិតនៅនា គ្រាស្មើប្រុស

យុគសម័យ ថ្លៃប៉ុនគ្នា ជាចម្រុះ

សូមសណ្ដោស ប្រោសយោគយល់ ដល់ស្រីផង។

 

សូមប្រឆាំង ច្បាំងនឹងពាក្យ ច្រៀកជាក្បួន

តាមសំនួន ជួនគេពោល បូលត្រសង

ថាស្ត្រី ថ្លៃថ្នូរបាន ចង្រ្កានផង

គ្រានេះម្ដង ប៉ងឲ្យជ្រាប រៀបរឿងថ្មី។

 

សូមមេត្តា ចារប្រវត្តិ កត់ចាំទុក

ជាទំនុក ស្រុកខេមរា រអាស្រី

នាងរឹងមាំ ទ្រាំប្រយុទ្ធ ទ្រុតបាក់ដី

ទោះដល់ក្ស័យ ក៏ស្ត្រី ឈ្នះជានិច្ច!

———-

ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

សៀមរាប,

ថ្ងៃពុធ ១៥រោច ដាច់ខែអាសាឍ (ស្អែកចូល១កើត ខែស្រាពណ៍) ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ.ស ២០១៦

កំណាព្យបែកគ្នា

៤ឆ្នាំចាំទុកដូចម្ង៉ៃណោះ

និស្សិតស្រីប្រុសប្រឹងតស៊ូ

ស្រវេស្រវាមិនឲ្យយូរ

ធ្វើជាគំរូអួតកូនចៅ។

13680511_1789866501247423_2474743829412752327_n

 

នៅចាំមិនភ្លេច៤ឆ្នាំមុន

ពាក្យពេចន៍ស្រទន់គ្រប់គ្នាហៅ

“អ្នកគ្រូ អ្នកគ្រូ” ផ្អែមណាស់ពៅ

ពិរោះពេកទៅស្ទើរលង់ចិត្ត។

13680866_1789866594580747_5373267970990574004_n

ឥលូវគ្រប់គ្នាឆ្លងផុតហើយ

ឈានជើងដល់ត្រើយដែនជីវិត

គ្រប់គ្នាញញឹមប៉ប្រឹមស្និទ្ធ

ដូចលួងទាំងចិត្តអ្នកគ្រូដែរ។

 

រីករាយខ្លាំងណាស់គ្មានអ្វីផ្ទឹម

ពន្លឺសង្ឃឹមមិនប្រួលប្រែ

បួងសួងគ្រប់គ្នាប្រសព្វតែ

បារមីតាមថែស្គាល់តែជ័យ។

13718668_1789865917914148_9048678137488107409_n

រំភើបក្រៃពេក ដេករឭក

ឃើញរឿងសន្ធឹកភ្លឹកអាល័យ

អនុស្សាវរីយ៍នៅថ្មីៗ

ដូចចងនិស្ស័យមុនថ្ងៃលិច។

13815075_1040410879413746_495539379_n

សូមហត្ថលេខាចារលើអាវ

ទុកតាំងរឿងរ៉ាវកុំឲ្យភ្លេច

តាំងនៅក្នុងទូមួយជីវិត

អនុស្សារពិតឥតព្រៀងទុក។

 

ឥលូវយើងបែកចែកវិថី

ទៅកាន់ទីទៃនៃបន្ទុក

រៀបចំផែនការទៅថ្ងៃមុខ

ជម្រកជង្រុកផ្ទុកមង្គល។

13814609_1040502832737884_74343005_n

ក្នុងនាមគ្រូម្នាក់ជាក់សម្ដែង

ពេលខ្លះតឹងតែងក្រែងអំពល់

ខ្លាចសិស្សមិនសុខស្ដុករចល់

នាំចិត្តវិលវល់ឆ្ងល់មិនលែង។

13754221_596602910464942_6461054344575434022_n

ក្នុងនាមគ្រូម្នាក់ពឹងពាក់បាន

ពេលខ្លះរំខានក៏ប្រឹងជ្រែង

ទប់ទាំងអារម្មណ៍ខំសម្ដែង

កុំឲ្យបែកផ្សែងក្រែងនាំខាត។

 

ក្នុងនាមអ្នកគ្រូ ស៊ូកាយចិត្ត

គ្មានអ្នកអាណិត ពិតឱហាត

មិនឲ្យសៅហ្មង ត្រងនៅបាត

សុខចិត្តសង្វាត សម្អាតសិន។

 

លាហើយ លាហើយ ណ្ហើយសូមស្លេះ

នៅយូរដល់ម្លេះ ប្រេះបង្ហិន

បើសិននៅទៀត ច្បាស់ហួសឆ្អិន

ដល់ខ្លោចបង្ហិនពេលវេលា។

13815177_1040501889404645_1464562941_n

បួងសួងជាថ្មីក្នុងន័យស្មោះ

សូមបានឈ្នះអស់ដោះកម្មកម្មពៀរ

ជាមនុស្សខ្លាំងក្លា គ្រប់អង្គារ

ឈ្នះគ្រប់វេលា ជាអ្នកខ្លាំង។

13819388_1040502212737946_1549759726_n

សូមឲ្យមានឈ្មោះយសប្រិមប្រិយ

មានកេរ្ដិ៍ល្បាញល្បីរត់ប្រណាំង

សូមបានជាមនុស្សរស់តតាំង

តែនឹងអ្នកខ្លាំង ខ្លាំងរហូត!!!

—————

ដោយ លឹម វីរីយ៉ា,

សៀមរាប,

ថ្ងៃពុធ ៨រោច ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០

ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា គ.ស ២០១៦

អាធ្រាត្រម្នាក់ឯង

អាធ្រាត្រផ្កាយរះមុខផ្ទះអ្នកគ្រូ

សំឡេងឆ្កែលូដាស់គ្រូពីខ្នើយ

សំឡឹងមើលម៉ោងឆ្លងថ្ងៃថ្មីហើយ

វាយោរំហើយឲ្យស្បើយកង្វល់។

 

សម្រឹបទឹកភ្លៀង សៀងលាន់រណ្ដំ

កណ្ដឹងរេរាំ ពាំភ្លេងតាមខ្យល់

ចន្ទ្រមួយចំណិតលួងចិត្តអំពល់

ខ្ញុំឈោងមិនដល់ស្គាល់ត្រឹមពន្លឺ។

177134-girl-looking-out-window-at-night1

រាត្រីសួស្ដី

ពីជ្រុងម្ខាងនៃផែនដី ក្នុងរាត្រីនៃថ្ងៃសៅរ៍
សូមគេងលក់ដោយកក់ក្ដៅ ផុតហ្មងសៅក្រៅយល់សប្ដិ។

ពីជ្រុងម្ខាងនៃស្រុកខ្មែរ ផ្ញើម្ចាស់ស្នេហ៍ថែចិត្តស្ងប់
សូមបានសុខណាសំណព្វ ចិត្តជាទ្រព្យផ្គាប់មង្គល។

ពីជ្រុងម្ខាងនៃសៀមរាប បេះដូងប្រៀបគ្មានកង្វល់
សូមយប់នេះបានស្កប់ស្កល់ គេងលក់ដល់ព្រឹកថ្ងៃរះ។

IMG_3205
——
រាត្រីសុវត្ថិពី លឹម វីរីយ៉ា
យប់១៤កើត ខែពិសាខ ឆ្នាំវក ព.ស ២៥៦០

ធម៌បីម៉ាត់

ព្រឺត្រជាក់ ធ្លាក់វាយោ ស្នូររៃយំ
ខ្យល់រណ្ដំ ចំបេះដូង ឈោងចាប់ផ្កាយ
ដូចសុបិន ក្លិនក្រអូប ស្រូបមិនណាយ
ទោះនៅឆ្ងាយ ក្លាយយល់សប្ដិ កប់ចោលចុះ។
 
រស់ប៉ុណ្ណឹង ប្រឹងប៉ុណ្ណា? រីយ៉ាអ៊ើយ!
ដឹងអស់ហើយ ឆ្លើយមិនត្រូវ នៅតែខុស
កើតមួយជាតិ ធាតុមួយចាន បានត្រឹមស្មោះ
បើចេះហោះ ម្លោះនឹងទៅ នៅនាំក្ស័យ។
 
មនុស្សគ្មានភ័ព្វ ធ្លាប់គ្មានយស រស់គ្មានមិត្ត
ពេលនេះគិត ចិត្តអាឡោះ អស់អាល័យ
ធ្លាប់ដៀលផ្កាយ ក្លាយដង្ហោយ ឲ្យសាក្សី
មេឃនិងដី ស្រីសូមផ្ដាំ ចាំឲ្យឆាប់។
 
មនុស្សឥតប្រាជ្ញ ខ្លាចស្រមោល បោលទៅមុខ
ដូចរត់បុក គុកជីវិត រិតតែយ៉ាប់
កុហកមនុស្ស លុះគេដឹង ខឹងចង់ចាប់
ធ្វើចំណាប់ ប្រាប់ចំណង ប៉ងចំណេញ។
យប់នេះខ្ញុំ សូមផ្ញើសារ ចារដោយចិត្ត
ខ្នោះជីវិត ពិតជារឹង តឹងរមេញ
រស់ក៏យ៉ាប់ ស្លាប់មិនងាយ ទាយមិនចេញ
ចូលដេកវិញ ទន្ទេញធម៌ “I Love You” ។
IMG_3515
———
រាត្រីសួស្ដី ពី លឹម វីរីយ៉ា
សៀមរាប, យប់ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៧ មិថុនា គ.ស ២០១៦
———
[[[កុំភ្លេចទន្ទេញធម៌ ៣ ម៉ាត់ខាងលើឲ្យបានរៀងរាល់ថ្ងៃ ដើម្បីជីវិតសុខសាន្ត!]]]

អនុស្សាវរីយ៍នៅ True Café

រំឭករឿងចាស់ ច្បាស់នៅនឹងភ្នែក នឹកមិត្តពន់ពេក ដេកដើរស្រម៉ៃ

ស្រណោះគ្រានោះ ទោះរវល់ក្រៃ ឆ្លៀតបានមួយថ្ងៃ ថ្លៃដូចដុំមាស។

រំឭករឿងដើម ផ្ដើមនឹកមិត្តចាស់ ម្ភៃឆ្នាំយូរណាស់ ខ្លះឡើងផុតរាស្ត្រ

រស់ក្នុងមង្គល ស្គាល់តែពាក្យឈ្នះ ដូចបានពរព្រះ ជះដោយរង្សី។

រំឭកថ្ងៃហ្នឹង ប្រឹងណាត់ជួបគ្នា សាសងរមនា នាហាងបើកថ្មី

ឈ្មោះ True Café ម៉ាកគេល្បាញល្បី មកពីស្រុកថៃ ដីជាប់យើងទេ។

សូមណែនាំជូន លូនតាមអក្ខរា សារស័ព្ទវោហារ ទេសនាឡង់សេ

មិត្តយើងបើកហាង អាង Brand ល្បីគេ គឺ True Café ជ្រេម៉ូយពេញធឹង។

ភ្លក្សហើយជាប់ចិត្ត ស្និទ្ធជាប់អណ្ដាត ហាងគេក៏ស្អាត ខ្នាតគេឡូយម្លឹង

ម្ចាស់ហាងប៉ាវផឹក នឹកឃើញរឿងហ្នឹង ផឹកអស់ទើបដឹង ពឹងឯងតែងកាព្យ។

ណ្ហើយចុះពួកម៉ាក ស្លាកឯងល្បីផង អួតតាមទំនង យោងតាមគេប្រាប់

ថា True Café កេរ្ដិ៍ឈ្មោះល្បីឆាប់ ព្រោះរសចំណាប់ ចាប់មាត់ឃាត់ចិត្ត។

មាន អៃស៍-ឡា-តេ កាហ្វេសាកល លក់មិនដែលសល់ ខ្វល់តែអត់លិឍ

កា-ពូ-ឈី-ណូ សូកូឡាពិត វ៉ា-ហ្វល នំស្អិត ខិតអមរសជាតិ។

អញ្ជើញអ្នកភ្នំពេញ ទិញដល់ក្នុងហាង ធានាគ្រប់យ៉ាង អាងឈ្មោះម្ចាស់ទៀត

បើផឹកមិនឆ្ងាញ់ ចាញ់កាហ្វេ វៀត កុំអាលចាកឃ្លាត ឆ្លៀតថែមជូន ហ្វ្រី។

អញ្ជើញអ្នករស់នៅ ផ្លូវបឹងកេងកង អញ្ជើញញាតិប្អូនបង ចងមិត្តមូលមីរ

ជួយជាវកាហ្វេ គេល្បីពេញទី បើផឹកម៉ោងពីរ ហ្វ្រីដល់ម៉ោងបាយ។

សូមអញ្ជើញ សូមអញ្ជើញ! ឃើញហើយកុំហួស ហាងគាត់លើកឈ្មោះ ខ្ពស់ផុតដើមស្វាយ

ឡូហ្គោ មូលៗ ទូលឡើងឆើតឆាយ ចតឡានសប្បាយ ចាយធីបប្រាំរយ។

សង្ឃឹមថាមិត្ត គិតដល់ហាងយើង ខំរុញឲ្យថ្កើង ឡើងថ្កុំ កុំធ្លោយ

លោកអ្នកជាស្ដេច ស្រេចហើយគឺឡូយ បើស្ម័គ្រជាម៉ូយ អូយ! សប្បាយចិត្ត។

តោះយើងលាគ្នា វេលាត្រឹមហ្នឹង ប្រូច្រើនម្លឹងៗ ដឹងតែបានស្និទ្ធ

ភ្លក្សហើយកុំភ្លេច ថតផ្សាយផងមិត្ត ចែកគ្នាលិឍ ដល់និរន្តរ៍ហោង!

——

ដោយ លឹម វីរីយ៉ា

(មិត្តភ័ក្ត្រដែលជាម្ចាស់ហាង គេពឹងឲ្យសរសេរ!)

ថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនា គ.ស ២០១៦

Viriya Lim (1)

Viriya Lim (2)

Viriya Lim (3)

Viriya Lim (4)

Viriya Lim (5)

1111111 (1)