Tag Archives: លឹមវីរីយ៉ា

សកវាទ៍…

សកវាទ៍...

សកវាទ៍ ឱណាផ្ការំចេក ឯនាយជើងមេឃ ភ្លឺផ្លេកតាមប្លង់
សកវាទ៍ ឱណាផ្ការំចង់ អ្នកស្រុករហង់ ជញ្ជាត់ត្រីក្រាញ់
សកវាទ៍ ឱផ្កាក្រឡាញ់ រូបរាងគួរខ្នាញ់ មើលពីចម្ងាយ
សកវាទ៍ ឱណាផ្កាកាឆាយ រលាស់គូថខ្ចាយ សប្បាយស្រុកយើង…
————————
ត្រូវការអ្នកបន្ទរ តទៅមុខទៀតណា……
វីរីយ៉ា,
សៀមរាប, ថ្ងៃ៦កើត ខែផល្គុន ឆ្នាំម្សាញ់ បញ្ចសក័ ពស ២៥៥៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី៦ ខែមិនា គ.ស ២០១៤

ញញឹម…

ញញឹម...

ញញឹមចេញធ្មេញ ហៅញញឹមស្រស់
ញញឹមសើចអស់ ស្រស់ដូចស្រង៉ែ
តែញញឹមខ្ញុំ មើលទៅម្យ៉ាងដែរ
ញញឹមដាក់ស្នេហ៍ នៅក្បែរមាត់ជ្រោះ។

ជួបដោយនិស្សយ័

ជួបដោយនិស្សយ័

ជំនោរមិគសិរខ្យល់ត្រជាក់
អព្ទ័ក្រាស់ចុះធ្លាក់នៅស្រុកខ្មែរ
សៀមរាបអង្គរមិនប្រួលប្រែ
ណាត់ជួបម្ចាស់ស្នេហ៍តារាល្បី។

កេរ្តិ៍ឈ្មោះក្រអូបដូចផ្កាម្លិះ
សុះសាយគ្រប់ទិសទាំងប្រាំបី
អ្នកណាមិនស្គាល់ Jasmine ស្រី
សាសងរាល់ថ្ងៃតែកាព្យា។

ទោះបីឥន្រ្ទជិតគង់ខន្តី
លួចបង្ខិតដីឲ្យជិតគ្នា
គ្រាន់បានជួបភក្រ្ត័មួយវេលា
ដប់ឆ្នាំឃ្លាតគ្នា មិនអល់អែក។

ជួបហើយនិងព្រាត់ជាធម្មតា
ទោះជាតិទេវតាក៏គង់បែក
ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក
និស្សយ័ល្អឯកយើងជួបទៀត។
——————————–
លឹម វីរីយ៉ា, ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៣

ចង់នៅម្នាក់ឯង

ចង់នៅម្នាក់ឯង

សម្លឹងមើលមេឃ ឃើញពពក
រសាត់ទៅមក បោកជាភ្លៀង
អង្គុយម្នាក់ឯង ស្ដាប់ចម្រៀង
បទភ្លេងគេច្រៀង រឿងដូចខ្ញុំ។

វីរីយ៉ា

កំសាន្តក្នុងព្រៃ

កំសាន្តក្នុងព្រៃ

គយគន់មើលចុងព្រឹក្សា
បក្សីខ្ញៀវខ្ញារ ចរចារអ៊ឺងកង
ញីឈ្មោលហិចហើរត្រសង
ហាក់ដូចឌឺដង បំណងដៀមដាម
ខ្ញុំដើរញើសហូររហាម
គ្មានអ្នកដើរតាម រអាមដួងចៃ
កំសាន្តលើស្ពានក្នុងព្រៃ
ពន្លឺរស្មី ចាំងជះកាយា
ថ្ងៃនេះបើសិនម្តេចម្តា
សូមកុំតវ៉ា មេត្តាកុំមាត់
ចាស់ៗទម្លាប់ហាមឃាត់
នារីស្គមធាត់កុំពាក់ស៊ិចស៊ី
សុំច្បាប់តែប្រាំនាទី
ថតរូបស៊ិចស៊ីបង្អួតFacebook
ថ្ងៃនេះតទៅថ្ងៃមុខ
យីអ៊ុនលែងស្រុត ផុតសៅហ្មងអ៊ើយ………!!!
———————
លឹម វីរីយ៉ា, កំពង់ភ្លុក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣

មោទកភាពនៃឈ្មោះខ្ញុំ

មោទនភាពនៃឈ្មោះខ្ញុំ

បេះដូងជម្ពូ គូរនៅលើថ្ម
វាសដោយដី-ស លម្អដោយឈ្មោះ
លឹមវីរីយ៉ា បួនម៉ាត់យ៉ាងខ្ពស់
មិនខ្លីវែងហួស ជួសចាំងាយបាន។

ឈ្មោះពីកំណើត កើតពីម៉ាក់ប៉ា
តាក់តែងចែងចា នយ័ថាក្លាហាន
មោះមុតរឹងប៉ឹង មិនត្អឹងសាមាន្យ
ប៉ាម៉ាក់រុញច្រាន ឲកូនខ្មីឃ្មាត។

មិនដែលក្រឡាស់ ឬផ្លាស់ឈ្មោះថ្មី
ព្រោះឈ្មោះមាននយ័ ស្តីរាប់ដោយញាតិ
មិនដូចក្មេងក្មាង ផ្តេសផ្តាសព្រោងព្រាត
ដាក់ឈ្មោះចោលម្សៀត ឃ្លាតចាកនយ័ពិត។

មោទនភាពខ្ញុំ គឺភាពស្មោះត្រង់
រក្សាបានខ្ញង់ ផ្ចិតផ្ចង់ជីវិត
មិនភូតមុសា រចនាបាំងបិទ
លឹមវីរីយ៉ាពិត ផ្តិតជាប់រយឆ្នាំ។

ឈ្មោះចារលើខ្សាច់…

ឈ្មោះចារលើខ្សាច់...

រលកបោកខ្សាច់ផ្តាច់ស្នាមស្នេហ៍ចាស់
ទឹកហូរបញ្ច្រាស់ដាស់ខ្យល់សមុទ្រ
ឈ្មោះបងបីម៉ាត់ដែលអូនចារទុក
មិនទាន់រលុបពីបេះដូងឡើយ។

រលករលេញប្រដេញមិនដាច់
រលាស់គ្រាប់ខ្សាច់ផ្ដាច់ឈ្មោះអូនហើយ
Lim Viriya ដែលបងឆ្លាក់ឲ
ទឹកប្រៃដង្ហោយហូរគ្មានសល់អ្វី។

ឈ្មោះបងអូនបានឆ្លាក់ក្នុងបេះដូង
ប៉ុន្តែឈ្មោះអូនបងឆ្លាក់លើដី
អនុស្សាវរីយ៍ហាក់នៅថ្មីៗ
សមុទ្រសាក្សីរឿងស្រីនិងបង។

ឩ ទឹករលកកុំបោកខ្លាំងពេក
ខ្ញុំស្ទើរដួលដេកឈឺចាប់កន្លង
នៅលើលោកនេះគ្មានអ្នកស្មោះម្ដង
ឈប់គិតឈប់ផ្សងហើយក្នុងជាតិនេះ។
————————————————–
លឹម វីរីយ៉ា, ថ្ងៃអាទិត្យ ១កើត ខែកត្តិក ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

រឿង ឆ្នាំក្រោយខ្ញុំនឹងឈប់លួច

ឆ្នាំក្រោយខ្ញុំនឹងឈប់លួច(អត្ថបទអក្សរសិល្ប៍ចិន)

ក្នុងសមយ័ ឈុនឈីវ គ្រាមួយនោះ “តែ យីង ជឺ” ជាមន្ត្រីប្រទេសសុង បានពិភាក្សាពីបញ្ហាការគ្រប់គ្រងប្រទេសជាមួយនឹង “ម៉ឹង ជឺ”ម៉ឹង ជឺ បានលើក យកបញ្ហាអត់ឃ្លានរបស់ប្រជាជនមកវែកញែកដោះស្រាយដោយបាននិយាយថា៖ “ក្រៅពីភយ័ធម្មជាតិ ការរាំងស្ងួត ដែលធ្វើឲ្យប្រជារាស្រ្តជួបប្រទះ នឹងភាពលំបាកទៅហើយនោះ ពន្ធអាករ ក៏នៅតែជាភារៈដ៏ធ្ងន់ធ្ងរផងដែរ”។

ក្រោយការជជែកវែកញែកមួយស្របក់ធំមក តែ យិង ជឺ ក៏យល់ព្រមទទួលការពិតត្រង់ចំណុចនេះ ព្រមទាំងសន្យាថានឹងកាត់បន្ថយពន្ធអាករខ្លះៗ តែមិនអាចកាត់ផ្តាច់ភ្លាមៗនោះទេ ដោយរង់ចាំទាល់តែឆ្នាំមុខ ទើបអាចកាត់ផ្តាច់បាន។ ក្នុងឆ្នាំនេះ បានគ្រាន់តែបន្ធូរបន្ថយប៉ុណ្ណោះ។

ស្តាប់យោបល់របស់ តែ យិង ជឺ ហើយ ម៉ឹង ជឺ អង្គុយស្ងៀមមួយសន្ទុះ គេយល់ក្នុងចិត្តថា តែ យិង ជឺ គ្រាន់តែនិយាយ ឲ្យរួចពីមាត់តែប៉ុណ្ណោះ គេមិនមានចេតនា ដោយពិតប្រាកដនោះទេ ហេតុនេះ ម៉ឹង ជឺ ក៏និទានរឿងមួយឲ្យ តែ យិង ជឺ ស្តាប់ ៖

——————————————–

……មានបុរសម្នាក់ តែងដើរលួចមាន់អ្នកស្រុកជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ អ្នកជិតខាងម្នាក់ដឹងថា បុរសនេះ ជាអ្នកលួចមាន់របស់ខ្លួន ក៏ខឹងសម្បារយ៉ាងខ្លាំង។ កន្លងមកទៀត មានអ្នកភូមិម្នាក់ បានទៅជួយដាស់តឿនបុរសជាចោរនោះថា៖ “ការលួចទ្រព្យសម្បត្តិអ្នកដទៃ គឺជាអំពើថោកទាបគួរឲ្យអាម៉ាស់បំផុត ឯងលួចមាន់អ្នកស្រុក ចាត់ទុកថាជាមនុស្សខ្វះសីលធម៌ ហេតុនេះ ឯងត្រូវកែខ្លួនឲ្យបានល្អឡើងវិញ ហើយចាប់ពីពេលនេះតទៅ ត្រូវឈប់ទៅលួចមាន់គេទៀត”។

ក្រោយពីបានស្តាប់ហើយ បុរសលួចមាន់ក៏ឆ្លើយថា៖ “ខ្ញុំដឹងថា ខ្ញុំបានធ្វើខុសមែន ឥលូវនេះអញ្ចេះទៅចុះ ខ្ញុំនឹងលួចឲ្យកាន់តែតិចជាងមុន ដែលពីមុនលួចរាល់ថ្ងៃ ឥលូវនេះ​ខ្ញុំនឹងលួចមួយខែម្តង ហើយលួចតែមាន់មួយទេ ដល់ឆ្នាំមុខ ខ្ញុំនឹងឈប់លួចមែនទែនហើយ”……????

ប្រភពពី: “ប្រាជ្ញាជីវិត” បកប្រែនិងរៀបរៀងដោយ គឹម ចាន់ណា (អតីតសាស្រ្តាចារ្យខេត្តបាត់ដំបង), ទំពរ័ ១៦-១៨, ការផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ, ២០០៨

—————————————–

វិភាគអក្សរសិល្ប៍

“ដឹងថាខុសត្រូវកែប្រែភ្លាម មិនបាច់ចាំស្អែកនោះទេ”

 ដឹងថាខុសហើយឆាប់កែប្រែ គឺប្រសើរបំផុត។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ ការដឹងថាខ្លួនខុសតែមិនព្រមទទួលកំហុស ព្រមទាំងរកវិធីដោះសាឲ្យខ្លួនរួចផុតពីខុស មនុស្សប្រភេទនេះមានច្រើនរាប់មិនអស់ មូលហេតុដោយសារអ្នកទាំងនោះ មិនមានភាពក្លាហានគ្រប់គ្រាន់ក្នុងការទទួលកំហុស។

ភាពខ្ពង់ខ្ពស់របស់មនុស្ស មិនមែនសំដៅលើថា អ្នកនោះមិនធ្លាប់ធ្វើអ្វីខុសនោះទេ ការធ្វើខុសវាជារឿងដែលពិបាកនឹងជៀសវាងបំផុត តែចំពោះមនុស្សល្អមានគុណធម៌ គេនឹងមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការទទួលស្គាល់កំហុស និងព្យាយាមកែសម្រួលខ្លួនឯងសាជាថ្មីតាមរយៈការប្រតិបត្តិ គឺមិនមែនជាពាក្យសន្យា នោះទេ។

ដឹងច្បាស់ថាខ្លួនខុស បែរជាមានចេតនាបន្លាយពេលវេលា មិនព្រមកែប្រែភ្លាមៗ មនុស្សប្រភេទនេះ មិនត្រឹមតែមិនអាចលប់លាងអតីតកាលដ៏អាស្រូវបាននោះទេ គេរឹងរឹតតែធ្លាក់ក្នុងអន្លង់នៃអំពើបាបដោយគ្មានទីបញ្ចប់។

តាមឧទាហរណ៍ខាងលើ បើទទួលស្គាល់ថា ការលួចមាន់ជាអំពើអាក្រក់ ក៏គួរតែឈប់លួចយ៉ាងដាច់ខាត កែប្រែខ្លួនជាបន្ទាន់ ហេតុអ្វីត្រូវចាំដល់ឆ្នាំមុខបានឈប់លួច? ធ្វើខុសមិនមែនគួរឲ្យខ្មាសនោះទេ អ្វីដែលគួរឲ្យខ្មាសនោះ គឺការដែលដឹងថាខុសហើយនៅតែបំពាន។ ខុសដដែលៗ ខុសហើយខុសទៀត ថែមទាំងខំរកល្បិចគ្រប់យ៉ាងមកដោះសា បោកប្រាស់ទាំងអ្នកដទៃ បោកប្រាស់ទាំងខ្លួនឯង។

—————————————-

“ម៉ៅ ឡៃ” អ្នកនិពន្ធម្នាក់ បានទុកពំនោលដ៏ល្អមួយថា៖

 “សូមកុំមានការអៀនខ្មាស នៅពេលទទួលស្គាល់កំហុស ព្រោះការទទួលស្គាល់កំហុស បញ្ជាក់ឲ្យដឹងថា ចាប់ពីពេលនេះទៅ អ្នកឆ្លាតជាងមុនហើយ”

អំបុកចេកទុំ…

អំបុកចេកទុំ…

(បទ ភុជង្គលីលា)

អំបុកស្រូវថ្មីចេកទុំ
កម្លោះក្រមុំ បន្ទុំចិត្តនឹក
បានឆីស្រម៉ៃឡើងភ្លឹក
ពីយប់ដល់ព្រឹក រឭកមិនណាយ
ឆីហើយអារម្មណ៍ស្រស់ស្រាយ
លែងនឹកនាបាយ អភិប្រាយទៀត
អំបុកចេកទុំមិនឃ្លាត
អាហារ-សរជាតិរវាតមិនបាន
ទំនៀមខ្មែរពីបុរាណ
រស់សុខក្សេមក្សាន្ត សម្រាន្តដោយស្រូវ
អំបុកនាដើមរដូវ
ក្រអូបពេកកូវ តម្រូវដូងខ្ចី
មានចេកណាំវ៉ាពីរបី
មិនគ្រាន់ទុកឆី ប្រឡែងព្រះខែ
អំបុកមួយចានជូនម៉ែ
នៅសល់ហូរហែ ទុកជូនដល់ឪ
អំបុកឈ្ងុយឈ្ងប់ពេកកូវ
វស្សាផុតទៅ តម្រូវរោងការ
ប្រុសស្រីសមយ័នេះណា
មិនដឹងសាវតារ អំបុកសាក្សី
ដើរតួក្នុងប្រពៃណី
ទម្លាប់ចូលស្តី សិរីនាំមុខ
ត្រូវមានអំបុកឈ្ងុយឈ្ងប់
ដាល់ពីព្រលប់ ស្តីពីព្រលឹម
ហែក្បួនដោយស្នាមញញឹម
ងើយមុខសង្ឃឹម អំបុកក្នុងដៃ
ដល់ហើយមិននៅតថ្លៃ
អំបុកពេញល្អី ស្រមយ័ដូរស្នេហ៍
យាយតាបងប្អូនពុកម៉ែ
ហេហាហូរហែ កន្តែរ៉ែរាំ
គោះស្គរគោះប៉ោតទន្ទ្រាំ
ស្រែកច្រៀងរេរាំ សុំកូនក្រមុំ
រឿងរ៉ាវសង្ខេបត្រឹមម្តុំ
ជារឿងប្រមុំ ប្រមូលចែកញាតិ
អានហើយកុំភ្លេចខ្មីឃ្មាត
រំលែកតទៀត ឲ្យញាតិដឹងផង!
——————————————
ដោយ លឹម វីរីយ៉ា,
សៀមរាប, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣, ត្រូវនឹងថ្ងៃអាទិត្យ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ បញ្ចសក័ ព.ស ២៥៥៧

អនុស្សាវរីយ៍ភ្នំក្រពើ

អនុស្សាវរីយ៍ភ្នំក្រពើ