Tag Archives: កំណាព្យបទ៧ព្យាង្គ

“អំនួត”

(កំណាព្យ បទ ៧ព្យាង្គ)

អំនួតក្អេងក្អាង ច្រើនតែអន់
ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យ
រសៀលចេញអួត តាមទម្លាប់
យប់ឡើងដេកទ្រាប់ កើយដៃគិត។

ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់
អួតក្នុងអង្គប់ បន្លាស្អិត
ដៀលញាតិបងប្អូនធ្លាប់ជាមិត្ត
ថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។

អួតរឿងមានលុយ ឡាន វិឡា
អួតអលង្ការ ភ្លឺចែងចាំង
អ្នកធ្លាប់បានជួយ ក្លាយជាខ្មាំង
ព្រោះតែមោហ៍បាំង បិទជិតមុខ។

អួតថាអញមានព្រោះអញឆ្លាត
ពូកែសង្វាតសន្សំទុក
អួតថាអញខ្លាំងមានជង្រុក
ដែលពោរពេញផ្ទុកដោយមាសប្រាក់។

អួតនេះហៅចំមហាអន់
ព្រោះពេលអាសន្នជាន់ច្រវាក់
ចេះត្រឹមចំទាលដូចជនខ្វាក់
ក្ដោបតែលុយកាក់មិនកាន់សីល។

អំនួតបែបនេះ ច្បាស់មិនយូរ
គង់រលាយហូរដូចអំបិល
ហៀរទៅតាមផ្លូវស្លែរអិល
ធ្លាក់រណ្ដៅទមិឡ រងទុក្ខា។

ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺ
ងាករកពន្លឺព្រះសាស្ដា
រក្សាសីលខ្ពស់ ឈ្មោះហៅថា
បុគ្គលអស្ចារ្យ ព្រោះដឹងទោស។

សូមទម្លាក់ចុះនូវទិដ្ឋិ
មានះ អស្មិ ចចេសខុស
ឈប់ផ្ដន្ទាជនសប្បុរស
ឈប់សាងកំហុសបំពានធម៌។

សូមឱ្យអ្នកភ្ងារ រកឃើញត្រូវ
បានដើរលើផ្លូវដ៏បវរ
មានអ្នកគោរពដោយស្មោះស
ពាល់សច្ចធម្ម ព្រះនិព្វាន។
________

វិរិយា 🌸

ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥

សាវកប្លម (កំណាព្យបទ៧ព្យាង្គ)

មើលរូបលិចទឹក នឹករឿងចាស់

កាលណោះជ្រួលណាស់ ទាំងចាស់ក្មេង

ប្ដូរងាប់ជាប់ឈ្មោះ ជួសសំឡេង

មិនដឹងគេលេងពង្វក់ក្បាល។

ឥឡូវភាគ២ ស៊ីលុយក្រាស់

ជំទាវច្រើនណាស់ជួយបណ្ដាល

បណ្ដុះគំនិតអន់ស្រាលៗ

ងងឹតអម្បាលអវិជ្ជា។

អ្នកខ្លះមានងារដល់ឧកញ៉ា

ប៉ុន្តែប្រាជ្ញាដូចមាន់ទា

បង្ហោះហ្វេសប៊ុគផ្សាយតគ្នា

ពន្លិចអ្នកជាឱ្យធ្លាក់ជ្រាំ។

ឧបាសិកាមហាខ្ពស់

ងារសែនពីរោះឈ្មោះបន្លំ

ដឹកនាំគេឯងលែងសូវសម

ព្រោះលបរៀបចំចោរសាមាន្យ។

ធម្មព្រះសម្ពុទ្ធមិនត្រងត្រាប់

បែរជាទៅផ្កាប់រឿងតិរច្ឆាន

ផ្សាយធម្មថោកទាបពេញភូមិឋាន

សមាធិបានក្លាយជាព្រាយ។

វិបស្សនាមិនព្រមគិត

បែរជាទៅរឹតរឿងទំនាយ

ខំប្រឹងទម្លុះសីលធ្លុះធ្លាយ

លាមកស្អុយភាយពេញខេមរា។

——–

វិរិយា🌸

៨រោច ខែកត្ដិក ២៥៦៧​ – ៥ វិច្ឆិកា ២០២៣

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

លម្ហមេឃនិងផ្កាយ (កំណាព្យបទ៧ព្យាង្គ)

ឃើញលម្ហមេឃដេកលែងលក់
ឃើញផ្កាយគម្រក់រះព្រោងព្រាត
ផ្គរលាន់ឥតភ្លៀងល្អៀងខុសស្នៀត
ខ្យល់បក់ស៊កសៀតនៅតែក្ដៅ។

ឃើញលម្ហមេឃស្លេកប្រមាត់
ឃើញផ្កាយសម្ងាត់រះក្រឡៅ
ឈ្មោះដល់ទៅពីរអ្នកស្រុកដៅ
ព្រឹកល្ងាចគេហៅមិនដូចគ្នា។

ឃើញលម្ហមេឃរែកដួងចិត្ត
ឃើញផ្កាយតូចល្អិតឈ្មោះមាន់ទា
ខ្លះយាមនង្គ័លស្គាល់វេលា
ប៉ុន្តែបែរជាឥតប្រយោជន៍។

ឃើញលម្ហមេឃវែកការពិត
ឃើញកាន់តែជិតគិតដូចខ្មោច
ផ្កាយព្រឹកផ្កាយចោរប៉ប្រោល្អោច
ចុងក្រោយដាច់ដោចហោចហិនអស់។

ឃើញលម្ហមេឃជជែកគ្នា
ឃើញបទសន្ទនាឃ្លាស្រស់ៗ
គេពោលលាក់ពុតសែនស្រណោះ
អាល័យអាឡោះខ្សោះសង្ឃឹម។

ឃើញលម្ហមេឃត្រេកត្រអាល
ឃើញផ្កាយត្រកាលក្រាលបស្ចិម
រះពីព្រលប់ដល់ព្រលឹម
ទឹកភ្នែករឹមៗសង្ឃឹមខុស។

ឃើញលម្ហមេឃក្រឡេកមើល
ឃើញផ្កាយងងើលរះចម្រុះ
បង្អួតសន្ធិយាជាចំណុះ
ក្អេងក្អាងផុលផុសពេញភពខ្មៅ។

ឃើញលម្ហមេឃដេកតែឆ្ងល់
ឃើញផ្កាយហ្នឹងថ្កល់សល់ចន្ទ្រខ្លៅ
ខំរះសោយរាជ្យតកូនចៅ
ផ្កាយព្រឹកគេហៅពូជផ្កាយចោរ។

ឃើញលម្ហមេឃដេកតែព្រួយ
ផ្កាយខ្លះរលួយជ្រុះបាក់សោ
បែកបាក់ធ្លុះធ្លាយទំនាយហោរ
ម្នឹះរត់ស្លន់ស្លោព្រោះអាចម៍ផ្កាយ។
———-
វិរិយា🌸

ថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា គ.ស. ២០២១

កំណាព្យ “សិទ្ធិស្ត្រី”

(បទព្យាង្គ៨)

នេះនឹងថ្លាថ្លែងសម្ដែងរឿងសិទ្ធិ
សេរីភាពពិតដិតនៅត្រង់ណា
ទិវានារីល្បីល្បាញអស្ចារ្យ
នៅលើលោកាអ្នកណាក៏ដឹង។

លិចកើតជើងត្បូងរំលងហួសមេឃ
នារីខ្លះរែករកសិទ្ធិទាំងតឹង
ជួនទាល់តម្រិះខ្វេះសិទ្ធិបាតបឹង
ដង្ហោយទាំងប្រឹងខឹងគ្មានអ្នកឮ។

ពាក្យសិទ្ធិនារីជាទីរំឭក
ទន្ទេញឱ្យញឹកនឹកដល់នោះគឺ
ជាសិទ្ធិមនុស្សពេញដោយពន្លឺ
ក្ដៅរងារឈឺគឺរឿងតែមួយ។

សង្គមដែលខ្លាំងចែងចាំងរស្មី
ព្រោះតែមានស្រីឋានៈភូឈួយ
កាន់កិច្ចការធំមូលផ្ដុំចាំជួយ
កម្លាំងជំនួយគ្រប់វិនាទី។

បើចង់រស់នៅពេញដោយសក្ដិយស
មានមុខល្បីឈ្មោះត្រូវលើកនារី
ឱ្យកាន់រឿងធំប៉ុនដែនធរណី
អំណាចពេញទីនោះយើងនឹងខ្លាំង។
_________
(បទព្យាង្គ៧)

ប៉ុន្តែគិតទៅ នៅដដែល
រឿងរាក់កំផែល មិនដែលច្បាំង
ព្រោះតែទំនៀម បៀមឡើងក្ដាំង
គ្មានហ៊ានប្រឆាំង ខ្លាចបាយឆៅ។

មិនដឹងពេលណា ថ្លាគំនិត
មានស្រីចេះគិត រឹតឱ្យក្ដៅ
ផ្លាស់ប្ដូរសង្គម ធ្លាប់តែខ្លៅ
រាក់ជ្រៅ សខ្មៅ ហៅដឹងភ្លាម។

ពាក្យសិទ្ធិស្ត្រី ល្បីកប់មេឃ
ល្បីល្បាញខ្លាំងពេក ដេកស្លឈាម
ពេលខ្លះហួសចិត្ត នឹងទំនៀម
មនុស្សក្រាបដូចចៀម មិនហ៊ានប្ដូរ។

ប្រាំបីមីនា ហៀរតាមកែង
ហូរដាបឥតក្រែង ក្លែងជាហ៊ោ
កញ្ជ្រៀវបោកបក់ ដង្ហក់ប្រូ
ខ្ញៀវខ្ញារបន្ទរ តាមបញ្ជា។

បើចង់បានសិទ្ធិ សេរីភាព
ស្រីៗត្រូវជ្រាប កុំមាយា
តាមពាក្យបញ្ចើច គេផ្ដន្ទា
ភ្ញាក់ឡើងធ្វើជា ស្ត្រីខ្លាំង!
_________

វិរិយា🌸

ថ្ងៃសៅរ៍ ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែមីនា គ.ស. ២០២១

ជំនឿ (កំណាព្យបទ៧ព្យាង្គ)

ទំនៀមទម្លាប់ ជាប់ពីព្រេង
មនុស្សអ្នកតាក់តែង ចែងជាច្បាប់
គេឱ្យគោរព ងប់ចំណាប់
អ្នកណាមិនត្រាប់ ចាប់ទៅចង។

រឿងខ្លះប្រតិដ្ឋ គិតមិនដល់
អ្នកជឿខ្វាយខ្វល់ ឆ្ងល់កន្លង
បុណ្យបាបជាអ្វី ស្ដីប្រាប់ផង
មួយជាតិហែលឆ្លង បំណងអី?

គេឲ្យលុតក្រាប លែងចាបរស់
ស្រោចទឹកកាត់គ្រោះ ឈ្មោះម្នឹះថ្មី
ក្រណាត់ពណ៌ស គ្របផ្ទាល់ដី
ច្រៀងលើករាសី ក្រែងផុតទុក្ខ។

គិតទៅផ្លូវមនុស្ស ជុះហើយស៊ី
ដេកដើរសំភី ភ្លីពេញមុខ
យកពុទ្ធសាសនា ញាត់ជង្រុក
ខ្លួនឯងចូលគុក កម្មអាក្រក់។

សែនខ្មោចបោចស្មៅ ហៅអារក្ខ
ដួសបាយដាក់ស្រាក់ ហាក់កខ្វក់
ស្លៀកពាក់ភ្ញាក់ព្រឹក នឹកអ្នកក្ដក់
ភ្លៀងស្រក់តិកតក់ ក៏តស៊ូ។

ខំជឿខំបន់ ស្រន់ព្រលឹង
រួចហើយទន្ទឹង ធ្មឹងសែនយូរ
រង់ចាំដូនតា ជួយគិតគូរ
ព្រោះរស់មិនធូរ មិនដឹងហេតុ។

ព្រះមានមិនជឿ ទៅជឿខ្មោច
ព្រលឹងអសោច ល្អោចក្រុងខេត្ត
សព្វពាសពេញដី ផ្ទៃវាស់ម៉ែត្រ
ខែភ្លៀងខែចេត្រ ឃើញតែបន់។

រឿងភពងងឹត គិតឲ្យជ្រៅ
បើមិនស្គាល់ផ្លូវ ត្រូវ​អាសន្ន
ដូរផ្នត់គំនិត ក្រិតឱ្យគ្រាន់
ក្រែងរស់បានទាន់ ស្គាល់និព្វាន។
___________

វិរិយា🌸

ថ្ងៃសុក្រ ៩រោច ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី១១ ខែកញ្ញា គ.ស. ២០២០