Tag Archives: កំណាព្យខ្មែរ

ជាប់ទងលើដី

ទំនាក់ទំនង ទំនាស់ជាប់ទង ទំនងឥតទាស់

ចម្ការទំនាប ដីទាបគេរាស់ ទំនើបឥតខ្ចោះ

ទាស់តែក្រោមមេឃ។

ប៉ផ្អាក់ប៉ផ្អើក ប៉ផ្អូចដូចត្អើក ប៉ផ្អើកចង់ដេក

ចម្ការដំណាំដាំ ដុះល្អពេក ត្រួយល្ពៅត្រួយចេក

ដេកចាំតែបេះ។

ប៉ាភ្លីប៉ាភ្លើ ដើមដុះខាងលើ មើលក្រោមសុទ្ធផេះ

អាចម៍គោមាន់ទា គឺជាចំណេះ អ្នកដឹងអ្នកចេះ

ប្រលេះបានក្លែម។

ប្រវេប្រវា ប្រវត្តិគេចារ រឿងតាសក់ផ្អែម

ចម្ការភោគផល សល់រហូតថែម ទុកជាបង្អែម

បិតតែមសាងឈ្មោះ។

ល្ពៅល្ពាក់ ពៅនាងកុំស្ទាក់ ទងធ្លាក់រង្គោះ

ទីណាសល់ដី ទីនោះសាងយស ទំនើងពេញពោះ

រស់បានដោយស្រួល។

ក្រវល់ក្រវាយ ព្រួយភ័យខ្វល់ខ្វាយ ឆ្ងាយពីដីទួល

ទំនាបលិចទឹក នឹកឡើងឆាបឆួល វ៉ល់ៗអួលៗ

ដួលងើបរាប់ភ្លេច។

_________

លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ៨រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា គ.ស. ២០២០

ចម្ការល្ពៅ នៅ Tanaka Farm, Irvine, California, USA ថ្ងៃអាទិត្យសម្រាក

សន្តិភាពពិត…

សន្តិភាពពិត ឥតក្លែងក្លាយ ឆ្ងាយមន្ទិល
ស៊ីញ៉េផ្ដាច់ផ្ដិល រំកិលជាតិ ឃ្លាតឧទ្ទាម
ម្ភៃបីតុលា សញ្ញាស្ងប់ ចប់សង្គ្រាម
រំសេវធ្លាប់ឈ្ងៀម ឈាមធ្លាប់ហូរ ប្ដូរជាស្ងប់។

សន្តិភាពពិត ឥតបន្លំ ចំគោលការណ៍
ប៉ារីសចែងចារ ថាស្រុកយើង ភ្លើងឆេះចប់
សង្គ្រាមរ៉ាំរ៉ៃ ច្នៃរុងរោចន៍ ដូចកំណប់
ដូនតាបានកប់ ខ្ចប់ពេញដី ន័យពណ្ណរាយ។

សន្តិភាពពិត ឥតមានប្រែ ថែសម្បថ
នរណាហ៊ានក្បត់ ភ្លាត់ខុសផ្លូវ ទៅរាយមាយ
ច្បាស់ជាជាប់ទោស អូសឱ្យកឿង រឿងទំនាយ
ស្មើនឹងមាក់ងាយ ធ្លាយសម្បថ ក្បត់សន្យា។

សន្តិភាពពិត ឥតមានចែង ថ្លែងរឿងបក្ស
ពោលយ៉ាងប្រចក្ស ដាក់សាក្សី ដីខេមរា
គោរពឯករាជ្យ រាជាខ្ពស់ ហួសសិរសា
បង្រួមសាសនា អហិង្សា ចារប្រពៃ។

សន្តិភាពពិត ឥតមានភ្លាវ រាវផ្ដេសផ្ដាស
សរសេរច្បាស់ៗ ផ្លាស់របប ខ្លបច្បាប់ព្រៃ
ឈប់កាប់សម្លាប់ ចាប់បណ្ឌិត រិតឱ្យក្ស័យ
គុកកម្មចង្រៃ ច្នៃមកជា ធ្លាអប់រំ។

សន្តិភាពពិត ឥតពោលដល់ ខ្វល់អត់បាយ
សម្បូរសប្បាយ ឆ្ងាយទឹកភ្នែក រែកទូលភ្នំ
គ្មានការជិះជាន់ អាសន្នរុក ទុក្ខរងំ
សើចមិនបង្ខំ នាំអំណរ អរគុណពិត។

ចូលរួមរំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ខួបលើកទី២៩
ថ្ងៃចុះសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស សម្រាប់កម្ពុជា
២៣ តុលា ១៩៩១ – ២៣​ តុលា​ ២០២០📜

លឹម វីរីយ៉ា🌸

ថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ២០២០

ខែដប់ ហប់ខ្យល់

១០កើត អស្សុជ ហុចភ្នែក ជ្រែកស្នេហា
ចង់តែផ្ញើសារ ប្រាប់ថា ជីវ៉ានឹក
តែទៅមិនរួច ព្រួចគិត ចិត្តញ័រក្អឹក
ភ្លេចបាយភ្លេចទឹក ភ្លឹកភ្លាំង គាំងនេត្រា។

រសៀលជ្រាលជ្រេ ទេរទន់ លន់តួមេឃ
ក្ដៅស្អុះខ្លាំងពេក ដេកថ្ងៃ ស្រមៃថា
បើមានភ្លៀងព្យុះ នុះច្បាស់ ម្ចាស់សីមា
ហុចឈោងហត្ថា វាចារ ស្រុះស្រួលគ្នា។

កណ្ដាលខែដប់ ហប់ឈឹង មិនដឹងខ្យល់
អស្សុជហុចកល់ ដល់គិត ខិតវេលា
ដល់ខែដប់មួយ ជួយចាំ ផ្ដាំផ្ដន្ទា
រឿងល្អរឿងជា គ្រប់គ្រា មិនសូវគ្រាំ។

អ្នកខ្លះគេឆ្ងល់ ពាល់ខុស ស្លុះបេះដូង
ស៊ើបការអន្ទោង លងលប ឈ្លបឡើងមាំ
ស៊ើបសួររកបក្ស ឆ្លាក់ឈ្មោះ ពីរោះហំ
មុខខ្ញុំនេះសម ទ្រាំបាន ក្សាន្តជានិច្ច។

ចង់ដឹងចង់ស្គាល់ ឆ្ងល់អី ពិសីបង?
អញ្ជើញផ្ដោះផ្ដង ឆ្លងឆ្លើយ កើយពាក្យពេចន៍
សាកសួរតួរង ឆ្គងឆ្គាំ ជាំបន្តិច
អ្នកកើតអ្នកលិច លបក្ដិច ប្រយ័ត្នបាប។
——–
លឹម វីរីយ៉ា🌸

ថ្ងៃ អង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ០៨ ខែតុលា គ.ស. ២០១៩

រូបថតនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ខែមេសា ២០១៩

ទឹកជ្រៅតែងស្ងប់…

ខ្លែងហោះបានខ្ពស់​ ព្រោះកម្លាំងខ្យល់
មារយាទ​លាក់កល​ ព្រោះខ្វល់កិលេស
ដូងផ្អែមថែមរស​ ព្រោះគល់កប់ផេះ
ម្នឹះល្ងង់ធេីចេះ​ អាចឆេះផែនដី។

ទឹក​ជ្រៅតែងស្ងប់​ កប់ចិត្តអ្នកប្រាជ្ញ
អ្នកឆោតមាត់ដាច​ ប្រសាចសម្ដី
បេីទឹកត្រជាក់​ ជាក់ជាផ្ដុំត្រី
ពេចន៍​ផ្អែមមានន័យ​ ស្រីប្រុស​ប្រឡាញ់។

ពួកបក្សបីសាច​ ខ្លាចខ្មោចក្នុងផ្នូរ
គោះប៉ោតទូងស្គរ​ ជន្លបោះបាញ់
ទាត់​ចោលពាក្យព្រះ​ ឈ្នះទៅទាំងចាញ់
សាងគ្រាប់ទុកបាញ់​ ប្រមាញ់គ្នាឯង។
————-
លឹម​ វីរីយ៉ា​🌸
០៥​ តុលា​ ២០១៩

ថតនៅស្រះចិញ្ចឹមត្រី ក្នុងចម្ការរបស់សាច់ញាតិបងសុមន្ថា បន្តចេញពីទីនេះទៅ គឺចម្ការអំពៅ ចម្ការដូង ចម្ការដំណាំហូបផ្លែជាច្រើន ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម

សង្ឃឹមថ្ងៃមួយ…

ថ្ងៃ​លិចពព្លាក់​ ធ្លាក់​ក្រោយជេីងភ្នំ
ប្រចៀវប្រជុំ​ ងំហេីរពេញមេឃ
ពពកពពូន​ លូនចង់ក្រាបដេក
ចាំផ្កាយយូរពេក​ រែកពន់ទឹកភ្លៀង។

សម្រេចចិត្ត​ខុស​ ស្លុះស្លុងផុងផុយ
ផ្លូវយេីងដីហុយ​ ប្រថុយឡេីងផ្អៀង
ស្រុកគេជ្រេកង់​ ចង់ជិះហេីយច្រៀង
ថ្នល់ស្អាតឥតល្អៀង​ លាងល្អដោយចិត្ត។

សង្ឃឹម​ថ្ងៃ​មួយ​ ត្រួយផ្ការំដួល
គេដាំឡេីងទួល​ ឆួលលម្អងស្អិត
ថ្ងៃនោះមានមែន​ វេនអ្នកបណ្ឌិត
នឹងបានគ្រោងគិត​ ខិតពេចន៍ប៉ប៉ោច។

ស្រណោះស្រុកស្រែ​ នាខែអស្សុជ
បេីមានដៃហុច​ ប៉ុនសុចស្រមោច
ប្រហែលអាចច្នៃ​ ស្រមៃដល់ខ្លោច
ក្មេងក្មាងខ្លាចខ្មោច​ ហោចហិនអ្នកតា។

ខ្ញុំ​សូមបួងសួង​ លួងសូមព្រះឥន្ទ្រ
ដីខ្មែរថែចិន​ កាច់កិនលោកា
បូព៌ា​និរតី​ ស្ដីឈប់ប្រហារ
បារមីអស្ចារ្យ​ រក្សាម្ចាស់ស្រុក។
————-
លឹម​ វីរីយ៉ា​🌸
០៤​ តុលា​ ២០១៩

នៅច្រកទ្វារអន្តរជាតិច្រកភ្នំដិន ព្រំប្រទល់វៀតណាម កម្ពុជា ត្រង់ចំណុចខេត្តតាកែវ ក្នុងដំណើរត្រលប់មកពីកម្ពុជាក្រោមវិញ តាមរថយន្តក្រុងពេលយប់។ រូបនេះ តាមពិត គឺពេលព្រឹកម៉ោង ៧ ថ្ងៃរះទេ…

ព្រលឹមអុរនៅព្រះត្រពាំង

ព្រលឹមថ្ងៃរះ​ ជះដួងឆព្វណ្ណ
អរុណរួសរាន់​ ជាន់ពពកថ្លា
ភ្លៀងចង់ខ្ជាក់ហូរ​ ជំនោរតុលា
អ្នកស្រែយាត្រា​ ងេីបបំពេញកិច្ច។

អរុណសួស្ដី​ ពីព្រះត្រពាំង
ខេត្ត​ខ្មែរ​ជាប់គាំង​ ទាំងគេបំភ្លេច
សូមស្គាល់​តែសុខ​ មុខខ្ពស់ជានិច្ច
អ្នកកេីតអ្នកលិច​ កុំភ្លេច​គ្នាយេីង​។
————-
លឹម​ វីរីយ៉ា​🌸
០២​ តុលា​ ២០១៩

នេះជាកូនប្រុសពៅរបស់ម៉ាក់យ៉ា នៅក្នុងចម្ការពោត ក្បែរមាត់ព្រែក ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម

ដងព្រែក…

ព្រឹកព្រាង​ថ្ងៃរះ​ ជះប៉ះចុងដួន
ចុះស្រែថែសួន​ ពួនតាមដងព្រែក
ជីវិត​ស្រុកស្រែ​ ខ្មែរនៅក្រោមមេឃ
តោះ! ងេីបពីដេក​ ទៅរែកអាចម៍គោ។

ខេត្ត​ព្រះ​ត្រពាំង​ ឃាំងដោយទឹកប្រៃ
ដងព្រែកពេញព្រៃ​ ដីដុះហួសអូរ
ខ្មែរ​លេីខ្មែរក្រោម​ ឡោមរកពុទ្ធោ
អ្នកណាស៊ីជោរ​ មកកូរគ្នាលេង។

លឹម​ វីរីយ៉ា​🌸
២៩​ កញ្ញា​ ២០១៩

នៅមាត់ព្រែក ក្នុងចម្ការពោតរបស់ឳពុកម្ដាយ បង សុមន្ថា ក្នុងភូមិបាយឆៅ ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម

ទៅបុណ្យភ្ជុំឆ្លងស្រុក…

ភ្លៀងធ្លាក់មិនដាច់គ្រាប់​ គាប់ចិត្តអ្នកស្រែ
ឮសូរតែរ៉ែៗ​ ក្បែរភពមនុស្សា
វេនបិណ្ឌក្នុងថ្ងៃនេះ​ វិសេសមហា
រីករាយក្នុងចិន្ដា​ ជ្រះថ្លា​កន្លង។

យេីងទៅបុណ្យភ្ជុំធំ​ ម្ដុំខ្មែរខាងត្បូង
កុំឱ្យខ្មោចវាលង អន្ទងផ្ដោះផ្ដង
ខេត្ត​ឃ្លាំងពាំងថ្មភ្នំ​ មុំផ្លោះរបង
ជាតិ​ខ្មែរថែគ្នាផង​ ខ្ញុំឆ្លងទៅហេីយ។
————
លឹម​ វីរីយ៉ា​🌸
២៥​ កញ្ញា​ ២០១៩

ភ្ជុំបិណ្ឌនៅកម្ពុជា…

ភ្ជុំបិណ្ឌនៅកម្ពុជា
អ្នកណាបាត់គ្នា ហួចជាសញ្ញា។
អញ្ជើញណាត់ជួបតាមសារ
សាសងផ្លែផ្កា ចរចាចិចី។
រដូវបុណ្យទានឈានដី
ណាត់មិត្តប្រុសស្រី ប្រាស្រ័យរាក់ទាក់។
ភ្ជុំបិណ្ឌក្លិនចំប៉ាលក្ខណ៍
រដូវភ្លៀងធ្លាក់ ជំពាក់ម្ចាស់ថ្លេីម។
អ្នកណាប៉ិនទប់ដង្ហេីម
ចំហៅថាឆ្នេីម ផ្ដេីមច្នៃផ្ដោះផ្ដង។
ផ្ការីកនៅក្នុងរបង
អ្នកក្លាហានឆ្លង ចម្លងដួងចិត្ត។
ភ្ជុំរួចខ្នួចចងក្រងក្រិត្យ
ក្រាបដៃយកស្និត ទុកសិតសក់ក្រង។
សៀតផ្កាចំប៉ីមួយទង
ពានាល្បាប់ផង ដងទឹកផ្កាម្លិះ។
បួងសួងលួងសូមជំនិះ
ដែលព្រះឥន្ទជិះ ឆ្លងឡេីងឋានសួគ៌។
សារខ្លីន័យវែងពេញតួ
បេីគួរមិនគួរ កុំប្រកាន់ថ្វី។
រឿងអាថ៌កំបាំងផែនដី
អ្នកណាវៀងវៃ លៃលកយកបុណ្យ។
ឆ្គាំឆ្គងរំលងថ្ងៃមុន
សូមត្រឹមម្ចាស់គុណ គន់គិតអភ័យ។
សូមបានសិរីសួស្ដី
ស្ដុកស្ដម្ភថ្លាថ្លៃ មានជ័យជោគអ៊េីយ!
———
លឹម វិរិយា🌸
២៥ កញ្ញា ២០១៩

រូបថតនៅផ្សារទំនើប Aeon Mall ទី២ ក្នុងទីក្រុងសែនសុខ អំឡុងរដូវបុណ្យភ្ជុំបិណ្ឌ ថតដោយ កុមារា ព្រហ្ម ជ័យបុត្រ កូនច្បងរបស់ម៉ាក់យ៉ា

កម្មពៀរមានពិត…

កម្មពៀរមានពិត គិតមេីលខ្លួនឯង
បំផ្លាញបែកផ្សែង គ្មានក្រែងអារក្ខ
ខ្មោចព្រាយព្រាត់ប្រាស ព្រោះម្នឹះចិត្តខ្វាក់
ស្រេកឃ្លានមាសប្រាក់ បំផ្លាញផែនដី។

កម្មពៀរមានពិត ជិតផលបង្កេីយ
បណ្ដាសាឆ្លេីយ កម្ទេចឱ្យក្ស័យ
អ្នកណាលោភលន់ នឹងរស់រីងរៃ
ដង្ហើមដកខ្លី ដង្ហោយឈឺចាប់។

កម្មពៀរមានពិត ខិតចូលមកដល់
ម្នឹះបៀមកិច្ចកល នឹងខ្វល់រាយរ៉ាប់
ប្រឌិតសាច់រឿង បំភ្លៃសម្លាប់
ចុងក្រោយនឹងស្លាប់ ត្រាប់ឈ្មោះតៃហោង។

កម្មពៀរមានពិត ផ្ដិតពាក្យប្រដៅ
ម្នឹះលោកក្បាលខ្មៅ សែនខ្លៅប្រហោង
បង្ហិនខ្លួនឯង រួចស្រែកច្រឡោង
ព្រះហុចដៃតោង ក៏មិនរួចឡេីយ។

កម្មពៀរមានពិត សូមគិតឱ្យជ្រៅ
ឈប់វង្វេងផ្លូវ ងាកត្រូវរកត្រេីយ
គោលដៅជីវិត គឺរស់ឱ្យស្បេីយ
រស់នៅត្រូវហេីយ សឹមស្លាប់ឱ្យសម។

កម្មពៀរមានពិត អ្នកល្ងិតហេីយល្ងេី
ឈប់ល្ងង់ភ្លីភ្លេី ស្លឺស្លុងខុសក្រម
កុំប្រឆាំងមេឃ រែកតាមសណ្ដំ
ជឿព្រះឈ្នះមាំ នាំសុខរៀងអ៊េីយ!
————-
លឹម វិរិយា🌸
២០ កញ្ញា ២០១៩

រូបភាពយកមកពីក្នុងអ៊ីនធើណិត