Tag Archives: កំណាព្យខ្មែរ

កម្មពៀរមានពិត…

កម្មពៀរមានពិត គិតមេីលខ្លួនឯង
បំផ្លាញបែកផ្សែង គ្មានក្រែងអារក្ខ
ខ្មោចព្រាយព្រាត់ប្រាស ព្រោះម្នឹះចិត្តខ្វាក់
ស្រេកឃ្លានមាសប្រាក់ បំផ្លាញផែនដី។

កម្មពៀរមានពិត ជិតផលបង្កេីយ
បណ្ដាសាឆ្លេីយ កម្ទេចឱ្យក្ស័យ
អ្នកណាលោភលន់ នឹងរស់រីងរៃ
ដង្ហើមដកខ្លី ដង្ហោយឈឺចាប់។

កម្មពៀរមានពិត ខិតចូលមកដល់
ម្នឹះបៀមកិច្ចកល នឹងខ្វល់រាយរ៉ាប់
ប្រឌិតសាច់រឿង បំភ្លៃសម្លាប់
ចុងក្រោយនឹងស្លាប់ ត្រាប់ឈ្មោះតៃហោង។

កម្មពៀរមានពិត ផ្ដិតពាក្យប្រដៅ
ម្នឹះលោកក្បាលខ្មៅ សែនខ្លៅប្រហោង
បង្ហិនខ្លួនឯង រួចស្រែកច្រឡោង
ព្រះហុចដៃតោង ក៏មិនរួចឡេីយ។

កម្មពៀរមានពិត សូមគិតឱ្យជ្រៅ
ឈប់វង្វេងផ្លូវ ងាកត្រូវរកត្រេីយ
គោលដៅជីវិត គឺរស់ឱ្យស្បេីយ
រស់នៅត្រូវហេីយ សឹមស្លាប់ឱ្យសម។

កម្មពៀរមានពិត អ្នកល្ងិតហេីយល្ងេី
ឈប់ល្ងង់ភ្លីភ្លេី ស្លឺស្លុងខុសក្រម
កុំប្រឆាំងមេឃ រែកតាមសណ្ដំ
ជឿព្រះឈ្នះមាំ នាំសុខរៀងអ៊េីយ!
————-
លឹម វិរិយា🌸
២០ កញ្ញា ២០១៩

រូបភាពយកមកពីក្នុងអ៊ីនធើណិត

កណ្ដាលរាត្រី…

កណ្ដាល​រាត្រី​ ស្រីគេងមិនលក់
ខ្ជិល​នៅទ្រមក់​ ស្ទក់កាយសម្ពឹក
ងេីបលីងខ្ទឹមម្ទេស​ បេះទុកពីព្រឹក
ឈ្ងុយទ្រុប​ ងប់ភ្លឹក​ នឹកចង់ក្រហាយ។

គ្រឿងផ្សំ​ ហំហួន​ អង្រួន​ឱ្យ​ឃ្លាន
បាយឆ្ងាញ់លេីកពាន​ គ្មាន​អីខ្វល់ខ្វាយ
ប្រហុកអាំងខ្ចប់​ កប់ទៅទាំងកាយ
កៀរគរ​អ្នកឆ្ងាយ​ ឱ្យ​ចេះស្ដាយស្រុក។

រាត្រី​សួស្ដី​ ចង្ក្រាន​ចុងភៅ
ម្ទេសខ្ទឹមដាក់ទៅ​ ហៅសែនស្រណុក
ញ៉ាំ​ច្រើន​ស្រណោះ​ អង្គុយសំកុក
សោយរាជ្យ​សែនសុខ​ មុខក្នុងបង្គន់។
————-
លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

មិនមែនចេះតែថាទេ គឺពិតជាងើបមកលីងខ្ទឹមម្ទេសទាំងកណ្ដាលយប់មែន មិនដឹងជាកើតថីខ្ញុំ ឆ្ងល់ដែរ!!!

អាហារនិងការងារ…

សាយណ្ហ​រីករាយ​ លាយរឿងការងារ
ក្រោមភ្លៀងរងា​ គ្រាដែលភ្លេចទុក្ខ
ជំនោរ​ភទ្របទ​ សាងស្នេហ៍បរិសុទ្ធ
ផលល្អបំផុត​ ក្នុងដែនសុវណ្ណ។

នឿយកាយក៏ព្រម​ សូមឱ្យ​តែសុខ
ដីខ្មែរម្ចាស់ស្រុក​ ចុកមាត់​ម្ចាស់​ខណ្ឌ
កំណប់មាសប្រាក់​ ស្លាក់​ក្នុងដៃខ្មាន់
ខ្មុកស្រែ​កំណាន់​ ក្រវ៉ាន់លាស់ថ្មី។

សប្បាយ​នឹងហត់​ ឃាត់​ចិត្ត​មិនបាន
បេីកភ្នែកថ្មេីរម៉ាន​ បានដោយ​សិរី​
សម្រស់​រំដួល​ ឆួលក្លិនដូរដី
ផ្ដោះផ្ដង​អាល័យ​ ថ្ងៃ​មួយ​មិនខាន។

លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

ចានអាហារដែលមានសុទ្ធតែសាឡាដ ដែលខ្ញុំញ៉ាំបណ្ដើរធ្វើការងារបណ្ដើរជាមួយអ្នកមីង ឈឹម ម៉ាណាវី និង អ្នកមីង លឹម បុប្ផា នៅក្នុងហាងកាហ្វេ ប្រោន ទួលគោក ដើម្បីពិភាក្សាលើពង្រាងរចនាសម្ព័ន្ធដឹកនាំរបស់គម្រោង មាតុភូមិ ព្រលឹងខ្មែរ នៅក្នុងទីក្រុង ឃីងមែន រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក

សកវាទ៍ផ្កាកំណាព្យ…

សកវាទ៍​ ឱ! ផ្កាកប្បាស​
អ្នកណាមុខចាស់​ ច្បាស់​ជាចិត្តក្មេង។

ការងារហត់នឿយ​ មិនលែង
យប់យន់ចូលគេង​ អេងលក់ស្រួលពេក។

ទឹក​រាក់​ធ្លាក់​ភ្លៀង​ ផ្អៀងមេឃ
រលឹមក្នុងភ្នែក​ រែកពន់ទុក្ខព្រួយ។

ដល់លង់​ ហៅគេទៅជួយ
រង៉ែរងួយ​ រំអួយច្រេីនយ៉ាង។

ផ្ដែផ្ដាំ​ឱ្យ​ចាំត្រេីយម្ខាង
សម្អិតសម្អាង​ កាងស្ពានកៀនកោះ។

ហេតុ​ផលកលរឿង​ គេស្មោះ
អាល័យ​អាឡោះ​ ផ្ដោះផ្ដង​សន្យា​។

ឱ្យ​គេបំពេញកិច្ចការ
ខ្លួន​ឯង​ហ៊ឺហា​ ដេីរហួចឡេីងហំ។

គេហ្អេីយ​ ដេីរតួសែនស្នំ
ឯខ្ញុំ​វិញខំ​ សម្ងំ​ខេីចជេីង។

សកវាទ៍​ ផ្កាផ្លូវរទេះភ្លេីង
ខ្យល់​ផាត់​ពីជេីង​ យេីងនឹងផុតព្រួយ។

ព្រឺព្រួច​ លួចព្រុយ៉ុងមួយ
ទុកជាភូឈួយ​ ជួយគ្រារ៉ោករ៉ាក។

វាំងនន​បាំងមុខ​ក្រោយ​ឆាក
ឥលូវអាចស្រាក​ សម្រាក​បន្តិច​។

ថ្ងៃ​ស្អែក​ ចែកជេីងទៅលិច
រលឹមស្រិចៗ​ ច្បិច​ស្នាមញញឹម​។

ខែក្រោយ​ អាចមានសង្ឃឹម
កាច់ផ្កាដកខឹម​ ព្រលឹមសួស្ដី។

ដោតលាយបទុមវន្តី
លាយម្លិះរីកថ្មី​ ពរជ័យ​ស្រុក​ខ្មែរ​។
________

លឹម​ វីរីយ៉ា​🌸
១៨​ កញ្ញា​ ២០១៩

រូបថត Selfie ពីទូរស័ព្ទដៃរបស់លោកគ្រូ ឆាយ បូរ៉ា ក្នុងអំឡុងពេលប្រជុំគណកម្មការដឹកនាំ មហោស្រពភាពយន្តខ្លីអាស៊ាន ២០១៩ នៅឯការិយាល័យ មូលនិធិអាស៊ី ម្ដុំបឹងកេងកង ដែលមានលោក បូរ៉ា ជានាយកគម្រោង និង ខ្ញុំជាជំនួយការគាត់

ញ៉ាំបាយចាយឫក្ស…

ញ៉ាំ​បាយ​ចាយឫក្សថ្ងៃត្រង់​
តម្រែតម្រង់​ ផ្ចង់​អាហារបួស។

នៅហាងសាឡាត់ល្បីឈ្មោះ
គេហៅពីរោះ​ ឈ្មោះ​ថា​ Vego។

រសជាតិ​សែនឆ្ងាញ់មិនប្រូ
សម្រកគីឡូ​ ប្ដូរ​រសជីវិត។

សំខាន់​ថៅកែអង្គុយជិត
នៅក្បែរនែបនិត្យ​ ផ្ដិតរូបឱ្យទៀត។

ញ៉ាំ​រួចព្រួចព្រឺចង្អៀត
ម្ចាស់​ហាង​ឥតឃ្លាត​ ឆ្លៀតទាំងប៉ាវបាយ។

គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ Surprise
រីករាយ​ក្អាកក្អាយ​ សប្បាយ​ដួងចៃ។

ទៅញ៉ែញ៉េះញ៉ោះម្សិលម្ង៉ៃ
អាឡោះអាល័យ​ រឿងដីភ្លេីងខ្យល់។

ចរចា​ចិចី​ រចល់​
ជួបឥតបន្ទាល់ ខ្វល់ខ្វាយ​រឿង​ជាតិ​។

បាយបួសជំនួសត្រីងៀត
សែនឆ្ងាញ់ផ្ដាំញាតិ​ ឃ្លាតហេីយរឭក។

ឃេីញរូបធ្វេីឱ្យអូនភ្លឹក
ម្ចាស់​បាយម្ចាស់ទឹក​ នឹកចង់ទៅទៀត។

ណ្ហើយ​ចុះ​! ថ្ងៃ​ក្រោយ​នឹងឆ្លៀត
ទៅស្រង់ស្រូបជាតិ​ ប៉ាវជូនវិញម្ដង។
————-
លឹម​ វីរីយ៉ា​🌸
១៦​ កញ្ញា​ ២០១៩

រូបភាពថតជូនដោយ បងស្រី “ទូចស្រី សុភា” ជាម្ចាស់ភោជនីយដ្ឋានអាហារបួស វេហ្គោសាឡាត់ ជាប់របងវត្តលង្កា រាជធានីភ្នំពេញ។ គាត់បានអញ្ជើញខ្ញុំញ៉ាំបាយថ្ងៃត្រង់មួយពេលប្រកបដោយ ភាតរភាពយ៉ាងក្រៃលេង!

ណែមស្លឹកកន្ទួត…

ណែមស្លឹកកន្ទួត​ អួតតិចចុះ​
ទិញទៅមិនខុស​ ទាស់ចិត្ត​ទេ​
រសជាតិ​ម្ចាស់​ដេីម​ ឆ្នេីមប្លែកគេ​
ក្លិនត្រីទន្លេអប់ស្លឹកចេក។

មីនា​ប្អូនស្រី​ ផ្ញេីមកជូន​
ចែកជាជំនូន​ ល្អអនេក​
ញ៉ាំ​រួច​ផ្ដួចចិត្ត​ ផ្ដិតជេីងមេឃ​
រឭកស្រុកពេក​ ភ្នែក​មមី។

ណែមបាត់ដំបង​ ក្រងបណ្ដូល
ម្ទេសខ្ទឹមញីឈ្មោល​ រោលវក់វី
ក្រហាយ​ក្រហល់​ ខ្វល់ញក់ញី
ក្នុងភពធរណី​ គ្មាន​ពីរឡេីយ។

អរគុណ​ច្រើន​ណាស់​ ម្ចាស់​អំណោយ​
ស៊ីចុកខ្មុកដោយ​ ដង្ហោយ​ឆ្លេីយ
តបថា​ល្អពិត​ ស្អិតងំ​ហើយ​
ភ្ជុំ​បិណ្ឌ​ឆ្លងត្រេីយ​ ស្បេីយនឹកស្រុក។

លឹម​ វីរីយ៉ា​🌸
១៦​ កញ្ញា​ ២០១៩

ណែមស្លឹកកន្ទួតដែលប្អូនស្រី ប៉ែន មីនា ជូនមកខ្ញុំចំនួន ២០០ណែម ឆ្ងាញ់ណាស់អូនអ៊ើយ!!!

យប់ជ្រៅភ្លៀងធ្លាក់…

យប់ជ្រៅភ្លៀងធ្លាក់ ភ្លឹកនឹកដល់អ្នក
ត្រជាក់ចុងដៃ ខ្យល់បក់ផាយផាត់
ដូចរសាត់ស្បៃ បបោសអាល័យ
រាត្រីបាត់ខែ។

យប់យន់ទន់ជ្រៅ ភ្លៀងធ្លាក់លិចផ្លូវ
ពៅអ៊ើយសល់តែ ទឹកដក់ក្នុងភ្នែក
រែកពុនឥតល្ហែ យកលុយទិញស្នេហ៍
ថែបានត្រឹមកាយ។

យប់ឆ្លងអធ្រាត្រ ដួងចន្ទចោលម្សៀត
ឲ្យញាតិខ្វល់ខ្វាយ មិនចេញមករះ
ព្រោះខ្លាចក្រហាយ ស៊ូនៅលាក់កាយ
ឆ្ងាយពីភ្លៀងផ្គរ។

យប់ស្ងាត់បាត់ផ្កាយ សល់តែចំហាយ
ខ្ចាយតាមជំនោរ ស្អែកឆ្លង១រោច
ដូចរកពុទ្ធោ បើសិនអាចប្ដូរ
សូមពរល្អមួយ។

យប់យន់ទន់ចុះ មេឃភ្លៀងល្អៀងសុះ
ឆ្លុះចិត្តរលួយ រឡេះបេះដូង
ឈោងដៃទៅជួយ បានត្រឹមរំអួយ
ស្ទួយស្ទើរលែងរួច។

យប់គេងលែងលក់ ព្រលឹងហ៊ឹងស្ទក់
គក់ទ្រូងព្រឺព្រួច ព្រឹកព្រាង​ស្អែកថ្មី
ស្ដីដូចគេហួច ស្ដីថាតិចតួច
លួចខឹងស្ងៀមស្ងាត់។

យប់ហើយគេងទៅ គ្របភួយផងពៅ
កុំនៅរសាត់ អណ្ដែត លយលង់
ជង់ចិត្តសម្ងាត់ ស្ងៀមដោយប្រយ័ត្ន
ស្ងាត់ក្នុងសុបិន។
———
លឹម វីរីយ៉ា🌸

រាត្រី ថ្ងៃសុក្រ ១៥ កើត ពេញបូណ៌មី ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា គ.ស. ២០១៩

ចង់តែងកាព្យមួយ…

ចង់តែងកាព្យមួយ​ ឱ្យ​វារញ្ជួយ​ បេះដូង​អ្នកខ្លះ
ព្រលឹមស្វាងរះ​ សែងជះស្រឡះ​ សម្លឹងឃេីញច្បាស់
ដាស់​ចិត្ត​កវី។

ចង់​តែងទំនុក​ ឱ្យទាក់ចូលគុក​ ធ្លាក់​ជង្ហុក​ដី
អ្នកណាអានហេីយ​ ឱ្យ​ដេកតែភ័យ​ ប៉ុន្ដែ​អូនស្រី
ស្ដីវាមិនរួច។

ចង់តែងអក្សរ​ បន្លាចអ្នកល្អ​ ឱ្យ​ដេកលបលួច
លប​ខឹងក្នក់ខ្នាញ់​ បញ្ឈឺព្រឺព្រួច​ អ្នកណាថ្ពាល់ខួច
ទទួល​យកទៅ។

អរុណសុវត្ថិ​ ពីជ្រុងម្ខាងនៃភពផែនដី!
————-
លឹម​ វីរីយ៉ា​🌸
០៦​ កញ្ញា​ ២០១៩

ភ្នំពេញរង់ចាំអ្នក

ភ្នំពេញភ្លៀងធំ ជំរុំងងឹត
ពពកដាសស្អិត កិតកៀកក្រៀកសែង
ថ្ងៃលិចទៅហេីយ ឆ្លងត្រើយម្នាក់ឯង
ភ្លៀងខ្លាំងបែកផ្សែង ក្លែងបោកជើងមេឃ។

ភ្នំពេញ​មានព្យុះ​ បោកទម្លុះដី
មនុស្ស​ម្នាក់​ឥតស្ដី​ ព្រួយ​ភ័យ​អនេក
ចុងឆ្នាំ​ផ្ដាំខ្យល់​ ផ្ដល់​ជូនទឹកភ្នែក
សុបិន​រហែក​ ស្អែក​អ៊េីយម៉ឺនដង។

ភ្នំពេញ​អំពល់​ បានយល់តែទុក្ខ
មនុស្ស​ម្នាក់​ឱនមុខ ខ្លាចគុកចាប់ចង
ចម្លេីយការពិត​ ស្លាក់​ ក​ អ្នកផង
រងគ្រោះ​ម្នាក់​ម្ដង​ ឆ្លងមិនរួចឡេីយ។

ភ្នំពេញ​រង់ចាំ​ ផ្ដាំអ្នកខាងលិច
រស្មីព្រិចៗ​ រំលេចផ្លូវហេីយ
វិលតាមសន្យា​ ប្រាថ្នាផុតត្រេីយ
ដីខ្មែរថែខ្នេីយ​ គេងកេីយស្កប់ស្កល់។

ភ្នំពេញ​រងកម្ម​ រង់ចាំអ្នកជួយ
ពន្លកប៉ិចត្រួយ​ គេក្ដិចគ្មានសល់
មនុស្ស​ម្នាក់​លួចផ្សង​ ប៉ងផុតកង្វល់
សូមអ្នកជួយផ្ដល់​ សង្ឃឹម​ជាថ្មី។

ភ្នំពេញ​ឥតភ្លេីង​ ឈ្លេីងឡេីងតាមទឹក
តោងទាមសន្ធឹក​ ឱ្យ​ភ្លឹកស្ទេីរក្ស័យ
ម្ចាស់​សារនៅឆ្ងាយ​ ពោលស្ដាយទឹកដី
សន្យាវិលវៃ​ រួមកសាងជាតិ។

ភ្នំពេញ​ម្ចាស់​ស្នេហ៍​ សូមថែខ្លួនផង
រំដួលកម្រង​ គេក្រងទុកសៀត
ថ្ងៃ​អ្នកត្រលប់​ សូមស្ងប់វរនាថ
ស្រាយចិត្តចង្អៀត​ វាតសន្តិភាព។
————-
លឹម​ វីរីយ៉ា​🌸
០៤​ កញ្ញា​ ២០១៩

ផ្ការីកឆ្លងដែន…

បុប្ផា​រីកស្រស់​ ព្រោះ​សន្សេីម
ស្នេហា​​រីកឆ្នេីម​ ផ្ដេីមពី​ Friend
ភ្លៀងស្រោចលំនៅ​ ផ្លូវបត់បែន
ផ្ការីកឆ្លងដែន​ សែនល្អពេក។

ឥលូវចុងខែ​ ប្រែខូចចិត្ត
សុរិយា​ងងឹត​ ស្អិតកែវភ្នែក
សុបិនឥតខ្លឹម​ ត្រឹម​ជេីងមេឃ
រុះរោយ​ទឹកភ្នែក​ រែកញញឹម។

ភ្លៀងផ្គររន្ទះ​ ឈ្នះម្នឹះលោក
ខ្យល់បក់ពពក​ យកសង្ឃឹម
ជំនោរសីហា​ ថ្លាប៉ប្រឹម
លួងលោម​ចិញ្ចឹម​ ចិត្ត​បោកប្រាស់​។

សន្ធឹក​វាយោ​ ហូរដុនដាប
ដិតដាម​កំណាព្យ​ ខាបឡេីងច្បាស់
ខិតខំ​ក្រែងខាត​ ស្អាតល្អណាស់
ផ្ការីកខុសម្ចាស់​ ដាស់​រឿងថ្មី។

សំឡេងភ្លៀងធ្លាក់​ ខ្ជាក់ទាំងពិស
ហូរស្រោចភពម្នឹះ​ ទង្គឹះដី
ភ្លៀងខ្យល់ពាល់ត្រូវ​ ផ្លូវអាល័យ
អាឡោះដោះដៃ​ លៃសូមសុខ។
—————
លឹម​ វីរីយ៉ា​🌸
២៩​ សីហា​ ២០១៩

តាមពិតនេះគឺជាផ្កាជ័រទេ ខ្ញុំទិញវាមកពីផ្សារទំនើបសុរិយា សម្រាប់ដាក់តាំងក្នុងផ្ទះ ប៉ុន្តែឃើញសួនច្បារពីមុខស្នំស្នួនដែរ ទើបលើកយកទៅដាក់តាំងថតមួយប៉ុស្តិ៍អីចឹងទៅ តែងកំណាព្យបញ្ឆោតអ្នកអានបានមួយសន្លឹកដែរ។ ចំណូលចិត្ត កវី តែប៉ុណ្ណឹង!