Tag Archives: កំណាព្យខ្មែរ

កំណាព្យ៖ “ជីវិតលើផែនដី”

[បទវង្សវិចិត្រ មេព្យាង្គ ៤​+២+៤]

(១) និយាយរឿងងាប់ ទ្រាប់ទុក ទំនុកជីវិត
បង្ហាញរឿងពិត គិតទៅ នៅតែគេខ្លាច
មានច្បាប់ស្លាប់រស់ គោះប៉ោត បញ្ឆោតបិសាច
ពួកម្នឹះកំណាច កាចខ្លាំង ចាំងឆ្លុះនរក។

(២) ផែនដីនេះតូច ប្រដូច លម្អងធរណី
ល្អិតជាងធូលី គ្រវី គ្រវាត់វីវក់
ក្នុងចក្រវាល ក្រាលពាស មាសពេជ្រគម្រក់
គំរាមឱ្យភ្លក្ស គក់ទ្រូង ទូងស្គរក្លងខែក។

(៣) អស្មិមានះ ឈ្នះចាញ់ កណ្ដាញ់ដួងចិត្ត
កំណាញ់តោងស្អិត ប្រិតប្រៀង ផ្ទៀងចង់តែបែក
តាមពិតខ្លាចងាប់ គ្រាប់ផ្លោង កោងផ្ទុះរហែក
ក្ដែងៗខំស្រែក ចែកខណ្ឌ ប្រកាន់ពូជសាសន៍។

[#បទព្រហ្មគីតិ មេព្យាង្គ ៥+៦]

(៤) ភពផែនដែនដីយើង ស្នូលសុទ្ធភ្លើង ក្ដៅខ្លាំងណាស់
ទំនាយព្រះជាម្ចាស់ លោកបានត្រាស់ ថានឹងធ្លាយ។

(៥) ផែនដីយើងនឹងឆេះ ប៉ើងរបេះ ដូចទំនាយ
បន្ទាប់មករលាយ អណ្ដែតភាយ លាយអាកាស។

(៦) រឿងនេះពិតមិនខុស ចាំទុកចុះ ត្រឹមត្រូវច្បាស់
រស់នៅត្រូវចេះខ្មាស ជាន់ដានចាស់ ច្បាស់ជាខុស។

(៧) រឿងងាប់ត្រូវទន្ទេញ រឿងរស់វិញ ប្រយ័ត្នស្លុះ
ដង្ហើមចុងច្រមុះ ដាក់ភ្នែនចុះ ស្ទង់ចិន្ដា។

(៨) ផ្ចង់គិតរវាំងកាយ ក្រែងវាឆ្ងាយ ពីសុខា
ព្រោះមោហ៍បាំងបញ្ញា វាហានក្លា សម្លាប់ខ្លួន។

[#បទភុជង្គលីលា មេព្យាង្គ ៦+៤+៤]

(៩) ផែនដីនៃយើងរាល់គ្នា
នឹងក្លាយទៅជា ផេះផង់ក្រមួន។

(១០) ដោយភ្លើងរងើកឆេះស្ទួន
កក្រើកអង្រួន ព្រោះក្បួនបិសាច។

(១១) អ្នកល្អល្អិតល្អោចពួនខ្លាច
មេបក្សកំណាច បាចពិសតាមខ្យល់។

(១២) សត្វលោកច្របូកច្របល់
ព្រោះរស់ធ្លាប់ខ្វល់ ត្រឹមតែអាត្មា។

(១៣) លុះដល់ផែនដីមរណា
ប្រវេប្រវា ប្រាថ្នាសូមសុខ។

(១៤) អ្នកជិតអ្នកឆ្ងាយស្ដាយស្រុក
ធ្លាប់រស់ស្រណុក មិនដែលអាល័យ។

(១៥) ទូលរែកពួកម្នឹះចង្រៃ
ដូចចិញ្ចឹមចៃ លើក្បាលខ្លួនឯង។

(១៦) ឃើញខុស សរសើរក្ដែងៗ
ដូចឆ្កែកើតស្រែង ថ្លែងអួតគីង្គក់។

(១៧) អាស្រូវដូចឋាននរក
នាំគ្នាពង្វក់ បញ្ជោរតែគ្នា។

(១៨) លុះដល់វេនកម្មវេរា
ពាក្យបញ្ជោរគ្នា ក្លាយជាទោសៈ។

[#បទកាកគតិ មេព្យាង្គ ៤​+៤+៤]

(១៩) បើរស់សុខហើយ សូមអ្នកជួយឆ្លើយ
ដោះទុក្ខអ្នកខ្វះ កំពុងតែលតោល
ពិបាកខ្លាំងណាស់ ដូចសត្វឥតម្ចាស់
គេចាប់ដាក់ទ្រុង។

(២០) គ្រាន់តែស្មូមទាន សូមសិទ្ធិរស់រាន
គ្មានអាវុធភ្ជង់ នៅតែគេចាប់
បោចកន្ទេលមុង យកទៅញាត់ទ្រុង
ចោទជនក្បត់ជាតិ។

(២១) អ្នកខ្លះក្បែរគ្នា ប៉ុន្តែបែរជា
មិនហ៊ានចូលបៀត​ ខ្លាចជ្រុះបុណ្យសក្ដិ
ខ្លាចបង់អស់ញាតិ រឿងរ៉ាវគ្រោតគ្រាត
បំផ្លាញសាសន៍ឯង។

(២២) រឿងខ្លះរឿងល្បី គោះរង្គើដី
បន្ទរក្ដែងៗ ខំប្រឹងតស៊ូ
មតិបែកផ្សែង ត្រង់ជាតិសាសន៍ឯង
ទុកឱ្យគេជាន់។

(២៣) ចាំទុកទៅអ្នក វេនកម្មគង់ធ្លាក់
ចុះយ៉ាងទាន់ហន់ អ្នកណាអ្នកសាង
មិនបាច់ខំបន់ ច្បាប់កម្មបន្ទាន់
វន្តផលឥតខុស។

(២៤) ផែនដីនឹងផ្ទុះ គ្រាប់ផ្លោងទម្លុះ
ឆេះធ្លុះធ្លាយសុស គង់ងាប់ជុំគ្នា
ក្លាយផេះទាំងអស់ សត្វម្នឹះស្រីប្រុស
ស្លុះស្លុងក្លាយខ្យល់។

(២៥) មិនយូរទៀតទេ ផែនដីដាច់ថ្នេរ
យើងនឹងអស់កល គ្មានល្បិចបោកគ្នា
បានប៉ះកម្មផ្ទាល់ ចក្រវាលនៅសល់
ភពផ្សេងរាប់កោដិ។

(២៦) ថ្ងៃនោះមកដល់ ថ្ងៃដែលច្របល់
កំហឹងច្រឡោត ឱ្យរលាយខ្សុល
ទុកជាចំណោទ អ្នកណាឆោតៗ
ច្បាស់កើតមកទៀត។

(២៧) ច្នេះហើយបើដឹង សូមនៅសញ្ជឹង
ប្រឹងឱ្យខ្មីឃ្មាត ជួយសង្គ្រោះគ្នា
បងប្អូនរួមជាតិ ក្រែងបានស្លាប់បៀត
ក្បែរនឹងធម៌ព្រះ។
———
វិរិយា 🌸

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែ មីនា គ.ស. ២០២២

សន្តិភាពពិត (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ១០)

សន្តិភាពពិត ឥតក្លែងក្លាយ ឆ្ងាយមន្ទិល
ស៊ីញ៉េផ្ដាច់ផ្ដិល រំកិលជាតិ ឃ្លាតឧទ្ទាម
ម្ភៃបីតុលា សញ្ញាស្ងប់ ចប់សង្គ្រាម
រំសេវធ្លាប់ឈ្ងៀម ឈាមធ្លាប់ហូរ ប្ដូរជាស្ងប់។

សន្តិភាពពិត ឥតបន្លំ ចំគោលការណ៍
ប៉ារីសចែងចារ ថាស្រុកយើង ភ្លើងឆេះចប់
សង្គ្រាមរ៉ាំរ៉ៃ ច្នៃរុងរោចន៍ ដូចកំណប់
ដូនតាបានកប់ ខ្ចប់ពេញដី ន័យពណ្ណរាយ។

សន្តិភាពពិត ឥតមានប្រែ ថែសម្បថ
នរណាហ៊ានក្បត់ ភ្លាត់ខុសផ្លូវ ទៅរាយមាយ
ច្បាស់ជាជាប់ទោស អូសឱ្យកឿង រឿងទំនាយ
ស្មើនឹងមាក់ងាយ ធ្លាយសម្បថ ក្បត់សន្យា។

សន្តិភាពពិត ឥតមានចែង ថ្លែងរឿងបក្ស
ពោលយ៉ាងប្រចក្ស ដាក់សាក្សី ដីខេមរា
គោរពឯករាជ្យ រាជាខ្ពស់ ហួសសិរសា
បង្រួមសាសនា អហិង្សា ចារប្រពៃ។

សន្តិភាពពិត ឥតមានភ្លាវ រាវផ្ដេសផ្ដាស
សរសេរច្បាស់ៗ ផ្លាស់របប ខ្លបច្បាប់ព្រៃ
ឈប់កាប់សម្លាប់ ចាប់បណ្ឌិត រិតឱ្យក្ស័យ
គុកកម្មចង្រៃ ច្នៃមកជា ធ្លាអប់រំ។

សន្តិភាពពិត ឥតពោលដល់ ខ្វល់អត់បាយ
សម្បូរសប្បាយ ឆ្ងាយទឹកភ្នែក រែកទូលភ្នំ
គ្មានការជិះជាន់ អាសន្នរុក ទុក្ខរងំ
សើចមិនបង្ខំ នាំអំណរ អរគុណពិត។
—————

[កំណាព្យសម្រាប់រំឭកដល់ថ្ងៃខួបសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា]

វិរិយា🌸

ថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ២១ ខែតុលា គ.ស. ២០២០

ដែនដួងចិត្ត (កំណាព្យបទ៩ព្យាង្គ​ ចង្វាក់រណ្ដំ)

នាដីខ្មែរ ខែរំហើយ ត្រើយខាងកើត
ដប់បួនខ្នើត អើតលើមេឃ វែកពន្លឺ
ខែកត្ដិក ទឹកឡើងធំ ម៉ុមព្រួចព្រឺ
រន្ទាលភ្លឺ ឮយន្តហោះ បោះពួយជ្រែក។

រាជធានី ទីកន្លែង ប្លែងជីវិត
អង្គុយគិត រឹតតែខ្វល់ ទ័លដល់ដេក
ទន្លេមួយ ព្រួយអស់ត្រី ឆីរំលែក
រស់ក្រោមមេឃ រែកទុក្ខសោក ថោកដល់ផ្កាប់។

ដែនសុវណ្ណ ខ្មាន់ដួងចិត្ត ខិតមកក្បែរ
មិនបានថែ កែកុនការណ៍ ត្រាប្រថាប់
ពេលខ្លះថប់ ស្អប់អ្នកក្បែរ ស្នេហ៍អ្នកស្លាប់
ចង់ប្រាយប្រាប់ ឆាប់បានដឹង ថ្លឹងឱ្យស្គាល់។

ព្រំដែនចិត្ត ស្អិតលែងរីក ជីកលែងចុះ
ដីលែងស្លុះ ឆ្លុះមើលគល់ យល់មិនដល់
អ្នកនៅរស់ ពោះកំពីង ល្វីងរចល់
លើផ្លូវទ័ល ពាល់តែកម្ម ចាំចូលគុក។

ដែនបេះដូង ឈោងដៃទៅ នៅតែឆ្ងាយ
មេឃបាត់ផ្កាយ ស្រាយចម្ងល់ វ៉ល់ទំនុក
ច្រៀងរៀបរាប់ ផ្គាប់ចិត្តមេ គេខ្ពើមមុខ
ស្ពាយត្រាទុក លុកលុយបូក យកលេខស្មើ។

នាដីខ្មែរ ខែកត្ដិក ទឹកលិចក្រុង
ជើងជាប់ផុង ស្លុងហឫទ័យ រៃលែងហើរ
មេរោគកាច ខ្លាចលែងឆ្លង ដងផ្លូវដើរ
សុខសើៗ បន្ថើរសូម លោមយកជ័យ។
________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.​២០២១

ពេលអត់លុយ (កំណាព្យបទកាកគតិ)

មានលុយអត់លុយ កុំធ្វើមុខស្អុយ
នាំគេមើលងាយ ញញឹមកុំខ្លាច
បាចស្នេហ៍ពង្រាយ នឹងមានសម្ពាយ
ធ្លាយចូលហៅបុណ្យ។

បុណ្យនោះជាអ្វី? សូមប្រាប់សេចក្ដី
ន័យមិនដាបដុន ជាអារម្មណ៍មួយ
ដែលជួយដោះកុន រឿងទ័លយ៉ាកចុន
ក្លាយប៉ុនពងមាន់។

ក្ដីសុខដែលពិត មិនមែននៅជិត
កន្លែងអ្នកគ្រាន់ តាមពិតនៅឆ្ងាយ
ឆ្ងាយផុតគេជាន់ ផុតភ័យអាសន្ន
លាន់តែសន្តិ។

ខ្ញុំរស់មួយជាតិ រស់ឆ្ងាយពីញាតិ
ដែលមានអស្មិ ក្បាលធំជាងពោះ
យសគ្មានសុចិ បាត់ទាំងសតិ
រាប់មិនកើតទេ។

មានលុយអត់លុយ កុំទៅប្រថុយ
បែកស្លុយខ្ចីគេ នាំបង់ប្រវត្តិ
គេកត់ឈ្មោះផ្ទេរ បុលវាល់ចង្អេរ
ខូចកេរ្តិ៍អាស្រូវ។

អត់លុយហ៊ឺហារ មិនដែលសោកា
ឈឺផ្សាតាមផ្លូវ មុខស្រស់ជានិច្ច
មិនធ្មេចក្រញូវ បណ្ដាំម៉ែឳ
កូនត្រូវតែសើច។
————–
វិរិយា🌸

ថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី១៩ ខែតុលា គ.ស. ២០២០

រូបថតនៅក្រុង តូក្យូ ប្រទេសជប៉ុន ខែកុម្ភៈ ឆ្នាំ ២០១៨
  • Health Benefits of Bitter_Gourd

    អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែម្រះចំពោះសុខភាព

  • ផ្កាឡេវអាវ ឬ ផ្កាទុំហូ និង អត្ថប្រយោជន៍ចំពោះសុខភាព

  • Euphorbia hirta plant and its health benefits

    ស្មៅទឹកដោះ និង អត្ថប្រយោជន៍ចំពោះសុខភាព

  • Khmer text about traditional medicine

    ស្មៅព្រះខ្លប និងអត្ថប្រយោជន៍ចំពោះសុខភាព

  • Health Benefits of Bitter_Gourd

    អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែម្រះចំពោះសុខភាព

  • ផ្កាឡេវអាវ ឬ ផ្កាទុំហូ និង អត្ថប្រយោជន៍ចំពោះសុខភាព

  • Euphorbia hirta plant and its health benefits

    ស្មៅទឹកដោះ និង អត្ថប្រយោជន៍ចំពោះសុខភាព

  • Khmer text about traditional medicine

    ស្មៅព្រះខ្លប និងអត្ថប្រយោជន៍ចំពោះសុខភាព

  • អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែម្រះចំពោះសុខភាព

    អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែម្រះចំពោះសុខភាព

    អ្នកណាខ្លះ ចូលចិត្តញ៉ាំម្រះ? អ្នកដែលចូលចិត្តអាផ្លែល្វីងមួយនេះ ធានាថាអាយុវែងហើយ ចាំមើលទៅ ព្រោះផ្លែម្រះមានផ្ទុកទៅដោយសារធាតុចិញ្ចឹម វីតាមីន និងរ៉ែសំខាន់ៗជាច្រើនដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាព៖ • ជួយកាត់បន្ថយកម្រិតស្ករក្នុងឈាម៖ ម្រះមានសារធាតុសកម្មមួយចំនួន ដែលដើរតួនាទីស្រដៀងនឹងអាំងស៊ុយលីន (Insulin) ក្នុងការជួយបញ្ចុះកម្រិតស្ករក្នុងឈាម។ វាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ • ពង្រឹងប្រព័ន្ធការពាររាងកាយ៖ ម្រះសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ជួយការពាររាងកាយពីការឆ្លងរោគ និងពង្រឹងភាពស៊ាំឱ្យរឹងមាំ។ • ជួយដល់ការរំលាយអាហារ៖ ជាតិសរសៃ (Fiber) នៅក្នុងផ្លែម្រះ ជួយសម្រួលដល់ដំណើរការប្រព័ន្ធរំលាយអាហារ បង្កើនចលនាពោះវៀន និងការពារបញ្ហាទល់លាមក។ • ជួយបញ្ចុះជាតិខ្លាញ់ និងកូឡេស្តេរ៉ូល៖ ការញ៉ាំម្រះជាទៀងទាត់ នឹងជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលអាក្រក់ (LDL) និងទ្រីគ្លីសេរីដក្នុងឈាម ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។ • សម្រួលដល់ការសម្រកទម្ងន់៖ ម្រះមានកាឡូរីទាប និងសម្បូរទៅដោយទឹក និងជាតិសរសៃ ដែលធ្វើឱ្យអ្នកពិសា មានអារម្មណ៍ឆ្អែតបានយូរ និងជួយកាត់បន្ថយការទទួលទានអាហារច្រើនជ្រុល។ • ជួយសម្អាតជាតិពុលក្នុងថ្លើម៖ សារធាតុនៅក្នុងផ្លែម្រះជួយជំរុញដល់ដំណើរការលាងសម្អាតជាតិពុល (Detoxification) ក្នុងថ្លើម និងសម្រួលដល់ការបំពេញមុខងាររបស់ថ្លើមឱ្យកាន់តែល្អប្រសើរ។ • ថែរក្សាសុខភាពស្បែក៖…


  • ផ្កាឡេវអាវ ឬ ផ្កាទុំហូ និង អត្ថប្រយោជន៍ចំពោះសុខភាព

    ផ្កាឡេវអាវ ឬ ផ្កាទុំហូ និង អត្ថប្រយោជន៍ចំពោះសុខភាព

    ផ្កាឡេវអាវ ឬ ផ្កាទុំហូ មានឈ្មោះជាភាសាអន្តរជាតិហៅថា Gomphrena globosa L. និងដែលគេស្គាល់ជាទូទៅហៅថា Globe Amaranth ឬ Bachelor’s Button គឺជាផ្កាដែលអាចបរិភោគជាអាហារបំប៉នសុខភាពបាន និងត្រូវបានគេឱ្យតម្លៃនៅក្នុងប្រព័ន្ធឱសថបុរាណនៅទូទាំងអាស៊ី និងតំបន់អាមេរិកត្រូពិចផងដែរ ដោយសារវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុសកម្មជីវសាស្ត្រ។ អត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព • សម្បូរទៅដោយសារធាតុបេតាស្យានីន (Betacyanins) និងសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ពណ៌ស្វាយចាស់លាយផ្កាឈូក របស់ផ្កានេះ គឺបានមកពីកំហាប់ខ្ពស់នៃសារធាតុ បេតាស្យានីន ជាពិសេសគឺ ហ្គមហ្វ្រេនីន (gomphrenin) ដែលជួយកម្ចាត់រ៉ាឌីកាល់សេរី កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម ដែលជាហេតុធ្វើឱ្យខួរក្បាលកើតស្ត្រេស (oxidative stress) និងការពារកោសិកាពីភាពចាស់មុនអាយុ។ • ជួយសម្រួលដល់ផ្លូវដង្ហើម៖ នៅក្នុងឱសថបុរាណខ្មែរ និងការអនុវត្តបែបប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ទឹកតែដែលឆុងចេញពីផ្កានេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីបំបាត់អាការៈក្អក សម្រាលរោគសញ្ញាជំងឺហឺត និងកាត់បន្ថយការរលាកផ្លូវដង្ហើម។ • ឥទ្ធិពលកាត់បន្ថយសម្ពាធឈាមកម្រិតស្រាល៖ សារធាតុចម្រាញ់ពីរុក្ខជាតិនេះមានលក្ខណៈសម្បត្តិជួយពង្រីកសរសៃឈាម ដែលជួយឱ្យសរសៃឈាមធូរស្រាល និងរក្សាកម្រិតសម្ពាធឈាមឱ្យមានសុខភាពល្អ។ • ប្រឆាំងការរលាក និងប្រឆាំងបាក់តេរី៖ សារធាតុចម្រាញ់ពីកញ្ចុំផ្កាបង្ហាញពីសកម្មភាពប្រឆាំងនឹងមេរោគ (antimicrobial) ប្រឆាំងនឹងភ្នាក់ងារបង្កជំងឺទូទៅ និងជួយកាត់បន្ថយការរលាកនៅក្នុងរាងកាយ។…


  • ស្មៅទឹកដោះ និង អត្ថប្រយោជន៍ចំពោះសុខភាព

    ស្មៅទឹកដោះ និង អត្ថប្រយោជន៍ចំពោះសុខភាព

    រុក្ខជាតិស្មៅទឹកដោះ ឬ #ស្មៅហឺត ជាប្រភេទស្មៅដុះក្នុងតំបន់អាស៊ី ដើមត្រង់មានរោម និងមានជ័រ ពណ៌ស ដូចទឹកដោះនៅខាងក្នុង។ ស្លឹកវា ដុះទល់មុខគ្នា រាងទ្រវែងស្រួចចុង និងមានធ្មេញរណាស្រាលៗនៅគែមស្លឹក ជួនកាលមានឆ្នូត ឬពណ៌ក្រហម ស្វាយ។ ផ្កាវា ដុះជាកញ្ចុំមូលៗណែន និងមានទំហំតូចៗ ពណ៌បៃតង លាយលឿង នៅតាមប្រគាបស្លឹក។ រុក្ខជាតិស្មៅទឹកដោះ គឺជាឱសថបុរាណខ្មែរយើងដ៏ពូកែស័ក្ដិសិទ្ធិ តាំងពីយូរលង់ណាស់មកហើយ។ ប្រពៃណីខ្មែរតាំងពីបុរាណកាល គេនិយមប្រើ ធ្វើជាថ្នាំព្យាបាលរោគជាច្រើនប្រភេទ ទាំងខាងក្នុង និងខាងក្រៅ។ 🌱🍂 អត្ថប្រយោជន៍ចំពោះសុខភាពខាងក្នុង ១🌿 ជួយសម្រាលអាការៈជំងឺហឺត និងបញ្ហាផ្លូវដង្ហើម ដូចជា រលាកទងសួត ក្អកញឹកញាប់ និងសូម្បីតែជំងឺផ្តាសាយ។ ២🌿 ព្យាបាលជំងឺរាកស្រាល និងជំងឺរាកមួល ដ៏មានប្រសិទ្ធភាព។ វាជួយកាត់បន្ថយការរលាកពោះវៀន និងធ្វើឱ្យចលនាពោះវៀនត្រលប់មកធម្មតាវិញ។ ៣🌿 ជួយគ្រប់គ្រងវដ្តរដូវ និងសម្រាលការឈឺចាប់ពេលមករដូវ និងកាត់បន្ថយការហូរឈាមខ្លាំង។ ឥទ្ធិពលរបស់វាលើស្បូនអាចជួយសម្រាលការឈឺចាប់ពេលមករដូវ និងគាំទ្រដល់សុខភាពបន្តពូជ។ ៤🌿 ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម របស់អ្នកជំងឺទឹកនោមផ្អែម និងធ្វើឱ្យរាងកាយឆ្លើយតបបានល្អចំពោះអាំងស៊ុយលីន។ វានៅជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម…


ដូងអើយ…

(កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៩)

ដើមអើយដើមដូង ឈោងដៃស្រមៃបេះ
ដូងអើយខ្ពស់ម្ល៉េះ បេះម្ដេចនឹងដល់បាន
ម្លប់សែនត្រជាក់ អ្នកដុះសព្វភូមិឋាន
ឈរក្បែរថ្មើរម៉ាន ស្រានចិត្តគិតវែងឆ្ងាយ។

ប្រសិនឈោងដល់ ពាល់ប៉ះច្បាស់ជាសុខ
ដូងទុំម្ចាស់ស្រុក សំកុកចាំឥតណាយ
ឈរឬអង្គុយ ឥតលុយក៏សប្បាយ
ដូងខ្ពស់ដូចផ្កាយ ខ្ញុំស្ដាយឡើងមិនដល់។
———
វិរិយា🌸

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ វិច្ឆិកា គ.ស. ២០២២

រូបថតនៅលើឆ្នេរឋានសួគ៌ កោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា | ថ្ងៃទី៦ វិច្ឆិកា ២០២២

កំណាព្យ៖ សង្គ្រាម និង សន្តិភាព

(បទ៧ព្យាង្គ)

០១. សង្គ្រាមឈ្ងៀមដី ព្រៃឆេះខ្ទេច
ជើងត្បូងកើតលិច រេចគ្មានសល់
ជីវិតហិនហោច ល្អោចរចល់
សញ្ជឹងអស់កល សល់តែឆ្អឹង។

០២.​ គ្រាប់បែកបាញ់ប្លោង កោងជើងមេឃ
មនុស្សសត្វនឿយពេក ដេកទទឹង
ឈាមក្រហមពោរ ជោរតាមស្ទឹង
ហូរដាបក្លាយបឹង ថ្លឹងតែសព។

០៣. សំឡេងយន្តដែក រហែកមេឃ
រំពងខ្លាំងពេក ស្លេកសន្លប់
សម្លឹងទៅឆ្ងាយ ស្ដាយកំណប់
ខំរកខំកប់ ទ្រព្យសង្ឃឹម។

០៤. រូងភ្នំដីស្អិត ឥតអាសូរ
សម្រែកទ្រហោរ ផ្គរគ្រឹមៗ
ជម្រកបាក់ធ្លាយ រលាយធ្នឹម
ទឹកភ្នែករឹមៗ ហូរលាយឈាម។

០៥. ឈឺចាប់ច្បាប់ខ្លះ ផ្លាស់ក្រឡាច់
ក្រឡាប់ផ្ងារកាច់ ក្បាច់ឈ្លើងទាម
លុបសន្តិភាព ធៀបកូនចៀម
ប្រកាសសង្គ្រាម ត្រៀមយកជ័យ។

០៦. តាមពិតលើកទង់ រង់ចាំស្លាប់
អ្នកស្លន់បន់ច្បាប់ ត្រាប់ខុសន័យ
ក្រហមឬខៀវ គង់តែក្ស័យ
ផ្នូរមាសផ្នូរដី សុទ្ធតែខ្មោច។

០៧. ខំសាងកេរ្តិ៍ឈ្មោះ ពីរោះក្ដាត់
បែររលាយបាត់ ខ្ចាត់ខ្ចាយល្អោច
ព្រោះតែតណ្ហា ដុតកម្លោច
ឱ្យឆេះខ្មៅរោច ដូចនរក។

០៨. ពាក្យ “សន្តិភាព” ប្រៀបដុំមាស
គេយកថែមក្បៀស កៀសចូលភក់
តាមពិតសង់គុក ទុកជ្រលក់
លាបពណ៌ដោយជក់ពួកទេព្ដា។

០៩. អ្នកប្រាជ្ញបណ្ឌិត ងងឹតឈឹង
ជីវិតថ្មើរហ្នឹង នៅឯណា?
បាត់ឈ្មោះបាត់រូបពីតម្រា
សេចក្ដីថ្លែងការណ៍ គេកឹបទុក។

១០. ពាក្យ “សន្តិភាព” រៀបពេញថ្នល់
ខ្លះទូលលើកកល់ ពេញបន្ទុក
ខ្លះលាតត្រដាង ឆ្កាងក្នុងគុក
ខ្លះយំចេញមុខ ស្រែកទ្រហឹង។

(បទកាកគតិ)

១១. បើគិតឱ្យជ្រៅ គិតយូរៗទៅ
ច្បាស់ជាអាចថ្លឹង ថាសន្តិភាព
ស្ងាត់ច្រៀបល្អម្ល៉ឹង មិនមែនក្ដៅតឹង
ដូចគេប្រឹងទប់។

១២. ពាក្យ “សន្តិភាព” បើគិតប្រៀបធៀប
រៀបតាមគម្រប់ គឺជាឋានស្ងប់
ដណ្ដប់ពិភព លោកាដែលគ្រប់
ថ្ងៃយប់សុខសាន្ត។

១៣. សន្តិភាពពិត មិនមែនងងឹត
ជាភពសម្រាន្ត សម្រាករស់ស្រួល
គ្មានអ្នកផ្ដួលច្រាន ជីវិតប៉ុន្មាន
ឆ្លងបានមង្គល។

(បទព្រហ្មគីតិ)

១៤. “សង្គ្រាម” ពាក្យពីរម៉ាត់
តែខ្ចាយខ្ចាត់ ឆ្វាត់បំពុល
សម្លាប់មិនឱ្យសល់
រលាយវ៉ល់ ដល់ផែនដី។

១៥. ឯពាក្យ “សន្តិភាព”
បីមាត់ប្រៀបធៀបនឹងន័យ
ដែលសេសសល់អាល័យ
ពេញហឫទ័យនៃជីវិត។

១៦. សន្តិ និង សង្គ្រាម
សុទ្ធតែត្រៀមប្ដូរគំនិត
អ្នកស្លាប់លែងបានគិត
អ្នករស់ពិតរឹតតែខ្វល់។

១៧. សន្តិ និង សង្គ្រាម
ស្លាកពេញនាមដែលគេពាល់
ពេលពោលពំនោលដល់
ដឹងកិច្ចកល ស្គាល់ការណ៍ពិត។

១៨. សន្តិ និង សង្គ្រាម
ដូចព្រះរាម និងអមិត្រ
ប្រយុទ្ធដណ្ដើមឫទ្ធិ
ប្រជែងមិត្ត ខិតទង់ជ័យ។

១៩. សន្តិ និង សង្គ្រាម
ឆេះហើយក្រៀម បៀមទុក្ខភ័យ
ឈ្នះចាញ់នៅតែក្ស័យ
ល្អក់ចង្រៃរយពាន់ឆ្នាំ។

(បទភុជង្គលីលា)

២០. ចង់រស់ក្នុងសន្តិភាព
មិនបាច់រាប់រៀប ធៀបរឿងបនបក្ស។

២១. ពាក្យសន្តិភាពប្រត្យក្ស
ក្លាយរឿងហាស្លាក់ ខ្ជាក់ទៅវាស្លែង។

២២. សន្តិភាពមិនសម្ដែង
អាចឃើញជាក់ស្ដែង ពេលមនុស្សរស់ស្ងប់។

២៣. មិនបាច់អរគុណយកគាប់
យកគួរមកទ្រាប់ ជាប់ឈ្មោះពួកទ្រ។

២៤. ក្រាបលូនដូចល្មូនក្រោមផ្នូរ
សម្រែកជយោ! ហ៊ោដូចទ័ពខ្មោច។

២៥. ស៊ីពែ ទ្រគេ ឡើងហោច
កេរ្ដិ៍ឈ្មោះធ្លាក់ល្អោច បោចស្មៅអង្កៀម។

២៦. ខំប្រឹងរក្សាទំនៀម
ទម្លាប់បឺតឈាម អ្នកតូចទន់ខ្សោយ។

២៧. ហើយតាំងមកស្រែកដង្ហោយ
ចុះចែកអំណោយ ពាក់ស្លាកអ្នកល្អ។

២៨. តាមពិតជំរិតជាន់ក
សម្លាប់អ្នកក្រ តាមក្បួនមេបក្ស។

២៩. លើកទង់បង្អួតមនុស្សខ្វាក់
អ្នកភ្លើក្រោមថ្នាក់ បាក់បបខ្លបខ្លាច។

៣០. តាមពិតសុទ្ធតែបិសាច
សន្តិភាពកាច ខ្លាចអ្នកចេះដឹង។

៣១. ន័យសន្តិភាពបែបហ្នឹង
មិនបាច់ខំប្រឹង រក្សាទុកទេ។

៣២. ព្រោះវារលួយខុសគេ
ពុកផុយដាច់ថ្នេរ គេខ្ពើមរអើម។

៣៣. ដឹងខ្លួនសូមឆាប់ចាប់ផ្ដើម
ប្រោះទឹកសន្សើម ផ្សើមដីអ្នកស្រែ។

៣៤. នឹងអាចមានឈ្មោះរស់ក្បែរ
សន្តិភាពដែរ ថែថួនអ្នកស្រុក។

៣៥. សូមឈប់បំផ្លាញត្បាញចុក
វិលកសាងស្រុក រស់សុខនឹងគ្នា។

៣៦. សូមឈប់ចាប់ចងសងពៀរ
ព្យាបាទតគ្នា តជាសន្ដាន។

៣៧. ពូជអ្នករស់បានប៉ុន្មាន?
គង់រលាយប្រាណ សម្រាន្តក្រោមដី។

៣៨. ម្ល៉ោះហើយគួរមានអភ័យ
សន្ដោសប្រណី ភ្ជាប់ន័យសន្តិ។

៣៩. ឈប់ដើរតួដូចអស្មិ
មានះចចេស រឹងរូសទ្រុស្ដសីល។

៤០. សូមឈប់បំផ្លាញផ្ដាច់ផ្ដិល
សង្គមហោចរឹល ដោយតណ្ហាអ្នក។

៤១. សន្តិភាព គឺត្រជាក់
មិនមែនអន្ទាក់ ចាប់គ្នាប្រហារ។

៤២. សន្តិភាព គឺថ្លៃថ្លា
មិនមែនមរណា ងាប់ដូចខ្មោចសត្វ។

៤៣. សន្តិភាព គឺភពស្ងាត់
គ្មានពាក្យកម្ចាត់ ឆ្វាត់ឆ្វែងទ្រគ្នា។

៤៤. សន្តិភាព គឺរមនា
គ្មានទុក្ខវេទនា រស់ជាសុខហោង។


វិរិយា🌸

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា គ.ស.​២០២១

រូបថត Artwork របស់ លឹម វិរិយា

ល្បើកម្នាងហ្វេសប៊ុគ (Facebook)

(កំណាព្យបទកាកគតិ)

១) នេះនឹងថ្លាថ្លែង រឿងគេរឿងឯង
ចែងឱ្យចេញស្នាម រឿងម្នឹះក្រោមមេឃ
រែកពន់រឿងកាម រហែករហាម
ប្ដូរសំរាមជុគ។

២) អ្នកខ្លះឥតដេក យប់ឡើងទឹកភ្នែក
ហូរជ្រែកហ្វេសប៊ុគ ដ្រាម៉ាកក្រើក
របើកចេញមុខ រាយរាប់រឿងទុក្ខ
រកទំនុកធូរ។

៣) អាស្រូវក្នុងផ្ទះ បែរយកមកជះ
ហៀរហូរតាមលូ ក្លិនស្អុយឆ្អេះឆ្អាប
ហូរដាបយូរៗ ហេតុចង់បន្ធូរ
បែរបន្ថយថ្លៃ។

៤) តិះដៀលរាលបែក ចាក់រុកហួរហែក
បែកខ្ទេចចង្រៃ កេរ្តិ៍ឈ្មោះធ្លាក់ទាប
អន់រាបដូចចៃ ជេរគេហាលថ្ងៃ
ខៃសារគម្រក់។

៥) ចាស់តែអាយុ ចេះត្រឹមសាធុ
ពីឋាននរក រស់ក្នុងខ្ទុះឈាម
បៀមតែលាមក ខួរក្បាលងាប់ស្ទក់
គក់ចេញដង្កូវ។

៦) រឿងម្នឹះឫសអន់ ភ័យនឹងផ្គរលាន់
ស្លន់ស្លោពេញផ្លូវ គួរឱ្យអាសូរ
គ្រប់ខួបរដូវ មើលយូរៗទៅ
នៅតែខ្លោចផ្សា។

៧) ខ្លះមុខស្អាតបាត ម្សៅក្រែមវិញប៉ាត
ស្អាតដូចទេវតា បង្ហោះហ្វេសប៊ុគ
លាយទំនុកសារ អានរួចកាលណា
ភាយអវិជ្ជា។

៨) ល្អរូបល្អរាង រស់ដូចអ្នកម្នាង
ទៀងតែអួតគ្នា អួតរឿងបានប្ដី
សេដ្ឋីទ្រព្យា មិនដែលភាវនា
រៀនធម៌សុខសោះ។

៩) កាព្យខ្លីន័យខ្លោច សរសេរផ្ញើខ្មោច
ឱ្យល្អោចអាឡោះ អ្នកណាមានខ្លួន
ឈប់ពួនបង្ហោះ សូមកែកុនដោះ
ស្រាយចំណងកម្ម។

១០) សូមអ្នកគិតផង បញ្ហាអ្នកចង
អ្នកត្រូវតែចាំ គិតគូរដោះស្រាយ
សស្រាក់សស្រាំ ឈប់ស្រោចតាមកាំ
ជណ្ដើរហ្វេសប៊ុគ។

១១) សូមអ្នកពិច័យ ពិនិត្យកែខៃ
ច្នៃឈប់រានរុក ឈប់ផ្សាយបំពុល
គេឯងចេញមុខ រឿងសុខរឿងទុក្ខ
កុំយកមកវះ។

១២) បើចង់ពិន័យ រឿងប្រពន្ធប្ដី
សូមស្ដីក្នុងផ្ទះ បាចឱ្យក្អែកចឹក
ក្លិនស្អុយសាយជះ ចុងក្រោយរយះ
ធ្លាយកេរ្តិ៍គ្រួសារ។

១៣) បើចង់ថ្លៃថ្នូរ រស់រកពុទ្ធោ
កុំហូរបាតផ្សារ ហៀរលាយសំរាម
ស្រមាមក្រៃណា ជាប់រោគមរណា
ប្រហារឱ្យក្ស័យ។

១៤) ឈប់ឈ្លក់នឹងកាម តណ្ហារហាម
ឆេះតាមជើងដៃ ឆេះរាលដល់ភូមិ
នាំគេចង្រៃ ហុយផ្សែងយប់ថ្ងៃ
អាល័យភ្លើងទោស។

១៥) ស្ដាប់ធម៌ខ្លះទៅ ក្រែងអាចនាំផ្លូវ
លែងសូវបន្ទោស ខ្លាំងខាងបញ្ចោរ
ចំអាសចំអូស អាចប្រាសអាយូស
ជាប់ទោសយូរឆ្នាំ។

១៦) សូមស្លេះល្បើកខ្លី ល្បើកម្នឹះប្រុសស្រី
ដែលល្បីរងកម្ម ល្បីខាងហែកកេរ្តិ៍
រលួយចិញ្ច្រាំ អ្នកស្រុកជួយចាំ
ឆ្មាំជាន់ពន្លិច។

១៧) សូមឱ្យល្បើកនេះ បានដល់អ្នកត្រិះ
ចេះរិះបែរគេច រឭកភ្ញាក់ខ្លួន
ភ្ងារឡើងលែងធ្មេច ដឹងថ្ងៃរះលិច
ជារឿងធម្មតា។

១៨) សូមបានចេះរស់ ហាលែងទ្រគោះ
រស់ដោយសម្មា ត្រេកអរនឹងស្ងប់
កប់ចិត្តមេត្តា នឹងផ្សាយសុខា
ជាអង្វែងហោង!
———–
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១កើត ខែ បឋមាសាឍ (អាសាធតូច) ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា គ.ស. ២០២១

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសម្មាចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រោងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
លឹម វីរីយ៉ា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតភ្នំហិមាឡៃ យកមកពីគេហទំព័រ http://www.wallpaperflare.com

សូមអួតខ្លួនឯងមួយ (កំណាព្យបទព្រហ្មគីតិ)

មើលខ្ញុំសមសួនទេ? អាវសង់ត្រេកំប្លេរថ្មី
ពណ៌ល្អឆើតអាល័យ នៅក្នុងព្រៃមានតែមួយ។

ខ្សែ-ក-ពីរតម្លឹង ពាក់កាលហ្នឹងមិនសូវព្រួយ
ដាំពេជ្រធ្មេញបង្គួយ ចាំងមួយៗផ្លាតបែកភ្នែក។

សក់ក្ដោបម៉ូដបុរាណ តែកុំស្មានមើលងាយពេក
កាត់ជាងល្បីក្រោមមេឃ កន្ត្រៃផ្ដេកកាំបិតហោះ។

លាបក្រែមក្រហមឆ្អៅ សើចស្ញេញទៅនៅតែស្រស់
វែនតាសមទាំងអស់ នេត្រាឆ្លុះដល់ដួងចិត្ត។

ខ្ញុំឈរថតកាច់រាង ​ ក-រាងផ្អៀងឆ្វេងបន្តិច
មន្តស្នេហ៍ខ្ចាយព្រិចៗ មុនថ្ងៃលិចគួរបេតី។

សូមផ្ញើសារទៅអ្នក ពាក្យរាក់ៗ-ឃ្លាខ្លីៗ
គ្មានបានបង្កប់ស្អី មានតែន័យបង្អួតខ្លួន។

អានហើយសូមកុំក្អួត រឿងខ្ញុំអួតតាមពាក្យចួន
ព្រោះគ្មានអ្នកថែថួន មើលមាំមួនមករៀងអាយ។

ម្ល៉ោះហើយបើមិនអួត ខ្លាចតែឆ្កួតព្រោះដេកស្ដាយ
សម្រស់-ត-ពីម្ដាយ អត់មានក្លាយកាត់ទៅណា។

ឥតមានបានកែកុន នាំយ៉ាកចុនអស់ដុល្លារ
ល្អល្អាច់ពីដូនតា លើលោកាគ្មានពីរឡើយ។
____________

លឹម វីរីយ៉ា🌸

១០ / ០២ / ២០២១

រូបថតខ្ញុំ ថតនៅតាមដងផ្លូវជាតិក្នុងខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៥

បណ្ដាំម្ដាយខ្ញុំ (កំណាព្យ បទភុជង្គលីលា)

បង់បោយឱ្យសមនឹងប្រាណ
ឈានជើងដើរបាន ឱ្យប្រមាណដី។
រាក់ទាក់រកញាតិថ្មីៗ
កុំអាលហាស្ដី សូមខ្ចីលុយកាក់។
រៀនយល់ស្គាល់មនុស្សតាមថ្នាក់
នឹងមានយសសក្ដិ គេលើកដាក់ឱ្យ។
សង់ផ្ទះត្រូវទុកទ្វារក្រោយ
ក្រែងភ្លើងឆេះដោយ រួចរស់បានងាយ។
ដើរព្រៃកុំជេរពួកព្រាយ
ក្រែងវាកាច់ធ្លាយ តៃហោងឥតការណ៍។
កុហកច្រើនចាញ់អាត្មា
ផ្លូវដែលសុខា គឺពោលពាក្យពិត។
ប៉ុន្តែមុនពោលត្រូវគិត
អ្នកស្ដាប់ពាក្យពិត ជាចោរឬប្រាជ្ញ។
ភ្លើងយប់ត្រូវភ្លឺចិញ្ចាច
ចំណាយកុំខ្លាច អស់លុយចុងខែ។
ផ្ទះធំត្រូវចិញ្ចឹមឆ្កែ
បាយទឹកផងដែរ ឱ្យស៊ីពេលល្ងាច។
បាយថ្ងៃរួចកុំដេកស្អៀច
ប្រយ័ត្នកើតទាច ទឹកដក់ប៉ោងពោះ។
សំឡេងទោះបីពីរោះ
កុំច្រៀងឮហួស រំលងរបង។
ទុកផ្លូវសម្រាប់ដើរផង
ចេះស្ងាត់ទើបចង ចិត្តញាតិក្បែរខាង។
ក្បាច់គុនចេះកុំអួតអាង
ក្រែងគេនៅម្ខាង ផ្ចាញ់ដោយព្រួញពិស។
ជាមនុស្ស កុំធ្វើជាម្នឹះ
បើបានចាក់ឫស បំបែកមែកផង។
ភ្លៀងផ្គរនៅក្រៅរបង
កុំទៅឆ្លើយឆ្លង ក្រែងរន្ទះបាញ់។
ឃើញគេស្អាតគួរស្រលាញ់
កុំចេះតែក្នាញ់ លេបខាយផ្ដេសផ្ដាស់។
ក្រែងលោជួបអ្នកកាចឆ្នាស
បញ្ចោរឥតខ្មាស រយះខូចកេរ្តិ៍។
បើសិនមានពេលទំនេរ
ស៊ូផឹកកាហ្វេ ដេរប៉ះក្ដិតខោ។
ល្អជាងទៅញ៉ែប៉ប្រោ
រឿងក្នុងកន្ថោរ សុទ្ធតែលាមក។
ងើបព្រឹកកុំទម្លាប់ស្ទក់
អ្នកដែលទ្រមក់ ភ្លក្សតែភាពក្រ។
ឃើញមនុស្សមិនសូវមាត់ក
កុំថាគេល្អ ប្រយ័ត្នស្ដាយក្រោយ។
លូកដៃទទួលអំណោយ
យកផិនគេហើយ ជំពាក់កណ្ដាញ់។
បាយទឹកផ្ទះមិត្តសម្លាញ់
ទោះឆ្ងាញ់មិនឆ្ងាញ់ ត្រូវពោលអរគុណ។
រៀនរស់ឱ្យផុតទារុណ
ហ្វឹកហាត់ដឹងគុណ ហៅកតញូ។
បង្កើតទម្លាប់យូរៗ
គង់ធ្វើដោយធូរ ក្លាយជានិស្ស័យ។
ពេលនោះនឹងមានជោគជ័យ
ព្រោះទម្លាប់ថ្មី សាងសិរីកម្ម។
សូមចប់នូវពាក្យបណ្ដាំ
ម៉ែខ្ញុំគាត់ផ្ដាំ ចាំកុំភ្លេចឡើយ។
____________

លឹម វិរិយា🌸

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ កុម្ភៈ គ.ស. ២០២១ 

រូបភាពពីក្នុងទំព៍រហ្វេសប៊ុគរបស់សកម្មជន ការពារសិទ្ធិសេរីភាពស្ត្រីភូមា ឆ្នាំ២០២១