Tag Archives: កំណាព្យខ្មែរ

“អំនួត”

(កំណាព្យ បទ ៧ព្យាង្គ)

អំនួតក្អេងក្អាង ច្រើនតែអន់
ពេលព្រឹក លប បន់ ស្រន់សូមទ្រព្យ
រសៀលចេញអួត តាមទម្លាប់
យប់ឡើងដេកទ្រាប់ កើយដៃគិត។

ស្អែកឡើងអួតទៀត ឆ្លៀតឥតឈប់
អួតក្នុងអង្គប់ បន្លាស្អិត
ដៀលញាតិបងប្អូនធ្លាប់ជាមិត្ត
ថាគេចង់ស្និទ្ធ ព្រោះអញខ្លាំង។

អួតរឿងមានលុយ ឡាន វិឡា
អួតអលង្ការ ភ្លឺចែងចាំង
អ្នកធ្លាប់បានជួយ ក្លាយជាខ្មាំង
ព្រោះតែមោហ៍បាំង បិទជិតមុខ។

អួតថាអញមានព្រោះអញឆ្លាត
ពូកែសង្វាតសន្សំទុក
អួតថាអញខ្លាំងមានជង្រុក
ដែលពោរពេញផ្ទុកដោយមាសប្រាក់។

អួតនេះហៅចំមហាអន់
ព្រោះពេលអាសន្នជាន់ច្រវាក់
ចេះត្រឹមចំទាលដូចជនខ្វាក់
ក្ដោបតែលុយកាក់មិនកាន់សីល។

អំនួតបែបនេះ ច្បាស់មិនយូរ
គង់រលាយហូរដូចអំបិល
ហៀរទៅតាមផ្លូវស្លែរអិល
ធ្លាក់រណ្ដៅទមិឡ រងទុក្ខា។

ឈប់អួត ឈប់អន់ ទាន់មេឃភ្លឺ
ងាករកពន្លឺព្រះសាស្ដា
រក្សាសីលខ្ពស់ ឈ្មោះហៅថា
បុគ្គលអស្ចារ្យ ព្រោះដឹងទោស។

សូមទម្លាក់ចុះនូវទិដ្ឋិ
មានះ អស្មិ ចចេសខុស
ឈប់ផ្ដន្ទាជនសប្បុរស
ឈប់សាងកំហុសបំពានធម៌។

សូមឱ្យអ្នកភ្ងារ រកឃើញត្រូវ
បានដើរលើផ្លូវដ៏បវរ
មានអ្នកគោរពដោយស្មោះស
ពាល់សច្ចធម្ម ព្រះនិព្វាន។
________

វិរិយា 🌸

ថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា គ.ស. ២០២៥

កោះកុងក្នុងអក្សរសិល្ប៍ (កំណាព្យបទ៨ព្យាង្គ)

ឱ! ខេត្តកោះកុង ខ្ញុំផុងបេះដូង

យល់សប្ដយល់សូង អន្ទងហៅជួប

ដប់ឆ្នាំផុតទៅ ឥលូវដល់ខួប

លេីកនេះវិលផ្គួប ចំនួបរឿងថ្មី។

ឱ! កោះកុងខ្មែរ ថែអក្សរសិល្ប៍

រឿងឃុនឆាងខិល រមិលភឹមស្រី

ឃុនផែនបែនបត់ ហត់នឹងទឹកដី

អាគមល្បាញល្បី ជួយស្រីមិនបាន។

ឱ! ភូមិចេតិយ នៅត្រេីយខាងលិច

ដងទង់រំលេច ពាក្យពេចន៍កល្យាណ

ទង់ព្រលឹងខ្មៅ ហៅសែនសាមាន្យ

ពិឃាតនាងបាន ច្រានដល់មរណ:។

ឃុនឆាងឃុនផែន ហៅសែនក្ដុកក្ដួល

សង្វេគរំជួល ឆួលឆាបអួលអាក់

ម្ចាស់បេះដូងភឹម បានត្រឹមហារស្លាក់

ទឹកភ្នែកសស្រាក់ ពូនផ្នូរភរិយា។

គិរីសាគរ នៅឈរម្នាក់ឯង

ថ្មបាំងឥតក្រែង វាលវែងរងា

មណ្ឌលសីមា ស្នេហាផ្ដន្ទា

ប៉ាក់ខ្លងឆ្លងគ្នា ហៀរហូរប្រវត្តិ។

ឱ! ពាមក្រសោប ឱបរឿងឈឺចាប់

និទានរ៉ាយរ៉ាប់ ប្រាប់មិនដែលហត់

ឃុនឆាងឃុនផែន ហៅសែនកម្សត់

រឿងព្រេងជូរចត់ កត់នៅកោះកុង។

——-

វិរិយា🌸

ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែតុលា គ.ស. ២០២៣

ចុចទីនេះ https://youtu.be/3nS4HZmnsmA?si=tebx7Cl7CDctO24C ដើម្បីស្ដាប់សំឡេងកំណាព្យ “កោះកុងក្នុងអក្សរសិល្ប៍”

ដីទុកធ្វើផ្នូរ (កំណាព្យបទកាកគតិ)

នេះដីកេរឪ បន្សល់ទុកនៅ

អាពៅសង់ផ្ទះ ទទឹង៣ម៉ែត្រ

បណ្ដោយអស់ស្ទះ សង់រួចនឹងឈ្នះ

បេះដូងម៉ែក្មេក។

ឮតែគេថា បេីចង់រៀបការ

ទាល់មានផ្ទះដេក តូចក្ដីធំក្ដី

អាចផ្សំដំណេក ល្អជាងទៅដេក

ផ្ទះឪផ្ទះម៉ែ។

ប្លង់ផ្ទះចង្អៀត តែចិត្តមិនត្បៀត

ព្រោះវាមានស្នេហ៍ បេះដូងរីកធំ

ធំប៉ុនវាលស្រែ អាចរស់ល្ហេីយល្ហែ

ឥតប្រែប្រួលថ្វី។

ដីនេះពីដេីម ឪវាទុកផ្សេីម

ត្រៀមធ្វេីចេតិយ លុះកូនធំឡេីង

វាឥតចេះអី ចង់បានតែដី

យកទៅសង់ផ្ទះ។

ទម្រាំដឹងរឿង អាពៅចិត្តសឿង

វាចង់តែឈ្នះ វាមានសង្សារ

ចង់ការរូតរះ ម៉ែក្មេកវាលះ

សួរផ្ទះសម្បែង។

ពេលនេះរួចរាល់ ថ្ងៃការជិតដល់

វាអរមិនលែង អនាគតវា

ច្បាស់ជាខែងរ៉ែង សប្បាយហុយផ្សែង

ផ្ទះប៉ុនផ្នូរខ្មោច។

———

វិរិយា🌸

ថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

បណ្ដាំអាត្មា (កំណាព្យបទ៨ព្យាង្គ)

អាត្មាសូមផ្ដាំ ចាំណា! ញាតិញោម

បាយហាង បាយខ្ទម ឆីឆ្អែតដូចគ្នា

តែបាយសៀងលីង ចាញ់បាយសាច់ទា

ពេញពោះដូចគ្នា តែវាខុសជាតិ។

អាត្មាសូមផ្ដាំ ចាំណា! យាយតា

អ្នកស្រែ អ្នកផ្សារ ចូររក្សាញាតិ

កុំឈ្លោះទាស់ទែង ក្រែងខ្មាំងវាឆ្លៀត

បើផ្ទះចង្អៀត មកនៅវត្ដមក៍។

អាត្មាសូមផ្ដាំ ចាំណា! សាវក

អ្នកជាប់ អ្នកធ្លាក់ អ្នកបរោក្ខោ

មានខ្លួនទីពឹង ដូចមានកូនសោរ

រស់មិនឆោឡោ ផ្អើលរកគេជួយ។

អាត្មាសូមផ្ដាំ ចាំណា! បងប្អូន

ឫស្សីក្នុងក្បូន ក៏អាចលាស់ត្រួយ

ទម្រាំគ្រាប់ស្រូវ លើផ្លូវរលួយ

បានភ្លៀងធ្លាក់មួយ ច្បាស់ជាចេញស្លឹក។

អាត្មាសូមផ្ដាំ ឱ្យចាំអ្នកផ្ដើម

គេផ្ដួចរួចឆ្នើម យើងសើមទទឹក

អ្នកខ្លះផ្ដេកផ្ដួល មួយយប់ទើសព្រឹក

ព្រោះមិនដឹងឫក អ្នករៀបចំរឿង។

អាត្មាសូមផ្ដាំ ចាំឱ្យប្ដូរផ្ដាច់

រឿងអ្នកល្អល្អាច់ បូរបាច់ចិត្តសឿង

គេមានមេបក្ស​ ស្មគ្រលេងស្បង់លឿង

បង្កើតសាច់រឿង ពង្វក់អ្នកហ្នឹង!

———

វិរិយា 🌸

ថ្ងៃអង្គារ ៨រោច ខែកត្ដិក ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ត្រូវនឹងថ្ងៃទី៥ ខែធ្នូ គ.ស. ២០២៣

សាវកប្លម (កំណាព្យបទ៧ព្យាង្គ)

មើលរូបលិចទឹក នឹករឿងចាស់

កាលណោះជ្រួលណាស់ ទាំងចាស់ក្មេង

ប្ដូរងាប់ជាប់ឈ្មោះ ជួសសំឡេង

មិនដឹងគេលេងពង្វក់ក្បាល។

ឥឡូវភាគ២ ស៊ីលុយក្រាស់

ជំទាវច្រើនណាស់ជួយបណ្ដាល

បណ្ដុះគំនិតអន់ស្រាលៗ

ងងឹតអម្បាលអវិជ្ជា។

អ្នកខ្លះមានងារដល់ឧកញ៉ា

ប៉ុន្តែប្រាជ្ញាដូចមាន់ទា

បង្ហោះហ្វេសប៊ុគផ្សាយតគ្នា

ពន្លិចអ្នកជាឱ្យធ្លាក់ជ្រាំ។

ឧបាសិកាមហាខ្ពស់

ងារសែនពីរោះឈ្មោះបន្លំ

ដឹកនាំគេឯងលែងសូវសម

ព្រោះលបរៀបចំចោរសាមាន្យ។

ធម្មព្រះសម្ពុទ្ធមិនត្រងត្រាប់

បែរជាទៅផ្កាប់រឿងតិរច្ឆាន

ផ្សាយធម្មថោកទាបពេញភូមិឋាន

សមាធិបានក្លាយជាព្រាយ។

វិបស្សនាមិនព្រមគិត

បែរជាទៅរឹតរឿងទំនាយ

ខំប្រឹងទម្លុះសីលធ្លុះធ្លាយ

លាមកស្អុយភាយពេញខេមរា។

——–

វិរិយា🌸

៨រោច ខែកត្ដិក ២៥៦៧​ – ៥ វិច្ឆិកា ២០២៣

សូមបានជួបពេលថ្ងៃរះ

(កំណាព្យបទ ៦ព្យាង្គ ចង្វាក់ផ្ទួនរណ្ដំ)

ថ្ងៃរះ ជះសែង ស្ដែងជោគ
លៃលក យកជ័យ ន័យចំ
រៀបឫក្ស នឹករឿង សឿងសម
លាយឡំ ក្រំក្រៀម ត្រៀមក្រឹត្យ។

បានជួប ផ្គួបដៃ ថ្ងៃមុន
សាងគុណ លន់តួ សួរចិត្ត
រាយរាប់ ជាប់រឿង កឿងស្អិត
រោយរឹត ដិតដោយ ក្រោយដូរ។

សូមបាន ត្រាណត្រើយ ស្បើយទុក្ខ
ស្នេហ៍មុខ យុគថ្មី ដីហូរ
លើកទង់ រង់ចាំ ជ័យោ
ផ្ដាច់ប្ដូរ យកពាន ហ៊ានឈ្នះ!
———
វិរិយា🌸 

ថ្ងៃព្រហស្បតិ៍ ៨រោច ខែ បឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៥ កក្កដា គ.ស. ២០១៨

ពន្លឺសាយណ្ហ (កំណាព្យបទ៨ព្យាង្គ)

ពន្លឺសាយ័ណ្ហ ជាន់ទងព្រលឹង
ជើងមេឃសន្ធឹង សញ្ជឹងរាត្រី
ដែលនឹងឆ្លាស់វេន ប្រគេនផែនដី
កំដរហឫទ័យ នៃនារីម្នាក់។

ពន្លឺសាយ័ណ្ហ បន់សូមឱ្យយប់
ដូចគេប៉ងជប់ សុបិនពីរនាក់
ថ្ងៃលិចក្រោយភ្លៀង ផ្ទៀងជំនឿជាក់
មន្តស្នេហ៍រាក់ៗ អន្ទាក់ម្ចាស់ព្រាន។

ពន្លឺសាយ័ណ្ហ ឆព្វណ្ណម្ខាងមេឃ
ជះរស្មីផ្លេក ដូចរែកឱ្យឈាន
សម្រាប់ដើរឆ្លង កន្លងម្ចាស់ស្ពាន
កន្លែងទន្ទ្រាន រុករានឱ្យខូង។

ពន្លឺសាយ័ណ្ហ អង្កន់ដួងចិត្ត
ឱ្យរង្កៀសខិត ដិតដាមបេះដូង
ទោះបីដាច់ដោច ល្អោចអស់ទាំងហ្វូង
នៅមិនរំលង យោងអំពល់គិត។

ពន្លឺសាយ័ណ្ហ គ្រាន់ជាងសូរ្យគ្រាស
មានរស្មីមាស ជះស្រមោលពិត
ទៀងទាត់កត់ចាំ ផ្ដាំភពងងឹត
អាចគប់ជាមិត្ត រឹតតែរុងរោចន៍។

ពន្លឺសាយ័ណ្ហ រួសរាន់ផ្ញើសារ
បង្កប់សន្យា ស្នេហាលន្លោច
អន្លង់កាមទេព ពេបជ្រាយប្រដូច
រាត្រីរនោច ផ្អូចរង់ចាំខែ។
____________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា គ.ស. ២០២១

ជំនោរដួងចិត្ត (កំណាព្យបទ៧ព្យាង្គ)

ជំនោរភទ្របទជិតផុតហើយ
អស្សុជចាំឆ្លើយក្រោយបុណ្យភ្ជុំ
អន្សមជ្រូកចេកផ្លែឈើនំ
ញាតិផៅជំនុំរៀបជាថ្មី។

ប្រសិនបើភ្លៀងទៀងដូចដើម
រាំងអស់លែងសើមសំណើមដី
ជំនោរកត្តិកទឹកឡើងត្រី
យើងជួបជាថ្មីឆ្លងឆ្នាំគ្រិស្ដ។

បើបុណ្យអុំទូកនៅតែមាន
វាសនាព្រៀងលានលែងទង្គឹះ
ខ្ញុំនឹងវិលវៃមកចាក់គ្រឹះ
រួមរស់ចាក់ឫសដែនអង្គរ។

បើសម្ពាយបុណ្យមិនចុនយ៉ាក
ខ្ញុំមិនកំសាកឆ្លងទឹកហូរ
ជោគជ័យជឿជាក់ធ្នាក់អម្ពរ
ពើបតែពុទ្ធោ ពរស័ក្ដិសិទ្ធ។

សូមឱ្យផែនដីមានឆព្វណ្ណ
រស្មីច្រើនជាន់វ័ណ្ឌដោយឫទ្ធិ
រុងរឿងលឿងឆ្អិនកសិណពិត
ពណ៌មាសដាមដិតដូចតេជះ។

ជំនោរទឹកភ្លៀងចុងរនោច
ភទ្របទហាក់ដូចគ្មានថ្ងៃរះ
រឿងរ៉ាវខែភ្ជុំភ្ជាប់រឿងព្រះ
ទំនៀមម្ចាស់ផ្ទះទម្លាប់ខ្មែរ។

ជំនោរដួងចិត្តអាណិតស្រុក
ចង់ស្រែករំអុកដុកដាន់ដែរ
ឱ្យអ្នកដីក្រុងប្រុងអ្នកស្រែ
គិតគូរជួយថែកសិករ។

ដែនដីសុវណ្ណប្រកាន់ខ្ជាប់
ទំនៀមទម្លាប់ទ្រាប់បន្ត
ទុកធ្វើជាកេរដំណែលល្អ
គឺវប្បធម៌ព្រលឹងជាតិ។

សូមគ្រប់គ្នារស់ឱ្យត្រឹមត្រូវ
ចៀសផុតអាស្រូវក្ដៅផៅញាតិ
ផ្លូវជាកណ្ដាលក្រាលឥតគ្រាត
រស់នៅសូមជ្រៀតក្បែរធម៌ព្រះ។
——-
វិរិយា🌸

ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា គ.ស. ២០២២

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

អាសាឡ្ហបូជា (កំណាព្យបទ៧ព្យាង្គ)

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ត្រូវតាមក្បួនខ្នាតបុរាណចាស់
ជាថ្ងៃរំឭកនឹករឿងខ្លះ
ទាក់ទងនឹងម្ចាស់នៃសាសនា។

ហៅបុណ្យអាសាឡ្ហបូជា
រំឭកនឹកគ្រាព្រះសាស្ដា
សម្មាសម្ពុទ្ធប្រដៅថា
ព្រះធម្មថ្លៃថ្លាជាទីពឹង។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ជម្រះឱ្យស្អាតចិត្តដែលរឹង
ទម្លាក់មានះនៅឱ្យនឹង
សម្ងំស្មាធិ៍ស្មិងសញ្ជឹងធម៌។

វិភាគហើយគិតព្រះធម្មក្ខន្ធ
កងធម៌ណែនណាន់មានខ្មៅ-ស
សភាវៈពិតអាក្រក់-ល្អ
មានជាប់តំណគ្រប់ៗប្រាណ។

អរិយសច្ចៈបួនប្រការ
ទីមួយ ទុក្ខាតាមលំអាន
ជាប់កង់រទេះដូចជាដាន
វិលគ្មានសម្រាន្តម្ដងណាឡើយ។

ទីពីរ កំណើតនៃក្ដីទុក្ខ
វាដុតរានរុកឆេះឥតស្បើយ
ឈ្មោះហៅតណ្ហាវានេះហើយ
ចាក់ដូចកន្ត្រើយរមាស់ក្រៃ។

ទីបី សេចក្ដីរំលត់ទុក្ខ
ធម្មល្អវិសុទ្ធខ្ពស់ថ្លាថ្លៃ
ជួយយើងដោះស្រាយរឿងចង្រៃ
រស់ចាកគ្រោះភ័យន័យនិរោធ។

ទីបួន អង្រួនមគ្គសច្ចៈ
ការពិតប្រចក្សរៀងរហូត
ប្រកាន់ឱ្យខ្ជាប់កុំរបូត
ទន្ទេញហើយសូត្រ-បដិបត្តិ។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
សូមលាងឱ្យស្អាតសង្វាតហាត់
គិតព្រះសម្ពុទ្ធ អរហត្ត
ទុក្ខរលាយបាត់ និព្វានហោង។
_______
សូមអនុមោទនា អាសាឡ្ហបូជា និងបុណ្យចូលព្រះវស្សា!
Happy Āsāḷha-Pūjā and The Buddhist Vassa Rains Retreat!

ថ្ងៃ១៥ កើត ខែបឋមាសាឍ (អាសាឍទី១) ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា គ.ស.​ ២០២២
________
វិរិយា🌸
១៤កើត ខែអាសាឍ ២៥៦៦​ – ១២ កក្កដា ២០២២