ហៃកូនស្រីស្ងួននាងពៅ អត់ពីម្ដាយទៅពៅហ្អើយចូរខំ
ប្រឹងថែចរិយាឲ្យមាំ ឫកពារសក្ដិសមជាកុលស្ត្រី
គ្មានម្ដាយរស់ពឹងបងស្រី ប្រដូចប្រៀបបីទៅនឹងមេបា
កូនខុសបងស្រីចរចា ស្ដីប្រដៅថាកូនត្រូវនៅស្ងៀម
គុណធម៌ត្រូវឈរខ្សែត្រៀម រស់នៅត្រូវបៀមស្គាល់គុណនិងទោស
ថែខ្លួនកុំឲ្យអាប់យស ប្រថុយជ្រុលជ្រួសគ្រោះកម្មរឿងប្រុស
កូនហ្អើយម្ដាយអង្វរចុះ ខូចខ្លួននឹងប្រុសអាស្រូវកេរ្ដិ៍ខ្មាស
ប្រុសព្រើល-ងងើលផ្ដេសផ្ដាស ត្រេកត្រអាលណាស់បើកូនឲ្យដៃ
ពួកព្រានមានស្នៀតចង្រៃ ចាក់រុកកាឡៃនាំស្រីវង្វេង
ពង្វក់ឈ្លក់តែនឹងភ្លេង ប្រគំប្រឡែងលេងបទតណ្ហា
សូមគេចចេញឆ្ងាយឆាប់រ៉ា កុំនៅស្នេហា-រអាខ្មោចម៉ែ
បងស្រីគេស្ដីអ៊ូអែ ព្រោះចង់ថ្នមថែកិត្តិយសកូនទេ
បើកូនអាស្រូវអស់កេរ្ដិ៍ ប្រុសណាគេស្នេហ៍ចូលដណ្ដឹងនាង?
ម៉ែផ្ដាំខ្លាចកូនមិនរៀង ចូរថ្លឹងថ្លែងផ្ទៀងកុំលំអៀងផ្ដាស
បងស្រីមានគុណច្រើនណាស់ ម្ដេចកូនផ្ដេសផ្ដាសបែររត់តាមប្រុស?
អាស្រូវបែកធ្លាយទាំងអស់ កូនហ្អើយម៉ែខ្សោះស្ទើរបែកព្រលឹង
ម្ដេចកូនហ៊ានធ្វើបែបហ្នឹង សាងទោសព្រោះខឹងនឹងរឿងគេស្ដី
ជាបងប្រៀបដូចម្ដាយថ្លៃ បន្តឹងច្បាប់ស្រីព្រោះខ្លាចកូនខូច
ឥលូវកូនធ្លាយប៉ផ្លូច ក្លាយជាស្រីខូចឲ្យប្រុសលុកលុយ
ក្លិនបក់ច្រាស់ខ្យល់ឡើងស្អុយ អ្នកស្រុកជេរហុយព្រោះតែឈ្មោះកូន
ក្លាយជាអស់លក្ខណ៍ធ្លាក់សូន្យ រសាត់ដូចក្បូនតែលតោលឥតត្រើយ
យល់ខុសថាប្រុសហ្នឹងហើយ ជួយកល់ជាខ្នើយឲ្យស្រីបានស្រួល
តែនេះកូនខុសរមួល វានាំកូនស្រួលក្នុងផ្លូវកាមគុណ
ពេលក្រោយកូននឹងទារុណ ព្រោះភាពរមិលគុណចំពោះបងស្រី
ដឹងខុសចូរកូនវិលវៃ បង្គំលើដីអោនក្បាលសូមទោស
បងស្រីអាចជួយសណ្ដោស លើកលែងកំហុសរឿងថ្លោះធ្លោយការណ៍
តែបើនាងឥតបញ្ញា ខ្មោចម៉ែគិតថាកូនអស់បុណ្យហើយ
ម៉ែក៏មិនអាចជួយឡើយ ចូរកូនកាត់ត្រើយហែលឆ្លងទៅចុះ
ម៉ែសូមផ្ដែផ្ដាំប៉ុណ្ណោះ និស្ស័យអាឡោះបោះទងតាមខ្យល់
ព្រះជួយតែមនុស្សគ្មានកល ចូរគិតឲ្យដល់ ខ្យល់មកពីណា?
កុំឲ្យអ្នកស្រុកដៀលថា រស់បង់អាសារ ខ្លោចផ្សាព្រោះឆោម
រូបស្អាតគួរចង់ប្រលោម តែមារយាទក្រោមជង្រុកអាចម៍មាន់
លាហើយ ហើយឈប់ពាក់ព័ន្ធ ឈប់ដើរមកជាន់ផ្នូរខ្មោចម៉ែទៀត
ព្រោះកូនធ្វើរឿងចោលម្សៀត ម៉ែខ្មាសខ្មោចញាតិនៅបៀតផ្នូរគ្នា
ព្រលឹងដូនតា-មហិមា ក្រហាយចងពៀរនឹងរឿងកូនស្រី
ម៉ែគ្មានពាក្យតបសម្ដី មានតែផ្ដាំថ្លៃមុននិស្ស័យផ្ដាច់
ឥលូវម៉ែឈប់បូរបាច់ វាសនាសម្រេច ស្រេចលើកូនចុះ
គុណធម៌នៃមនុស្សស្រីប្រុស គឺអ្នកដឹងខុស ទទួលការពិត
បរិសុទ្ធ ឬមួយទុច្ចរិត គង់លាក់លែងជិតនៅថ្ងៃណាមួយ
មនុស្សល្អព្រះនឹងតាមជួយ ជីវិតមានមួយ ស្ទួយបានដោយបុណ្យ។
———-
សៀមរាប
ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី១៩ ខែសីហា គ.ស ២០១៦














