Category Archives: ពាណិជ្ជកម្ម

វិបត្តិបរិត្ដផរណារបស់ចិនឆ្នាំ២០២៣

បរិត្តផរណា” (Deflation) គឺជាវិបត្តិមួយដែលមានលក្ខណៈអាក្រក់ជាង​ និងគ្រោះថ្នាក់ជាង “អតិផរណា” (Inflation)។ ពេលនេះ ចិនកំពុងផុងខ្លួនយ៉ាងជ្រៅ ក្នុងវិបត្តិបរិត្ដផរណា។

តើ “បរិត្តផរណា”​ ជាអ្វី?

វាជាសូចនករណ៍មួយបញ្ជាក់ថាប្រទេសជាតិកំពុងតែសម្បូរហូរហៀ ពោរពេញទៅដោយអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកលក់ចេញ អ្នកនាំចេញ អ្នកលក់បន្ត ប៉ុន្តែបែរជាគ្មាន ឬមានតិចតួចពេកនូវចំនួនអ្នកទិញចុងក្រោយសម្រាប់ការប្រើប្រាស់ (Final Consumers)។ 

បញ្ហានេះ អាចបណ្ដាលឱ្យទំនិញសព្វសារពើជាប់គាំង ចាល់ ពេញក្នុងប្រទេសដូច្នេះចរន្ដសាច់ប្រាក់ក៏នឹងគាំងដូចគ្នា។ ដូច្នេះ ចង់ឬមិនចង់ ម្ចាស់រោងចក្រសហគ្រាសធំៗទាំងអស់ ត្រូវបញ្ចុះថ្លៃទំនិញនិងសេវា គ្រប់បែបយ៉ាង ហើយរដ្ឋាភិបាល ត្រូវលើកលែងពន្ធសព្វសារពើ ទាំងចំពោះអ្នកផលិត អ្នកលក់ និងអ្នកទិញ។ ក្នុងករណីធ្ងន់ធ្ងរ ធនាគារជាតិ ត្រូវបោះពុម្ពលុយបន្ថែមឱ្យច្រើនឡើង ដើម្បីជួយឱ្យទំនិញមានតម្រូវការទិញដូរ និងឡើងថ្លៃវិញ ប៉ុន្តែវាមិនមែនជាវិធីដ៏ល្អសម្រាប់ប្រទេសជាតិទេ។

ជប៉ុនក៏ធ្លាប់ជួបនឹងវិបត្តិដូចគ្នានេះម្ដងរួចមកហើយកាលអំឡុងក្រោយព្យុះរលកយក្ស ស៊ូណាមិ ឆ្នាំ ២០១១ (កុំច្រឡំជាមួយស៊ូណាមិ ២០០៤) វាជាពេលដែលលុយយេនជប៉ុនឡើងថ្លៃខ្ពស់កប់ពពក ដែលជាហេតុធ្វើឱ្យអ្នកលក់ផលិតផលជប៉ុននៅទូទាំងពិភពលោកលក់ផលិតផល Made in Japan លែងដាច់ ព្រោះតម្លៃទំនិញត្រូវបានគណនាតាមរយៈលុយយេនជប៉ុន។ ដំណោះស្រាយរបស់រដ្ឋាភិបាលជប៉ុន កាលណោះ គឺ បញ្ចេញលុយយេន ទៅបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយប្រមូលទិញរូបិយបណ្ណបរទេស ដូចជាដុល្លារ យូរ៉ូ ផោន រីងហ្គីត… ចូលឱ្យច្រើន ដើម្បីបន្ទាបបន្ថោក រូបិយបណ្ណជាតិជប៉ុនខ្លួនឯង ដើម្បីជួយស្រោចស្រង់ផលិតផលជប៉ុនដែលលក់នៅបរទេសឱ្យធ្លាក់ចុះថោកមកវិញ ដើម្បីរក្សាតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារអន្តរជាតិ។ លុយយេន កាលណោះ ឡើងថ្លៃខ្លាំងក្នុងរយៈពេលដ៏ខ្លីពេក គឺត្រឹមតែប៉ុន្មានខែប៉ុណ្ណោះដោយសារតែក្រុមហ៊ុនធានារ៉ាប់រងនៅបរទេស សម្រុកដូរយកលុយយេនដើម្បីសងសំណងខូចខាតទៅរោងចក្រ សហគ្រាសដែលមានមូលដ្ឋាននៅជប៉ុន ដែលត្រូវបានរងការបំផ្លាញពីគ្រោះរលកយក្សស៊ូណាមិ។

ខ្ញុំសូមលើកឧទាហរណ៍ជាក់ស្ដែងឱ្យងាយយល់ កាលជំនាន់បរិត្ដផរណាជប៉ុន។ មុនវិបត្ដិបរិត្តផរណា (ឆ្នាំ ២០១០) អត្រាប្ដូរប្រាក់ USD 1 = JPY 87.78 លុះក្រោយព្យុះរលកយក្សភ្លាម ក្នុងឆ្នាំ ២០១១ អត្រាប្ដូរប្រាក់ គឺ USD 1 = JPY 79.71។ មានន័យថា លុយយេនជប៉ុនឡើងថ្លៃខ្លាំងក្រោយវិបត្តិ វាគឺជា បរិត្តផរណារបស់ជប៉ុន។ ការឡើងថ្លៃតម្លៃរូបិយបណ្ណជាតិក្នុងរយៈពេលខ្លីពេក គឺជាគ្រោះថ្នាក់របស់សេដ្ឋកិច្ចជាតិ។

រឿងរ៉ាវជាឧទាហរណ៍ មានដូចជា ក្នុងពាក់កណ្ដាលឆ្នាំ ២០១១ ម៉ាស៊ីនត្រជាក់ Hitachi តម្លៃ $200 លុះក្រោយជប៉ុនជួបវិបត្តិបរិត្តផរណា (លុយយេនឡើងថ្លៃ) ធ្វើឱ្យតម្លៃម៉ាស៊ីនត្រជាក់ Hitachi ដែលលក់នៅបរទេស ដែលទិញមកពីជប៉ុន ឡើងដល់ $250 ក្នុង១គ្រឿង។ ពេលនោះ អ្នកលក់ លក់លែងដាច់ ព្រោះតែអ្នកទិញងាកទៅទិញម៉ាស៊ីនត្រជាក់ដែលផលិតពីប្រទេសផ្សេង ដែលមានតម្លៃទាបជាង។

ហេតុអ្វីមានបាតុភូតនេះ? ព្រោះថា ក្រុមហ៊ុននាំចូលម៉ាស៊ីនត្រជាក់ បានទិញផលិតផលនោះពីជប៉ុនមក ក្នុងអត្រាគណនារូបិយបណ្ណជាលុយយេនជប៉ុន អ៊ីចឹងនៅពេលដែលលុយជប៉ុនឡើងថ្លៃ ទំនិញជប៉ុននៅទូទាំងពិភពលោកក៏ឡើងថ្លៃដែរ។ ការណ៍នោះហើយ ដែលវាមិនសមតុល្យជាមួយនឹងលទ្ធភាពចាយវាយរបស់អ្នកប្រើប្រាស់ចុងក្រោយ (final consumers) ធ្វើឱ្យផលិតផលជប៉ុនគាំងលក់ឥតដាច់។

ដោយឡែក រឿងរបស់ចិនវិញ គឺផ្សេងគ្នា។ វិបត្តិ បរិត្ដផរណា ចិន គឺបណ្ដាលមកពីចំនួនអ្នកផលិត ដើម្បីលក់កើនច្រើនជាងចំនួនអ្នកទិញដើម្បីប្រើប្រាស់។ ចិនបានតាំងខ្លួនជាអ្នកផលិតអ្វីៗសព្វគ្រប់បែបយ៉ាងសម្រាប់ពិភពលោកទាំងមូល។ ជាតួយ៉ាង ដែលបងប្អូនខ្មែរយើងអាចសម្គាល់បានងាយនោះ គឺសព្វថ្ងៃ យើងឃើញមានលក់ពាសពេញទីផ្សារប្រទេសកម្ពុជា នូវផលិតផលវាយនភណ្ឌពីប្រទេសចិន សម្បូរបែប ជាពិសេស ហូល ផាមួង ក្រណាត់ប៉ាក់ ឌិន អង្កាំ គ្រឿងអលង្ករណ៍សម្រាប់តុបតែងតួស្ត្រីរបាំបុរាណខ្មែរ ។ល។ ក្រៅពីផលិតហូល ផាមួង ហើយ ចិននៅបង្កើតរោងចក្រ ដេរសំពត់បត់ អាវប៉ាក់ សម្រាប់ខ្មែរស្លៀកក្នុងពិធីប្រពៃណីថែមទៀតផង។ បើយើងទិញហូល ផាមួង ខ្មែរដែលត្បាញស្រុកខ្មែរ ហើយជួលជាងដេរខ្មែរ យើងត្រូវចំណាយ យ៉ាងតិច US$ 100 ប៉ុន្តែ បើទិញពីចិនស្រាប់តែម្ដង ១ឈុតអស់តែ $25 តែប៉ុណ្ណោះ។ នោះហើយជាមូលហេតុដែលចិនអាចទន្ទ្រានចូលទីផ្សារ ហូលផាមួងនិងសម្លៀកបំពាក់ប្រណៃណីខ្មែរបាន។ ក្រៅពីនោះ ចិននៅថែមទាំងទន្ទ្រានចូល ទីផ្សារដូចគ្នានេះ នៅប្រទេសថៃ ឡាវ ភូមា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងបណ្ដាប្រទេសស្ទើរទាំងអស់ក្នុងលោក។

ប៉ុន្តែអ្វីៗវាមិនដូចក្ដីរំពឹងទុករបស់ចិនទេ មហាសុបិនផ្លូវសូត្រ (One belt one road) ដែលចិនបានគូសវាស និងបានកំពុងធ្វើយ៉ាងសស្រាក់សស្រាំ ក៏មិនប្រាកដថាជោគជ័យ១០០%។ មហិច្ឆតាចិន ដែលហ៊ានដល់ថ្នាក់រាំងខ្ទប់ផ្លូវទឹក នៃមហាអនុតំបន់ទន្លេមេគង្គ ជាភាពគឃ្លើនមួយ ដែលយើងអាចពិចារណាពី ភាពលោភលន់ និងកង្វះគុណធម៌ របស់ដង្ខៅភ្នែកលឹបមួយនេះបាន។ គេបិទត្រីមិនឱ្យហូរចុះមកក្រោម (វៀតណាម ឡាវ កម្ពុជា ថៃ និង ភូមា) ហើយគេប្រាប់ថា ចាំគេ (ចិនអ្នកនៅខ្សែទឹកខាងលើ) អ្នកដឹកត្រីតាមផ្លូវសូត្រ យកមកលក់ឱ្យវិញ កុំពិបាកអី។ គេប៉ុនប៉ង ចង់ធ្វើជាអ្នកដើរប្រមូលយកភោគផល សម្បត្តិ ធម្មជាតិ ដី ទឹក ព្រៃ រ៉ែ របស់ភពផែនដីនេះទាំងមូល ហើយធ្វើជាអ្នកផលិត និងលក់តែម្នាក់ឯង សម្រាប់មនុស្សមួយពិភពលោកទិញ។

ពេលនេះ គ្រប់គ្នាកំពុងអង្គុយទស្សនា រង់ចាំមើលថា តើចិននឹងដោះស្រាយបញ្ហា បរិត្ដផរណា ដោយរបៀបណា។ ប្រសិនបើគ្មានដំណោះស្រាយសមស្របណាមួយទេ រោងចក្រ សហគ្រាសធំៗ អាចនឹងប្រឈមបិទទ្វារ មនុស្សអត់ការងារធ្វើ ទំនិញខូចចាក់ចោលឬដុតចោល…ប្រទេសជាតិនឹងជួបបញ្ហាធំ។

យោងតាមអត្ថបទមួយពី The Telegraph ប្រទេសចិនកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុខភាពនៃសេដ្ឋកិច្ចជាតិខ្លួនឯងនិងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។

តម្លៃនៃទំនិញប្រើប្រាស់ផលិតនៅចិន​ Made in China គិតត្រឹមខែឧសភា បានធ្លាក់មកនៅ 0.6% ចូលដល់ខែមិថុនា បានធ្លាក់ចុះមកថែមទៀត ត្រឹម 0.1% ហើយសប្ដាហ៍មុន គឺចូលដល់ខែកក្កដា ២០២៣ នេះសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ CPI (Consumers Price Index) ធ្លាក់មកនៅ 0.0% (មានន័យថាគ្មានការទិញទាល់តែសោះ) ខណៈដែលសក្ដានុពលរបស់ក្រុមផលិតករចិនក៏កំពុងតែធ្លាក់ដាំក្បាលលឿនដូចផ្លេកបន្ទោរ និងអាចឈានដល់ការដួលរលំក្នុងពេលដ៏ខ្លីខាងមុខ។ 

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (National Bureau of Statistics) កាលពីថ្ងៃចន្ទ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI)  មិនមានការផ្លាស់ប្តូរទេ តាំងពីខែកុម្ភៈ ឆ្នាំ ២០២១ មកទើសឆ្នាំ២០២៣ នេះ។ នោះគឺជាអត្រាទាបបំផុតដែលមហាយក្សកំណាចចិនមិនធ្លាប់ជួបប្រទះទេ គិតចាប់តាំងពីដើមសតវត្សរ៍ទី១៩ មក។ បើនិយាយពីបរិត្ដផរណារបស់ពួកផលិតករចិននាគ្រានេះវិញ គឺវាមានសញ្ញាអាក្រក់តាំងពីខែធ្នូ ឆ្នាំ ២០១៥ មកម្ល៉េះ។ មូលហេតុដ៏ធំជាងគេ គឺបណ្ដាលមកពី គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ចរបស់ចិនខ្លួនឯង។


ប្រេងដូងត្រជាក់ (កំណាព្យបទ៧ព្យាង្គ)

ដូងអើយដូងទុំ ម៉ុមខ្វល់គិត
ចម្រាញ់ប្រេងពិត រឹតតែហត់
រុករករឿងរ៉ាវ ស្រាវជូរចត់
ចរចាសន្មត់ កត់ត្រាផ្ដាំ។

ប្រេងដូងត្រជាក់ ខ្ជាក់ក្លិនឈ្ងុយ
មិនសូវបានលុយ អង្គុយចាំ
អង្កេតពិនិត្យ រឹតរងកម្ម
ពិសោធរាប់ឆ្នាំ រកាំចិត្ត។

ចាប់ផ្ដើមលុកលុយ ប្រថុយទៅ
នៅលើដងផ្លូវ អ្នកផលិត
កសិផលខ្មែរ ថែដីស្អិត
ដូងទុំរុំមិត្ត ជិតជុំស្រុក។

ផលិតប្រេងដូង យោងអ្នកស្រែ
រើសពូជដូងខ្មែរ ក្បែរសម្បុក
សៀមរាបអង្គរ ពរក្ដីសុខ
ផលិតនាំមុខ ផ្គត់ផ្គង់ញាតិ។

ដាក់ចូលទីផ្សារ ផ្ងារកញ្ច្រែង
ប្រកាសបែកផ្សែង ថ្លែងព្រោងព្រាត
ដឹកដល់ជិតឆ្ងាយ ផ្សាយដាក់ជ្រៀត
ច្រកដបលក់បៀត ញាតិអនឡាញ។

ឥឡូវគេស្គាល់ ពាល់កេរ្តិ៍ឈ្មោះ
អិលអិមពីរោះ រសល្បីល្បាញ
ប្រេងដូងត្រជាក់ ទាក់ឥតសាញ
ជួយដុតបំផ្លាញ រោគាឆ្ងាយ។

សូមឱ្យដូងខ្មែរ ថែញាតិមិត្ត
ដុះដាលជុំជិត រឹតតែសាយ
ចម្រើនភោគផល ដល់រៀងអាយ
ស្រុកខ្មែរសប្បាយ ក្លាយដីមាស។
________
វិរិយា🌸
ថ្ងៃ អង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា គ.ស​ ២០២១

រូបថតរចនាដោយ ហ្វូតូហ្សប ជាមួយនឹងរូបភាពប្រេងដូងត្រជាក់ ម៉ាក LM ដែលជាផលិតផលរបស់ក្រុមគ្រួសារនាងខ្ញុំផ្ទាល់ មានសង្វាក់ផលិតកម្មនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប | រូបដបប្រេងដូងនោះ ជាដបម៉ូដចាស់ទេ សព្វថ្ងៃបានអភិវឌ្ឍស្អាតជាងនោះច្រើន
សម្រាប់ព័ត៌មានលម្អិតទូទៅផ្សេងៗ សូមចុចតាមដាននៅក្នុង http://www.facebook.com/LimaViriya
សូមអានប្រវត្តិក្រុមហ៊ុនតាមរយៈគេហទំព័រ http://www.khmerangkorfood.com

រឿងប្រចាំថ្ងៃ

ពេលព្រឹកនឹកគ្នាណាត់ញ៉ាំគុយទាវ  ញ៉ាំហើយមាត់ភ្លាវក៏ថែមកាហ្វេ

ផឹកហើយជជែកមិនអស់ចិត្តទេ  នាទីកើនទ្វេជ្រេចូលប៊ុយរ៉ូ។

ថ្ងៃត្រង់បន្តក៏តេហៅគ្នា  កម្សាន្ត រមនាក្នុងព្រៃអង្គរ

ខាងត្បូងស្រះស្រង់ត្រង់ទួលពង្រ  ក្រោមសៀងភ្លៀងផ្គរបន្ទរស្រោបប្រាណ។

នារមណីដ្ឋាន ធម្មជាតិស្រះស្រង់  ពួកយើងកម្មង់អាហារច្រើនចាន

មានកង្កែបអាំងច្រងេងច្រងាង  ខ្យងសោកបោកប្រាណចំហុយទឹកដូង។

បុកល្ហុងឈ្ងុយឈ្ងប់អប់ក្លិនប្រហុក  មាន់ដុតក្នុងស្រុកចុកខ្លាញ់រលោង

មានទាំងស្លម្ជូរបង់ម្រះព្រៅយោង  បាយក៏ទំនង ដាំដោយស្រូវស្រូប។

ខ្យល់បក់ត្រសៀក ងាកមើលមុខគ្នា  រំភើយរងា ណាត់គ្នាថតរូប

កាច់រាងក្ងិកក្ងក់ ព្រោះខ្លាចមិនឃ្យូត  ថតរួចបោសគូថ ទើបបែកទីទៃ។

មិនទាន់ចប់ទេ មាសមេបងហ្អើយ  យប់ឡើងមិនស្បើយព្រោះពេលវាខ្លី

ណាត់ទៅឯស្ដង់ ក្នុងពេលរាត្រី  ពិពណ៌៤ថ្ងៃ នៅដីព្យុងយូ។

ជួយទិញអ្នកស្រុក ស្រែខ្មុក គ្នាយើង  ជួយគ្នាតម្កើង ឡើងឲ្យធារធូរ

ជួយទិញខ្មែរយើង កុំពោលរអ៊ូ  ជួយគ្នាកុំយូរ ស៊ូស៊ូ ទើបឈ្នះ!!!

ដោយក្ដីស្រលាញ់ពី លឹម វីរីយ៉ា

សៀមរាប, ថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា គ.ស ២០១៦

តើអ្វីទៅជា ហាងទំនិញរួចពន្ធ?

ហាងទំនិញរួចពន្ធ (Duty-free shops or stores) គឺជាហាងលក់រាយ ដែលត្រូវបានលើកលែងពន្ធគយ និងពន្ធដារ សម្រាប់រាល់ទំនិញទាំងឡាយណាដែលដាក់លក់នៅក្នុងស្រុក ជាថ្នូរទៅនឹងការស្នើសុំឱ្យលក់ជូន សម្រាប់តែភ្ញៀវទេសចរបរទេស ឬអ្នកដំណើរបរទេស ដែលក្រោយពេលទិញរួច ពួកគេនឹងយកទំនិញនោះចេញទៅក្រៅប្រទេស។

ទំនិញនានាអាចដាក់លក់ក្រោមលក្ខ័ខណ្ឌ័លើកលែងពន្ធបាន អាស្រយ័ទៅតាមភាពខុសគ្នានៃយុត្តាធិការ រួមទាំងវិធីសាស្រ្តនៃការលក់ និងដំណើរការគណនាពន្ធ ឬ ការសងត្រលប់វិញនូវផ្នែកណាមួយនៃពន្ធ។

ទោះជាយ៉ាងនេះក្ដី សម្រាប់ការលក់ដូរនៅក្នុងប្រទេសខ្លះ ត្រូវបានរដ្ឋាភិបាលចាប់បង្ខំឱ្យបង់ពន្ធទៅលើទំនិញដែលនាំចូលមកក្នុងប្រទេសជាតិខ្លួនឯង បើទោះបីជាអតិថិជននោះបានទិញទំនិញពីហាង Duty-Free Shop នៅបរទេសមកក៏ដោយ។ ប៉ុន្តែទង្វើនេះវាមិនជាអចិន្ត្រៃយ៍ទេ។ មាននយ័ថា ប្រសិនបើជារដូវកាលណាមួយ ប្រទេសជាតិកំពុងតែជោរជន់ផលិតផលណាមួយនោះ ហើយបែរជាប្រជាជនខ្លួនឯងងាកទៅទិញ ផលិតផលស្រដៀងគ្នា ឬដូចគ្នាពីបរទេសមកវិញ ដូច្នេះជននោះ ត្រូវតែបង់ពន្ធក្នុងអត្រាគណនាដ៏ខ្ពស់មួយដល់ប្រទេសជាតិ។

ឧទាហរណ៍៖ ប្រទេសថៃនារដូវកាលនេះ កំពុងតែប្រមូលភោគផលស្រូវទូទាំងប្រទេស មាននយ័ថា ស្រូវក្នុងប្រទេសថៃកំពុងតែជន់ច្រើនយកទៅណាមិនអស់ ស្រាប់តែខណៈនោះ មានជនជាតិថៃម្នាក់ មកលេងប្រទេសកម្ពុជា​ ដោយពាំនាំយកទៅវិញនូវស្រូវអង្ករជាច្រើនគីឡូជាប់ខ្លួនចូលទៅក្នុងប្រទេសជាតិខ្លួនឯងវិញ ដោយសារតែគិតថា អង្ករនៅស្រុកខ្មែរលក់ថោកជាងក្នុងស្រុកថៃ។

ប៉ុន្តែទីបំផុតនៅពេលឆ្លងដែនត្រលប់ចូលទៅក្នុងប្រទេសថៃវិញ ជនជាតិថៃនោះ(ឬអ្នកស្នាក់នៅក្នុងប្រទេសថៃជាអចិន្ត្រៃយ៍) ត្រូវបាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន ស្ទាក់ទុកដើម្បីចាប់ឱ្យបង់ពន្ធជូនរាជការថៃក្នុងតម្លៃមួយដែលខ្ពស់ជាងការទិញអង្ករក្នុងស្រុកថៃទៅវិញ។

គេធ្វើដូច្នេះ ដើម្បីទប់ស្កាត់កុំឲពលរដ្ឋខ្លួនឯងចេញទៅទិញអង្ករនៅក្រៅប្រទេស ដែលជាមូលហេតុធ្វើឲអង្ករ ក្នុងប្រទេសជាតិកាន់តែជន់ជោរទៅៗ និងរកទីផ្សារមិនបាន។

ផ្ទុយទៅវិញ បើសិនជាក្នុងប្រទេសជាតិ ពេលនោះកំពុងតែខ្វះខាតអង្ករ រដ្ឋាភិបាល នឹងមិនយកពន្ធលើអង្ករដែលនាំចូលពីបរទេសនោះទេ។ សរុបសេចក្ដីទៅ វាជាយុទ្ធសាស្រ្តដើម្បីជួយប្រទេសជាតិខ្លួនឯងរៀងៗខ្លួន ទាំងរដ្ឋាភិបាលខ្មែរ និងថៃ។

ហាងទំនិញរួចពន្ធ (Duty-Free Shop ឬ Duty-Free Store) តែងតែត្រូវបានសាងសង់នៅតាមតំបន់ព្រំដែនអន្តរជាតិ ឬ កំពង់ផែអន្តរជាតិ ឬ អាកាសយានដ្ឋានអន្តរជាតិ ឬ ស្ថានីយអយស្មយ័យានអន្តរជាតិ ជាដើម។ ទំនិញរួចពន្ធ ក៏អាចត្រូវបានគេលក់ដូរនៅក្នុងយន្តហោះ ឬកប៉ាល់ដឹកអ្នកដំណើរឆ្លងដែនផ្សេងៗផងដែរ ដោយក្នុងនោះអ្នកទិញត្រូវបង្ហាញនូវលិខិតឆ្លងដែនដែលបញ្ជាក់ថាខ្លួនជាជនបរទេសពិតប្រាកដ។

មូលហេតុដែលគេមិនលក់ទំនិញរួចពន្ធទាំងនោះទៅកាន់ប្រជាជនខ្លួនឯងនៅក្នុងប្រទេស ព្រោះថា៖ រាល់មុខទំនិញនានាដែលត្រូវបានដាក់លក់ក្នុងហាងទំនិញរួចពន្ធ មានតម្លៃទាបជាងទីផ្សារទូទៅក្នុងស្រុក ដែលជាហេតុបណ្ដាលឲប្រជាជនក្នុងស្រុកត្រូវដូរទិសដៅក្នុងការទិញទំនិញ ដោយងាកទៅទិញក្នុងហាងទំនិញរួចពន្ធនោះវិញ។ ដូច្នេះ អ្នកលក់ដូរក្នុងទីផ្សារធម្មតានឹងលក់លែងដាច់។ អីចឹងទេ ការរាំងខ្ទប់ មិនអនុញ្ញាតឱ្យប្រជាជនក្នុងស្រុកមានសិទ្ធិទិញ គឺដើម្បីការពារផលប្រយោជន៍អ្នកលក់ផ្សេងទៀតក្នុងទីផ្សារធម្មតាកុំឱ្យដួលរលំ។

អាកាសយានដ្ឋានដែលលក់ទំនិញរួចពន្ធប្រកបដោយវិសាលភាពធំជាងគេក្នុងលោកនេះ គឺនៅទីក្រុងឌូបៃ (Dubai Duty Free) នៃប្រទេសអារ៉ាប់រួម ដោយក្នុងនោះការលក់រយៈពេល១០ខែ (ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៤) មានទំហំជាទឹកប្រាក់ USD 1.53 កោដិ គឺស្មើនឹង 5% គ្របដណ្ដប់លើការលក់ទំនិញរួចពន្ធទូទាំងពិភពលោក។

មានហាងទំនិញរួចពន្ធខ្លះប្រតិបត្តិនៅចំកណ្ដាលមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមានទីតាំងនៅឆ្ងាយពីព្រលានយន្ដហោះ ឬ ឆ្ងាយពីកំពង់ផែផ្សេងៗ។

ឧទាហរណ៍ នៅប្រទេសជប៉ុន សម្រាប់ភ្ញៀវបរទេសណាដែលមានលិខិតឆ្លងដែនវាយត្រាបញ្ជាក់ថាបានច្បាប់ស្នាក់នៅតិចជាង៦ខែ អាចមានសិទ្ធិទិញទំនិញរួចពន្ធផ្សេងៗបាន។ ហាងទំនិញរួចពន្ធ ដែលធំជាងគេនៅជប៉ុន គឺស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិច Akihabara ក្នុងទីក្រុងតូក្យូ។

នៅប្រទេសថៃ ក៏មានហាងទំនិញរួចពន្ធដ៏ធំមួយឈ្មោះថា The King Power ហើយហាងនេះមានសាខាជាច្រើនក្នុងទីក្រុងបាងកក ដែលនូវរាល់ទំនិញរួចពន្ធផ្សេងៗ ត្រូវបានអតិថិជនជា ភ្ញៀវបរទេស បញ្ជារទិញជាមុន ទើបហាងដឹកជញ្ជូនឱ្យតាមក្រោយ (pre-purchase and deliver) ទៅដល់ព្រលានយន្ដហោះតែម្ដងនៅចំថ្ងៃចេញដំណើរត្រលប់ទៅកាន់ប្រទេសខ្លួនវិញ។

នៅប្រទេសហ្វីលីពីន មានអាគារពាណិជ្ជកម្មធំមួយ ឈ្មោះថា “Duty Free Philippines Fiestamall ដែលមានទីតាំងតែបួនប្រាំគីឡូម៉ែត្រប៉ុណ្ណោះពី អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino Airport ហើយវាស្ថិតនៅទល់មុខនឹងអាកាសយានដ្ឋាននោះតែម្ដង។ ទំនិញដែលដាក់លក់ក្នុងអគារ ទំនិញរួចពន្ធនោះ ភាគច្រើនលើសលប់ គឺនាំចូលមកពីបណ្ដាប្រទេសផ្សេងៗជាច្រើន (ជាពិសេសគឺពី អាមេរិក អាស៊ី និង អូស្រ្តាលី) ហើយទំនិញទាំងនោះ គ្មានលក់នៅអគារពាណិជ្ជកម្ម ឬផ្សារទំនើបផ្សេងណាមួយក្នុងប្រទេសហ្វីលីពីនឡើយ។

ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋហ្វីលីពីនខ្លួនឯង (ដែលត្រឡប់មកពីបរទេសវិញ) មិនសូវមានអ្នកខកខានក្នុងការចូលទៅទស្សនា ឬទិញទំនិញ ក្នុងអាគារនេះឡើយ បន្ទាប់ពីដំណើរមកដល់ក្នុងប្រទេសនេះ។ ដើម្បីអាចចូលទៅក្នុងអាគារលក់ទំនិញរួចពន្ធនេះបាន ភ្ញៀវបរទេស ត្រូវបង្ហាញលិខិតឆ្លងដែនជាមុនទៅកាន់ការិយាលយ័ជួរមុខ (Customer Registration Counter) ដើម្បីចុះឈ្មោះ។ ក្រោយចុះឈ្មោះហើយ អ្នកដំណើរបរទេស នឹងទទួលបានកាតមួយសន្លឹកដែលប្រកាសពីសិទ្ធិស្របច្បាប់ក្នុងការទិញទំនិញផ្សេងៗនៅក្នុងអាគារ។

កាលពីអតីតកាល ហាងទំនិញមួយនេះ ទទួលយកតែរូបិយបណ្ណ័ ដុល្លារអាមេរិក និង ពេសូ ហ្វីលីពីន តែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ វាចាប់ផ្ដើមទទួលយករូបិយបណ្ណបរទេសផ្សេងទៀតដូចជា លុយយេន របស់ជប៉ុន ដុល្លារប្រ៊ុយណេ ដុល្លារអូស្រ្តាលី ផោនអង់គ្លេស ដុល្លារកាណាដា ហ្វ្រង់របស់ស្វ៊ីស រីយ៉ាល់របស់អារ៉ាប់រួម លុយឌីណា របស់បារ៉េនី និង​លុយបាតរបស់ថៃ។ អត្រាប្ដូរប្រាក់ក៏មានដែរនៅក្នុងអគារបើសិនជាអតិថិជនមានបំណងចង់ដូរប្រាក់របស់ជាតិគេមកកាន់ប្រាក់ពេសូ ហ្វីលីពីន ឬ ដុល្លារអាមេរិក។ ក្រៅពីនោះ កាតឥណទានក៏អាចចាយបានដែរក្នុងការទិញទំនិញនានា។

ចំណែកនៅប្រទេស អូស្រ្តាលីវិញ ហាងទំនិញរួចពន្ធ មាននៅស្ទើរគ្រប់ទីកន្លែង ប៉ុន្តែវាបានរំលាយចោលវិញអស់ក្រោយពីមានការណែនាំស្ដីអំពីច្បាប់ GST​ (Goods and Services Tax) ក្នុងឆ្នាំ២០០០។ បច្ចុប្បន្ននេះ ហាងទំនិញរួចពន្ធមានតែនៅតាមព្រលានយន្ដហោះតែប៉ុណ្ណោះ។ ជាក់ស្ដែងទៅ អ្នកស្នាក់នៅក្នុងប្រទេស និងភ្ញៀវទេសចរ សព្វថ្ងៃ ត្រូវបានអនុញ្ញាតឱ្យទិញទំនិញ (physical goods) ក្នុងអំឡុងពេល៦០ថ្ងៃមុនថ្ងៃចេញដំណើរត្រលប់ទៅកាន់ប្រទេសខ្លួនវិញ ព្រោះវាត្រូវការពេលវេលាសមល្មមក្នុងការវេចខ្ចប់ទំនិញសម្រាប់ការហោះហើរចេញទៅក្រៅប្រទេស និងដើម្បីមានសិទ្ធិជំទាស់ទៅនឹងការទារឱ្យបង់ពន្ធ GST នៅពេលឆ្លងកាត់កន្លែងពន្ធគយ។ សព្វថ្ងៃនេះ អតិថិជន អាចទិញទំនិញ ហើយយកមកប្រើប្រាស់បានដោយសេរីមុនថ្ងៃចេញដំណើរត្រលប់ទៅវិញ។ វាហាក់ដូចជាបញ្ច្រាសទិសគ្នាទៅនឹងឆ្នាំ២០០០ ដែលពេលនោះ អ្នកទិញ ត្រូវតែវេចខ្ចប់ទំនិញតាមរយៈម្ចាស់ហាងទំនិញរួចពន្ធ ដោយរុំខ្ចប់យ៉ាងល្អស្អាតនិងប្រកបដោយសុវត្ថិភាព ហើយអ្នកទិញនោះគ្មានសិទ្ធិហែកសំបកវេចខ្ចប់ឡើយ រហូតបានទៅដល់ក្នុងដៃបុគ្គលិកពន្ធគយណាម្នាក់ក្នុងកន្លែងឆ្លងកាត់ព្រំដែនអន្តរជាតិដើម្បីត្រួតពិនិត្យមុនពេលចេញដំណើរ។

នៅក្រុងសៀមរាប ប្រទេសកម្ពុជា ក៏មានហាងខ្នាតអន្តរជាតិបែបនេះមួយដែរ ដែលបានបើកសម្ពោធដំណើរការក្នុងខែ ធ្នូ ឆ្នាំ២០១៤។ ហាងនោះមានទីតាំងស្ថិតនៅម្ដុំភ្លើងស្ដុប កោះកេរ្តិ៍ ឈ្មោះថា “ផ្សារទំនិញរួចពន្ធអង្គរ” (Angkor Duty-Free Store) ដែលជារបស់ម្ចាស់អ្នកវិនិយោគជនជាតិចិន នៃក្រុមហ៊ុន China Duty Free Group (CDFG)។ ទំនិញភាគច្រើនលើសលប់នៅក្នុងផ្សារនេះ ជារបស់នាំយកមកពីបរទេស។

ចំណែករឿងរ៉ាវពាក់ពន្ធ័នឹងការបង់ពន្ធនាំចេញ ជារឿងផ្សេងមួយទៀត ដែលវាអាស្រយ័ទៅលើច្បាប់នៃប្រទេសនោះ ឬអាស្រយ័លើប្រភេទទំនិញនោះ។ ឧទាហរណ៍ថា ភ្ញៀវអ៊ឺរ៉ុបម្នាក់ ដែលបានមកទិញរូបគំនូរប្រាសាទអង្គរវត្ត ពីហាងទំនិញរួចពន្ធ នៅខេត្តសៀមរាប មួយផ្ទាំង។ នោះការលើកលែងពន្ធនាំចេញនឹងត្រូវបានអនុវត្ត ព្រោះថាទំនិញនោះ មាននិន្នាការក្នុងការផ្សព្វផ្សាយ លើកស្ទួយវប្បធម៌ខ្មែរក្នុងឆាកអន្តរជាតិ។ ផ្ទុយទៅវិញ បើភ្ញៀវទិញចម្លាក់ឈើគ្រញូងរូបអង្គរវត្ត នោះការចាប់បង្ខំឱ្យបង់ពន្ធនាំចេញ ត្រូវបានធ្វើឡើង ព្រោះថា ទំនិញដែលនាំចេញទៅនុះ មាននិន្នាការក្នុងការបំផ្លាញព្រៃឈើខ្មែរ។ និង ហេតុផលផ្សេងៗរាប់រយពាន់ជំពូកខុសៗគ្នាទៀត។

ដោយ លឹម វិរិយា (សាស្ត្រាចារ្យធុរកិច្ច)

China Duty Free Shop 01
China Duty Free Shop 03
China Duty Free Shop 04
China Duty Free Shop 05
China Duty Free Shop 06
China Duty Free Shop
China Duty Free Shop 07
China Duty Free Shop 02