Tag Archives: Srok Khmer

អនុស្សាវរីយ៍នៅកោះកុង

ឱ! ខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ
ឋានសួគ៌ពទ្ធ័រុំដោយមហាសាគរ
ពីរថ្ងៃនឹងអ្នកសែនសុខគ្មានប្ដូរ
ទោះបីភ្លៀងផ្គរក៏ស្ងប់ដួងចៃ។

ឱ! កោះកុងអ៊ើយ ម្ដេចឡើយឆ្ងាយម្លេះ?
បើជិតត្រឹមណ្ណេះ ម្លេះទៅរាល់ថ្ងៃ
ឈរនៅមាត់ជ្រាំងមើលផ្ទៃទឹកប្រៃ
ថ្ងៃរះស្អែកថ្មី វិលវៃម្ដងទៀត។

កោះកុងកោះខ្មែរក្បែរព្រំស្រុកសៀម
អ្នកស្រុករវាមរកស៊ីខ្មីឃ្មាត
ស្នាមសើចអ្នកកោះចងចិត្តខ្ញុំទៀត
សូមកុំឆ្ងាយឃ្លាត កោះកុងខ្មែរអ៊ើយ!!!
——–
ពីសៀមរាប,
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា គ.ស ២០១៥

កោះកុង (4)កោះកុង (1)កោះកុង (5)កោះកុង (2)

ស្រណោះធម្មជាតិ

អង្គុយតែឯង-ឯកា ក្នុងព្រៃព្រឹក្សាបុព្វតាស្ងាត់ឈឹង។

ឮសូរតែរៃកណ្ដឹង ច្រៀងឲទ្រហឹងពីលើចុងឈើ។

រុក្ខជាតិបោកបក់រង្គើ ងើយមើលទៅលើ ឈើបាំងពពក។

បក្សីហោះហើរឆ្វែលមក ឆៀងឆាបលិប-ល បន្ទរសំឡេង។

វាយោ បក់ផាត់ជាភ្លេង ប្រលោមបន្លែងក្រែងខ្ញុំអផ្សុក។

ពីនេះតទៅថ្ងៃមុខ បួងសួងសុំសុខ ស្រុកខ្មែរសាន្តត្រាណ។

ព្រៃឈើសល់ទាំងប៉ុន្មាន សូមរក្សាបានតដល់កូនចៅ។

ឈើបេង កកោះ ស្រឡៅ ក្រញូងពណ៌ខ្មៅ នាងនួនពួនខ្លាច។

ប្រឆាំងឃាតករកំណាច បេះដូងបិសាច កោងកាចបំផ្លាញ។

ឈើខ្មែរតស៊ូក្រាញ់ក្រាញ ដើម្បីបង្ហាញកូនចៅជាន់ក្រោយ។

បើដឹងរួមគ្នាដង្ហោយ កុំឡើយបណ្ដោយឲវិនាសបង់។

ព្រៃឈើស្លូតបូតទៀងត្រង់ មនុស្សទេដែលផ្ចង់តែភាពឫស្យា។

សូមឈប់បំផ្លាញព្រឹក្សា អារក្សអ្នកតាក៏លែងក្រហាយ។

មនុស្សសត្វនឹងរស់សប្បាយ សោះនឹងខ្វល់ខ្វាយរឿងគ្រោះធម្មជាតិ។

ផ្សារភ្ជាប់កុំបីរវាត រស់បានមួយជាតិ ឆ្លៀតថែផែនដី។

____________

ពី លឹម វីរីយ៉ា,

ថ្ងៃសុក្រ ៩រោច ខែផល្គុន ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣ ខែមិនា គ.ស ២០១៥

IMG_5609

សកវាទ៍…

សកវាទ៍...

សកវាទ៍ ឱណាផ្ការំចេក ឯនាយជើងមេឃ ភ្លឺផ្លេកតាមប្លង់
សកវាទ៍ ឱណាផ្ការំចង់ អ្នកស្រុករហង់ ជញ្ជាត់ត្រីក្រាញ់
សកវាទ៍ ឱផ្កាក្រឡាញ់ រូបរាងគួរខ្នាញ់ មើលពីចម្ងាយ
សកវាទ៍ ឱណាផ្កាកាឆាយ រលាស់គូថខ្ចាយ សប្បាយស្រុកយើង…
————————
ត្រូវការអ្នកបន្ទរ តទៅមុខទៀតណា……
វីរីយ៉ា,
សៀមរាប, ថ្ងៃ៦កើត ខែផល្គុន ឆ្នាំម្សាញ់ បញ្ចសក័ ពស ២៥៥៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ទី៦ ខែមិនា គ.ស ២០១៤