Tag Archives: Rattanakiri

ស្រណោះធម្មជាតិ

អង្គុយតែឯង-ឯកា ក្នុងព្រៃព្រឹក្សាបុព្វតាស្ងាត់ឈឹង។

ឮសូរតែរៃកណ្ដឹង ច្រៀងឲទ្រហឹងពីលើចុងឈើ។

រុក្ខជាតិបោកបក់រង្គើ ងើយមើលទៅលើ ឈើបាំងពពក។

បក្សីហោះហើរឆ្វែលមក ឆៀងឆាបលិប-ល បន្ទរសំឡេង។

វាយោ បក់ផាត់ជាភ្លេង ប្រលោមបន្លែងក្រែងខ្ញុំអផ្សុក។

ពីនេះតទៅថ្ងៃមុខ បួងសួងសុំសុខ ស្រុកខ្មែរសាន្តត្រាណ។

ព្រៃឈើសល់ទាំងប៉ុន្មាន សូមរក្សាបានតដល់កូនចៅ។

ឈើបេង កកោះ ស្រឡៅ ក្រញូងពណ៌ខ្មៅ នាងនួនពួនខ្លាច។

ប្រឆាំងឃាតករកំណាច បេះដូងបិសាច កោងកាចបំផ្លាញ។

ឈើខ្មែរតស៊ូក្រាញ់ក្រាញ ដើម្បីបង្ហាញកូនចៅជាន់ក្រោយ។

បើដឹងរួមគ្នាដង្ហោយ កុំឡើយបណ្ដោយឲវិនាសបង់។

ព្រៃឈើស្លូតបូតទៀងត្រង់ មនុស្សទេដែលផ្ចង់តែភាពឫស្យា។

សូមឈប់បំផ្លាញព្រឹក្សា អារក្សអ្នកតាក៏លែងក្រហាយ។

មនុស្សសត្វនឹងរស់សប្បាយ សោះនឹងខ្វល់ខ្វាយរឿងគ្រោះធម្មជាតិ។

ផ្សារភ្ជាប់កុំបីរវាត រស់បានមួយជាតិ ឆ្លៀតថែផែនដី។

____________

ពី លឹម វីរីយ៉ា,

ថ្ងៃសុក្រ ៩រោច ខែផល្គុន ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣ ខែមិនា គ.ស ២០១៥

IMG_5609

អនុស្សាវរីយ៍ទំនប់អូរជុំ

IMG_4248 - Copy

សញ្ជឹងតែឯង មើលផ្សែងទឹកហូរ
លើស្ពានឆ្លងអូរ ទំនប់កែច្នៃ
ខ្ពង់រាបជើងភ្នំ អូរជុំស្រុកព្រៃ
ឦសានទិសល្បី អន្ទងទេសចរណ៍។

ទំនប់បេតុង ប្រុងអគ្គិសនី

វារីមួលមីរ ហូរខ្មាញ់បន្ត

ដើមឈើតូចធំ ពទ្ធ័ជុំស្រស់ល្អ

រីករាយបង្ក អំណរធម្មជាតិ។

សម្លឹងទៅកើត ឆ្លៀតអើតទៅជើង
អ្នកស្រុកភូមិយើង ឃ្មាតខ្មីរវាត

រស់ដោយចំការ ឧស្សាហ៍គ្រប់ស្នៀត

សន្ដានរយជាតិ មិនឃ្លាតសុចរិត។

————————-

ដោយ វីរីយ៉ា

សៀមរាប, ថ្ងៃចន្ទ័ ១៣កើត ខែផល្គុន ឆ្នាំមមី ព.ស ២៥៥៨
ត្រូវនឹងថ្ងៃទី០២ ខែមិនា គ.ស ២០១៥