
ខ្សែជីវិត គិតឲ្យដល់ ខ្វល់តែម្យ៉ាង
ព្រេងសំណាង សាងដោយព្រះ ឈ្នះដោយមនុស្ស
បើច្រអូស ខុសពីក្បួន ជួនអាចធ្លុះ
ចូរស្ទាស្ទុះ លុះធម្មា វៀរឈ្នះទុក្ខ។
កើតជាស្រី ន័យរុងរោចន៍ ដូចឥន្ទធនូ
ប៉ិនគិតគូរ ស៊ូការងារ ជាបន្ទុក
មិនទន់ជ្រាយ ងាយសង្វាត ឆ្លាតនាំមុខ
ចេះផ្ដាក់ទុក ស្ដុកដោយទ្រព្យ ផ្គាប់សិរី។
ជាស្រីខ្មែរ ថែចរិយា ប្រាថ្នាយស
កេរ្ដិ៍ខ្ពង់ខ្ពស់ រស់ដោយសក្ដិ ថ្នាក់ប្រពៃ
កុលធីតា ខេមរាជាតិ ឆ្លៀតលកលៃ
សាងតម្លៃ ច្នៃកិត្តិយស ជួសប្រឹថពី។
សមាគម ឃុំដោយច្បាប់ ត្រាប់បណ្ឌិត
ឈ្មោះហៅពិត ក្រិត្យក្រមការ ថានារី
សហគ្រិន ប៉ិនធុរកិច្ច ច្បិចរកស៊ី
ចងសាមគ្គី មីរមូលផ្ដុំ ផ្គុំជំនួញ។
សូមបុរស ខ្ទាស់បេះដូង ឈោងដៃផង
គ្រានេះម្ដង ក្រងជោគជ័យ ស្ត្រីជួញ
ភពផែនដី លៃលកភេទ ច្បេតពង្រួញ
រឿងទំនួញ ទួញយំសោក ក្រោកបញ្ឈប់។
ស្នើបង្អួត ត្រួតបង្ហាញ បណ្ដាញយើង
ស្រ្តីថ្កើង ចើងចរចា លក្ខណាគ្រប់
មិនមែនឆ្មើង ឡើងកន្ទ្រើង ពើងដល់ងប់
ស្ម័គ្រនាំមុខ សុខតាមក្រោយ ដោយមង្គល។
សូមសង្ខេប បែបសារខ្លី ន័យមិនជ្រៅ
ចង្អុលទៅ នៅតែគិត ស្ថិតរឿងថ្មី
ល្បើកបុរាណ ស្មានរំឭក នឹកទ្រឹស្ដី
ច្បាប់ស្ត្រី ស្ដីសាធារ ជារឿងខុស។
សូមជំទាស់ ខ្ទាស់នឹងច្បាប់ ចាប់ចងសិទ្ធិ
ស្រ្តីពិត ស្ថិតនៅនា គ្រាស្មើប្រុស
យុគសម័យ ថ្លៃប៉ុនគ្នា ជាចម្រុះ
សូមសណ្ដោស ប្រោសយោគយល់ ដល់ស្រីផង។
សូមប្រឆាំង ច្បាំងនឹងពាក្យ ច្រៀកជាក្បួន
តាមសំនួន ជួនគេពោល បូលត្រសង
ថាស្ត្រី ថ្លៃថ្នូរបាន ចង្រ្កានផង
គ្រានេះម្ដង ប៉ងឲ្យជ្រាប រៀបរឿងថ្មី។
សូមមេត្តា ចារប្រវត្តិ កត់ចាំទុក
ជាទំនុក ស្រុកខេមរា រអាស្រី
នាងរឹងមាំ ទ្រាំប្រយុទ្ធ ទ្រុតបាក់ដី
ទោះដល់ក្ស័យ ក៏ស្ត្រី ឈ្នះជានិច្ច!
———-
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
សៀមរាប,
ថ្ងៃពុធ ១៥រោច ដាច់ខែអាសាឍ (ស្អែកចូល១កើត ខែស្រាពណ៍) ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៣ ខែសីហា គ.ស ២០១៦
ចែករំលែករឿងនេះ (Share this):