Tag Archives: life

ខ្ញុំចាស់ទុំហើយ…

VIRIYA in Indonesia

កាលពីក្មេង ខ្ញុំឆោតណាស់! ខ្ញុំមិនដែលខ្វល់ថា ជីវិតជាអ្វី រស់នៅ ដកដង្ហើមរាល់ថ្ងៃដើម្បីអ្វី ខំរៀនសូត្រដើម្បីអ្វី។ និយាយតាមត្រង់ចុះ ខ្ញុំមិនដែលខំប្រឹងរៀនទេ ថ្វីត្បិតតែខ្ញុំចូលចិត្តអានសៀវភៅតាំងពីអាយុ ៩ឆ្នាំ ចេះនិពន្ធកំណាព្យតាំងពីអាយុ ១២ឆ្នាំ ទាំងនោះ មិនមែនមកពីសមិទ្ធផលខំរៀនទេ មកពីខ្ញុំធ្វើរឿងដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ពាក្យ “ខំរៀន” មានន័យថាម៉េចឲ្យប្រាកដ។ ដឹងច្បាស់ត្រឹមតែថា ចូលចិត្តអានសៀវភៅដាច់យប់ទាំងខ្លួននៅតូចតែមួយសោះ។ ហើយខ្ញុំចាត់ទុកថា ការអាននោះ ជាការកម្សាន្តសម្រាប់ខ្លួនឯង។ ខ្ញុំអានមិនរើសមុខសៀវភៅទេ សូម្បីតែសៀវភៅនយោបាយដែលរដ្ឋាភិបាលហាមឃាត់ ក៏ប្រឹងអាន ហើយអានទាំងមិនសូវយល់ រហូតដល់ចប់នឹងគេនឹងឯងដែរ។

លុះឈានចូលដល់វ័យជំទង់ ខ្ញុំក៏បានទៅបណ្ណាគារ ទិញសៀវភៅប្រលោមលោកបែបស្នេហា ជាច្រើនក្បាល ដើម្បីទុកអានលេងថ្ងៃចុងសប្ដាហ៍។ ស្រាប់តែ មានរឿងនឹកស្មានមិនដល់មួយកើតឡើង។ ម្ដាយខ្ញុំ បានចូលមកក្នុងបន្ទប់របស់ខ្ញុំ ឃើញសៀវភៅទាំងនោះ គាត់បានខឹងសម្បាយ៉ាងខ្លាំង។ ម៉ាក់បានដកហូតយកសៀវភៅទាំងនោះចេញពីភាពជាកម្មសិទ្ធិរបស់ខ្ញុំ ហើយស្ដីបន្ទោសពាក្យពេចន៍ជាច្រើន ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលស្រឡាំងកាំង។

ការចូលចិត្តអានសៀវភៅ វាមិនខុសឆ្គងទេ តែអាយុកូន មិនគួរអានពពួកសៀវភៅប្រភេទនេះឡើយ

សំនួនស័ព្ទអ្នកម្ដាយខ្ញុំ ធ្វើឲ្យខ្ញុំនឹកតូចចិត្ត និងខឹងត្រលប់ខ្លះដែរ ព្រោះវាហាក់មិនសមហេតុផលសោះ ដែលគាត់មកដណ្ដើមយកសៀវភៅរឿងស្នេហាដែលខ្ញុំកំពុងតែចង់ដឹងចង់យល់នោះចេញទៅទាំងទទឹងទិសបែបនេះ។ អ្នកម្ដាយខ្ញុំបានបន្ទរពាក្យប្រៀនប្រដៅប៉ុន្មានប្រយោគទៀត មុននឹងគាត់ចាកចេញទុកឲ្យខ្ញុំដេកយំម្នាក់ឯង

មកពីម៉ាក់ស្រលាញ់កូន ទើបម៉ាក់មិនឲ្យកូនអានសៀវភៅទាំងនេះ! សៀវភៅនេះ នឹងធ្វើឲ្យកូនដេករវើរវាយ ឆ្កួតតាមអារម្មណ៍អ្នកនិពន្ធ ហើយរៀនលែងចូល! ធំឡើង កូននឹងយល់

ថាម៉េច? អាយុ ១៦ឆ្នាំហើយ នៅថាខ្ញុំមិនទាន់ធំទៀត? ខ្ញុំចាប់ផ្ដើមគិតថា ម្ដាយខ្ញុំកាច តឹងតែង ហួសហេតុ និងហាក់ដូចជាជ្រុលបន្តិចក្នុងរបៀបអប់រំកូន។ ហឹស! ម៉ែគេ បន់ឲ្យតែកូនគេអានសៀវភៅ ម៉ែឯងវិញ អាកូនខំសន្សំលុយខ្លួនឯងទៅទិញសៀវភៅមកអានហើយ ស្ដីបន្ទោសខ្លាំងៗ ធ្វើមើលតែទោសធ្ងន់ណាស់។ ប្រហែលជាបណ្ដាលមកពីខ្ញុំត្រូវបានអ្នកម្ដាយតាមដាន ត្រួតពិនិត្យជាប្រចាំ ទើបខ្ញុំក្លាយជាមនុស្សមិនសូវមានមនោសញ្ចេតនាផ្អែមល្ហែមច្រើនដូចគេ។

Viriya Lim in the U.S.A Embassy

ត្រដាងបេះដូងខ្ញុំដោយស្មោះទៅចុះ អង្កាល់ពីក្មេង ខ្ញុំមិនចូលចិត្តសកម្មភាពបែបរ៉ូមែនទិចទេ រហូតដល់ពេលមួយនោះ ខណៈដែលខ្ញុំរៀននៅសាកលវិទ្យាល័យ មានគ្រូប្រុសម្នាក់ បានសរសេរសំបុត្រស្នេហា កឹបជាមួយក្រដាសកំណែប្រលងប្រចាំខែដែលចែកត្រលប់មកឲ្យនិស្សិតវិញ។ ខ្ញុំមកផ្ទះ បើកឃើញហើយរន្ធត់ញ័រដៃញ័រជើង ហើយចាប់ផ្ដើមយល់ថា ការបង្កើតភាពភ្ញាក់ផ្អើលដល់នរណាម្នាក់ ជាទង្វើល្មើស ព្រោះវាបានទន្ទ្រានចូលទៅជ្រៅក្នុងប្រអប់បេះដូងរបស់គេ ទាំងដែលគេមិនបានត្រៀមខ្លួនជាមុន។ ហើយអារម្មណ៍នោះ វាដុតរោលរាល ក្លាយជាមនុស្សរវើរវាយ ដូចម្ដាយខ្ញុំប្រដៅមិនខុសមែន។ ទម្រាំតែខ្ញុំអាចសម្រួលស្ថានការណ៍មកបានដូចដើម ខ្ញុំត្រូវចាយពេលវេលាអស់ជិត១ឆ្នាំ។ សួរថា តើខាតពេលប៉ុណ្ណា បើសិនជាមួយឆ្នាំនោះ សុខភាពផ្លូវចិត្តយើងល្អប្រសើរក្នុងការបំពេញបេសកកម្មផ្ទាល់ខ្លួន។

ក្នុងអំឡុងជីវិតយុវវ័យរបស់ខ្ញុំ គ្មានអ៊ីនធើណិត គ្មានកុំព្យូទ័រសម្បូរបែប គ្មានទូរស័ព្ទឆ្លាតវៃទេ គ្រប់យ៉ាងប្រព្រឹត្តទៅតាមវិថីធម្មជាតិបុរាណៗសុទ្ធតែម្ដង។ គ្រប់ពេលដែលខ្ញុំចង់បញ្ចេញអារម្មណ៍ ខ្ញុំមិនដឹងត្រូវទៅរកអ្នកណាដើម្បីពិភាក្សាគ្នាឡើយ ព្រោះម្ដាយខ្ញុំបានប្រដៅថា កូនស្រីមិនត្រូវដើរហើររហេតរហូតនៅផ្ទះគេ ឬ ទីសាធារណៈក្នុងរយៈពេលយូរៗឡើយ។ ក្រៅពីទៅផ្ទះ បុប្ផានៅផ្លូវលេខ២កន្លះ ជិតផ្សារណាត់ ក្រៅពីទៅផ្ទះ កណ្ណារី នៅភូមិកាប់គោ ក្រៅពីទៅផ្ទះផណ្ណា ផ្លូវលេខ៣ក្បែរគ្នានោះ ខ្ញុំមិនដឹងជាត្រូវទៅណាទៀតទេ។ ម្លោះហើយ ខ្ញុំជ្រើសរើសការសរសេរសៀវភៅកំណត់ហេតុ ជាវិធីបញ្ចេញអារម្មណ៍ប្រកបដោយប្រសិទ្ធភាពបំផុត។ ខ្ញុំសរសេរ វែងអន្លាយដូចគេនិពន្ធប្រលោមលោកតភាគអីចឹង។ អស់សៀវភៅ១ក្បាល ចូលដល់១ក្បាលទៀត មិនដាច់ រហូតដល់រៀនចប់បរិញ្ញាបត្រនិងបន្តថ្នាក់អនុបណ្ឌិត។ រៀនថ្នាក់ខ្ពស់នោះ ពេលវេលាហាក់ចង្អៀតខ្លាំងដោយសារតែកិច្ចការស្រាវជ្រាវគរដូចភ្នំ។ ខ្ញុំបានផ្អាកឈប់សរសេរកំណត់ហេតុ ដោយងាកមកបញ្ចេញអារម្មណ៍ក្នុងអ៊ីនធើណិតវិញម្ដង។ ហាហាហា! មិនមែនឈប់ drama ទេណា គឺគ្រាន់តែបានធ្វើបន្ទាន់សម័យ (update) តាមបច្ចេកវិទ្យាតែប៉ុណ្ណោះ។

ដំបូងៗឡើយ ខ្ញុំមិនទាន់ចេះគ្រប់គ្រងផ្លូវចិត្តខ្លួនឯង ខ្ញុំតែងតែសរសេរចេញទាំងអស់នូវអារម្មណ៍ សប្បាយរីករាយ កើតទុក្ខ អន់ចិត្ត តូចចិត្ត រំភើប ភ្ញាក់ផ្អើល រិះគន់អ្នកដទៃ … ។ល។ និង ។ល។ អាយុកាន់តែច្រើន គ្មានម្ដាយមកនៅចាំអប់រំដូចពីក្មេងទៀតឡើយ ព្រោះក្នុងក្រសែភ្នែកអ្នកម្ដាយ គឺខ្ញុំធំហើយ។ ក្រោយម្ដាយខ្ញុំចែកឋានទៅ ក្នុងឆ្នាំ ២០១៤ ខ្ញុំស្រាប់តែក្លាយជាមនុស្សម្នាក់ថ្មីស្រឡាង។ ខ្ញុំប្ដូរខ្លួនឯង ពីមនុស្សឆេវឆាវ មកជាមនុស្សចេះអត់ធ្មត់ ស្ងប់ស្ងាត់ជាងមុន ពិចារណារឿងរ៉ាវបានជ្រៅនិងច្បាស់ជាងមុន សម្រេចចិត្តធ្វើរឿងរ៉ាវជាច្រើនបានល្អប្រសើរជាងមុន ដើរនៅលើផ្លូវមួយដែលពោរពេញដោយគុណតម្លៃច្រើនជាងមុន។ ខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯងកាន់តែច្បាស់ឡើង ភ្លឺស្វាងឡើង និងនៅតែបន្តស្វែងយល់ពីខ្លួនឯងមិនឈប់លុះឥលូវ។

ពេលនេះ ខ្ញុំប្រែប្រួលយ៉ាងសម្បើម “ខ្ញុំចាស់ទុំហើយ!”

សូមអរគុណអ្នកម្ដាយដែលជួយតម្រង់ផ្លូវជីវិតកូនឲ្យបានដើរលើវិថីស្អាតស្អំ ប្រកបដោយគុណធម៌ ចរិយាធម៌ និងសេចក្ដីថ្លៃថ្នូរអស់មួយជីវិត!


លឹម វីរីយ៉ា

ថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៨

 

 

នៅប៉ុស្ដិ៍វិទ្យុ

កាលថ្ងៃមួយនុះ នៅឯវិទ្យុ អេហ្វអឹម មួយរយពីរ
ខ្ញុំនិងពួកម៉ាក ឈ្មោះហេងសុខនី សម្ភាសវក់វី
ស៊ីអារម្មណ៍ អ្នកស្ដាប់។

សំណួរចាក់ដោត សួរឆ្លើយដូចឆោត កោតតែចប់ឆាប់ 
ហុកសិបនាទី ពេញទីចំណាប់ បើអ្នកបានស្ដាប់
ប្រាប់ផងម្ដេចដែរ?

លឹម វីរីយ៉ា

photo_2018-12-26_10-29-25 (3)

ស្រណោះផ្កាគ…

ស្រណោះ​ផ្កា​ គ​ អូនឈរអោបដៃ
ឈរតាំងពីថ្ងៃ​ រះហើយលិចវិញ
រង់ចាំបងយូរ​ ជូរចត់​ជើងធ្មេញ
ចាំបងឡើងជ្រេញ​ ចេញតែជ្រួញថ្ពាល់។

ស្រណោះ​ផ្កា​ចារ​ អូនថាមិនខុស
សន្យា​ម្ង៉ៃ​ណោះ​ ជឿចុះមិនខ្យល់
ឥលូវក្ដាមខ្យង​ វាឆ្លងផុតថ្នល់
រឿងយើង អូនខ្វល់​ ក្រែងទៅមិនរួច។
——-
លឹម​ វីរីយ៉ា​🌸
០៦​ ធ្នូ​ ២០១៨

Viriya Lim 2018

កម្សត់ខ្លួននៅមណ្ឌលគីរី…

រ៉េករ៉ាក​ រេរា​ គ្នាឡើងល្អៀច
មុខឡើងកំពៀច​ វៀចឡើងប៉េវ
យប់យន់រាត្រី​ សម្ដីខ្សេវ
លាន់ឮ​ ងេវៗ​ គ្រេវ​ម៉ាគ្រា។

មណ្ឌលគិរី​ ស៊ីអារម្មណ៍​
រីករាយ​លែងសម​ ស្នំវេលា
ស្លៀកខោធ្លាក់គូទ​ រូតក៏ហៀ
ធើដូចវេទនា​ គ្នាឡើងក្រាប។

ក្រុងអ៊ើយក្រុងភ្នំ​ ងំតែឯង
គ្នាសែនចម្បែង​ ថ្លែង​តាមកាព្យ
សែនមនោរម្យ​ ប្រជុំដាប
ឥសាន្ត​មិនខាប​ ឆាបខ្ញុំសោះ។

រាត្រី​សួស្ដី​ ឥលូវដេក
ខ្ញុំសូមបិទ​ភ្នែក​ទាំងអាឡោះ
សុបិន​លើភ្នំ​ រុំឆ្ងាយកោះ
អាល័យ​ស្ទះអស់…​ តោះ! ចូលគេង
—————
លឹម​ វីរីយ៉ា​🌸

រាត្រី​សុវត្ថិ​ពីក្រុងសែនមនោរម្យ​ មណ្ឌលគិរី​

០៩​ ធ្នូ​ ២០១៨

VIRIYA LIM Misserable Status

សាយណ្ហសួស្ដីពីដីសណ្ដ…

សាយណ្ហ​សួស្ដី​ ពីដីសណ្ដ
សូរសែងទិនករ​ កំដរពីលិច
ខ្យល់មាត់ទន្លេ​ បំពេ​តិចៗ
រស្មី​ព្រិចៗ​ រំលេចព្រលឹង។

សាយណ្ហ​ទន់ទាប​ ដីរាបទន់ទេរ​
រសៀលទន់ជ្រេ​ មាសមេទន្ទឹង
ទន្ទេញ​ពាក្យ​ចាំ​ ផ្ដាំដល់ម្ចាស់ស្ទឹង
សន្យា​បាត់​ឈឹង​ ប្ដឹង​ទៅ​នរណា?

សាយណ្ហ​ហួសទៅ​ នៅសល់ដួងចន្ទ្រ
ដេកមិនប្រកាន់​ ធ្វើខ្មាន់វេហា
តារារយដួង​ លួងសូមស្នេហា
ព្រះឥន្ទ្រ​ ឥតត្រា​ ប្រាថ្នាយកត្រើយ។

សាយណ្ហ​កល់ខ្នើយ នៅឡើយរាត្រី
ចរចាចិចី​ ស្ដី​សូមឱ្យឆ្លើយ
ដីកោះនៅម្ខាង​ កាងដល់ណាហើយ?
មេឃកុំកន្តើយ​ សូមឆ្លើយប្រាប់ផង!
———-
លឹម​ វីរីយ៉ា​🌸
១៤​ ធ្នូ​ ២០១៨

Viriya in the late evening

រលកក្រោយ….

រលកក្រោយ​ ដង្ហោយ​សូម​ លោមមួយគ្រា
រាប់ជាគ្នា​ ទារសិក្សា​ ប្រាថ្នាយល់
ចែករំលែក​ រែក​ចំណេះ​ ឆេះពីគល់
សាង​ជន្ទល់​ ទល់ជីវិត​ ស្រិតបញ្ញា។

រលកក្រោយ​ ឆ្លើយឥតអាក់​ ចាក់បេះដូង
ភ្នែករលោង​ អន្ទងស្អិត​ ដិតសោតា
ចងសណ្ដាប់​ ប្រាប់​សេចក្ដី​ ស្ដីតាមសារ
ចែងអក្ខរា​ ចាររៀបរាប់​ ជាប់ដួងចិត្ត។

សូមអរគុណ​ មុនឃ្លាតទៅ​ នៅទន្ទឹង
ទន្ទេញ​ដឹង​ ប្រឹងប្រែង​ខំ​ ចម្រើន​ក្រិត្យ​
យកទាំងក្រម​ ថ្នម​ទុកប្រើ​ ស្នើរ​ជីវិត​
ជោគជ័យ​ពិត​ ជិតដៃឈោង​ យោងកេរ្តិ៍ឈ្មោះ។

សូមជូនពរ​ ហូរហែ​តាម​ ដាមសំណេរ
សំណាងទ្វេ​ ស្មេរតាក់តែង​ ណែងណងជួស
សូមបានឈ្នះ​ ជះជោគលាភ​ ប្រៀបពីរោះ
មានកិត្តិយស​ រស់រុងរោចន៍​ ដូចសុបិន។
———
ពីអ្នកគ្រូ​ លឹម​ វីរីយ៉ា​🌸
ជូនសិស្សនិស្សិតថ្នាក់​ Soft Skill ជំនាន់៦​ នៅ​ LSi

ភ្នំពេញ​ ថ្ងៃ​ពុធ​ ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៨

ហ៊ានទេ?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមចាប់ដៃ​ ឡើងឆាកដន្ត្រី​ ស្ដីផ្ដោះផ្ដង
រាំទន្ទ្រាំជើង​ ភ្លើងបៃតង​ រួចច្រៀងសាសង​ បទស្នេហា?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមថើបមួយ​ ទុកបណ្ដុះត្រួយ​ ស្ទួយអាត្មា
រួចអោបចង្កេះ​ ទះហត្ថា​ ក្រសោបកាយា​ ប្រាថ្នា​ចិត្ត​។ 
————
លឹម​ វីរីយ៉ា​🌸
២០​ ធ្នូ​ ២០១៨

Do you brave

ញញឹមម្នាក់ឯង…

ស្រណោះជេីងធ្មេញ​ អូនស្ញេញតែឯង
ញញឹម​ផ្កាត្រែង​ បែកផ្សែងពេញផ្សារ
ឆ្នាំ​ចាស់​ជិតដាច់​ បណ្ដាច់សន្យា
មិនឃេីញចៅមហា​ ចរចាចូលស្ដី?

ស្រណោះជេីងសក់​ អូនកក់ហេីយផ្លុំ
តម្រឹមទាំងចុង​ ចម្រុង​សួស្ដី​
រដូវ​រងា​ ដូចជាឥតន័យ
អាឡោះអាល័យ​ ដៃលាក់ក្រោយខ្នង។
——-
លឹម​ វីរីយ៉ា​🌸
២២​ ធ្នូ​ ២០១៨

Viriya's Smile

បាយផ្ទះខ្ញុំ…

មកលេងផ្ទះខ្ញុំ ម្ដុំវត្តចក
មានទាំងបាយកក សាច់ក្រកអាំង
សម្លនៅក្ដៅ ខ្មៅគូទឆ្នាំង
ប្រហុកម្ទេសខ្មាំង បាំងស្លឹកជីរ។

មានទាំងម្ជូរក្ដាត ក្ដឹបចង្វា
ទឹកគ្រឿងអ្នកផ្សារ ឆាត្រួយផ្ទី
ស្អំចៀនពងទា បវេណី
អន្លក់ញាំញី ទីរឭក ។

បើបានមកលេង ក្មេងឬចាស់
ធានាមិនផ្លាស់ ច្បាស់ជាភ្លឹក
ម្ចាស់ផ្ទះដាក់ស្នេហ៍ ថែល្ងាចព្រឹក
សម្បត្តិបាយទឹក នឹកលុះក្ស័យ។
_________
លឹម វីរីយ៉ា🌸

ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំចរ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃ២៤ ខែធ្នូ គ.ស ២០១៨

បាយផ្ទះខ្ញុំ

កំពង់ដរ…

មើលឃើញទឹកស្អុយ​ ស្លុយ​អារម្មណ៍​
ដីស្អិត​ដិតជ្រាំ​ ខំ​ត្រដរ​
ទឹកហូរអ្នកមាន​ ប្រៀនអ្នកក្រ
អមកំពង់ដរ​ រង់ចាំស្ពាន។

មើលឃើញដីខ្មៅ​ ដៅក្រោមទឹក
ក្រាលក្អែលល្ងាចព្រឹក​ នឹកអ្នកស្មៀន​
ប្រដៅកោកៗ​ ក្រោកមករៀន
ទន្ទេញ​របៀន ឈានរុងរឿង។

មើលឃើញទឹកហូរ​ ថ្ងូរ​ប្រាប់មេឃ
ទ្រហោយូរពេក​ ស្លេកឡើងកឿង
សាឡាង​ខំកល់​ ដល់ឆ្លងមឿង
បើអ្នកចិត្តសឿង​ សង់ស្ពានផង!
———
លឹម​ វីរីយ៉ា​🌸
ភ្នំពេញ​ ១១​ វិច្ឆិកា​ ២០១៨

46102166_10215910565213446_7644941851580956672_n