Tag Archives: Viriya’s Home

យប់១៥រោច…

យប់ដប់ប្រាំរោច​ ដូចខុសសព្វដង
ផ្គរលាន់​ឌឺដង​ ឆ្លងស័ព្ទត្រាប់ខ្យល់
ភ្លៀងកណ្ដាលយប់​ បង្គ្រប់​កិច្ច​កល
មុនស្អែកចូលដល់​ ១កើតមិគសិរ។

យប់ដប់ប្រាំរោច ដូចស្ងាត់តុកកែ
មិនឮបូលក្បែរ​ ថែលួងបំពេ
ភ្លៀង​ស្រក់​តិកតក់​ ជីងចក់​បាត់​មេ
ជើងមុងដាច់ថ្នេរ ដេកជេរតែមូស។
———
លឹម​ វីរីយ៉ា​🌸
រាត្រី​១៥រោច​ ខែកត្ដិក​ ឆ្នាំ​ច​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស ២០១៨

My Home 2018

បាយផ្ទះខ្ញុំ…

មកលេងផ្ទះខ្ញុំ ម្ដុំវត្តចក
មានទាំងបាយកក សាច់ក្រកអាំង
សម្លនៅក្ដៅ ខ្មៅគូទឆ្នាំង
ប្រហុកម្ទេសខ្មាំង បាំងស្លឹកជីរ។

មានទាំងម្ជូរក្ដាត ក្ដឹបចង្វា
ទឹកគ្រឿងអ្នកផ្សារ ឆាត្រួយផ្ទី
ស្អំចៀនពងទា បវេណី
អន្លក់ញាំញី ទីរឭក ។

បើបានមកលេង ក្មេងឬចាស់
ធានាមិនផ្លាស់ ច្បាស់ជាភ្លឹក
ម្ចាស់ផ្ទះដាក់ស្នេហ៍ ថែល្ងាចព្រឹក
សម្បត្តិបាយទឹក នឹកលុះក្ស័យ។
_________
លឹម វីរីយ៉ា🌸

ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំចរ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃ២៤ ខែធ្នូ គ.ស ២០១៨

បាយផ្ទះខ្ញុំ

ផ្លូវទៅផ្ទះខ្ញុំ

ផ្លូវទៅផ្ទះខ្ញុំបត់ទៅកើត
ម្តុំស្រុកកំណើតនៃកូនខ្ញុំ
ត្រង់កន្លែងដែលមនុស្សមូលផ្តុំ
កណ្ដាលផ្លូវធំមានដើមឈើ។

ផ្លូវទៅផ្ទះខ្ញុំទួលដីខ្ពស់
ម្តុំនោះមានឈ្មោះហៅផ្សារលើ
មានសុទ្ធអូតែលខ្ពស់ជំទើរ
ជាប្លង់ដី ឌើ មុខសង្កាត់។

ផ្លូវទៅផ្ទះខ្ញុំមានហូរហែ
អ្នកលក់តាប៉ែគុយទាវកាត់
ស្ទើរម្ភៃបួនម៉ោងមិនដែលស្ងាត់
មានទាំងក្លឹបហាត់ ការ៉ាតេ។

ផ្លូវទៅផ្ទះខ្ញុំមានពេទ្យធ្មេញ
មានយាយលក់ម្តេញដាក់កញ្ឆេ
មានតាសប់កង់ដាច់ជាងគេ
មិនដែលឈប់ទេ ព្រោះខ្លាចឈឺ។

ផ្លូវទៅផ្ទះខ្ញុំមានសាលា
គេរៀនភាសាចិនកុកងឺ
ម្ង៉ៃៗកណ្តឹងចុចទើសភ្លឺ
សូរខ្លាំងរន្ទឺ គឺម៉ោងពីរ។

ផ្លូវទៅផ្ទះខ្ញុំសុទ្ធតែចិន
គេប៉ិននុះប៉ិនខាងរកស៊ី
មានអ៊ីចាប់ហួយផ្ទះល្វែងពីរ
លក់ដាច់វក់វី ម៉ូយរញ៉ៃ។

ផ្លូវទៅផ្ទះខ្ញុំចាក់បេតុង
សភាពខាងក្នុងសុខដុមក្រៃ
មិនសូវក្តៅស្អុះទោះពេលថ្ងៃ
ព្រោះផ្ទះដប់ម្ភៃជារបង។

ផ្លូវទៅផ្ទះខ្ញុំមិនឆ្ងាយទេ
បើសិនទំនេរចូលលេងផង
ម្ចាស់ផ្ទះត្រេកអរក្រៃកន្លង
បើបានប្អូនបងប៉ងរាប់អាន។ផ្លូវទៅផ្ទះខ្ញុំ