Tag Archives: Cambodian Artist

ពន្លឺសាយណ្ហ (កំណាព្យបទ៨ព្យាង្គ)

ពន្លឺសាយ័ណ្ហ ជាន់ទងព្រលឹង
ជើងមេឃសន្ធឹង សញ្ជឹងរាត្រី
ដែលនឹងឆ្លាស់វេន ប្រគេនផែនដី
កំដរហឫទ័យ នៃនារីម្នាក់។

ពន្លឺសាយ័ណ្ហ បន់សូមឱ្យយប់
ដូចគេប៉ងជប់ សុបិនពីរនាក់
ថ្ងៃលិចក្រោយភ្លៀង ផ្ទៀងជំនឿជាក់
មន្តស្នេហ៍រាក់ៗ អន្ទាក់ម្ចាស់ព្រាន។

ពន្លឺសាយ័ណ្ហ ឆព្វណ្ណម្ខាងមេឃ
ជះរស្មីផ្លេក ដូចរែកឱ្យឈាន
សម្រាប់ដើរឆ្លង កន្លងម្ចាស់ស្ពាន
កន្លែងទន្ទ្រាន រុករានឱ្យខូង។

ពន្លឺសាយ័ណ្ហ អង្កន់ដួងចិត្ត
ឱ្យរង្កៀសខិត ដិតដាមបេះដូង
ទោះបីដាច់ដោច ល្អោចអស់ទាំងហ្វូង
នៅមិនរំលង យោងអំពល់គិត។

ពន្លឺសាយ័ណ្ហ គ្រាន់ជាងសូរ្យគ្រាស
មានរស្មីមាស ជះស្រមោលពិត
ទៀងទាត់កត់ចាំ ផ្ដាំភពងងឹត
អាចគប់ជាមិត្ត រឹតតែរុងរោចន៍។

ពន្លឺសាយ័ណ្ហ រួសរាន់ផ្ញើសារ
បង្កប់សន្យា ស្នេហាលន្លោច
អន្លង់កាមទេព ពេបជ្រាយប្រដូច
រាត្រីរនោច ផ្អូចរង់ចាំខែ។
____________
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា គ.ស. ២០២១

អនុស្សាវរីយ៍ព្រៃរំដួល (កំណាព្យបទ៧ព្យាង្គ)

អនុស្សាវរីយ៍ ទីរឭក
រលកចិត្តនឹក ភ្លឹកដល់ពៅ
រលីងរលោង អន្ទងដៅ
លបហួចលួចហៅ ក្នុងសុបិន។

ស្លឹកឈើជ្រុះអស់ លាស់ត្រួយថ្មី
ខ្យល់ទិសនិរតី ដីភូមិន្ទ
ភូមិមួយធ្លាប់ស្ងប់ អប់រសក្លិន
រំដួលមាសឆ្អិន រីកក្រោយគេ។

ឥឡូវនៅសល់ តែសង្ឃឹម
ដោតផ្កាញញឹម ត្រឹមសំណេរ
សំណោកដួងចិត្ត ស្អិតម្ល៉េះទេ
ចង់ស្អប់កប់កេរ រេរាគិត។

បើសិនថ្ងៃស្អែក ហែកភពបាន
ព្រឹក្សព្រៃកល្យាណ ច្រានមកជិត
នឹងអាចឈានដល់ ពាល់ប៉ះរឹត
ពឹងពរវម្មិត ក្រឹត្យបង្ហើប។

សូមឱ្យទងផ្ការំដួលព្រៃ
បានរីកជាថ្មី លៃកាច់ថើប
ស្ញប់ស្ញែងក្រែងឫទ្ធិ ពិតគេស្ញើប
គន្ធាហៀរស្រើប ពិដោរសាយ។
———
វិរិយា 🌸

ថ្ងៃអាទិត្យ ១២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា គ.ស. ២០២១

កំណាព្យ “សិទ្ធិស្ត្រី”

(បទព្យាង្គ៨)

នេះនឹងថ្លាថ្លែងសម្ដែងរឿងសិទ្ធិ
សេរីភាពពិតដិតនៅត្រង់ណា
ទិវានារីល្បីល្បាញអស្ចារ្យ
នៅលើលោកាអ្នកណាក៏ដឹង។

លិចកើតជើងត្បូងរំលងហួសមេឃ
នារីខ្លះរែករកសិទ្ធិទាំងតឹង
ជួនទាល់តម្រិះខ្វេះសិទ្ធិបាតបឹង
ដង្ហោយទាំងប្រឹងខឹងគ្មានអ្នកឮ។

ពាក្យសិទ្ធិនារីជាទីរំឭក
ទន្ទេញឱ្យញឹកនឹកដល់នោះគឺ
ជាសិទ្ធិមនុស្សពេញដោយពន្លឺ
ក្ដៅរងារឈឺគឺរឿងតែមួយ។

សង្គមដែលខ្លាំងចែងចាំងរស្មី
ព្រោះតែមានស្រីឋានៈភូឈួយ
កាន់កិច្ចការធំមូលផ្ដុំចាំជួយ
កម្លាំងជំនួយគ្រប់វិនាទី។

បើចង់រស់នៅពេញដោយសក្ដិយស
មានមុខល្បីឈ្មោះត្រូវលើកនារី
ឱ្យកាន់រឿងធំប៉ុនដែនធរណី
អំណាចពេញទីនោះយើងនឹងខ្លាំង។
_________
(បទព្យាង្គ៧)

ប៉ុន្តែគិតទៅ នៅដដែល
រឿងរាក់កំផែល មិនដែលច្បាំង
ព្រោះតែទំនៀម បៀមឡើងក្ដាំង
គ្មានហ៊ានប្រឆាំង ខ្លាចបាយឆៅ។

មិនដឹងពេលណា ថ្លាគំនិត
មានស្រីចេះគិត រឹតឱ្យក្ដៅ
ផ្លាស់ប្ដូរសង្គម ធ្លាប់តែខ្លៅ
រាក់ជ្រៅ សខ្មៅ ហៅដឹងភ្លាម។

ពាក្យសិទ្ធិស្ត្រី ល្បីកប់មេឃ
ល្បីល្បាញខ្លាំងពេក ដេកស្លឈាម
ពេលខ្លះហួសចិត្ត នឹងទំនៀម
មនុស្សក្រាបដូចចៀម មិនហ៊ានប្ដូរ។

ប្រាំបីមីនា ហៀរតាមកែង
ហូរដាបឥតក្រែង ក្លែងជាហ៊ោ
កញ្ជ្រៀវបោកបក់ ដង្ហក់ប្រូ
ខ្ញៀវខ្ញារបន្ទរ តាមបញ្ជា។

បើចង់បានសិទ្ធិ សេរីភាព
ស្រីៗត្រូវជ្រាប កុំមាយា
តាមពាក្យបញ្ចើច គេផ្ដន្ទា
ភ្ញាក់ឡើងធ្វើជា ស្ត្រីខ្លាំង!
_________

វិរិយា🌸

ថ្ងៃសៅរ៍ ៨រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែមីនា គ.ស. ២០២១

មន្ដស្នេហ៍កោះនរា (កំណាព្យបទ១០ព្យាង្គ)

កោះអើយកោះថ្លៃ ដែនដី កណ្ដាលធានី
កោះទួលធរណី គ្មានពីរ គួរឱ្យបេតី
ដុះដាលក្រាលគ្រង អន្ទង ឈោងចិត្តកវី
ស្រណោះពេលថ្ងៃ អាល័យ តែសុបិនយប់។

ឱ! កោះនរា ជាទី ប្រាថ្នា នែបនិត្យ
ចង់ផ្ដួលផ្ដេកផ្ដិត កាយកិត ដិតក្រោយទំនប់
នាមសែនពីរោះ ឈ្មោះដៅ ហៅគេឱ្យងប់
ព្រលឹមព្រលប់ ខំទប់ ចិត្តដែលរង់ចាំ។

បើសិនបានកោះ ខ្ញុំស្មោះ មិនទៅណាទេ
កណ្ដាលទន្លេ សរសេរ តែកាព្យបណ្ដាំ
ទុកសូត្រសាសង សូត្រឆ្លង កន្លងរយឆ្នាំ
បើកោះរងកម្ម ខ្ញុំចាំ នៅជួយជានិច្ច។
__________
វិរិយា🌸

ថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅក្រោយភូមិគ្រឹះ លោកជំទាវ ទន្ដបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា អាណត្តិទី៣ ដែលមានទីតាំងនៅតំបន់កោះនរា រាជធានីភ្នំពេញ

យល់និងដឹង (កំណាព្យបទកាកគតិ)

បានយល់បានដឹង ប្រសើរជាងប្រឹង
ត្រាប់ក្បួនតម្រា ដែលគេបានប្រាប់
ភ្ជាប់នឹងសាសនា និទានមកថា
ត្រូវតែធ្វើវា។

បានយល់បានដឹង នឹងលែងរឹងត្អឹង
ផុតទុក្ខវេទនា ព្រោះពាក្យថាយល់
គឺស្គាល់ល្អជា ដឹងហេតុដឹងគ្រា
ភ្ងារដោយបញ្ញា។

បានយល់បានដឹង នឹងរស់លែងតឹង
មិនប្រឹងអាត្មា មានសេរីភាព
ស្រោបសមចារ ស្រាលខ្លួនក្រៃណា
ចិន្ដាក៏ស្ងប់។

បានយល់បានដឹង ព្រមរៀនគ្រាហ្នឹង
ថ្លឹងថ្លែងបន្ទាប់ ឈប់បន្ទោសខ្មោច
កម្លោចអស់ទ្រព្យ រឿងរស់ឬងាប់
ធ្លាក់ជាប់ខ្លួនឯង។

បានយល់បានដឹង ច្បាស់ជាលែងខឹង
នឹងអ្នកខំថ្លែង ពន្យល់ពីហេតុ
ខ្មោចប្រេតក្លាយក្លែង ជីវិតជាក់ស្ដែង
បានផលពីកម្ម។

បានយល់បានដឹង ធ្លាប់វង្វេងម្លឹង
ដឹងតែចងចាំ ព្រះពុទ្ធបន្ទូល
ទូលមកពាន់ឆ្នាំ គឺពេចន៍បណ្ដាំ
ផ្ដាំឱ្យសាងបុណ្យ។

បានយល់បានដឹង បើហាត់រៀនថ្លឹង
នឹងលែងយ៉ាកចុន រុងរោចន៍ដូចរះ
ឈ្នះពាក្យដាបដុន រស់លែងតត្រុន
ឈប់កុនខុសការណ៍។

បានយល់បានដឹង ដូចបានរាវបឹង
ដែលកប់សាស្ត្រា បោះចោលជំនឿ
ជឿខ្វះបញ្ញា នឹងរស់សុខា
មានខ្លួនទីពឹង។
__________
វិរិយា🌸

ថ្ងៃ ព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ គ.ស. ២០២១

រូបថតនៅលើយន្តហោះ កំពុងធ្វើដំណើរចេញពី ក្រុងកាតា ឆ្ពោះទៅទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន

ឆ្នាំទ្រ (កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៨)

ឆ្នាំចាស់ដាច់ ផ្ដាច់ផ្ដិល មន្ទិលច្រើន
គ្មានចម្រើន កើនទុក្ខ ជង្រុករោគ
ស្អែកឆ្នាំថ្មី ដីចាស់ ផ្លាស់ជម្រក
គ្មានអ្នកយក ជោគជ័យ លៃមកជូន។

ថ្ងៃចុងក្រោយ ដោយដាច ខ្លាចពួកម្នឹះ
ប្រាជ្ញខុសទិស ឫសវែង រែងពពូន
ពឹងបណ្ឌិត គិតទៅ ផ្លូវគេលូន
ខ្វះជំនូន ជូនដល់ ខ្វល់គេខឹង។

ស្អែកឆ្នាំថ្មី ស្ដីទៅ នៅតែឈឺ
ស័ព្ទព្រួចព្រឺ ឮហើយ ឆ្លើយមិនដឹង
ប្រាជ្ញធ្វើភ្លើ ល្ងើហួស រស់ប៉ុណ្ណឹង
បែរមិនដឹង ថ្លឹងខុស ឆ្លុះសន្ដាន។

ឆ្លងសករាជ ខ្លាចតែ បែររោគថ្មី
នាំចង្រៃ ភ័យភិត រឹតរុញច្រាន
នាំវឹកវរ ជោរជន់ ទន់ទាំងប្រាណ
រស់ប្រៀបបាន ដានខ្មោច ល្អោចទាំងព្រម។

ថ្មីសិបដង ឆ្លងទៅ នៅតែចាស់
មិនឃើញផ្លាស់ ច្បាស់ជា គ្នាគេលោម
ចែករំលែក ហែកហួរ ខួរគេស្មូម
បញ្ញាទ្រម ល្មមងាប់ ទ្រាប់ខ្សែទ្រ។
_________

វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ២ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ គ.ស. ២០២០