ពាក្យថា “ចាញ់ជាព្រះ ឈ្នះជាមារ” ជាពាក្យដែលជនជាតិខ្មែរបានឮមកឡើងស៊ាំត្រចៀកតាំងពីកើត ហើយក៏មិនដឹងថាគេបង្កើតពាក្យលួងលោមនេះតាំងពីជំនាន់ណាមកដែរ។ វាប្រហែលជា គេនិយាយសម្រាប់កំដរលទ្ធផលមនុស្សចាញ់ កុំឲ្យពិបាកចិត្តខ្លាំងពេក ទាំងដែលពាក្យនេះគ្មានសច្ចៈន័យអ្វីសូម្បីតែបន្តិច។
អ្នកណាក៏ដឹងដែរថា តួអង្គព្រះ គឺជាសភាវៈដ៏បរិសុទ្ធ និងខ្ពង់ខ្ពស់លើសអស់រូបធាតុនានាក្នុងដែនចក្រវាល។ ព្រះមិនដែលចាញ់នរណាទេ ព្រះឈ្នះអស់សូម្បីតែពពួកព្រហ្ម ទេវតា មនុស្ស សត្វតិរច្ឆាន អសុរកាយ ប្រេត និងសត្វនរក សុទ្ធតែមិនអាចផ្ចាញ់ព្រះបានឡើយ។ ពាក្យដែលគេនិយាយថា “សូម្បីតែព្រះ ក៏មានមារតាមផ្ចាញ់” ពិតជាត្រឹមត្រូវហើយ ប៉ុន្តែមិនមែនមានន័យថា ព្រះចាញ់មារទេ។
ហេតុអ្វីបានជាជនជាតិខ្មែរ និយមនាំគ្នាថែរក្សាផ្នត់គំនិតអន់ៗបែបនេះ? ឈប់សាបព្រោះគំនិតអន់ថយបែបនេះទៀតទៅ។ អ្នកចាញ់ គឺជាមនុស្សអន់ខ្សោយ បើគេខ្លាំង គេនឹងឈ្នះមិនខាន។ បើខ្លួនឯងខ្សោយរហូតដល់គេជាន់លិចក្បាលចូលក្នុងភក់ជ្រាំ សូមកុំហៅខ្លួនឯងធៀបទៅនឹងព្រះ។ អ្នកត្រូវស្វែងរកធម៌ព្រះមកអប់រំខ្លួនឯង ស្វែងរកគំនិតជាគន្លឹះដែលអាចជួយឲ្យឈ្នះគេមកវិញ។ អាវុធតែមួយគត់ដែលអាចជួយអ្នកឲ្យឈ្នះបាន គឺកម្លាំងបញ្ញា និងកម្លាំងបុណ្យដ៏បរិសុទ្ធ។ ដើម្បីបានអាវុធទិព្វទាំងនេះ អ្នកត្រូវនៅខាងព្រះ។
ធ្វើដូចម្ដេចទើបដឹងថាខ្លួនឯងកំពុងនៅខាងព្រះ ឬ នៅខាងមារ?
អ្នកនៅខាងព្រះ ជាអ្នករក្សាសីលទាំង៥ រួមមានដូចជា៖ ១. មិនសម្លាប់ជីវិតគេដើម្បីបំប៉នអំណាចខ្លួនឯងឬដើម្បីបានសប្បាយចិត្ត។ ២. មិនលួចទ្រព្យគេឬប្រព្រឹត្តិទុច្ចរិតពុករលួយ។ ៣. មិនវង្វេងក្នុងកាមរហូតដល់បំពានអ្នកដទៃ។ ៤.មិនកុហកបោកប្រាសគេដើម្បីបំពេញតណ្ហាខ្លួនឯង។ ៥. មិនផឹកស្រារហូតដល់ស្រវឹងវង្វេងស្មារតី។
អ្នកនៅខាងព្រះជាអ្នករក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ៖ សីល (រៀបរាប់ខាងលើ) សមាធិ (ប្រតិបត្តិរឿយៗជាប្រចាំ) និង បញ្ញា (សិក្សារៀនសូត្រគ្រប់ពេលវេលា)។
អ្នកនៅខាងព្រះ ដាច់ខាតមិនប្រព្រឹត្តិរឿងកខ្វក់ស្មោកគ្រោក ដូចជា៖ បញ្ចុះអាគមគាថា (ពាក់ខ្សែកថា ចារយ័ន្តផ្សេងៗ)។ រកគ្រូធ្មប់រៀបចំអាសនៈក្នុងផ្ទះសម្បែង ចិញ្ចឹមព្រលឹងខ្មោច ដើម្បីជាទាសករដាច់ថ្លៃឲ្យជួយជ្រោមជ្រែងហិរញ្ញវត្ថុខ្លួនឯង (បាបអាក្រក់ខ្លាំងណាស់)។ ទៅស្រោចទឹករំដោះគ្រោះជាប្រចាំ ធ្វើពិធីកម្មផ្សេងៗឧបកិច្ចដើម្បីលាងកម្មពៀរខ្លួនឯងដែលសាងមកអាក្រក់ៗ ដូចជា ព្រលែងចាប លែងអណ្ដើក អារកឆ្កែឆ្មាយកឈាមបូជាពួកអមនុស្ស ព្រាយបិសាច…។ល។ អ្នកគិតតែខំសាងកម្មទុច្ចរិត ហើយបន្ទាប់មកស្វែងរកពិធីរំដោះគ្រោះខ្លួនឯងដូច្នេះឬ? វាមិនត្រឹមតែជាជីវិតដ៏ស្មោកគ្រោកទេ ថែមទាំងល្ងង់ខ្លៅទៀតផង។ ព្រះតែងតែហាមរឿងទាំងនេះ ក្នុងលក្ខខណ្ឌដាច់ខាត។
ពិចារណាសាឡើងវិញ! តើអ្នកសព្វថ្ងៃ នៅខាងព្រះ ឬនៅខាងពួកមារ? បើជីវិតអ្នករាល់ថ្ងៃស្គាល់តែបរាជ័យឥតល្ហែ សូមភ្ញាក់រឭកគិតដល់ទម្លាប់ប្រចាំជីវិតអ្នកឡើងវិញទៅមើល៍។ “បុណ្យ” ជារឿងងាយធ្វើណាស់ ប៉ុន្តែ “បាប” វិញរិតតែងាយធ្វើជាងបុណ្យទៅទៀត ហើយមនុស្សដែលខ្វះសតិ ខ្វះសមាធិ ច្រើនតែភ្លាត់ចូលក្នុងបាប ហើយច្រឡំថាខ្លួនឯងកំពុងធ្វើបុណ្យទៅវិញ។
បើនៅខាងព្រះអ្នកត្រូវស្គាល់ព្រះឲ្យច្បាស់។ ក្នុងអត្ថបទនេះ ខ្ញុំមិននិយាយពីព្រះណាទាំងអស់ ក្រៅពីព្រះពុទ្ធ។ ព្រះពុទ្ធចូលបរិនិពាន្វហើយ បើចង់សម្ដែងការគោរពចំពោះព្រះអង្គ ត្រូវដើរតាមធម៌របស់ព្រះអង្គ មិនមែនទៅលុតជង្គង់អុជធូប ដុតទៀន សូត្រមេរៀនជាភាសាបាលីដែលស្ដាប់មិនយល់អ្វីសោះនោះ ក៏ទេដែរ។ ហើយរិតតែខុសទៀត បើអ្នក ទៅបន់ស្រន់សូមពរពីព្រះពុទ្ធ។ នៅក្នុងសាសនាផ្សេង ប្រហែលគេបង្រៀនអ្នកឲ្យសូមពរពីព្រះ ប៉ុន្តែក្នុងបំណងព្រះពុទ្ធ នោះជារឿងខុស។ ព្រះពុទ្ធមិនដែលបានឲ្យពរនរណាទេ (ខ្ញុំនឹងបកស្រាយពីពុទ្ធពរទាំង៤ប្រការក្នុងអត្ថបទក្រោយ) ពុទ្ធសាសនាក៏មិនមែនជាសាសនាសម្រាប់បួងសួង ឬ បន់ស្រន់ដែរ។ ពុទ្ធសាសនា ជាសាលារៀនបែបវិជ្ជាជីវៈស្ដីពី ទស្សនវិជ្ជាជីវិត គឺបង្គាប់មនុស្សឲ្យរៀនរស់ឲ្យបានសម និងបានស្របជាមួយនឹងធម្មជាតិតែប៉ុណ្ណោះ។
ម្ដងទៀត ហើយទន្ទេញឲ្យចាំថា “បើនៅខាងព្រះ អ្នកនឹងឈ្នះជានិច្ច” ។
ដោយ លឹម វិរិយា🌸 (មនុស្សដែលគិតខុសពីគេក្នុងសង្គម)
ចែករំលែករឿងនេះ (Share this):